ដោយ៖ ម៉ង់ វ៉ាលី, អាន រស្មី, ស្រី សមប៊ុនណារ៉ុង
នៅក្នុងខេត្តកំពង់ធំគេសង្កេតឃើញសហគមន៍ជនជាតិកួយរស់នៅប្រមូលផ្តុំត្រង់នេះមួយកន្លែងនិងត្រង់នោះមួយកន្លែង។ ជាពិសេស ក្នុងតំបន់ព្រៃ នៃដែនរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ដែលជាប់ព្រំប្រទល់រដ្ឋបាលជាមួយខេត្តព្រះវិហារ។ បើយើងពិនិត្យមើល ទំនៀមទម្លាប់វប្បធម៌ជនជាតិកួយឃើញថា ងាកមកជិតនឹងវប្បធម៌ខ្មែរខ្លាំងណាស់។ លើកលែងតែភាសាកួយដែលអ្នកស្រុកនៅនិយាយប្រាស្រ័យទំនាក់ទំនងគ្នាជាប្រក្រតី។ ក្រៅអំពីនេះមានការប្រតិបត្តិព្រះពុទ្ធសាសនា មានវត្តអារាម មានព្រះសង្ឃ និងមានពិធីបុណ្យពុទ្ធសាសនាដូចជនជាតិខ្មែរ។ ដូចករណីភូមិវាលវែងដែលលើកមកបង្ហាញនេះ គឺជាភូមិមានជនជាតិកួយរស់នៅតច្រើនជំនាន់មកហើយ ដោយមានវត្តចំនួន៤ដែលគេតែងទៅមកជាចំណុះ គឺវត្តកំពង់ស្បូវ វត្តគិរីវង្ស វត្តជាន់លែង និងវត្តសួសគ្រុន (វត្តនេះទើបតែបង្កើតថ្មី)។ រីឯភាសាប្រាស្រ័យទាក់ទងគ្នារបស់អ្នកស្រុក គេនិយាយបានទាំងភាសាកួយ និងភាសាខ្មែរ ទាក់ទងឆ្លើយឆ្លងគ្នាក្នុងភូមិ និងក្រៅភូមិ។
មានទំនៀមមួយរបស់ជនជាតិកួយ ដែលមានភាពខុសប្លែកពីសាសន៍ខ្មែរ គឺពិធីសែនដែក (សូមមើល គង់ វីរៈ ២០០៥-២០០៦: ៤៩-៥០)។ ជនជាតិកួយធ្លាប់មានដូនតាចេះស្លដែកយ៉ាងពូកែ។ បើទោះបោះបង់ឈប់ស្លដែកជាយូរមកហើយក្តី ក៏ទំនៀមនិងជំនឿពាក់ព័ន្ធនឹងដែកនៅចាក់ឫសយ៉ាងជ្រៅក្នុងវប្បធម៌កួយតរៀងមកទល់សព្វថ្ងៃ។ ទីតាំងចង្ក្រានស្លដែកដែលកួយហៅថា “សន្លុង” យើងនៅមើលឃើញស្លាកស្នាមដល់បច្ចុប្បន្ន។ ជាពិសេស គឺសំណល់អាចម៍ដែក និងបំពង់ត្រឡែកបង្ហូរអាចម៍ដែកចេញពីសន្លុង ដែលកួយធ្លាប់ស្លដែកពីបុរាណ យើងឃើញមាននៅពាសពេញក្នុងព្រៃក្បែរភូមិដែលជនជាតិកួយរស់នៅសព្វថ្ងៃ (សូមមើល Dupaigne 1992 បកប្រែដោយ អាំង ជូលាន គង់ វីរៈ ២០០៦: ១៧៧-១៩២)។
នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគ្រួសារនីមួយៗក្នុងភូមិវាលវែង គេរៀបចំសំណែនម្ហូបអាហារ បាយ សម្ល នំ បង្អែម ចម្អាបនិងខោអាវ សំពត់ កន្សែង រៀបជូនខ្មោចដូនតាឱ្យពិសារឆ្អែតបរិបូណ៌។ រួចមក គេស្លៀកពាក់ទៅស្តាប់ព្រះសង្ឃសូត្រធម៌នៅឯវត្តដូចដែលខ្មែរប្រតិបត្តិដែរ។ ប៉ុន្តែ សាសន៍កួយមានទំនៀមមួយ គឺយកឧបករណ៍ប្រើប្រាស់ធ្វើអំពីដែក ឬមានជាប់ដែក ដូចជា កាំបិត ពូថៅ រណា ផ្គាក់ ចកជីក ចបកាប់ ដឹង កណ្តៀវ គ្រឿងតម្បាញ ។ល។ យកមកដាក់សែនជុំគ្នាក្នុងពិធីសែនដូនតា។ រណ្តាប់ឧបករណ៍ប្រើប្រាស់ធ្វើអំពីដែកទាំងនេះ គេមានចងអំបោះភ្ជាប់ជាមួយផង។ លុះពេលសែនព្រេន គេនិយាយថា “សូមកុំឱ្យឧបករណ៍ប្រើប្រាស់ទាំងនោះមុតដៃឬជើង ពេលយកទៅប្រើប្រាស់ប្រចាំថ្ងៃក្នុងផ្ទះ ឬនៅក្នុងស្រែចម្ការក្តី”។ ការដែលជនជាតិកួយយកកិច្ចសែនដែក មកភ្ជាប់ជាមួយនឹងកិច្ចសែនដូនតាក្នុងបុណ្យភ្ជុំបិណ្ឌ គឺមកពីទំនៀមស្លដែកកាលពីបុរាណ មានជាប់ពាក់ព័ន្ធជាមួយនឹងជំនឿព្រះពិស្ណុការ ពោល ព្រះដែលបានជួយឱ្យការរំលាយថ្មមានរ៉ែដែក ឱ្យរលាយក្លាយជាដែក។ គេយល់ថា មានជំនួយពីទេពព្រះពិស្ណុការ ហេតុនេះហើយការសែនដែកជាការរំឭកគុណ។ កាលជំនាន់មុន របស់ដែលបានដាក់សែនដែកមិនអាចយកទៅប្រើប្រាស់បានភ្លាមៗវិញនោះទេ ដោយត្រូវរង់ចាំរហូតទាល់តែចប់ភ្ជុំបិណ្ឌ។ ប៉ុន្តែ មកដល់សព្វថ្ងៃ គេមិនសូវធ្វើដូច្នេះទេ គឺច្រើនតែសែនរួចហើយភ្លាម យកទៅប្រើប្រាស់វិញភ្លាម ព្រោះការងារស្រែចម្ការកំពុងមានតម្រូវការឧបករណ៍ទាំងនេះជាចាំបាច់។ ទោះបីជាយ៉ាងណា គេមិនបានរើទាំងអស់នោះទេ គឺយកតែរបស់ចាំបាច់មួយចំនួនសិន ព្រោះរបស់ទាំងនោះត្រូវយកមកសែនម្តងទៀតនៅពេលត្រឡប់មកពីវត្តនៅក្នុងថ្ងៃភ្ជុំបិណ្ឌ។ នៅពេលបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ទាំងស្រុង ទើបគេរើឧបករណ៍ដែកដែលបានសែនទាំងអម្បាលម៉ានទៅប្រើប្រាស់ជាប្រក្រតី (រូបលេខ១-៤)។
បញ្ជីឯកសារពិគ្រោះ
គង់ វីរៈ
២០០៥-២០០៦, “ពិធីសែនដែករបស់ជនជាតិកួយភូមិវាលវែង”, បណ្តាញពត៌មានក្នុងវប្បធម៌ខ្មែរ, ១: ៤៣-៤៤។
Dupaigne, B.
- ‘La métallurgie dans l’ancien Cambodge. Travail des dieux, travail des hommes’, Etudes Rurales, Vol. 125 (1), 13-24.
English

















