គក់ទ្រូង ជាឈ្មោះប្រាសាទមួយក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ដែលគេស្គាល់តាមរយៈ ឯកសាររបស់លោក Henri Parmentier ថា “ប្រាង្គ W” ហើយក្រុមការងាររបស់លោកទើបតែរកឃើញថ្មី ផ្ទុយពីក្រុមប្រាសាទសំខាន់ៗដែលរកឃើញក្នុងជំនាន់អ្នកស្រាវជ្រាវដំបូងៗ។ ឈ្មោះថា “គក់ទ្រូង” នេះ មិនធ្លាប់បានកត់ត្រាដោយអ្នកស្រាវជ្រាវបារាំងឡើយ។ ភាគច្រើនគេជឿថា ការហៅឈ្មោះថា “គក់ទ្រូង” ដូច្នេះ គឺជាប់ពាក់ព័ន្ធទៅនឹងមនុស្សចូលទៅគក់ទ្រូងនៅក្នុងប្រាសាទ ពោល គឺការតប់ដោយក្តាប់ដៃទៅប៉ះនឹងដើមទ្រូងដើម្បីបញ្ចេញសំឡេងតន្ថើនឡើង។ ប៉ុន្តែ បើយើងពិនិត្យទៅលើចម្លាក់នៅតាមជញ្ជាំងប្រាសាទ ការដែលអ្នកស្រុកហៅប្រាសាទថា “គក់ទ្រូង” គឺទំនងមកពីអ្នកស្រុកបានឃើញចម្លាក់ទេពនៅតាមជញ្ជាំងប្រាសាទដែលកំពុងយកដៃប៉ះទៅនឹងទ្រូង ដែលមើលទៅហាក់ដូចជាការគក់ទ្រូងដូច្នោះដែរ។ តើប្រាសាទគក់ទ្រូង មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?
ប្រាសាទគក់ទ្រូង មានទីតាំងស្ថិតនៅទិសខាងត្បូងក្រុមប្រាសាទតោ (ក្រុមកណ្តាល) ចម្ងាយប្រមាណ ៩០០ ម៉ែត្រ និងចម្ងាយប្រមាណ ៥០០ ម៉ែត្រ ប៉ែកនិរតីក្រុមប្រាសាទយាយព័ន្ធ (ក្រុមខាងត្បូង)។ ប្រាសាទនេះជាប្រភេទសំណង់ទោល សាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង បែរមុខនិងមានទ្វារចូលនៅទិសខាងកើត ព្រមទាំងជញ្ជាំងបីទិសផ្សេងទៀតលម្អជាទ្វារបញ្ឆោត។ តាមរយៈការថតរូបពីលើអាកាស (LIDA) សំណង់ទោលនេះ ទំនងហ៊ុមព័ទ្ធដោយកំពែងដី ឬឥដ្ឋ ឬថ្មបាយក្រៀម ប៉ុន្តែ បច្ចុប្បន្នពំនូកដីបានចាក់បង្គរគ្របពីលើ នាំឱ្យបាត់ដានមើលលែងយល់ហើយ។ កំពែងនេះមានរាងបួនជ្រុងទ្រវែង ដែលពីកើតទៅលិចមានប្រវែងប្រមាណ ១៨០ ម៉ែត្រ និងពីជើងទៅត្បូងមានប្រវែងប្រមាណ ១២០ ម៉ែត្រ។ កាន់តែគួរឱ្យចាប់អារម្មណ៍ សំណង់ទោលនេះមានស្លាកស្នាមកសិន្ធុទឹក ហ៊ុមព័ទ្ធពីលើកំពែងមួយជាន់ថែមទៀតផង ដែលលក្ខណៈបែបនេះយើងឃើញមាននៅក្រុមប្រាសាទសំបូរ (ក្រុមខាងជើង)។ លើសពីនេះទៅទៀត ប្រាសាទនេះមានត្រពាំងបុរាណ ២ ស្ថិតនៅទិសឦសាននៃប្រាសាទ ដែលត្រពាំងមួយស្ថិតនៅក្នុងបរិវេណខាងក្នុងនៃកំពែងប្រាសាទ និងត្រពាំងមួយទៀតស្ថិតនៅបរិវេណខាងក្រៅកំពែងប្រាសាទ (ត្រពាំងនៅខាងក្រៅធំជាងត្រពាំងខាងក្នុង ថែមទាំងមានរៀបថ្មបាយក្រៀមជុំវិញទៀតផង)។ គួរឱ្យចាប់អារម្មណ៍មួយទៀត នៅខាងមុខប្រាសាទមាននៅសល់បង្គោលថ្មបាយក្រៀមមានរាងមូល ដែលបង្គោលបែបនេះ គេធ្លាប់ឃើញដាក់អមសងខាងតម្រៀបគ្នាជាជួរខាងមុខប្រាសាទកណ្តាលនៃក្រុមប្រាសាទយាយព័ន្ធ (ប្រាង្គ S1) យោងទៅតាមកំណាយបុរាណវិទ្យាដោយលោក Bernard Phillip Groslier កាលពីរវាងទសវត្សរ៍ ១៩៦០ និងធ្លាប់ឃើញនៅប្រាសាទសណ្តាន់ដូចគ្នា។
នៅផ្នែកខាងក្នុងប្រាសាទ សិល្បកររៀបជាបន្ទប់សក្ការបូជា (គភ៌គ្ឫហ) មានរាងបួនជ្រុងទ្រវែង ហើយនៅតាមក្បាលជញ្ជាំងមានរៀបថ្មភក់រាងដូចកំណាត់ឈើជ្រុងភ្ជាប់ជាមួយឥដ្ឋ ដើម្បីតម្រៀបធ្វើជាពិតាន (សម្រាប់ប្រក់ក្រណាត់គ្របពីលើទេព)។ តាមរយៈកំណាយរបស់អាជ្ញាធរជាតិសំបូរព្រៃគុកនៅពេលថ្មីៗនេះ នៅខាងក្នុងគភ៌គ្ឫហប្រាសាទ គេបានរកឃើញជើងទម្រមួយមានរាងបួនជ្រុងស្មើ ដែលជាប្រភេទជើងទម្រធ្វើអំពីស្រទាប់ថ្មភក់ត្រួតលើគ្នាចំនួន ៤ ថ្នាក់ (ស្រទាប់ខាងលើបង្អស់ដែលមានស្នាណទ្រោនីបាត់បង់ហើយ) ពោល គឺដូចទៅនឹងជើងទម្រផ្សេងទៀតដែលគេរកឃើញនៅក្រុមប្រាសាទយាយព័ន្ធ (ប្រាង្គកណ្តាល) ក្រុមប្រាសាទសំបូរ (ប្រាង្គ N10, N22) ជាដើម។ យើងមិនដឹងថាកាលពីដើមមក ជើងទម្រនេះអ្នកកសាង តម្កល់សិវលិង្គ ឬអាទិទេពណាមួយឱ្យប្រាកដឡើយ ព្រោះប្រាសាទនេះមិនមានបន្សល់ទុកសិលាចារឹក និងមិនមានភស្តុតាងផ្នែកបុរាណវិទ្យាណាមួយបញ្ជាក់ច្បាស់លាស់ឡើយ។
ក្រឡេកមកមើលផ្នែកខាងក្រៅប្រាសាទវិញ ផ្នែកដំបូល (ខាងលើ) របស់ប្រាសាទរចនាឡើងជាថ្នាក់ៗ ដោយបង្រួមខ្នាតពីធំទៅតូច ចាប់ពីផ្នែកខាងក្រោមទៅលើកំពូលបញ្ចប់ដោយការប្រក់ដំបូលមានរាងកោងដូចទូក ដោយមានការលម្អនៅគ្រប់ថ្នាក់ទាំងអស់ ពោល គឺមានលក្ខណៈប្រហាក់ប្រហែលប្រាសាទត្រពាំងរពាក់ (ប្រាង្គ Z1) និងប្រាសាទសណ្តាន់ (ប្រាង្គ N21) ដែលគេស្គាល់ជាទូទៅថាមានលំនាំស្រដៀងសំណង់នៅឥណ្ឌាខាងជើង (វលភី) និងឥណ្ឌាខាងត្បូង (សាលា)។ រីឯផ្នែកខឿនរបស់ប្រាសាទ (ខាងក្រោម) សិល្បកររចនាឡើងជាក្បាច់សារពើសូត្រថ្នាក់ៗ ដែលលម្អដោយក្បាច់ត្របកឈូក ក្បាច់ផ្កាចន្ទន៍ ក្បាច់ក្រឡាចត្រង្គ (នៅឥណ្ឌាគេហៅថាក្បាច់ “ជាលក” jālaka)។ កាន់តែគួរឱ្យចាប់អារម្មណ៍ នៅតាមទ្វារបញ្ឆោតទាំងបីរបស់ប្រាសាទ គេឆ្លាក់លម្អឥដ្ឋចេញជាក្បាច់សន្ទះទ្វារ (ផ្នែកខាងលើបង្អស់ទ្រដោយបន្ទះថ្មភក់) ហើយអមសងខាងដោយសសរពេជ្រ និងសសរផ្អោប ដូចបេះបិទទៅនឹងប្រាសាទតាមុំ និងប្រាសាទសណ្តាន់។ រាល់ទ្វារបញ្ឆោតនីមួយៗ គេឆ្លាក់លម្អឥដ្ឋចេញជាផ្តែរទ្វារមានរូបសត្វមករសងខាង ដែលជាលក្ខណៈគេស្គាល់ជាទូទៅថា “រចនាបថសំបូរព្រៃគុក” នាស.វ.ទី៧ នៃគ.ស.។
បន្ថែមពីនេះ នៅតាមជញ្ជាំងគ្រប់ទិសទាំងបួនរបស់ប្រាសាទ សុទ្ធសឹងមានលម្អដោយចម្លាក់វិមានអណ្តែត (Flying Palaces) ដែលក្នុងមួយទិសមានចម្លាក់ចំនួន ២ (ចម្លាក់នៅមុខខាងកើតរលុបក្បាច់លម្អស្ទើរទាំងស្រុងហើយ)។ មិនខុសពីនៅប្រាសាទផ្សេងទៀតក្នុងតំបន់ប្រាសាទសំបូរព្រៃគុកដែរ គ្រប់ចម្លាក់វិមានអណ្តែតទាំងអស់ សុទ្ធសឹងមានលម្អជាចម្លាក់ផ្តែរទ្វារ សសរពេជ្រ សសរផ្អោប។ ចម្លាក់វិមានអណ្តែតនីមួយៗ សិល្បករលម្អជាបីថ្នាក់ ដែលនៅខាងក្រោមបង្អស់ទ្រដោយសត្វទេវកថាមានស្លាប ដូចជា តោ សេះ និងគ្រុឌ (រូបលេខ៩-១០)។ គ្រប់ថ្នាក់ទាំងអស់នៃវិមានអណ្តែត សុទ្ធសឹងលម្អដោយរូបទេព និងតួអង្គហែរហម ដោយថ្នាក់ខាងលើបង្អស់មានទេពសំខាន់ ១ អង្គ អមដោយអ្នកហែរហម, ថ្នាក់កណ្តាលមានទេពសំខាន់ ១ អង្គ អមដោយអ្នកហែរហម ហើយថ្នាក់ខាងក្រោមបង្អស់មានទេពសំខាន់ ១ អង្គមានព្រះហស្តកាន់ដំបង (មិនមានអ្នកហែរហម) ពោល គឺមិនសូវខុសគ្នាប៉ុន្មានពីប្រាសាទតាមុំឡើយ។
ក្នុងចំណោមចម្លាក់វិមានអណ្តែតទាំងនេះ លោក ចិន្ត ច័ន្ទរតនា សន្និដ្ឋានថា ទេពសំខាន់ជាងគេដែលឆ្លាក់នៅក្នុងហោជាងវិមានអណ្តែតមុខខាងត្បូង (ផ្នែកខាងលិច) ជារូបតំណាង “ព្រះពោធិសត្វអវលោកិតេស្វរ” រីឯអ្នកហែរហមជាព្រះពោធិសត្វប្រាជ្ញាបារមី និងអ្នកគោរពបូជារបស់ទ្រង់។ លោកសន្និដ្ឋានដូច្នេះ ដោយយោងទៅលើកាយវិការ និងកេតនភណ្ឌនៅក្នុងព្រះហស្តរបស់ទ្រង់ស្រដៀងបដិមាព្រះអវលោកិតេស្វរធ្វើអំពីសំរិទ្ធមួយ ដែលកំពុងតម្កល់នៅសារមន្ទីរជាតិភ្នំពេញ។ ម្យ៉ាងវិញទៀត លោកយល់ថា វាអាចទៅរួចដែលប្រាសាទព្រហ្មញ្ញសាសនាឆ្លាក់រូបព្រះពោធិសត្វនៃព្រះពុទ្ធសាសនានៅតាមជញ្ជាំង ដ្បិតលោកបានយោងទៅលើកំណត់ហេតុរបស់អ្នកធ្វើធម្មយាត្រាចិនឈ្មោះ “យី-ស៊ីង” (Yi-Tsing) ដែលបានរៀបរាប់ថា “មនុស្សនៅហ្វូណនបានគោរពបូជាព្រះជាម្ចាស់ជាច្រើននិងបន្ទាប់មកច្បាប់របស់ព្រះពុទ្ធក៏រីកចម្រើនឡើង”។ ការសន្និដ្ឋាននេះ ក៏ពុំមានអ្វីរឹងមាំនោះឡើយ ព្រោះជាទូទៅនៅលើផ្នួងសក់ព្រះពោធិសត្វអវលោកិតេស្វរ តែងមានរូបព្រះពុទ្ធអាមិតភៈនៅលើផ្នួងសក់ ប៉ុន្តែចម្លាក់ទេពនៅជញ្ជាំងប្រាសាទគក់ទ្រូងពុំមានទេពណាមួយឆ្លាក់រូបព្រះពុទ្ធអាមិតភៈនៅលើផ្នួងសក់ឡើយ។ ពោល គឺសរុបមកមិនថាចម្លាក់វិមានអណ្តែតនៅមុខខាងត្បូង ឬមុខខាងណាក៏ដោយនៃប្រាសាទគក់ទ្រូងឡើយ គេពិបាកកំណត់អត្តសញ្ញាណទេពទាំងអស់នេះណាស់។
ជារួមមក តាមការរៀបរាប់ខាងលើនេះ ប្រាសាទគក់ទ្រូង គឺអាចចាត់ទុកថាជាសំណង់ទោលមួយដែលស្ថិតនៅដោយឡែកពីក្រុមប្រាសាទសំខាន់ៗទាំងបី នៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលទំនងកសាងឡើងនៅស.វ.ទី៧ និងអាចចាត់ថ្នាក់ជារចនាបថសំបូរព្រៃគុក ក្នុងចន្លោះរជ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ឬព្រះបាទស្រីភវវរ្ម័នទី២ (គ.ស.៦៣៧-៦៥៧)។ ដោយសារកង្វះព័ត៌មានសិលាចារឹក យើងមិនដឹងថាប្រាង្គដ៏សំខាន់នេះតម្កល់អាទិទេពណាមួយឡើយ។ ប៉ុន្តែ ដោយយោងទៅលើប្រហោងនៅកណ្តាលជើងទម្រដែលរកឃើញនៅផ្នែកខាងក្នុងប្រាសាទ (គភ៌គ្ឫហ) ប្រាសាទនេះទំនងតម្កល់ព្រះសិវលិង្គដូចប្រាសាទផ្សេងទៀតដែរ ដែលទំនងជាប្រាសាទក្នុងលទ្ធិសៃវនិយម ក្នុងនិកាយបាសុបត ឬនិកាយសៃវ។