DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ប្រាសាទខ្នាចទោល

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
November 12, 2025
in ប្រវត្តិសិល្បៈ
0
ប្រាសាទខ្នាចទោល

រូបលេខ៣៖ ប្រាសាទរាងប្រាំបីជ្រុង (KT1) ក្នុងក្រុមប្រាសាទខ្នាចទោល

ដោយ​៖ ម៉ង់ វ៉ាលី

 

ប្រសិនបើគេនិយាយដល់ប្រាសាទឥដ្ឋនៅតំបន់សំបូរព្រៃគុក គេតែងនឹកឃើញដល់ក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទតោ ក្រុមប្រាសាទសំបូរ ក្រុមប្រាសាទរបងរមាស ក្រុមប្រាសាទត្រពាំងរពាក់ ។ល។ ដ្បិតក្រុមប្រាសាទទាំងនេះ សុទ្ធសឹងជាក្រុមសំខាន់ៗ ហើយប្រាសាទទៀតសោតក៏នៅសល់រូបរាងល្អថែមទៀតផង។ ប៉ុន្តែ ក្រុមប្រាសាទមួយចំនួនដែលស្ថិតនៅក្នុងបរិវេណ​ក្រុងឦសានបុរ (២ គ.ម. x ២ គ.ម.) ដែលស្ថិតនៅខាងលិច អ្នកទេសចរណ៍ពុំសូវចាប់អារម្មណ៍ឡើយ លើកលែងតែអ្នកស្រាវជ្រាវប៉ុណ្ណោះ។ ដូច្នេះហើយ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីក្រុមប្រាសាទមួយដែលស្ថិតនៅក្នុងបរិវេណក្រុងបុរាណ ដែលមានឈ្មោះថា “ក្រុមប្រាសាទខ្នាចទោល”។ តើក្រុមប្រាសាទនេះមានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?

ក្រុមប្រាសាទខ្នាចទោល មានទីតាំងស្ថិតនៅក្នុងបរិវេណក្រុងឦសានបុរ (ផ្នែកខាងជើង)។ តាមរយៈការស្រាវជ្រាវកន្លងមកដោយសាកលវិទ្យាល័យវ៉ាសេដា គេបានរកឃើញប្រាសាទនៅក្នុងបរិវេណក្រុងបុរាណនេះប្រមាណ ១០០ ប្រាសាទ (ភាគច្រើនបាក់បែកអស់ទៅហើយ)។ យោងទៅតាមទិន្នន័យរូបថតពីលើអាកាស និងការចុះស្រាវជ្រាវផ្ទាល់ដល់ទីតាំង (ចន្លោះឆ្នាំ២០០៣ ដល់ ២០១៤) គួបផ្សំនឹងទិន្នន័យ Lidar (ថតក្នុងឆ្នាំ២០១៣) បានបង្ហាញយ៉ាងច្បាស់ថា បរិវេណខាងក្នុងរបស់ក្រុងឦសានបុរ រៀបចំឡើងជាប្រព័ន្ធក្រឡាចត្រង្គទម្រង់ ៨ ក្រឡាស្មើៗគ្នា ដែលបានមកពីការផ្គុំ​របស់ខ្សែផ្លូវមួយចំនួនបីរត់ស្របគ្នាក្នុងអ័ក្សលិច-កើតខ្វែងជាមួយផ្លូវបីផ្សេងទៀតដែលរត់ស្របនៅលើអ័ក្សជើង-ត្បូង។ ប្រាសាទដែលស្ថិតនៅក្នុងបរិវេណកំពែងក្រុងនេះ ភាគច្រើនសង់ឡើងដោយយកអ័ក្សផ្លូវទាំងនេះជាគោល ក្នុងការវាស់ចែកធ្លារបស់ប្រាសាទពីក្រុមមួយទៅក្រុមមួយទៀត។ ជាក់ស្តែង ក្រុមប្រាសាទខ្នាចទោល (M103) គឺជាគន្លងផ្លូវរបៀងខាងជើង ដែល  ផ្តើមចេញពីកំពែងខាងលិចរត់ឆ្លងកាត់តាមប្រាសាទសំខាន់ៗដូចជា M105, M97, M118, M65, M66 និងចុងក្រោយភ្ជាប់ទៅនឹងទំនាបនៃអូរគ្រូកែ។ ក្នុងនោះ ចាប់ពីច្រកចូលរហូតដល់ប្រាសាទខ្នាចទោល (M103) មានគន្លងមួយចំនួនបាត់ស្នាមខ្លះ ប៉ុន្តែគេអាចសន្និដ្ឋានថា ជាគន្លងផ្លូវ ដ្បិតសំអាងទៅលើទីតាំងរបស់ស្រះ និងទីតាំងទួលប្រាសាទ។ ដោយឡែក ចាប់ពីរានហាលមុខខាងកើតនៃប្រាសាទខ្នាចទោល គន្លងផ្លូវនៅសល់តឹកតាងបានច្បាស់លាស់ណាស់ ដោយរត់ឆ្លងកាត់តាមខាងត្បូងនៃបឹងថ្កាស ភ្ជាប់ត្រង់ទៅនឹងកំពែងខាងត្បូងនៃប្រាសាទ M66 និងបន្តទៅទំនាបអូរគ្រូកែ។

ក្រុមប្រាសាទខ្នាចទោល មានប្រាសាទសរុបចំនួន ៤ ដែលសង់ឡើងនៅប្របមាត់ស្រះខ្នាចទោលនៅក្នុងរាជធានីឦសានបុរ ហើយក្នុងចំណោមប្រាសាទចំនួន ៤ គឺមានប្រាសាទចំនួន ១  មានប្លង់ជារាងប្រាំបីជ្រុង (សព្វថ្ងៃអាជ្ញាធរជាតិសំបូរព្រៃគុកបានចុះបញ្ជីតាមប្រព័ន្ធថ្មីហៅថា KT1) (រូបលេខ ១ ដល់ ៤)។ នៅក្នុងឆ្នាំ២០២២ អាជ្ញាធរជាតិសំបូរព្រៃគុក បានធ្វើកំណាយស្រាវជ្រាវនៅក្រុមប្រាសាទខ្នាចទោល ក្នុងគោលបំណងស្វែងយល់អំពីស្ថាបត្យកម្ម នគរោបនីយកម្ម និងទេសភាពបុរាណរបស់ប្រាសាទដែលបានកប់ក្នុងដី និងដើម្បីពង្រីកនិងកែលម្អខ្សែទស្សនាចរណ៍ថ្មីស្របតាមផែនការមេនៃកិច្ចអភិរក្ស និងអភិវឌ្ឍរបស់អាជ្ញាធរជាតិសំបូរព្រៃគុក។ ជាលទ្ធផលនៃការធ្វើកំណាយតាមបែបបុរាណវិទ្យា គេបានរកឃើញថា ប្រាសាទទាំងបួននៃក្រុមប្រាសាទខ្នាចទោល គឺសាងសង់ឡើងដោយមានកសិន្ធុព័ទ្ធជុំវិញនៅជ្រុងទាំងបី ពោល គឺខាងកើត ខាងត្បូង និងខាងជើង (ខាងលិច ជាស្រះធំដែលគេជីក) ហើយមានកំពែងធ្វើអំពីឥដ្ឋដែលមានច្រកចូលនៅទិសខាងត្បូង និងខាងជើង។ ក្រុមជំនាញរបស់អាជ្ញាធរជាតិសំបូរព្រៃគុក បានសន្និដ្ឋានថា ក្រុមប្រាសាទខ្នាចទោលអាចសង់ឡើងជាបីដំណាក់កាល ហើយតាមរយៈសិល្បៈនិងស្ថាបត្យកម្មដែលរកឃើញ គេគិតថាមានអាយុកាលនៅពាក់កណ្តាលស.វ.ទី៧ ស្ថិតនៅរវាងចុងរចនាបថសំបូរព្រៃគុក និងដើមរចនាបថព្រៃក្មេង ពោល គឺមានអាយុកាលប្រហាក់ប្រហែលក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទសំបូរ និងប្រាសាទមួយចំនួនទៀតនៅក្រៅតំបន់សំបូរព្រៃគុក ដូចជា ប្រាសាទស្រីគ្រប់ល័ក្ខណ (ភ្នំបាសិត) ជាដើម។

ទោះបីជាយ៉ាងណា វាពិបាកទៅរួចណាស់ដែលសន្និដ្ឋានថា វត្ថុសិល្បៈ និងស្ថាបត្យកម្មផ្តល់អាយុកាលនៅចុងរចនាបថសំបូរព្រៃគុក និងដើមរចនាបថព្រៃក្មេង ដ្បិតផ្តែរទ្វារចំនួន ២ ដែលរកឃើញនៅក្រុមប្រាសាទខ្នាចទោល សុទ្ធសឹងតែផ្តល់ទិន្នន័យឱ្យយើងដឹងថា វាជាសិល្បៈស្ទើរតែចាស់ជាងរចនាបថសំបូរព្រៃគុក (រចនាបថថាឡាបរិវ៉ាត់, ផ្តែររកឃើញនៅប្រាសាទ KT2) និងរចនាបថសំបូរព្រៃគុក (ផ្តែររកឃើញនៅប្រាសាទ KT1)។ ផ្តែរទ្វារទី១ (រូបលេខ៥) រកឃើញនៅប្រាង្គ KT2 បង្ហាញអំពីផ្តែរទ្វារមួយមានការរបកចម្លាក់ជាច្រើន ប៉ុន្តែយើងអាចនៅមើលឃើញថា ស្នាមចម្លាក់សងខាង គឺជាចម្លាក់រូបសត្វមករខ្ជាក់ក្បាច់បន្ទាត់ធ្នូដែលមានរាងកោងមកប្រសព្វគ្នាជាមួយក្បាច់ត្បូង (រាងរង្វង់) នៅចំកណ្តាល ដែលជាលក្ខណៈទូទៅដូចផ្តែរទ្វារមួយចំនួនរកឃើញនៅតំបន់ថាឡាបរិវ៉ាត់ ពោល គឺអាយុកាលទំនងចាស់ជាងរចនាបថសំបូរព្រៃគុកបន្តិច (អាចស្ថិតនៅក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី១ ឬព្រះបាទមហេន្រ្ទ​វរ្ម័ន)។ ដូចយើងដឹងច្បាស់ហើយថា សិលាចារឹកចំនួន ២ រកឃើញនៅតំបន់សំបូរព្រៃគុក (សិលាចារឹកប្រាសាទស្រីគ្រប់ល័ក្ខណ K.151 និងសិលាចារឹកប្រាសាទជ្រៃ K.149) សុទ្ធតែបានរៀបរាប់ថា មន្រ្តីនរសិង្ហគុប្ត និងអាចារ្យម្នាក់ បានបម្រើឱ្យស្តេចចំនួន ៣ អង្គបន្តបន្ទាប់គ្នា ពោល គឺព្រះបាទភវវរ្ម័នទី១ ព្រះបាទមហេន្រ្ទវរ្ម័ន និងព្រះបាទឦសានវរ្ម័នទី១។ តឹកតាងនេះ អាចបញ្ជាក់ថា ក្រុងឦសានបុរ ទំនងមានសកម្មភាពឡើងតាំងពីរជ្ជកាលព្រះបាទភវវរ្ម័នទី១ ឬព្រះបាទមហេន្រ្ទវរ្ម័នមកម្ល៉េះ។ ម្ល៉ោះហើយ សំណង់ប្រាសាទរបស់ស្តេចទាំងពីរអង្គ ប្រហែលជាមានខ្លះនៅតំបន់សំបូរព្រៃគុក ដូចជា ប្រាសាទដងវែក (N19) និងប្រហែលប្រាសាទខ្នាចទោល ប្រាង្គ KT2 នេះតែម្តង។ ចំណែក ផ្តែរទ្វារទី២ (រូបលេខ៦) រកឃើញនៅប្រាសាទដែលមានរាងប្រាំបីជ្រុង (KT1) ហើយផ្តែរនេះបានបាក់បែកនៅសល់ត្រឹមពាក់កណ្តាលប៉ុណ្ណោះ ប៉ុន្តែចម្លាក់នៅមានលក្ខណៈច្បាស់ល្អបង្ហាញអំពីចម្លាក់ទេពជិះលើសត្វមករ បែរចូលក្នុងខ្ជាក់ក្បាច់បន្ទាត់ធ្នូរាងកោងដែលមានក្បាច់ត្បូងលម្អដោយទេពប្រណម្យនៅខាងក្នុង ពោល គឺជាលក្ខណៈសុទ្ធសាធនៃរចនាបថសំបូរព្រៃគុក មិនអាចជាសិល្បៈនៅចុងរចនាបថសំបូរព្រៃគុក ឬដើមរចនាបថព្រៃក្មេងនោះទេ។ យើងសង្កេតឃើញថា ក្នុងចំណោមប្រាសាទទាំង ៤ សិល្បករបានសាងប្រាសាទ KT1 ដែលមានរាងប្រាំបីជ្រុងប្របខ្លាំងទៅនឹងមាត់ស្រះធំ (ភាគខាងជើង) នៅតំបន់ខ្នាចទោល ពោល គឺសាងឡើងអំពីឥដ្ឋ បែរមុខទៅកើត ហើយខាងលិចមានស្រះតូចមួយនិងខាងកើតមានស្រះធំមួយទៀត។ ករណីនេះ ហាក់ដូចជា ការចាប់ផ្តើមសាងសង់ឡើងដំបូងនៅប្រាសាទ KT2 ហើយបន្ទាប់មកគេកសាងប្រាសាទ KT3, KT4 និង KT1។ ពោល វាហាក់ដូចជាប្រាសាទ KT1 ដែលមានរាងប្រាបីជ្រុងនេះ ពុំមែនជាប្រាសាទសំខាន់នៃក្រុមប្រាសាទនេះឡើយ ហើយវាប្រហែលគ្រាន់ជាប្រាសាទរណបដូចក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទសំបូរ និងក្រុមប្រាសាទត្រពាំងរពាក់ដែរ។ ដោយហេតុថា សិលាចារឹកដែលរកឃើញនៅក្នុងប្រាសាទខ្នាចទោលជាបំណែកតូចៗដែលមិនអាចផ្តល់ព័ត៌មានអ្វីបាន យើងពុំអាចស្គាល់ពីព្រះនាមទេពសំខាន់ដែលគេតម្កល់នៅក្នុងក្រុមនេះឡើយ។ ប៉ុន្តែ ដោយហេតុថាពីមុនមក គេធ្លាប់រកឃើញសិវលិង្គនៅទីនោះ អាចឱ្យយើងសន្និដ្ឋានថា ក្រុមប្រាសាទនេះ ក៏ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះសិវដូចក្រុមប្រាសាទនានានៅតំបន់សំបូរព្រៃគុកដែរ។

ជារួមមក ក្រុមប្រាសាទខ្នាចទោល គឺជាទេវស្ថានព្រហ្មញ្ញសាសនាដ៏សំខាន់មួយដែលស្ថិតនៅតាមបណ្តោយផ្លូវដ៏សំខាន់ក្នុងក្រុងឦសានបុរ ហើយអាចកសាងឡើងនៅរវាងដើមស.វ.ទី៧ ចាប់ផ្តើមពីរជ្ជកាលព្រះបាទភវវរ្ម័នទី១ ឬព្រះបាទមហេន្រ្ទវរ្ម័ន និងសាងសង់បន្ថែមក្នុងរជ្ជកាល ស្តេចក្រោយៗបន្តទៀត ដូចជាព្រះបាទឦសានវរ្ម័នទី១ ជាដើម។

 

ឯកសារយោង

សាន មួយលី ២០១៩, សិក្សាអំពីរចនាសម្ព័ន្ធក្រុងឦសានបុរ, សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅមហាវិទ្យាល័យបុរាណវិទ្យា ជំនាន់ទី២៧, ភ្នំពេញ។

CHHUM Menghong​. 2014. The study on basic structure and urbanism of Khmer ancient city Isanapura, Doctor thesis, Waseda University, Tokyo.

CŒDÈS, George

1943, ‘Quelque precisions sur la fin du Fou-Nan’, BEFEO, Tome 43, Paris.

1952, Inscription du Cambodge,Volume IV, EFEO, Paris.

អាជ្ញាធរជាតិសំបូរព្រៃគុក

២០២៣, “របាយការណ៍កំណាយនៅក្រុមប្រាសាទខ្នាចទោល”, ផ្សាយនៅក្នុងគេហទំព័រ​ផ្លូវការរបស់អាជ្ញាធរជាតិសំបូរព្រៃគុក https://samborpreikuk.gov.kh/km/article/excavation-of-a-group-of-knaytourl-temples

 

រូបលេខ១ ៖ ប្រាសាទមានរាងបួនជ្រុងទ្រវែង (KT2)
រូបលេខ២ ៖ ប្រាសាទមានរាងបួនជ្រុងទ្រវែង (KT2)
រូបលេខ៣៖ ប្រាសាទរាងប្រាំបីជ្រុង (KT1) ក្នុងក្រុមប្រាសាទខ្នាចទោល

រូបលេខ៤៖ ប្រាសាទរាងប្រាំបីជ្រុង (KT1) ក្នុងក្រុមប្រាសាទខ្នាចទោល
រូបលេខ៥ ៖ ផ្តែរទ្វាររចនាបថថាឡាបរិវ៉ាត់ រកឃើញនៅប្រាង្គ KT2 (ប្រភព៖ ឯម ភារក្ស)
រូបលេខ៦៖ ផ្តែរទ្វាររចនាបថសំបូរព្រៃគុក រកឃើញនៅប្រាង្គ KT1 (ប្រភព៖ ឯម ភារក្ស)

Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province