ដោយ៖ ម៉ង់ វ៉ាលី
ប្រាសាទបល្ល័ង្ក មានទីតាំងស្ថិតនៅភូមិដងតាឯក ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ខាងត្បូងសាលាឃុំដូងប្រមាណ១,៥គីឡូម៉ែត្រ និងមានចម្ងាយពីទីរួមទីរួមខេត្តកំពង់ធំប្រមាណ ៥៥គីឡូម៉ែត្រ។ ឈ្មោះប្រាសាទ “បល្ល័ង្ក” ជាឈ្មោះដែលកត់ត្រានៅក្នុងបញ្ជីស្ថានីយបុរាណវិទ្យានៅក្នុងខេត្តកំពង់ធំ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសាលាបារាំងចុងបូព៌ាប្រទេស។ ប៉ុន្តែ អ្នកស្រុកនៅក្នុងតំបន់ពុំហៅប្រាសាទនេះថា “បល្ល័ង្ក” ឡើយ ពោល គឺគេហៅទីនោះថា “ព្រៃអ្នកតាចាស់ស្រុក” ដោយហេតុថា នៅខាងមុខប្រាសាទ គឺជាទីតាំងអ្នកតាចាស់ស្រុកនិងជាកន្លែងជំនឿដ៏ស័ក្តសិទ្ធសម្រាប់ប្រជាជនក្នុងតំបន់ (រូបលេខ១)។ ប៉ុន្តែ នៅទិសអាគ្នេយ៍ប្រាសាទ មានទួលបុរាណមួយដែលធ្លាប់ជាអតីតទីរួមស្រុកកាលពីចុងទសវត្សរ៍១៩៨០ មានឈ្មោះថា “ទួលបល្ល័ង្ក”។ ហេតុដូច្នេះហើយ ឈ្មោះថា “បល្ល័ង្ក” មិនមែនសំដៅលើប្រាសាទទេ គឺសំដៅទៅលើទួលដែលនៅក្បែរនោះ។ ចំណែក ពាក្យ “បល្ល័ង្ក” ទៀតសោត ក៏មិនមានសំដៅទៅលើជើងទម្រឬព្រះថែនបដិមាឡើយ តែជាឈ្មោះរុក្ខជាតិម្យ៉ាងដែលមានដើមស្រដៀងដើមពាតអញ្ជាំង មានស្លឹកធំៗរាងទ្រវែងស្រដៀងដៀងស្លឹកកាស្យា តែធំជាង រីឯផ្លែមានទំហំប្រហែល ១,៥ស.ម. ស្រដៀងផ្លែព្រីង រសជាតិក៏ដូចព្រីង មានរាង ស្រដៀងបេះដូងមនុស្ស ផ្លែមកមានទងវែងៗដូចផ្លែភ្ញាវ គ្រាប់ដុតឈ្ងុយមានប្រេងច្រើនរាងល្ងើ ហើយជាទូទៅអ្នកស្រុកនៅកំពង់ធំ គេចែកដើមនេះជាពីរប្រភេទ គឺ បល្ល័ង្កដំរី និងបល្ល័ង្កវល្លិ៍។
កាលពីសម័យអាណានិគមបារាំងមក ប្រាសាទនេះពុំធ្លាប់មានការសិក្សាស្រាវជ្រាវពីអ្នកស្រាវជ្រាវមកពីតំបន់អឺរ៉ុប ឬការចុះបញ្ជីម្តងណាឡើយ ពោល គឺទើបតែនៅស.វ.ទី២១នេះប៉ុណ្ណោះ ដែលមានការចុះបញ្ជីក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីឆ្នាំ២០០៨។ ប្រាសាទបល្ល័ង្ក សង់ឡើងអំពីឥដ្ឋលើគ្រឹះថ្មបាយក្រៀម មានរាងបួនជ្រុងទ្រវែង ហើយមានយ៉លយមកទិសខាងកើត។ ល្វែងខាងមុខរបស់យ៉ មានច្រកទ្វារពីរបែរមុខទៅទិសខាងត្បូង និងខាងជើង។ ក្រៅអំពីទ្វារចូលនៅទិសខាងកើត សិល្បករបានលម្អជាទ្វារបញ្ឆោតនៅទិសសំខាន់ៗទាំងបីផ្សេងទៀត (រូបលេខ២-៣)។ ទ្វារបញ្ឆោតនីមួយៗធ្វើអំពីថ្មភក់ ដោយរៀបថ្មភក់ចេញជារាងស៊ុមទ្វារ ដែលនៅចំកណ្តាលគេលម្អជាសន្ទះទ្វារមានសសរពេជ្ររាងប្រាំបីជ្រុង និងសសរផ្អោបអមសងខាង។ ខឿនរបស់ប្រាសាទ គេរៀបថ្មភក់មានរាងសារពើសូត្រថ្នាក់ៗ ហើយរៀបឥដ្ឋតួប្រាសាទពីលើដែលគ្រឹះក្រោមជាថ្មបាយក្រៀម។ ប្លង់ប្រាសាទបែបនេះ មានលក្ខណៈស្រដៀងនឹងតួប៉ម កណ្តាលភ្នំជីសូរ គុកនគរ របងរមាស ។ល។[1])
ប្រាសាទនេះ ហ៊ុមព័ទ្ធដោយកសិន្ធុទឹកជុំវិញរាងបួនជ្រុង មានផ្លូវចូលពីទិសខាងកើត និងមានស្រះធំមួយនៅទិសខាងជើង។ ស្រះខាងជើងមានប្រវែងបណ្តោយ ២១៥ម៉ែត្រ និងទទឹង ៨៥ម៉ែត្រ។ នៅរវាងឆ្នាំ២០០៥ ប្រាសាទនេះនៅឈរមានរូបរាងល្អនៅឡើយ តែសព្វថ្ងៃផ្នែកដំបូលបាក់បែកជ្រុះឥដ្ឋមកក្រោមអស់ហើយ រីឯផ្ទៃជញ្ជាំងបានហែកចេញពីគ្នាស្ទើរតែបាក់រលំ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ប្រាសាទនេះ នៅតែមានការអភិរក្សនិងការគាំពារជាប្រចាំពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ (រូបលេខ៤)។
នៅបរិវេណប្រាសាទ មាននៅសល់វត្ថុសិល្បៈធ្វើអំពីថ្មភក់ជាច្រើនដុំ ដែលភាគច្រើនគេរក្សាទុកនៅខ្ទមអ្នកតាចាស់ស្រុកនៅខាងមុខប្រាសាទ (រូបលេខ៥)។ ក្នុងនោះមានផ្តែរទ្វារមួយ ដែលនៅចំពាក់កណ្តាលមានឆ្លាក់រូបទេពកំពុងអង្គុយនៅលើក្បាលរាហូ អមដោយតោពីរឈរហាមាត់ខាំឬលេបក្បាច់បន្ទាត់ធ្នូរាងដូចមែកឈើ ផ្នែកខាងលើនិងផ្នែកខាងក្រោមផ្តែរលម្អជារំយោលផ្កានិងកម្រងមាលា (រូបលេខ៦)។ រូបចម្លាក់ទេពដែលនៅពីលើក្បាលរាហូ យើងមិនដឹងថាជាទេពអ្វីឲ្យប្រាកដនោះទេ ដ្បិតរូបនេះគេប្រមូលចេញពីទីតាំងដើមទៅហើយ តែបើសិនជាផ្តែរនៅទិសខាងជើងអាចជាព្រះកុវេរ ខាងត្បូងជាព្រះយម ខាងកើតជាព្រះឥន្រ្ទ និងខាងលិចជាព្រះភិរុណ។ ម្យ៉ាងវិញទៀត កេតនភណ្ឌ ឬអាវុធរបស់ទេពដែលកាន់ជាប់នឹងព្រះហស្តក៏រលុបពិបាកមើលទៀត តែវាមានលក្ខណៈស្រដៀង “វជ្រ” ដែលអាចសន្និដ្ឋានបឋមថា ទេពកណ្តាលនោះ គឺជាព្រះឥន្រ្ទ។ ក្រៅអំពីផ្តែរនៅមានបំណែកចុងហោជាងរូបមករខ្ជាក់នាគ បំណែកចម្រឹងបង្អួច សសរពេជ្ររាងប្រាំបីជ្រុង ជើងទម្រ មេទ្វារ ។ល។ ក្បាច់លម្អទាំងនេះ មានលក្ខណៈជាសិល្បៈរចនាបថឃ្លាំងឬបាភួននៅក្នុងស.វ.ទី១១ ពោល អាចស្ថិតនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (គ.ស. ១០០២-១០៤៩)។
នៅប្រាសាទបល្ល័ង្ក មិនមាននៅសេសសល់ភស្តុតាងសិលាចារឹកឲ្យយើងសិក្សានោះទេប៉ុន្តែយើងអាចប្រៀបធៀបសំណង់នេះជាមួយសំណង់ផ្សេងទៀត ដូចជា ប្រាសាទរបងរមាស ប្រាសាទគុកនគរ ប្រាសាទភ្នំជើងព្រៃ ប្រាសាទភ្នំជីសូរ យើងនឹងអាចទាញសេចក្តីសន្និដ្ឋានមួយថា ប្រាសាទបល្ល័ង្ក គឺជាសំណង់សាសនាមួយឧទ្ទិសដល់ព្រហ្មញ្ញសាសនា ឬព្រះពុទ្ធសាសនា ក្នុងចុងស.វ.ទី១០ ដើម ស.វ.ទី១១ រវាងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ (គ.ស.៩៦៨ – ១០០០) ឬ ព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០២- ១០៤៩)។
ឯកសារយោង
កែវ គីណាល់, ហ៊ិន សោភ័ណ, ហោ សុគន្ធារី
១៩៩៦, រួមចំណែកសិក្សាសំណង់ព្រះបាទសូរ្យវរ្ម័នទី១, ភ្នំពេញ។
([1]) ហ៊ិន សោភ័ណ, កែវ គីណាល់, ហោ សុគន្ធារី, ១៩៩៦។
English

















