ដោយ៖ ម៉ង់ វ៉ាលី
ប្រាសាទជ្រៃ ជាប្រាសាទមួយដែលស្ថិតនៅក្នុងក្រុមប្រាសាទសំបូរ ឬក្រុមខាងជើង នៃតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីលេខ N18។ ប្រាសាទនេះ ស្ថិតនៅទិសពាយព្យប្រាសាទគុកវិហារ (N17) និងតួប៉មកណ្តាល (N1)។ ឈ្មោះ “ជ្រៃ” ទំនងសំដៅដល់រុក្ខជាតិមួយប្រភេទដែលដុះរុំព័ទ្ធជុំជិតប្រាសាទសព្វថ្ងៃ ហើយដើមជ្រៃនេះទៀតសោតមានអាយុកាលយូរណាស់មកហើយ ពោល យ៉ាងតិចក៏ ១០០ឆ្នាំឡើង ព្រោះកាលពីលោក Henri Parmentier មកសិក្សាកាលពីជាង១០០ឆ្នាំមុន ដើមជ្រៃនេះបានដុះព័ទ្ធប្រាសាទរួចទៅហើយ។ ចំណែកឯឈ្មោះដើមរបស់ប្រាសាទវិញ ទំនងឈ្មោះថា “ស្រីរត្នេស្វរ” (Çrīratneçvara) ដែលជាព្រះនាមរបស់ទេពរបស់ប្រាសាទ និងគេស្គាល់តាមរយៈសិលាចារឹកនៅជាប់នឹងមេទ្វារសព្វថ្ងៃ (K.149)។
ប្រាសាទជ្រៃ សាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង បែរមុខទៅទិសខាងកើត (រូបលេខ១-២)។ នៅផ្នែកខាងក្នុងប្រាសាទ គេតម្រៀបជាបន្ទប់មានរាងបួនជ្រុងទ្រវែង ដោយមានតម្រៀបជាពិតានភ្ជាប់គ្នាដោយថ្មភក់ព័ទ្ធជុំវិញ និងផ្នែកខាងលិចមានហ៊ឹងមួយធ្វើពីបន្ទះថ្មភក់ផ្តេកជាប់នឹងជញ្ជាំងរាងខ្ពស់បន្តិចដូចជាធ្នើរសម្រាប់ដាក់របស់ប្រើប្រាស់ផ្សេងៗឬអាចតម្កល់ទេពផង (រូបលេខ៣)។ នៅផ្នែកខាងជើងនៃបន្ទប់ខាងក្នុងដដែល យើងឃើញមានសោមសូត្រមួយធ្វើពីថ្មភក់សម្រាប់ការបង្ហូរទឹកមន្តចេញទៅខាងក្រៅប្រាសាទ ដែលគេភ្ជាប់ដោយទបង្ហូរទឹកមួយ។
នៅផ្នែកខាងក្រៅវិញ សព្វថ្ងៃដើមជ្រៃបានហ៊ុមព័ទ្ធស្ទើរតែទាំងស្រុងទៅហើយ ជាពិសេសនៅផ្នែកខាងកើត ដែលខុសពី១០០ឆ្នាំមុនក្នុងពេលដែលលោក Henri Parmentier មកស្រាវជ្រាវដើមជ្រៃនៅតូច និងហ៊ុមព័ទ្ធតែខាងកើតបន្តិចប៉ុណ្ណោះ([1])។ នៅជញ្ជាំងខាងក្រៅផ្នែកខាងជើង ខាងត្បូង និងខាងលិច សិល្បកររៀបលម្អជាទ្វារបញ្ឆោត តែមានលក្ខណៈមួយបែបផ្សេងពីទ្វារបញ្ឆោតតួប៉មដែលយើងឃើញនៅក្រុមសំបូរផ្សេងទៀត ដូចជា តួប៉ម N1, N7, N8, N9, 10, N11, N12, N13 ។ល។ ទ្វារបញ្ឆោតទាំងអស់ លម្អជាក្បាច់សសរផ្អោបសងខាង ហើយផ្នែកខាងលើធ្វើជាកូនប្រាសាទដែលលម្អដោយក្បាច់គូឌុមានឆ្លាក់ក្បាច់រុក្ខជាតិនៅខាងក្នុង។ នៅផ្នែកខាងលើក្បាលសសរផ្អោបទ្វារបញ្ឆោតយើងឃើញសិល្បករលម្អក្បាច់ជើងទៀន និងរូបហង្សតម្រៀបជួរគ្នាផង។ ជាពិសេសនោះ នៅផ្នែកកំពូលរបស់ប្រាសាទគេលម្អជាកូនប្រាសាទបីថ្នាក់ក្នុងមួយថ្នាក់មានកូនប្រាសាទចំនួនបីនៅគ្រប់មុខទាំងអស់ ហើយតាមកូនប្រាសាទនីមួយៗ មានលម្អជាចម្លាក់កូនបង្អួចដែលមានឆ្លាក់រូបមុខមនុស្សឬទេពនៅខាងក្នុង (រូបលេខ៤-៥)([2])។ ទម្រង់ជាទូទៅដែលបានរៀបរាប់ខាងលើ មានទម្រង់ជាការលម្អតាមរចនាបថព្រៃក្មេង (គ.ស.៦៣៥-៧០០) ដែលមើលទៅមានលក្ខណៈខុសគ្នាច្រើនពីប្រាសាទផ្សេងៗទៀតក្នុងក្រុមជាមួយគ្នាដែលស្ថិតនៅក្នុងរចនាបថសំបូរព្រៃគុក។
ដោយឡែក នៅប្រាសាទជ្រៃក៏មាននៅសល់សិលាចារឹកមួយផ្ទាំងដែរ ពោល គឺចារនៅលើមេទ្វារខាងកើតផ្នែកខាងត្បូង ចុះបញ្ជីលេខ K.149 (សព្វថ្ងៃរក្សាទុកនៅទីតាំងដើម) ចារឹកជាភាសាខ្មែរបុរាណ មានចំនួន ៣០បន្ទាត់ ដែលទំនងចារឹកឡើងនៅចុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ ឬនៅដើមរជ្ជកាលព្រះបាទភវវរ្ម័នទី២។ សិលាចារឹកនេះ នៅរក្សារូបរាងអក្សរដើមបានយ៉ាងល្អប្រសើរ ដែលរៀបរាប់អំពីអំណោយរបស់អាចារ្យ (Ācārya) ម្នាក់ (គោរម្យងារជា ”ម្រតាញ”) ទទួលបានព្រះរាជទានពីព្រះមហាក្សត្រចំនួនបីអង្គ គឺព្រះបាទភវវរ្ម័នទី១ (គ.ស.៥៩៨-៦០៦) ព្រះបាទមហេន្រ្ទវរ្ម័ន (គ.ស.៦០៧-៦១៦) និងព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ថ្វាយដល់ព្រះអាទិទេពនៃប្រាសាទដែលមានព្រះនាមថា “ព្រះកម្រតាងអញស្រីរត្នេស្វរ”។ អំណោយទាំងនោះរួមមានដូចជា ខ្ញុំបម្រើស្រីប្រុសជាច្រើននាក់ និងរៀបរាប់អំពីអំណោយដល់ទេវស្ថាន (ប្រាសាទ)នៅឯក្នារវាហ្វ រួមមានខ្ញុំបម្រើប្រុសស្រីមួយចំនួន គោចំនួន ២៨០ក្បាល និងក្របី…….. ([3])។ សិលាចារឹកនេះ មានអត្ថន័យប្រហាក់ប្រហែលនឹងសិលាចារឹកមួយទៀតនៅក្រុមប្រាសាទស្រីគ្រប់ល័ក្ខ (តួប៉ម L5) ចុះបញ្ជីលេខ K.151 សរសេរជាភាសាសំស្រ្កឹតដែលរៀបរាប់ថា៖ “មានមន្រ្តីម្នាក់ឈ្មោះ “នរសិង្ហគុប្ត” ជាស្តេចស្តេចត្រាញ់នៅក្រុងឥន្រ្ទបុរ និងជាអ្នកស្មោះស្ម័គ្រធ្លាប់បម្រើឱ្យស្តេចចំនួនបីអង្គ រួមមានព្រះបាទភវវរ្ម័នទី១ ព្រះបាទមហេន្រ្តីវរ្ម័ន និងព្រះបាទឦសានវរ្ម័នទី១ ហើយក្នុងឆ្នាំគ.ស.៥៩៨ លោកបានកសាងរូបបដិមាព្រះវិស្ណុមួយអង្គព្រះនាម “ស្រីកបិលវាសុទេវ” តម្កល់នៅក្នុងប្រាសាទ” ([4])។ ការប្រៀបធៀបសិលាចារឹកទាំងពីរនេះ គឺក្នុងបំណងចង់បង្ហាញថាសិលាចារឹកទាំងពីរនេះគឺជាតឹកតាងមួយដ៏សំខាន់ដែលអាចបញ្ជាក់ឱ្យឃើញថា មុននឹងក្រុងឦសានបុរ (សំបូរព្រៃគុក) រីកចម្រើននៅក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ ទំនងជាស្តេចពីរអង្គមុន គឺព្រះបាទភវវរ្ម័នទី១ និងព្រះបាទមហេន្រ្ទវរ្ម័ន បានមកគ្រប់គ្រងតំបន់នេះរួចទៅហើយ ទើបបានជាសិលាចារឹកទាំងពីរនេះបានរំឭកអំពីស្តេចអង្គមុនទាំងពីរនេះ។
ជារួមមក តាមការរៀបរាប់អំពីក្បាច់លម្អស្ថាបត្យកម្ម និងសិលាចារឹករួចមក យើងអាចសន្និដ្ឋានថា ប្រាសាទជ្រៃ ទំនងកសាងឡើងនៅស.វ.ទី៧ ក្នុងចុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ឬដើមរជ្ជកាលព្រះបាទភវវរ្ម័នទី២ (គ.ស.៦៣៧-៦៥១) ក្នុងទម្រង់រចនាបថព្រៃក្មេង (គ.ស.៦៣៥-៧០០) ([5]) ឧទ្ទិសថ្វាយដល់អាទិទេពព្រះនាម “ស្រីរត្នេស្វរ” ដែលជាព្រះនាមម្យ៉ាងរបស់ព្រះឥសូរ នៃព្រហ្មញ្ញសាសនា។
ឯកសារយោង
ឯម ភារក្ស
២០១៦ “ចម្លាក់កូនបង្អួចឬគុឌុនៅសម័យមុនអង្គរ”, សារណាបញ្ចប់បរិញ្ញាបត្របុរាណវិទ្យា ជំនាន់ទី២៦ សាកល វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ភ្នំពេញ
Boisselier, Jean
1966, “Asie du Sud-Est, Le Cambodge ”, Tome I, Paris.
Coedès, George
1943, “Quelque précisions sur la fin du Fou-Nan” BEFEO, Tome 43, Paris.
1952, Inscription du Cambodge, Vol IV, Hanoi.
Parmentier, Henri
1927, “L’Art Khmer Primitif”, Tome 1, Paris.
English

















