ដោយ៖ ម៉ង់ វ៉ាលី
គុកនគរ មានទីតាំងស្ថិតនៅភូមិត្រដក់ពង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ៧០ គ.ម.ពីទីរួមខេត្តកំពង់ធំ, ២,៥គ.ម.ខាងលិចវត្តតាំងគោក, ២,៧គ.ម.ខាងកើតប្រាសាទស្រះសំបួរ។ កន្លងមកមានអ្នកស្រាវជ្រាវច្រើនណាស់ដែលបានមកសិក្សានៅគុកនគរ ដែលអ្នកស្រាវជ្រាវទាំងនោះមានដូចជា លោក Étinne Aymonier សរសេរនៅក្នុងសៀវភៅដែលនិយាយអំពីកម្ពុជា កាលពីឆ្នាំ១៩០០, លោក Lunet De Lajonquière សរសេរនៅក្នុងសៀវភៅបញ្ជីសារពើភណ្ឌបេតិកភណ្ឌខ្មែរ កាលពីឆ្នាំ១៩០២, លោក Dufosse ឆ្នាំ១៩១៨, លោក George Groslier ឆ្នាំ១៩២១, លោក អ៊ុក ជា, ជា ពន្លក ឆ្នាំ១៩៨០, លោក ម៉ក់ ភឿន ឆ្នាំ១៩៩៥, លោក កែវ គីណាល់, ហ៊ិន សោភ័ណ, ហោ សុគន្ធារី ឆ្នាំ១៩៩៨, លោក ទា វ៉ាន់ ឆ្នាំ១៩៩៥ ។ល។
គុកនគរ សាងឡើងអំពីថ្មបាយក្រៀម មានគ្រឿងលម្អស្ថាបត្យកម្មតិចតួចធ្វើអំពីថ្មភក់ បែរមុខទៅទិសខាងកើត តាមបណ្តោយអ័ក្សពីកើតទៅលិចដូចប្រាសាទភ្នំជីសូរ ខេត្តតាកែវដែរ។ ប្រាសាទនេះសង់នៅលើខឿនដែលមានរាងបួនជ្រុងទ្រវែង មានប្រវែងបណ្តោយលាតសន្ធឹងពីខាងកើតទៅលិច វែងជាងប្រវែងទទឹងលាតសន្ធឹងពីខាងជើងទៅខាងត្បូង។ ប្រាសាទនេះ មានកំពែងព័ទ្ធជុំវិញមួយជាន់ធ្វើអំពីថ្មបាយក្រៀមមានក្លោងទ្វារចេញចូលពីរ គឺ (ខាងកើត និងខាងលិច)។ កំពែងពីកើតទៅលិចមានប្រវែង៣៥ម៉ែត្រ និងពីជើងទៅត្បូងមានប្រវែង ២៥ម៉ែត្រ។ ខាងក្នុងទីធ្លាកំពែង តួប៉មកណ្តាល ឬតួប៉មសំខាន់នៃប្រាសាទ គេមិនសង់ឲ្យស្ថិតនៅចំកណ្តាលទេ ពោល គឺសង់ឲ្យខិតទៅខាងលិចបន្តិចដើម្បីឲ្យផ្នែកខាងមុខមានធ្លាស្រឡះស្រួលរៀបជាយ៉មួយមកខាងមុខដែលជាលក្ខណៈពិសេសនៃរចនាបថឃ្លាំង ហៅថា “មណ្ឌប”។ នៅខាងមុខក្លោងទ្វារខាងកើតនិងខាងលិច គេបានធ្វើកម្រាល
ថ្មបាយក្រៀមជាផ្លូវដើរឆ្ពោះមកកាន់តួប៉មកណ្តាលឬតួប៉មសំខាន់។ នៅទិសអាគ្នេយ៍នៃតួប៉មកណ្តាល យើងឃើញមានអាគារមួយដែលមានដំបូលជារាងដំបូលទូកដែលគេហៅថា ហោត្រៃ ឬបណ្ណាល័យ បែរមុខទៅទិសខាងលិចបញ្រ្ចាសជាមួយតួប៉មកណ្តាល។ នៅក្បែរហោត្រៃ មាន
អាគារតូចមួយដែលអ្នកស្រុកហៅថា “អាគារគុកសំពៅ” សង់នៅក្រៅបរិវេណប្រាសាទក្បែរកំពែង ខាងត្បូងតួប៉មកណ្តាល ហើយនៅទិសខាងជើងនៃអាគារគុកសំពៅ មានចោះជញ្ជាំងធ្វើជាច្រកចេញចូលតែមួយបែរមុខមករកតួប៉មធំកណ្តាល។ នៅចំខាងមុខប្រាសាទ គេបានជីកស្រះចំនួនបី ដែលក្នុងនោះស្រះតូចពីរនៅអមផ្លូវចូលខាងកើតនៃប្រាសាទ អ្នកស្រុកហៅថា ស្រះស្រង់និង ស្រះកែវ ដែលមានប្រវែងទទឹង២០ម៉ែត្រ បណ្តោយ ៤៥ម៉ែត្រ រីឯស្រះធំស្ថិតនៅចំពីមុខស្រះតូចទាំងពីរមានប្រវែងទទឹង ៣០ម៉ែត្រ និងបណ្តោយ៨៨ម៉ែត្រ។ ស្រះទាំងបីនេះ គឺគេជីកដើម្បីតំណាងឲ្យទន្លេពិសិដ្ឋនៅស្ថានសួគ៌ ឬមហាសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ ដូចការរៀបរាប់របស់លោកធាតុវិទ្យាព្រហ្មញ្ញសាសនាដូច្នោះឯង។ នៅទិសពាយព្យមានស្រះមួយទៀតអ្នកស្រុកហៅថា ស្រះយាយកែវ([1])។
តួប៉មកណ្តាលនៃគុកនគរ មានរាងបួនជ្រុងស្មើ មានកម្ពស់ ១២ម៉ែត្រ ដែលគេសង់ឡើងដោយតម្រៀបថ្មបាយក្រៀមជាជញ្ជាំងបួនផ្ទាំងហ៊ុមព័ទ្ធបន្ទប់ខាងក្នុងដែលមានរាងបួនជ្រុងស្មើលើខឿនរាងកាកបាទ។ នៅតាមជ្រុងកែងនៃជញ្ជាំងតួប៉មមានលម្អដោយក្បាច់សារពើសូត្របីជ្រុង។ នៅលើជញ្ជាំងប្រាសាទទាំងបួនជ្រុងនេះ គេយកតួប្រាសាទមកបង្រួមខ្នាត ឬបន្ថយខ្នាត រួចដាក់តម្រួតជាជាន់ថ្នាក់ចំនួនបួនជាន់មានរាងស្តួចទៅលើរហូតដល់ទីបញ្ចប់។ គេបានយកផ្ទាំងថ្មភក់មួយមានរាងបួនជ្រុងស្មើមកបន្តុបបិទភ្ជិតពីលើ។ តួប៉មកណ្តាលនេះ មានច្រកចេញចូលតែមួយគត់ គឺនៅទិសខាងកើត ឆ្លងកាត់ដោយអន្តរាលខ្លី និងមណ្ឌបមួយ។ លក្ខណៈនៃតួប៉មកណ្តាលគុកនគរ មានលក្ខណៈដូចគ្នាបេះបិតជាមួយតួប៉មកណ្តាលនៃប្រាសាទភ្នំជីសូរ([2])។
ចំណែក អាគារគុកសំពៅ ដែលនៅចំកំពែងខាងត្បូងដូចបានរៀបរាប់ខាងលើ គឺមានរាងបួនជ្រុងទ្រវែង សង់លើខឿនមួយកម្ពស់១,១០ម៉ែត្រ ដែលខឿននេះគេបានសង់ជញ្ជាំងពីរផ្ទាំងកម្ពស់ ២,៩០ម៉ែត្រហ៊ុមព័ទ្ធជាបន្ទប់ មានដំបូលរាងកោងក្រឡូប ដោយរៀបបន្តុបដុំថ្មបាយក្រៀមបង្ខិតចូលគ្នា។ អាគារនេះ មានច្រកចេញចូលតែមួយគត់គឺនៅជញ្ជាំងខាងជើង។ នៅអាគារនេះមានប្រហោងចំនួន ៤៦ ដែលលោក Lunet De Lajonquière បានប្រដូចទៅនឹងច្រកសម្រាប់បាញ់នៅតាមជញ្ជាំងសាតូរបស់អឺរ៉ុប([3])។ នៅចំកណ្តាលជញ្ជាំងខាងត្បូង មានទបង្ហូរទឹកមួយមានចំពួយលៀនចេញមកក្រៅ ហើយផ្នែកខាងក្នុងមានរាងលាតត្រប៉ាតធំ។ ចំណែកផ្នែកតុបតែងលម្អស្ថាបត្យកម្មនៃគុកនគរ មិនសូវមានលក្ខណៈសម្បូណ៌បែបដូចប្រាសាទដទៃៗទៀតទេ ដ្បិតដោយសារប្រាសាទនេះកសាងឡើងអំពីថ្មបាយក្រៀម ម្ល៉ោះហើយគេមិនអាចឆ្លាក់ជាក្បាច់លម្អបានច្រើនដូចប្រាសាទសាងអំពីថ្មភក់នោះទេ។ ប៉ុន្តែ សិល្បករក៏បានយកថ្មភក់មកប្រើប្រាស់លើការលម្អនៃប្រាសាទនេះដែរ មានដូចជា ផ្តែរទ្វារ សសរផ្អោប បល្ល័ង្ក រីឯ ហោជាង សសរពេជ្រ គឺសិល្បករបានឆ្លាក់ដាប់ថ្មបាយក្រៀមលម្អតែម្តង។
ផ្តែរទ្វារគុកនគរ គឺឃើញមាននៅសល់តែមួយប៉ុណ្ណោះ ពោល គឺនៅយ៉ច្រកចូលតួប៉មកណ្តាល។ ផ្តែរទ្វារនេះ លម្អដោយដងធ្នូរាងដូចទម្ពក់ដែលខាងចុងរាងកួចឡើងលើ, ផ្នែកខាងលើនិងខាងក្រោមលម្អដោយក្បាច់ស្លឹកឈើ រំយោលផ្កា, ផ្នែកកណ្តាលមានរូបព្រះឥន្រ្ទជិះលើសត្វដំរីក្បាលបីមានឈ្មោះថា ព្ធវ៌ត។ ផ្តែរទ្វាររបៀបនេះ ច្រើនមាននៅអន្តរកាលរវាងរចនាបថឃ្លាំងនិងបាភួន នាស.វ.ទី១១ នៃគ.ស.។ ចំណែក ហោជាងឃើញមានលម្អនៅច្រកចូលនៃមណ្ឌប ខាងមុខតួប៉មកណ្តាល ពោលគឺនៅលើផ្តែទ្វារដែលរៀបរាប់ខាងលើ ដែលគេប្រើប្រាស់ថ្មបាយក្រៀមឆ្លាក់ចេញជារូបរាងហោជាងតែម្តង មានរាងទ្រនង់នាគ ហើយពុំសូវមានលម្អអ្វីឡើយ។ ដងខ្លួននាគ គេឆ្លាក់ក្នុងកាយវិការពត់ពែនដងខ្លួន បត់បែនជួបគ្នានៅផ្នែកកន្ទុយ ហើយនៅផ្នែកខាងចុងនៃហោជាងមានលម្អជានាគក្បាលប្រាំ។ លក្ខណៈនៃហោជាងនេះ មានលក្ខណៈដូចទៅនឹងហោជាងនៅប្រាសាទភ្នំជីសូរ ប្រាសាទវត្តបាសែត ប្រាសាទឯកភ្នំ និងប្រាសាទព្រះវិហារដែលសុទ្ធសឹងជាសំណង់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នាស.វ.ទី១១([4])។ ដោយឡែក សសរពេជ្រគុកនគរ គឺជាថ្មបាយក្រៀមដែលគេដាប់ជារាងប្រាំបីជ្រុងដោយពុំមានក្បាច់លម្អអ្វីទាំងអស់។ សសរផ្អោបវិញជាថ្មភក់ដែលលម្អដោយក្បាច់ផ្កាភ្ញីរាងជាត្របកឈូកតម្រៀបគ្នាពីក្រោមដល់លើយ៉ាងប្រណិត។ នៅក្នុងផ្ទាំងត្របកឈូកនីមួយៗនៅផ្ទៃខាងក្នុងមានលម្អជារូបគង់ភ្នែន។ នៅគល់សសរផ្អោបផ្នែកខាងត្បូង មានលម្អរូបគ្រុឌក្នុងទម្រង់ស្រដៀងទេពស្រី រីគល់សសរផ្នែកខាងជើងលម្អជាចម្លាក់តោ។
អ្វីដែលគួរឲ្យសោកស្តាយនោះគឺ ប្រាសាទនេះពុំមានសេសសល់នូវអក្សរចារឹក ធ្វើឲ្យយើងមិនសូវបានដឹងព័ត៌មានជាច្រើនអំពីប្រាសាទ។ ប៉ុន្តែ តាមរយៈការសិក្សាប្រៀបធៀបរចនាសម្ព័ន្ធប្លង់ជាទូទៅនៃប្រាសាទ បច្ចេកទេសនៃការកសាង ក្បាច់លម្អផ្សេងៗនៃប្រាសាទ គេសន្និដ្ឋានថា គុកនគរ ទំនងកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០២-១០៤៩) នាស.វ.ទី១ ពោល គឺទំនងមានអាយុកាលប្រហាក់ប្រហែលគ្នាជាមួយប្រាសាទភ្នំព្រះបាទ (ភ្នំជើងព្រៃ ឬភ្នំធំ ខេត្តកំពង់ចាម), ប្រាសាទភ្នំជីសូរ (ខេត្តតាកែវ), ប្រាសាទវត្តបាសែត និងឯកភ្នំ (ខេត្តបាត់ដំបង) ។ល។ ក្នុងអន្តរកាលរវាងរចនាបថឃ្លាំង ឬបាភួន ហើយឧទ្ទិសទៅដល់លទ្ធិព្រហ្មញ្ញសាសនា (ទំនងនិកាយព្រះឥសូរ)។
([1]) ហ៊ិន សោភ័ណ, កែវ គីណាល់, ហោ សុគន្ធារី, ១៩៩៨: ៩៨។
([2]) ហ៊ិន សោភ័ណ, កែវ គីណាល់, ហោ សុគន្ធារី, ១៩៩៨: ៩៩។
([4]) ហ៊ិន សោភ័ណ, កែវ គីណាល់, ហោ សុគន្ធារី, ១៩៩៨: ១១៩។
English
















