DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ហេតុអ្វីមានចម្លាក់រូបជនបរទេសនៅសំបូរព្រៃគុក?

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
November 12, 2025
in ប្រវត្តិសិល្បៈ
0
ហេតុអ្វីមានចម្លាក់រូបជនបរទេសនៅសំបូរព្រៃគុក?

រូបលេខ៤៖ ចម្លាក់រូបជនបរទេសឆ្លាក់នៅខាងក្នុងគូឌុប្រាសាទអុក (S2) ក្នុងទម្រង់មុខស្រដៀងសិល្បៈអារ្យធម៌ហេលេនិក (Hellenistic)

ដោយ៖ ម៉ង់ វ៉ាលី

 

កន្លងមក អ្នកស្រាវជ្រាវបានកត់សម្គាល់ និងហៅរូបចម្លាក់មួយចំនួននៅសំបូរព្រៃគុកថាមានមុខមាត់ជាជនបរទេស។ រូបចម្លាក់ដ៏ពិសេសទាំងនោះរួមមានដូចជា ចម្លាក់ទ្វារបាលមានមួកទ្រវែងស្តួចចុង និងទេពស្រីមានមួកត្រង់ស្រួចទៅលើនៅជញ្ជាំងប្រាសាទដើមចាន់ (N15) (រូបលេខ១) ចម្លាក់ទ្វារបាលមានមួករាងកោងទ្រវែងដូចគ្នាឆ្លាក់នៅជញ្ជាំងប្រាសាទយាយព័ន្ធ (S11) (រូបលេខ២) ចម្លាក់មរុតជិះសេះមានមួករាងទ្រវែងស្តួចចុងនៅលើផ្តែរទ្វារប្រាសាទយាយព័ន្ធ (S7) (រូបលេខ៣) និងចម្លាក់មុខមនុស្សឬទេពឆ្លាក់នៅក្នុងកូនបង្អួច (គូឌុ) ប្រាសាទអុក (S2) (រូបលេខ៤-៥) ជាដើម។ រូបជនបរទេសមួយចំនួនមានលក្ខណៈដូចទៅនឹងសិល្បៈនៅតំបន់អាស៊ីកណ្តាល (ប្រទេសពែរ្សបុរាណ ឬសាក) និងខ្លះទៀតស្រដៀងទៅនឹងអារ្យធម៌ហេលេនីស (Hellenistic) ទៀតផង (ឥទ្ធិពលសិល្បៈក្រិច-រ៉ូម៉ាំង)។ ចម្ងល់នោះគឺនៅត្រង់ថា តើហេតុអ្វីបានជាគេសិល្បករនៅសម័យ ស.វ.ទី៧ ឆ្លាក់រូបចម្លាក់ទាំងនេះឡើង? តើឥទ្ធិពលនៃសិល្បៈបរទេសទាំងនេះចូលមកក្នុងសង្គមកម្ពុជានៅសម័យបុរាណតាមវិធីណា? តើកន្លងមកអ្នកស្រាវជ្រាវផ្តល់ជាសមិតិកម្ម ឬការសន្និដ្ឋាន​បែបណាខ្លះ?

នៅសម័យអាណានិគមបារាំង ក្នុងកំឡុងពេលដែលអ្នកស្រាវជ្រាវមកពីតំបន់អឺរ៉ុបមកសិក្សាអំពីបុរាណវិទ្យា និងប្រវត្តិសិល្បៈខ្មែរ គេពុំបានសិក្សាលម្អិតអំពីរឿងនេះឡើយ។ នៅឆ្នាំ២០០៩ អត្ថបទខ្លីមួយសរសេរដោយលោក ហេង ពិភាល់ ចុះផ្សាយក្នុងបណ្តាញព័ត៌មានវប្បធម៌ខ្មែរ បានក្លាយជាទុនដ៏មានសារសំខាន់មួយសម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយ។ លោកបានស្នើថា ចម្លាក់នៅជញ្ជាំងប្រាសាទដើមចាន់ (N15) និងប្រាសាទយាយព័ន្ធ (S11) ដែលមានចម្លាក់មនុស្សប្រុសពាក់មួករាងទ្រវែងស្តួចចុង និងមនុស្សស្រីមានចុងស្រួចឡើងលើ ស្រដៀងជាមួយមួករបស់ជនជាតិសាហ្សានៀន នៃប្រទេសពែរ្សបុរាណ ហើយដែលមានលក្ខណៈស្រដៀងគ្នាជាមួយរូបភាពនៅលើកាក់បុរាណដែលរកឃើញនៅតំបន់អូរកែវ កំពង់ផែនៅសម័យហ្វូណន។ សិល្បៈដែលចេញមកខាងក្រៅនេះ លោកយល់ថា ពុំមែនមកត្រង់ពីពែរ្សមកស្រុកខ្មែរនោះទេ ហើយអាចឆ្លងកាត់ឥណ្ឌាមួយដំណាក់កាលសិន។ លោកបានលើកតឹងតាងសិលាចារឹកនៅសំបូរព្រៃគុក K.438 រៀបរាប់អំពីបុត្រីស្តេចឦសានវរ្ម័នទី១ បានរៀបអភិសេកជាមួយព្រាហ្មណ៍មកពីឥណ្ឌាម្នាក់ (នគរទក្សិណបថ តំបន់​ Deccan) ឈ្មោះថា “ទុគ៌ស្វាមិ” ដែលព្រាហ្មណ៍នេះគឺជាជនជាតិ “សាក” (Sāka) (អម្បូរជនជាតិមួយនៅក្នុងប្រទេសពែរ្សបុរាណ តំបន់អាស៊ីកណ្តាល) ហើយស្តេចប្រទានគោរម្យងារដល់ព្រាហ្មណ៍នេះជា “ម្រតាញ” (គោរម្យងារមន្រ្តីជាន់ខ្ពស់សម័យមុនអង្គរ)។

នៅក្នុងឆ្នាំ២០១៧ លោក តាំង រីនិត (Rinith Taing) ជាអ្នកសរសេរអត្ថបទព័ត៌មានប្រចាំកាសែតភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយអត្ថបទមួយអំពីចម្លាក់ជនបរទេសនៅសំបូរព្រៃគុក។ នៅក្នុងអត្ថបទខ្លីនោះ លោកយោងទៅលើបទសម្ភាសន៍ជាមួយអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យា និងប្រវត្តិសិល្បៈខ្មែរចំនួន ២ រូប គឺលោក ចិន្ទ ច័ន្ទរតនា និងលោក មីសែល ត្រាណេ។ ក្នុងនោះ លោក ចិន្ទ ច័ន្ទរតនា យល់ថា ចម្លាក់រូបជនបរទេសឆ្លាក់នៅគូឌុប្រាសាទអុក (រូបលេខ៤-៥) បង្ហាញអំពីមុខបុរសមកពីចក្រភពរ៉ូម ឬពែរក្ស ដែលបុរសទាំងនេះ អាចជាដៃគូពាណិជ្ជកម្មរបស់អាណាចក្រ   ចេនឡា ចន្លោះឥណ្ឌា និងចិន។ លោកគិតដូច្នេះ ដោយសារយោងទៅលើការរកឃើញកាក់ជាច្រើននៅខេត្តអានយ៉ាង ប្រទេសវៀតណាម (អតីតកំពង់ផែអូរកែវ របស់ហ្វូណន) ដែលជាបុរាណវត្ថុតាំងពីរវាងស.វ.ទី១។ ព្រមជាមួយគ្នានេះ លោកសន្និដ្ឋានថា មនុស្សទាំងនេះអាចជាឈ្មួញដែលបានបរិច្ចាកប្រាក់កាក់និងធនធានដើម្បីសាងសង់ប្រាសាទជាមួយព្រះមហាក្សត្រខ្មែរ ទើបអាចមានរូបមុខពួកគេនៅលើប្រាសាទបាន។ ចំណែក លោក មីសែល ត្រាណេ លើកឡើងអំពីកំណត់ត្រាចិនដែលបានសរសេរថា មហេសីមួយអង្គរបស់ស្តេច គឺជាបុត្រីរបស់អ្នកគ្រប់គ្រងនៅឥណ្ឌាខាងត្បូង ម្ល៉ោះហើយស្តេចអាចនឹងកសាងប្រាសាទតម្រូវតាមព្រះទ័យរបស់មហេសី ហើយលោកជឿថា ចម្លាក់ទាំងនេះអាចមានឥទ្ធិពលជនជាតិពែរ្ស ព្រោះមុខមាត់ចម្លាក់នៅប្រាសាទអុក ស្រដៀងជាមួយរូបភាពបុរសនៅលើកាក់ដែលរកឃើញនៅអូរកែវ។ លោកអះអាងថា “ពួកគេជាមនុស្សមកពីណា គឺនៅតែអាថ៌កំបាំង” ប៉ុន្តែ លោកស្មានថា “ពួកគេជាមនុស្សសំខាន់ដែលយ៉ាងហោចណាស់ក៏ជាមនុស្សជិតស្និទ្ធនឹងព្រះមហាក្សត្រ ឬមន្រ្តីជាន់ខ្ពស់ដែរ”។

នៅក្នុងឆ្នាំ២០១៨ អត្ថបទដ៏លម្អិត និងមានសារសំខាន់មួយដែលជាស្នាដៃនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតរបស់លោក Ben Wreyford នៅសាកលវិទ្យាល័យ London ចក្រភពអង់គ្លេស។ ការសិក្សារបស់លោក មិនត្រឹមតែផ្តោតទៅលើរូបចម្លាក់ជនបរទេសដែលមាននៅសំបូរព្រៃគុកប៉ុណ្ណោះទេ គឺលោកបានពិនិត្យយ៉ាងល្អិតល្អន់អំពីចម្លាក់ជនបរទេស ដែលមាននៅអាស៊ីអាគ្នេយ៍ចន្លោះពីឆ្នាំ១០០ ដល់ ៩០០ នៃគ្រឹស្តសករាជ ដោយលើកយកភស្តុតាងសំខាន់ៗធៀបជាមួយនឹងសិល្បៈដែលមាននៅតំបន់អឺរ៉ុប និងអាស៊ីកណ្តាល។ នៅតំបន់សំបូរព្រៃគុក លោកយល់ថា ចម្លាក់មរុតពាក់មួករាងទ្រវែងស្តួចចុង (ផ្តែរទ្វារ S7) ចម្លាក់នៅជញ្ជាំងប្រាសាទ S11 និង N15 គឺជាប្រភេទមួកម្យ៉ាងដែលគេហៅថា “ហ្រ្វីជៀន” (Phrygian cap)។ ហ្រ្វីជៀន គឺជាប្រភេទមួកទន់បត់ និងនិយមពាក់ដោយជនជាតិ “សាក” (Sāka) នៅតំបន់អាស៊ីកណ្តាល។ ចំណែក ស្បែកជើងរបស់មរុតពាក់នៅលើផ្តែរទ្វារ S7 ក៏ជាប្រភេទស្បែកជើងកវែងដែលឃើញមានប្រើប្រាស់នៅតំបន់អាស៊ីកណ្តាលដូចគ្នាដែរ។ សំណួរសួរថា ហេតុអ្វីមានឥទ្ធិពលទាំងនេះចូលក្នុងសង្គមកម្ពុជា? លោកបកស្រាយថា ប្រទេសឥណ្ឌាដែលជាសម្ព័ន្ធមិត្តបុរាណរបស់កម្ពុជា តែងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជាជននៅតំបន់អាស៊ីកណ្តាល។ ជាពិសេស គឺទំនាក់ទំនងវប្បធម៌រវាងរាជវង្សគុសាន (Kuśāna) និងជនជាតិភាគតិចសាក (Sāka) ជាមួយក្រុមឥណ្ឌូ-អឺរ៉ង់ ដែលតែងទាក់ទងក្នុងការបង្កាត់ពូជនិងធ្វើពាណិជ្ជកម្មជួញដូរសេះនៅភាគពាយព្យប្រទេសឥណ្ឌា។ ម្ល៉ោះហើយ ទើបការស្លៀកពាក់ និងប្រពៃណីជិះសេះមានលក្ខណៈស្រដៀងគ្នាច្រើន។ ក្នុងនោះ កំណត់ត្រាចិន រៀបរាប់ថា “នៅស.វ.ទី៧ គេបាននាំយកសេះជាច្រើនក្បាលចូលមកតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស នៅតំបន់ទ្វារវតី (ប្រទេសថៃ) និងលីនយី (ចាម្ប៉ា)”។ ដូច្នេះ ពេលដែលនាំសេះយកមកប្រហែលជាមានការបង្ហាត់បង្ហាញពីអ្នកជំនាញជិះសេះពីបរទេសមកជាមួយដែរ។ ប៉ុន្តែ សម្រាប់ប្រទេសកម្ពុជា ពុំមានឯកសារណាណាមួយបញ្ជាក់ថាមានជួញដូរសេះជាមួយបរទេសឡើយ។ ទោះបីយ៉ាងណា ប្រសិនបើកម្ពុជាមានទំនាក់ទំនងក្នុងការជួញដូរសេះនេះដែរ នោះប្រហែលជាឥទ្ធិពលជនបរទេសដែលមាននៅចម្លាក់ខ្មែរ ក៏អាចកើតមានឡើងតាមរយៈវិធីនេះផងដែរ។ ម្យ៉ាងវិញទៀត ភស្តុតាងដ៏សំខាន់ទី២ គឺលោក Ben Wreyford យោងទៅលើសិលាចារឹកក្នុងស្រុកដូចលោក ហេង ពិភាល់ ធ្លាប់បានលើកឡើងខាងលើដែរ ដែលប្រហែលជាចម្លាក់ជនបរទេសកើតឡើងនៅសំបូរព្រៃគុក ដោយសារតែមានមន្រ្តីផ្នែកគ្រប់គ្រងសំណង់សាសនានៅសំបូរព្រៃគុក អាចជាជនជាតិណាមួយមកពីតំបន់អាស៊ីកណ្តាល។ ក្នុងនោះ សិលាចារឹកទី១រកឃើញនៅប្រាសាទដើមចាន់ (N16) K.438 រៀបរាប់ថា “បុត្រីរបស់ស្តេចឦសានវរ្ម័នទី១ បានរៀបអភិសេកជាមួយព្រាហ្មណ៍មកពីឥណ្ឌាឈ្មោះ ទុគ៌ស្វាមិ ដោយព្រាហ្មណ៍នេះបានបង្ហាញអត្តសញ្ញាណរបស់ខ្លួនថា គាត់ គឺជាជនជាតិសាក”។ វាពិតជាពិបាកជឿថា គាត់ជាជនជាតិសាក តែមានវណ្ណៈព្រាហ្មណ៍នោះ ប៉ុន្តែសិលាចារឹកមួយទៀតនៅក្រុមប្រាសាទយាយព័ន្ធ (N17-7) K.604 រៀបរាប់អំពីភូមិមួយឈ្មោះថា “សាកតីថ៌” ដែលជាភូមិចាត់ចែងជាអចិន្រ្តៃយ៍ដោយពពួកព្រាហ្មណ៍។ ដូច្នេះហើយ វាអាចជាសញ្ញាបញ្ជាក់ថា នៅស្រុកឥណ្ឌាប្រហែលជាមានភូមិមួយដែលមានជនជាតិសាក (Sāka) រស់នៅ ហើយតំបន់នោះប្រហែលជាអតីតទឹកដី “ក្សត្រប” (Kśatrapa) ភាគខាងលិចតំបន់គុជរត (Gujarata) និងតំបន់ Malwa។ ការសន្និដ្ឋានបែបនេះ គឺដោយសារតែលោកយោងទៅលើប្រភពឯកសារក្នុងស្រុកឥណ្ឌា ព្រមទាំងចម្លាក់មួយចំនួនដែលរកឃើញនៅរូបភ្នំ Aihole ដែលមានចម្លាក់ទ្វារបាលមួយមានសម្លៀកបំពាក់ស្រដៀងចម្លាក់ទ្វារបាលនៅប្រាសាទដើមចាន់ក្នុងតំបន់សំបូរព្រៃគុកដែរ (រូបលេខ៦)។ លោកក៏បានបញ្ជាក់បន្ថែមថា រជ្ជកាលរបស់ព្រះបាទឦសានវរ្ម័នទី១ ជាស្តេចនៃអាណាចក្រចេនឡា គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយឥណ្ឌានៅក្នុងសន្តតិវង្សចលុក្យ (Cālukya) តាមរយៈផ្លូវសមុទ្រ។ អាណាចក្រចេនឡារបស់កម្ពុជា និងអាណាចក្រចលុក្យរបស់ឥណ្ឌាខាងត្បូង គឺសុទ្ធសឹងស្ថិតនៅតំបន់ដីគោកដូចគ្នា។ ក្នុងនោះ សន្តតិវង្សចលុក្យ បានចាប់ផ្តើមឡើងនៅគ.ស.៥៦៦ (ស.វ.ទី៦) ហើយបានដួលរលំនៅគ.ស.៦៤២ ដែលត្រូវគ្នានឹងរជ្ជកាលរបស់ព្រះបាទឦសានវរ្ម័នទី១ ចាប់ពីគ.ស.៦១៦ ដល់ ៦៣៧។ ដូច្នេះ ព្រាហ្មណ៍ទុគ៌ស្វាមិ ដែលប្រហែលជាជាប់ពូជពង្សជនជាតិសាក (Sāka) ទំនងជាបានមកកម្ពុជាតាមរយៈផ្លូវសមុទ្រនៅក្នុងរជ្ជកាលដែលគ្រប់គ្រងដោយសន្តតិវង្សចលុក្យ។

ជាសរុបរួមមក ការសន្និដ្ឋានរបស់លោក ហេង ពិភាល់ និងលោក Ben Wreyford គឺមានមូលដ្ឋានច្បាស់លាស់ និងចុះសម្រុងគ្នាប្រកបដោយគំនិតពិចារណាយ៉ាងជ្រាលជ្រៅ។ ចំណែកឯ ការសន្និដ្ឋានរបស់លោក ចិន្ទ ច័ន្ទរតនា និងលោក មីសែល ត្រាណេ គឺស្ថិតនៅក្នុងបរិបទស្រដៀងគ្នាដែរ ប៉ុន្តែមិនមានភស្តុតាងវិភាគបែបស៊ីជម្រៅនោះឡើយ។ ការសិក្សាចុងក្រោយរបស់លោក Ben Wreyford គឺជាឯកសារដ៏មានសារៈសំខាន់ក្នុងការស្វែងយល់អំពីប្រភពនៃចម្លាក់រូបជនបរទេសដែលលេចឡើងនៅតំបន់ប្រាសាទសំបូរព្រៃគុក។ ជាចុងក្រោយ យើងអាចសន្និដ្ឋានថា ការដែលមានចម្លាក់រូបជនបរទេសកើតឡើង ប្រហែលជាមានវត្តមានជនបរទេសជាមន្រ្តីខាងទទួលបន្ទុកការកសាងប្រាសាទនៅសំបូរព្រៃគុកផ្ទាល់តែម្តង ហើយជនបរទេសនោះទៀតសោត គឺទំនងជាជនជាតិណាមួយនៃតំបន់អាស៊ី​កណ្តាល តួយ៉ាងដូចជា ព្រាហ្មណ៍ ទុគ៌ស្វាមិ ដែលទំនងជាជនជាតិសាក មកពីស្រុកឥណ្ឌាផ្ទាល់។ សូមបញ្ជាក់បន្ថែមថា សិល្បៈនៅអាស៊ីកណ្តាល គឺភាគច្រើនតែងតែមានលាយឡំជាមួយឥទ្ធិពលសិល្បៈអារ្យធម៌ហេលេនិស (Hellenistic) ដែលកើតចេញពីសិល្បៈក្រិច និងរ៉ូម៉ាំង ម្ល៉ោះហើយទើបរូបចម្លាក់នៅប្រាសាទអុក (S2) មានសក់ និងពុកមាត់ ស្រដៀងទៅនឹងមនុស្សនៅសិល្បៈក្រិច និងរ៉ូម៉ាំងខ្លាំងបែបនេះ។

 

ឯកសារយោង

ហេង ពិភាល់ ២០០៩. ចម្លាក់រូបជនបរទេសនៅសម្បូណ៌ព្រៃគុក, កម្រងអត្ថបទក្នុងបណ្តាញ

ព័ត៌មានវប្បធម៌ខ្មែរ,​ លេខ ៤  ភ្នំពេញ។

Ben, W. 2018. Seeing the ‘Foreigner’ In The Art of Early Southeast Asia c. 1000 BCE – c. 900 CE, Thesis submitted for the degree of PhD, SOAS University of London.

Rinith Taing, 2017. ‘The mysterious ‘foreigners’ carved into the temples of Sambor Prei Kuk’, Phnom Penh Post. 9 June 2017. Accessed 03 April 2023. https://www.phnompenhpost.com/post-depth-post-life-arts-culture/mysterious-foreigners-carved-temples-sambor-prei-kuk

 

រូបលេខ១៖ វិមានអណ្តែតនៅជញ្ជាំងប្រាសាទដើមចាន់ (N15) មានចម្លាក់រូបជនបរទេសពាក់មួយរាងទ្រវែងស្តួចចុង
រូបលេខ១.១៖ លម្អិតចម្លាក់រូបជនបរទេសពាក់មួកទ្រវែងស្តួចចុងនៅប្រាសាទដើមចាន់ (N15)

រូបលេខ២៖ វិមានអណ្តែតនៅជញ្ជាំងប្រាសាទយាយព័ន្ធ (S11) មានចម្លាក់រូបជនបរទេសពាក់មួយរាងទ្រវែងស្តួចចុង
រូបលេខ២.១៖ លម្អិតចម្លាក់រូបជនបរទេសពាក់មួកទ្រវែងស្តួចចុងនៅប្រាសាទយាយព័ន្ធ (S11)

រូបលេខ៣៖ ផ្តែរទ្វារប្រាសាទយាយព័ន្ធ (S7) មានចម្លាក់ព្រះមរុតជិះសេះពាក់មួករាងទ្រវែងស្តួចចុង និងមរុតម្នាក់ពាក់ស្បែកជើងកវែងក្នុងទម្រង់ជនបរទេសនៅអាស៊ីកណ្តាល (សព្វថ្ងៃផ្តែរនេះរក្សាទុកនៅសារមន្ទីរជាតិហ្គីមេ ប្រទេសបារាំង)
រូបលេខ៣.១៖ លម្អិតចម្លាក់មរុតពាក់មួករាងទ្រវែងស្តួចចុងនិងស្បែកជើងកវែងជាជនបរទេសនៅអាស៊ីកណ្តាលនៅលើផ្តែរទ្វារប្រាសាទយាយព័ន្ធ (S7)

រូបលេខ៣.២៖ លម្អិតចម្លាក់មរុតពាក់មួករាងទ្រវែងស្តួចចុង ជាជនបរទេសនៅអាស៊ីកណ្តាលនៅលើផ្តែរទ្វារប្រាសាទយាយព័ន្ធ (S7)
រូបលេខ៤៖ ចម្លាក់រូបជនបរទេសឆ្លាក់នៅខាងក្នុងគូឌុប្រាសាទអុក (S2) ក្នុងទម្រង់មុខស្រដៀងសិល្បៈអារ្យធម៌ហេលេនិក (Hellenistic)

រូបលេខ៥៖ ចម្លាក់រូបជនបរទេសឆ្លាក់នៅខាងក្នុងគូឌុប្រាសាទអុក (S2) ក្នុងទម្រង់មុខស្រដៀងសិល្បៈអារ្យធម៌ហេលេនិក (Hellenistic)
រូបលេខ៦៖ ចម្លាក់រូបទ្វារបាលនៅរូងភ្នំ Aihole នៅឥណ្ឌាខាងត្បូង តំបន់គុជរត ដែលជាអតីតតំបន់មាននីគមជនជនជាតិសាករស់នៅ មានសម្លៀកបំពាក់ និងមួកស្រដៀងរូបទ្វារបាលប្រាសាទដើមចាន់នៅសំបូរព្រៃគុក ក្នុងរូបលេខ១ (ប្រភព៖ Ben Wreyford)

Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province