ត្រពាំងរពាក់ គឺជាឈ្មោះក្រុមប្រាសាទមួយស្ថិតនៅប៉ែកខាងលិចក្រុមប្រាសាទយាយព័ន្ធ ចម្ងាយប្រមាណ ៣៥០ ម៉ែត្រ ដែលស្ថិតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ឈ្មោះ “ត្រពាំងរពាក់” គឺហៅសំដៅដល់ត្រពាំងបុរាណមួយដែលស្ថិតនៅប៉ែកអាគ្នេយ៍ក្រុមប្រាសាទនេះ ពោល គឺអ្នកស្រុកហៅឈ្មោះប្រាសាទភ្ជាប់ជាមួយត្រពាំងនេះតែម្តង។ នៅទសវត្សរ៍ ១៩១០ ក្នុងពេលដែលលោក Henri Parmentier (អ្នកស្រាវជ្រាវជនជាតិបារាំង) និងភរិយា ចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទសំបូរព្រៃគុក លោកមិនបានកត់ឈ្មោះប្រាសាទថា “ត្រពាំងរពាក់” ឡើយ ពោល គឺលោកតាងក្រុមប្រាសាទនេះជា “ក្រុម Z” ហើយប្រាសាទរាងប្រាំបីជ្រុងមួយដែលស្ថិតនៅខាងលិចក្រុមប្រាសាទនេះ (សំណង់ទោល) លោកតាងដោយអក្សរ “Y”។ ម្ល៉ោះហើយ យើងមិនអាចដឹងច្បាស់ថាអ្នកស្រុកហៅឈ្មោះក្រុមប្រាសាទនេះថា ដូច្នេះចាប់តាំងពីពេលណាមកនោះទេ។ តើក្រុមប្រាសាទរពាំងរពាក់ មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?
ក្រុមប្រាសាទត្រពាំងរពាក់ មានប្រាង្គប្រាសាទសរុបចំនួន ៥ ដែលសុទ្ធសឹងកសាងឡើងអំពីឥដ្ឋ តាងដោយប្រាង្គ Z1, Z2, Z3, Z4, Z5 ដោយរៀបចំប្លង់ចេញជារាងកាកបាទ ឬរាងខ្វែងជើងក្អែក ពោល គឺមានសំណង់សំខាន់មួយនៅចំកណ្តាលមានរាងបួនជ្រុងស្មើ (Z1) និងប្រាង្គ តូចៗមានរាងប្រាំបីជ្រុងចំនួន ៤ ទៀត (Z2, Z3, Z4, Z5) ស្ថិតនៅអនុទិសរណបឱ្យប្រាង្គកណ្តាល។ ប្រាសាទរណបតូចៗដែលមានរាងប្រាំបីជ្រុង គឺកសាងឡើងក្នុងទំហំតូចៗដូចប្រាង្គរណបនៅក្រុមប្រាសាទសំបូរ ឬក្រុមខាងជើងដែរ (N2, N3, N4, N5)។ ប្រសិនបើយើងប្រៀបធៀបប្លង់រវាងក្រុមប្រាសាទត្រពាំងរពាក់ជាមួយក្រុមប្រាសាទសំបូរ មានលក្ខណៈស្ទើរតែដូចគ្នា។ ប៉ុន្តែ ខុសគ្នាត្រង់ថា ប្រាង្គកណ្តាល (ប្រាង្គសំខាន់) នៃក្រុមប្រាសាទសំបូរ គេសាងឡើងជាប្រាសាទឥដ្ឋមានរាងបួនជ្រុងស្មើ និងមានទ្វារចេញចូលគ្រប់ទិសទាំងបួន ដែលមុខខាងកើតជាមុខចេញចូលសំខាន់ ហើយប្រាង្គរណបតូចៗនៅជុំវិញ សុទ្ធសឹងជាមានប្លង់រាងបួនជ្រុងស្មើ បែរមុខទៅទិសខាងកើតស្របគ្នាជាមួយប្រាង្គសំខាន់។ ផ្ទុយពីនៅក្រុមប្រាសាទត្រពាំងរពាក់ មានប្រាង្គសំខាន់រាងបួនជ្រុងស្មើបែរមុខទៅទិសខាងលិច និងលម្អជាទ្វារបញ្ឆោតនៅបីទិសផ្សេងទៀត (ខាងកើត ខាងជើង ខាងត្បូង) ហើយប្រាសាទរណបជុំវិញជាសំណង់មានរាងប្រាំបីជ្រុងបែរមុខបញ្រ្ចាស់គ្នា ពោល គឺប្រាង្គ Z2, Z5 បែរមុខទៅទិសខាងជើង និងប្រាង្គ Z3, Z4 បែរមុខទៅទិសខាងត្បូង។
យើងមិនមានភស្តុតាងណាមួយអាចពន្យល់បានថា ហេតុអ្វីបានជាគេសង់ប្រាង្គកណ្តាលនៃក្រុមប្រាសាទត្រពាំងរពាក់ (Z1) បែរមុខទៅទិសខាងលិចនោះឡើយ។ ដ្បិត ជាទូទៅនៅក្រុមប្រាសាទផ្សេងទៀតនៃតំបន់ប្រាសាទសំបូរព្រៃគុក ឥតមានក្រុមប្រាសាទណាមួយដែលមានប្រាង្គកណ្តាលបែរមុខទៅទិសខាងលិចឡើយ។ តួយ៉ាង ប្រាង្គកណ្តាលនៃក្រុមប្រាសាទយាយព័ន្ធ និងក្រុមប្រាសាទសំបូរ សុទ្ធសឹងបែរមុខទៅទិសខាងកើត។ បើយោងទៅប្រភពសិលាចារឹកនៅក្រុមប្រាសាទទាំងនោះ ប្រាង្គកណ្តាលសុទ្ធសឹងតម្កល់សិវលិង្គ ពោល គឺប្រាង្គកណ្តាលក្រុមប្រាសាទយាយព័ន្ធតម្កល់សិវលិង្គព្រះនាម “ស្រីប្រហសិតេស្វរ” និងក្រុមប្រាសាទសំបូរតម្កល់សិវលិង្គព្រះនាម “ស្រីគម្ភីរេស្វរ”។ ប៉ុន្តែ នៅក្រុមប្រាសាទត្រពាំងរពាក់វិញ ប្រាង្គកណ្តាលយើងមិនដឹងថាគេតម្កល់ទេពណាមួយឱ្យប្រាកដឡើយ ព្រោះក្រុមនេះនៅសល់សិលាចារឹកតែមួយផ្ទាំងគត់ និងមិនបាននិយាយទាក់ទងជាមួយទេពដែលតម្កល់នៅក្នុងប្រាសាទឡើយ។ សិលាចារឹកនោះសរសេរនៅលើឥដ្ឋមេទ្វារផ្នែកខាងជើងច្រកចូលខាងលិចនៃប្រាង្គកណ្តាល (Z1) ដែលលោក George Coedès ចុះបញ្ជីលេខ K.443 មានចំនួន ២ បន្ទាត់ជាភាសាខ្មែរបុរាណ មានទម្រង់ប្រភេទអក្សរខ្មែរនៅស.វ.ទី១០ ឬដើមស.វ.ទី១១ ហើយសម្រួលខ្លឹមសារមកមានន័យថា “កុំបីមានមនុស្សបំផ្លាញប្រាសាទនឹងត្រូវវិនាស ……..ម្រតាញខ្លោញ”។
សព្វថ្ងៃនេះ មានតែប្រាង្គកណ្តាល (Z1) ប៉ុណ្ណោះដែលនៅមានរូបរាងល្អប្រសើរ រីឯប្រាង្គរណប Z3 ដែលមានរាងប្រាំបីជ្រុងនៅមានរូបរាងល្អពាក់កណ្តាល ហើយប្រាង្គ Z2, Z4, Z5 បានបាក់បែកក្លាយជាទួលទៅហើយ។ ពោល ទើបតែថ្មីៗនេះប៉ុណ្ណោះដែលអាជ្ញាធរជាតិសំបូរព្រៃគុក បានធ្វើកំណាយសំអាត និងពង្រឹងឡើងវិញនៅប្រាង្គ Z4, Z5 ទើបយើងអាចមើលឃើញរូបរាងបានខ្លះ។ ចំណែកឯ ប្រាង្គ Z2 គេមិនទាន់បានធ្វើកំណាយសំអាតនៅឡើយ។ ប្រាង្គកណ្តាលដែលមានរាងបួនជ្រុង មានប្រវែង ៧ ម៉ែត្រ និងមានកម្ពស់ប្រមាណ ១៦ ម៉ែត្រ។ គួរកត់សម្គាល់នោះ គឺកំបោរបាយអនៅតាមជញ្ជាំងប្រាង្គកណ្តាលនេះ នៅមានសេសសល់ច្រើនជាងប្រាង្គដទៃទៀតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ជាពិសេសនៅតាមចម្លាក់វិមានអណ្តែត។ លោក Parmentier កត់សម្គាល់ថា ផ្នែកដំបូលនៃប្រាង្គកណ្តាល (Z1) កសាងឡើងជាបួនថ្នាក់ ដោយបង្រួមខ្នាតពីធំទៅតូច ចាប់ពីផ្នែកខាងក្រោមទៅលើបញ្ចប់ដោយការប្រក់ដំបូលមានរាងកោងដូចទូក។ ពោល គឺមានលំនាំស្រដៀងសំណង់នៅឥណ្ឌាខាងជើង (វលភី) និងឥណ្ឌាខាងត្បូង (សាលា)។ នៅច្រកចូលខាងលិច ពុំមានមេទ្វារធ្វើអំពីថ្មភក់ដូចប្រាសាទផ្សេងៗឡើយ ពោល គេធ្វើអំពីឥដ្ឋរៀបចេញជារាងជាច្រកចូលតែម្តង ដោយនៅផ្នែកខាងលើមានរៀបជារាងសាជីជ្រុង។ ច្រកចូលចូលខាងលិចនេះ គេមិនធ្លាប់រកឃើញផ្តែរទ្វារនោះឡើយ។ ប៉ុន្តែ នៅទ្វារបញ្ឆោតខាងជើង គេបានរកឃើញផ្តែរទ្វារមួយធ្វើអំពីថ្មភក់ ដែលលោក Parmentier គិតថា ផ្តែរទ្វារនេះទ្រដោយសសរពេជ្រមានរាងខុសពីរាងមូលធម្មតា ព្រោះរន្ធដែលភ្ជាប់សសរពេជ្រជាមួយផ្តែរទ្វារមានលក្ខណៈខុសពីផ្តែរទ្វារប្រាសាទដទៃទៀត។ ផ្តែរទ្វារនេះមានបណ្តោយប្រវែង ២១៩ស.ម. ទទឹង ៣២ស.ម. និងកម្ពស់ ៦១ស.ម. ដែលលម្អដោយចម្លាក់សត្វមករបែរមុខចូលក្នុងខ្ជាក់សត្វតោនិងដងធ្នូដែលមានរាងកោង ហើយនៅកណ្តាលមានចម្លាក់ព្រះឥន្រ្ទជិះដំរី ដែលអមសងខាងដោយព្រះមរុតជិះសេះ និងផ្នែកក្រោមមានចម្លាក់រំយោលផ្កានិងកម្រងមាលា។ ផ្តែរទ្វារនេះមិនមានអ្វីប្លែកពីផ្តែរផ្សេងទៀតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកឡើយ ពោល គឺអាចចាត់ថ្នាក់ជាសិល្បៈរចនាបថសំបូរព្រៃគុក នាស.វ.ទី៧ ដែលអាចស្ថិតនៅក្នុងរជ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ឬព្រះបាទស្រីភវវរ្ម័នទី២ (គ.ស.៦៣៧-៦៥៧)។ ដូច្នេះហើយ ប្រាង្គកណ្តាល និងប្រាង្គរណបទាំងបួននេះ ទំនងកសាងឡើងនៅស.វ.ទី៧ ប៉ុន្តែសិលាចារឹកនៅប្រាង្គកណ្តាលគឺចារឹកនៅស.វ.ទី១០ ឬទី១១ ពោល គឺមានន័យថាប្រាសាទនេះមានការប្រណិប័តន៍ច្រើនជំនាន់តមកទៀតនៅសម័យបុរាណ។ ជារួមមក ប្រាសាទត្រពាំងរពាក់ គឺជាក្រុមប្រាសាទមួយដែលមានការរៀបចំប្លង់ប្លែកពីក្រុមប្រាសាទផ្សេងៗទៀតនៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលទំនងកសាងឡើងនៅស.វ.ទី៧ ក្នុងចន្លោះរជ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ឬព្រះបាទស្រីភវវរ្ម័នទី២ (គ.ស.៦៣៧-៦៥៧) ហើយអាចមានការជួសជុលបន្ថែមនៅសម័យអង្គរស.វ.ទី១០ ឬទី១១ ដោយយោងទៅលើការរកឃើញសិលាចារឹកចំនួនពីរបន្ទាត់នៅច្រកចូលប្រាង្គកណ្តាល។ ដោយសារ កង្វះព័ត៌មានផ្នែកសិលាចារឹក យើងមិនដឹងថាប្រាង្គទាំងប្រាំនៃក្រុមប្រាសាទត្រពាំងរពាក់តម្កល់អាទិទេពណាមួយឡើយ។ ចំណុចគួរឱ្យចាប់អារម្មណ៍នោះ គឺប្រាសាទនេះមានប្រាង្គរណបជាប្រាសាទឥដ្ឋរាងប្រាំបីជ្រុងដូចក្រុមប្រាសាទយាយព័ន្ធដែរ ខុសត្រង់ថាមានទំហំតូចជាង។