ដោយ៖ ម៉ង់ វ៉ាលី
លិង្គ គឺជារូបស្នងមួយនៃព្រះឥសូរ។ តាមរឿងទេវកថាព្រហ្មញ្ញសាសនា សសរលិង្គព្រះឥសូរកើតឡើងនៅពេលដែលព្រះនារាយណ៍ និងព្រះព្រហ្មឈ្លោះប្រកែកគ្នាលើបញ្ហាថា តើអ្នកណាជាអាទេពទេពធំជាងគេ? រំពេចនោះសសរភ្លើងមានមុខព្រះឥសូរនៅចំកណ្តាលក៏ផុសចេញឡើងដែលមានព្រះនាមថា “ឥស្វរ” (ព្រះនាមទីមួយរបស់ព្រះឥសូរ) ដែលបញ្ជាក់ថា ទ្រង់គឺជាអាទិទេពធំជាងគេបង្អស់[1]។ ពេលនោះ ព្រះព្រហ្ម និងព្រះនារាយណ៍ មិនជឿ ក៏កើតទៅជាការដាក់បន្ទររវាងព្រះឥសូរ និងអាទិទេពទាំងពីរ។ ក្នុងនោះ បន្ទរទី៣របស់ព្រះឥសូរគឺ “បើអាទិទេពទាំងពីរអាចចេញពីសសរភ្លើងនេះបាន យើងនឹងជឿថាអ្នកជាអាទិទេពកំពូល”។ មានព្រះបន្ទូលចប់ ព្រះព្រហ្មនិងព្រះនារាយណ៍ក៏យល់ព្រម ហើយព្រះឥសូរក៏ទាញព្រះនារាយណ៍ចូលក្នុងសសរ ភ្លើងដោយថ្នមបំផុត និងទ្រង់បានចាប់គ្រវែងព្រះព្រហ្មចូលសសរភ្លើងផ្នែកខាងក្រោមភ្លាម។ ពេលនោះព្រះនារាយណ៍បានប្រើថាមពលអស់ពីព្រះកាយដើម្បីចេញឱ្យផុតពីសសរភ្លើង ហើយសសរភ្លើងក៏បានប្រេះទៅជាប្រាំបីជ្រុងនៅតែចេញរួច រីឯព្រះព្រហ្មវិញក៏ប្រឹងរហូតដល់សសរភ្លើងប្រេះបែកជាបួនជ្រុង សន្លប់ជាច្រើនសារ ក៏នៅតែមិនរួច[2]។ ហេតុដូច្នេះហើយ ទើបយើងឃើញលិង្គភាគច្រើនគេសាងសង់ជាបីផ្នែក ដែលផ្នែកខាងក្រោមរាងបួនជ្រុង តំណាងឱ្យព្រះព្រហ្ម ផ្នែកកណ្តាលរាងប្រាំបីជ្រុង តំណាងឱ្យព្រះនារាយណ៍ និងផ្នែកខាងលើរាងមូលតំណាងឱ្យព្រះឥសូរដែលជាអាទិទេពធំជាងគេក្នុងព្រហ្មញ្ញសាសនា។
ព្រះឥសូរ គឺជាអាទិទេពធំបំផុត ដែលជាជីវិតទាំងឡាយនៃពិភពលោកនេះ ម្ល៉ោះហើយសិល្បករខ្មែរស្ថាបនាលិង្គ ធ្វើជានិម្មិតរូបនៃមេជីវិតដែលបង្កើតជីវិតរស់នៅនៅលើផែនដីនេះ ដ្បិតលិង្គតែងមានទម្រជាយោនី ដូចក្នុងជំនឿជីវចលដែលដុំថ្ម ទីទួល កូនភ្នំ គេចាត់ទុកជាអ្នកតា ឬអាទិទេពប្រុស ហើយចំណែកអាទិទេពភេទស្រីវិញគេបៀបធៀបទៅរូងភ្នំ ឬដីដែលជានិម្មិតរូបនៃផ្ទៃមាតា[3]។ តាមរយៈសិលាចារឹកដែលគេរកឃើញនៅតំបន់ប្រាសាទសំបូរព្រៃគុក នាំឱ្យយើងស្គាល់នូវព្រះនាមសិវលិង្គមួយចំនួនដូចជា ស្រីប្រហសិតេស្វរ (Çrīprahasiteçvara) (K.440, K.442) រកឃើញនៅក្រុមប្រាសាទយាយព័ន្ធ តួប៉ម S2 និងខ្លោងទ្វារខាងកើតកំពែង[4], ស្រីកទម្វេស្វរ (Çrīkadamveçvara) (K.604) រកឃើញនៅក្រុមប្រាសាទយាយព័ន្ធ តួប៉ម S17-6[5], ស្រីគម្ភីរេស្វរ (Çrīgambhĭreçvara) (K.148, K.439) រកឃើញនៅក្រុមប្រាសាទសំបូរ កំពែងខាងកើត[6], ស្រីរត្នេស្វរ (Çrīratneçvara) (K.149) រកឃើញនៅក្រុមប្រាសាទសំបូរ តួប៉ម N18[7], ស្រីប្រជាសេស្វរ (Çrīprajãseçvara) (K.816) រកឃើញនៅក្រុមប្រាសាទរបងរមាស[8], ស្រីប្រយាកេស្វរ (Çrīprayãkeçvara) (K.1250) រកឃើញនៅប្រាសាទលាងព្រះ។ ភស្តុតាងសិលាចារឹក និងទិន្នន័យផ្នែកបុរាណវិទ្យាដែលគេរកឃើញនៅទីនេះ បញ្ជាក់ច្បាស់ថា តំបន់សំបូរព្រៃគុកកាលពីសម័យបុរាណមានការគោរពបូជាដល់ព្រះសិវលិង្គឬព្រះឥសូរធំធេងណាស់។
លិង្គដែលគេរកឃើញនៅតំបន់សំបូរព្រៃគុក យើងអាចចែកចេញជាពីរប្រភេទធំៗ ពោល គឺលិង្គដែលសាងនៅសម័យមុនអង្គរ (ស.វ.ទី៧-៨) និងលិង្គដែលសាងនៅសម័យអង្គរ (ស.វ.ទី១០-១១)។ ក្នុងនោះ ប្រភេទលិង្គសម័យមុនអង្គរ អាចចែកចេញជាពីរប្រភេទទៀត ដែលប្រភេទទីមួយ គឺជាលិង្គដែលមានរាងមូលតាំងពីគល់ដល់ក្បាល មានទំហំវែងឬខ្លី តូចឬធំ អាស្រ័យលើ បរិបទនៃអ្នកផលិតនិងទំហំនៃប្រាសាទ។ លិង្គប្រភេទនេះ ខ្លះមានឆ្លាក់ជាបង្ហួរលិង្គនៅផ្នែកខាងលើ ខ្លះទៀតក៏មិនមានដែរ (រូបលេខ១)។ ប្រភេទទីពីរនៃសិវលិង្គសម័យមុនអង្គរ គឺជាលិង្គដែលមានផ្នែកខាងក្រោមមានរាងបួនជ្រុងស្មើ និងនៅខាងលើមានរាងមូលដូចលិង្គប្រភេទទីមួយដែរ។ លិង្គប្រភេទនេះ នៅផ្នែកខាងលើមានឆ្លាក់ជាស្នាមបង្ហួរលិង្គរាងច្បាស់ៗជាងលិង្គប្រភេទទីមួយ ហើយជាទូទៅលិង្គប្រភេទនេះមានទំហំខ្លីៗ ពោល គឺក្បាលលិង្គមានរាងមូលស្មើជាមួយកម្ពស់គល់លិង្គ ដែលមានរាងបួនជ្រុងស្មើ (រូបលេខ២)។ សិល្បករឆ្លាក់លិង្គសម័យមុនអង្គរប្រភេទទីមួយដែលមានរាងមូលតាំងពីគល់ដល់ក្បាលរបៀបនេះ ទំនងគេចង់បង្ហាញអំពីឥទ្ធិពលដ៏ធំធេងរបស់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា ដ្បិតទ្រង់ជាអាទិទេពកំពូលនៅសម័យព្រាហ្មណ៍និយម (ចាប់ពីស.វ.ទី៦មុនគ.ស. ដល់ ស.វ.ទី១០នៃគ.ស.)។ ចំណែក លិង្គសម័យមុនអង្គរប្រភេទទីពីរ គេឆ្លាក់ខាងលើមូល ខាងក្រោមបួនជ្រុង ក្នុងប្រវែងស្មើគ្នារបៀបនេះ ទំនងគេចង់បង្ហាញផ្នែកខាងលើតំណាងឱ្យព្រះឥសូរ និងផ្នែកខាងក្រោមតំណាងឱ្យព្រះព្រហ្ម ដែលអាទិទេពទាំងពីរមានតួនាទីជាអ្នកបង្កើតលោកដូចគ្នា។
ចំណែក លិង្គដែលសាងនៅសម័យអង្គរដែលរកឃើញនៅតំបន់ប្រាសាទសំបូរព្រៃគុក មានទម្រង់ជាទូទៅដូចលិង្គដែលរកឃើញនៅតំបន់ប្រាសាទផ្សេងៗទៀត ដែលសាងនៅសម័យអង្គរដែរ។ សិវលិង្គនេះ គេចែកចេញជាបីផ្នែក ពោល គឺផ្នែកខាងគល់លិង្គមានរាងបួនជ្រុងស្មើ ផ្នែកកណ្តាលមានរាងប្រាំបីជ្រុង និងផ្នែកខាងក្បាលមានរាងមូល។ ផ្នែកទាំងបីនៃលិង្គដែលរកឃើញមានកម្ពស់ស្មើៗគ្នា (រូបលេខ៣)។ ការសាងសង់បែបនេះ សិល្បករខ្មែរទំនងត្រាប់តាមគម្ពីរព្រហ្មញ្ញសាសនាដែលនិទានអំពីរឿងរ៉ាវសសរភ្លើង ពោល គឺខាងក្រោមរាងបួនជ្រុងស្មើតំណាង ឱ្យព្រះព្រហ្ម កណ្តាលរាងប្រាំបីជ្រុងតំណាងឱ្យព្រះនារាយណ៍ និងខាងលើរាងមូលតំណាងឱ្យព្រះឥសូរ។ ការដាក់ព្រះឥសូរនៅផ្នែកខាងលើបែបនេះមានន័យបញ្ជាក់ថា ទ្រង់គឺជាអាទិទេពធំជាងគេ ដែលជាអ្នកបង្កើតលោក និងបំផ្លាញលោក។
ជារួមមក យើងអាចសន្និដ្ឋានបានថា ការគោរពបូជាដល់ព្រះសិវលិង្គនៅសំបូរព្រៃគុក មានទំហំធំធេងខ្លាំងណាស់ ពោល គឺចាប់ផ្តើមតាំងពីរវាងចុងស.វ.ទី៦ ដើមស.វ.ទី៧ រហូតដល់សម័យអង្គរក្នុងស.វ.ទី១០ និងទី១១ ក៏នៅតែមានធ្វើឡើងតម្កល់នៅក្នុងប្រាសាទ ហើយគំនិតនៃការធ្វើលិង្គព្រះឥសូររវាងសម័យទាំងពីរនេះមានលក្ខណៈខុសគ្នាដូចបានរៀបរាប់ខាងលើ។
[1] Giteau 1960: 11.
[2] Tagare 1987: 383-388.
[3] Ang Choulean 1993: 198.
[4] Cœdès 1952: 5-11.
[5] កំ វណ្ណារ៉ា ២០១៩: ៣៤។
[6] Cœdès 1952: 33.
[7] Cœdès 1952: 29.
[8] Cœdès 1954: 64.
ឯកសារយោង
កំ វណ្ណារ៉ា
២០១៩, ប្រជុំសិលាចារឹកខេត្តកំពង់ធំ, ភ្នំពេញ។
Ang, Chouléan
1993, Recherches récentes sur le culte des megaliths et des gottes au Cambodge, Journal Asiatique, No. 1-2, Tome CCLXXXI.
Coedès, George
1952, Inscription du Cambodge, Vol IV, Hanoi.
1954, Inscription du Cambodge, Vol VI, Hanoi.
Ganesh Vasudeo Tagare
1987, The Vayu Purana, Ancient Indian traditional and mythology series Collection Unesco d’oeuvres representatives, Volume 37.
Giteau, Madelein
1960, Guide du musée national de Phnom Penh, 2 vol. (1. La sculpture; 2. Pièces archéologiques et stèles), Phnom Penh.
English














