DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ច្រត់ព្រះនង្គ័លនៅសំបូរព្រៃគុក

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
November 6, 2025
in ច្រត់ព្រះនង្គ័ល
0
ច្រត់ព្រះនង្គ័លនៅសំបូរព្រៃគុក

រូបលេខ២០៖ ដូនចាស់លាបរំអិលថ្មនៅលើថ្ងាសចៅ

ដោយ៖ ម៉ង់ វ៉ាលី, អាន រស្មី, ស្រី សមប៊ុនណារ៉ុង

គាំទ្រដោយ៖ UNESCO Participant Programme 2024-2025

 

តាមទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាលមក នៅដើមដំបូងនៃការបើករដូវធ្វើស្រែចំការ តែងតែមានប្រារព្ធពិធីមួយជាទៀតទាត់ដែលគេស្គាល់ថា “ច្រត់ព្រះនង្គ័ល”។ ជាទូទៅ គេច្រើនតែស្គាល់ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលរៀបចំឡើងជាថ្នាក់ជាតិ ដែលប្រារព្ធនៅវាលមេរុ ក្បែរព្រះបរមរាជវាំង នៅឯរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តផ្សេងៗ (សូមមើល ចាប ពិន ១៩៦០)។ ដោយឡែក យ៉ាងហោចណាស់ មានភូមិចំនួនពីរនៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលនៅរក្សាប្រពៃណីច្រត់ព្រះនង្គ័លមកទល់សព្វថ្ងៃ គឺភូមិសំបូរ និងភូមិចំណារ   ចាស់។ ជាក់ស្តែង ពិធីនេះឥតមាននង្គ័ល ឬគោ សម្រាប់ភ្ជួររាស់ដីដូចព្រះរាជពិធីច្រត់ព្រះនង្គ័លនៅថ្នាក់ជាតិឡើយ (សូមមើល ហួន សាវង ២០២២)។ គេប្រារព្ធពិធីនេះឡើង​ដើម្បីសុំពរជ័យមង្គលពីអ្នកតាចាស់ស្រុក ដើម្បីបើករដូវធ្វើស្រែចំការឱ្យមានទឹកភ្លៀងសម្បូណ៌ហូរហៀរ សុំសេចក្តីសុខសប្បាយ និងចៀសឆ្ងាយពីរន្ទះបាញ់ (បាញ់ផ្ទះ មនុស្ស សត្វ)។

 

ទីកន្លែងប្រារព្ធពិធីទៀតសោត ក៏ពុំអាចឃ្លាតចាកឆ្ងាយពីខាងមុខខ្ទមអ្នកតាបានឡើយ ពោល គឺដូចពិធីឡើងអ្នកតាដែលបានរៀបរាប់ខាងលើដូច្នោះដែរ។ ការជ្រើសរើសយកខ្ទមអ្នកតាជាកន្លែងប្រារព្ធពិធី មកពីមុខងារ និងតួនាទីរបស់អ្នកតាជាប់ពាក់ព័ន្ធជាមួយរឿងស្រែ។ ដ្បិត អ្នកតាជាទីប្រជុំភោគផល និងជាលំនឹងភោគផលកសិកម្ម។ ថាមពលដែលផ្តុំនៅអ្នកតានោះ មិនអាច​សាយភាយដោយខ្លួនឯងបានឡើយ ដរាបណាគ្មានមនុស្សទៅធ្វើអន្តរាគមន៍។ ម្ល៉ោះហើយ ទើបបានមនុស្សទៅធ្វើកិច្ចនៅទីនោះ ពោល គឺមានន័យថា អ្នកតាជាអ្នកធានារឿងភោគផល រីឯមនុស្សជាអ្នកទាញថាមពលពីអ្នកតា។ ការទាញនេះទៀតសោត គេត្រូវមានកិច្ចមួយក្នុងគោលបំណងឱ្យថាមពលអ្នកតាអាចសាយភាយពាសពេញស្រែអ្នកស្រុក ដើម្បីទទួលបាន​មកវិញនូវភោគផលស្រូវពេញបរិបូណ៌។

 

ចំពោះ ពេលវេលានៃការប្រារព្ធពិធីច្រត់ព្រះនង្គ័លនៅភូមិទាំងពីរ គេច្រើនជ្រើសរើសយកថ្ងៃខ្នើតនៃខែពិសាខ (មុនព្រះរាជពិធីច្រត់ព្រះនង្គ័លនៅថ្នាក់ជាតិ)។ ជាពិសេស គឺមិនខុសពីពិធីឡើងអ្នកតាដែរ គេច្រើនប្រារព្ធធ្វើច្រត់ព្រះនង្គ័លនៅថ្ងៃអង្គារ និងថ្ងៃសៅរ៍។ ដ្បិត គេជឿថា ថ្ងៃអង្គារ ជាថ្ងៃរឹងដែលពពួកអមនុស្សមានសិទ្ធិចេញក្រៅ រីឯថ្ងៃសៅរ៍ពេលរសៀល គឺជាពេលដែលពពួកអមនុស្សអាចទទួលសំណែនរបស់មនុស្សបានពេញ លេញ។ ទោះបីភូមិសំបូរ និងភូមិចំណារចាស់ សុទ្ធសឹងស្ថិតនៅក្បែរតំបន់ប្រាសាទសំបូរព្រៃគុក និងមានប្រារព្ធកិច្ចច្រត់ព្រះនង្គ័លក្នុងគំនិតនិងគោលបំណងដូចគ្នាយ៉ាងណាក៏ដោយ​ ប៉ុន្តែរបៀបនិងដំណើរនៃកិច្ចរវាងភូមិទាំងពីរពុំដូចគ្នានោះឡើយ។ ខាងក្រោមនេះ យើងនឹងលម្អិតអំពីកិច្ចក្នុងពិធីច្រត់ព្រះនង្គ័លនៅភូមិទាំងពីរ។

 

១. ភូមិសំបូរ

 

ជាទំនៀមរៀងមក ពិធីច្រត់ព្រះនង្គ័លនៅភូមិសំបូរ​ គេតែងប្រារព្ធធ្វើនៅដើមខែពិសាខ។ គេច្រើនជ្រើសរើសឱ្យចំថ្ងៃអង្គារ និងថ្ងៃសៅរ៍​ តែក៏មានឆ្នាំខ្លះក៏ប្រារព្ធធ្វើខុសពីថ្ងៃទាំងពីរនេះដែរ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៥ គេប្រារព្ធធ្វើពិធីនេះនៅថ្ងៃចន្ទ ត្រូវនឹងថ្ងៃ៩កើត ដែលជាពេលចាប់ផ្តើមមានភ្លៀងធ្លាក់ ហើយស្រែខ្លះក៏បានព្រោះ និងរីកលូតលាស់ខៀវស្រងាត់ទៅហើយដែរ។ ពិធីនេះប្រារព្ធធ្វើនៅខ្ទមអ្នកតាទ្វារ ដែលស្ថិតនៅត្រង់កណ្តាលភូមិ ហើយបន្តទៅដល់វាលស្រែនៅខាងត្បូងខ្ទមអ្នកតា។ ជាងនេះទៅទៀត មានកិច្ចពិសេសមួយហៅថា “ដុសរំអិលថ្ម” គេទៅធ្វើខាងមុខខ្ទមអ្នកតាព្រៃធំឬហៅថាលោកតាព្រៃគុក ស្ថិតនៅច្រកចូលខាងកើតក្រុមប្រាសាទសំបូរ។

 

ពិធីនេះ ឥតមានចាប់ផ្តើមដំបូងនៅផ្ទះរូបស្នងដូចពិធីឡើងអ្នកតានោះទេ ពោលគឺម៉ោងប្រមាណ ២:០០ រសៀល អ្នកស្រុកទៅជួបជុំគ្នានៅខ្ទមអ្នកតាទ្វារតែម្តង។ ជាងនេះទៅទៀត ពិធីច្រត់ព្រះនង្គ័លក៏ឥតមានរូបស្នង វង់ភ្លេង ឬការរាំបញ្ជាន់រូបអ្វីដែរ។ គួរកត់សម្គាល់ជាពិសេស អ្នកចូលរួមភាគច្រើន ជាស្រ្តីវ័យកណ្តាល និងកុមារ។ រីឯមនុស្សប្រុសវ័យកណ្តាល ពុំសូវមានអ្នកចូលរួមច្រើននោះឡើយ។ អ្វីដែលសង្កេតឃើញរួមគ្នានោះ អ្នកចូលរួមតំណាងឱ្យគ្រួសារនីមួយៗសុទ្ធសឹងកាន់ភ្ជាប់មកជាមួយនូវរណ្តាប់មួយចាំបាច់ ដែលគេហៅថា “បាយស្រូវ” ឬខ្លះហៅមួយបែបទៀតថា “ព្រលឹងស្រូវ” ដូចដែលអ្វីដែលបានបង្ហាញនៅក្នុងពិធីឡើងអ្នកតានៅភូមិវាលវែង ភូមិកូនក្អែក និងភូមិអណ្តាស ដែលជាទំនៀមទម្លាប់របស់ជនជាតិកួយ។ ប៉ុន្តែ រណ្តាប់បាយស្រូវនេះមិនដូចគ្នាទាំងស្រុងដូចអ្វីដែលយើងបានឃើញនៅក្នុងពិធីឡើងអ្នកតារបស់ជនជាតិកួយឡើយ។ ពោល គឺរណ្តាប់បាយស្រូវនេះគេដាក់នៅក្នុងផ្តិលមួយរុំកន្សែង ដែលក្នុងនោះមាននំនាលិមួយ និងឫស្សីបិតស្តើងដោតលាជស្រូវ ហៅថា “កួរស្រូវ” ឬ “ផ្កាស្រូវ” ដោតជាប់ពីលើនំនាលិ (រូបលេខ១)។

 

រូបលេខ១៖ បាយស្រូវ ឬផ្កាស្រូវ ដែលយកមកចូលរួមពិធីច្រត់ព្រះនង្គ័ល

 

គេធ្វើកួរស្រូវនេះឱ្យទន់កោង ប្រដូចទៅនឹងស្រូវដាក់ផ្លែកួរល្អ ឬមិនស្កក ដែលជាក្តីរំពឹងភោគផលស្រូវនៅឆ្នាំខាងមុខ។ នំនាលិនៅពេលនេះប្រៀបបានទៅនឹងដីស្រែដែលជាប្រភពនៃភោគផលកសិកម្ម ហើយលាជស្រូវរាងកោងដែលគេដោតពីលើនំនាលិនោះ គឺប្រៀបបានទៅនឹងស្រូវដែលកំពុងឱនដាក់គ្រាប់ដូច្នោះដែរ។ គំនិតនេះ ហាក់ដូចជាពុំមានអ្វីខុសគ្នាបន្តិចឡើយពីសិវលិង្គ និងទម្រយោនីនៃព្រហ្មញ្ញសាសនា ពោល គឺគំនិតតែមួយ គ្រាន់តែបរិបទជំនឿផ្សេងគ្នា (មួយជំនឿជីវចល និងមួយទៀតជាជំនឿព្រហ្មញ្ញសាសនា)។ រណ្តាប់បាយស្រូវ ឬផ្កាស្រូវ ឬហៅថាព្រលឹងស្រូវទាំងអម្បាលម៉ាននេះ គេយកទៅតម្រៀបជុំគ្នានៅក្នុងខ្ទមអ្នកតាទ្វារ ក្នុងគោលបំណងដើម្បីស្រូបថាមពល និងអំណាចពីអ្នកតា ឬថាមពលនៃអ្នកតាត្រូវផ្ទេរមកស្រូវពូជ ដើម្បីឱ្យពូជស្រូវទាំងនេះប្រកបដោយថាមពលពេញលេញ និងអាចបង្កភោគផលបានបរិបូណ៌សម្រាប់រដូវធ្វើស្រែថ្មី (រូបលេខ២)។

 

រូបលេខ២៖ បាយស្រូវ ឬផ្កាស្រូវតម្រៀបនៅក្នុងខ្ទមអ្នកតាទ្វារ

 

ក្រៅអំពីបាយស្រូវ អ្នកស្រុកបានកាច់មែកឈើព្រៃមួយប្រភេទដែលមានឈ្មោះថា​ “សណ្តែកព្រៃ” ហើយគេសន្មតថាជា “ដើមព្រះភូមិ” (រូបលេខ៣)។ ដើមសណ្តែកព្រៃ ឬដើមព្រះភូមិនេះទៀតសោត គេត្រូវយកមកចំនួន១គូ ហើយជាទូទៅគេត្រូវយកទៅដោតរានជុំវិញខ្ទមអ្នកតាទ្វារ ដោយសន្មតថា “កំពុងដាំដើមព្រះភូមិ” (រូបលេខ៤)។ ហេតុអ្វីគេមិនសន្មតដើមសណ្តែកព្រៃនេះជាដើមស្រូវ តែបែរជាសន្មតថាជាដើមព្រះភូមិទៅវិញ? ហើយហេតុអ្វីអ្នកតាជាប់ពាក់ព័ន្ធជាមួយដើមព្រះភូមិទៅវិញ? ជាដំបូងយើងត្រូវយល់ថា អ្វីទៅជាព្រះភូមិជាមុនសិន។ ព្រះភូមិ មានន័យថា ដីដែលទ្រទ្រង់យើង និងជាអមនុស្សនៃដីផង ហើយព្រះភូមិត្រូវមានព្រំដែនដែលកំណត់ជាក់លាក់។ រីឯ ដើមសណ្តែកព្រៃ ឬដើមព្រះភូមិនេះហាក់ដូចជាគ្រឿងកំណត់ព្រំ​ដែនរវាងស្រុក និងព្រៃ ឬជាការបង្រួមស្រុកព្រោះដើមនេះគេយកទៅដោតរានជុំវិញខ្ទមអ្នកតាទ្វារ (ម៉ៅ សិទ្ធិប៊ុណ្ណាវឌ្ឍន៍ ២០១៥:១១៩)។ ដូចដែលគេដឹងថា បរិវេណជុំវិញខ្ទមអ្នកតា មានបែងចែកព្រំដែនច្បាស់លាស់រវាងស្រុក និងព្រៃ។ ពោល គឺនៅត្រង់ខ្ទមនិងខាងមុខខ្ទមអ្នកតាជាព្រំដែនស្រុក និងកន្លែងដាក់សំណែនបញ្ជូន (មាន់ឆ្កាង ពែ សង្ឃឹក) នៅទិសអាគ្នេយ៍ខ្ទម ជាព្រំដែនព្រៃដែលជាកន្លែងពពួកអមនុស្សតិរិច្ឆានរស់នៅ។ ម្ល៉ោះហើយ ទើបគេហៅដើមសណ្តែកព្រៃនោះថា “ដើមព្រះភូមិ” ដែលជាគ្រឿងសម្គាល់សម្រាប់កំណត់ព្រំដែនស្រុក និងព្រៃ។

 

រូបលេខ៣៖ ដើមព្រះភូមិដែលអ្នកស្រុកកាន់មកចូលរួមពិធី
រូបលេខ៤៖ ដើមព្រះភូមិដែលដោតរានជុំវិញខ្ទមអ្នកតាទ្វារ

 

ក្រៅអំពីរណ្តាប់ទាំងពីរមុខសំខាន់ៗដែលរៀបរាប់ខាងលើ នៅប៉ែកអាគ្នេយ៍ខ្ទមអ្នកតាទ្វារ ក៏មានរៀបចំ   រណ្តាប់បញ្ជូនដល់ពពួកខ្មោចព្រៃដូចពិធីឡើងអ្នកតាដែរ។ ពោល គឺសំណែននាំមុខដោយមាន់ឆ្កាងមួយគូ និងរបស់របរដែលធ្វើអំពីស្រទបចេក រួមមាន ខ្នោះឃ្នៀង រទេះគោ សេះ ដំរី ពែ សង្ឃឹក សាលា ដែលផ្ទុកដោយសំណែនជាច្រើនមុខ សុទ្ធសឹងជាអាហារដែលមនុស្សអាចទទួលទានបាន (រូបលេខ៥)។ លំដាប់លំដោយនៃពិធីច្រត់ព្រះនង្គ័លភូមិសំបូរ យើងអាចបែងចែកជា ៥ ដំណាក់កាលសំខាន់ៗ​ រួមមាន កិច្ចសែនព្រេន កិច្ចបញ្ជូន កិច្ចដោតដើមព្រះភូមិក្នុងស្រែ កិច្ចដុសរំអិលថ្ម និងកិច្ចដោតដើមព្រះភូមិចងផ្អោបជាមួយបាយស្រូវក្នុងច្រមសសរកន្លោងផ្ទះ។

 

រូបលេខ៥៖ រណ្តាប់បញ្ជូន (ពែ) នៅប៉ែកអាគ្នេយ៍ខ្ទមអ្នកតាទ្វារ

 

១.១. កិច្ចសែនព្រេន

 

កិច្ចនេះចាប់ផ្តើមឡើង បន្ទាប់ពីអ្នកស្រុកមកជួបជុំគ្នានៅកន្លែងពិធីសមល្មមហើយ។ ក្នុងនោះ អ្នកដែលទទួលរ៉ាប់រង និងដឹកនាំកិច្ចសែនព្រេននេះ ជាមនុស្សប្រុសចំណាស់ចំនួន៤នាក់ ដែលគេតែងហៅថា “ចៅមឿង” ដូចពិធីឡើងអ្នកតាដែរ។ ខុសគ្នាត្រង់ថា នៅលើខ្ទមអ្នកតានៅក្នុងពិធីច្រត់ព្រះនង្គ័ល គឺពេញទៅដោយរណ្តាប់បាយស្រូវដែលអ្នកស្រុកយកមកដាក់។ របៀបនៃកិច្ចសែនព្រេនក៏មិនខុសគ្នាដែរ ពោល គឺត្រូវមានអ្នកច្រូចស្រា ច្រូចទឹក និងមានសំណែនផ្សេងៗ។ សំណែនសម្រាប់អ្នកតានៅក្នុងពិធីច្រត់ព្រះនង្គ័ល មិនបរិបូណ៌ហូរហៀរដូចពិធីឡើងអ្នកតាដែលមានស្វា និងឆាមីសួសាច់អណ្តើកឡើយ។ គេគ្រាន់តែសែនម្ហូបអាហារ បង្អែម និងចង្អាបតិចតួចប៉ុណ្ណោះ។

បន្ទាប់ពីរៀបចំសំណែន និងអុជធូបទៀនចប់​សព្វគ្រប់ហើយ ចៅមឿងដែលមានគ្នាបួននាក់ ចាប់ផ្តើមចូលទៅក្នុងខ្ទមលោកតាទ្វារ។ ពេលនោះមានម្ខាងច្រូចស្រា និងម្ខាងទៀតច្រូចទឹកលើសំណែន និងថ្មអ្នកតា ដោយភ្ជាប់ជាមួយពាក្យអញ្ជើញ និងបួងសួងថា៖

“សូមអញ្ជើញលោកតាចាស់ស្រុកបន្ទុកភូមិ លោកតាដែលនៅថែរក្សាព្រៃព្រឹក្សាទាំងឡាយ ជាពិសេស គឺលោកតាទ្វារដែលនៅកណ្តាលភូមិ លោកតាព្រៃធំទាំង ១២១ ក៏សូមអស់លោកនៅទីណាកន្លែងណា កូនចៅរៀបរាប់ជូនមិនអស់ទេ។ ហេមន្តសន្តិរដូវ ខែពិសាខ ច្រត់ព្រះនង្គ័ល អស់លោកតាអើយ ក៏សូមអញ្ជើញមកទីនេះដើម្បីទទួលនូវសំណែនដែលកូនចៅបានសែនជូន។ សូមលោកតាជួយឱ្យកូនចៅជួបតែសេចក្តីចម្រើន សូមឱ្យកូនចៅជួបតែសុខ កុំឱ្យមានទុក្ខ ហើយម្យ៉ាងទៀតសូមជួយបង្អុរព្រះពិរុណឱ្យច្រើន ដើម្បីឱ្យកូនចៅបានធ្វើស្រែធ្វើចម្ការ ឱ្យបានលូតលាស់ ដុះដាល កើតកាលវាលគុម្ព សូមអញ្ជើញមកសេពសោយ………!”

អញ្ជើញដូចខាងលើហើយ គេសម្រាកចំនួនមួយនាទី ហើយចាប់ផ្តើមច្រូចស្រា ច្រូចទឹក និងរៀបរាប់អញ្ជើញដូចខាងលើឱ្យបានគ្រប់បីដង​  (រូបលេខ៦)។

រូបលេខ៦៖ កិច្ចសែនព្រេននៅក្នុងខ្ទមអ្នកតាទ្វារ

 

 

១.២. កិច្ចបញ្ជូន

 

បន្ទាប់ពីធ្វើកិច្ចសែនព្រេនរួចរាល់មួយសន្ទុះក្រោយមក កិច្ចបញ្ជូនក៏ចាប់ផ្តើមឡើង។ កិច្ចបញ្ជូននេះធ្វើឡើងក្នុងគោលបំណងដើម្បីបណ្តេញពពួកខ្មោចព្រៃតិរិច្ឆាន ចេញពីភូមិស្រុកដូចពិធីឡើងអ្នកតាដែរ។ អ្វីគួរកត់សម្គាល់ ការបញ្ជូននេះមិនមានប្រគុំវង់ភ្លេងអារក្សអ្វីឡើយ ដោយមានតែចៅមឿងម្នាក់ជាអ្នកដឹកនាំរៀបចំជាការស្រេច។ វត្ថុបញ្ជូនទាំងនេះ ធ្វើពីធាងនិងស្រទបចេកជារូបរទេះគោក្របី សេះ ដំរី ជើងត្រុំ ពែបួនជ្រុង សាលា ដែលពេលបញ្ជូនគេមានដាក់សំណែនបាយម្ហូបអាហារនៅលើវត្ថុទាំងនេះ និងនាំមុខដោយមាន់ឆ្កាងមួយគូ (រូបលេខ៧)។ គេដង្ហែក្បួនទៅទិសខាងត្បូងខ្ទមលោកតាទ្វារ​ ហើយដាក់វត្ថុទាំងនោះនៅត្រង់ភ្លឺស្រែបំបែកជាបួន (រូបលេខ៨-៩)។ ដូចបានជម្រាបជូនខាងលើរួចមកហើយថា ការដង្ហែរណ្តាប់បញ្ជូនទៅចោលនៅទិសខាងត្បូងនេះ ទំនងមកពីគេសន្មតថា “ទីស្រែ” ជាព្រៃដែលស្ថិតនៅក្រៅព្រំដែនស្រុក ដែលជាតំបន់ដែលពពួកអមនុស្សតិរិច្ឆានរស់នៅ។ រីឯកន្លែងប្រារព្ធពិធីនៅឯខ្ទមអ្នកតាទ្វារ ទំនងគេសន្មតថាជា “ទីស្រុក” ដែលជាស្ថានមនុស្សរស់នៅ។ ចំណែកឯការដាក់រណ្តាប់បញ្ជូននៅត្រង់ភ្លឺស្រែបំបែកជាបួនវិញ ទំនងមកពីមនុស្សចង់ឱ្យពពួកខ្មោចព្រៃ  តិរិច្ឆានទាំងនោះវង្វេងរកផ្លូវមកទីដើមវិញពុំកើត (សូមមើល អាំង ជូលាន ២០១២-២០១៣: ៣២-៣៦)។

រូបលេខ៧៖ ក្បួនដង្ហែរណ្តាប់បញ្ជូនទៅកាន់ទីស្រែខាងត្បូង
រូបលេខ៨៖ រណ្តាប់បញ្ជូនដាក់នៅទីស្រែខាងត្បូង
រូបលេខ៩៖ មាន់ឆ្កាង និងពែដាក់នៅទីស្រែខាងត្បូង

 

១.៣. ដោតដើមព្រះភូមិក្នុងស្រែ

 

ក្នុងពេលដំណាលគ្នានៃការដង្ហែវត្ថុបញ្ជូន អ្នកចូលរួមទាំងអស់ ក៏បានប្រមូលបាយស្រូវ និងដើមព្រះភូមិដែលគេបានដាក់នៅខ្ទមអ្នកតា និងដោតរាននៅជុំវិញខ្ទមអ្នកតា កាន់ដង្ហែមកតាមពីក្រោយក្បួនដង្ហែដែរ (រូបលេខ១០)។ ក្នុងនោះ អ្នកដែលមានដីស្រែនៅជិតៗនោះ​ គេត្រូវដកដើមសណ្តែកព្រៃ ឬដើមព្រះភូមិមួយដើម (ក្នុងចំណោមមួយគូ) យកទៅដោតនៅមុខផ្លូវទឹកហូរចូលស្រែរៀងៗខ្លួន (រូបលេខ១១-១២)។ ការដោតនេះទៀតសោត គឺក្នុងបំណងសូមឱ្យដើមព្រះភូមិដែលផ្ទុកទៅដោយថាមពលដែលទទួលបានពីអ្នកតា សាយភាយថាមពលទៅពាសពេញស្រែ ដើម្បីឱ្យស្រូវនៅក្នុងស្រែរីកលូតលាស់កើតកាលវាលគុម្ពបានល្អ។ ដ្បិត ទឹកដែលហូរចូលស្រែនោះនឹងទទួលបានការបន្សុទ្ធដោយថាមពលអ្នកតាហូរចូលទៅស្រោចស្រពស្រូវ។

 

រូបលេខ១០៖ បាយស្រូវ និងដើមព្រះភូមិដង្ហែមកកាន់ទីស្រែ
រូបលេខ១១៖ ដោតដើមព្រះភូមិនៅមុខផ្លូវទឹកចូលស្រែ
រូបលេខ១២៖ ដើមព្រះភូមិដែលដោតមុខផ្លូវទឹកចូលស្រែ

 

១.៤. ដុសរំអិលថ្ម

 

កិច្ចនេះនៅមិនទាន់ចប់សព្វគ្រប់នៅឡើយទេ ពោល គឺអ្នកស្រុកទាំងក្មេងទាំងចាស់ត្រូវអង្គុយប្រមូលផ្តុំគ្នានៅវាលស្រែឯត្បូងភូមិដដែល ដើម្បីរង់ចាំទទួលរំអិលថ្មដែលគេយកមកពីខ្ទមអ្នកតាព្រៃធំ (អ្នកតាព្រៃគុក) ដែលស្ថិតនៅច្រកចូលខាងកើតនៃក្រុមប្រាសាទសំបូរ។ នៅក្នុងអំឡុងពេលដែលអ្នកស្រុកកំពុងប្រារព្ធពិធីនៅខ្ទមអ្នកតាទ្វារ (ត្រង់កណ្តាលភូមិ) នៅខ្ទមអ្នកតាចាស់ស្រុក (លោកតាព្រៃធំ) នៅសំបូរព្រៃគុកឯណោះ មានកិច្ចមួយទៀតដែលគេហៅថា “កិច្ចដុសរំអិលថ្ម”។

មុនធ្វើកិច្ចដុសរំអិលថ្ម គេត្រូវរៀបចំសែនព្រេនក្នុងខ្ទមអ្នកតាព្រៃធំដូចនៅខ្ទមអ្នកតាទ្វារដែរ (រូបលេខ១៣)។ ការដុសយករំអិលថ្មនេះ ធ្វើឡើងដោយមនុស្សប្រុសមួយក្រុមនៅខាងមុខជណ្តើរបុរាណក្នុងក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) កៀកជាប់នឹងខ្ទមអ្នកតាតែម្តង។ ការដុសនេះទៀតសោត គេមិនដឹងកើតមានតាំងពីពេលណានោះឡើយ។ ប៉ុន្តែ វាអាចកើតមានច្រើនសតវត្សរ៍មកហើយ ទើបថ្មជណ្តើរជាច្រើននៅក្រុមប្រាសាទសំបូរដែលកសាងឡើងតាំងពីស.វ.ទី៧ ក្លាយទៅជាក្រហូងធំៗអស់ទៅហើយ។ ជាដំបូង គេត្រូវកាយដីរកថ្មជណ្តើរប្រាសាទដែលគេធ្លាប់ដុសកាលពីឆ្នាំមុនៗ ព្រោះរាល់ពេលដែលដុសរំអិលរួចម្តងៗ គេត្រូវលុបដីកប់ថ្មជណ្តើរនោះ   វិញ។ បន្ទាប់ពីកាយដីរកឃើញថ្មជណ្តើរដែលត្រូវដុសហើយ គេត្រូវចាក់ទឹកនៅលើផ្ទាំងថ្មជណ្តើរឱ្យផ្សើម ដើម្បីងាយស្រួលដុស។ បន្ទាប់មក គេយកឥដ្ឋប្រាសាទដែលមាននៅជុំវិញខ្ទមអ្នកតា មកដុសជាមួយថ្មជណ្តើរបង្កើតបានជា “រំអិលថ្ម” ឬហៅថា ”កំអែលថ្ម” ដែលមានពណ៌ទឹកក្រូចដូចទៅនឹងពណ៌ឥដ្ឋដែរ (រូបលេខ១៤)។ ជាទំនៀមរៀងមក ក្នុងពេលដុសរំអិលថ្ម គេមានត្រណមថា អ្នកដុសរំអិលថ្មទាំងអស់មិនអាចនិយាយស្តីទៅកាន់អ្នកខាងក្រៅណាម្នាក់បានឡើយ លើកលែងតែអ្នកកំពុងដុសរំអិលថ្មជាមួយគ្នា។ លុះដុសបានរំអិលថ្មសមល្មមហើយ គេនាំគ្នាទៅបេះស្លឹកវល្លិមួយប្រភេទដែលមានដុះនៅ ជុំវិញខ្ទមអ្នកតាស្រាប់មកផ្តិតខ្ចប់រំអិលថ្ម។ យើងមិនស្គាល់ថាស្លឹកវល្លិនោះឈ្មោះអ្វីឱ្យប្រាកដនោះឡើយ ប៉ុន្តែអ្នកស្រុកហៅជាក្រៀមភាសាថា “ស្លឹកជុំ” ឬ “អាជុំ” (រូបលេខ១៥-១៦)។

អំឡុងពេលដែលក្រុមចៅមឿងកំពុងដុសយករំអិលថ្មឯខ្ទមអ្នកតាព្រៃធំ អ្នកស្រុកដែលជុំគ្នានៅខ្ទមអ្នកតាទ្វារបាននាំគ្នាចេញពីខ្ទមអ្នកតា មកអង្គុយត្រៀបត្រាជុំគ្នាក្រោមម្លប់ដើមធ្លកក្បែរវាលស្រែ ដើម្បីរង់ចាំក្រុមអ្នកដុសរំអិលថ្មដែលដង្ហែមកពីខ្ទមអ្នកតាព្រៃធំ (ប្រាសាទសំបូរព្រៃគុក) (រូបលេខ១៧)។ លុះពេលដែលក្រុមអ្នកដុសរំអិលថ្ម ចេញពីប្រាសាទសំបូរព្រៃគុក ដង្ហែគ្នាដើរកាត់តាមវាលស្រែមកដល់កៀកហើយ រំពេចនោះអ្នកអង្គុយរង់ចាំក៏ក្រោកឈរឡើង ដើរតម្រង់ទៅជួបក្រុមអ្នកដុសរំអិលថ្ម។ ក្នុងគ្រានោះ មានបុរសម្នាក់តំណាងអ្នកស្រុកធ្វើជាស្រែកចោទសួរឆ្លងឆ្លើយគ្នាដូចខាងក្រោម (រូបលេខ១៨)៖

 

អ្នកតំណាង៖             ពួកអស់លោកមកពីណា? មានការអ្វី?

ក្រុមអ្នកដុសរំអិលថ្ម៖    ពួកយើងមកពីនគរពារាណសីស្រីគ្រប់លក្ខណ៍នាំមាសប្រាក់មកចូលភូមិសំបូរ។

អ្នកតំណាង៖              ពួកអស់លោកមានទ្រព្យសម្បត្តិស្តុកស្តម នេះអស់លោកជាចោរលួចប្លន់ទ្រព្យសម្បត្តិគេមកពីណាទេដឹង មកចូលភូមិស្រុកខ្ញុំ? ពួកខ្ញុំខ្លាចក្រែងអស់លោកមកមិនល្អ។ តើអស់លោកមានភស្តុតាងច្បាស់លាស់អត់?

ក្រុមអ្នកដុសរំអិលថ្ម៖    ទេ មិនមែនទេ! ពួកខ្ញុំមកក្នុងបំណងល្អទេ។ ខ្ញុំពិតជាយកមាសប្រាក់ មកសុំ

ចូលនៅស្រុកភូមិអ្នកឯងផង នាំក្តីសុខចម្រើនដល់ភូមិស្រុកអ្នកឯងផង។

អ្នកតំណាង៖              ចុះព្រះនាមលោកឈ្មោះអ្វីទៅ?

ក្រុមអ្នកដុសរំអិលថ្ម៖    ឈ្មោះតាសុខ យាយជា!

អ្នកតំណាង៖              តាសុខ​យាយជា នាំមាសប៉ុនគល់ក្រាក់ បាននាំប្រាក់ប៉ុនគល់អំពិល ននៀលពី

ម្សិលទើបមកដល់ថ្ងៃនេះឯង ហើយអត់មានលួចប្លន់គេទេ។ តាសុខយាយជានាំមកឱ្យកូនស្រុកកូនភូមិបានជាស្រណុកសុខសប្បាយ សូម្បីតែភ្លៀងផ្គររន្ទះកក្រើកប្រឹថពីយ៉ាងណា ក៏នៅតែបានសេចក្តីសុខរហូត ហើយអត់មានឈឺដល់កូនស្រុកទេ។ បើអស់លោកមកមានច្បាប់ទម្លាប់ត្រឹមត្រូវ យើងសូមមាសលោកមួយសន្លឹកមក។

 

ក្រុមអ្នកដុសរំអិលថ្ម ក៏កាន់ស្លឹកជុំដែលខ្ចប់រំអិលថ្មនោះដើរសំដៅទៅប្រកៀកជាមួយអ្នកស្រុក។ រីឯខាងអ្នកស្រុក ក៏ស្រែកហ៊ោបីដងយកជ័យ ឱ្យប្រាកដថាពិតមែនតាមមាត់អ្នកឆ្លើយ។ រំពេចនោះក្មេងៗ ក៏រត់ប្រញាប់សំដៅទៅអ្នកដុសរំអិលថ្មដើម្បីដណ្តើមស្លឹកវល្លិជុំដែលមានជាប់រំអិលថ្មពីខ្ទមលោកតាព្រៃគុក យកមកលាបនៅលើថ្ងាសរៀងៗខ្លួន (រូបលេខ១៩-២០)។  អ្នកខ្លះយកទៅផ្ទះទុកលាបថ្ងាសក្មេងដទៃទៀតដែលមិនបានមកចូលរួមដោយផ្ទាល់ក្នុងពិធីនេះក៏មាន។ គេពន្យល់ថា ការលាបរំអិលថ្មនៅលើថ្ងាសក្មេងៗនេះ ក្នុងគោលបំណងឱ្យអ្នកតាជួយការពារកូនស្រុកកូនស្រែនិងរួចចាកផុតពីគ្រោះរន្ទះបាញ់ ព្រោះវេលានេះជាដើមរដូវវស្សាមានភ្លៀងធ្លាក់ច្រើន ហើយក្មេងៗដែលចេញទៅឃ្វាលគោក្របីអាចប្រឈមខ្ពស់នឹងគ្រោះរន្ទះបាញ់ជាងមនុស្សចាស់។ ម្ល៉ោះហើយ ទើបគេឃើញបង្គោលឈើនៅជុំវិញខ្ទមអ្នកតាទ្វារ មានស្រោបបន្ទះដែកព័ទ្ធជុំវិញ ដែលជាវិធីការពាររន្ទះបាញ់តាមបែបជំនឿខ្មែរ (ការដាក់បន្ទះដែកស្រោបជុំវិញបែបនេះ គេធ្លាប់ឃើញមាននៅតាមកំពូលប្រាសាទខ្មែរ ឧទាហរណ៍ ប្រាសាទភ្នំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម)។ កិច្ចដុសរំអិលថ្មនេះ ហាក់ដូចជាមានអត្ថន័យស្រដៀងគ្នាជាមួយរឿងព្រះក្រឹស្ណ ដែលជាទេពកថាដ៏ល្បីល្បាញក្នុងព្រហ្មញ្ញសាសនាត្រង់ឈុតព្រះក្រឹស្ណទ្រភ្នំគោវធ៌នរារាំងភ្លៀងផ្គររន្ទះដែលបង្កឡើងដោយព្រះឥន្រ្ទ ដើម្បីការពារក្មេងៗគង្វាលគោ (រូបលេខ២១)។ ដ្បិត ការលាបរំអិលថ្មនេះក៏បំណងគេចឱ្យផុតពីរន្ទះបាញ់ដូចគ្នាដែរ។ ក្រៅអំពីនេះគំនិតមួយទៀត គឺលាបដើម្បីឱ្យក្មេងលូតលាស់ និងមានសុខភាពល្អបរិបូណ៌។ ត្រង់ចំណុចនេះលោក សាន់ ស៊ីថុន (២០០៧-២០០៨) សន្និដ្ឋានថា កិច្ចដុសរំអិលថ្ម និងកិច្ចច្រត់ព្រះនង្គ័លដែលបានរៀបរាប់ខាងលើ ហាក់ដូចជាកិច្ចពីរផ្សេងគ្នា តែមានន័យរួមមួយ គឺភាពរីកចម្រើនដុះដាលនៃភោគផល គ្រាន់តែមួយជាស្រូវ និងមួយទៀតជាមនុស្ស។

 

រូបលេខ១៣៖ សំណែនអ្នកតានៅជិតខ្ទមអ្នកតាព្រៃធំ
រូបលេខ១៤៖ ដុសរំអិលថ្មនៅលើថ្មក្បែរខ្ទមអ្នកតាព្រៃធំ

រូបលេខ១៥៖ ដុសរំអិលថ្មនៅលើថ្មក្បែរខ្ទមអ្នកតាព្រៃធំ
រូបលខ១៦៖ ខ្ចប់រំអិលថ្មដាក់លើស្លឹកជុំ

រូបលេខ១៧៖ អ្នកស្រុកអង្គុយរង់ចាំរំអិលថ្ម
រូបលេខ១៨៖ កិច្ចសន្ទនាតំណាងអ្នកស្រុកជាមួយក្រុមអ្នកដុសរំអិលថ្ម

រូបលេខ១៩៖ កូនស្រុកកូនស្រែដណ្តើម និងទទួលរំអិលថ្ម
រូបលេខ២០៖ ដូនចាស់លាបរំអិលថ្មនៅលើថ្ងាសចៅ

 

រូបលេខ២១៖ ផ្តែរទ្វារមានចម្លាក់ព្រះក្រិស្ណទ្រភ្នំគោវធ៌ន រកឃើញនៅប្រាសាទស្រីគ្រប់ល័ក្ខណ តំបន់ប្រាសាទសំបូរព្រៃគុក (សព្វថ្ងៃរក្សាទុកនៅសារមន្ទីរខេត្តកំពង់ធំ)

 

១.៥. ដោតដើមព្រះភូមិ​​ និងបាយស្រូវនៅក្នុងច្រមសសរកន្លោង

 

ពេលចប់ពិធីភ្លាម អ្នកស្រុកនាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន ដោយដៃមានកាន់រណ្តាប់បាយស្រូវ និងដើមព្រះភូមិមួយដើម (មួយដើមទៀតដោតនៅមុខផ្លូវទឹកហូរចូលស្រែ)។ មកដល់ផ្ទះភ្លាម គេចងដើមសណ្តែកព្រៃ ឬដើមព្រះភូមិផ្អោបជាប់ជាមួយបាយស្រូវ ឬព្រលឹងស្រូវ យកទៅដាក់ក្នុងច្រមដែលចងផ្អោបនឹងសសរកន្លោងផ្ទះ (ច្រមដែលចងផ្អោបនៅសសរកន្លោង គេមិនដែលហៅថា “ព្រះទល់” ដូចនៅភូមិជនជាតិកួយឡើយ) (រូបលេខ២២)។ ពេលដោតម្តងៗគេនិយាយសម្បូងសម្រូងថា សូមឱ្យដើមព្រះភូមិនិងបាយស្រូវនេះការពារផ្ទះសម្បែងឱ្យចៀសផុតពីផ្គររន្ទះបាញ់ក្នុងរដូវឆ្នាំថ្មីខែវស្សានេះ (រូបលេខ២៣)។ ដ្បិត គ្រឿងទាំងពីរមុខនេះប្តូរពីវត្ថុសាមញ្ញទៅជាវត្ថុពិសិដ្ឋ ដោយសារបានទទួលអំណាច និងថាមពលពីអ្នកតានៅក្នុងពេលធ្វើកិច្ចរួចទៅហើយ។ ត្រង់ចំណុចនេះ លោក ម៉ៅ សិទ្ធិប៊ុណ្ណាវឌ្ឍន៍ (២០១៥) ពន្យល់ថា សសរកន្លោងផ្ទះមានជាប់ពាក់ព័ន្ធនឹងព្រះភូមិចំនួនពីរ គឺព្រះភូមិ-ដីផ្ទះ និងព្រះភូមិ-ផ្ទះ។ ម្ល៉ោះហើយទាំងដើមព្រះភូមិ និងបាយស្រូវ (ព្រលឹងស្រូវ) ដែលទទួលបានថាមពលនិងអំណាចពីអ្នកតានឹងសាយភាយពីសសរកន្លោងដែលជាចំណុចសំខាន់ផ្ទះទៅពាសពេញបរិវេណផ្ទះ ព្រោះបំណងរបស់មនុស្សចង់ឱ្យផ្ទះរបស់ខ្លួនមានសេចក្តីសុខចម្រើន ឬមិនចង់ឱ្យមានរន្ទះបាញ់នោះឯង។ គំនិតនេះ ហាក់ដូចជាឥតមានអ្វីខុសគ្នាពីទំនៀមរបស់ជនជាតិកួយ ក្នុងការដោតព្រលឹងស្រូវទៅជាប់ជង្រុកស្រូវ ឬដោតជាប់នឹងដោកស្រូវ ដែលគេពូនឱ្យខ្ពស់នៅភូមិវាលវែង និងភូមិអណ្តាស ដែលយើងបានរៀបរាប់ខាងលើនោះឡើយ ក្នុងបំណងសូមឱ្យព្រលឹងស្រូវដែលទទួលបានថាមពល និងអំណាចពីអ្នកតានោះ នឹងធ្វើឱ្យពូជស្រូវដែលគេរក្សាទុកក្នុង   ជង្រុកឬដោកនោះរីកលូតលាស់បានល្អនៅរដូវធ្វើស្រែថ្មី។

សរុបជារួមមក បើសង្កេតមើលឱ្យមែនទែនមកឃើញថា ពិធីដែលអ្នកស្រុកហៅថា “ច្រត់ព្រះនង្គ័ល” នេះជារឿងពាក់ព័ន្ធនឹងស្រូវសុទ្ធសាធ ដែលទើបចាប់ផ្តើមដុះលូតលាស់ ហើយគេរំពឹងនឹកបានភោគផលផ្កាផ្លែល្អនាពេលខាងមុខ។ រីឯមនុស្សសំខាន់ក្នុងពិធីនេះជាកូនក្មេងប្រុសស្រី ដែលនឹងលូតលាស់ធំធាត់សុខភាពល្អ និងចម្រុងចម្រើនឡើងទៅថ្ងៃខាងមុខដូចស្រូវដែរ។ មនុស្ស និងស្រូវនៅជិតគ្នាខ្លាំងណាស់ក្នុងវប្បធម៌ខ្មែរ។

 

រូបលេខ២២៖ ដើមព្រះភូមិ និងបាយស្រូវដោតជាប់ក្នុងច្រមសសរកន្លោងផ្ទះ
រូបលេខ២៣៖ ដើមព្រះភូមិ និងបាយស្រូវដោតជាប់ក្នុងច្រមសសរកន្លោងផ្ទះ

 

២. ភូមិចំណារចាស់

 

ភូមិនេះនៅជិតគ្នាបង្កើយនឹងភូមិសំបូរ ហើយអ្នកស្រុកហៅពិធីនេះថា “ច្រត់ព្រះនង្គ័ល” ដូចគ្នា ឬជួនកាលគេហៅថា “ធ្វើស្រែ”។ ម្យ៉ាងវិញទៀត បើសួរដេញដោលថាអ្វីទៅជាច្រត់ព្រះនង្គ័ល នោះគេនិយាយយ៉ាងខ្លីថា “ឆ្លងឆ្នាំ” ដ្បិតអ្នកស្រុកច្រើនភ្ជាប់រដូវថ្មីនៃកសិកម្មទៅនឹងឆ្នាំថ្មី។​​ បើទោះបី ភូមិទាំងពីរនៅជិតគ្នាយ៉ាងណាក្តី នៅភូមិចំណារចាស់មានកិច្ចពិធីផ្សេងពីទំនៀមអ្នកភូមិសំបូរមួយចំនួនគួរឱ្យចាប់អារម្មណ៍។

មិនខុសពីភូមិសំបូរដែរ អ្នកដែលដឹកនាំធ្វើកិច្ចច្រត់ព្រះនង្គ័ល គឺជាមនុស្សចាស់ពីរបីនាក់ ដែលគេហៅថា “ចៅមឿង”។ ជាទូទៅ មុនពេលពិធីមកដល់ គេត្រូវរៀបចំកិច្ចបញ្ជាន់រូបសួរនាំរកពេលាល្អ។ គេច្រើនរើសយកថ្ងៃអង្គារ និងថ្ងៃសៅរ៍ ហើយច្រើនយកដើមខ្នើតខែពិសាខ ដែលជាទូទៅមិនឱ្យលើសថ្ងៃប្រាំកើត ខែពិសាខ។ ជាទំនៀមមក ទីតាំងសម្រាប់ប្រារព្ធកិច្ចនេះក៏នៅតែគេចមិនផុតពីខ្ទមអ្នកតាចាស់ស្រុកស្ថិតនៅខាងលិចភូមិដូចពិធីឡើងអ្នកតាដែរ។ ដ្បិត   ដូចបានបញ្ជាក់ខាងលើហើយ អ្នកតា គឺជាដី និងជាលំនឹងដែលអាចបង្កបង្កើនផលបាន (រូបលេខ២៤)។

 

រូបលេខ២៤៖ ខ្ទមអ្នកតាចាស់ស្រុកភូមិចំណារចាស់

 

វត្ថុដែលអ្នកស្រុកយកទៅកាន់ខ្ទមអ្នកតា ដើម្បីចូលរួមពិធីច្រត់ព្រះនង្គ័ល មានដូចជា អំបោះចងដៃ នំនាលិ នំអន្សមស្លឹកផ្អាវ ចេក ទៀន ធូប ពូជស្រូវ និងគ្រាប់ដំណាំបន្លែផ្សេងៗមាន ពោត ល្ហុង ននោង ត្រឡាច ឃ្លោក ត្រសក់ ល្ពៅ ជាដើម។ រណ្តាប់ពិសេសមួយទៀត ដែលយើងធ្លាប់ឃើញនៅភូមិសំបូរ ដែរនោះ គឺវត្ថុតំណាងឱ្យកួរស្រូវ ដែលអ្នកស្រុកហៅឈ្មោះថា “ព្រលឹងស្រូវ” (រូបលេខ២៥)។ វត្ថុដែលតំណាងឱ្យកួរស្រូវ នេះ មានរបៀបធ្វើមិនសូវខុសគ្នាឆ្ងាយពីភូមិទាំងអម្បាលម៉ានដែលយើងបានរៀបរាប់ខាងលើទេ ពោល ជាលាជស្រូវដែលគេដោតក្រងនឹងចម្រៀកឫស្សី ដែលធ្វើយ៉ាងណាឱ្យខាងចុងទន់សំយុងធ្លាក់មកក្រោម ដើម្បីប្រដូចទៅនឹងកួរស្រូវពិតដែលមានផ្លែច្រើនល្អធ្ងន់ឱនដាក់គ្រាប់។ ជួនកាលដើម្បីឱ្យកោងខ្លាំងទៅទៀត គេយកដុំម្សៅអង្ករមកបិតភ្ជាប់នឹងចុងបន្ទោះឫស្សីនោះថែមទៀត។ បើមិនដូច្នោះទេ គេទាញពត់ផ្នែកខាងចុងស្រួចនៃកួរស្រូវនោះ ទៅដោតភ្ជាប់ជាមួយនឹងនំនាលិ អន្សមស្លឹកផ្អាវ ឬផ្លែចេក ដើម្បីឱ្យមើលឃើញកោងងរឱនចុះក្រោម។ គេយករណ្តាប់ព្រលឹងស្រូវនេះ ទៅដាក់ក្នុងខ្ទមអ្នកតាកំលុងពិធី រីឯគ្រាប់ស្រូវ និងគ្រាប់ដំណាំផ្សេងទៀត គេយកទៅដាក់ក្នុងកញ្ជើឬចានដែករួមគ្នាមួយ នៅខាងមុខខ្ទមអ្នកតា (រូបលេខ២៦-២៧)។ នៅក្បែរព្រលឹងស្រូវ មានតោកមួយជាគ្រឿងកាន់របស់រូបស្នង ដែលត្រៀមសម្រាប់កិច្ចបញ្ជាន់រូប (សូមមើល អាន រស្មី ២០២២)។

 

រូបលេខ២៥៖ ព្រលឹងស្រូវ
រូបលេខ២៦៖ ព្រលឹងស្រូវដាក់នៅក្នុងខ្ទមអ្នកតាចាស់ស្រុក
រូបលេខ២៧៖ គ្រាប់ពូជស្រូវ និងដំណាំផ្សេងៗ ចាក់ចូលក្នុងចានដែករួមមួយ

 

នៅរសៀលរាងជ្រេបន្តិច ក្រុមចៅមឿងចាប់ផ្តើមសែនព្រេនប្រាប់អ្នកតានៅក្នុងខ្ទម ដោយរៀបស្លាធម៌ និងសំណែនដាក់នៅក្នុងកន្ទោងស្លឹកចេកជាតង្វាយ ហើយច្រូចស្រាបណ្តើរនិយាយកិច្ចបណ្តើរ។ ពោល កិច្ចសែនព្រេននេះមិនមានអ្វីប្លែកពីកិច្ចច្រត់ព្រះនង្គ័លនៅភូមិសំបូរឡើយ។ ក្នុងពេលដំណាលគ្នានោះ អ្នកស្រុកយកក្រមារៀងៗខ្លួនមកលាតត្រដាងហាល ជាប់ៗគ្នាផ្ទាល់ដីនៅលើលានមុខខ្ទមអ្នកតា ឧបកិច្ចក្រមានោះជាដីស្រែរៀងៗខ្លួន (រូបលេខ២៨)។ រីឯស្រែណាដែលមានត្រពាំងនៅជាប់ គេយកមួកមកដាក់ជាសម្គាល់ក្បែរក្រមាដែលគេបានត្រដាងនោះ (រូបលេខ២៩)។ ត្រង់ករណីនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា​ ក្រមានិងមួកដែលជាគ្រឿងស្លៀកពាក់ធម្មតារបស់មនុស្ស ក៏អាចយកមកឧបកិច្ចធ្វើជាស្រែនិងត្រពាំងបានដែរ ពោល មិនខុសគ្នាអ្វីពីកួរស្រូវដែលគេដោតនៅជាប់នំនាលិដែលតំណាងឱ្យស្រូវកំពុងដាំដុះជាប់ដីនោះឡើយ។

 

រូបលេខ២៨៖ អ្នកស្រុកក្រាលក្រមាតំណាងឱ្យដីស្រែ
រូបលេខ២៩៖ ក្រមាតំណាងឱ្យដីស្រែ និងមួកតំណាងឱ្យត្រពាំង

 

បន្ទាប់មកគេត្រូវអញ្ជើញរូបស្នងឱ្យមកកាន់តោកដែលមានអុជទៀនឆេះស្រេចដើម្បីបញ្ជាន់ និងអញ្ជើញអ្នកតានោះឱ្យមកធ្វើជាអធិបតី។ ដ្បិត យើងបានបញ្ជាក់ខាងលើហើយ អ្នកតាគឺជាដី និងជាលំនឹងនៃភោគផលកសិកម្មរបស់មនុស្ស ម្ល៉ោះហើយវត្តមាននៃអ្នកតាសម្រាប់កិច្ចពាក់ព័ន្ធនឹងកសិកម្ម គឺពិតជាសំខាន់មិនអាចខ្វះបានឡើយ។ គួររំឭកដែរថា ទោះបីជាកិច្ចច្រត់ព្រះនង្គ័លនៅភូមិសំបូរឥតមានធ្វើកិច្ចបញ្ជាន់រូបក្តី ក៏អ្នកតានៅតែជាអធិបតី និងជាអ្នកផ្តល់នូវអំណាចនិងថាមពលដូចគ្នា ព្រោះកិច្ចនោះធ្វើនៅខ្ទមអ្នកតា និងមានការសែនព្រេនប្រាប់ដល់អ្នកតាផង។ ត្រឡប់មកវិញកិច្ចបញ្ជាន់រូបនៅក្នុងកិច្ចច្រត់ព្រះនង្គ័លភូមិចំណារចាស់នេះ ឥតមានលេងភ្លេងអ្វីទាំងអស់។ ជាទូទៅ គេបញ្ជាន់រូបត្រូវមានភ្លេងក្នុងពិធីឡើងអ្នកតា ព្រោះជាពិធី “ឡើង” ដែលត្រូវផ្តល់ភាពសប្បាយរីករាយដល់អ្នកតា ទើបយើងឃើញពេលបញ្ជាន់រូបពេលឡើងអ្នកតាម្តងៗ តែងមានរូបស្នងឡើងរាំ ព្រោះការរាំបញ្ជាក់ឱ្យឃើញអំពីភាពអបអរនៃអ្វីដែលមនុស្សផ្តល់កិត្តិយសរៀបចំជូន។ ម្ល៉ោះហើយ កិច្ចច្រត់ព្រះនង្គ័លដែលមិនមែនជាពិធីឡើងនេះ មិនចាំបាច់ត្រូវមានភ្លេងអ្វីឡើយ។ ក្នុងពេលបញ្ជាន់រូបនេះ យើងឃើញមានស្រ្តីស្នងរូបអ្នកតាម្នាក់មានបង់ក្រមា ចាប់ផ្តើមយកដៃកើបយកស្រូវចេញពីក្នុងចានដែក បាចព្រោះទៅលើផ្ទៃក្រមាដែលតំណាងឱ្យស្រែ (រូបលេខ៣០-៣១)។ ចំណែក អ្នកស្រុកនៅជុំវិញនោះចាំសង្កេតមើលថា តើនៅលើក្រមារបស់ខ្លួនមានគ្រាប់ស្រូវច្រើន ឬតិច ព្រោះនេះជាការរំពឹងផលស្រូវនៅពេលខាងមុខ។ ព្រមជាមួយគ្នានោះ អ្នកខ្លះបានមូរកន្ទេលដែលគ្របពីលើក្រមារបស់ខ្លួនឱ្យចេញផុត ដើម្បីឱស្រូវដែលអ្នកតាបាចសាចមកធ្លាក់លើក្រមាពួកគេឱ្យបានច្រើន។

 

រូបលេខ៣០៖ រូបស្នងអ្នកតាធ្វើកិច្ចព្រោះគ្រាប់ពូជ
រូបលេខ៣១៖ រូបស្នងអ្នកតាធ្វើកិច្ចព្រោះគ្រាប់ពូជ

 

បន្ទាប់ពីកិច្ចព្រោះស្រូវជាដំបូងរួចហើយ ក្រុមចៅមឿងចាប់ព្រោះបន្តរហូតទាល់តែអស់ស្រូវពីក្នុងចានដែកនោះ និងទាល់តែឃើញថាស្រូវរាយសព្វលើផ្ទៃក្រមាទាំងអស់ (រូបលេខ៣២)។ ក្រោយព្រោះចប់សព្វគ្រប់ អ្នកដែលបានលាតត្រដាងក្រមានិងមួកទាំងនោះ ចាប់ផ្តើមប្រមូលវេចគ្រាប់ពូជស្រូវ និងគ្រាប់ដំណាំផ្សេងទៀតនៅលើក្រមានិងមួករៀងៗខ្លួន (រូបលេខ៣៣-៣៤)។ គ្រាប់ស្រូវដែលប្រមូលបានមកនេះ គេយកមួយភាគមកធ្វើតង្វាយអ្នកតាវិញ ដោយចាក់គរជាពំនូកមួយនៅក្នុងខ្ទម ហើយគេហៅសកម្មភាពនេះថា “ការបរិច្ចាកស្រូវជូនរដ្ឋ”។ បើពិចារណាត្រង់ចំណុចនេះ មនុស្សចាត់ទុកអ្នកតាជាមេកើយសំខាន់របស់សហគមន៍ទាំងមូល ទើបគេចាត់ទុកលោកថាជា “រដ្ឋ”។​ ក្រៅអំពីនេះ គ្រាប់ស្រូវមួយចំណែកទៀត រួមទាំងវត្ថុតាងឱ្យកួរស្រូវ ដែលគេហៅថា “ព្រលឹងស្រូវ” នោះ គេយកមកផ្ទះសម្រាប់ដាក់នៅក្នុងច្រមសសរកន្លោងផ្ទះ និងសសរជង្រុកស្រូវ ដូចយើងធ្លាប់បានឃើញនៅភូមិសំបូរ ភូមិអណ្តាស ភូមិកូនក្អែក និងភូមិវាលវែងដូច្នេះដែរ។ នៅពេលដាក់នោះ គេត្រូវសូត្រហៅព្រលឹងនោះដោយពាក្យផ្សេងៗតាមទំនៀមរៀងៗខ្លួន។ ម្ល៉ោះហើយ ទើបយើងឃើញមានអំបោះសម្រាប់ចងកួចព្រលឹងស្រូវជាប់នឹងកួរស្រូវផង។ យើងសូមបង្ហាញពាក្យសូត្រហៅព្រលឹងស្រូវរបស់ដូនចាស់ម្នាក់ភូមិក្បែរនោះដូច្នេះថា៖

 

“អើៗមកណានាងប្រពៃ មកពីរូងពីរាមពីពាមទន្លេ ពីកោះរំពេរពីថ្មអណ្តែត មកពពូនពពាយដូចផ្លែរពាក់ ពពូនពពាក់ដូចផ្លែល្វា មកទាំងអស់គ្នីគ្នាណា មកចូលស្រែយើង”

 

កិច្ចច្រត់ព្រះនង្គ័លនៅខ្ទមអ្នកតាចាស់ស្រុកភូមិចំណារចាស់មិនទាន់បញ្ចប់នៅឡើយទេ ពោល គឺក្រុមចៅមឿងបានយកទឹកមកចាក់ស្រោចឱ្យសើមជោគជាំនៅលើថ្មអ្នកតា ដោយឧបកិច្ចថានេះជាភ្លៀងធ្លាក់មកលើដីភូមិបានជោគជាំ និងបានទឹកពេញបរិបូណ៌ធ្វើស្រែចំការ (រូបលេខ៣៥)។ កិច្ចចុងក្រោយនៃពិធីនេះហៅថា “បញ្ជូន” ដែលយើងបានបង្ហាញខាងលើច្រើនដងមកហើយ ពោល គឺការបណ្តេញខ្មោចព្រៃ ឬពពួកអមនុស្ស     តិរិច្ឆានឱ្យចេញពីភូមិស្រុក ព្រោះពពួកទាំងនេះគេយល់ថាជាអ្នកអាចបង្កជំងឺឈឺថ្កាត់ដល់មនុស្ស និងសត្វនៅក្នុងភូមិ។ គេបញ្ជូនសំណែនដែលមានបង្អែម ចង្អាប និងនំចំណីផ្សេងៗទៅទីស្រែខាងត្បូងខ្ទមអ្នកតា ដ្បិត ទីស្រែជាទីស្ថានដែលមនុស្សកំណត់ថា ជាដែន “ក្រៅស្រុក” សម្រាប់ពពួកខ្មោចព្រៃរស់នៅ។​

សរុបជារួមមក ពិធីច្រត់ព្រះនង្គ័លនៅភូមិចំណារចាស់ មានអត្ថន័យតែមួយដូចភូមិសំបូរដែរ។ ប៉ុន្តែ របៀបនៃកិច្ចមានភាពខុសគ្នាច្រើន ទោះបីជាភូមិទាំងពីរនេះនៅជិតគ្នាបង្កើយក៏​ដោយ។

 

រូបលេខ៣២៖ ចៅមឿងព្រោះគ្រាប់ពូជដំណាំលើក្រមានិងមួក
រូបលេខ៣៣៖ អ្នកស្រុកសាក្រមាប្រមូលគ្រាប់ពូជទុក

រូបលេខ៣៤៖ អ្នកស្រុកប្រមូលខ្ចប់គ្រាប់ពូជទៅផ្ទះ
រូបលេខ៣៥៖ ចៅមឿងធ្វើកិច្ចស្រោចទឹកនៅលើថ្មអ្នកតា

 

 

 

បញ្ជីឯកសារពិគ្រោះ

 

 

ចាប ពិន

១៩៦០, ព្រះរាជពិធីទ្វារទសមាស, ភាគ៣, ពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ។

ម៉ៅ សិទ្ធិប៊ុណាវឌ្ឍន៍

២០១៥, ការកំណត់ និងប្រើប្រាស់លំហ, សារណាបញ្ចប់បរិញ្ញាបត្របុរាណវិទ្យា ជំនាន់ទី២៣ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ភ្នំពេញ, ភ្នំពេញ។

សាន់ ស៊ីថុន

២០០៧, ជំនឿ និងពិធីទាក់ទងនឹងកសិកម្ម, សារណាបញ្ចប់បរិញ្ញាបត្របុរាណវិទ្យា ជំនាន់ទី

១៥ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ភ្នំពេញ។

២០០៧-២០០៨, “ច្រត់ព្រះនង្គ័ល”, បណ្តាញពត៌មានក្នុងវប្បធម៌ខ្មែរ, ៣: ២២-២៤។

ហួន សាវង

២០២២, ទិដ្ឋភាពព្រះរាជពិធីច្រត់ព្រះនង្គ័លក្នុងសង្គមខ្មែរ, ផ្សាយអនឡាញដោយ AMS Khmer Civilization តាមរយៈតំណភ្ជាប់ https://khmercivilization.ams.com.kh/detail/22246​

អាន រស្មី

២០២១-២០២២, “បើករដូវធ្វើស្រែមួយបែប”, បណ្តាញពត៌មានក្នុងវប្បធម៌ខ្មែរ, ១៧។

អាំង ជូលាន

២០០៨-២០០៩, “នំនាល”, បណ្តាញពត៌មានក្នុងវប្បធម៌ខ្មែរ, ៤: ២៣-២៤។

២០១២-២០១៣, “មាន់ឆ្កាង”, បណ្តាញពត៌មានក្នុងវប្បធម៌ខ្មែរ, ៨: ៣២-៣៦។

 

 

 

 

 

 

Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province