ដោយ៖ ម៉ង់ វ៉ាលី, អាន រស្មី, ស្រី សមប៊ុនណារ៉ុង
គាំទ្រដោយ៖ UNESCO Participant Programme 2024-025
ជំនឿលើអារក្ស គេឃើញមាននៅគ្រប់ទិសទីតាមស្រុកនិគមជនបទក្នុងប្រទេសកម្ពុជា។ ជំនឿនេះទាក់ទងទៅនឹងការព្យាបាលជំងឺ។ បើតាមការសង្កេតជាទូទៅ ជំនឿនៅស្រុកខ្មែរទាក់ទងនឹងការពន្យល់ហេតុនិងផល។ ជាក់ស្តែង ជំនឿអារក្សនេះ ជាការពន្យល់ហេតុនិងផលនៃជំងឺរបស់មនុស្ស កាលដែលមិនទាន់មានវិស័យវិទ្យាសាស្ត្រពេទ្យទំនើប មកពន្យល់អំពីមូលហេតុនៃជំងឺ។ ឧទាហរណ៍ បុគ្គលណាម្នាក់ក្នុងគ្រួសារកើតឈឺក្បាល ចុកពោះ ឈឺចង្កេះ ស្រវាំងភ្នែក ជាដើម គេយកជំនឿអារក្សនេះមកពន្យល់ គឺថាខុសអារក្សខាងម្តាយ ឬខុសអារក្សខាងឪពុក។ ខុសនោះ គឺសំដៅទង្វើដែលអ្នកឈឺបានប្រព្រឹត្តិ មានការឈ្លោះប្រកែកប្រមាថជេរស្តីគ្នា ឬលេងវាយក្បាលគ្នាជាដើម។ លុះដល់ដឹងដើមហេតុនៃជំងឺដូច្នេះហើយ ក៏រកវិធីដោះស្រាយព្យាបាលឱ្យជាសះស្បើយ។ រីឯការព្យាបាលទៀតសោត គេធ្វើឡើងតាមរយៈការសែនដាក់ស្រា ចេក ម្ហូបអាហារជាសំណែន។ នេះហើយដែលយើងបានលើកឡើងពីខាងលើថា ជំនឿអារក្សជាប់ទាក់ទងនឹងការពន្យល់ហេតុ និងផល។
ត្រឡប់មកនិយាយអំពីអារក្សនេះវិញ ពាក្យនេះមកពីពាក្យថា “រក្សា” ដែលមានន័យថា ការពារ ឃុំគ្រង ថែរក្សា។ អ្នកស្រុករស់នៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក មានពាក្យហៅចំពោះអារក្សផ្សេងៗ ដែលជាទូទៅច្រើនហៅថា “គ្រូ” ឬ “គ្រូអារក្ស”។ ក្រៅពីនេះ យើងឮហៅមួយបែបទៀតថា ទេព្រាក្ស ដែលបញ្ចេញសំឡេងថា “តាប្រាក់”។ ព្រមទាំងហៅច្រើនបែបទៀតថា គ្រូដើមកំណើត គ្រូបាធ្យាយ អ្នកកំបាំង ម្ចាស់មុនី ជួរជំបួរ ខ្មោចឈ្នួរ។ ប៉ុន្តែ គួរកត់សម្គាល់នោះ យើងមិនដែលឮគេហៅថា “មេមត់” ដូចតំបន់ផ្សេងឡើយ។ រីឯក្រុមមនុស្សដែលពាក់ព័ន្ធនឹងអារក្សគេហៅថា “សិស្ស” ។ បើសិនជាក្រុមមនុស្សហៅថា “សិស្សគណ” រីឯ “គ្រូ” គឺសំដៅអារក្ស។ អារក្សនេះឥតមានរូបសម្គាល់អ្វីទាំងអស់។ ប៉ុន្តែ មានរូបមនុស្សសម្រាប់ស្នង និងដើរតួជាអារក្ស ដើម្បីនិយាយឆ្លើយឆ្លងជាមួយមនុស្ស ពេលដែលមកពឹងពាក់សួររកមូលហេតុនៃជំងឺ។ ពេលនោះហើយដែលរូបស្នងដែលជាមនុស្ស អាចដើរតួជាគ្រូអារក្ស ប្រាប់ពន្យល់ពីមូលហេតុដែលនាំឱ្យអ្នកនោះឈឺ។ រូបស្នងនេះគេហៅថា “រូបអារក្ស”។ រីឯភ្លេងសម្រាប់ប្រគុំលេងបញ្ជាន់រូបអារក្សហៅថា “ភ្លេងអារក្ស”។ មានមនុស្សស្រីជំនិតម្នាក់មានងារហៅថា “ស្នំ” ដែលមាននាទីចាត់ចែងគ្រឿងរណ្តាប់ស្លាម្លូ ស្រានិងអាចនិយាយឆ្លងឆ្លើយភាសាអារក្សក្នុងអំឡុងពេលធ្វើកិច្ចបញ្ជាន់រូប។ ការបញ្ជាន់រូបមាន ៣ ទេសកាលផ្សេងគ្នា។ ទី១ កាលណាមានសិស្សអារក្សឈឺ គេត្រូវមកជួបស្នំអារក្ស និងរូបអារក្ស ដើម្បីបញ្ជាន់គ្រូអារក្ស សួររកមូលហេតុនៃជំងឺ។ ទី២ ជារៀងរាល់ឆ្នាំក្នុងខែមាឃ សិស្សគណដែលជាប់ខ្សែអារក្សជាមួយគ្នា មកជុំគ្នានៅផ្ទះរូបអារក្ស ដើម្បីរៀបចំពិធីលៀងអារក្ស ក្នុងមួយឆ្នាំម្តង។ ក្នុងទេសកាលទី៣ គេរៀបចំពិធីលៀងអារក្ស ដើម្បីរករូបថ្មីមកជំនួសរូបអារក្សដែលស្លាប់បាត់ទៅ ដែលគេហៅថា “លៀងរករូប”។ ដ្បិត ជាកង្វល់របស់សិស្សគណ គេត្រូវការរូបអារក្សដើម្បីអាចបញ្ជាន់និយាយសួរនាំឆ្លើយឆ្លងគ្នាបាន។
កាលដើមដំបូងឡើយហេតុដែលនាំឱ្យកើតជាសិស្សនិងគ្រូអារក្សកើតឡើងនៅពេលដែលកូនង៉ាកើតមកបានអាយុល្មមអាចពរបីចេញដើរបាន ឪពុកម្តាយក៏បានយកទៅប្រគល់ជូនរូបអារក្សស្តោះផ្លុំត្រង់បង្ហើយក្បាលឱ្យរឹងមាំនិងឱ្យមានសុខភាពល្អពេញបរិបូណ៌ អាចចៀសផុតជំងឺតម្កាត់ផ្សេងៗ។ ចាប់ពីពេលនោះហើយដែលក្មេងនេះជាប់សណ្តោះជាសិស្សនិងគ្រូតរៀងមក។ អំណេះតទៅ កាលណាមនុស្សនេះឈឺជំងឺអ្វីមួយរកមូលហេតុមិនឃើញ ឬដាក់ថ្នាំសង្កូវអ្វីមិនគាប់ប្រសើរ គេត្រូវគិតដល់គ្រូអារក្ស ហើយត្រូវមកឱ្យរូបអារក្សស្តោះផ្លុំដូចទម្លាប់កាលដំបូងបង្អស់។ ជួនកាលមានកិច្ចសុំព្រលឹងឱ្យអ្នកឈឺ បើជំងឺនោះធ្ងន់ធ្ងរ។ នេះជាបង្អែកផ្តល់ការធានារ៉ាប់រងព្យាបាលជំងឺដល់សិស្ស។ គេពន្យល់ថា ព្រលឹងខ្លះអ្នកតាចាប់ទុកដោយសារពាក្យជេរប្រមាថ ហៅថា “ខុសមាត់” ឬ “ភិតភ័យលស់ព្រលឹង”។ គេត្រូវយករូបអារក្សទៅជួយសុំព្រលឹងនៅទីទួលឬព្រៃអ្នកតា ដោយមានរៀបរណ្តាប់បាយព្រលឹង អាវខោ ខ្សែកអ្នកជំងឺ។ រួចយកមកឱ្យអ្នកជំងឺដែលចាំទទួលនៅឯ (សូមមើល Thompson 2004)។ អារក្សនោះទៀតសោតមាន ២ ពោល គឺមួយជាអារក្សខាងម្តាយ និងមួយទៀតអារក្សខាងឪពុក។ កូនដំបូងត្រូវប្រគល់ជូនអារក្សខាងឪពុកស្តោះផ្លុំ។ រីឯកូនបន្ទាប់ត្រូវចែកទៅអារក្សខាងម្តាយ ហើយកូនបន្ទាប់មកទៀតក៏ឆ្លាស់គ្នាម្តងម្នាក់របៀបនេះរហូត។ ម្តងម្កាលគេពន្យល់ថា កូនង៉ាខ្លះឈឺមិនបាត់ បើទោះឱ្យគ្រូអារក្សប្រចាំខ្លួនខាងឪពុកស្តោះផ្លុំក្តី ដែលនេះមកពីគ្រូអារក្សខាងម្តាយ ត្រូវមានភារកិច្ចការពារកូននោះដែរ ដោយគេត្រូវប្រគល់ឱ្យគ្រូអារក្សខាងម្តាយស្តោះផ្លុំផង ឬក៏ប្រគល់កូនង៉ានេះដាច់មុខ ឱ្យទៅជាសិស្សគ្រូអារក្សខាងម្តាយថែរក្សាជំនួស។ គេពន្យល់ថា គ្រូអារក្សខាងម្តាយទាមទារចង់បានកូនង៉ា។ ហេតុនេះហើយបានជាជំងឺក្មេងមិនជា ទោះអារក្សខាងឪពុកស្តោះផ្លុំ។ ដូច្នេះគេត្រូវយកកូនង៉ានេះទៅប្រគល់ឱ្យគ្រូអារក្សខាងម្តាយស្តោះផ្លុំ។ ករណីនេះហើយដែលគ្រូអារក្សដណ្តើមសិស្សគ្នាចង់បានសិស្ស។ កាលណាគ្រូនោះមានសិស្សច្រើន កេរ្តិ៍ឈ្មោះខ្លាំងល្បី ឯការចំណាយលុយរៀបចំពិធីលៀងអារក្សក៏ងាយស្រួលដែរ ព្រោះតែមានសិស្សច្រើន។
១. សព្ទអារក្ស
សព្ទអារក្ស សំដៅដល់ភាសាដែលគេនិយាយឆ្លងឆ្លើយជាមួយរូបអារក្សកំលុងពិធី ដែលគេហៅជាទូទៅថា “ភាសាខ្មោច” ឬ “សព្ទអារក្ស” (សូមមើល Saveros Pov et Ang Chouléan 1987-90)។ រីឯអ្នកស្រុកនៅតំបន់ប្រាសាទសំបូរព្រៃគុកហៅថា “ភាសាអ្នកកំបាំង” ឧទាហរណ៍ ពាក្យអ្នកកំបាំង ភាសាគ្រូ ពាក្យលោកគ្រូ។ សព្ទអារក្សមានពាក្យជាច្រើនដែលយើងអាចបែងចែកដាក់ក្នុងក្រុមពាក្យផ្សេងគ្នា។ មានពាក្យខ្លះជារាជសព្ទ ដូចជា សោយ ព្រះឱស ព្រះពស្ត្រ ព្រះខ័ន ថ្វាយ ស្នំ ។ល។ ពាក្យខ្លះទៀតជាការហៅរូបរាងវត្ថុនោះ ដូចជា ត្រមោលគឺផ្លែដូង រំអិលគឺក្រមួន ដំបងគឺធូប សំយុងគឺម្លូ ស្រោមគឺអាវ សាហាវគឺស្រា កន្ទន់បាក់កគឺចេក។ ពាក្យខ្លះទៀតមានន័យធៀប ដូចជា ចាបឬកូនចាបគឺអ្នកជំងឺ រងាវគឺច្រៀង នគរគឺភូមិ សិស្សក្នុងនគរគឺសិស្សក្នុងភូមិ សិស្សទន្លេវែងគឺសិស្សក្រៅភូមិ ក្ងោកមាស គឺព្រះសង្ឃ ។ល។
ខាងក្រោមនេះ គឺជាតារាងបង្ហាញអំពីសព្ទអារក្សខ្លះៗដែលគេប្រើប្រាស់នៅតំបន់ប្រាសាទសំបូរព្រៃគុក៖
- កូនស្រុកកូនស្រែ ៖ មនុស្សដែលរស់នៅក្នុងភូមិ/អ្នកភូមិ
- កំប៉ោង ៖ លុយ
- កាន់ ៖ មនុស្សឬរុក្ខជាតិសត្វដែលអមនុស្សគ្រងថែរក្សា
- កន្ទើញ ៖ ជ្រូក
- ត្រមោល (ក្រមោល) ៖ ផ្លែដូង
- ក្ងោកមាស ៖ ព្រះសង្ឃ
- ខ្ញាល់ (រាជសព្ទ) ៖ ខឹង
- ខ្សែស្រឡាយ ៖ ក្រុមមនុស្សមានគ្រូអារក្សជាមួយគ្នា
- ខុស ៖ សកម្មភាពជាទង្វើឬសំដីដែលប្រព្រឹត្តខុសនាំឱ្យឈឺ
- ខ្មោចព្រៃ ៖ អមនុស្សនៅតាមព្រៃ ដែលគេហៅថា គ្រូព្រៃ ឬអ្នកព្រៃ
- គិតគូរ ៖ រាប់រក មិនបំភ្លេច មិនបោះបង់គ្រូអារក្សខ្លួន ហើយតែងតែយកទឹកក្រូច ស្រា ទៀន ធូប មកបន់ស្រន់នៅពេលឈឺ ឬមកចូលរួមពិធីលៀងគ្រូអារក្សជាប្រចាំឆ្នាំ។
- គាស់របើក ៖ ព្យាបាលជំងឺជាសះស្បើយ ផ្ទុយនឹងគាស់មិនរបើក
- ចាប ៖ អ្នកជំងឺ
- ចង្រ្គោង/កញ្រ្ចង់ ៖ សត្វគោ
- ច្រាក ៖ ចូលរូប
- ជាន់ ៖ ចូលរូប
- ឈ្មោល ៖ សិស្សប្រុស ឬជួនកាលហៅចាបឈ្មោល
- ញី ៖ សិស្សស្រី
- ថារុង ៖ ប្តី
- ថ្វាយ (រាជសព្ទ) ៖ ឱ្យ/ជូន
- ទំ ៖ អារក្សមកនៅនឹងរូប ឬមនុស្សនោះក្លាយជារូបស្នង
- ធ្យាន ៖ ចូលរូប
- នគរ ៖ ភូមិ
- ដំបង ៖ ធូប
- បក្សី ៖ សត្វមាន់
- បញ្ជូន ៖ ជូនសំណែន ជូនពែ
- បាយ-សម្លសេស ៖ បាយសម្លដែលដាំស្លដោយមិនភ្លក់សម្រាប់សែន
- ផ្លែឈើ ៖ នំអន្សម
- ពារី ៖ ភ្លេង (គេតែងហៅថា ដាក់ពារី ឬថ្វាយពារី)
- ពពីរូប ៖ ប្រពន្ធ
- ព្រះខ័ន (រាជសព្ទ) ៖ ដាវ
- ពស្រ្ត (រាជសព្ទ) ៖ សំពត់
- ព្រះឱស ៖ និយាយ
- ស្រោង ៖ ជាជំងឺ
- រងាវ ៖ ច្រៀង
- រំអិល ៖ ក្រមួន
- រំផាយ ៖ កន្សែង
- រំបល់/មេរំបល់ ៖ មកពីពាក្យ “រាល” គឺសំដៅជំងឺអាសន្នរោគរាលដាលឱ្យមនុស្សសត្វឈឺស្លាប់ ហើយជួនកាលគេហៅថា ព្រាយរំបល់
- សំបក ៖ តោក
- សេះ ៖ សត្វខ្លា
- សាហាវ/អាការសាហាវ/ទឹកសាហាវ ៖ ស្រា
- សំយុង ៖ ស្លឹកម្លូ
- សួគ៌ត ៖ ស្លាប់
- ស្បៃ ៖ ក្រមា
- សូភី ៖ សត្វក្របី
- ស្រុកក្រ ៖ ស្ថានភាពក្នុងស្រុកមានមនុស្សឈឺច្រើន
- ស្នំ (រាជសព្ទ) ៖ មនុស្សជំនិតរបស់រូបអារក្សមាននាទីរៀបចំរណ្តាប់បញ្ជាន់រូប រៀបម្លូស្លាបារីសម្រាប់រូបស្នង និងចេះនិយាយភាសាគ្រូអារក្ស
- សាខា ៖ អមនុស្សនៅតាមព្រៃ តែងជាមូលហេតុយកមកពន្យល់អំពីជំងឺមនុស្សធ្វើឱ្យមនុស្សឈឺ
- សង្ឃឹក ៖ វត្ថុធ្វើអំពីស្រទបចេករាងបួនជ្រុងសម្រាប់ដាក់ពែយកទៅបញ្ជូនដាក់ឱ្យឆ្ងាយពីភូមិ
- អាពាធ ៖ ឈឺ
- អារឹស ៖ ជាប្រភេទជំងឺកូនក្មេង ដែលធ្វើឱ្យវាយំ ឬញាក់ៗនៅពេលដេកលក់។ ឪពុកម្តាយតែងធ្វើបន្តោងខ្សែក ឬ ខ្សែដៃ ដេរក្រណាត់ដាក់ថ្នាំរុក្ខជាតិផ្សេងៗមានដើមទ្រាំង និងដើមម្រេះព្រៅខ្មៅ (តំបន់ខ្លះហៅព្រះព្រៅ) ឱ្យក្មេងនោះពាក់ការពារអារឹស។ ក្មេងតែងបៀមថ្នក់ខ្សែកថ្នាំនេះក្នុងមាត់ជាធម្មតា។
២. អំពីភ្លេងអារក្ស
តាមការសង្កេតក្នុងតំបន់ប្រាសាទសំបូរព្រៃគុក វង់ភ្លេងអារក្សមានឧបករណ៍ស្គរអារក្ស២ឬ៤ ប៉ីប៉ាតឬប៉ីអ១ ទ្រសោ១។ រីឯអ្នកចម្រៀងច្រើនតែជាអ្នកដំស្គរផងច្រៀងផង។ សព្វថ្ងៃ ក្នុងវង់ភ្លេងអារក្សខ្លះច្រើនតែបាត់ប៉ី ដោយសារអ្នកចេះផ្លុំប៉ីនេះមានអាយុច្រើន ខ្លះក៏ស្លាប់បាត់ និងមិនសូវមានអ្នករៀនបន្តវេន។ ស្គរ មានសារសំខាន់ណាស់នៅក្នុងវង់ភ្លេងអារក្ស ព្រោះត្រូវឱ្យឮសំឡេងខ្លាំងពុះកញ្ជ្រោល ដើម្បីឱ្យរូបអារក្សរំភើបញាប់ញ័រដៃជើងខ្លួន ឬឡើងរាំសប្បាយអស់ពីចិត្ត។ នៅតាមផ្ទះរូបអារក្ស គេឃើញមានចាប៉ីចាស់ខូចទុកចោលលែងផ្ទាត់កើត ដែលពីមុនធ្លាប់លេងក្នុងវង់ភ្លេងអារក្សដូចគ្នា។
ក្នុងនោះ មានបទចម្រៀងជាច្រើន ដែលគេប្រគុំក្នុងពិធីលៀងអារក្ស។ បទដំបូងគេហៅឈ្មោះថា “អញ្ជើញគ្រូ” ហើយគ្រូទីនេះសំដៅដល់ព្រះពិស្ណុការ។ រីឯរណ្តាប់ថ្វាយគ្រូភ្លេងនេះហៅថា “រណ្តាប់ព្រះពិស្ណុការ” ឬជម៤ដែលតម្កល់នៅកណ្តាលវង់ភ្លេង។ បន្ទាប់មក គេតែងលេងបទផ្សេងៗបន្តបន្ទាប់គ្នាតាមចំណាំរបស់គ្រូអារក្សនីមួយៗ ដែលរូបអារក្ស និងស្នំអារក្សចងចាំឈ្មោះបទដែលត្រូវប្រគុំថ្វាយគ្រូឡើងមករាំ។ អ្នករាំគឺជារូបអារក្សនេះឯង។ ដូចបានជម្រាបពីខាងលើមកថា គ្រូអារក្សឥតមានរូបមើលឃើញ ឬប៉ះបាននោះឡើយ។ គេមានជំនឿថា កាលណាលេងបទមិនត្រូវ ឬច្រៀងមិនត្រូវ នោះគ្រូអារក្សមិនចូលមកក្នុងរូបស្នងនោះឡើយ។ ជាក់ស្តែង ឮតែសំឡេងស្គរទ្រហឹងអឺងកង រកស្តាប់ទំនុកច្រៀងមិនសូវ ច្បាស់។ ដំបូងច្រើនតែលេងភ្លេងរង្វើល ដល់លេងយូរបន្តិចអ្នកដំស្គរក៏ចាប់ដំឡើងសំឡេងស្គរញាប់ខ្លាំងឡើងៗ ដើម្បីបញ្ឆើតរូបស្នងឱ្យឆាប់ញាប់ញ័រមានចំណង់រាំ។ បទចម្រៀងអារក្សទាំងអម្បាលម៉ានបើរៀបរាប់ត្រួសៗមានដូចជា បទនគររាជ ស្រោមនាយ ភ្នំស្រួច សសរកន្លោង ដំរី អក តាថាវ ស្រគំស្រគាល ស្រីខ្មៅ ព្រះបាទ សុរិយា សារិកា ជំទាវម៉ៅ ម្លប់ដូង ព្រៃឯកើត មាន់រងាវ កំប៉ោរ អួក អុំទូក បេះផ្កា ។ល។ បទខ្លះប្រគុំឱ្យគ្រូអារក្សរាំលេងសប្បាយ ឯបទខ្លះទៀតលេងតម្រូវតាមកិច្ចពិធី។ ឧទាហរណ៍ ពេលបញ្ចូនពែគេត្រូវលេងបទអុំទូក រីឯពេលសាពិតាន គេត្រូវលេងបទបេះផ្កា (រូបលេខ១-២)។
នៅចុងបញ្ចប់ពិធីលៀងអារក្ស អ្នកភ្លេងលេងបទសាពិតាន ដោយឡើងទៅរាំច្រៀងក្រោមពិតាន ដែលជាក្រណាត់សមួយផ្ទាំងចងជាម្លប់ពីលើជមគ្រូ។ ពេលរាំបណ្តើរ គេយកដៃចាប់ទាញពិតាន និងរនាំងក្រណាត់ សន្មតថារុះរើរោងលៀងអារក្សចប់ត្រឹមវេលានេះឯង ហើយសុំឱ្យឮភ្លេងអារក្សតែម្តងគត់ក្នុងវេលាលៀងនេះ ពោល គឺមានន័យថា សិស្សគណទាំងអស់បានសុខភាពជាល្អ ព្រោះថាបើឈឺថ្កាត់អាចនឹងត្រូវថ្វាយភ្លេង។ បន្ទាប់មកគេធ្វើកិច្ចបញ្ជូនពែ យកទៅចោលនៅទីឆ្ងាយពីរោងលៀង ដោយសន្មតទីនោះនៅក្រៅស្រុក ដូចមានពាក្យបណ្តេញថា “ឱ្យចេញពីនគរ ទៅតាមទន្លេវែង ឱ្យឆ្ងាយពីភូមិស្រុក អ្នកជិតយកបាយ អ្នកឆ្ងាយយកអង្ករ ជូនដល់ផ្ទះហើយកុំមកវិញណា”។ កិច្ចបញ្ចូននេះ មានបុរសម្នាក់សំដែងកាន់ដាវជាការសម្ញែង ធ្វើកាយវិការដេញកាប់លើអ្នកកាន់ពែយកទៅចោលឱ្យភ័យរត់ស្លន់ស្លោប្រញាប់ប្រញាល់មិនហ៊ានបែរមុខមើលក្រោយ។ អ្នកស្រុកពន្យល់ថា ការបញ្ជូនពែជាកិច្ចបណ្តេញព្រាយ មេរំបល់ ដែលបង្កជំងឺអាសន្នរោគ ស្លាប់មនុស្សគោក្របីក្នុងភូមិ ឱ្យចេញឆ្ងាយទៅតាមពែ។
ក្រៅអំពីនេះ មានភ្លេងមួយប្រភេទទៀត ដែលគេលេងក្នុងកិច្ចប្រដាល់រវាងគ្រូអារក្ស និងសិស្សអារក្ស។ គេហៅភ្លេងនេះថា “ភ្លេងជ្វា” ដែលប្រគុំដោយឧបករណ៍ស្គរជ្វាឬហៅថាស្គរវែង១គូ និងផ្លែចបកាប់១ គោះឱ្យចេញជាសំឡេងជំនួសឱ្យឃ្មោះ។ ប្រដាល់នេះឥតមានវាយតប់គ្នាឡើយ ពោល គឺគ្រាន់តែធ្វើកាយវិការដៃជើងចាក់ក្បាច់ប្រដាល់ ឬរាដៃទៅប៉ះគ្នា សន្មតថាជាការឈ្នះចាញ់។ យើងសង្កេតឃើញថា សិស្សតែងចាញ់រូបអារក្ស រួចលុតជង្គង់ឱនសំពះសុំចាញ់។ រីឯរូបអារក្សក៏ហុចស្រាឬចេកជារង្វាន់ទៅសិស្ស។ កិច្ចប្រដាល់នេះ តែងឃើញមាន២ដង គឺលើកទីមួយលេងនៅពេលព្រលប់ និងម្តងទៀតលេងនៅពេលអាធ្រាតយប់ជ្រៅ។
៣. អំពីឈ្មោះគ្រូអារក្ស
ឈ្មោះគ្រូអារក្សប្រចាំរូបអារក្សនីមួយៗមានច្រើន។ ក្នុងនោះ តាមការរៀបរាប់របស់ស្នំនិងសិស្សគណអារក្ស ឈ្មោះគ្រូអារក្សមានដូចជា តាជ័យ ស្រីខ្មៅ សស្អាត ទន់ល្ពៅ ស្តេចស្តែង ស្តេចព្រាយ ពេជ្រវាយុ ម៉ឺនកែវ អន្ទិតសង្ឃ តូចស្តើង ដំបងដែក ពៅ តាម៉ៅក្បាលទូក តាសុខព្រៃលើ តាគង់ អន្ទង ស្រីស្ងួន ពពកសន្លប់ ជែករហែង ទម្លាយនគរ ពេជ្រវៃ ម៉ឺនម៉ៅ វ័យវង្សា កំហែងឈើទាល កំហែងថ្ម កំហែងធ្នង់ កំហែងពលរសាត់ សំពោងសក់ធំ រាមន្ត កង្ហារដែក ក្រពុំឈូក ទន្សាយ តាឯក កុលបុត្រ ក្តិបដូង តាពេជ្រ កន្តុបត្បាល់កិន គង់ដំបង បរមេសូរ តីសង្រែង អង្គធរណី បល្ល័ង្កពេជ្រ រំពាត់មាស ពៅល្បែង អ្នកស្រទំ ស្តេចស្រឡាយ ក្រអូប មហាឥសី តាសោម តាស្វា គ្រូសណ្តោះ ។ល។ (រូបលេខ៣-៤)។
៤. អំពីពិធីលៀងអារក្ស
ពាក្យ “លៀងអារក្ស” ជាពាក្យពីរផ្សំគ្នា មានពាក្យ “លៀង” និង “អារក្ស”។ លៀង ជាពាក្យសៀមប្រែជាខ្មែរថា ជួបជុំផឹកស៊ី ដូចមានពាក្យថា ស៊ីលៀង ជប់លៀង។ ក្នុងមួយឆ្នាំម្តងនាខែមាឃ និងខែចេត្រ សិស្សគណដែលរស់នៅក្នុងភូមិ ខ្លះចេញទៅរស់នៅឬធ្វើការស្រុកផ្សេងបានមកជួបជុំគ្នារៀបចំពិធីលៀងគ្រូអារក្ស ដែលជាឱកាសមួយសម្រាប់សិស្សអាចគោរពប្រតិបត្តិដឹងគុណគ្រូ និងស្តោះផ្លុំព្យាបាលជំងឺជុំគ្នាម្តង។ ពិធីនេះមានប្រគុំភ្លេងអារក្សពេញមួយយប់ ដើម្បីបញ្ជាន់រូបអារក្សរាំលេងសប្បាយ និងស្តោះផ្លុំដល់សិស្ស។ សិស្សគណជាប់ខ្សែអារក្សយកលុយ ស្រា ចេក ទឹកក្រូចកំប៉ុង អន្សមស្លឹកផ្អាវ និងត្រីសាច់បន្លែអង្ករ មកធ្វើម្ហូបដណ្តាំស្លទទួលអ្នកភ្លេងអារក្ស និងអ្នកចូលរួមពិសារ។ បើទោះសិស្សខ្លះរស់នៅ ឬធ្វើការនៅស្រុកឆ្ងាយមិនបានមកផ្ទាល់ ក៏តែងផ្ញើលុយមកជួយពិធីលៀងនេះ ដែរ ដើម្បីយកទៅចំណាយលើត្រីសាច់ម្ហូបអាហារ សង់រោង បង់ថ្លៃភ្លេងអារក្ស ភ្លើងអគ្គីសនី និងជូនរូបស្នង ។ល។ ទង្វើនេះហៅថា “រាប់រក” ឬ “គិតគូរ” ពោល គឺថាមិនបោះបង់គ្រូអារក្សរបស់ខ្លួនចោល ព្រោះគ្រូជាទីបង្អែកពេលណាឈឺក៏នឹងមកពឹងរូបអារក្សបញ្ជាន់សួរនាំដើមហេតុជំងឺ ឬរកការព្យាបាល។
ក្នុងពិធីនេះគេសង់រោងមួយនៅខាងមុខធ្លាផ្ទះសម្រាប់មនុស្សជុំគ្នាធ្វើពិធី។ ពិធីនេះ ចាប់ផ្តើមនៅវេលាព្រលប់ ដែលជាពេលសន្មតថា គោក្របីចូលក្រោលអស់ ហើយភ្លេងក៏ចាប់ផ្តើមប្រគុំ។ ស្នំមានភារកិច្ចរៀបចំបង្វិចសម្លៀកបំពាក់ទុកផ្លាស់ប្តូរឱ្យរូបស្នង ហើយត្រៀមទាំងស្រាបារីម្លូស្លាហុចជូនផងពេលគ្រូអារក្សចូលមកសណ្ឋិតក្នុងរូបស្នង។ រូបស្នងចាប់កាន់តោកដៃទាំងពីរដើម្បីបញ្ជាន់អារក្ស ហើយនៅលើតោកនោះមានអុជទៀន១បំភ្លឺលើសៀនអង្ករ។ ពេលគ្រូអារក្សចូលសណ្ឋិត រូបស្នងចាប់កាន់យកភ្លើងទៀនមកដាក់ក្នុងមាត់បីដង ដែលហៅថា “អប់មាត់” (អ្នកស្រុកខ្លះហៅថា “រោលមាត់” ឬ “ស៊ីភ្លើង”) ។ បើជាគ្រូប្រុសគេហុចបារីឬស្រា ហើយបើជាគ្រូស្រីគេហុចម្លូស្លា។ សម្លៀកបំពាក់គ្រូស្រីមានអាវបំពង់ សំពត់ហូល ហើយបើជាគ្រូប្រុសគេស្លៀកក្បិនឱ្យរូបស្នង។ រូបអារក្ស ប្តូរពីសំឡេងធម្មតាទៅជាសំឡេងតូចឆ្មារ។ គេប្រគុំបទចម្រៀង ផ្សេងៗទៅតាមចំណង់ចំណូលចិត្តរូបអារក្សដែលឡើងមករាំ។ ក្នុងពិធីនេះសិស្សគណឱនក្រាបក្បាលចូលទៅជិតរូបអារក្សឱ្យស្តោះផ្លុំទឹកម្លូស្លាលើក្បាល ពោះ ខ្នង ជើងដៃ ដើម្បីបណ្តេញជំងឺចេញពីរាងកាយ។ សិស្សគណម្នាក់ៗមានទឹកមុខសប្បាយស្រស់ស្រាយរីករាយពេលបានរូបអារក្សស្តោះផ្លុំឱ្យ។ ពិធីលៀងនេះប្រព្រឹត្តទៅពេញមួយយប់ដល់អាធ្រាត ឬទៀបភ្លឺបានចប់ក៏មាន។ រូបអារក្សខ្លះពេលបញ្ជាន់ មានកាយវិការដៃជើងរាំខឹងសម្បារ ស្រវាស៊ីចេក ស៊ីនំ មើលទៅឆ្គាំឆ្គងខុសប្រក្រតី ដែលគេពន្យល់ថា ជាអមនុស្សមានភេទជាស្រីរស់អាស្រ័យនៅតាមព្រៃ តែងបណ្តាលឱ្យមនុស្សឈឺដោយហេតុមនុស្សទៅព្រៃខុសមាត់ខុសក ឬនិយាយពាក្យជេរស្តីជាដើម។ នេះហើយដែលគេយកមកពន្យល់មូលហេតុនៃជំងឺ។ គេពន្យល់បន្ថែមថា អមនុស្សនេះជា “សាខា” របស់គ្រូអារក្ស។ សាខានេះក៏មានរូបជាមនុស្សស្នង ដែរ ហើយអាចនិយាយឆ្លងឆ្លើយជាមួយមនុស្ស ដើម្បីប្រាប់ពីហេតុនាំឱ្យមនុស្សឈឺដោយប្រការនានា។
មានករណីមួយផ្សេងទៀត ដែលសិស្សគណឥតមានលទ្ធភាពរៀបចំពិធីលៀងអារក្ស ដោយសារសិស្សគណមានគ្នាតិច មិនអាចរ៉ាប់រងចំណាយថវិកានានាបាន។ វេលានោះគេគ្រាន់តែជុំគ្នាលើផ្ទះរូបអារក្ស ដើម្បីកាច់ស្លាធម៌ និងដោតជមថ្មី ផ្លាស់ជំនួសជមចាស់ដែលតម្កល់លើហឹងគ្រូអារក្ស។ កិច្ចនេះហៅថា “រៀបគ្រូ” ឬ“ដោតជម”។ មានពេលវេលាទៀងទាត់មួយទៀតដែលសិស្សគណត្រូវផ្លាស់ជមថ្មី គឺនៅរាល់ថ្ងៃភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ។ ពេលនោះ គេមានធ្វើកិច្ចបញ្ជាន់រូបអារក្ស ប្រាប់គ្រូឱ្យដឹងអំពីការផ្លាស់ជមថ្មី និងឱ្យរូបអារក្សស្តោះផ្លុំ។ កិច្ចរៀបគ្រូ-ដោតជមថ្មីនេះចំណាយពេលត្រឹមតែមួយព្រឹក ឥតមានភ្លេងអារក្ស មិនត្រូវការរោង មិនត្រូវការសែនព្រេន។ ផ្ទុយពីកិច្ចលាងអារក្ស ដែលត្រូវចំណាយស្ទើរពេញមួយយប់ ត្រូវការភ្លេងកំដរ រោង និងសែនព្រេនវែងឆ្ងាយ។ ជាដំបូង គេត្រូវរៀបចំគ្រឿងរណ្តាប់ផ្សេងៗ រួមមាន ស្លាធម៌ធំមួយ ស្លាធម៌តូច៤ និងជមក៏ត្រូវមាន៤ដូចគ្នា។ គ្រូខ្លះត្រូវការពែ រីគ្រូខ្លះទៀតមិនត្រូវការពែទេ។ បន្ទាប់មក គេបញ្ជាន់រូបពីម្ចាស់នៃកិច្ច ដោយមិនត្រូវការភ្លេងកំដរ។ ក្រោយពីគ្រូអារក្សបានចូលមកសណ្ឋិតក្នុងខ្លួនរូបស្នងមក សិស្សគណដែលមកចូលរួមនាំគ្នារៀបរាប់អំពីទុក្ខលំបាកផ្សេងៗ ដែលសិស្សគណកំពុងប្រឈម និងជម្រាបប្រាប់អំពីមូលហេតុ និងបញ្ហាដែលសិស្សគណមិនបានធ្វើកិច្ចលៀងអារក្សជូន។ បន្ទាប់មកទៀត សិស្សគណរៀបរាប់អំពីជំងឺតម្កាត់ដែលខ្លួនមាន និងពឹងដល់គ្រូជួយមើលជំងឺខ្លួនឱ្យជាសះស្បើយ (រូបលេខ៥-៦)។
កិច្ចសំខាន់ៗក្នុងពិធីលៀងអារក្ស
ក. កិច្ចប្រដាល់
នៅក្នុងរោងលៀងគ្រូអារក្សខ្លះមានភ្លេងមួយប្រភេទគួរឱ្យចាប់អារម្មណ៍ គេហៅថា “ភ្លេងស្គរជ្វា”។ ភ្លេងនេះប្រគុំឡើងក្នុងកិច្ចប្រដាល់រវាងរូបស្នងគ្រូអារក្ស និងសិស្សប្រុសបំណងឱ្យគ្រូសប្បាយចិត្ត។ ពេលខ្លះចេញក្បាច់គុនដៃជើងអួតមុខទល់គ្នា ហាក់ធ្វើកាយវិការដូចកំពុងគុនគ្រូ។ ប៉ុន្តែ ឥតមានវាយដំទាត់ធាក់អ្វីឡើយ ពោល គឺគ្រាន់តែយកដៃទៅប៉ះគ្នាជាការឈ្នះចាញ់ប៉ុណ្ណោះ។ នៅពេលបញ្ចប់ការប្រដាល់ រូបស្នងហុចស្រាឬចេកទៅសិស្សដែលបានចូលប្រដាល់លេងនឹងខ្លួន។ គេនិយាយថា គ្រូខ្លះប្រដាល់ គ្រូខ្លះទៀតឥតប្រដាល់ទេ។ ដូច្នេះហើយ ទើបបានជាក្នុងរោងលៀងអារក្សខ្លះមានកិច្ចប្រគុំស្គរជ្វាប្រដាល់ ហើយរោងអារក្សខ្លះទៀតឥតមានកិច្ចប្រដាល់នេះទេ (រូបលេខ៧-៨)។
ខ. ការស្តោះផ្លុំ
យើងសង្កេតឃើញថា អ្នកចូលរួមក្នុងពិធីលៀងអារក្សទាំងអម្បាលម៉ានភាគច្រើនជាមនុស្សស្រីក្មេងចាស់ ច្រើនជាងមនុស្សប្រុស។ ក្រៅពីនោះសុទ្ធតែរូបស្នងអារក្សផ្សេងទៀតនៅក្នុងភូមិជាមួយគ្នា ដែលមកជួយរាំកម្សាន្តឱ្យពិធីសប្បាយ ដូចជាការជួយគ្នាយកដៃ។ ដ្បិតដល់តែកាលណាដល់វេនលៀងគ្រូអារក្សនៅផ្ទះខ្លួនម្តង រូបទាំងអម្បាលម៉ានក៏នាំគ្នាទៅរាំលេងនៅរោងនោះម្តងវិញ។ អ្នកចូលរួមដែលជាសិស្សគណ នាំគ្នាចូលទៅឱ្យគ្រូស្តោះ និងលាបក្រមួនលើរាងកាយ ត្រង់ថ្ងាស ក ពោះ ឬជើងដៃ។ នេះជាបំណងធំរបស់សិស្សដែលមកចូលរួមគឺដើម្បីបានស្តោះផ្លុំនេះឯង។ ជាធម្មតា នៅពេលខ្លួនឈឺ ហើយយល់ថាខុសគ្រូសណ្តោះ នោះគេត្រូវធ្វើស្លាធម៌មួយគូ ហៅថា ”រៀបសណ្តោះ” ដាក់នៅលើក្បាលដំណេក ថ្វាយស្រា ចេក រួចអុជធូបប្រាប់ឱ្យជំងឺរបស់ខ្លួនបានជាសះស្បើយ (រូបលេខ៩-១១)។
គ. សែនលើកហ៊ឹង
ក្នុងយប់លៀងអារក្ស គេធ្វើកិច្ចមួយហៅថា “សែនលើកហ៊ឹង” ដែលធ្វើចំនួនបីលើកគឺ ចន្លោះម៉ោងប្រាំបីទៅប្រាំបួនយប់ម្តង នៅកណ្តាលយប់ជ្រៅម្តង និងនៅទៀបភ្លឺចប់ពិធីម្តងចុងក្រោយ។ ហ៊ឹង សំដៅដល់រានធ្វើពីឈើ សម្រាប់ដាក់រណ្តាប់ស្លាធម៌ជមគ្រូ ដែលគេត្រូវតម្កល់ទុកនៅលើផ្ទះ។ គេសន្មតបីឆ្នាំម្តង ត្រូវលើកហ៊ឹងនេះមកក្នុងរោងលៀងម្តង ដើម្បីធ្វើពិធីសែនលើកហ៊ឹង។ ពាក្យ “លើក” នៅទីនេះ ក្នុងន័យលើកតម្កើងយសគ្រូអារក្សខ្លួនឱ្យខ្លាំងពូកែ ហើយមានអំណាចអាចព្យាបាលជំងឺសិស្សគណឱ្យជាសះស្បើយឆុតដូចមាត់គ្រូឱ្យពរថា៖
“ចង១ឱ្យជាប់ ចង១០ឱ្យនៅ កាន់១ឱ្យជាប់ កាន់១០ឱ្យគង់ រក្សាកូនចៅ សិស្សគណដូចគ្នា សត្រូវមកពីមុខឱ្យរំលងទៅ សត្រូវមកពីក្រោយឱ្យជៀសចេញឆ្ងាយទៅ”
គេឱ្យពរនេះ នៅពេលគេសែនច្រូចស្រានៅជើងហ៊ឹងទាំងបួន រួមទាំងចងដៃឱ្យហ៊ឹងផង។ ពេលនោះ សិស្សគណចាក់ម្សៅរោយលើហ៊ឹង ប្រោះទឹក បាញ់ទឹកអប់ និងចងដៃហ៊ឹងរួចបន្ទាប់មក គេដង្ហែហ៊ឹងឡើងលើផ្ទះទៅតម្កល់ទុកក្នុងបន្ទប់ដដែលវិញ (រូបលេខ១២-១៣)។
ឃ. បញ្ជូន
ដូចបញ្ជាក់ខាងលើម្តងរួចមកហើយ បញ្ជូន គឺជាពាក្យកម្លាយមកពីពាក្យ “ជូន” គឺក្នុងកិច្ចនេះគេយកសំណែនពែមានដាក់ម្ហូបអាហារ បាយ សម្ល នំចម្អាប យកទៅឆ្ងាយជូនទៅអមនុស្សនានាដែលបង្កជាជំងឺតម្កាត់ដល់មនុស្សសត្វក្នុងភូមិ ឬមានជំងឺអាសន្នរោគជាដើម។ អ្នកដែលអ្នកបង្កនោះ គេហៅថា “មេរំបល់” ឬ “ព្រាយរំបល់”។ កិច្ចនេះគេធ្វើឡើងនៅពេលពិធីលៀងអារក្សជិតបញ្ចប់ ដោយយកសំណែនបញ្ជូនទៅដាក់ទីណាមួយដែលសន្មតថានៅក្រៅភូមិមនុស្សរស់នៅ។ ការគិតសន្មតដូច្នេះទៅ គឺជំងឺរំបល់ទាំងនោះក៏ចេញទៅឆ្ងាយភូមិដូចគ្នា។ ពេលបញ្ជូនគេមានពាក្យសូត្រខ្លះៗថា៖
“ឱ្យចេញពីនគរ ទៅតាមទន្លេវែង ឱ្យឆ្ងាយពីភូមិស្រុក អ្នកជិតយកបាយ អ្នកឆ្ងាយយកអង្ករ ជូនដល់ផ្ទះហើយ កុំមកវិញណា”
ក្នុងកិច្ចបញ្ជូននេះ មានអ្នកភ្លេងម្នាក់ដើរតួជាអ្នកកាប់ចាក់កាន់ដាវ ចេះក្បាច់គុន ទាញដាវសម្ងែងដេញកាប់តាមពីក្រោយអ្នកបញ្ជូនពែទៅចោល។ ជួនកាលទៀតមានអ្នកកាន់កាំភ្លើងធ្វើអំពីឈើទៀតក៏មាន ដែលទង្វើទាំងនេះធ្វើឡើងក្នុងបំណងបណ្តេញជំងឺតម្កាត់ឱ្យភ័យខ្លាចលែងហ៊ាននៅភូមិស្រុកមនុស្សទៀត (រូបលេខ១៤-១៦)។
ង. យកព្រលឹងឱ្យរូប
រូបស្នងដែលបញ្ជាន់អារក្សមួយយប់ទល់ភ្លឺ គេយល់ថាអាចនឹងមានព្រលឹងខ្លះរលស់ចេញពីខ្លួនមិនខាន ឬព្រលឹងមិននៅនឹងរូបដោយប្រការផ្សេងៗដូចជា មានការនឿយហត់ អស់កម្លាំងជាដើម។ ម្ល៉ោះហើយ សិស្សគណត្រូវធ្វើកិច្ចយកព្រលឹងឱ្យមកនៅក្នុងរូបវិញនៅវេលាចប់ពិធីលៀងអារក្ស ដើម្បីឱ្យរូបមានសុខភាពបរិបូណ៌ពេញលេញដូចដើមវិញ។ សកម្មភាពយកព្រលឹងនេះប្រព្រឹត្តទៅយ៉ាងដូច្នេះ។ ដំបូងរូបស្នងចាប់កាន់តោក ដៃទាំងពីរបង្វិលតោកទៅឆ្វេងស្តាំ ហើយក៏ព្រលែងតោក មកចាប់កាន់តៀបដែលសិស្សហុចទៅឱ្យជំនួសតោក។ រូបស្នងពេលនោះក៏ដេកស្តូកស្តឹងមិនកម្រើក ហាក់មិនដឹងខ្លួនផ្អែកទៅលើសិស្សម្នាក់ដែលនៅចាំទប់ពីក្រោយខ្នងឡើយ។ ស្នំ និងសិស្សក៏យកអំបោះ មកចងដៃទាំងពីរឱ្យរូប ដែលកំពុងដេកស្តូកស្តឹងមិនដឹងខ្លួនសោះ។ ពេលចងដៃនោះ គេនិយាយថា៖
“ចងដៃឱ្យជាប់ ចងតោកឱ្យគង់ កាន់១ឱ្យជាប់ កាន់១០ឱ្យគង់”
ពាក្យ “កាន់” នៅត្រង់នេះ ក្នុងន័យថែរក្សាសិស្សគណខ្លួននៅក្នុងដៃឱ្យសុខជាល្អ និងមិនមានឈឺថ្កាត់អ្វី។ ចងដៃហើយ ទើបបុរសម្នាក់ជាសិស្ស ស្រែកបំពងសំឡេងខ្លាំងៗដាក់ត្រចៀកបីដង ដើម្បីឱ្យរូបស្នងដឹងខ្លួនមកវិញ។ រូបស្នងភ្ញាក់ ព្រើតដឹងខ្លួនឡើងវិញ ហើយងើបឡើងចាប់កាន់តោក ដើម្បីឱ្យគ្រូអារក្សចេញពីខ្លួន រួចហើយយកដៃបក់ពន្លត់ភ្លើងទៀននៅលើតោក។ កិច្ចយកព្រលឹងឱ្យរូបស្នងក៏ចប់ត្រឹមនេះ (រូបលេខ១៧-១៨)។
ច. កិច្ចសាពិតាន
ក្នុងកិច្ចនេះ អ្នកភ្លេងពីរនាក់ឡើងទៅរាំច្រៀងក្រោមពិតានក្រណាត់ ដែលគេចងបាំងនៅពីលើហ៊ឹងគ្រូ ដោយយកដៃទៅទាញបណ្តាច់ពិតាននោះចេញ។ ផ្កាដែលត្រូវបេះ គឺស្លឹកម្លូ ស្លឹកពោល្យំ ចំណិតស្លា ដែលគេចងរណេងរណោងសន្មតជាផ្កានៅនឹងពិតានក្រណាត់។ មុនចាប់ផ្តើមឡើងរាំបេះផ្កាសាពិតាន អ្នកភ្លេងចាប់សែនបេះផ្កានៅក្រោមពិតាន ដើម្បីឱ្យការបេះផ្កាបានសុខសប្បាយ ហើយពិធីលៀងអារក្សក៏បានចប់ទៅដោយរលូន។ បន្ទាប់ពីសែនចប់ អ្នកភ្លេងប្រគុំបទបេះផ្កា រីឯអ្នកភ្លេងពីរនាក់ដែលសែនរួចក៏ងើបឡើងរាំ ហើយច្រៀងផង។ គេរាំបណ្តើរ គេបានយកដៃលូកចាប់ទៅបេះផ្កា និងទាញបណ្តាច់ពិតានយកមកពាក់រុំនឹងក។ បន្ទាប់មក គេយកដៃទាញសារនាំងក្រណាត់ម្តង ដូចមានពាក្យច្រៀងថា៖
“បេះផ្ការួចហើយ នៅឡើងសាពិតាន……….បេះផ្ការួចហើយនៅសារនាំង……”
ក្រោយសាចប់ យើងឃើញមានស្ត្រីម្នាក់ដើរតួជាម្ចាស់ស្បៃពិតាន គេក៏សន្ទនាគ្នាដូច្នេះថា៖
អ្នកភ្លេង៖ ស្បៃលោកណានេះ ទុកចោលក្បែរអណ្តូងទឹក?
យាយ៖ ស្បៃខ្ញុំ។
អ្នកភ្លេង៖ មិចបានភ្លេចទុកចោលនៅមាត់អណ្តូង?
យាយ៖ មកញ៉ែគ្នានៅមាត់អណ្តូង ភ្លេច។
អ្នកភ្លេង៖ បើស្បៃអ្នកមែនមានប៉ុន្មានហត្ថ?
យាយ៖ ទាំងអស់ប្រាំបួនដន្តប់ហត្ថ។
អ្នកភ្លេង៖ ក៏បានធ្វើជាយកដៃមកវាស់ហត្ថរាប់ពីលេខ១ ដល់១៩ហត្ថ។
យាយ៖ ប្រយ័ត្នខ្វះរបស់ខ្ញុំ។
អ្នកភ្លេង៖ អត់ខ្វះទេ គ្រប់របស់គេមែន ១៩ហត្ថគ្រប់ហើយ បានអីលស់ដូរ?
យាយ៖ ស្រា១ដប។
អ្នកភ្លេង៖ រង្វាន់ធំរបស់គេមែន។
ពេលសន្ទនាចប់សេចក្តី អ្នកភ្លេងកាន់កន្សែងស្បៃនោះរាប់គ្រវាសចុះឡើង រាប់ពីលេខ១ដល់លេខ១៩ ធ្វើសំឡេងដូចរាប់គ្រវែងទៅក្រៅរោងលៀងដោយនិយាយថា៖ “ចង្រៃអ្វីៗទៅឱ្យបាត់អស់ទៅ មួយឆ្នាំឱ្យឮភ្លេងតែម្តងបានហើយ”។ និយាយចប់ គាត់ហុចកន្សែងនោះទៅយាយដែលយកស្រាលស់ ដោយនិយាយថាព្រលឹងប្រាំបួនដណ្តប់សព្វជុំឥតខ្វះឡើយ រីឯយាយឱ្យស្រាទៅវិញជាថ្នូរដោះដូរលស់។ កិច្ចរាំបេះផ្កាចប់ត្រឹមនេះ (រូបលេខ១៩-២០)។
ឆ. ត្រាស់
ពីថ្ងៃលៀងអារក្សដល់ថ្ងៃត្រាស់នេះមានរយៈពេលបីថ្ងៃ គេហៅកិច្ចនេះថា “ត្រាស់” ឬ “ត្រាស់គ្រូ”។ ក្នុងថ្ងៃនេះ នៅវេលាព្រឹកម៉ោងប្រាំជាង ចាស់ៗជាសិស្សគណ នាំគ្នាឡើងមកផ្ទះរូបស្នងដើម្បីធ្វើកិច្ចត្រាស់គ្រូ។ នៅព្រឹកនោះផងដែរ គេចាប់ផ្តើមសារោងលៀងអារក្សចេញ។ វត្ថុដែលយកមកត្រាស់គឺមានចេកអន្សម ទឹកក្រូច ស្រា លុយ ដែលសល់ពីពិធីលៀង។ តៀបមួយដែលគេប្រើសម្រាប់កិច្ចយកព្រលឹងឱ្យរូបស្នង កាលពីយប់លៀងលៀងអារក្ស គេយកមកបើកនៅថ្ងៃត្រាស់នេះឯង ដែលក្នុងនោះមានចេក អន្សម និងលុយមួយចំនួន។ របស់ដែលសល់ពីលៀងទាំងអម្បាល គឺគេយកមកចែកចាយគ្នាក្នុងពេលនោះ។ ក្នុងពេលនោះ គេមានបញ្ជាន់រូប ដើម្បីនិយាយឆ្លើយឆ្លងគ្នាប្រាប់ពីពិធីដែលទើបនឹងលៀងចប់ថ្មីៗនេះ ហើយសូមឱ្យសិស្សគណបានសុខសប្បាយឥតមានឈឺថ្កាត់ទៅមុខទៀតឡើយ។ គេមានរៀបសង្ឃឹក ឬខ្លះហៅថា សង្ឃាត មួយមានដាក់ចេកអន្សម ទឹកក្រូច ស្លាធម៌ ដោយសែនច្រូចស្រា និងជះសាចអង្ករទៅលើសង្ឃឹកថែមទាំងនិយាយថា៖
“មួយឆ្នាំឱ្យឮភ្លេងតែម្តងបានហើយ កុំឱ្យមានក្រើករំពឺក គេឱ្យទៅផ្ទះសម្បែងហើយ ឱ្យសុខសប្បាយដល់អ្នកនគរ”
ពេលចប់កិច្ចត្រាស់គ្រូគេយកសង្ឃឹកនេះទៅចោលនៅតាមដំបូក ឬតាមដើមឈើធំៗនៅក្រោយផ្ទះ (រូបលេខ២១-២២)។
បញ្ជីឯកសារពិគ្រោះ
ស្រី សមប៊ុនណារ៉ុង
២០២៣, កិច្ចដោតជម ឬរៀបគ្រូនៅភូមិសំបូរ, ផ្សាយអនឡាញដោយ AMS
Khmer Civilization តាមរយៈតំណភ្ជាប់ https://khmercivilization.ams.com.kh/detail/26843
២០២៤, លៀងអារក្សនៅភូមិសំបូរ, ផ្សាយអនឡាយដោយ AMS Khmer Civilization តាមរយៈ
តំណភ្ជាប់ https://khmercivilization.ams.com.kh/detail/29792
អាន រស្មី
២០១១, លៀងអារក្សនៅភូមិសំបូរ, សារណាបញ្ចប់បរិញ្ញាបត្របុរាណវិទ្យា ជំនាន់ទី១៩
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ភ្នំពេញ។
អាំង ជូលាន
២០០០, មនុស្ស និងដី, រៃយំ, ភ្នំពេញ។
២០០៥-២០០៦, “គ្រូកំណើត”, បណ្តាញពត៌មានក្នុងវប្បធម៌ខ្មែរ, ១: ៤៣-៤៤។
Ang Chouléan
- Les être surnaturels dans la religion Populaire khmère, Centre de Documentation et
de Recherche sur la Civilisation Khmère, Paris.
Saveros, P. & Ang Chouléan
1987-90. “Vocabulaire Khmer relatif au surnaturel”, Seksa Khmer.10-13, Paris:
CEDORECK, p.59-129.
Thompson, A.
- Calling the Souls: A Cambodian ritual text, Reyum, Phnom Penh.
English



































