ដោយ៖ ម៉ង់ វ៉ាលី
នៅក្នុងសិល្បៈខ្មែរ ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ចាប់ផ្តើមមានតាំងពីរវាងស.វ.ទី៦មកម្ល៉េះ ប៉ុន្តែគេឆ្លាក់ជាចម្លាក់ទោល។ លុះមកដល់ស.វ.ទី១០មក ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ចាប់ផ្តើមមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ ដូចឃើញឆ្លាក់នៅតាមសមាសធាតុជាច្រើននៃប្រាសាទ ដូចជា ហោជាង ផ្តែរទ្វារ សសរផ្អោប ជញ្ជាំង ។ល។ គេច្រើនឆ្លាក់រូបព្រះក្រឹស្ណមានរាងសង្ហា មើលទៅមុះមុតក្លាហាន និងមានឫទ្ធានុភាពខ្លាំងខ្លាអាចលើកភ្នំគោវធ៌នទប់ជំនន់ទឹកភ្លៀងរបស់ព្រះឥន្រ្ទបាន។ នៅក្នុងអត្ថបទមុន យើងធ្លាប់បានបង្ហាញអំពីចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ដែលរកឃើញនៅតំបន់សំបូរព្រៃគុកម្តងរួចមកហើយ (រូបលេខ១)។ ដោយឡែក នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបង្ហាញជូនអំពីចម្លាក់ព្រះក្រឹស្ណទាំងអស់ ដែលធ្លាប់រកឃើញនៅតាមប្រាសាទនានាក្នុងខេត្តកំពង់ធំ ហើយចម្លាក់ព្រះក្រឹស្ណទាំងនោះក៏មានមិនច្រើនដូចនៅតំបន់អង្គរដែរ ពោល គឺនៅមានចម្លាក់ចំនួន ៤ ទៀត។ ចម្លាក់ទាំងនោះមាន ចម្លាក់ព្រះក្រឹស្ណសម្លាប់បិសាចគោអារិស្ត និងបិសាចដំរីកុវលយបិទ ចំនួន ២ផ្ទាំង (ផ្តែរប្រាសាទគុកតាពេជ្រ និងផ្តែរមិនស្គាល់ប្រភពនៅសារមន្ទីរខេត្ត) ចម្លាក់ព្រះក្រឹស្ណហែកនាគកាលិយ ចំនួន ១ផ្ទាំង (ផ្តែរវត្តក្តីត្នោត) និងចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ចំនួន ១ផ្ទាំង (សសរផ្អោបប្រាសាទគុកនគរ)។ តើចម្លាក់ទាំង ៤ មានលក្ខណៈបែបណាខ្លះ?
ដំបូង យើងលើកយកចម្លាក់ព្រះក្រឹស្ណសម្លាប់បិសាចគោអារិស្ត និងបិសាចដំរីកុវលយបិទមកសិក្សាជាមុនសិន ដែលចម្លាក់ទាំងពីរ សិល្បករបុរាណឆ្លាក់នៅលើផ្តែរទ្វារដូចគ្នា ហើយអាយុកាលក៏ដូចគ្នាដែរ ពោល គឺស្ថិតនៅស.វ.ទី១១ (រូបលេខ២-៣)។ នៅក្នុងទេវកថាហិណ្ឌូបាននិទានថា៖ ក្នុងពេលដែលព្រះក្រឹស្ណរស់នៅក្នុងភូមិវជ្រ ព្រះបាទកម្សនៅតែបញ្ជាឲ្យបិសាចជាច្រើនតាមសម្លាប់ទ្រង់។ ក្នុងគ្រាមួយ មានយក្សមួយឈ្មោះអារិស្តដែលមកប៉ុនប៉ងសម្លាប់ព្រះក្រឹស្ណបានប្រែក្រឡាជាសត្វគោមួយក្បាលដែលមានមាឌធំ ដែលបានធ្វើឲ្យមនុស្សម្នាជាច្រើនខ្លាចរអា ជាពិសេសគឺក្រចកជើងដែលអាចរញ្ជួយធរណី និងស្នែងដ៏មុតស្រួចរបស់វា។ បិសាចគោបានព្យាយាមចូលទៅរស់នៅជាមួយហ្វូងគោដទៃទៀតក្នុងភូមិ ក្នុងបំណងឲ្យគោដទៃទៀតឈប់រវល់នឹងកូន និងឈប់បំបៅដោះកូន។ ដំណឹងនេះបានឮទៅដល់ព្រះក្រឹស្ណចុះមកអន្តរាគមន៍។ ទ្រង់បានប្រយុទ្ធជាមួយបិសាចគោអារិស្ត ដែលដំបូងឡើយបិសាចគោបានវាយប្រហារលើព្រះក្រឹស្ណមុន ស្របពេលនោះព្រះក្រឹស្ណក៏ចាប់ស្នែងគោគ្រវែងទៅយ៉ាងឆ្ងាយ ប៉ុន្តែបិសាចនោះនៅតែលោតមកវាយប្រហារព្រះក្រឹស្ណជាបន្ត ទើបធ្វើឲ្យទ្រង់ទ្រាំលែងបានក៏កាន់គោបង្វិល និងធ្លាក់ទៅនឹងដី ហើយទាញយកស្នែងមួយរបស់បិសាចគោមកចាក់បិសាចគោនោះរហូតដល់ស្លាប់” [1]។ ចំណែកឈុតរឿងព្រះក្រឹស្ណសម្លាប់បិសាចដំរីកុវលយបិទវិញមាននិទាននៅក្នុងគម្ពីរភគវតបុរាណ ថា៖ “ថ្ងៃមួយនៅពេលដែលព្រះក្រឹស្ណ និងពលរាមនៅមធុរ មុនពេលចូលប្រកួតបោកចំបាប់ ពួកគេបានឮសំឡេងស្គរនិងសំឡេងគ្រហឹមមកពីសង្វៀន។ ក្នុងគ្រានោះ មានដំរីមួយកំពុងបិទច្រកចូល ក្រោយមកមានការប្រយុទ្ធគ្នាយ៉ាងសាហាវបានកើតឡើង។ ដំរីចាប់ព្រះក្រឹស្ណនឹងប្រមោយរបស់វា ប៉ុន្តែព្រះក្រឹស្ណក៏រំអិលខ្លួនចេញ បន្ទាប់មកក៏ចាប់កន្ទុយដំរី ហើយទាញវាចេញយ៉ាងឆ្ងាយ ពេលដែលដំរីវាយប្រហារព្រះក្រឹស្ណម្តងទៀត ព្រះក្រឹស្ណក៏ចាប់កន្ទុយដំរីគ្រវែងទៅដី រួចកំទេចជើងរបស់វា” [2]។ ក្រឡេកមកមើលចម្លាក់ព្រះក្រឹស្ណសម្លាប់បិសាចគោអារិស្ត និងសម្លាប់បិសាចដំរីកុលវយបិទនៅលើផ្តែរទាំងពីរវិញ មានលក្ខណៈខុសគ្នាតិចតួចប៉ុណ្ណោះ។ នៅលើផ្តែរប្រាសាទគុកតាពេជ្រ ស្រុកបារាយណ៍ សិល្បករឆ្លាក់តួអង្គព្រះក្រឹស្ណមានមាឌធំក្រអាញ នៅលើព្រះហស្តមានពាក់កងធំៗពីរជាន់ ហើយនៅលើព្រះសិរទំនងមានពាក់ម្កុដ (ចម្លាក់រលុប) (រូបលេខ៤)។ ព្រះហស្តទាំងពីររបស់ព្រះក្រឹស្ណចាប់កាន់កន្ទុយបិសាចដំរី និងបិសាចគោ ក្នុងកម្ពស់ដៃស្មើៗគ្នា។ លក្ខណៈគួរកត់សម្គាល់នោះគឺ ក្បាលបិសាចគោអារិស្ត និងក្បាលដំរីកុលវយបិទ គេឆ្លាក់ជាប់ជាមួយក្បាច់ដងធ្នូរបស់ផ្តែរ ហើយម្យ៉ាងទៀតចម្លាក់មានភាពរលុបផង នាំឲ្យយើងពិបាកកំណត់ថា មួយណាជាតួអង្គបិសាចគោ មួយណាជាតួអង្គបិសាចដំរី។ ប៉ុន្តែ បើមើលរូបខាងស្តាំ យើងឃើញមាននៅសល់ចម្លាក់ដូចប្រម៉ោយដំរី ដែលអាចឲ្យយើងសន្និដ្ឋានថា រូបខាងស្តាំនោះ ជារូបបិសាចដំរី ហើយខាងឆ្វេងជារូបបិសាចគោ។ លក្ខណៈពិសេសមួយនោះគឺ សិល្បករបានឆ្លាក់បិសាចគោមានមាឌធំជាងដំរី ដែលករណីនេះគេចង់បង្ហាញឲ្យដឹងថា តួអង្គបិសាចគោអារិស្ត គឺជាយក្សប្រែក្រឡា ម្ល៉ោះហើយគោនោះក៏ត្រូវមានមាឌធំដូចយក្សដែរ។ ព្រះបាទទាំងពីររបស់ព្រះក្រឹស្ណកន្ធែកឆ្ងាយពី ដោយមានជុចជង្គង់បន្តិចក្នុងកាយវិការមួយដែលរៀបនឹងបម្រុងគ្រវាត់គ្រវែងបិសាចទាំងពីរនោះចេញពីព្រះហស្ត។ ចំណែកឯចម្លាក់នៅលើផ្តែរទ្វារមួយមិនស្គាល់ប្រភព ដែលរក្សាទុកនៅសារមន្ទីរខេត្តវិញ យើងឃើញមានលក្ខណៈខុសគ្នាត្រង់កាយវិការព្រះក្រឹស្ណចាប់លើបិសាចទាំងពីរនោះ (រូបលេខ៥)។ ព្រះហស្តខាងស្តាំ យើងឃើញសិល្បករឆ្លាក់ព្រះក្រឹស្ណចាប់ជើងបិសាចគោលើកឡើងលើខ្ពស់ដល់ត្រឹមព្រះភក្រ្ត និងខាងឆ្វេងចាប់កាន់ជើងដំរីលើកត្រឹមពោះ។ រូបក្បាលបិសាចគោនិងដំរីនៅលើផ្តែរទ្វារនេះ យើងឃើញគេឆ្លាក់មិនជាប់នឹងដងធ្នូដូចផ្តែរមុនទេ ហើយទិសក៏មិនដូចគ្នាដែរ ព្រោះដំរីគេឆ្លាក់នៅខាងឆ្វេង និងគោនៅខាងស្តាំវិញ។ ប៉ុន្តែ លក្ខណៈរួមមួយនោះគឺ ចម្លាក់លើផ្តែរទ្វារនេះ យើងនៅតែឃើញរូបដំរីតូចជាងរូបគោដូចគ្នា។
ដោយឡែក ចម្លាក់មួយទៀតដែលយើងនឹងលើកយកបង្ហាញនោះគឺ ចម្លាក់ព្រះក្រឹស្ណហែកនាគកាលិយឆ្លាក់នៅផ្តែរទ្វារដែលរកឃើញនៅវត្តក្តីត្នោត ស្រុកស្ទោង ខេត្តកំពង់ធំ (រូបលេខ៦)។ តាមគម្ពីរហិណ្ឌូរៀបរាប់ថា កាលណាក្រឹស្ណប្រយុទ្ធជាមួយនាគ នាគនោះឈ្មោះថា “អឃ” ហើយបើសិនក្រឹស្ណរាំនៅពីលើនាគ នាគនោះគឺឈ្មោះ “កាលិយ” ហើយជាទូទៅនៅក្នុងសិល្បៈខ្មែរចាប់ពីស.វ.ទី១០មក យើងឃើញគេឆ្លាក់ក្រឹស្ណរាំនៅលើនាគ និងចាប់ហែកនាគ[3]។ សាច់រឿងឈុតនេះមានដំណាលថា៖ “ថ្ងៃមួយក្មេងៗគង្វាលបាននាំគ្នាលេងបាល់នៅមាត់ទន្លេកាលន្ទិ ពេលនោះព្រះក្រឹស្ណក៏មកលេងជាមួយក្មេងៗ ហើយក៏បានទាត់បាល់ចូលទៅក្នុងទឹកទន្លេ។ ក្មេងៗមានការខឹងសម្បារនឹងព្រះក្រឹស្ណយ៉ាងខ្លាំង ដ្បិតមិនមាននរណាហ៊ានចុះទៅក្នុងទន្លេនោះទេ ព្រោះគេដឹងថានៅក្នុងទន្លេមាននាគដែលមានពិសខ្លាំងរស់នៅ ដែលពីមុនមកធ្លាប់មានក្មេងៗ និងសត្វពាហនពុលស្លាប់។ ពេលនោះព្រះក្រឹស្ណក៏ចុះទៅក្នុងទន្លេរើសបាល់ ស្រាប់តែនាគកាលិយបានចេញមករុំព័ទ្ធព្រះកាយទ្រង់។ ទ្រង់ក៏បានលោតចេញពីការរុំព័ទ្ធ ហើយមកជិះពីលើនាគរាំរែកទន្រ្ទាំជើង និងចាប់ហែកនាគកាលិយនោះរហូតដល់ក្អួតឈាមស្ទើរនឹងស្លាប់ តែបានប្រពន្ធរបស់នាគចេញមកអង្វរកដល់ព្រះក្រឹស្ណកុំឲ្យសម្លាប់នាគកាលិយដែលជាប្តីរបស់នាង។ ដោយនឹកអាណិតនឹងក្តីអង្វរករបស់នាគញី ព្រះក្រឹស្ណក៏ទុកជីវិតឲ្យ តែបានបញ្ជាឲ្យនាគកាលិយនាំកូនចៅចេញពីទន្លេនេះឲ្យអស់ ចុះទៅនៅសមុទ្រវិញ[4]។ ចម្លាក់នៅលើផ្តែរវត្តក្តីត្នោត យើងឃើញសិល្បករឆ្លាក់រូបព្រះក្រឹស្ណក្នុងទម្រង់ជាកុមារ ព្រះបាទឆ្វេងធាក់ចំកនាគ ព្រះហស្តទាំងពីរចាប់និងច្រានក្បាលនាគក្នុងទម្រង់ចាប់ហែកនាគ (ក្បាលនាគទំនងមាន ៦ ឬ ៧ តែដោយសាររលុបយើងមិនអាចមើលឃើញច្បាស់) [5]។ ជាទូទៅ សិល្បករខ្មែរប្រកាន់យកគោលការណ៍ពីរយ៉ាងក្នុងការឆ្លាក់ក្បាលនាគ គឺចំនួនសេស និងចំនួនគត់គូរ។ ចំនួនគត់គូរជាចំនួនដែលស្ថិតនៅក្នុងគោលការណ៍សូន្យ មានន័យថា “ស្លាប់” [6]។ ចំណែកឯចម្លាក់មួយទៀតជាឈុតព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ឆ្លាក់នៅលើសសរផ្អោបប្រាសាទគុកនគរ យើងពុំបានយកមករៀបរាប់ទៀតទេ ដោយសារនៅក្នុងអត្ថបទមុនធ្លាប់និយាយម្តងរួចមកហើយ (រូបលេខ៧)។
[1] Roveda 2005: 80-89.
[2] Deydier 1952: 263.
[3] Dagens 1969: 180.
[4] Cornelia & Buitenen 1978: 114-116; Wendy Doniger 1975: 221-228; Roveda 2005: 79.
[5] ម៉ង់ វ៉ាលី ២០២១: ៣៤៦។
[6] Brand & Chuch 1992: 80.
ឯកសារយោង
ម៉ង់ វ៉ាលី
២០២១, កំពង់ធំ ប្រវត្តិសាស្រ្ត និងប្រាសាទបុរាណ, ភ្នំពេញ។
Brand, Michael & Chuch Phoeun
1992, The age of Angkor, Canberra, Australia.
Dimmit, Cornelia & Buitenen, J.A.B
1978, Classical Hindu Mythology, USA.
Roveda, Victorio
2005, “Image of the gods”, Bangkok.
Wendy Doniger O’Flaherty
1975, Hindu myths, Middlesex, England.
English



















