DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ប្រាសាទព្រះធាតុរកា

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
January 3, 2026
in បុរាណវិទ្យា
0
ប្រាសាទព្រះធាតុរកា

ដោយ៖ ម៉ង់ វ៉ាលី

 

នៅក្នុងឯកសារមុនៗដែលសិក្សាដោយអ្នកស្រាវជ្រាវជនជាតិបារាំង គេច្រើនហៅប្រាសាទនេះថា “គោករកា” ប៉ុន្តែឈ្មោះនេះសព្វថ្ងៃពុំមានអ្នកស្រុកណាម្នាក់ស្គាល់ឡើយ ព្រោះអ្នកស្រុកហៅតៗគ្នាថា “ព្រះធាតុ” ឬ “ព្រះធាតុរកា”។ ពាក្យ “ព្រះធាតុ” ច្រើនតែជាពាក្យដែលគេហៅសំណង់ប្រាសាទប្រៀបប្រដូចទៅនឹងចេតិយ។ ព្រះធាតុរកា មានទីតាំងស្ថិតនៅភូមិរកា សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងមានចម្ងាយ៥០០ម៉ែត្រ ខាងត្បូងទួលដំរីស។ កន្លងមក ប្រាសាទនេះបានទាក់ទាញអ្នកស្រាវជ្រាវជាតិ និងបរទេសមកសិក្សាច្រើនណាស់ ចាប់តាំងពីដើមស.វ.ទី២០មក ដែលអ្នកស្រាវជ្រាវទាំងនោះមានដូចជា លោក Goerge Groslier ឆ្នាំ១៩២៤ លោក Henri Parmentier ឆ្នាំ១៩៣៥ លោក Goerge Coedès ឆ្នាំ១៩៥៣ លោក​ស្រី Mireille Bénisti ឆ្នាំ១៩៧៤, ១៩៧៧ លោក ម៉ក់ ភឿន ឆ្នាំ១៩៩៥ លោក បេ តៃសែ ឆ្នាំ២០០៣ និងលោក ភុំ រតនៈពិសិដ្ឋ ឆ្នាំ២០១៤។

 

ព្រះធាតុ មានប៉មមួយមានរាងកាកបាទ សង់អំពីថ្មភក់ មានយ៉មួយ បែរមុខទៅទិសខាង​កើត និង​នៅទិសផ្សេងទៀតលម្អជាទ្វារបញ្ឆោត (រូបលេខ១-៣)។ នៅទិសឦសាន មានស្រះតូចមួយដែលមាន​រៀប​ថ្មបាយក្រៀមនៅ​ជុំវិញ តែសព្វថ្ងៃថ្មបាយក្រៀមនេះបានបាត់បង់ស្ទើរអស់ទៅហើយ ហើយនៅ​ខាងកើតមានស្រះទឹកធំ​មួយ([1])។  ប្រាសាទនេះ  គេតម្រៀបថ្មភក់ជាបួនថ្នាក់  តែមិនសូវមាន​ក្បាច់លម្អអ្វីឡើយ។ ប្លង់ជាទូទៅនៃប្រាសាទនេះ មានលក្ខណៈដូចនឹងប្លង់សំណង់ហោបន់ស្រន់នៃមន្ទីរពេទ្យជាច្រើនទៀតនៅក្នុងរាជ្យព្រះបាទជ័យ​វរ្ម័ន​ទី៧ ដែលសំណង់ទាំងនោះមាន​ប្លង់ជារួមដូច​ខាងក្រោម([2])៖

  • កំពែងព័ទ្ធជុំវិញ និងមានក្លោងទ្វារពីរនៅទិសខាងកើតឬខ្លះទៀតក្លោងទ្វារខាងលិចដែរ
  • តួប៉មនៅកណ្តាលមួយបែរមុខទៅទិសខាងកើតភ្ជាប់ដោយយ៉ទៅខាងមុខ
  • មានកូនប្រាសាទមួយស្ថិតនៅទិសអាគ្នេយ៍ (ហោត្រៃ) ដែលបែរមុខទៅទិសខាងលិច
  • នៅក្រៅកំពែង នាទិសឦសាន មានស្រះទឹកមួយ។

ប៉ុន្តែ ប្លង់នៃប្រាសាទគោករកាមិនដូចទាំងស្រុងនឹងលក្ខណៈទាំងបួនខាងលើទេ ដ្បិតនៅ​ទីនេះ មិនមានហោត្រៃដូចសំណង់ហោបន់ស្រន់ដទៃឡើយ។

នៅទីនេះ មានវត្ថុសិល្បៈធ្វើអំពីថ្មភក់ច្រើនណាស់ ដែលខ្លះជាវត្ថុធាតុដើមនៃប្រាសាទ និងខ្លះទៀត​អាចគេប្រមូលមកពីប្រាសាទចាស់ៗនៅក្បែរៗនោះ។ បើយើងចាប់អារម្មណ៍អំពី​ផ្តែរ​ទ្វារដែលរកឃើញនៅ​ប្រាសាទនេះ មានរហូតដល់ ៨ ផ្ទាំង ហើយក្នុងនោះមានតែ ២ ផ្ទាំងទេដែល​នៅនឹងទ្វារបញ្ឆោត​ខាងជើងនិងខាងត្បូង។ រីឯ ៦ ផ្ទាំងផ្សេងទៀត សុទ្ធសឹងជាផ្តែរដែលគេយកមកទុកនៅក្បែរប្រាសាទ។ ផ្តែរ​នៅទ្វារបញ្ឆោតខាងត្បូង សិល្បករបានយកផ្តែរចាស់មកកាត់​តម្រឹមឲ្យស្មើនឹងទ្វារដើម្បីប្រើប្រាស់ឡើង​វិញ ដែលផ្តែរទ្វារនេះ យើងឃើញក្បាច់បន្ទាត់ធ្នូមាន​រាងត្រង់សំប៉ែត ហើយខាងក្រោមជាក្បាច់រំយោលផ្កានិង​កម្រងមាលា ខាងចុងសងខាងមានចម្លាក់រូបនាគរាជ នៅកណ្តាលផ្តែរគេឆ្លាក់រូបព្រះឥន្រ្ទគង់លើដំរី និងសងខាងមានរូបមរុតជិះលើ​សត្វសេះ (រូបលេខ៤) ([3])។ ផ្តែរទ្វារប្រភេទនេះ ជាសិល្បៈរចនាបថព្រៃក្មេង ក្នុងស.វ.ទី៧។ ផ្តែរទ្វារបញ្ឆោតខាងជើងវិញ ក៏មិនខុសគ្នាដែរ គឺផ្តែរចាស់យកមកប្រើប្រាស់ឡើងវិញ តែផ្តែរទ្វារ​នេះ​ជា​សិល្បៈរចនាបថបាភួន ស.វ.ទី១១ ដោយយើងឃើញសិល្បករកាត់ចុងផ្តែរ (រូបលេខ៥)។ ផ្តែរនេះមាន​ចម្លាក់រូបរាហូ​នៅចំកណ្តាលដៃចាប់កាន់ជើងតោដែលកំពុងខាំឬខ្ជាក់ក្បាច់បន្ទាត់ធ្នូរាងមូលដូចមែក​ឈើ និងមានចម្លាក់​ហង្សចំនួនពីរដែរ។ ចំណែក ផ្តែរទ្វារដែលយើងឃើញកប់ពាក់កណ្តាលនៅ​ក្នុងតួប្រាសាទវិញ មានលម្អដោយរូបចម្លាក់គ្រុឌកាន់នាគនៅសងខាង និងនៅលើក្បាច់បន្ទាត់ធ្នូ​មានចម្លាក់រូបព្រះគណេស ចំនួនបី ដែលផ្តែរឆ្លាក់រូបគណេសបែបនេះជាភាពកម្រមួយនៅក្នុង​សិល្បៈខ្មែរ([4])។ ផ្តែរទ្វារនេះ ក៏សិ្ថត​នៅក្នុងសិល្បៈរចនាបថព្រៃក្មេង ស.វ.ទី៧ ដូចផ្តែរខាងលើ​ដែរ (រូបលេខ៦)។

ក្រៅពីផ្តែរទាំងបីខាងលើ នៅមានផ្តែរចំនួន ៦ ផ្ទាំងទៀតដែលគេដាក់នៅខាងក្នុងប្រាសាទ​មួយ​ដែលជាផ្តែរទ្វារមានរូបមករ ស្ថិតនៅក្នុងរចនាបថសំបូរព្រៃគុក ស.វ.ទី៧ (រូបលេខ៧)។ ផ្តែរមួយនៅខាង​មុខប្រាសាទដែលគួរឲ្យចាប់អារម្មណ៍នោះគឺ សិល្បករលម្អដោយក្បាច់សន្លឹកឈើ​ធំៗនៅសងខាង និង​នៅ​លើក្បាច់បន្ទាត់ធ្នូរាងត្រង់មានក្បាច់សន្លឹកឈើតូចធំចំនួន ៥សន្លឹក ហើយ​នៅកណ្តាលគេច្នៃសន្លឹកឈើ​ទៅ​ជាមុខរាហូ([5])។ ផ្តែរនេះ ស្ថិតនៅក្នុងរចនាបថព្រៃក្មេង ស.វ.ទី៧ (រូបលេខ៨)។ ចំណែក ផ្តែរទ្វារចំនួន ៣ ផ្ទាំងទៀត គឺសុទ្ធសឹងជាផ្តែរទ្វារនៅ​រចនាបថប្រែរូប ក្នុងស.វ.ទី១០ (រូបលេខ៩)។

ក្រៅអំពីផ្តែរទ្វារ នៅទីនេះក៏មាននៅសល់វត្ថុសិល្បៈថ្មភក់ផ្សេងទៀតដូចជាសសរពេជ្ររាងប្រាំបី​ជ្រុងដែលជាសិល្បៈស.វ.ទី១០ ចំនួន ៤ដើម ជើងទម្រ ឬបល្ល័ង្កចំនួន ៤ដុំ កំពូល​ប្រាសាទ ១។ ជាពិសេសទៀតនោះ នៅទីនេះ ក៏បានរកឃើញសិលាចារឹកចំនួន ៦ ផ្ទាំង រួមមាន៖ សិលាចារឹក K.155 (1), K.155 (2), K.435, K.482, Ka.39, Ka.40។

សិលាចារឹក K.155 មានចំនួន ២ ផ្ទាំង ដែលសុទ្ធសឹងជាសិលាចារឹកស.វ.ទី៧-៨។ ក្នុង​នោះ សិលា​ចារឹក K.155 (1) ធ្លាប់បានសិក្សាដោយលោក George Coedès ម្តងរួចមកហើយ​ក្នុងឆ្នាំ១៩៥៣([6])។ សិលាចារឹកនេះ គេចារជាប់នឹងថ្មមេទ្វារច្រកចូលប្រាសាទ មានចំនួន ២១​បន្ទាត់ ជាភាសាខ្មែរបុរាណ ហើយផ្នែកខាងលើនិងខាងក្រោមនៃចារឹកមានការខូចខាតច្រើន។ សេចក្តីជាទូទៅនៃសិលាចារឹកនេះ គឺរៀបរាប់ដង្វាយរបស់មន្រ្តីម្នាក់ឈ្មោះថា “ធាន្យករបតិ” ថ្វាយដល់អាទិទេពព្រះនាម “ស្រីសិតិកណ្ឋេស្វរ” និងអាទិទេពព្រះនាម “ស្រីសៅរិបតិស្វរ” ដែលអំណោយជាច្រើនសុទ្ធសឹងជាអ្នកបម្រើនៅទេវស្ថានមាន​មុខងារផ្សេងៗគ្នា។

ចំណែក សិលា​ចារឹក K.155 (2) ក៏ធ្លាប់បានសិក្សាដោយលោក George Coedès ម្តងរួចមក​ហើយដែរនៅឆ្នាំ១៩៥៣([7]) ហើយលោកស្រី ពៅ សាវរស ក៏បានសិក្សាឡើងវិញ​ដោយចុះបញ្ជីលេខ Ka.41([8])។ សិលាចារឹកនេះ បានបាក់បែកជាពីរកំណាត់ផ្សេងគ្នា ប៉ុន្តែ នៅ​សព្វថ្ងៃអ្នកជំនាញបានជួសជុលត​ភ្ជាប់ឡើងវិញ ហើយរក្សាទុកនិងដាក់តាំងបង្ហាញនៅលើថែវ​សារមន្ទីរខេត្តកំពង់ធំ។ សិលាចារឹកនេះ ចារ​ជាភាសាខ្មែរមានចំនួន ៣២បន្ទាត់ តែផ្នែកខ្លះមានការ​រលុបអក្សរ។ រូបរាងអក្សរនៃចារឹកនេះ គឺប្រហាក់​ប្រហែលនឹងសិលាចារឹកខាងលើដែរ ពោល គឺ​ទំនងចារនៅស.វ.ទី៧ឬ៨។ សេចក្តីជាទូទៅនៃចារឹកនេះ គឺ​រៀបរាប់អំពីឈ្មោះអ្នកបម្រើប្រុសស្រី កសិករ សត្វពាហនៈ និងស្រែរបស់ពួកគេ ហើយក៏មានរៀបរាប់អំពី​ស្រុកថ្មីមួយឈ្មោះថា “ទ្រទោ” ដោយមានប្រាប់អំពីពួកខ្ញុំធ្វើស្រែ ក្រុមគ្រួសារពួកគេ ពួកសិប្បករ អ្នកចំការ​នៅស្រុក​នោះ និងបញ្ជីឈ្មោះស្រែ។

សិលាចារឹកមួយទៀតចុះបញ្ជី Ka.39 សព្វថ្ងៃរក្សាទុកនៅខាងមុខប្រាសាទ ដែលជា​ប្រភេទចារឹកនៅលើមេទ្វារ មាន​ចំនួន ១៩បន្ទាត់ ចារឹកជាភាសាខ្មែរបុរាណ ហើយធ្លាប់បានសិក្សា​ដោយលោកស្រី ពៅ សាវរស ម្តងរួចមក​ហើយកាលពីឆ្នាំ២០០១([9])។ សេចក្តីជាទូទៅនៃចារឹក​នេះរៀបរាប់អំពីដង្វាយថ្វាយចំពោះព្រះ​អាទិទេពមួយអង្គព្រះនាម     “ស្រីកលញ្ជលេស្វរ” មាន​ដូចជា ក្ញុំបម្រើព្រះប្រុសស្រី ដីស្រែ ចម្ការ ច្បារដំណាំ អង្ករ សម្លៀកបំពាក់….។ បើមើលតាមរូប​រាងអក្សរ ទំនងចារឹកនៅស.វ.ទី៧ ឬ ៨។

សិលាចារឹក Ka.40 សព្វថ្ងៃរក្សាទុកនៅខាងមុខប្រាសាទ ដែលជាប្រភេទចារឹកនៅលើ​មេទ្វារ មាន​ចំនួន ២០បន្ទាត់ ចារឹកជាភាសាខ្មែរបុរាណ ហើយធ្លាប់បានសិក្សាដោយលោកស្រី ពៅ សាវរស ម្តងរួចមក​ហើយកាលពីឆ្នាំ២០០១([10])។ សេចក្តីជាទូទៅនៃចារឹកនេះ រៀបរាប់អំពីការ​ទិញដីស្រែនៅក្នុងរាជ្យស្តេចយាងទៅសួគ៌សិវបុរ (ជ័យវរ្ម័នទី១)។ សិលាចារឹកនេះអាចចារនៅ​ស.វ.ទី៨។

សិលាចារឹកមួយទៀតចុះបញ្ជី K.482 បានបាត់បង់ពីទីតាំងដើមហើយ ប៉ុន្តែ ធ្លាប់បាន​សិក្សាដោយលោក George Coedès កាលពីឆ្នាំ១៩៥៣([11])។ សិលាចារឹកនេះ មានចំនួន ២០ បន្ទាត់ ដែលផ្នែកខាងលើចំនួន ៨ បន្ទាត់ ចារជាភាសាសំស្រ្កឹត ស្មើនឹង ៤ស្លោក និង ១២បន្ទាត់​ចារឹកជាភាសាខ្មែរបុរាណ។ សិលាចារឹកនេះ ផ្តើម​ឡើងដំបូងដោយការគោរពដល់អាទិទេព​ព្រះ​នាម “ស្រីកម្ភិរេស្វរ” ដែលជាអាទិទេពសំខាន់មួយនៅក្រុម​ខាងជើងនៃតំបន់ប្រាសាទសំបូរព្រៃគុក ហើយជាតឹកតាងមួយដែលឲ្យគេដឹងថាសិលាចារឹកនេះមានប្រភព​មកពីតំបន់មិនឆ្ងាយពីកំពង់ធំ។ បន្ទាត់ទី១ បានខូចខាតទាំងស្រុង ហើយសំណេរជាសំស្រ្កឹតដែលនៅសល់​បន្ទាប់ទៀត គឺរៀបរាប់​អំពីការកសាងអាទិទេពភេទស្រីព្រះនាម “ត្រិភូវនេសៃ” ដោយក្រុមពួក “ជុង” ជាមន្រ្តីរាជការ​ព្រះមហាក្សត្រ (រលុបឈ្មោះ) គឺប្រហែលក្នុងរាជ្យព្រះបាទឦសានវរ្ម័នទី១ ដោយសំអាង​លើរូប​រាងអក្សរដូចទៅនឹងសិលាចារឹកនៅតំបន់សំបូរព្រៃគុក។ បន្ទាប់មកទៀត ចាប់ពីបន្ទាត់ទី៩តទៅ គឺជា​បញ្ជីរាយនាមក្ញុំបម្រើព្រះប្រុសស្រី ថ្វាយចំពោះអាទិទេពព្រះនាម “ភគវតិ” ([12])។

សិលាចារឹកមួយទៀតដែលសំខាន់ជាងគេ គឺចុះបញ្ជីលេខ K.435  ដែលអត្ថបទចារឹកនេះ​សរសេរជាភាសាសំស្រ្កឹតទាំងស្រុង មានចំនួន ៩៨បន្ទាត់ ចារនៅលើ​ថ្ម​គោលមានបួនមុខ ដោយ​នៅលើមុខបីផ្នែកគេចារ ២៤បន្ទាត់ និងមុខមួយទៀតមាន ២៦បន្ទាត់។ សិលា​ចារឹកនេះ ចារឹក​ឡើងនៅម.ស.១១០៤ ត្រូវនឹងគ.ស.១១៨២ ស្តីពីអរោគ្យសាលាសាងសង់ឡើងដោយព្រះ​បាទ​ជ័យវរ្ម័នទី៧។ អត្ថបទនេះ មានអត្ថន័យដូចគ្នាច្រើនទៅនឹងសិលាចារឹកសាយហ្វុង K.368 លើក​លែង​តែផ្នែកតិចតួច ហើយធ្លាប់បកប្រែដោយលោក Louis Fin​ot កាលពីឆ្នាំ១៩១៥([13])។ សិលាចារឹកនេះ បញ្ជាក់ថា ប្រាសាទគោករកា គឺជាហោបន់ស្រន់នៃមន្ទីរពេទ្យមួយកន្លែងក្នុងចំណោម​មន្ទីរ​ពេទ្យ​ទាំង១០២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដូចដែលបានរៀបរាប់ក្នុងសិលាចារឹក​ប្រាសាទព្រះខ័ន ចារ​ក្នុងគ.ស.១១៨៦([14])។ សេចក្តីជាទូទៅក្នុងសិលាចារឹកប្រាសាទគោករកា K.435 នេះ បានរៀបរាប់អំពីការ​លើកសរសើរអំពីព្រះរាជា និងបានបង្ហាញអំពីសេវានៅក្នុងមន្ទីរ​ពេទ្យ និងរៀប​រាប់ពីមុខងារ ចំនួនបុគ្គលិក ដែលធ្វើការនៅទីនោះ([15])។

 

ជារួមមក ឆ្លងតាមការសិក្សាអំពីប្លង់ទូទៅ ក្បាច់លម្អស្ថាបត្យកម្ម សិល្បៈ និងសិលាចារឹក​នៅ​ប្រាសាទគោករកា យើងឃើញថា ទីតាំងនេះទំនងជាទីតាំងអតីតប្រាសាទចាស់មួយកាលពី​សម័យមុន​អង្គរ ហើយមកដល់រាជ្យព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានសាងសង់បន្ថែមទៅជាសំណង់​ហោបន់ស្រន់នៃ​មន្ទីរ​ពេទ្យ ដ្បិតតាមរយៈសិលាចារឹក K.435 បានឲ្យយើងដឹងលម្អិតអំពីទេព​នៅក្នុងប្រាសាទ គឺព្រះពុទ្ធ​ភៃសជ្យគុរុ ឬហៅថា ព្រះពុទ្ធគ្រូថ្នាំ ដែលជាទេពនៃព្រះពុទ្ធសាសនា​មហាយាន។ ដោយឡែក វត្ថុសិល្បៈទាំងអម្បាលម៉ានដែលមានសម័យកាលផ្សេងៗគ្នាដូចរៀប​រាប់ខាង លើ គឺទំនងជារបស់ចាស់នៅទីនេះ​ស្រាប់ និងមួយចំនួនអាចអ្នកស្រុកប្រមូលមកពីទីទួល​ផ្សេងៗនៅមិនឆ្ងាយពីប្រាសាទ។ ករណីនេះ នាំ​ឲ្យ​យើងដឹងថា ទីតាំងណាដែលជាសាសនដ្ឋាន​ដ៏​ស័ក្តិសិទ្ធិពីបុរាណមក តែងតែមានការគោរពប្រណិប័តន៍​ឥតឈប់ឈរ បើទោះបីនិន្នាការនៃការ​ផ្លាស់ប្តូរសាសនាទៅហើយក្តី។ ជាក់ស្តែង កាលពីស.វ.ទី៧ ទីតាំងប្រាសាទនេះ ទំនងជាប្រាសាទ​ឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយព្រះឥសូរ តែក្រោយមកប្តូរមក​ជា​សំណង់ហោបន់ស្រន់នៃមន្ទីរ​ពេទ្យក្នុងព្រះពុទ្ធសាសនាមហាយានវិញ។ អ្វីដែលគួរកត់សម្គាល់ថែមទៀត​នោះ គឺកាលពីឆ្នាំ​២០១៤ លោក ភុំ រតនៈពិសិដ្ឋ បានស្រាវជ្រាវលើប្រធានបទមួយស្តីពី “ពិចារណាលើ​ទីប្រជុំជន​វិស័យសន្ទុក” ហើយជាលទ្ធផលតាមរយៈការសិក្សាលើទិន្នន័យបុរាណវិទ្យាជាច្រើនកន្លែងនៅ​ជុំវិញប្រាសាទនេះ លោកបានឲ្យសេចក្តីសន្និដ្ឋានបឋមថា “តំបន់ប្រាសាទគោករកា ទំនងជាទីប្រជុំ​ជន​នៃ​វិស័យសន្ទុកកាលពីរាជ្យព្រះបាទជ័យវរ្ម័នទី៧ ចុងស.វ.ទី១២ ដើមស.វ.ទី១៣។ ពាក្យថា “វិសយសន្ទុក” នៅត្រង់នេះគឺចង់សំដៅលើទីប្រជុំជនតំបន់រដ្ឋបាលមួយ ដែលពេលនោះគេហៅ​តំបន់នេះថា “សន្ទុក”។ ការសន្និដ្ឋានដូចនេះ ក៏ដោយសារលោកយល់ថាប្រាសាទគោករកា មាន​តួនាទីជាសំណង់ហោបន់ស្រន់​នៃ​មន្ទីរពេទ្យម្ល៉ោះហើយទីប្រជុំជន គឺប្រាកដជានៅកន្លែងដែលមានមន្ទីរពេទ្យជាក់ជាមិនខាន។

 

 (1) Parmentier 1935: 74.

([2]) សោ សុភាព, ២០១៨: ១៧។

 (3) Ben 2005.

(4)  Bénisti 1977 : 145-149.

([5]) ម៉ង់ វ៉ាលី ២០១៤: ៣៤។

([6]) Coedès 1953: 64-68.

([7]) Coedès 1953: 64-68.

([8]) Saveros Pou 2001: 204.

([9]) Saveros Pou 2001: 211.

([10]) Saveros Pou 2001: 204.

([11]) Coedès 1953: 28.

([12]) Coedès 1953: 28.

([13]) Finot 1915: 108.

([14]) Coedès 1953: 28.

([15]) Finot 1915: 108.

 

ឯកសារយោង

ម៉ង់ វ៉ាលី

២០១៤, ការវិវត្តចម្លាក់រាហូលើផ្តែរទ្វារក្នុងសិល្បៈខ្មែរសម័យបុរាណ, ភ្នំពេញ

សោ សុភាព

២០១៨, ពិចារណាប្រភេទសំណង់នៅវត្តប្រាសាទជាន់ជុំ, ភ្នំពេញ

Aymonier, Etienne

1900, “Le Cambodge”, Tome I, Le royume actuel, Paris.

Bénisti, Mireille

1974, Recherches sur le premier art khmer, VI. Linteaux inéits et linteaux méconnus, Art Asiatique, Tome 30, Paris.

1977, “Recherches sur le premier art khmer : VII. Le problem de Sambor   S.1”, Art Asiatiques, Tome 33, Paris Tome 28, Paris.

Ben, Wreyford

2015, Riders on the storm: Pre-angkorian Indra lintel in imagery kingship and the monsoon, 15th EurASEAA International conference 6-10 July 2015, Université Paris Ouest Nanterre la Défense.

Coedès, George

1953, Inscription du Cambodge, Vol V, Hanoi.

Finot, Louis

1915, Notes d’epigrahie, les inscription du musée de Hanoi, BEFEO, Tome 15, pp. 1-135.

Saveros Pou

1989, Nouvelles inscriptions du Cambodge II & III, École Français

d’Extrême-Orient,​ Paris.

 




Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province