អត្ថបទដោយ៖ ម៉ង់ វ៉ាលី, អាន រស្មី, ស្រី សមប៊ុនណារ៉ុង
គាំទ្រដោយ៖ UNESCO Participant Programme 2024-2025
សំបូរព្រៃគុក ឬគេស្គាល់ថា “ឦសានបុរ” មានសណ្ឋានដីជាតំបន់ខ្ពង់រាប និងតំបន់វាលទំនាប ស្ថិតនៅត្រើយខាងលិចស្ទឹងសែន ដែលជាតំបន់មានសក្តានុពលផ្នែកបុរាណវិទ្យាគ្របដណ្តប់លើទឹកដីស្រុកចំនួន ៣ ក្នុងខេត្តកំពង់ធំ រួមមាន ស្រុកប្រាសាទសំបូរ ស្រុកប្រាសាទបល្ល័ង្ក និងស្រុកកំពង់ស្វាយ។ ស្ថានីយបុរាណវិទ្យាដ៏សំខាន់នេះ បានចាប់ផ្តើមទទួលការចាប់អារម្មណ៍ពីអ្នកស្រាវជ្រាវ ចាប់តាំងពីចុងទសវត្សរ៍១៨៩០ និងបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។
ក្នុងឆ្នាំ១៨៩១ លោក Adhémard Leclère អតីតរេស៊ីដង់បារាំងប្រចាំរដ្ឋបាលកំពង់ធំ ដឹកនាំសហការីចុះសិក្សានៅតំបន់ប្រាសាទសំបូរព្រៃគុកជាលើកដំបូងបង្អស់។ លទ្ធផលទាំងនេះ ចេញផ្សាយក្នុងរបាយការណ៍មួយកាលពីឆ្នាំ១៨៩៤ ដែលមានចំណងជើងថា ‘Fouilles de Kompong Soay (Cambodge)’។ ក្នុងបេសកកម្មនេះ លោកបានចុះបញ្ជីប្រាសាទឥដ្ឋចំនួន ១៣ ក្នុងក្រុមប្រាសាទសំបូរ និងក្រុមប្រាសាទតោ ព្រមទាំងបានកត់ត្រាអំពីបដិមា និងវត្ថុបុរាណមួយចំនួននៅទីនោះ។ នៅក្នុងឆ្នាំ១៨៩៦ លោកបានបញ្ជាឱ្យគេដឹកជញ្ជូនបដិមាហយគ្រីវ ដែលរកឃើញនៅប្រាសាទរាងប្រាំបីជ្រុងមួយក្នុងក្រុមប្រាសាទសំបូរ (ប្រាង្គ N7) យកទៅរក្សាទុកនៅប្រទេសបារាំង។ ក្រោយមក បេសកកម្មចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែររបស់លោក Lunet De Lajonquière បានធ្វើដំណើរមកដល់តំបន់ប្រាសាទសំបូរព្រៃគុក។ ទំនងជានៅពេលនោះមានព្រៃដុះក្រាស់ពេក អ្នកស្រាវជ្រាវជនជាតិបារាំងដ៏ល្បីល្បាញរូបនេះ បានសិក្សានិងចុះបញ្ជីតែក្រុមប្រាសាទខាងជើងមួយប៉ុណ្ណោះ ដែលមានប្រាសាទសរុបចំនួន ១៩ ប្រាង្គ (ប្រាង្គ A ដល់ S) (Lajonquière 1902: 224-236.)។ បន្ទាប់មកទៀត ប្រាសាទបុរាណនៅតំបន់ប្រាសាទសំបូរព្រៃគុក បានរកឃើញថ្មីចំនួន ២០ បន្ថែមទៀត តាមរយៈការសិក្សាស្រាវជ្រាវបន្ថែមរបស់អ្នកស្រាវជ្រាវជនជាតិបារាំងម្នាក់ទៀត គឺលោក Georges Morand ក្នុងឆ្នាំ១៩០៤ (Morand 1907: 17-18.)។
បន្តិចក្រោយមក នៅក្នុងឆ្នាំ១៩១១ ដល់ ១៩២៥ លោក Henri Parmentier បានសិក្សាស្រាវជ្រាវប្រាសាទឥដ្ឋកាន់តែច្រើនជាងមុន ដែលមានចំនួនសរុប ៧២ សំណង់ (Parmentier 1927.) ។ ព្រមជាមួយគ្នានេះ តាមរយៈការរកឃើញសិលាចារឹកមួយចំនួន លោក Henri Parmentier និងលោក Louis Finot បានកត់សម្គាល់ថា ក្រុមប្រាសាទយាយព័ន្ធ កសាងដោយព្រះបាទស្រីឦសានវម៌្មទី១ (Parmentier 1913: 1-63; Finot 1912: 184-189.) ។ ក្នុងឆ្នាំ១៩៣១ លោក Louis Finot សន្និដ្ឋានថា ទីក្រុងបុរាណនៅសំបូរព្រៃគុកមានឈ្មោះដើមថា “ឦសានបុរ” យោងទៅលើសិលាចារឹករកឃើញនៅក្រុមប្រាសាទសំបូរ និងក្រុមប្រាសាទយាយព័ន្ធ (Finot 1931: 40-41.)។ ក្នុងឆ្នាំ១៩២៧ ដល់ឆ្នាំ១៩៣៨ លោក Victor Goloubew ចាប់ផ្តើមធ្វើកំណាយបុរាណវិទ្យា ចុះប្រមូលទិន្នន័យ និងថតរូបពីលើអាកាស ដែលនាំឱ្យលោកអាចសន្និដ្ឋានថា តំបន់ភាគខាងលិចដែលមានហ៊ុមព័ទ្ធជុំវិញដោយកសិន្ធុទឹកប្រវែង ២ x ២ គីឡូម៉ែត្រ គឺជារចនាសម្ព័ន្ធទីក្រុងឦសានបុររបស់ព្រះបាទឦសានវម៌្មទី១ ដូចបានរៀបរាប់នៅក្នុងកំណត់ហេតុចិន (Goloubew 1927: 489-492; 1937: 655; 1938: 442. )។ ប៉ុន្មានទសវត្សរ៍ក្រោយមកទៀត ការសិក្សាស្រាវជ្រាវនៅស្ថានីយបុរាណវិទ្យានេះ នៅតែធ្វើឡើងជាបន្តបន្ទាប់ ដូចជា លោក George Coedès (ផ្នែកសិលាចារឹក) នៅទ.ស.១៩៥០ លោក Bernard Phillipe Groslier (កំណាយបុរាណវិទ្យា) ទ.ស.១៩៦០ លោកស្រី Mireille Bénisti (សិក្សាប្រៀបធៀបចម្លាក់ជាមួយសិល្បៈឥណ្ឌា) ទ.ស.១៩៧០ ។ល។
នៅរវាងដើមទសវត្សរ៍ ២០០០ គម្រោងអភិរក្សប្រាសាទ សំបូរព្រៃគុក (SCP) នៃសាកលវិទ្យាល័យវ៉ាសេដា ប្រទេសជប៉ុន ចាប់ផ្តើមស្រាវជ្រាវ អភិរក្ស និងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងតំបន់។ ក្នុងនោះ ចំនួនស្ថានីយដែលបោះពុម្ពផ្សាយនៅឆ្នាំ១៩២៧ ដោយលោក Henri Parmentier ចំនួន ២៧ ស្ថានីយ ស្មើនឹង ៧២ ប្រាសាទ បានរកឃើញថ្មីកើនឡើងដល់ ១០៧ ស្ថានីយ ស្មើនឹង ២៩១ ប្រាសាទ នៅក្នុងវិសាលភាពដីពីជើងទៅត្បូង ១២,៣ គ.ម. និងពីកើតទៅលិច ១២,២គ.ម. (Shimoda & Shimamoto 2012:6.) ។ សំណង់បុរាណដែលរកឃើញថ្មីទាំងនោះ ស្ថិតនៅគ្រប់ទិសទាំងអស់ជុំវិញតំបន់ប្រាសាទសំបូរព្រៃគុក។ ប៉ុន្តែ សំណង់រកឃើញថ្មីភាគច្រើនស្ថិតនៅប៉ែកខាងលិច ហៅថា “តំបន់ទីក្រុងឦសានបុរ” ហើយច្រើនជាសំណង់ធ្វើអំពីឥដ្ឋ និងខ្លះទៀតជាសំណង់ថ្មបាយក្រៀម។ ក្នុងចំនួនប្រាសាទបុរាណទាំង ២៩១ នេះ ប្រាសាទដែលនៅមានរូបរាងល្អ ល្អបង្គួរ និងមធ្យម មានត្រឹមតែ ៤៧ ប៉ុណ្ណោះ។ សំណង់ផ្សេងពីនេះបានបាក់បែកក្លាយជាពំនូកឥដ្ឋ ឬទួលដែលមើលមិនឃើញឥដ្ឋនិងថ្មបាយក្រៀមក៏មាន (Shimoda & Shimamoto 2012:7.)។ លើសពីនេះទៀត ដើម្បីងាយស្រួលក្នុងការសិក្សា ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុន និងខ្មែរ នៃគម្រោង SCP បានបែងចែកស្ថានីយបុរាណវិទ្យាសំបូរព្រៃគុកជា ២ តំបន់សំខាន់ៗ រួមមាន តំបន់ទីក្រុងបុរាណ (Moated City Zone) និងតំបន់ប្រាសាទបុរាណ ឬហៅថា តំបន់សក្ការៈ (Temple Zone) ដែលតំបន់ទាំងពីរខណ្ឌចែកដាច់ពីគ្នាដោយអូរធម្មជាតិមួយខ្សែ គេស្គាល់ឈ្មោះថា “អូរគ្រូកែ” ។
តំបន់ទីក្រុងបុរាណ (Moated City Zone) មានទីតាំងស្ថិតនៅប៉ែកខាងលិច ដែលហ៊ុមព័ទ្ធដោយកសិន្ធុទឹកមានរាងបួនជ្រុងទ្រវែង។ តំបន់នេះ គឺជាទីតាំងសម្បូណ៌ត្រពាំងបុរាណ (ជីកដោយមនុស្ស) ដែលមានរាងបួនជ្រុងទ្រវែង និងជាកន្លែងរកឃើញកុលាលភាជន៍ជាច្រើន (Shimamoto 2007. )។ គួរកត់សម្គាល់ កសិន្ធុទឹកនៅទីក្រុងឦសានបុរមានប្រវែង និងមុំឥតត្រូវគ្នាទាំងស្រុងទេ (ល្អៀងបន្តិច)។ ករណីនេះ មានលក្ខណៈខុសពីកសិន្ធុទឹកនៅតំបន់អង្គរដែលមានប្រវែង និងមុំស្មើគ្នា។ ក្នុងនោះ នៅមុខខាងកើតពុំមានស្លាកស្នាមកសិន្ធុដែលមនុស្សជីកនោះឡើយ។ ប៉ុន្តែគេបានជ្រើសរើសយកអូរគ្រូកែ (អូរធម្មជាតិ) ធ្វើជាកសិន្ធុទឹកតែម្តង។ កសិន្ធុទាំងបីជ្រុង (ខាងលិច ខាងជើង និងខាងត្បូង) មានទទឹងប្រវែង ២០ម៉ែត្រ និងជម្រៅ ១,៥ម៉ែត្រ។ ភ្ជាប់ជាមួយកសិន្ធុមានទំនប់ដីមួយជាន់ទៀត ដែលមានទទឹង៤០ម៉ែត្រ និងកម្ពស់១ម៉ែត្រ (Shimoda & Nakagawa 2006.)។ ទំនប់នេះពុំមានរៀបឥដ្ឋឬថ្មឡើយ ពោល គឺជាដីសុទ្ធសាធ។ លក្ខណៈបែបនេះ គឺខុសគ្នាទាំងស្រុងជាមួយក្រុងបុរាណនៅអង្គរបុរី ខេត្តតាកែវ ដែលមនុស្សបានរៀបចំឥដ្ឋជុំវិញ (Stark et al. 1999.)។ អ្នកស្រាវជ្រាវជប៉ុន Shimoda និង Shimamoto យល់ថា កសិន្ធុនិងទំនប់ដីនៅក្រុងឦសានបុរ មានលក្ខណៈសាមញ្ញជាងក្រុងសម័យមុនអង្គរផ្សេងៗទៀត ដែលទំនងសង់ឡើងពុំមែនជាការការពារក្រុងឡើយ។ ប៉ុន្តែ ប្រហែលបង្កើតឡើងក្នុងតួនាទីផ្ទុកទឹកភ្លៀងនៅរដូវវស្សា ឬអាចជាគំនិតលោកធាតុវិទ្យាសាសនាដែលព្រះរាជាខ្មែរបានទទួលឥទ្ធិពលពីឥណ្ឌា (Shimoda & Shimamoto 2012:12.)។
តាមរយៈការធ្វើកំណាយបែបបុរាណវិទ្យា ត្រង់ចំណុចស្ទើរចំពាក់កណ្តាលទីក្រុងឦសានបុរ គេរកឃើញរចនាសម្ព័ន្ធសំណង់សង់អំពីឥដ្ឋ និងថ្មបាយក្រៀមធំមួយប្រវែង ៨០ម៉ែត្រ x ៣០ម៉ែត្រ (អ្នកស្រុកហៅទីនោះថា ប្រាសាទប្រឹង)។ គេមិនដឹងតួនាទីដើមនៃសំណង់ដ៏ធំនេះយ៉ាងណានោះឡើយ។ ប៉ុន្តែ បើយោងទៅតាមកំណត់ហេតុចិន រាជវង្សស៊ុយ រៀបរាប់ថា នៅកណ្តាលក្រុង មានកន្លែងមួយសម្រាប់ព្រះមហាក្សត្រធ្វើសវនាការ (Sui Shu, Zhenla, Volume 82.) ហើយប្រហែលអាចត្រូវនឹងសំណង់នេះក៏ថាបាន។ ងាកទៅខាងកើតបន្តិចពីសំណង់នៅកណ្តាលក្រុងឦសានបុរ ត្រង់ចំណុចស្ថានីយ M69 គេបានរកឃើញស្ពានហាលមួយធ្វើអំពីឥដ្ឋភ្ជាប់ទៅទិសខាងកើត។ ដោយហេតុថា ទីនោះសម្បូណ៌ក្បឿង និងកុលាលភាជន៍បែបប្រណិតជាច្រើនថែមទៀតនោះ នាំឱ្យគេហ៊ានសន្និដ្ឋានថា ទីតាំងនោះអាចជាកន្លែងព្រះរាជវាំងរបស់ព្រះមហាក្សត្រដែលពីមុនមកអាចមានសំណង់ឈើសង់ពីលើ (Shimamoto et al. 2008.)។ គួរកត់សម្គាល់មួយទៀត នៅក្រុងឦសានបុរ មានទ្វារក្រុងចំនួន ២ គឺទ្វារខាងលិច និងខាងកើត។ ទ្វារនីមួយៗ សុទ្ធសឹងឆ្លងកាត់ទីតាំងប្រាសាទដូចគ្នា។ ទ្វារខាងកើតមានប្រាសាទដូនមោង និងទ្វារខាងលិចមានប្រាសាទបាយដា។ ភ្ជាប់ពីច្រកទ្វារក្រុងខាងលិច មានផ្លូវបុរាណមួយចេញពីក្រុងឦសានបុរ ឆ្ពោះទៅកាន់ប៉ែកខាងត្បូងតំបន់អង្គរ ដែលមានចម្ងាយសរុបប្រមាណ១៥០គីឡូម៉ែត្រ (Nagumo & Kubo 2007.)។ សព្វថ្ងៃ គេអាចនៅមើលឃើញដានផ្លូវបុរាណទាំងកោង និងត្រង់នៅប៉ែកខាងត្បូងតំបន់អង្គរនៅឡើយ។ លោកស្រី Kubo និង Nagumo យល់ថា ផ្លូវបុរាណនេះ ទំនងប្រើប្រាស់តាំងពីសម័យមុនអង្គរ (ស.វ.ទី៧) មកម្ល៉េះ ព្រោះផ្លូវនេះរត់ឆ្ពោះទៅកាន់ប្រាសាទអណ្តែត (បច្ចុប្បន្នស្ថិតនៅឃុំសានគរ) ដែលកសាងឡើងតាំងពីស.វ.ទី៧ (Nagumo & Kubo 2018: 158.)។
ក្នុងឆ្នាំ២០១៦ អ្នកស្រាវជ្រាវជនជាតិជប៉ុន នៃគម្រោង SCP បានខួងយកដីចេញពីកសិន្ធុនិងទំនប់នៃក្រុងឦសានបុរ ជាច្រើនកន្លែង ដើម្បីយកទៅពិសោធរកអាយុកាល។ ឆ្លងតាមការវិភាគកាបូន១៤រួចមក លទ្ធផលបង្ហាញថា កសិន្ធុទឹកទំនងកសាងឡើងនៅរវាងស.វ.ទី៦។ រីឯបំណែកកុលាលភាជន៍ដែលរកឃើញនៅស្រទាប់ដីខាងលើកសិន្ធុ មានអាយុកាលនៅរវាងស.វ.ទី៩ ដល់ស.វ.ទី១១។ ចំណែកសំណល់វប្បធម៌ដែលរកឃើញនៅតាមបណ្តោយផ្លូវលំក្រាលគ្រួសក្រហម (ផ្លូវសង់ថ្មីរត់កាត់តាមក្រុងឦសានបុរ) មានអាយុកាលចំណាស់ដល់ស.វ.ទី៥ និងខ្លះទៀតនៅស.វ.ទី៦ ឬទី៧។ ដោយឡែក នៅទីតាំង M78/M79 គេបានរកឃើញភស្តុតាងនៃការប្រើប្រាស់ដីតាំងពី ស.វ.ទី៥ ដល់ស.វ.ទី១៤ (Nogumo & Kubo 2018: 162.)។ ចំណុចនេះសបញ្ជាក់ឱ្យឃើញថា ក្រុងឦសានបុរនៅតែជាមជ្ឈមណ្ឌលដ៏សំខាន់មួយ ដែលមានមនុស្សបន្តរស់នៅជាប់មករហូត ទោះបីជារាជធានីបានប្តូរទៅតំបន់អង្គររួចទៅហើយក្តី។
ចំណែកតំបន់ប្រាសាទបុរាណ (Temple Zone) ប្រមូលផ្តុំដោយប្រាសាទសង់ឡើងអំពីឥដ្ឋ និងថ្មបាយក្រៀមជាច្រើន។ ប្រាសាទសំខាន់ៗនៅតំបន់នេះ ស្ថិតនៅក្នុងក្រុមសំខាន់ៗទាំងបី រួមមាន ក្រុមប្រាសាទសំបូរ ក្រុមប្រាសាទតោ និងក្រុមប្រាសាទយាយព័ន្ធ។ ក្រៅពីនេះ មានក្រុមប្រាសាទតូចៗមួយចំនួនទៀត ដូចជា ក្រុមប្រាសាទត្រពាំងរពាក់ ក្រុមប្រាសាទគក់ទ្រូង ។ល។ លើសពីនេះទៅទៀត តំបន់ប្រាសាទបុរាណ គឺរួមបញ្ចូលទាំងកសិន្ធុទឹកបុរាណ ត្រពាំងបុរាណ ព្រែកជីកបុរាណ និងស្ពានហាលថែមទៀតផង។ ចំណោមក្រុមប្រាសាទធំៗទាំង៣ មានតែក្រុមប្រាសាទសំបូរមួយប៉ុណ្ណោះ ដែលមានហ៊ុមព័ទ្ធដោយកំពែងបីជាន់។ លក្ខណៈបែបនេះ គឺស្របទៅនឹងប្លង់ប្រាសាទធំៗនៅឯតំបន់អង្គរ។ កំពែងខាងក្រៅបង្អស់ជាកសិន្ធុទឹក និងកំពែងខាងក្នុងពីរជាន់ទៀត ជាសំណង់ថ្មបាយក្រៀមមានរាងបួនជ្រុងស្មើប្រវែង ៣៨៩ ម៉ែត្រ។
អ្វីដែលគួរកត់សម្គាល់នោះ នៅខាងមុខក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) និងក្រុមប្រាសាទយាយព័ន្ធ (ក្រុមខាងត្បូង) មានលើកទំនប់ដីឱ្យខ្ពស់ចេញជាស្ពានហាលមួយ ដែលរត់ឆ្ពោះទៅខាងកើតភ្ជាប់ទៅកាន់ស្ទឹងសែន ជាង ២ គីឡូម៉ែត្រ។ ចំណែក នៅខាងមុខក្រុមប្រាសាទតោវិញ ស្លាកស្នាមស្ពានហាលដែលនៅសេសសល់ពុំច្បាស់លាស់ឡើយ។ ដ្បិត សព្វថ្ងៃទីនេះបានក្លាយទៅជាវាលស្រែអស់ទៅហើយ។ អ្នកស្រាវជ្រាវជនជាតិជប៉ុន លោក Shimoda និង Shimamoto សន្និដ្ឋានថា ស្ពានហាលទាំងពីរនេះ ជាច្រកចូលដ៏សំខាន់នៅប៉ែកខាងកើតនៃរាជធានីឦសានបុរ ដែលគេកសាងឡើងដើម្បីផ្តល់ភាពទាក់ទាញ និងអំណាចដល់រាជធានី។ ដ្បិត កាលពីសម័យនោះ អ្នកជំនួញ ឬអ្នកកាទូតបរទេសមកពីតំបន់ផ្សេងៗ តែងធ្វើដំណើរមកកាន់ក្រុងឦសានបុរតាមស្ទឹងសែន ហើយបន្តដំណើរចូលក្រុងតាមស្ពានហាលទាំងពីរនេះ (Shimoda & Shimamoto 2012:11.)។ ក្រៅអំពីប្រាសាទ និងស្ពានហាលដូចបានរៀបរាប់ខាងលើ នៅតំបន់ប្រាសាទបុរាណ (Temple Zone) នេះ មានប្រព័ន្ធទឹកដ៏សំខាន់មួយដែលជីកដោយមនុស្សប្រវែង ៤,៣ គីឡូម៉ែត្រ ភ្ជាប់ផ្លូវទឹកពីទិសឦសានឆ្ពោះទៅទិសអាគ្នេយ៍។ ព្រែកជីកនេះទទួលទឹកពីអូរគ្រូកែ ត្រង់ចំណុចអន្លង់ចំបក់ ឆ្ពោះទៅកាន់ស្ទឹងសែន ដែលមានទទឹងប្រវែង ២៥ម៉ែត្រ និងជម្រៅ ៥ម៉ែត្រ (ibid., p.10) ។
ជារួមមក ភូមិសាស្រ្តតំបន់ប្រាសាទសំបូរព្រៃគុកដែលស្ថិតនៅត្រើយខាងលិចស្ទឹងសែន អាចចាត់ទុកថា គឺជាទីតាំងដ៏ល្អបំផុតមួយសម្រាប់ការកសាងទីក្រុង ដោយយោងទៅលើទឹកជំនន់ខ្យល់មូសុង និងការបញ្ចូលទឹកមកប្រើប្រាស់នៅក្នុងក្រុងបានពេញបរិបូណ៌។ លើសពីនេះទៀត ដោយសារតែរាជធានីឦសានបុរ និងស្ទឹងសែនភ្ជាប់គ្នាដោយប្រឡាយធំតូចជាច្រើននោះ មនុស្សដែលរស់នៅក្នុងក្រុងនាសម័យបុរាណអាចចេញចូលនិងដឹកទំនិញគ្រប់ប្រភេទចូលទៅក្នុងក្រុងបានយ៉ាងងាយស្រួលនៅពេលមានទឹកជន់ឡើង។ ព្រែកជីក ឬប្រឡាយទាំងអម្បាលម៉ាននេះ ទំនងភ្ជាប់គ្នាទៅកាន់ស្ទឹងសែនតាមកំពង់ផែមួយ។ អ្នកស្រាវជ្រាវជប៉ុន សន្និដ្ឋានថា កំពង់ផែកាលពីសម័យនោះ ទំនងស្ថិតនៅភូមិកំពង់ឈើទាល។ ដ្បិត នៅទីនោះគេធ្លាប់បានរកឃើញស្លាកស្នាមថ្មបាយក្រៀមមួយចំនួន។ ភាពអំណោយផលភូមិសាស្រ្តទាំងនេះហើយ ដែលជាហេតុញ៉ាំងឱ្យក្រុងឦសានបុរ នៅតែជាមជ្ឈមណ្ឌលមានមនុស្សរស់នៅឥតដាច់តាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន។ ម្ល៉ោះហើយ ទើបតំបន់នេះនៅសេសសល់ការប្រណិប័តន៍ជំនឿ និងកិច្ចពិធីបុរាណយ៉ាងសម្បូណ៌បែប។
គម្រោងស្រាវជ្រាវនេះ គ្របដណ្តប់ទៅលើកិច្ចពិធីបែបជំនឿជីវចលរបស់មនុស្សកំពុងរស់នៅជុំវិញតំបន់សំបូរព្រៃគុក ដោយកំណត់ដែនវិសាលភាពស្រាវជ្រាវត្រឹមតែ ២៥ គីឡូម៉ែត្រជុំវិញប៉ុណ្ណោះ។ ក្នុងវិសាលភាពដ៏ធំនេះ គម្រោងបានកំណត់យកភូមិគោលដៅចំនួន១៥ ស្ថិតក្នុងដែនរដ្ឋបាលស្រុកចំនួន ៣ គឺស្រុកប្រាសាទសំបូរ កំពង់ស្វាយ និងប្រាសាទបល្ល័ង្ក។ ក្នុងចំណោមភូមិទាំង១៥ មានភូមិជនជាតិកួយចំនួន៤ភូមិ រួមមាន ភូមិវាលវែង ភូមិកូនក្អែក ភូមិអណ្តាស និងភូមិតាឡែកថ្មី។ រីឯ ១១ភូមិផ្សេងទៀតជាខ្មែរ។ ភូមិទាំងអស់នេះ សុទ្ធសឹងនៅសល់ទំនៀមទម្លាប់បែបបុរាណដ៏សម្បូណ៌បែប។
ក្នុងពេលដែលសង្គមកំពុងវិវឌ្ឍជឿនលឿននេះ របៀបរស់នៅរបស់អ្នកស្រុកបានប្រែប្រួលយ៉ាងឆាប់រហ័ស។ កាលពីប៉ុន្មានទសវត្សរ៍មុន អ្នកស្រុកដែលរស់នៅជុំវិញតំបន់ប្រាសាទសំបូរព្រៃគុក ច្រើនប្រកបរបរធ្វើស្រែចម្ការតាមបែបប្រពៃណី។ បើអ្នកនោះជាខ្មែរ និយមធ្វើស្រូវវស្សា និងនេសាទ។ ប៉ុន្តែ បើជាកួយ គឺគេនិយមធ្វើស្រូវចម្ការវិលជុំ និងរកអនុផលព្រៃឈើ។ ប្រព័ន្ធធារាសាស្រ្ត និងឧបករណ៍គ្រឿងយន្តកសិកម្មទំនើប ជាចលនាធំដែលជំរុញទំនៀមទម្លាប់រស់នៅត្រូវផ្លាស់ប្តូរខ្លះដោយចៀសពុំរួច។ អ្នកស្រុកងាកមកនិយមធ្វើស្រូវប្រាំងច្រើនជាងធ្វើស្រូវវស្សាវិញ។ ដ្បិត វាងាយស្រួលថែទាំ ធ្វើបានច្រើនដង ចំណាយពេលតិច ប្រមូលផលបានលឿន និងទទួលទិន្នផលច្រើនជាងស្រូវវស្សា។ មិនថាតែនៅតំបន់ប្រាសាទសំបូរព្រៃគុកទេ បរិបទថ្មីនេះបានកើតមាននៅទូទាំងប្រទេសកម្ពុជា។ ការធ្វើស្រែប្រាំង គេមិននិយមសាបសិន ទើបក្រោយមកដកសំណាបយកទៅស្ទូងដូចស្រែលិចទឹកឡើយ។ ពោល គឺគេគ្រាន់តែសាបព្រោះគ្រាប់ពូជស្រូវក្នុងថ្នាលតែម្តងជាការស្រេច។ របៀបនេះហើយ ដែលបណ្តាលឱ្យទម្លាប់ស្ទូងស្រូវនៅតាមភូមិមួយចំនួនបានបាត់បង់បន្តិចម្តងៗ។ រីឯទម្លាប់ក្នុងការយកដៃ ឬប្រវាស់ដៃគ្នា ក៏មិនសូវឃើញសស្រាក់សស្រាំដូចកាលពីមុនដែរ។ បើមានក៏ច្រើនតែអ្នកស្ថិតនៅក្នុងរង្វង់គ្រួសារតែមួយប៉ុណ្ណោះ។ លើកលែងតែជនជាតិភាគតិចកួយ ដែលនៅបន្តទម្លាប់នេះច្រើនមកដល់សម័យបច្ចុប្បន្ន។ អ្វីដែលគួរកត់សម្គាល់ ការធ្វើស្រូវចម្ការវិលជុំរបស់ជនជាតិកួយតាមរយៈការដាំគ្រាប់ពូជស្រូវក្នុងរន្ធដីដែលគេបុកដោយប្រើឈើច្រឹងមួយគូនោះ លែងសូវនិយមដូចមុនទៀតហើយ។ តាមទំនៀមគេត្រូវចាប់ផ្តើមត្រួសត្រាយ ឆ្ការ និងដុតព្រៃ ដើម្បីដាំស្រូវចាប់ពីខែមាឃរហូតចប់សព្វគ្រប់នៅចុងខែផល្គុនតាមទំហំចម្ការតូចឬធំ។ គេត្រូវប្រឹងប្រែងធ្វើយ៉ាងណាឱ្យការឆ្ការព្រៃរួចរាល់នៅមុនខែចេត្រ ដោយសារខែចេត្រមានអាកាសធាតុក្តៅខ្លាំង និងអំណោយផលក្នុងការដុតព្រៃធ្វើដី ព្រមទាំងអាចមានភ្លៀងកក់ខែ។ ប៉ុន្តែ ដោយសារសព្វថ្ងៃមិនសម្បូណ៌ព្រៃសម្រាប់ដុតធ្វើដីដាំដុះ ទើបគេលែងនិយមធ្វើស្រូវចម្ការតែម្តង។
ក្រៅពីដំណាំស្រូវ ស្វាយចន្ទី (ខ្យូវ) ដំឡូងមី ពោត សណ្តែក ល្ង សុទ្ធសឹងជាដំណាំដែលអាចរកចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ នៅពេលទំនេរពីការថែទាំដំណាំស្រូវ ឬក្មេងៗទំនេរពីការរៀនសូត្រ គេពុំសូវឃើញមានមនុស្សនៅផ្ទះឡើយ លើកលែងតែមនុស្សចាស់ជរា និងកុមារតូចៗ។ ដ្បិត អ្នកទាំងនោះ ច្រើនតែយកពេលទំនេរទៅថែទាំដំណាំស្វាយចន្ទី ដំឡូងមី ពោត។ ជាមធ្យមគេអាចលក់គ្រាប់ស្វាយចន្ទីបាន ៤០០០ ដល់ ៦០០០ រៀលក្នុងមួយគីឡូក្រាម និងដំឡូងមីលក់បានតម្លៃ ១៥០ ដល់ ៣០០ រៀលក្នុងមួយគីឡូក្រាម។ ដោយឡែក របរឡើងត្នោត កូរស្ករ ឬធ្វើជាទឹកត្នោតជូរសម្រាប់លក់ ក៏ពុំសូវមានសកម្មភាពរស់រវើកដូចមុនទៀតដែរ។ ក្នុងចំណោមភូមិចំនួន ១៥ ដែលបានចុះសិក្សាស្រាវជ្រាវ មានតែភូមិជាយសំពៅមួយប៉ុណ្ណោះដែលនៅមានអ្នកប្រកបរបរឡើងត្នោតកូរស្ករនេះ។
ទោះបីបច្ចុប្បន្ន ជនជាតិកួយបានងាកមកដាំដុះដំណាំឧស្សាហកម្មច្រើនក៏ដោយ ការប្រមូលអនុផលព្រៃឈើក៏នៅតែមានឥតដាច់នោះដែរ។ ពួកគេច្រើនទៅបោចវល្លិតូចៗ ដូចជា រពាក់ ផ្តៅ ឬឆ្នូរជាដើម យកមកត្បាញធ្វើជាសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឬអាចលក់ចេញទៅទីផ្សារ។ ជាពិសេស គឺតម្បាញត្រកដែលជាទំនៀមដ៏សំខាន់របស់ជនជាតិកួយ ពុំទាន់បាត់បង់ទៅណាឡើយ។ ការដុតយកជ័រទឹក (ជ័រឈើទាល និងជ័រចុង) រួមជាមួយច្រម៉ាស់ និងសំបកស្មាច់ទូកមកច្នៃធ្វើជាចន្លុះ នៅមានអ្នកធ្វើតិចតួចប៉ុណ្ណោះ។ គួរឱ្យចាប់អារម្មណ៍នោះ នៅខែផល្គុន និងចេត្រ ទាំងកួយនិងខ្មែរតែងនិយមទៅបេះគុយសម្រាប់ហូបនៅក្នុងគ្រួសារ និងអាចលក់ចេញទៅលើទីផ្សារ ព្រោះផ្លែឈើព្រៃមួយប្រភេទនេះលក់បានក្នុងតម្លៃខ្ពស់គួរសម។
ក្នុងចំណោមភូមិគោលដៅទាំង១៥ ភូមិកំពង់ឈើទាល ស្ថិតនៅប៉ែកខាងជើងតំបន់សំបូរព្រៃគុក គឺសម្បូណ៌កូនចៅចិនច្រើនជាងគេ។ អ្នកទាំងនោះភាគច្រើនជាអ្នកជាប់ពូជពង្សចិនហុកកៀន។ ប៉ុន្តែ សព្វថ្ងៃនេះពួកគេស្ទើរតែទាំងអស់ លែងមានអ្នកចេះនិយាយភាសាចិនហុកកៀនទៅហើយ។ ពោល គឺខុសពីអម្បូរចិនទាជីវរស់នៅតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា ដែលកំពុងបន្តនិយាយភាសាកំណើតរបស់ខ្លួនពីមួយជំនាន់ទៅមួយជំនាន់បានយ៉ាងស្ទាត់ជំនាញ។ លោក William E. Willmott ពន្យល់ថា អម្បូរចិនហុកកៀន ជាក្រុមមនុស្សដែលពូកែបន្សាំខ្លួនក្នុងការរស់នៅជាមួយជនជាតិខ្មែរ រហូតដល់គេស្ទើរតែមិនអាចកំណត់អត្តសញ្ញាណពួកគេទាំងនោះថាជាខ្មែរ ឬចិននោះឡើយ (Willmott 1967:3.)។ ការសម្របខ្លួនយ៉ាងឆាប់រហ័សនេះហើយ ទំនងជាមូលហេតុចម្បង ដែលនាំឱ្យភាសាចិនហុកកៀនលែងមានអ្នកចេះនិយាយនៅភូមិកំពង់ឈើទាល។ ពួកកូនចៅចិនដែលរស់នៅភូមិកំពង់ឈើទាលចូលចិត្តរស់នៅតាមបណ្តោយស្ទឹងសែននិងជាអ្នកពូកែរកស៊ីយ៉ាងស្ទាត់ជំនាញ។ ខ្លះទៀតប្រកបរបរជាគ្រូបង្រៀន មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកសិកម្ម។ បើទោះបីអ្នកភូមិកំពង់ឈើទាលច្រើនជាអ្នកមានឈាមជ័រកូនចៅចិនហុកកៀនក៏ពិតមែន ពួកគេមានទំនាក់ទំនងល្អជាមួយអ្នកភូមិជិតខាង ហើយជានិច្ចកាលតែងតែចូលរួមពិធីបែបជីវចលជាមួយខ្មែរជាប្រចាំ។
អ្វីដែលគួរកត់សម្គាល់ខ្លាំង បាតុភូតនៃការចាកចេញពីស្រុកកំណើតទៅរកការងារធ្វើនៅតំបន់ខាងក្រៅ ដែលហៅថា “ចំណាកស្រុក” គឺកំពុងមានសន្ទុះកើនឡើងជាលំដាប់។ ករណីនេះកើតឡើងមកពីការខ្វះខាតដីសម្រាប់ធ្វើកសិកម្ម ដែលមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យបានគ្រប់គ្រាន់។ ក្នុងនោះ ភាគច្រើនចេញទៅប្រទេសថៃឡង់ដ៍ច្រើនជាងគេនិងមួយចំនួនតូចទៅប្រទេសកូរ៉េ ព្រោះទីនោះសម្បូណ៌ការងារធ្វើដោយកម្លាំង។ ពាក់កណ្តាលទៀត ចំណាកស្រុកទៅធ្វើជាកម្មករសំណង់ និងកម្មកររោងចក្រឧស្សាហកម្មនៅរាជធានីភ្នំពេញ។ អ្នកខ្លះបង្ខំចិត្តចំណាកស្រុកទៅរកការងារធ្វើទាំងប្តីប្រពន្ធដោយទុកកូនៗឱ្យយាយតានៅមើលថែ។ ការចំណាកស្រុក គឺជាបញ្ហាប្រឈមដ៏ធំបំផុតចំពោះកិច្ចពិធីបែបជីវចលនៅក្នុងសហគមន៍។ ដ្បិត មនុស្សពេញវ័យដែលជាអ្នកបន្តវេនមត៌កអរូបីនេះ ពុំស្ថិតនៅក្នុងស្រុក និងពុំអាចចូលរួមកិច្ចពិធីផ្សេងៗបានឡើយ។
ទោះបីសង្គមកំពុងឈានទៅរកភាពទំនើបយ៉ាងណាក្តី ផ្ទះសម្បែងរបស់អ្នកស្រុក មិនថាតែខ្មែរ កួយ ឬអ្នកជាប់ពូជពង្សកូនចៅចិនឡើយ គឺមិនសូវប្រែប្រួលរូបរាងខ្លាំងពីប៉ុន្មានទសវត្សរ៍មុនឡើយ។ អ្នកភូមិទាំងនេះ និយមកសាងផ្ទះតាមប្រពៃណីខ្មែរ ពោល គឺផ្ទះឈើដែលលើកឡើងផុតពីដីដោយមានសសរទល់ទ្រ។ ពួកគេនិយមសង់ផ្ទះកន្តាំង (១ខ្នង ២ខ្នង ឬ ៣ខ្នង) ច្រើនជាងប្រភេទផ្ទះខ្មែរដទៃទៀត។ កាលពីប៉ុន្មានឆ្នាំមុន មាននៅសល់ផ្ទះប៉ិតមួយចំនួនតូច តែសព្វថ្ងៃនៅសល់តិចបំផុត។ រីឯផ្ទះរោងដោល ផ្ទះរោងដឿង និងផ្ទះកឹង ស្ទើរលែងមានហើយនៅក្នុងតំបន់នេះ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិដែលស្ថិតនៅក្នុងតំបន់ការពារប្រាសាទសំបូរព្រៃគុក គឺតម្រូវឱ្យសង់ផ្ទះទៅតាមគំរូដែលអាជ្ញាធរជាតិសំបូរព្រៃគុកបានកំណត់ជូន។ ផ្ទះគំរូទាំងអស់សុទ្ធសឹងជាផ្ទះខ្មែរធ្វើអំពីឈើ (ផ្ទះរោងដោល ផ្ទះប៉ិត ផ្ទះកន្តាំង ផ្ទះកឹង) និងខ្លះទៀតឈើលើថ្មខាងក្រោមមួយបន្ទប់ ដែលមានសរុបជាង ២០ គំរូ។ ជួនកាល ផ្ទះដែលស្ថិតនៅក្នុងតំបន់ការពារទី២ ឬទី៣ អាជ្ញាធរជាតិសំបូរព្រៃគុក អនុញ្ញាតឱ្យសង់អំពីថ្មសុទ្ធបាន តែត្រូវរក្សាទម្រង់ឱ្យដូចរចនាបថផ្ទះខ្មែរ (លាបពណ៌ឈើ)។
English

















