ដោយ៖ ម៉ង់ វ៉ាលី
សណ្តាន់ គឺជាឈ្មោះប្រាសាទមួយក្នុងក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) នៃក្រុមប្រាសាទសំបូរព្រៃគុក ដែលគេស្គាល់តាមឯកសាររបស់លោក Henri Parmentier ថា “ប្រាង្គ N21”។ ឈ្មោះថា “សណ្តាន់” នេះ មិនធ្លាប់បានកត់ត្រាដោយអ្នកស្រាវជ្រាវបារាំងឡើយ។ ហេតុដូច្នេះហើយ ឈ្មោះសណ្តាន់នេះយើងមិនដឹងថាអ្នកស្រុកហៅចាប់ពីពេលណាមកទេ។ ប៉ុន្តែ ការហៅដូច្នេះទំនងមកពីអ្នកស្រុកហៅភ្ជាប់ជាមួយដើមសណ្តាន់ដែលដុះនៅជិតប្រាសាទ ដូចគ្នានឹងការហៅប្រាសាទដើមច័ន្ទ (ប្រាង្គ N15) ដែលស្ថិតនៅមិនឆ្ងាយពីគ្នាដូច្នោះដែរ។ តើប្រាសាទសណ្តាន់ “ប្រាង្គ N21” មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?
ប្រាសាទសណ្តាន់ “ប្រាង្គ N21” មានទីតាំងស្ថិតនៅទិសឦសានប្រាង្គកណ្តាល N1 ដែលមានចម្ងាយប្រមាណ ៦២៣ ម៉ែត្រ និងចម្ងាយប្រមាណ ១៩០ ម៉ែត្រ ប៉ែកឦសានប្រាសាទក្បាលជ្រូក “ប្រាង្គ N20”។ ប្រាសាទនេះជាប្រភេទសំណង់ទោល សាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង បែរមុខនិងមានទ្វារចូលនៅទិសខាងកើត ព្រមទាំងជញ្ជាំងបីទិសផ្សេងទៀតលម្អជាទ្វារបញ្ឆោត។ សំណង់ទោលនេះ ហ៊ុមព័ទ្ធដោយកំពែងថ្មបាយក្រៀមមានរាងបួនជ្រុងទ្រវែង ដែលពីកើតទៅលិចមានប្រវែងប្រមាណ ៨០ ម៉ែត្រ និងពីជើងទៅត្បូងមានប្រវែងប្រមាណ ៦០ ម៉ែត្រ។ លើសពីនេះទៅទៀត ប្រាសាទនេះមានត្រពាំងបុរាណ ២ ដែលមួយស្ថិតនៅមុខាងកើត (ប្រមាណ ១៦០ ម៉ែត្រពីប្រាសាទ) និងមួយទៀតស្ថិតនៅមុខអាគ្នេយ៍ (ប្រមាណ ២០០ ម៉ែត្រពីប្រាសាទ)។ គួរឱ្យចាប់អារម្មណ៍មួយទៀត នៅខាងមុខប្រាសាទមាននៅសល់បង្គោលថ្មបាយក្រៀមមានរាងមូល ដែលបង្គោលបែបនេះគេធ្លាប់ឃើញដាក់អមសងខាងតម្រៀបគ្នាជាជួរខាងមុខប្រាសាទកណ្តាលនៃក្រុមប្រាសាទយាយព័ន្ធ (ប្រាង្គ S1) យោងទៅតាមកំណាយបុរាណវិទ្យាដោយលោក Bernard Phillip Groslier កាលពីរវាងទសវត្សរ៍ ១៩៦០។
នៅផ្នែកខាងក្នុងប្រាសាទ សិល្បកររៀបជាបន្ទប់សក្ការបូជា (គភ៌គ្ឫហ) មានរាងបួនជ្រុងទ្រវែង ហើយនៅតាមក្បាលជញ្ជាំងមានរៀបថ្មភក់រាងដូចកំណាត់ឈើជ្រុងភ្ជាប់ជាមួយឥដ្ឋ ដើម្បីតម្រៀបធ្វើជាពិតាន (សម្រាប់ប្រក់ក្រណាត់គ្របពីលើទេព)។ សព្វថ្ងៃ នៅក្នុងគភ៌គ្ឫហប្រាសាទ មាននៅសល់បំណែកជើងទម្រថ្មភក់មួយ ដែលបាត់បង់ស្រទាប់ថ្មពីរជាន់ខាងលើទៅហើយ (ជាទូទៅជើងទម្រនៅស.វ.ទី៧ គេរៀបចំជាថ្មភក់បួនជាន់) ហើយយើងមិនដឹងថាកាលពីដើមមក ជើងទម្រងនេះអ្នកកសាងតម្កល់សិវលិង្គ ឬអាទិទេពណាមួយឱ្យប្រាកដឡើយ ព្រោះប្រាសាទនេះមិនមានបន្សល់ទុកសិលាចារឹក និងមិនមានភស្តុតាងផ្នែកបុរាណវិទ្យាណាមួយបញ្ជាក់។
ក្រឡេកមកមើលផ្នែកខាងក្រៅប្រាសាទវិញ ផ្នែកដំបូល (ខាងលើ) របស់ប្រាសាទរចនាឡើងជាថ្នាក់ៗ ដោយបង្រួមខ្នាតពីធំទៅតូច ចាប់ពីផ្នែកខាងក្រោមទៅលើកំពូលបញ្ចប់ដោយការប្រក់ដំបូលមានរាងកោងដូចទូក ពោល គឺមានលក្ខណៈប្រហាក់ប្រហែលប្រាសាទត្រពាំងរពាក់ (ប្រាង្គ Z1) និងប្រាសាទជ្រៃ (ប្រាង្គ N18) ដែលគេស្គាល់ជាទូទៅថាមានលំនាំស្រដៀងសំណង់នៅឥណ្ឌាខាងជើង (វលភី) និងឥណ្ឌាខាងត្បូង (សាលា)។ រីឯផ្នែកខឿនរបស់ប្រាសាទ (ខាងក្រោម) សិល្បកររចនាឡើងជាក្បាច់សារពើសូត្រថ្នាក់ៗ ដែលលម្អដោយក្បាច់ត្របកឈូក ក្បាច់ផ្កាចន្ទន៍ ក្បាច់ក្រឡាចត្រង្គ (នៅឥណ្ឌាគេហៅថាក្បាច់ “ជាលក” jālaka) និងមានចម្លាក់សត្វហង្សនៅពីលើទ្រខឿនប្រាសាទផង។ កាន់តែគួរឱ្យចាប់អារម្មណ៍ នៅតាមទ្វារបញ្ឆោតទាំងបីរបស់ប្រាសាទ គេឆ្លាក់លម្អឥដ្ឋចេញជាក្បាច់សន្ទះទ្វារ ហើយអមសងខាងដោយសសរពេជ្រ និងសសរផ្អោប។ រាល់ទ្វារបញ្ឆោតនីមួយៗ គេឆ្លាក់លម្អឥដ្ឋចេញជាផ្តែរទ្វារមានរូបសត្វមករសងខាង និងបន្ថែមដោយហោជាងមានរាងកោងចុះក្រោម (ដូចជើង “ក”) ដែលនៅស្ថាបត្យកម្មឥណ្ឌាគេស្គាល់ជាទូទៅជាភាសាសំស្រ្កឹតថា “គវាក្សស” (gavākṣha)។ នៅខាងក្នុងហោជាងទៀតសោត មានលម្អដោយចម្លាក់ដូចប្រាសាទចម្លង ដែលមានលម្អហ៊ុមព័ទ្ធជុំវិញដោយក្បាច់គុឌុ (kuḍu ក្បាច់រាងដូចកូនបង្អួច)។
បន្ថែមពីនេះ នៅតាមជញ្ជាំងគ្រប់ទិសទាំងបួនរបស់ប្រាសាទ សុទ្ធសឹងមានលម្អដោយចម្លាក់វិមានអណ្តែត (Flying Palaces) ដែលក្នុងមួយទិសមានចម្លាក់ចំនួន ២។ មិនខុសពីនៅប្រាសាទផ្សេងទៀតក្នុងតំបន់ប្រាសាទសំបូរព្រៃគុកដែរ គ្រប់ចម្លាក់វិមានអណ្តែតទាំងអស់ សុទ្ធសឹងមានលម្អជាចម្លាក់ផ្តែរទ្វារ សសរពេជ្រ សសរផ្អោប និងជាពិសេស គឺចម្លាក់ទេពជាច្រើន ដែលគេពិបាកក្នុងការកំណត់សម្គាល់អត្តសញ្ញាណ។ គួរចាប់អារម្មណ៍ ចម្លាក់វិមានអណ្តែតនៅមុខខាងជើង មាននៅសល់ស្លាកស្នាមកំបោរបាយអជាច្រើន ដែលលក្ខណៈបែបនេះយើងឃើញនៅសល់ច្រើនដូចគ្នានៅប្រាសាទត្រពាំងរពាក់ (ប្រាង្គ Z1) និងប្រាសាទសំបូរ (ប្រាង្គ N1)។
គួរឱ្យចាប់អារម្មណ៍ជាពិសេសនោះ នៅទ្វារចូលខាងកើតនៃប្រាសាទ គេធ្លាប់រកឃើញផ្តែរទ្វារមួយធ្វើ ដែលលម្អដោយចម្លាក់ប្លែកពីផ្តែរទ្វារផ្សេងទៀតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។ បើតាមការរៀបរាប់របស់លោកស្រី Mireille Bénisti កាលពីឆ្នាំ១៩៦៦ បានបង្ហាញថា អ្នកស្រាវជ្រាវជំនាន់មុនៗដូចជា លោក Henri Parmeniter លោក Victor Goloubew ប្រហែលមិនធ្លាប់បានឃើញផ្តែរទ្វារនេះឡើយ ព្រោះផ្តែរទ្វារនេះធ្លាក់ចុះមកក្រោមកប់ដី រីឯឯកសារចាស់ៗមួយចំនួនដែលសិក្សាអំពីផ្តែរទ្វារនៅស.វ.ទី៧ ដូចជា លោក Phillip Stern លោកស្រី Gilberte de Coral Rémusat និងលោក Pierre Dupont ក៏មិនបានរៀបរាប់អំពីផ្តែរទ្វារនេះដែរ។ សព្វថ្ងៃ ផ្តែរទ្វារនេះកំពុងរក្សាទុក និងដាក់តាំងបង្ហាញនៅក្នុងសាលពិព័រណ៍នៃអគារអភិរក្សដ្ឋានសំបូរព្រៃគុក មានប្រវែងបណ្តោយ ២៣៦ ស.ម. ទទឹង ៣១ ស.ម. និងកម្ពស់ ៧២ ស.ម. ដែលលម្អដោយចម្លាក់សត្វមករឈរនៅលើផ្កាឈូកនៅចុងសងខាងខ្ជាក់សត្វតោ និងក្បាច់ដងធ្នូដែលរាងកោង។ នៅលើដងធ្នូមានលម្អចម្លាក់ទេពមួយអង្គនៅក្នុងរង្វង់ អមដោយចម្លាក់កិត៌ិមុខ (មុខដែលមានសិរីសួស្តី ឬមុខដែលមានយស) ចំនួន ២។ ចម្លាក់ទេពនៅត្រង់ពាក់កណ្តាលផ្តែរនេះ បើមើលមួយភ្លែតគឺស្មានតែជាចម្លាក់ព្រះពុទ្ធសមាធិ។ ប៉ុន្តែ លោកស្រី Mireille Bénisti បានសិក្សាប្រៀបធៀបយ៉ាងល្អិតល្អន់ និងបានសន្និដ្ឋានថា ជារូបភាពព្រះសិវក្នុងទម្រង់ជា “យោគិស្វរ”។ លោកស្រីបញ្ជាក់ថា ចម្លាក់ព្រះសិវនេះអង្គុយក្នុងទម្រង់ម្យ៉ាងដែលគេស្គាល់ជាទូទៅថា “បយ៌ង្ក” (Paryaṅka) និងតុបតែងម៉ូតសក់ជាទម្រង់ “ជដាកលាប” (Jaṭākalāpa) ពោល គឺផ្ទុយពីព្រះពុទ្ធដែលអង្គុយក្នុងកាយវិការសមាធិ (Samādhi-mudra) និងមានឧស្នីស (Uṣṇīṣa) នៅខាងលើព្រះកេស។ ព្រះសិវឆ្លាក់នៅក្នុងទម្រង់ជារូបរាងមនុស្សបែបនេះ មានលក្ខណៈកម្រណាស់នៅស.វ.ទី៧ ហើយលោកស្រី Bénisti គិតថា ជាងចម្លាក់នៅក្រុងឦសានបុរស្គាល់ច្បាស់អំពី “គម្ពីរកុមារសម្ភវ” (Kumārasambhava) ឬប្រពៃណី ”កាលិទាស” (Kālidāsa) ដែលមាននិយាយរៀបរាប់អំពីព្រះសិវក្នុងទម្រង់ជាឥសីធ្វើតប ឬហៅថា “យោគិស្វរ” (Yogiṣvara) ទើបបានជាគេឆ្លាក់រូបភាពនេះឡើង។
ក្រៅអំពីអ្វីដែលបានរៀបរាប់ខាងលើ យោងតាមការសិក្សាស្រាវជ្រាវរបស់គម្រោងអភិរក្សសំបូរព្រៃគុក នៅប្រាសាទសណ្តាន់ គេធ្លាប់រកឃើញបំណែកបដិមាចំនួន ២។ បដិមាទី១ ជារូបភាពទេពស្រីកាន់ដំបងវែងមួយ (បាក់បែកជាបីបំណែក) ធ្វើអំពីកំបោរបាយអ មានបណ្តោយ ៣៩ ស.ម. ទទឹង ១១,៥ ស.ម. និងកម្ពស់ ៦.៥ ស.ម.។ រីឯបដិមាមួយទៀត ជារូបភាពបដិមាទេពប្រុស បាត់ព្រះសិរ សល់ត្រឹមស្មា និងបាត់ព្រះហស្តឆ្វេង ដែលធ្វើអំពីថ្មភក់ មានបណ្តោយ ២៩ ស.ម. ទទឹង ១២,៥ ស.ម. និងកម្ពស់ ៧,៥ ស.ម.។
ជារួមមក តាមការរៀបរាប់ខាងលើនេះ ប្រាសាទសណ្តាន់ (ប្រាង្គ N21) គឺអាចចាត់ទុកថាជាសំណង់ទោលមួយដែលស្ថិតនៅដោយឡែក ក្រៅកសិន្ធុទឹកនៃក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) នៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលទំនងកសាងឡើងនៅស.វ.ទី៧ ក្នុងចន្លោះរជ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ឬព្រះបាទស្រីភវវរ្ម័នទី២ (គ.ស.៦៣៧-៦៥៧)។ ដោយសារកង្វះព័ត៌មានសិលាចារឹក យើងមិនដឹងថាប្រាង្គដ៏សំខាន់នេះតម្កល់អាទិទេពណាមួយឡើយ។ ប៉ុន្តែ បើយោងទៅលើចម្លាក់ព្រះសិវក្នុងទម្រង់ជា “យោគិស្វរ” នៅលើផ្តែរទ្វារនៃច្រកចូលខាងកើត យើងអាចសន្និដ្ឋានថាជើងទម្រដែលរកឃើញនៅផ្នែកខាងក្នុងប្រាសាទ (គភ៌គ្ឫហ) ទំនងតម្កល់ព្រះសិវលិង្គ ដែលទំនងជាប្រាសាទក្នុងលទ្ធិសៃវនិយម ក្នុងនិកាយបាសុបត ឬនិកាយសៃវ។
ឯកសារពិគ្រោះ
ម៉ង់ វ៉ាលី ២០២១, កំពង់ធំ ប្រវត្តិសាស្រ្ត និងប្រាសាទបុរាណ, ភ្នំពេញ។
Bénisti, M. 1966, “Notes d’iconographie khmère : III. Au sujet d’un linteau de Sambor Prei Kuk”, BEFEO, Tome 53, Paris.
CHEN Chanratana 2005-2006. Etudes des palais volants dans l’art Khmer préangkorien, Diplôme de Master de recherché Histoire et Archéologie de l’Asie de Sud-est Année, Universite Pariss III-Sorbonne nouvelle UFR orient et Monde Arabe, Paris.
Coral Rémusat, G. 1934. ‘De l’origine commune des linteaux de l’Inde pallava et des linteaux khmers préangkoriens, dans Revue des Arts Asiatiques, Tome VIII, IV, p.246 et suiv.
Dupont, P. 1952. Les linteaux khmers du VIIe, Artibus Asiae, XV, Paris.
Goloubew, V. 1927. Fouilles de Sambor Prei Kuk, BEFEO, no 27.
Parmentier, H. 1927. L’art Khmère primitif, Tome I & II, Paris.
Stern, P. 1934. ‘Évolution du linteau khmer’, dans Revue des Arts Asiatiques, Tome VIII, IV, p.251 et suiv.
English


























