ដោយ៖ ម៉ង់ វ៉ាលី
ក្នុងទេវកថារឿងសសរភ្លើង ព្រះព្រហ្មនិងព្រះនារាយណ៍ បានឈ្លោះប្រកែកនិងប្រយុទ្ធគ្នាមិនចាញ់មិនឈ្នះលើបញ្ហាថាតើនរណាជាអាទិទេពធំជាងគេ? រំពេចនោះ មានសសរភ្លើងមួយផុសឡើង ហើយនៅចំកណ្តាលសសរមានព្រះភក្រ្តព្រះឥសូរ ដោយទ្រង់បានអះអាងថា “ទ្រង់គឺជាអាទិទេពធំជាងគេបង្អស់[1]។ ពេលនោះ ព្រះព្រហ្ម និងព្រះនារាយណ៍ មិនជឿ ក៏កើតទៅជាការដាក់បន្ទរចំនួនបីយ៉ាងរវាងព្រះឥសូរ និងអាទិទេពទាំងពីរ។ ក្នុងការស្រាយបន្ទរទីមួយព្រះព្រហ្ម បានកុហកព្រះឥសូរនិងព្រះនារាយណ៍ថាទ្រង់បានទៅដល់កំពូលសសរភ្លើង។ ដោយមានគំនិតមិនស្មោះត្រង់ នៅពេលចប់បន្ទរទាំងបីព្រះឥសូរក៏ដាក់ទណ្ឌកម្មដល់ព្រះព្រហ្មថា៖ “ចាប់ពីពេលនេះតទៅមិនឱ្យមានការសាងសង់ប្រាសាទឧទ្ទិសដល់ព្រះព្រហ្មឡើយ លុះត្រាតែទ្រង់យកផ្គាំរបស់យើងទៅរាប់ឱ្យអស់ ដើម្បីពិចារណានូវកំហុស ហើយបើមានប្រាសាទណាឧទ្ទិសដល់ព្រះព្រហ្ម លុះត្រាតែសាងប្រាសាទកណ្តាលឧទ្ទិសទៅយើងសិន ឬធ្វើជាប្រាសាទក្នុងលទ្ធិត្រីមូត៌ិ ដោយហេតុថាព្រះព្រហ្មជាបំណែកនៃព្រះកាយរបស់យើង យើងនឹងឱ្យពរទ្រង់ជាទេពបង្កើតលោកដូចយើងដែរ” [2]។ ដូច្នេះហើយ សិល្បករខ្មែរទំនងចេះរឿងនេះយ៉ាងច្បាស់ ទើបបានជាប្រាសាទភាគច្រើនតែងឧទ្ទិសដល់ព្រះឥសូរ និងនារាយណ៍ ហើយបើមានប្រាសាទឧទ្ទិសដល់ព្រះព្រហ្ម គឺគេតែងឃើញថាជាប្រាសាទស្ថិតនៅរណបឱ្យសំណង់ព្រះឥសូរ។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបង្ហាញឧទាហរណ៍មួយអំពីប្រាសាទឧទ្ទិសដល់ព្រះព្រហ្មនៅតំបន់សំបូរព្រៃគុក ដែលស្ថិតនៅក្នុងរចនាបថព្រៃក្មេង ស.វ.ទី៧ ទំនងរជ្ជកាលព្រះបាទភវវរ្ម័នទី២ (គ.ស.៦៣៧ – ៦៥១)។
ប្រាសាទឧទ្ទិសដល់ព្រះព្រហ្មនៅសំបូរព្រៃគុក មានឈ្មោះថា “ប្រាសាទស្រង់ព្រះ” (តួប៉ម N22) ដែលស្ថិតនៅជ្រុងអាគ្នេយ៍ខាងក្រៅកំពែងក្រុមប្រាសាទសំបូរ ឬក្រុមខាងជើង និងស្ថិតនៅជាប់នឹងកសិន្ធុទឹកនៃក្រុមប្រាសាទសំបូរ។ បើពិនិត្យទៅលើទីតាំង យើងឃើញថា ទីតាំងដែលកសាងប្រាសាទព្រះព្រហ្មនៅសំបូរព្រៃគុក គឺសិល្បករកសាងនៅទិសអាគ្នេយ៍ មានចម្ងាយប្រមាណ ១០០ម៉ែត្រ ពីតួប៉មប្រាសាទកណ្តាលដែលតម្កល់លិង្គព្រះឥសូរ ព្រះនាម “ស្រីគម្ភីរេស្វរ”។ លក្ខណៈបែបនេះ មានទំនោរដូចគ្នាជាមួយប្រាសាទមេបុណ្យខាងកើត និងនៅតំបន់កោះកេរដែរ (ស.វ.ទី១០) ព្រោះនៅមេបុណ្យខាងកើតមានប្រាសាទរណបតូចមួយតម្កល់រូបព្រះព្រហ្មនៅទិសអាគ្នេយ៍ប្រាសាទធំដែលតម្កល់លិង្គឥសូរ ហើយប្រាសាទបន្ទាយពីរជាន់ជាប្រាសាទតម្កល់ព្រះព្រហ្មដូចគ្នាក៏ស្ថិតនៅទិសអាគ្នេយ៍ប្រាសាទប្រាង្គ។ ដោយឡែក នៅប្រាសាទភ្នំក្រោម និងភ្នំបូក ដែលមានតួប៉មប្រាសាទបីស្របទិសគ្នាពីជើងទៅត្បូង គេតម្កល់ព្រះឥសូរនៅកណ្តាល ព្រះនារាយណ៍នៅខាងជើង និងព្រះព្រហ្មនៅខាងត្បូង។
ប្រាសាទនេះកសាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង បែរមុខទៅទិសខាងកើត (រូបលេខ១)។ ប្រាសាទស្រង់ព្រះ មានទ្វារចូលនៅទិសខាងកើត ហើយខាងលិច ខាងជើង និងខាងត្បូង គេលម្អជាទ្វារបញ្ឆោត មានលក្ខណៈស្រដៀងនឹងប្រាសាទជ្រៃ (N18) និងប្រាសាទបុសរាម (N24) ដែលជាប្រាសាទស្ថិតនៅក្នុងក្រុមតែមួយដែរ។ ប៉ុន្តែ ទម្រង់បែបនេះមានលក្ខណៈខុសពីប្រាសាទសំខាន់នៅកណ្តាល (តួប៉ម N1) ដែលគេសាងឡើងដោយមានទ្វារចេញចូលបួនទិស។ នៅច្រកខាងកើត មាននៅសល់ផ្តែរទ្វារមួយលម្អដោយកញ្ចុំផ្ការាងរង្វង់នៅចំកណ្តាលទ្រដោយផ្កាឈូក, ខាងចុងសងខាងជាកញ្ចុំផ្កាដូចគ្នាទ្រដោយក្បាលសសរ, អង្កត់ធ្នូមានរាងកោង និងខាងក្រោយជារំយោលផ្កាឬកម្រងមាលាឆ្លាស់គ្នា (រូបលេខ៣)។ ផ្តែរទ្វារនេះ មានទម្រង់ជាផ្តែរសម័យដំបូងៗនៃរចនាបថព្រៃក្មេង ដែលមានលក្ខណៈជាទូទៅខុសខ្លះៗពីផ្តែររចនាបថសំបូរព្រៃគុក ជាពិសេស គឺការឆ្លាស់កញ្ចុំផ្កាជំនួសរូបសត្វមករ។ ការលម្អនៅខាងក្រៅវិញ យើងសង្កេតឃើញថាសិល្បករបានឆ្លាក់រូបសត្វហង្សទ្រហោជាងទ្វារបញ្ឆោតទាំងបី ដែលហង្សគឺជាយានជំនិះរបស់ព្រះព្រហ្ម។
នៅផ្នែកខាងក្នុងប្រាសាទវិញ សិល្បកររៀបជាបន្ទប់សក្ការៈមានរាងបួនជ្រុងទ្រវែង លយចេញមកច្រកចូលខាងកើតបន្តិច ដែលនៅផ្នែកខាងលើទ្វារចូលផ្នែកខាងក្នុងមានតម្រៀបជារាងសាជី។ ចំណែក ជើងទម្រវិញយើងឃើញមានចំនួនពីរ ដែលមានរាងបួនជ្រុងសើ្មដូចគ្នា ហើយនៅខាងជើងភ្ជាប់គ្នាដោយទបង្ហូរទឹកមន្ត (សោមសូត្រ) ហូរចេញទៅខាងក្រៅប្រាសាទ (រូបលេខ៤)។ ជើងទម្រដែលធំជាងគេ គឺជាជើងទម្រដែលតម្កល់ព្រះព្រហ្ម គេធ្វើពីថ្មភក់បួនស្រទាប់ត្រួតលើគ្នា ដែលមានទម្រង់ដូចជើងទម្រដទៃទៀតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកដែរ ប៉ុន្តែចំណុចដែលគួរកត់សម្គាល់នោះគឺ មានថ្មរាងមូលមួយដុំដាក់នៅកណ្តាលសម្រាប់ទ្ររូបបដិមាព្រះព្រហ្ម។ ជាទូទៅ នៅសម័យអង្គរ យើងច្រើនឃើញជើងទម្រព្រះព្រហ្មមានរាងមូលតែម្តង ដែលខ្លះមានឆ្លាក់រូបហង្សជុំវិញផងក៏មាន ប៉ុន្តែជើងទម្រនៅប្រាសាទស្រង់ព្រះគេធ្វើជារាងបួនជ្រុងស្មើ ដោយមានថ្មរាងមូលមួយដុំតូចនៅពីលើទៅវិញ។ ទោះបីជាយ៉ាងណា ថ្មរាងមូលតូចខាងលើនេះជាចំណុចមួយដែលឱ្យយើងដឹងថា សិល្បករចង់បង្ហាញអំពីព្រះព្រហ្មភ្ជាប់ជាមួយទម្ររាងមូល។ រាងមូលនេះ យើងពុំដឹងថាវាតំណាងឱ្យអ្វីឱ្យប្រាកដនោះឡើយ តែយើងគ្រាន់ដឹងថាផ្គាំដែលព្រះឥសូរឱ្យព្រះព្រហ្មរាប់ឱ្យអស់នៅក្នុងសាច់រឿងនោះ គឺរាងមូលដូចគ្នាដែរ។ ដោយឡែក បដិមាព្រះព្រហ្មដែលគេតម្កល់នៅក្នុងប្រាសាទនេះ សព្វថ្ងៃគេបានយកទៅរក្សាទុកនិងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ (រូបលេខ៥)។ បដិមានេះធ្វើអំពីថ្មភក់ បាក់បែកនៅផ្នែកខាងក្រោមត្រង់ប្រអប់ព្រះបាទ រីឯព្រះហស្តទាំងពីរក៏បាក់ត្រឹមស្មាដូចគ្នា ព្រះភក្រ្តបួន ស្លឹកត្រចៀកវែង បបូរមាត់ក្រាស់ មានផ្នួងសក់ សាច់ដុំមាំមួន និងស្លៀកសំពត់ខ្លីលាត។ បដិមាព្រះព្រហ្មនេះ ទំនងជារូបដែលចាស់ជាងគេនៅក្នុងសិល្បៈខ្មែរ។
ជារួមមក អត្ថបទនេះបង្ហាញឱ្យឃើញថា ប្រាសាទព្រះព្រហ្មនៅតំបន់សំបូរព្រៃគុក គេសាងសង់ឡើងស្ថិតនៅទិសអាគ្នេយ៍ ហើយរណបឱ្យប្រាសាទព្រះឥសូរដែលនៅចំកណ្តាល។ តឹកតាងនេះ យើងអាចសន្និដ្ឋានបានថា សិល្បករបុរាណខ្មែរប្រណិបត្តន៍ក្បួនខ្នាតគម្ពីរព្រហ្មញ្ញសាសនាបានយ៉ាងខ្ជាប់ខ្ជួន ពោលគឺរាល់សំណង់ប្រាសាទនីមួយៗតែងតែធ្វើឡើងដោយមានហេតុផលនិងគោលបំណងច្បាស់លាស់ ដែលកិច្ចការនេះបានអនុវត្តន៍ជាបន្តបន្ទាប់នៅសម័យអង្គរ។
ឯកសារយោង
Giteau, M. (1989) Les Khmers, Sculptures Khmère, Reflects de la civilization d’Angkor, Bibliothèque des arts, Paris.
Tagare, G.V. (1987) Ancient Indian Tradition & Mythology, Vol. 37: The Vãyu Purãṇa, part 1.
[1] Giteau 1965.
[2] Tagare 1987.
English
















