ដោយ៖ កំ វណ្ណារ៉ា និង អេង សុគង់
វត្តតាំងក្រសាំង មានទីតាំងស្ថិតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ២៦ គីឡូម៉ែត្រ ប៉ែកនិរតីក្រុងស្ទឹងសែន។ វត្តតាំងក្រសាំង គឺជាអតីតទីតាំងប្រាសាទបុរាណកាលពីសម័យមុនអង្គរ (រវាងស.វ.ទី៧) តែក្រោយមកគេបានកសាងព្រះវិហារថ្មីមួយគ្របពីលើគ្រឹះប្រាសាទចាស់ ដែលនាំឱ្យបាត់រូបរាង និងស្លាកស្នាមទាំងស្រុង។ ទោះជាយ៉ាងនេះក្តី នៅមានវត្ថុសិល្បៈធ្វើអំពីថ្មភក់ជាច្រើន នៅសេសសល់ក្នុងបរិវេណវត្តនេះ។ គួរឱ្យចាប់អារម្មណ៍ មាននៅសល់សិលាចារឹកមួយផ្ទាំង ដែលសព្វថ្ងៃកំពុងតម្កល់ទុកនៅក្នុងសាលាឆាន់វត្តតាំងក្រសាំងផ្ទាល់តែម្តង។ តើសិលាចារឹកវត្តតាំងក្រសាំងមានខ្លឹមសារ និងអត្ថន័យដូចម្តេចខ្លះ?
សិលាចារឹកនេះ ជាប្រភេទចារឹកអក្សរនៅលើមេទ្វារប្រាសាទ មានចំនួន ១៤ បន្ទាត់ ជាភាសាសំស្រ្កឹត ហើយបើគិតជាស្លោកស្មើនឹង ៧ ស្លោក។ ក្នុងនោះ ផ្នែកខាងលើត្រូវបានរលុប និងត្រង់បាទទី៣ និងបាទទី៤ របស់ស្លោកទី៦ បានខូចខាតទាំងស្រុង និងមិនអាចអានបាន។
ចំពោះខ្លឹមសារជារួមរបស់សិលាចារឹកនេះ គឺស្លោកទី១ ពណ៌នាអំពីមហាសករាជឆ្នាំ៥៩០ ពេលព្រះចន្ទ្រ ស្ថិតនៅក្នុងរង្វង់នៃកន្យារាសី ៨រោច ថ្ងៃសុក្រ។ កាលបរិច្ឆេទនេះត្រូវនឹងគ.ស.ឆ្នាំ៦៦៨ ពោល គឺត្រូវនឹងព្រឹត្តិការណ៍ក្នុងរជ្ជកាលព្រះបាទស្រីជយវម៌្ម (ទី១) (គ.ស.៦៥៧-៦៨១)។ ស្លោកទី២ ពណ៌នាអំពីការធ្វើអំណោយទាន។ ស្លោកទី៣ ពណ៌នាអំពីតង្វាយដល់ព្រះឝ្រីមណ្ឌលេឝ ពោល គឺសំដៅដល់ព្រះឥសូរនោះឯង។ ព្រះឝ្រីមណ្ឌលេឝ ទំនងជាមានទំនាក់ទំនងគ្នាជាមួយនឹងទេវស្ថានមួយទៀត ដែលមានទីតាំងស្ថិតនៅមិនឆ្ងាយប៉ុន្មានពីវត្តតាំងក្រសាំង។ ទីតាំងនោះគេស្គាល់ឈ្មោះបច្ចុប្បន្នថា “ទួលសុពណ៌កាឡី” ស្ថិតនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលទីនោះធ្លាប់រកឃើញសិលាចារឹកមួយផ្ទាំងចុះបញ្ជីលេខ K.1464 មានទេពព្រះនាម “ឝ្រីមណ្ឌលេឝ្វរ” ហើយព្រះនាមនេះហើយដែលដូចទៅនឹងព្រះនាមទេពនៅសិលាចារឹកវត្តតាំងក្រសាំងនេះ។ ព្រះនាមទេពថា “ឝ្រីមណ្ឌលេឝ” និង “ឝ្រីមណ្ឌលេឝ្វរ” ជានាមតែមួយ ហើយក្នុងសិលាចារឹកវត្តតាំងក្រសាំងបានបង្ហាញថា ម្ចាស់តង្វាយទានបានបញ្ជាក់យ៉ាងជាក់លាក់ថា បានធ្វើអំណោយទានដល់ព្រះឝ្រីមណ្ឌលេឝ សំដៅដល់ព្រះឝ្រីមណ្ឌលេឝ្វរនោះឯង។ ចំណែកឯ ស្លោកទី៤ដល់ស្លោកទី៧ គឺជាពាក្យបណ្តាសា និងពរជ័យដល់ជនដែលបានបំផ្លាញ និងអ្នកដែលបានថែរក្សាទេវស្ថាន
អត្ថបទចារឹក និងសេចក្តីប្រែ
១. យស្មិន្យាតេ ឝកបតៅ ខនវេឞុភិរ៑ ……………….
ឝុក្រេតទាឞ្ឋមទិណេ សិតេកន្យាទិឝឝ្ឝឝិះ។
ប្រែថា៖ កាលឆ្នាំស្តេចសកកន្លងទៅហើយ កំណត់ដោយ ឦឞុ=៥ នវ=៩ ខ=០ …ព្រះចន្រ្ទ ជាដើមស្ថិតនៅក្នុងរង្វង់នៃកន្យារាសី ៨រោច ថ្ងៃសុក្រ។
២. ទ្វិបាទញ្ចៃវ សុក្ឞេត្រ[ម៑] ស វីជធម៌្មភូឞណះ
ធម៌្មាថ៌ធម៌្មកុឝលោ ធម៌្មោធម៌្មេតិវាម្វរះ
ប្រែថា៖ (តង្វាយមាន) មនុស្សផង និងដីស្រែចម្ការដ៏ល្អផង មានបុរសម្នាក់ដែលស្រស់សោភាដោយពន្លកនៃព្រះធម៌ ជាបុគ្គលដែលប្រកបដោយកុសលធម៌ និងធម៌អាថ៌ ប្រៀបបីដូចជាពស្ត្រានៃព្រះធម៌ ។
៣. ប្រាទាទ្ឆ្រីមណ្ឌលេឝាយ ទេវឝិលាទិសាក្ឞិនិ
ស កីត៌ិ្តស្នេហមិច្ឆន្តិ បុនជ៌្ជាន្មាន្តរេឞ្វបិ។
ប្រែថា៖ បានថ្វាយហើយដល់ព្រះឝ្រីមណ្ឌលេឝ ឰដ៏ទេពសិលាជាដើមដែលជាកសិណសាក្សី ហើយគាត់បានប្រាថ្នាដើម្បីជួបស្នេហ៍ និងកិត្យានុភាព សូម្បីក្នុងជន្មាន្តរៈទាំងឡាយនានាទៀត។
៤. អត៌ុមិច្ឆន្តិគោក្ឞេត្រំ បាបិឞ្ឋាះបាបវ្ឫទ្ធយះ
អវីចីនរកំឃោរម៑ បច្យន្តេបិត្ឫភិស្សហ។
ប្រែថា៖ ពួកជនមានចិត្តបាប ជាបុគ្គលចម្រើនដោយបាប ប្រាថ្នាបំផ្លាញនូវស្រែចម្ការ និងគោ នឹងត្រូវគេចម្អិនយ៉ាងឃោរឃៅក្នុងនរក ព្រមទាំងញាតិទាំងឡាយមានឪពុកជាអាទិ៍។
៥. កល្បកោដិសហស្រានិ កល្បកោដិ[ដ្យ?]យុតានិ ច
អវីចីនរកំឃោរម៑ បច្យន្តេបិចតុយ៌្យុ[គេ]។
ប្រែថា៖ អស់រយៈពេលរាប់ពាន់កោដិនៃកប្បផង អស់រយៈពេលរាប់ម៉ឺនកោដិនៃកប្បផង នឹងត្រូវគេចម្អិនយ៉ាងឃោរឃៅក្នុងនរក សូម្បីឰដ៏យុគទាំង៤។
៦. ស្វទត្តាំបរទត្តាំវា យោហរេត្តវសុន្ធរា
……………………… …………………….។
ប្រែថា៖ ទ្រព្យសម្បត្តិក្នុងដែនដីនេះដែលត្រូវបានបូជាថ្វាយហើយ ដោយខ្លួនឯងក្ដី ឬ ដោយជនដទៃក្ដី ជនណាលួចយកទៅ ………………………។
៧. ឞឞ្ដីវឞ៌សហស្រា[និ] ស្វគ៌្គមាទីតិភូ[មិឞុ]
អាច្ឆេតា ចានុមន្តា ច តាន្យេវ នរកេ វសេត៑។
ប្រែថា៖ រយៈពេលប្រាំមួយម៉ឺនឆ្នាំ គប្បី(រស់នៅ)ឰដ៏ស្ថានសួគ៌ជាដើម។ រីឯពួកអ្នកបំផ្លិចបំផ្លាញក្ដី ពួកអ្នកចូលដៃជាមួយក្ដី ក៏គប្បីរស់នៅក្នុងនរកអស់រយៈកាលប៉ុណ្ណោះដូចគ្នា។
សរុបជារួមមក សិលាចារឹករកឃើញនៅវត្តតាំងក្រសាំង រៀបរាប់អំពីការធ្វើកុសលផលបុណ្យរបស់ម្ចាស់ទានម្នាក់ថ្វាយចំពោះទេពមួយអង្គព្រះនាម “ឝ្រីមណ្ឌលេឝ” (ព្រះឥសូរ)។ ដូច្នេះ ទិន្នន័យនេះ បានបង្ហាញឱ្យឃើញអំពីការគោរពប្រណិប័តន៍ព្រហ្មញ្ញសាសនានិកាយសៃវ យ៉ាងជ្រាលជ្រៅនៅស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទស្រីជយវម៌្មទី១ (គ.ស.៦៥៧-៦៨១) ដ្បិតមានសិលាចារឹកជាច្រើនក្នុងរាជ្យរបស់ទ្រង់ដែលពណ៌នាអំពីការគោរពបូជាចំពោះព្រះឥសូរ។
English













