DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ប្រាសាទតោនៅសំបូរព្រៃគុក (តួប៉ម C1)

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
November 13, 2025
in ប្រវត្តិសិល្បៈ
0
ប្រាសាទតោនៅសំបូរព្រៃគុក (តួប៉ម C1)

រូបលេខ៤៖ បដិមាតោនៅប្រាសាទតោ តួប៉ម C1 (មុខខាងកើត)

ដោយ៖ ម៉ង់ វ៉ាលី

 

ក្រុមប្រាសាទតោ គឺជាក្រុមប្រាសាទស្ថិតនៅកណ្តាល ចន្លោះក្រុមប្រាសាទសំបូរ និងក្រុម​ប្រាសាទយាយព័ន្ធនៃតំបន់ប្រាសាទសំបូរព្រៃគុក។ ក្រុមប្រាសាទតោ មានតួប៉មប្រាសាទសរុបចំនួន ៤៣ ហើយក្នុងនោះមានប្រាសាទនៅល្អទាំងស្រុងចំនួន ១ នៅល្អពាក់កណ្តាលចំនួន ៦ និងស្ថិត​នៅក្រោមពាក់កណ្តាលចំនួន៣៦។ ក្រុមប្រាសាទនេះ បានហ៊ុមព័ទ្ធដោយកំពែងធ្វើពីថ្មបាយ​

ក្រៀមចំនួនពីរជាន់ ដែលកំពែងខាងក្រៅមានបណ្តោយ ៣២៨ម៉ែត្រ ទទឹង ៣១០ម៉ែត្រ ដែលមានច្រក​ចូលនៅទិសខាងកើតនិងខាងលិច។ រីឯកំពែងខាងក្នុងវិញ មានប្រវែង១៧២ម៉ែត្រ ទទឹង១៦០​ម៉ែត្រ ដែលមានច្រកចូលនៅស្របទិសដូចគ្នានឹងកំពែងខាងក្រៅ។ នៅទិសឦសានចន្លោះកំពែងខាងក្នុង និងខាងក្រៅ មានស្រះបុរាណមួយមានប្រវែងបណ្តោយ ៤២,១០ម៉ែត្រ ទទឹង៣២,៤០ម៉ែត្រ ដែលជាស្រះមានបាតនិងជញ្ជាំងតម្រៀបដោយថ្មបាយ​ក្រៀមជុំវិញ។ នៅផ្នែកខាងត្បូងនៃស្រះទឹកនេះ គេតម្រៀបជាជណ្តើរសម្រាប់ចុះធ្វើពិធីសាសនា​ផ្សេងៗនៅក្នុងស្រះ។ នៅច្រកចូលកំពែងខាងលិច មានផ្លូវភ្ជាប់សម្រាប់ចេញចូលទៅកាន់បរិវេណក្រុងឦសានបុរ។

ប្រាសាទភាគច្រើននៅក្រុមប្រាសាទតោ សាងឡើងអំពីឥដ្ឋ និងថ្មបាយក្រៀម ហើយមាន​គ្រឿងមានគ្រឿងលម្អស្ថាបត្យកម្មធ្វើអំពីថ្មភក់ ដែលមានអាយុកាលចាប់ពីរវាងស.វ.ទី៧-ចុងស.វ.ទី៨។ ប៉ុន្តែ នៅ​ក្នុងក្រុមនេះពុំមាននៅសល់សិលាចារឹកឲ្យអ្នកស្រាវជ្រាវសិក្សាបានឡើយ។ ម្ល៉ោះហើយ ដើម្បី​សិក្សាអំពីប្រាសាទនេះគេបានពឹងផ្អែកយ៉ាងសំខាន់លើការសិក្សាប្រៀបធៀបប្លង់ និងក្បាច់លម្អនៃ​ប្រាសាទប៉ុណ្ណោះ។ តាមការសិក្សារបស់លោក Daniel Michon ក្រុមប្រាសាទតោ សាងឡើងស្របជាមួយទ្រឹស្តីនៃលទ្ធិព្រហ្មញ្ញសាសនា និកាយព្រះឥសូរ ដូចក្រុមប្រាសាទសំបូរ និង​ក្រុមប្រាសាទយាយព័ន្ធដែរ។ ដ្បិត លោកបានសិក្សាអំពីប្លង់ទូទៅ ដោយធៀបជាមួយប្លង់ក្រុម​ប្រាសាទផ្សេងទៀត និងធៀបជាមួយគម្ពីរព្រហ្មញ្ញសាសនា[1]។ ក្នុងឆ្នាំ១៩១៣ លោក Henri Parmentier បានសិក្សា និងចុះបញ្ជីក្រុមប្រាសាទតោថា “ក្រុមប្រាសាទកណ្តាល” តាងដោយអក្សរ C (Central) ដោយហេតុថាក្រុមនេះស្ថិតនៅកណ្តាលក្រុមខាងជើងនិងខាងត្បូង[2]។

ប្រសិនយើងពិនិត្យទៅលើការរៀបចំប្លង់ជាទូទៅនៃក្រុមប្រាសាទតោយើងឃើញថា នៅ​ជ្រុងកំពែងទាំងពីរជាន់ គ្រប់ទិសទាំងអស់ គេសាងជាតួប៉មប្រាសាទដូចៗគ្នា តែសព្វថ្ងៃតួប៉មទាំង​នោះបានបាក់បែកអស់ហើយ។ ប៉ុន្តែ ច្រកទ្វារចូល គេមិនធ្វើជាបួនទិសដូចក្រុមប្រាសាទយាយព័ន្ធ​ឡើយ ពោល គឺមានតែច្រកខាងកើតនិងខាងលិច។ ក្នុងបរិវេណកំពែងខាងក្រៅ ក្រៅពីស្រះទឹក យើងឃើញមានតួប៉មប្រាសាទចំនួន ៨។ ក្នុងនោះនៅខាងកើត មានតួប៉មចំនួន ៥ ដែលតួប៉ម ៤ សាងអមច្រកទ្វារចូលជាពីរជាន់ និងតួប៉ម ១ទៀត សាងនៅជិតជ្រុងកំពែងទិសអាគ្នេយ៍។ ក្នុង​ចំណោមតួប៉មទាំង ៥ នៅខាងកើត មានតួប៉មពីរសាងឡើងអំពីថ្មបាយក្រៀម មានរាងទ្រវែង តែ​យើងមិនដឹងជាអ្វីឲ្យប្រាកដទេ។ ក្នុងបរិវេណកំពែងខាងក្រៅដដែល នៅខាងជើងមានតួប៉ម ២, ខាងលិចមានតួប៉ម ១។ ចំណែក បរិវេណកំពែងខាងក្នុងវិញ មានតួប៉មសំខាន់មួយនៅចំកណ្តាល សព្វថ្ងៃ​អ្នកស្រុកហៅថា “ប្រាសាទតោ” ហើយមានតួប៉មចំនួន ៤ ទៀត សង់នៅអមច្រកចូលខាងលិច និងខាងកើត។ តើប្រាសាទតោ (តួប៉ម C1) មានលក្ខណៈបែបណាខ្លះ?

តួប៉មនេះ សង់ឡើងអំពីឥដ្ឋបូក​កំបោរបាយអ (កំបោរបាយអសព្វថ្ងៃជ្រុះអស់​​ហើយ) រាងបួនជ្រុងទ្រវែង បែរមុខទៅទិស​ខាងកើត សង់នៅលើខឿនធ្វើអំពីឥដ្ឋ (រូបលេខ១-៣)។​​ ប្រាសាទនេះ មានកម្ពស់ ១៤ម៉ែត្រ ជញ្ជាំងកម្រាស់ ២,៥ម៉ែត្រ បណ្តោយ ១៥,៥ ម៉ែត្រ និងទទឹង ១២,៤៤ ម៉ែត្រ។ នៅផ្នែក​ខាងក្នុងប្រាសាទ សិល្បកររៀបជាបន្ទប់សក្ការ​មានរាងបួនជ្រុងទ្រវែង លយចេញមកច្រក​ចូលខាងកើតបន្តិច។ ជញ្ជាំងខាងក្នុងលម្អដោយ​ក្បាច់សសរផ្អោបជ្រុង រៀបជារាងសាជីជ្រុង​ ដែលសព្វថ្ងៃយើងឃើញមានសេសសល់ស្នាមទឹកពណ៌ ដែលគេលាបជាប់នឹង​ជញ្ជាំង។ ផ្នែកខាងកើត គេរៀបជារាងសាជី​ជ្រុងដែលនៅខាងលើ ទ្រដោយថ្មភក់មួយដុំ​សម្រាប់សម្រាលទម្ងន់ប្រាសាទ ហើយនៅតាមក្បាលជញ្ជាំង មានថ្មភក់រាងដូចកំណាត់ឈើជ្រុងគេ​តម្រៀបជុំវិញប្រាសាទធ្វើជាពិតានឬទ្រមេពិតាន។ ផ្នែកដំបូលខាងក្នុង គេរៀបជាថ្នាក់ៗរាងកោង​ត្រង់ស្តួចចុងប៉ះគ្នានៅផ្នែកខាងលើដែលមានកំពូលធ្វើអំពីថ្មភក់តែសព្វថ្ងៃកំពូលប្រាសាទធ្វើអំពីថ្ម​ភក់នេះបានជ្រុះធ្លាក់មកក្រោមអស់ហើយ។ សព្វថ្ងៃ នៅខាងក្នុងប្រាសាទមានសេសសល់បំណែក​ជើងទម្រខ្លះ តែយើងមិនដឹងប្រាសាទថាតួប៉មនេះតម្កល់អាទិទេពណាមួយនោះទេ។ ប៉ុន្តែ អ្នកស្រាវជ្រាវជាន់ថ្មីយល់ថា ជើងទម្រ​នេះអាចតម្កល់សិវលិង្គដូចក្រុមប្រាសាទផ្សេងៗដែរ[3]។

នៅមុខខាងកើត គេរៀបក្បាលជណ្តើរអមសងខាងខឿនយ៉ាងខ្ពស់ភ្ជាប់ដោយបដិមាតោ​មួយគូ កាំជណ្តើរ ៧កាំ ទ្រនាប់ជណ្តើរ ១។ ចម្លាក់តោនៅទីនេះមានចំនួនសរុប ៦ ពោល គឺគេ​ដាក់នៅមុខទ្វារចូលទិសខាងកើត មុខទ្វារបញ្ឆោតទិសខាងជើង និងមុខទ្វារបញ្ឆោតទិសខាង​ត្បូង ប៉ុន្តែនៅខាងលិចពុំមាននោះឡើយ។ បដិមាតោចំនួន ៣ គេយកទៅរក្សាទុកនៅសារមន្ទីរ​ខេត្ត តែបដិមាតោ​១បាត់បង់បាត់ទៅហើយ។ អ្នកស្រាវជ្រាវប្រវត្តិសិល្បៈដ៏ល្បីល្បាញមួយរូប គឺលោក Jean Boisselier យល់ថា បដិមាតោនេះអាចសង់ឡើងពេលវេលាខុសគ្នាជាមួយប្រាសាទ (សាងក្រោយប្រាសាទ)[4]។ ចំណែកឯលោក Phillipe Stern យល់ថា បដិមាតោនេះមានលក្ខណៈស្រដៀងតោនៅប្រាសាទថ្ម​ដាប់ លើភ្នំគូលែន ហើយស្ថិតនៅក្នុងរចនាបថគូលែន ចុងស.វ.ទី៨[5]។ ចម្លាក់តោទាំងអស់ មានមាត់បើកធំ ធ្មេញសំប៉ែតធំ ភ្នែកបើកសំឡឹងមើលទៅមុខ រោមរួញ​សំពោងធំជាងដងខ្លួន កន្ទុយដាក់សន្ធឹងរហូតដល់ក្បាល ជើងទាំងបួននៅនឹងថ្កល់ឥតចលនា ក្បាល និងដងខ្លូនមិនសមាមាត្រគ្នាទេ គឺក្បាលធំជាងដងខ្លួន តែសិល្បករឆ្លាក់យ៉ាងផ្ចិតផ្ចង់[6] (រូបលេខ៤)។

ហោជាង មានរាងដូចក្រចកសេះដែលមានលម្អក្បាច់ផ្សេងៗ ​តែសព្វថ្ងៃរបេះក្បាច់អស់ ហើយ។ នៅអមសងខាងទ្វារចូលនីមួយៗ និងនៅតាមជ្រុងជញ្ជាំងប្រាសាទ​មានលម្អជាក្បាច់សសរផ្អោប និងនៅតាមក្បាលជញ្ជាំងទំនងជាមានលម្អដោយក្បាច់ផ្សេងៗដូច​តួប៉មដទៃទៀតដែរ គ្រាន់តែឥលូវរបេះជ្រុះធ្លាក់មកក្រោមអស់។ ចន្លោះសសរផ្អោបនីមួយៗនៅលើ​ជញ្ជាំងប្រាសាទ មានលម្អចម្លាក់វិមានអណ្តែតក្នុងមួយទិសមានចំនួន២   (រូបលេខ៥-៦)។ ចម្លាក់វិមាន​អណ្តែតនីមួយៗ គេលម្អជាបីថ្នាក់ ដែលថ្នាក់ខាងក្រោមមានបន្ទះថ្មភក់ស្តើងមួយទ្រពីក្រោមជំនួសរូប​ចម្លាក់សត្វទេវកថាដូចគេធ្លាប់ឃើញនៅប្រាសាទដទៃទៀតនៅតំបន់សំបូរព្រៃគុក ហើយបង្ហាញពីការវិវត្តមួយបែបនៃចម្លាក់វិមានអណ្តែតនៅសម័យមុនអង្គរ។

ដោយឡែក ផ្តែរទ្វារតួប៉មនេះ មានគ្រប់ទិសទាំងបួន។ ផ្តែរទ្វារខាងកើតទំនងឆ្លាក់មិនទាន់ហើយនោះទេ ដែល​មានក្បាច់បន្ទាត់ធ្នូរាងត្រង់​ខាងចុងមានជាក្បាលមករបែរមុខចេញក្រៅឆ្លាក់មិនហើយ និងផ្នែកខាង​ក្រោមជារំយោលផ្កាឬកម្រងមាលា។ ផ្តែរទ្វារខាងជើងនិងខាងត្បូងមានលក្ខណៈដូចគ្នា ដោយនៅ​ខាងចុងផ្តែរទាំងសងខាងលម្អជាសន្លឹកឈើ ក្បាច់បន្ទាត់ធ្នូមានរាងត្រង់លម្អដោយសន្លឹកឈើតម្រៀប​គ្នាចំនួន៥ ហើយនៅខាងក្រោមមានលម្អជារំយោលផ្កា ឬកម្រង    មាលា (រូបលេខ៧)។ លោក Boisselier, Jean យល់ថា ផ្តែរទ្វារខាងជើងនិងខាងត្បូង ស្ថិតនៅក្នុងចុងរចនាបថព្រៃក្មេង[7]។ ចំណែក ផ្តែរទ្វារខាងលិច មានក្បាច់បន្ទាត់ធ្នូ មានរាងមូលដូចមែកឈើកួចជាកង់ៗដោយក្បាច់ផ្ការំដួលធ្លាក់រំយោលចុះមក​ក្រោម ដែលផ្នែកខាងចុងនៃបន្ទាត់ធ្នូមានរាងកោងវង់ចូលក្នុងដោយក្បាច់គូថខ្យង ផ្នែកខាងលើនិង​ខាងក្រោមផ្តែរលម្អជាសន្លឹកផ្កានិងរំយោលផ្កាឬកម្រងមាលា (រូបលេខ៨)។ ផ្តែរខាងលិច មាន​ក្បាច់លម្អជាទូទៅដូចផ្តែរនៅប្រាសាទវត្តប្រាសាទដែរ[8] ហើយមានលក្ខណៈជិតចូលដល់រចនាបថគូលែន (ចុងស.វ.ទី៨)[9]។

កន្លងមក ប្រាសាទតោ តួប៉ម C1 ធ្លាប់មានអ្នកសិក្សាស្រាវជ្រាវច្រើនជំនាន់មកហើយ និងបានផ្តល់នូវការសន្និដ្ឋានផ្សេងៗគ្នា។ ជាក់ស្តែង ក្នុងឆ្នាំ១៩៣០ លោក Phillipe Stern យល់ថា សំណង់ប្រាសាទតោ ស្ថិតនៅអន្តរកាលរវាងចុងរចនាបថកំពង់ព្រះនិងដើមរចនាបថគូលែន (ចុង​ស.វ.ទី៨ ដើមស.វ.ទី៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២។ ក្រោយមក លោក Boisselier Jean និង​លោកស្រី Bénisti Mirreille សិក្សាបន្ត យល់ថា ជាសំណង់នៅអន្តរកាលរចនាបថព្រៃក្មេងនិងរចនាបថកំពង់ព្រះ (ចុងស.វ.ទី៧ ដើមស.វ.ទី៨) ទំនងចុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១។ ប្រសិន​បើយកការស្នើឡើងរបស់អ្នកប្រាជ្ញទាំងបីមកពិចារណាឡើងវិញ យើងអាចសន្និដ្ឋានថា ប្រាសាទតោ ទំនងចាប់ផ្តើមកសាងឡើងនៅចុងស.វ.ទី៧ រវាងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១  និងបានសាងបដិតោបញ្ចប់នៅចុងស.វ.ទី៨ ក្នុងរវាងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ។

 

 

[1] Michon 2008: 20-24.

[2] Parmentier 1913: 23.

([3]) Michon, 2008: 20-24.

[4] Boisselier 1966: 197.

[5] Stern 1938: 141.

[6] លាង ស៊ីណាំ ២០០៧: ៤៣។

[7] Boisselier 1968: 101.

[8] Bénisti 1971: 111.

[9] Boisselier 1968: 134.

 

ឯកសារយោង

លាង ស៊ីណាំ

២០០៧, ចម្លាក់តោក្នុងសិល្បៈខ្មែរ, ភ្នំពេញ។

Bénisti, Mireille

1971, “Recherches sur le premier art khmer, III. Aux confins des styles de Prei Kmeng et de Kampong Preah ”​, Arts Asiatiques, Tome 23, Paris.

Boisselier, Jean

  • 1966, “Asie du Sud-Est, Le Cambodge ”​, Tome I, Paris.
  • 1968“Les linteaux khmère du VIIIe siècle, Nouvelles données sur le style de Kampong Preah ”​, Arlibus Asiae, Tome XXX, Paris.

Daniel Michon

2008, Digital modeling of tangible and intangible cultural heritage of temples anlong the pacific rim, the Śaivite temples of Sambor Prei Kuk, Cambodia, Claremont Mckenna College, June 1, 2008.

Parmentier, Henri

1913, “Complément à l’Inventaire descriptif des monuments du Cambodge”, BEFEO, Tome 13, Paris.

 

រូបលេខ១៖ ប្រាសាទតោ តួប៉ម C1 (មើលពីទិសខាងកើត)
រូបលេខ២៖ ប្រាសាទតោ តួប៉ម C1 (មើលពីទិសអាគ្នេយ៍)
រូបលេខ៣៖ ប្រាសាទតោ តួប៉ម C1 (មើលពីទិសអាគ្នេយ៍)

រូបលេខ៤៖ បដិមាតោនៅប្រាសាទតោ តួប៉ម C1 (មុខខាងកើត)
រូបលេខ៥៖ ចម្លាក់វិមានអណ្តែតនៅប្រាសាទតោ តួប៉ម C1
រូបលេខ៦៖ ចម្លាក់វិមានអណ្តែតនៅប្រាសាទតោ តួប៉ម C1

រូបលេខ៧៖ ផ្តែរទ្វារបញ្ឆោតខាងជើងប្រាសាទតោ តួប៉ម C1
រូបលេខ៨៖ ផ្តែរទ្វារបញ្ឆោតខាងលិចប្រាសាទតោ តួប៉ម C1

Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province