ដោយ៖ ម៉ង់ វ៉ាលី
បើពោលរៀបរាប់អំពីប្រាសាទបុរាណនៅស្រុកស្ទោង សាមញ្ញជនទូទៅពុំសូវមានការចាប់អារម្មណ៍ឡើយ ព្រោះអ្នកខ្លះមិនធ្លាប់ដឹងថានៅស្រុកស្ទោងនៅសេសសល់ប្រាសាទបុរាណច្រើនឡើយ។ ជាទូទៅ ប្រសិនយើងគិតប្រាសាទដែលនៅឈរមានរូបរាងល្អក្នុងស្រុកស្ទោង មានចំនួន ៣ រួមមាន ប្រាសាទបន្ទាយស្ទោង ប្រាសាទស្វាយអៀ និងប្រាសាទអំពិលរលំ ហើយក្រៅពីនេះប្រាសាទដែលបាក់បែកផ្សេងទៀតមានរហូតដល់ទៅជិត ៥០ ប្រាសាទ។ នៅក្នុងអត្ថបទខ្លីនេះ យើងសូមលើកយកមកនិយាយតែប្រាសាទស្វាយអៀមួយប៉ុណ្ណោះ។
ប្រាសាទស្វាយអៀ មានទីតាំងស្ថិតនៅភូមិស្វាយអៀ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រ ភាគខាងលិចទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រមាណ ១២គីឡូម៉ែត្រពីទីប្រជុំជនស្រុកស្ទោង។ ប្រាសាទនេះមានទីតាំងស្របទិសគ្នាពីកើតទៅលិចជាមួយប្រាសាទអំពិលរលំ ចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ។ ឈ្មោះ “ស្វាយអៀ” នេះ គឺជាឈ្មោះដែលយើងស្គាល់តាមឯកសារផ្សេងៗរបស់អ្នកស្រាវជ្រាវតែប៉ុណ្ណោះ ពោល មិនមែនជាឈ្មោះដែលអ្នកស្រុកហៅប្រាសាទនេះឡើយ។ អ្នកស្រុកហៅប្រាសាទនេះថា “ប្រាសាទ” ឬជួនកាលហៅប្រាសាទ “បី” ដូចនៅអំពិលរលំដែរ ព្រោះគេសំដៅលើតួប៉មប្រាសាទដែលមានចំនួនបី ប៉ុន្តែសព្វថ្ងៃតួប៉មចំនួនពីរបានបាក់បែកអស់ទៅហើយ នៅសល់តែតួប៉មកណ្តាលមួយប៉ុណ្ណោះ។ ឈ្មោះ “ស្វាយអៀ” នេះ គឺគេហៅសំដៅលើឈ្មោះភូមិឬឈ្មោះវត្ត តែបណ្តាអ្នកស្រាវជ្រាវបានភ្ជាប់ឈ្មោះនេះជាមួយឈ្មោះប្រាសាទតែម្តង។ កន្លងមក ប្រាសាទនេះពុំសូវមានអ្នកសិក្សាចាប់អារម្មណ៍ច្រើនឡើយ ពោល គឺមានតិចតួចដូចជា លោក Etienne Aymonier ឆ្នាំ១៩០០ លោក Lunet De Lajonquière ឆ្នាំ១៩០២ ហើយការសិក្សាទាំងអម្បាលម៉ាន រៀបរាប់សង្ខេបតិចបំផុត ពោល គឺអាចរាប់បានថាជាបញ្ជីសារពើភណ្ឌតែប៉ុណ្ណោះ។
ប្រាសាទស្វាយអៀ សាងសង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើប្រវែង ៤,៧០ម៉ែត្រ បែរមុខទៅទិសខាងកើត ដែលពីមុនមកមានតួប៉មចំនួនបីរត់ជួរគ្នាតាមអ័ក្សពីជើងទៅត្បូង តែសព្វថ្ងៃ តួប៉មពីរទៀតបាក់បែកអស់ហើយ នៅសល់តែតួប៉មកណ្តាលមួយប៉ុណ្ណោះដែលនៅឈរ ហើយសម័យក្រោយមកគេបានកសាងព្រះវិហារព្រះពុទ្ធសាសនាថេរវាទធ្វើអំពីបេតុងនៅជាប់ខាងកើតប្រាសាទ([1]) (រូបលេខ១-៤)។ ប្រាសាទនេះ មានទ្វារចូលតែមួយទិសប៉ុណ្ណោះ គឺទ្វារចូលនៅទិសខាងកើត ហើយនៅទិសចំនួនបីផ្សេងទៀតគេលម្អជាទ្វារបញ្ឆោតមិនមានក្បាច់លម្អអ្វីច្រើននោះទេដែលជាទូទៅមានលក្ខណៈរូបរាង និងក្បាច់លម្អជាទូទៅដូចប្រាសាទគុកលិច (ប្រាសាទត្នោតជុំខាងលិច)។ នៅមុខខាងកើត យើងឃើញនៅសល់ផ្តែរទ្វារមួយផ្ទាំង និងសសរពេជ្រពីរដុំ។ ផ្តែរទ្វារនេះ មានក្បាច់លម្អយ៉ាងរស់រវើកដោយនៅផ្នែកកណ្តាលសិល្បករឆ្លាក់រូបព្រះឥន្រ្ទកាន់វជ្រ([2]) គង់នៅលើដំរីព្ធវ៌តមានក្បាលមួយ ដែលខាងក្រោមដំរីទ្រដោយក្បាច់ជើងទម្រមួយ([3])។ នៅផ្នែក កណ្តាលក្រោមបង្អស់ មានរូបរាហូ ឬព្រះកាលខ្ជាក់កម្រងផ្កា អមដោយរូបសត្វតោចំនួនពីរកំពុងខ្ជាក់ក្បាច់បន្ទាត់ធ្នូ ដែលនៅពីលើនិងក្រោមមានចង្វាយក្បាច់ភ្ញីទេសឆ្លាស់គ្នាយ៉ាងប្រណិត។ ផ្នែកជួរខាងលើបង្អស់ គេឆ្លាក់រូបទេពក្នុងកាយវិការអង្គុយសមាធិតម្រៀបជាជួរ និងផ្នែកខាងចុងផ្តែរជួរ កណ្តាលមានរូបក្បាលនាគ (រូបលេខ៥)។ ចំណែក សសរពេជ្រវិញ សិល្បករឆ្លាក់មានរាងប្រាំបីជ្រុងដោយមានឆ្លាក់ក្បាច់ជាកង់ៗលម្អដោយក្បាច់ត្របកឈូកនិងក្បាច់ផ្សេងៗទៀត (រូបលេខ៦)។
ក្រៅពីផ្តែរដែលនៅជាប់នឹងប្រាសាទ មានផ្តែរទ្វារចំនួនពីរទៀត គេយកទៅរក្សាទុកនៅខាងក្នុងព្រះវិហារ (ខាងក្រោមបល្ល័ង្កព្រះជី) ដែលជារបស់តួប៉មបាក់បែកចំនួនពីរទៀត។ ផ្តែរទី១ (រូបលេខ៧) ឆ្លាក់រូបព្រះឥន្រ្ទគង់ឈរនៅលើដំរីព្ធវ៌តមានក្បាលបី ក្នុងកាយវិការប្រយុទ្ធ ឬកាយវិការគប់វជ្រទៅកាន់សត្រូវ។ ផ្តែរទី២ (រូបលេខ៨) គេឆ្លាក់រូបព្រះឥន្រ្ទគង់ឈរនៅលើដំរីព្ធវ៌តដូចគ្នា ដោយមានលក្ខណៈស្រដៀងផ្តែរដែលនៅជាប់នឹងប្រាសាទដូចរៀបរាប់ខាងលើ ប៉ុន្តែនៅអមសងខាងព្រះឥន្រ្ទមានទេពស្រីចំនួនពីរអង្គ។ ផ្តែរទាំងបីដែលបានរៀបរាប់ សុទ្ធសឹងបង្ហាញអំពីទេពព្រះឥន្រ្ទ ដែលជាស្តេចនៃស្ថានសួគ៌ ជាអ្នកបង្កើតឱ្យមានភ្លៀង និងជាលោកបាលប្រចាំនៅទិសខាងកើត។ ដូច្នេះហើយ បានសេចក្តីថា បុព្វបុរសខ្មែរនៅសម័យបុរាណមានជំនឿទៅលើព្រះឥន្រ្ទខ្លាំងណាស់ ព្រោះមនុស្សខ្មែរមានកង្វល់ជាធំទាក់ទងនឹងរឿងកសិកម្ម ពោល គឺត្រូវតែគោរពទេពដែលទាក់ទងនឹងទឹកភ្លៀងជារឿងចាំបាច់។
ដោយហេតុថា ប្រាសាទស្វាយអៀ មិនមានសេសសល់នូវសិលាចារឹកដូចប្រាសាទអំពិលរលំដែលនៅក្បែរគ្នាឡើយ ម្ល៉ោះហើយការកំណត់អាយុកាលរបស់ប្រាសាទ គេត្រូវពឹងផ្អែកជាសំខាន់ទៅលើប្លង់ និងគ្រឿងលម្អដែលនៅជាប់នឹងប្រាសាទ។ បើសិនយើងក្រឡេកមើលផ្នែកស្ថាបត្យកម្ម និងគ្រឿងលម្អរបស់ប្រាសាទ បង្ហាញថា វាមានលក្ខណៈស្រដៀងច្រើនទៅនឹងប្រាសាទត្នោតជុំខាងលិច ដែលស្ថិតនៅស្រុកបារាយណ៍។ ហេតុដូច្នេះហើយ យើងអាចទាញ សេចក្តីសន្និដ្ឋានបឋមបានថា ប្រាសាទស្វាយអៀ ទំនងជាប្រាសាទកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ឬព្រះពុទ្ធសាសនា នៅសម័យអង្គរ ក្នុងរវាងស.វ.ទី១០ ពោល គឺអាចចន្លោះពីរជ្ជកាលព្រះហស៌វរ្ម័នទី១ (គ.ស.៩១០-៩២២) ដល់រជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤ – ៩៦៧)។ ម្យ៉ាងវិញទៀត បើយើងក្រឡេកមើលពីគមនាគមន៍សម័យបុរាណ ទីតាំងប្រាសាទស្វាយអៀ គឺស្ថិតនៅតាមបណ្តោយផ្លូវដ៏សំខាន់ភ្ជាប់ពីសំបូរព្រៃគុក និងតំបន់ខាងត្បូងទៅកាន់តំបន់អង្គរ ដោយឆ្លងកាត់តាមប្រាសាទអណ្តែត ប្រាសាទទ្វារក្តី និងប្រាសាទផ្សេងៗមួយចំនួនទៀតនៅក្នុងស្រុកស្ទោង។
ឯកសារយោង
Aymonier, E.
1900, “Le Cambodge”, Tome I, Le royume actuel, Paris.
Lajonquière, L.
1902, Inventaire descriptive des monuments du Cambodge, Tome I, Paris.
Vickery, M.
2001-2002, Summary of lectures given at the Faculty of Archaeology, Royal University of Fine Arts, Phnom Penh.
([1]) Lajonquière, 1902.
([2]) Vickery, 2001-2002.
([3]) Aymonier, 1900.
English



















