ដោយ៖ ម៉ង់ វ៉ាលី
ប្រាសាទអំបែងនំ មានទីតាំងស្ថិតនៅភូមិព្រិច ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រខាងជើងទីរួមខេត្តកំពង់ធំ និងស្ថិតនៅភាគឦសានទីប្រជុំជនឃុំសាគ្រាមប្រមាណ ៤គីឡូម៉ែត្រ។ ទីតាំងនេះ ស្ថិតនៅមិនឆ្ងាយពីតំបន់ប្រាសាទបាកាណ ក្នុងទឹកដីស្រុកសង្គមថ្មី ខេត្តព្រះវិហារប៉ុន្មានឡើយ ពោល គឺមានន័យថា បើតំបន់បាកាណ ជាក្រុងដ៏សំខាន់មួយនៅសម័យអង្គរ ទីតាំងប្រាសាទអំបែងនំក៏អាចជាសហគមន៍មនុស្សធំមួយគ្រាន់បើដែរ។ ដ្បិត នៅម្តុំប្រាសាទអំបែងនំ មានប្រាសាទបុរាណយ៉ាងតិចក៏ជាង ១០កន្លែង ដែលប្រាសាទទាំងនោះមានអាយុកាលនៅរវាងស.វ.ទី១០-១១។
ប្រាសាទអំបែងនំ ហាក់ស្ថិតនៅឆ្ងាយពីក្រសែភ្នែកអ្នកស្រាវជ្រាវមកពីតំបន់អឺរ៉ុប ដ្បិតនៅមុនស.វ.ទី២១ ពុំធ្លាប់មានអ្នកស្រាវជ្រាវណាបានសិក្សាអំពីប្រាសាទនេះឡើយ ដែលអាចមកពីទីតាំងនេះនៅឆ្ងាយពីទីប្រជុំជនពេក ហើយជាតំបន់ព្រៃក្រាស់ និងត្រូវធ្វើដំណើរដោយជិះទូកឆ្លងស្ទឹងមួយ ព្រោះទីតាំងនេះពុំមានស្ពាន។ ប៉ុន្តែ មកដល់ឆ្នាំ២០០៨ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយសាលាបារាំងចុងបូព៌ាប្រទេស បានចុះបញ្ជីប្រាសាទនេះ នៅក្នុងសៀវភៅបញ្ជីសារពើភណ្ឌស្ថានីយបុរាណវិទ្យានៅខេត្តកំពង់ធំ ([1])។
បើស្តាប់ឮឈ្មោះប្រាសាទថា “អំបែងនំ” ហាក់ដូចជាចម្លែកបន្តិច ដ្បិតនៅទូទាំងប្រទេសកម្ពុជាមិនធ្លាប់មានប្រាសាទណាមួយមានឈ្មោះបែបនេះឡើយ។ អ្នកភូមិមួយចំនួនដែលរស់នៅក្បែរៗប្រាសាទរៀបរាប់ថា “កាលពីមុនមក គេហៅប្រាសាទនេះថា ប្រាសាទអំបែង ហើយក្រោយមកក៏គេហៅថា អំបែងនំ ដ្បិតគាត់យល់ថា ប្រាសាទនេះជាប់ទាក់ទងនឹងជំនឿនៃការបន់ស្រន់សុំអំបែងចាន ឬអំបែងឆ្នាំង….”។ តាមការរៀបរាប់នេះ យើងពិបាកនឹងជឿថាប្រភពនៃឈ្មោះប្រាសាទនេះកើតឡើងពីរឿងនេះណាស់។ ដ្បិត យើងគប្បីដឹងថា ការបង្កើតជាស្ថាននាមអ្វីមួយនៅក្នុងផ្នត់គំនិតមនុស្សខ្មែរ គេច្រើនតែផ្តោតទៅលើបរិស្ថានទូទៅនៅទីនោះស្រាប់ ដូចជា រុក្ខនាម សត្វនាម …..។ យើងគិតថា ឈ្មោះ “អំបែងនំ” នេះអាចចេញពីប្រភពអ្វីមួយផ្សេងដែលយើងមិនដឹង។ ឧទាហរណ៍ថា កាលពីមុនមកគេឃើញថ្មបញ្ចុះនៅទីនោះ ដែលមានចោះរន្ធជុំវិញក្នុងនិម្មិតរូបនៃទេពក្នុងព្រហ្មញ្ញសាសនា តែអ្នកស្រុកមិនស្គាល់ក៏អាចហៅថ្មនោះថា “អំបែង” បានដែរ([2])។ ជួនកាលទៀត គេឃើញស្នាមអ្វីមួយរាងដូចរន្ធមូលៗនៅជាប់នឹងប្រាសាទ ដូចស្នាមនៅប្រាសាទស្រីគ្រប់ល័ក្ខណក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ក៏គេអាចហៅថា “អំបែង” ក៏មាន ឬអាចឃើញអ្វីផ្សេងពីនោះដែលមានសណ្ឋានជារន្ធមូលៗដូចអំបែង។ បើគិតទៅវាប្រៀបដូចជានៅប្រាសាទភ្នំស្រះខ្ចៅដែរ ពោល គេហៅថាស្រះខ្ចៅមិនមែនសំដៅលើប្រាសាទទេ គឺគេសំដៅលើថ្មនៅជុំវិញស្រះដែលមានចម្ងាយប្រមាណ៤០០ម៉ែត្រពីប្រាសាទដែលមានរាងវិលវង់ដូចគូទខ្ចៅ ក៏គេហៅស្រះនោះថា “ស្រះខ្ចៅ” តែគេបានច្នៃរឿងព្រេងទៅជា មានព្រះមហាក្សត្រចិញ្ចឹមសត្វខ្ចៅនៅក្នុងស្រះទៅវិញ។ អ្វីដែលគួរចាប់អារម្មណ៍មួយទៀត គឺនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានទួលបុរាណមួយឈ្មោះថា “ស្បូវអំបែង”។ ករណីនេះ ពាក្យ “អំបែង” អាចជាប្រភេទមួយនៃស្បូវក៏ថាបាន ពោល គឺអាចជាឈ្មោះរុក្ខនាមដែរ។
បើក្រឡេកមើលវចនានុក្រមខ្មែរវិញ “អំបែង” មានថ្នាក់ពាក្យជានាមសព្ទដែលមានន័យថា បន្ទះបំណែកនៃក្អម ឆ្នាំង ចានជាដើម (អំបែងក្អម អំបែងចាន) និងន័យមួយទៀតថា គឺក្អមដីឬឆ្នាំងដីដែលគោះចោះត្រង់ក្អេងម្ខាងឲ្យមានចន្លោះធំល្មមដល់ការសម្រាប់លីងអ្វីៗ (ឧទា. លីងពោតពីរបីអំបែង) ([3])។ នៅក្នុងសិលាចារឹកបុរាណខ្មែរ ក៏មានកត់ត្រាពាក្យ “អំបែង” ដែរ តែគេសំណេរដែលកត់ត្រាជា “អំបេង” ដ្បិតនៅសម័យបុរាណមិនមានប្រើស្រៈ “ែ” ដូចសព្វថ្ងៃនេះឡើយ។ ប៉ុន្តែ ន័យរបស់ពាក្យនេះនៅក្នុងសិលាចារឹកភាគច្រើនជាឈ្មោះរបស់មនុស្ស។ ឧទាហរណ៍ សិលាចារឹកប្រាសាទកំផុស ខេត្តព្រះវិហារ ចុះបញ្ជីលេខ K.669([4]) មានរៀបរាប់អំពីនារីម្នាក់ឈ្មោះថា “អំបេង”, សិលាចារឹកភ្នំបាសិត ខេត្តកណ្តាល K.78([5]) រៀបរាប់ពីបុរសម្នាក់ឈ្មោះ “អំបេង” ដូចគ្នា([6])។
ប្រាសាទអំបែងនំ កសាងឡើងអំពីឥដ្ឋ មានតួប៉មបីរត់ជួរគ្នាពីជើងទៅត្បូង បែរមុខទៅទិសខាងកើត សាងនៅលើខឿនថ្មបាយក្រៀមខ្ពស់ផុតពីដី មានកសិន្ធុទឹកព័ទ្ធជុំវិញ ផ្លូវចូលពីទិសខាងកើត និងមានស្រះចំនួនពីរនៅខាងជើង ។ តួប៉មកណ្តាលនៅមានរូបរាងល្អច្រើន តែតួប៉មពីរទៀតនៅអមសងខាងបានបាក់បែកផ្នែកដំបូល នៅសល់ត្រឹមតែកំណាត់ដំបូលចុះមកក្រោម។ តួប៉មទាំងបីនេះ មានទ្វារចូលពីទិសខាងកើត ហើយទិសបីផ្សេងទៀតគេមានលម្អជាទ្វារបញ្ឆោត (រូបទី១-៧)។ ការលម្អនៅលើតួប៉មប្រាសាទទាំងបីនេះ មានលក្ខណៈដូចគ្នានឹងគុកលិចឬប្រាសាទត្នោតជុំខាងលិចនៅក្នុងស្រុកបារាយណ៍ស្ទើរទាំងស្រុង ពោល គឺគេតម្រៀបឥដ្ឋជាថ្នាក់ៗស្តួចទៅ
លើ ហើយក្នុងថ្នាក់នីមួយៗបង្ហាញជាក្បាច់ទ្វារបញ្ឆោតគ្រប់ជាន់([7]) (រូបទី៨)។
ដោយឡែក ក្បាច់លម្អស្ថាបត្យកម្មដែលធ្វើអំពីថ្មភក់នៅប្រាសាទនេះ ពុំសូវមាននៅសល់
ច្រើនដូចប្រាសាទផ្សេងៗទេ ពោល ក្រៅអំពីស៊ុមទ្វារប្រាសាទ យើងឃើញមានតែជើងទម្របដិមាមួយ និងបំណែកសសរពេជ្ររាងប្រាំបីជ្រុងមួយប៉ុណ្ណោះ (រូបទី៩-១០)។ សសរពេជ្រនេះ បាក់បែកនៅសល់កំណាត់ខ្លីប្រវែង ២០ស.ម.ប៉ុណ្ណោះ ដែលលម្អដោយក្បាច់ត្របកឈូក និងក្បាច់អង្គរ ក្នុងទម្រង់សិល្បៈរចនាបថប្រែរូប ឬបន្ទាយស្រីនាស.វ.ទី១០([8]) (រូបទី១១)។
នៅប្រាសាទអំបែងនំ គេធ្លាប់រកឃើញគោលចារឹកមួយផ្ទាំងដែលបាក់បែកជាពីរកំណាត់។ គេបានយកគោលចារឹកនេះទៅរក្សាទុកនៅវត្តក្រយា ហើយក្រោយមកនៅឆ្នាំ២០១៥ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានយកសិលាចារឹកនេះមកតភ្ជាប់គ្នាវិញនិងរក្សាទុកនៅសារមន្ទីរខេត្តកំពង់ធំ។ អក្សរចារឹកនេះ គេចារឹកនៅលើគោលសីមាដែលមើលទៅដូចផ្កាឈូក ជាពីរផ្នែក ហើយចារឹកជាភាសាខ្មែរបុរាណ។ ផ្ទាំងទី១ មានចារឹកចំនួន ២៨ បន្ទាត់ តែដើមៗវគ្គនៃបន្ទាត់នីមួយៗមានរលុបអក្សរច្រើន និងផ្ទាំងទី២ មានចារឹកចំនួន ៤៤ បន្ទាត់ ហើយមិនសូវមានរលុបអក្សរដូចផ្ទាំងទី១ទេ។ អក្សរចារឹកនេះ រៀបរាប់អំពីពូជពង្សមន្រ្តីម្នាក់ដែលធ្លាប់បានបម្រើរាជការតាំងពីរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័នរហូតដល់រាជ្យព្រះបាទជ័យវីរវរ្ម័ន ពោល គឺរៀបរាប់អំពីរឿងជម្លោះជាច្រើនករណី ជាពិសេសគឺជម្លោះដីធ្លីរបស់បូជនីយដ្ឋានសាសនា។ ដើម្បីដោះស្រាយជម្លោះទាំងនេះ ព្រះមហាក្សត្រអង្គនីមួយៗ បានចេញព្រះរាជបញ្ជាប្រើមន្រ្តីមានតួនាទីប្រធានតុលាការចុះទៅកាត់ក្តីផ្ទាល់។ ចំណុចគួរកត់សម្គាល់នោះគឺ ព្រះរាជាទ្រង់បង្គាប់ឲ្យប្រើទណ្ឌកម្មដល់អ្នកដែលចាញ់ក្តី ដូចជា វះមាត់ ទះកំផ្លៀង កាត់ដៃ កាត់ជើង បោះដែកក្តៅលើខ្លួន ។ល។ សិលាចារឹកនេះទំនងចារឹកឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវីរវរ្ម័ន ដើមស.វ.ទី១១ (គ.ស.១០០១-១០០៦ ឬ១០១០) ប៉ុន្តែបានរំឭកព្រឹត្តិការណ៍ចាស់ៗកន្លងមក។ ទិន្នន័យ អក្សរចារឹកនេះក៏បាននាំឲ្យយើងដឹងអំពីអាទិទេពដែលគេបានកសាងមាន ព្រះកម្រតេងអញលោកេសូរ និងព្រះកម្រតេងអញតថាគត ([9])។ ប៉ុន្តែ យើងមិនដឹងថា តើអាទិទេពដែលរៀបរាប់នេះដាក់នៅប្រាសាទនេះមែនឬមិនមែននោះទេ? ប្រសិនបើតម្កល់នៅប្រាសាទនេះមែន មានន័យថា ប្រាសាទអំបែងនំ គឺ កសាងឡើងដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន និកាយវជ្រយាន (រូបទី១២)។
ជារួមមក បើយើងពិនិត្យទៅលើស្ថាបត្យកម្មប្រាសាទ និងសិលាចារឹក គឺមិនស៊ីសង្វាក់គ្នានោះទេ ពោល គឺមានន័យថា ប្រាសាទអំបែងនំ កសាងឡើងនៅស.វ.ទី១០ នាចុងរចនាបថប្រែរូប ក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤-៩៦៧) ប៉ុន្តែសិលាចារឹកវិញជាគោលចារឹកដែលគេយកទៅតម្កល់នៅសម័យក្រោយ គឺដើមស.វ.ទី១១ ក្នុងរជ្ជកាលព្រះបាទជ័យវីរវរ្ម័ន (គ.ស.១០០១-១០០៦ ឬ១០១០)។ ករណីនេះ គឺមានលក្ខណៈដូចនៅគុកលិចឬប្រាសាទត្នោតជុំខាងលិចស្រុកបារាយណ៍ដូច្នោះដែរ ពោល គឺប្រាសាទសាងនៅរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន និងសិលាចារឹកគេយកទៅតម្កល់នៅរជ្ជកាលព្រះបាទជ័យវីរវរ្ម័នដូចគ្នា។ ប៉ុន្តែ ខុសត្រង់ថានៅគុកលិចឬប្រាសាទត្នោតជុំខាងលិច ពុំមែនរៀបរាប់អំពីជម្លោះ ឬការកាត់ក្តីអ្វីឡើយ គេរៀបរាប់អំពីការបោះបង្គោលព័ទ្ធយកដីព្រៃរំដេង ដែលជាដីទំនេរសម្រាប់សាងសង់ជាសាសនដ្ឋាន។
([1]) សូមមើលសៀវភៅបញ្ជីស្ថានីយបុរាណខេត្តកំពង់ធំ ឆ្នាំ២០០៨ ទំព័រ ៥៣។
([2]) Boisselier 1966: 206-207.
([3]) ពុទ្ធសាសនបណ្ឌិត្យ ១៩៦៧: ១៧៧៨។
([7]) Lajonquière 1902: 210; Aymonier 1900: 352; Parmentier 1913:20.
([8]) De Coral Résumsat 1940: 59-60; Boisselier 1966: 165-166.
បញ្ជីឯកសារយោង
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, សាលាបារាំងចុងបូព៌ាប្រទេស
២០០៨, “បញ្ជីសារពើភណ្ឌស្ថានីយបុរាណនៅខេត្តកំពង់ធំ”, ភ្នំពេញ
ពុទ្ធសាសនបណ្ឌិត្យ
១៩៦៧, “វចនានុក្រមខ្មែរ”, ភ្នំពេញ
កំ វណ្ណារ៉ា
២០១៩, “ប្រជុំសិលាចារឹកខេត្តកំពង់ធំ”, ភ្នំពេញ
Aymonier, Etienne
1900, “Le Cambodge”, Tome I, Le royume actuel, Paris.
Boisselier, Jean
- 1966, “Asie du Sud-Est, Le Cambodge ”, Tome I, Paris
Coedès, George
- 1937, A new inscription from Fu-nan, The journal of the Greater India Society, IV, 2
- 1954, Inscription du Cambodge, Vol VI, Hanoi
English






















