ដោយ៖ ម៉ង់ វ៉ាលី
គុកវាំង មានទីតាំងស្ថិតនៅខាងកើតទីប្រជុំជនតាំងក្រសាំងប្រមាណ ៨០០ម៉ែត្រ និងស្ថិតនៅក្នុងបរិវេណវត្តមួយឈ្មោះថា “វត្តពោធិវាំង” ក្នុងភូមិវាំងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ ឈ្មោះ “គុកវាំង” មានរំលេចនៅក្នុងរឿងព្រេងដែលនិទានអំពី “ភ្នំសន្ទុក” ដែលនិទានមកថា “កាលពីព្រេងនាយនៅស្រុកសន្ទុក ខេត្តកំពង់ធំ មានស្តេចមួយអង្គ ទ្រង់មានព្រះអគ្គមហេសី ព្រះរាជបុត្រ ស្រីស្នំក្រមការ សេនាទាហាន និងនាហ្មឺនសព្វមុខមន្រ្តីជាច្រើនស្តេចទ្រង់បានចេញព្រះរាជបញ្ជាឲ្យឆ្ការព្រៃមួយកន្លែង សង់ប្រាសាទ និងគុក ភូមិប្រាសាទរហូតមកទល់សព្វថ្ងៃ។ លុះបានសង់ប្រាសាទនោះហើយ ព្រះរាជាទ្រង់ត្រាស់បង្គាប់ឲ្យឆ្ការព្រៃមួយកន្លែងទៀត ពាយព្យប្រាសាទនោះ ធ្វើជាទីសម្រាប់ស្រីស្នំ មានកំពែងជុំវិញ ហើយទីនោះក៏ជាប់មានឈ្មោះថា “ភូមិវាំង” រហូតមកទល់សព្វថ្ងៃ”។ រឿងព្រេងមួយនេះ ស្តាប់ទៅអាចទាក់ទងនឹងឈ្មោះ “គុកវាំង” បានខ្លះៗ។ ប៉ុន្តែ អ្វីដែលគួរសម្គាល់នោះគឺ តើហេតុដូចម្តេចបានជាអ្នកស្រុកហៅប្រាសាទនេះថា “គុកវាំង”? ពាក្យ “គុក” គឺជាពាក្យដែលអ្នកស្រាវជ្រាវស្គាល់ជាទូទៅដែលសំដៅលើ “ប្រាសាទ”។ ដោយឡែក ពាក្យ “វាំង” អាចមានន័យពីរយ៉ាង ដែលន័យទីមួយអាចមានថ្នាក់ពាក្យជាកិរិយាសព្ទដែលមានន័យថា “បាំង” ហើយត្រូវនឹងពាក្យខ្មែរបុរាណថា “បង៑” ដូចមានចារឹកនៅក្នុងសិលាចារឹកព្រះធាតុរកា K.155, សិលាចារឹកកំពែងយ៉ៃ (ស្រុកសៀមសព្វថ្ងៃ) K.374[1]។ ន័យទីពីរ ពាក្យ “វាំង” អាចមានន័យជានាមថា “កំពែង” ដែលត្រូវនឹងពាក្យខ្មែរបុរាណ “កំវេង៑” ដូចមានចារឹកនៅក្នុងសិលាចារឹកជាច្រើនដូចជា សិលាចារឹកក្តីស្តី (ព្រៃវែង) K.760, សិលាចារឹកស្រងែ (សៀមរាប) K.933, សិលាចារឹកស្តុកកក់ធំ (ស្រះកែវ សៀមសព្វថ្ងៃ) K.235, សិលាចារឹកក្តីអង្គ (ព្រៃវែង) K.56[2]។ ដូច្នេះហើយ ការដែលគេហៅថា “គុកវាំង” ទំនងមកពីនៅជុំវិញប្រាសាទមានកំពែងព័ទ្ធជុំវិញ ឬអាចសំដៅលើប្រាសាទដែលស្ថិតនៅភូមិវាំង។ ក្នុងនេះដែរ “គុកវាំង” មានន័យថា “គុកដាក់មនុស្សនៅក្នុងព្រះបរមរាជវាំង” តាមការរៀបរាប់ដូចរឿងព្រេងខាងលើ ទំនងមិនត្រឹមត្រូវឡើយ។
កន្លងមក ការស្រាវជ្រាវនៅប្រាសាទនេះមានតិចតួចខ្លាំងណាស់។ ក្នុងនោះ មានលោក Henri Parmentier បានសិក្សាក្រាស់ក្រែលជាងគេនៅឆ្នាំ១៩១៣ និង១៩២៧។ ក្រោយមក លោក Jean Boisselier គ្រាន់តែបានបញ្ជាក់តិចតួចប៉ុណ្ណោះ។ ក្រោយមកទៀត ឆ្នាំ២០០៨ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសាលាបារាំងចុងបូព៌ាប្រទេស ក៏បានចុះបញ្ជីប្រាសាទមួយនេះដែរ ដោយបានរៀបរាប់សង្ខេបអំពីរចនាសម្ព័ន្ធទូទៅ។
គុកវាំង សាងសង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ បែរមុខទៅទិសខាងកើត ហើយជញ្ជាំងផ្សេងទៀតគេលម្អជាទ្វារបញ្ឆោត (រូបលេខ១-៣)។ ទ្វារនីមួយៗ គេរៀបឥដ្ឋដូចជាបន្ទះត្រង់នៅចំកណ្តាល ហើយអមដោយសសរផ្អោបនិងហោជាងនៅខាងលើ។ ហោជាងនៅទិសខាងកើត ផ្នែកកណ្តាលមានលម្អដោយក្បាច់រាងដូចជាកូនវិមានអណ្តែត[3](រូបលេខ៤) និងមានចម្លាក់គូឌុ[4] (រូបលេខ៥) ដែលស្ថិតក្នុងទម្រង់សិល្បៈរចនាបថកំពង់ព្រះ ស.វ.ទី៨ និងមានលក្ខណៈស្រដៀងប្រាសាទភូមិប្រាសាទដែលស្ថិតនៅមិនឆ្ងាយពីគុកវាំងដែរ។ ចំណែក ផ្តែរទ្វារ មានការរលុបផ្នែក កណ្តាលស្ទើរតែទាំងអស់ ប៉ុន្តែយើងអាចនៅមើលឃើញចម្លាក់សត្វមករនៅខាងចុងផ្តែរ ដែលចម្លាក់សត្វមករនេះបែរមុខចេញមកក្រៅ ហើយនៅផ្នែកខាងលើយើងឃើញចង្វាយក្បាច់អង្គរឆ្លាស់តម្រៀបគ្នា[5] (រូបលេខ៦)។ ផ្តែរទ្វារនេះ យើងឃើញនៅផ្នែកខាងចុងមានស្នាមកាត់ចោលខ្លះ ដែលយើងអាចសន្និដ្ឋានបានថា ផ្តែរនេះទំនងមិនមែនជាផ្តែរដើមកាលពីសាងសង់ប្រាសាទនៅដំណាក់កាលដំបូងឡើយ។ ក្បាច់លម្អរបស់ផ្តែរ មានទម្រង់ដូចសិល្បៈចុងរចនាបថគូលែន និងដើមរចនាបថព្រះគោ ដើមស.វ.ទី៩ ដ្បិតយើងឃើញចម្លាក់សត្វមករមានលក្ខណៈស្រដៀងខ្លាំងជាមួយផ្តែរទ្វារប្រាសាទត្រពាំងផុងនៅខេត្តសៀមរាប។
តើផ្តែរទ្វារនេះទំនងលើកដាក់នៅសម័យណា?
ប្រសិនយើងឱ្យអាយុកាលរបស់ផ្តែរនៅរវាងដើមស.វ.ទី៩ ដូច្នោះយើងក៏អាចដឹងច្បាស់ថា ផ្តែរនេះប្រាកដជាលើកដាក់ក្រោយដើមស.វ.ទី៩ ព្រោះគេអាចយកផ្តែរនេះមកពីទីណាផ្សេងមកកាត់តម្រឹមដាក់នៅលើប្រាសាទដែលសាងសង់ឡើងតាំងពីស.វ.ទី៨។ នៅខាងមុខប្រាសាទ យើងឃើញទ្រនាប់ជណ្តើរមួយដែលធ្វើអំពីថ្មភក់ មានរាងដូចត្របកឈូក ដែលអាចមានអាយុកាលនៅសម័យមុនអង្គរ (ស.វ.ទី៧-៨)[6] ហើយជាភស្តុតាងមួយសម្រាប់បញ្ជាក់អាយុកាលរបស់ប្រាសាទ ប៉ុន្តែភស្តុតាងនេះមិនអាចបញ្ជាក់ពីកាលបរិច្ឆេទនៃការលើកផ្តែរបានឡើយ (រូបលេខ៧)។ អ្វីដែលគួរកត់សម្គាល់ជាតឹកតាងសំខាន់នោះ គឺនៅក្បែរប្រាសាទមានជើងទម្រមួយដែលគេឆ្លាក់ដោយថ្មមួយដុំភ្ជាប់គ្នាបានជាជើងទម្រ និងមានស្លាកស្នាមចម្លាក់គ្រុឌចំពាក់កណ្តាលជើងទម្រនោះ ដែលអាចឱ្យយើងសន្និដ្ឋានបានថា ជើងទម្រនេះអាចស្ថិតនៅក្នុងរចនាបថកោះកេរ ស.វ.ទី១០[7] (រូបលេខ៨)។ តឹកតាងនេះ នាំឱ្យយើងដឹងថា នៅស.វ.ទី១០ គុកវាំង ទំនងមានការជួសជុល និងកែប្រែបន្ថែមឡើងវិញនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (គ.ស.៩២៨-៩៤១) ហើយលក្ខណៈបែបនេះយើងធ្លាប់ឃើញមាននៅប្រាសាទអំពិលរលំ ដែលជាប្រាសាទស.វ.ទី៨ និងកែប្រែបន្ថែមនៅស.វ.ទី១០ ដូចប្រាសាទគុកវាំងដែរ។ ម្ល៉ោះហើយ ការកែប្រែនៅស.វ.ទី១០នេះហើយ ដែលទំនងជាពេលដែលគេលើកផ្តែរទ្វារនេះដាក់នៅលើប្រាសាទ។
លើសពីនេះ នៅក្នុងអត្ថបទរបស់លោក Henri Parmentier បានរៀបរាប់ថា សសរពេជ្រនៅគុកវាំងមានរាងប្រាំជ្រុង ម្ល៉ោះហើយ វាក៏ជាតឹកតាងបញ្ជាក់អំពីសកម្មភាពមនុស្សនៅសម័យអង្គរដូចគ្នា ដ្បិតសសរពេជ្រសម័យអង្គរច្រើនមានរាងប្រាំបីជ្រុង ប៉ុន្តែសព្វថ្ងៃសសរពេជ្រនេះបានបាត់បង់ពីទីតាំងដើមទៅហើយ[8]។
ជារួមមក គុកវាំង ទំនងជាប្រាសាទដែលចាប់ផ្តើមសាងសង់ឡើងនៅដើមស.វ.ទី៨ ក្នុងរចនាបថកំពង់ព្រះ ហើយទំនងសាងបន្ថែមនៅស.វ.ទី១០ ក្នុងរចនាបថកោះកេរ រាជ្យព្រះបាទជ័យវរ្ម័នទី៤ (គ.ស.៩២៨-៩៤១) ហើយចំណែកផ្តែរទ្វារវិញ គឺជាផ្តែរទ្វារចាស់នៅស.វ.ទី៩ ដែលទំនងគេយកមកពីទីតាំងណាមួយមកកាត់តម្រឹមលើកដាក់នៅលើប្រាសាទក្នុងរវាងស.វ.ទី១០។
[1] Saveros Pou 1992: 292.
[2] Saveros Pou 1992: 91.
[3] Parmentier 1927: 356.
[4] Bénisti 1970: 15.
[5] Boisselier 1966: 158.
[6] ជន ច័ន្ទណារ័ត្ន ២០១៨: ១៦-២៥។
[7] ហុក ស្រីល័ក្ខណ ២០១៦: ៣៣-៣៥។
[8] Parmentier 1927: 182.
ឯកសារយោង
ជន ច័ន្ទណារ័ត្ន
២០១៨, ការវិវត្តទ្រនាប់ជណ្តើរនៅក្នុងសិល្បៈខ្មែរ, ភ្នំពេញ។
ហុក ស្រីល័ក្ខណ
២០១៦, ការវិវត្តជើងទម្រក្នុងសិល្បៈខ្មែរ, ភ្នំពេញ។
Bénisti, Mireille
1970, “Rapports entre le premier art Khmer et l’art Indien” EFEO, Tome I-II, Paris.
Boisselier, Jean
1966, “Asie du Sud-Est, Le Cambodge ”, Tome I, Paris.
Parmentier, Henri
1927, “L’Art Khmér Primitif”, Tome I, Paris.
Saveros Pou
1992, Dictionnaire Vieux Khmer-Français-Englais, Paris.
English



















