DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

បុរាណដ្ឋានភ្នំបារៀង

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
December 2, 2025
in បុរាណវិទ្យា
0
បុរាណដ្ឋានភ្នំបារៀង

ដោយ៖ ម៉ង់ វ៉ាលី

 

ក្រុមប្រាសាទភ្នំបារៀង គឺជាបុរាណដ្ឋានដ៏មានសារៈសំខាន់មួយកន្លែងដែលមានទីតាំងស្ថិតនៅឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែល​ព័ទ្ធជុំវិញដោយភូមិចំនួនបួន គឺភូមិកគោ ភូមិកំពង់ជ្វា ភូមិបាក់ស្រី និងភូមិចារ ហើយស្ថិតនៅខាង​ត្បូងស្ទឹងសែនចម្ងាយប្រមាណ១គ.ម. និងខាងកើតតំបន់ប្រាសាទសំបូរព្រៃគុកប្រមាណ ២០គ.ម.។

ឈ្មោះថា “បារៀង” នេះ អ្នកស្រុកបច្ចុប្បន្នយល់ថាកើតចេញមកពីសាច់រឿងព្រេងចំនួនពីរ ដែលរឿងទីមួយដំណាលថា៖ “កាលពីព្រេងនាយ មានក្របីព្រៃជាច្រើនបានផ្តុំគ្នារកស៊ីក្បែរជើងភ្នំ ហើយមានក្របីបាធំមួយជាអ្នកគ្រប់គ្រងហ្វូងក្របីទាំងនោះ។ ក្របីបានេះមានចិត្ត​ឃោរឃៅខ្លាំងណាស់ ពោលគឺវាមិនអនុញ្ញាតឱ្យកូនក្របីឈ្មោលណាមួយរស់នៅក្នុងហ្វូងនោះឡើយ ហើយបើមានក្របីបានេះនឹង​សម្លាប់ចោលទាំងអស់។ រឿងនេះបណ្តាលឲ្យមេក្របីមួយក្បាលបានដឹង និងរកមធ្យោបាយឱ្យ​កូន​របស់ខ្លួនបានរស់ពេលខ្លួនកំពុងពពោះ ដោយបានភៀសខ្លួនរត់ទៅនៅព្រៃបឹងក្បែរនោះ។ ថ្ងៃក្រោយ​មកកូនក្របីនោះធំពេញរូបរាងកម្លាំងខ្លាំងក្លា មេវាបានប្រាប់ថា កូនឯងខំស៊ីស្មៅឱ្យបានច្រើន ផឹក​ទឹកឱ្យបានច្រើន ខំហាត់ជល់ឱ្យបានខ្លាំង ធ្វើយ៉ាងណាត្រូវជល់ដើមក្រសាំងឱ្យជ្រុះផ្លែមក ហើយ​ត្រូវវាត់ផ្លែក្រសាំងដែលធ្លាក់មកទាំងប៉ុន្មានកុំឱ្យធ្លាក់ដល់ដីទាន់។ កូនក្របីនោះខំហ្វឹកហាត់រហូត​បាន​សម្រេច​តាមបញ្ជារបស់មេរបស់វា។ មេក្របីបាននាំកូនក្របីទៅជួបក្របីបា។ ពេលនោះក្របីបា និងកូនបានជល់គ្នាខ្ទេចដីខ្ទេចស្មៅ បាក់ព្រៃស្ទើរអស់ ទីបំផុតដោយកូនមានទឹក ស្មៅក្នុងពោះច្រើន មានកម្លាំងច្រើន បានវាត់ក្របីបាធំនោះដួលស្លាប់បាត់ទៅ។ តាំងពីពេលនោះមក ក្របីបាលែង​ឃើញមកការពារហ្វូងដូចមុនហើយ។ ក្រោយមក អ្នកស្រុកសន្មតថា ក្របីបាធំរាងចាលចាញ់បាថ្មី ព្រោះមិន​ឃើញមកកន្លែងនោះទៀត គេក៏សន្មតឈ្មោះភ្នំនេះថា “ភ្នំបារាង” រហូតមក”។

ចំណែក រឿងព្រេង​មួយទៀតដំណាលថា “កាលដើមឡើយមានមេមុតម្នាក់ (អ្នកចូលរូប) តែងប្រាប់កូនចាបកូនព្រាបដែលរស់នៅខេត្តកំពង់ធំថា៖ ខេត្តកំព់ងធំមានមេទ័ពម្នាក់ឈ្មោះ“បាន​រាង” (អ្នកមានរូបរាងល្អធំសង្ហា)។ គាត់ជាមេទ័ពហ្វឹកហាត់ទ័ពដើម្បីទប់ទល់ និងកំចាត់ទ័ព​សៀមដែលឈ្លានពានប្រទេសយើង។ គាត់ប្រមូលទ័ពហ្វឹកហាត់ក្បួនសឹកក្បាច់គុន និងមន្តអាគម​នៅលើភ្នំនោះ។ នៅទីបំផុត គាត់បានទប់ទល់កម្ចាត់ទ័ពសៀមបានដោយជោគជ័យ អ្នកស្រុកគ្រប់​គ្នាដែលស្រឡាញ់រាប់អានគាត់ ក៏បានសន្មតឈ្មោះគាត់ថា “មេទ័ពបានរាង”។ ក្រោយមកអ្នកស្រុកក៏ហៅភ្នំ​នោះថា បានរាង និងក្រោយមកក្លាយជាភ្នំ បារាង” [1]។

រឿងព្រេងទាំងពីរនេះ ស្តាប់ទៅមិនសមទំនងនឹងការហៅភ្នំនេះថា “បារៀង” ឡើយ។ ដ្បិត ពាក្យថា “បារៀង” គឺផ្សំមកពីពាក្យចំនួនពីរ គឺពាក្យ “បា” និងពាក្យ “រៀង”។ ពាក្យ “បា” ជាពាក្យមួយដែលខ្មែរហៅវិវឌ្ឍពីពាក្យដើមថា “ព្រះ” ដ្បិតក្នុងប្រព័ន្ធភាសារបស់ខ្មែរ ទំនាញពាក្យទៅបែបនេះ ជារឿងធម្មតាទៅហើយ [ព្រះ > ព្រា > ពា > បា ឬ ប]។ ឧទាហរណ៍៖ “ព្រះពុទ្ធ” ដែល​ភាសានិយាយរបស់ខ្មែរបែបខ្លីៗឮតែ “ប៉ ប៉ុត”។ ចំណែក ពាក្យថា “រៀង” មានន័យជាកិរិយសព្ទថា “ដាក់តាមលំដាប់ ធ្វើឱ្យត្រូវលំដាប់ ឱ្យត្រូវរបៀប ឱ្យត្រូវជួរ ឱ្យជា​ជួរ” (ឧទាហរណ៍៖ រៀងលេខ ដាក់រៀងគ្នា ឈររៀងគ្នា ដើមឈើដុះរៀងគ្នា)[2]។ ម្ល៉ោះហើយ​ ការដែលគេហៅភ្នំនេះថា “បារៀង” គឺទំនងក្លាយមកពីពាក្យដើមថា “ព្រះរៀង” ដែលអាចសំដៅលើតួប៉មប្រាសាទដែលសង់ជាថ្នាក់ៗរៀងគ្នាចាប់ពីចង្កេះភ្នំរហូតដល់កំពូលភ្នំ ព្រោះនៅក្នុង​តួប៉មនីមួយៗកាលពីដើមមកសុទ្ធសឹងមានតម្កល់ព្រះអាទិទេព ឬម្យ៉ាងទៀតអាចពីមុនមកគេហៅសំដៅដល់រូបថ្មគោលដែលមានទេពសងខាងតម្កល់នៅក្នុងខ្ទមយាយទេពដែលមានទេពរៀងគ្នា (ជិតគ្នា)។ ឈ្មោះ “បារៀង” ទំនងជាឈ្មោះចាស់យូរមកហើយ យ៉ាងហោចណាស់ក៏កើតឡើងនៅពេលដែលប្រាសាទនៅឈរមានរូបរាងដែរ។

ក្រុមប្រាសាទភ្នំបារៀង ធ្លាប់មានអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិមក​សិក្សាខ្លះៗមកហើយ។ ដំបូងគេ គឺលោក Etienne Aymonier កាលពីឆ្នាំ១៩០០ តែលោកមិនបានសិក្សា​អ្វី​ច្រើននោះឡើយ គ្រាន់តែរៀបរាប់ត្រួសៗនៅក្នុងសៀវភៅរបស់លោកក្នុងទំព័រ ៣៧៤[3]។ ក្នុងឆ្នាំ១៩០២ លោក Lunet De Lajonquière បានសិក្សាបន្ថែម ហើយបានគូរប្លង់ទីតាំងប្រាសាទនៅលើភ្នំ ប៉ុន្តែ  ប្លង់របស់លោកគូរមិនបានសព្វគ្រប់នោះឡើយ ពោល គឺមានតែទីតាំងប្រាសាទមួយ​កន្លែង និងកាំជណ្តើរបុរាណប៉ុណ្ណោះ[4]។ ក្នុងឆ្នាំ១៩៣៥ លោក Henri Parmentier បានមកសិក្សាបន្ថែមទៀត ហើយជាលទ្ធផលបានច្រើនជាងអ្នកមុនៗ ដ្បិតលោកបានរៀបរាប់អំពីបរិបទ​ទូទៅរបស់ភ្នំ (កម្ពស់ ៧០ម៉ែត្រ) និងរៀបរាប់អំពីវត្ថុសិល្បៈជាច្រើនដែលមាននៅទីនោះដូចជា រូបព្រះគណេស រូបគោនន្ទិ រូបទេពស្រី ប៉ុន្តែរូបចម្លាក់ទាំងនេះសព្វថ្ងៃបានបាត់ពីទីតាំង​ដើមអស់ទៅហើយ[5]។ នៅថ្មីៗនេះ លោក មីសែល ត្រាណេ អ្នកស្រាវជ្រាវជនជាតិខ្មែរ ក៏បាន​មកសិក្សានៅទីនេះដែរ។ លោកបានរៀបរាប់ត្រួសៗ និងយោងតាមការបរិយាយរបស់អ្នកស្រាវជ្រាវបារាំង​ ហើយលោកបានចុះបញ្ជីសិលាចារឹកនៅទីនោះចំនួនមួយផ្ទាំង Ka.101([6])។ មកដល់ឆ្នាំ២០០៨ ក្រសួងវប្បធម៌ និងសាលាបារាំងចុងបូព៌ាបានមកចុះបញ្ជី និងរៀបរាប់អំពីតាំងប្រាសាទចំនួន ៥ កន្លែង ដែលជាទិន្នន័យលើសការសិក្សាមុនៗ។

ក្រុមប្រាសាទភ្នំបារៀង គេសាងប្រាសាទជាថ្នាក់ៗរៀងគ្នាពីចង្កេះភ្នំនៅផ្នែកខាងកើតរហូត​ដល់កំពូលភ្នំ និងបន្តទៅជម្រេភ្នំខាងលិចមួយកន្លែងទៀត ដែលសរុបទាំងអស់មានចំនួន ៥ ទីតាំង ហើយបើគិតជាតួប៉មសរុប ក្រុមប្រាសាទនេះអាចមានតួប៉មសរុប ១១ (សូមមើលប្លង់​ខាងក្រោមដែលយើងតាងពីអក្សរ “ក” ដល់ “ង”)។

នៅទីតាំងទីមួយ (ក) ដែលស្ថិតនៅខាងកើតបង្អស់ មានតួប៉មប្រាសាទឥដ្ឋចំនួនមួយ តែសព្វថ្ងៃប្រាសាទនេះបានបាក់បែកនៅសល់តែឥដ្ឋរាយប៉ាយប៉ុណ្ណោះ។ ចំណែក ទីតាំងទីពីរ (ខ) ស្ថិតនៅខាងលិចទីតាំងទីមួយ ដែលខ្ពស់ជាងប្រមាណ ៣ម៉ែត្រ ហើយមានតួប៉មប្រាសាទចំនួនមួយ (រាងបួនជ្រុងស្មើ) និងបាក់បែកដូចគ្នា។ ប៉ុន្តែ សព្វថ្ងៃទីតាំងទីពីរនេះ គេសាងសង់ខ្ទមអ្នកតាមួយនៅពីលើ ដែលអ្នកស្រុកហៅថា “យាយទេព” ហើយខាងក្នុងខ្ទមគេតម្កល់ថ្មគោល ចំនួន ៤ ដើម ដែលទំនង​មានអាយុកាលចាប់ពីស.វ.ទី១៣-១៦។ ថ្មគោលទាំងនេះ គឺជាប្រភេទថ្មគោលមានឆ្លាក់រូបព្រះពុទ្ធប្រក់នាគមួយចំហៀង និងរូបទេពក្នុងព្រហ្មញ្ញសាសនាមួយចំហៀង (រូបលេខ១-២)។ កាលពីរវាង២០ឆ្នាំមុន ទីតាំងទីពីរនេះ គេធ្លាប់ប្រទះឃើញចម្លាក់​ផ្តែរមានឆ្លាក់សត្វមករនៅខាងចុងដែលជាសិល្បៈរចនាបថសំបូរព្រៃគុក ប៉ុន្តែសព្វថ្ងៃផ្តែរនេះបាន​បាត់បង់ទៅហើយ។ តាមរយៈសំណល់ឥដ្ឋដែលនៅរាយប៉ាយ ជើងទម្រ និងភស្តុតាងដែល​មានផ្តែរឆ្លាក់រូបសត្វមករនៅខាងចុង អាចឱ្យយើងសន្និដ្ឋានបានថា ទីតាំងទីពីរ (ខ) គឺជាប្រាសាទសម័យមុន​អង្គរ ក្នុងស.វ.ទី៧។

ដោយឡែក នៅទីតាំងទីបី (គ) វិញ​ គឺ​ជាទីតាំងសំខាន់មួយនៅក្នុងចំណោមទីតាំងទាំង ៥ កន្លែងនៅលើភ្នំបារៀង។ ទីតាំងនេះមានតួប៉មប្រាសាទសរុបចំនួន ៣ ដែលគេសាងឡើងអំពីឥដ្ឋ ជាប្លង់រត់ជួរគ្នាពីជើងទៅត្បូង ហើយសព្វថ្ងៃមានតែតួប៉មកណ្តាលទេដែលនៅសល់រូបរាងច្រើនជាងគេ ពោល គឺនៅសល់ជញ្ជាំងមួយចំហៀង ហ៊ុមព័ទ្ធដោយដើមឈើធំមួយ (រូបលេខ៣)។ ចំណែកតួប៉មផ្នែកខាងត្បូងនៅសល់ត្រឹមគ្រឹះក្រោម (រូបលេខ៤) ហើយតួប៉មផ្នែកខាងជើងបានបាក់បែកទាំងស្រុង។ សព្វថ្ងៃនៅខាងមុខតួប៉មកណ្តាល គេបានកសាងសាឡុំថ្មីមួយធ្វើពីបេតុង។ នៅក្នុងសៀវភៅរបស់លោក Lunet De Lajonquière រៀបរាប់ថា៖ “ទីតាំងនេះមានលក្ខណៈចង្អៀត​ខ្លាំង ដែលធ្វើឱ្យតួប៉មបីខាងក្រោយរត់មិនត្រង់ជួរគ្នា ពីជើងទៅត្បូងនោះទេ ហើយក្នុងនោះ តួប៉ម​ពីរនៅខងក្រោយរត់ត្រង់ជួរគ្នាពីជើងទៅត្បូង និងតួប៉មកណ្តាលលយទៅមុខឆ្ពោះទៅទិសខាងកើត​ខ្លាំង[1]។ ការដែលលោកបញ្ជាក់ថា “តួប៉មបីខាងក្រោយរត់មិនត្រង់ជួរគ្នា” នេះ ទំនងជាលោកគិតថា ទីតាំងនេះមានប្រាសាទចំនួន ៥ ប៉ុន្តែបើពិនិត្យមើលជាក់ស្តែងទីតាំងនេះមានតួប៉មតែ ៣ ទេ។ តួប៉មកណ្តាល សាងអំពីឥដ្ឋ រាងបួនជ្រុងទ្រវែង និងមានតួនាទីសំខាន់ជាងគេ ដែលសព្វថ្ងៃ​អ្នកស្រុកហៅតួប៉មនេះថា “ប្រាសាទដើមច័ន្ទ”។ នៅតួប៉មកណ្តាល យើងឃើញនៅសល់តែផ្ទាំងថ្មមេទ្វារដែលមានបណ្តោយប្រវែង ១៨៣ស.ម. ទទឹង ៨០ស.ម. និងកម្រាស់ ១៤ស.ម.។ រីឯនៅខាង​មុខមាននៅសល់ផ្តែរទ្វារមួយ លម្អដោយក្បាច់ស្លឹកឈើកញ្ចុំៗជារាងត្បូងចំនួន ៥ តម្រៀបគ្នានៅក្បាច់បន្ទាត់ធ្នូដែលមានរាងកោងតិចៗ (រូបលេខ៥)។ ផ្តែរទ្វារនេះមានប្រវែងបណ្តោយ ១៦០ស.ម. ទទឹង​ ៣០ស.ម. និងកម្រាស់ ២០ស.ម. ដែលមានលក្ខណៈជាសិល្បៈចុងរចនាបថសំបូរព្រៃគុក ដើមរចនាបថព្រៃក្មេង ក្នុងស.វ.ទី៧ ហើយបើយើងយកទៅប្រៀបធៀបជាមួយផ្តែរទ្វារនៅតំបន់ប្រាសាទសំបូរព្រៃគុកវិញ ពុំមានផ្តែរទ្វារណាមានលក្ខណៈបែបនេះឡើយ។ ក្រៅអំពីនេះ នៅទីតាំងទីបីនេះ មាននៅសល់ទ្រនាប់ជណ្តើរប្រាសាទចំនួន ៣ផ្ទាំង និងបំណែកជើងទម្រចំនួន ៦ផ្ទាំង ដែលសុទ្ធសឹងជាសិល្បៈរចនាបថជាមួយគ្នា។ ទីតាំងប្រាសាទនៅក្រុមទីបីនេះ ជាប្រាសាទឥដ្ឋសាងឡើងនៅចុងរចនាបថសំបូរព្រៃគុក ដើមរចនាបថព្រៃក្មេង ស.វ.ទី៧ ទំនងក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ ឬ ព្រះបាទភវវរ្ម័នទី២។

ចំពោះទីតាំងទីបួន (ឃ) វិញ ស្ថិតនៅត្រង់ចំណុចកំពូលភ្នំ ដែលស្ថិតនៅខាងលិច​ទីតាំងទីបី ប្រមាណ ៧០ម៉ែត្រ។ នៅក្រុមនេះ ប្រាសាទទាំងអស់សាងឡើងអំពីឥដ្ឋ មានខឿន​ក្រាលដោយថ្មភក់ប្រវែងពីលិចទៅកើត៣០ម៉ែត្រ និងពីជើងទៅត្បូង៥៥ម៉ែត្រ ដែលអាចមានតួប៉ម​ប្រាសាទចំនួន ៣ សង់តម្រៀបគ្នារត់អ័ក្សពីជើងទៅត្បូង។ ប៉ុន្តែ ប្រាសាទទាំងអស់បានបាក់រលំអស់ទៅ​ហើយ និងសព្វថ្ងៃអ្នកស្រុកចាក់បេតុងរៀបជាកន្លែងព្រះពុទ្ធរូបធំមួយអង្គ (រូបលេខ៦)។ ឥដ្ឋដែលនៅសល់​​ច្រើនមានប្រវែងជាមធ្យម បណ្តោយ ២៨-៣០ស.ម. ទទឹង ១៥-១៦ស.ម. និងកម្រាស់ ៦-៨ ស.ម. ដែលមានលក្ខណៈប្រហាក់ប្រហែលឥដ្ឋស.វ.ទី៧ នៅតំបន់ប្រាសាទសំបូរព្រៃគុក[2]។ នៅក្រុម​នេះ​ យើងឃើញមាននៅសល់បំណែកជើងទម្រចំនួន ៣ ដុំ, ស៊ុមទ្វារ, ទ្រនាប់ជណ្តើរ ចំនួន ៣ ផ្ទាំង ដែលជាប្រភេទទ្រនាប់ជណ្តើរសម័យមុនអង្គរ (រចនាបថសំបូរព្រៃគុក ឬព្រៃក្មេង)[3] និងមាន​នៅសល់សិលាចារឹកមួយផ្ទាំងដែលទំនងចារឹកនៅស.វ.ទី១០ មានចំនួន​ ៤៤បន្ទាត់ ស្មើនឹង ២២គាថា។ ជាអកុសល ផ្នែកម្ខាងនៃសិលាចារឹកនេះរលុបអស់មើលលែងយល់។ ចារឹកនេះ ចារជាភាសាសំស្រ្កឹត ហើយពុំធ្លាប់មានអ្នកស្រាវជ្រាវណាបានបកប្រែនិងចុះផ្សាយនៅឡើយទេ (រូបលេខ៧)។ យើងមិនដឹង​អត្ថន័យនៃសិលាចារឹកនេះមានខ្លឹមសារនិងអត្ថន័យយ៉ាងណាឲ្យប្រាកដនោះឡើយ។ តាមការរៀបរាប់ខាងលើនេះបង្ហាញថា ទីតាំងទីបួនដែលស្ថិតនៅចំកំពូលភ្នំនេះ ទំនងមានប្រាសាទធ្វើអំពីឥដ្ឋចំនួន ៣ ដែលសាងនៅស.វ.ទី៧ តែអាចមានជួសជុលនិងសាងបន្ថែមខ្លះក្នុងស.វ.ទី១០ រវាងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ដល់ព្រះបាទជ័យវរ្ម័នទី៥។ ចំពោះ ទីតាំងប្រាសាទទីប្រាំ (ង) វិញ ស្ថិតនៅខាងលិច​ទីតាំងប្រាសាទទីបួន ហើយជាតួប៉មប្រាសាទដែលសាងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ តែសព្វថ្ងៃបាន​បាក់បែកអស់នៅសល់តែបំណែកឥដ្ឋរាយប៉ាយតែប៉ុណ្ណោះ។

ក្រៅពីក្រុមប្រាសាទទាំងប្រាំដែលបានរៀបរាប់ខាងលើ នៅទីនេះធ្លាប់មានវត្ថុសិល្បៈមួយ​ចំនួនដូចជា លិង្គឥសូរមួយ បំណែករូបចម្លាក់គោនន្ទិ​ បដិមាព្រះគណេស រូបដងខ្លួនទេពប្រុស ​រូប​បដិមាភេទស្រីមានព្រះហស្ថប្រាំមួយ តែបាក់កែងដៃមួយនិងផ្នួងសក់ចងទៅលើ[4]។ ប៉ុន្តែ វត្ថុ​ទាំងនេះពុំមាននៅសល់ទៀតទេ។ នៅលើភ្នំបារៀង ក៏មានសេសសល់រចនាសម្ព័ន្ធ​ជណ្តើរបុរាណឡើងភ្នំផងដែរ តែសព្វថ្ងៃគេបានប្រើប្រាស់បេតុងបិតពីលើជណ្តើរចាស់។ នៅច្រកចូលខាងជើង មានស្រះ​ទឹក​ធំពីរ។ ជាងនេះទៅទៀត នៅទីតាំងប្រាសាទទីបី (គ) យើងឃើញមានក្រឡភាជន៍ជាច្រើនដែលគេដាក់ឆ្អឹងនៅខាងក្នុងកប់តាមជម្រាលភ្នំ ដែលសុទ្ធសឹងជាភាជន៍នាំចូល​ពី​ប្រទេសចិន និងជប៉ុននៅស.វ.ទី១៦-១៨។ នៅលើក្រឡភាជន៍​មានចារឹកអក្សរចិនបុរាណ និងជប៉ុន ដែលមានន័យថា “អាយុ – សូម​សំណងល្អ” (រូបលេខ៨) ការកប់ឆ្អឹងបែបនេះ ដោយហេតុថា គេជឿថា ភ្នំ​បារៀង គឺជាទីស្ថានសក្ការបូជាដ៏ស័ក្តិសិទ្ធិតាំងពីសម័យមុន​អង្គរ បន្តរហូតដល់សម័យអង្គរ និងសម័យ     កណ្តាល។

 




ជារួមមក ភ្នំបារៀង គឺជាទីតាំងទីសក្ការបូជាផ្នែកព្រហ្មញ្ញសាសនាតាំងពីស.វ.ទី៧ ដែលមានប្រាសាទធ្វើអំពីឥដ្ឋជាតឹកតាងស្រាប់ និងមានសាងបន្ថែមនៅស.វ.ទី១០ ហើយបន្តប្រណិប័ត​ន៍ជំនឿរហូតមកទល់សព្វថ្ងៃ។ លក្ខណៈពិសេសមួយនៃបុរាណដ្ឋានភ្នំបារៀងដែលយើងគួរលើក​យកមកពិចារណានោះគឺ ក្រុមប្រាសាទភ្នំបារៀង គឺជាទីតាំងតែមួយគត់នៅកម្ពុជាដែលមានប្រាសាទធ្វើអំពីឥដ្ឋនៅស.វ.ទី៧ សាងជាថ្នាក់ៗរៀងគ្នាតាំងពីចង្កេះភ្នំដល់លើកំពូលភ្នំ ចំនួន ៥ ទីតាំង ដែលសរុបជាតួប៉មមានរហូតដល់ទៅ ១១។ ការសាងសង់ប្រាសាទរបៀបនេះ ជាគំនិតមានលក្ខណៈ​មូលដ្ឋានប្រហាក់ប្រហែលនឹងការសាងប្រាសាទពីរ៉ាមីតនៅចុងសម័យមុនអង្គរ និងអង្គរ​ដែរ។

 

ឯកសារយោង

ជន ច័ន្ទណារ័ត្ន

២០១៨, ការវិវត្តទ្រនាប់ជណ្តើរនៅក្នុងសិល្បៈខ្មែរ, ភ្នំពេញ

ម៉ែន វីរៈ

២០១៤, ក្រុមប្រាសាទភ្នំបារៀង, ភ្នំពេញ

សាន រីណា

២០១៣, បច្ចេកទេសតម្រៀបឥដ្ឋនៅសំបូរព្រៃគុក, ភ្នំពេញ

ពុទ្ធសាសនបណ្ឌិត្យ

១៩៦៧, វចនានុក្រមខ្មែរ, ភ្នំពេញ

Aymonier, Etienne

1900, “Le Cambodge”, Tome I, Le royume actuel, Paris.

Lunet De Lajonquière

1902, Inventaire descriptive des monuments du Cambodge, Tome I, Paris

Michael Tranet

1998, Sambor Prei Kuk, Monuments d’Isanavarman (615-628) et ses environs, 3Vol, Phnom Penh

Parmentier, Henri

1935, Complément à l’inventaire descriptive des monuments du Cambodge, BEFEO, 35, Paris

[1] Lajonquière 1902: 220-222.

[2] ​សាន រីណា ២០១៣។

[3] ​ជន ច័ន្ទណារ័ត្ន ២០១៨:  ១៥-២១។

[4] Lajonquière 1902: 222.

[1] ​ម៉ែន វីរៈ ២០១៤:  ៨។

[2] ​ពុទ្ធសាសនបណ្ឌិត្យ ១៩៦៧:  ១០៦៣។

[3] Aymonier 1900: 374.

[4] Lajonquière 1902: 220-222.

[5] Parmentier 1935: 76-77.

[6] Tranet 1998: 31-38.

Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province