ដោយ៖ ម៉ង់ វ៉ាលី
នៅក្នុងសង្គមខ្មែរ មានប្រភេទនំខ្លះគេធ្វើសម្រាប់លក់ និងធ្វើសម្រាប់ហូបភ្លាមៗ។ ប៉ុន្តែ ក៏មាននំខ្លះទៀតគេផលិតឡើងក្នុងកិច្ចពិធីធំដុំរបស់ខ្មែរ ជាក់ស្តែងដូចជា នំជាល ដែលជានំអាចទុកបានយូរមិនងាយខូច គេច្រើនធ្វើនៅរដូវបុណ្យភ្ជុំ។ ដោយឡែក នៅតំបន់សំបូរព្រៃគុក ខេត្តកំពង់ធំ មាននំចំនួនពីរប្រភេទ ដែលគេនិយមធ្វើឡើងប្រើប្រាស់ក្នុងកិច្ចពិធីឡើងអ្នកតា និងច្រត់ព្រះនង្គ័លជាដើម ដែលនំទាំងពីរនោះមានឈ្មោះថា “នំនាលិ” និង “នំអន្សមស្លឹកផ្អាវ”។
នាលិ សំដៅដល់ឧបករណ៍ពុម្ពសម្រាប់ធ្វើនំ ហើយពុម្ពនោះគឺជាត្រឡោកដែលគេចោះរន្ធមួយចំនួននៅគូទសម្រាប់ចំហុយម្សៅអង្ករ[1]។ អ្នកស្រុកនៅតំបន់នោះច្រើនធ្វើនំនាលិប្រើប្រាស់ក្នុងកិច្ចពិធីឡើងអ្នកតា និងពិធីច្រត់ព្រះនង្គ័លដែលជាពិធីបុណ្យទៀងទាត់ដ៏សំខាន់នៅក្នុងភូមិ ជាក់ស្តែងដូចឃើញមាននៅភូមិសំបូរ និងភូមិចំណារចាស់ (រូបលេខ១-៣)។ នៅមុនពេលពិធីឡើងអ្នកតាមួយថ្ងៃ អ្នកភូមិសំបូរស្ទើរគ្រប់ផ្ទះតែងតែធ្វើនំនាលិយកទៅចូលបុណ្យនឹងគេ នៅពេលគេដើររៃអង្គាស។ ក្នុងថ្ងៃឡើងអ្នកតា ដែលប្រារព្ធនៅកណ្តាលភូមិ (អ្នកតាទ្វារ) និងនៅខ្ទមអ្នកតាមុខក្រុមប្រាសាទសំបូរ គេយកនំនាលិធ្វើជាសំណែនដល់អ្នកតា (រូបលេខ៤-៦)។ ប៉ុន្តែ នៅមុនពេលកិច្ចបំពេញឃ្លាំង គេបានចែកនំនាលិដល់អ្នកស្រុកដែលបានមកចូលរួម ហើយការចែកនំនៅពេលនោះគេហៅថា “ចែកល្បៃ” ពោល គឺជាការចែកទានពីអ្នកតាជូនដល់កូនចៅ ដែលពាំនាំមកនូវភាពសុខសប្បាយ (រូបលេខ៧)។
ចំណែក នៅក្នុងពិធីច្រត់ព្រះនង្គ័លវិញ គេចាត់ទុកនំនាលិតំណាងឲ្យដីរបស់អ្នកស្រុក។ ដ្បិត អ្នកស្រុកដែលទៅចូលរួមពិធីនេះ បានយកកួរស្រូវដែលធ្វើអំពីលាជចងភ្ជាប់ជាមួយធូបនិងអំបោះក្រហម មកដោតនៅលើនំនាលិ ដោយខ្លះមានហ៊ុំព័ទ្ធដោយក្រណាត់ជុំវិញ មកដាក់សែននៅក្នុងខ្ទមអ្នកតា (រូបលេខ៨-១១)។ ប៉ុន្តែ ពេលចប់កិច្ច គេយកនំនាលិទៅវិញ។ នាំនាលិ ក៏មិនសូវខុសពីនាំជាលដែរ គឺគេអាចរក្សាទុកហូបបានយូរដូចគ្នា។ យើងពុំដឹងថាប្រពៃណីនៃការធ្វើនំនេះមានពីពេលណាមកទេ តែប្រហែលមានជាយូរមកហើយ ពោល អាចដំណាលគ្នានៃការកកើត ពិធីនេះក៏ថាបាន។
ដោយឡែក សម្រាប់នំអន្សមស្លឹកផ្អាវ ឬនំស្បង់ វិញ យើងឃើញគេតែងប្រើប្រាស់នៅក្នុងកិច្ចពិធីឡើងអ្នកតាក្នុងភូមិចុងព្រៃ និងភូមិព្រៃព្រះ (រូបលេខ១២-១៤)។ នៅក្នុងកិច្ចនោះ យើងពុំឃើញមាននំនាលិដូចកិច្ចពិធីនៅភូមិសំបូរ និងភូមិចំណារចាស់ឡើយ តែគេជំនួសវិញដោយនំអន្សមស្លឹកផ្អាវ។ មើលតាមគំនិតនៃកិច្ចឡើងអ្នកតា នំនេះពុំខុសពីនំនាលិឡើយ គឺអ្នកស្រុកតែងតែធ្វើនំអន្សមស្លឹកផ្អាវយកមកចូលបុណ្យឡើងអ្នកតា ដែលក្នុងកិច្ចនោះគេដាក់សែននំនេះយ៉ាងច្រើននៅមុខខ្ទមអ្នកតា។ ក្នុងកិច្ចបញ្ជូនរូបស្នងអ្នកតាដែលតែងតែជិះលើដំរី (ដំរីជាកូនចៅ) បានយកនំស្បង់ឬនំអន្សមស្លឹកផ្អាវដាក់លើខ្នង ហើយនៅពេលទៅដល់រូបស្នងបានយកនំស្បង់បាចចូលទៅក្នុងព្រៃ ក្នុងន័យសូមឲ្យគ្រោះចង្រៃដែលមាននៅក្នុងភូមិចៀសចេញឲ្យផុត (រូបលេខ១៥-១៦)។ បន្ទាប់មកទៀត នៅមុនបញ្ចប់នៃកិច្ច រូបស្នងអ្នកតាបានចែកនំនេះជូនដល់កូនចៅដែលមកចូលរួម ក្នុងន័យសូម ឲ្យសុខសប្បាយ វៀរចាកពីជំងឺដង្កាត់ទាំងពួង។
ឯកសារយោង
អាំង ជូលាន
នំនាលិ, បណ្តាញព័ត៌មានវប្បធម៌ខ្មែរ ,
http://www.yosothor.org/publications/khmer-renaissance/chapter-one/num-nal.html
[1] អាំង ជូលាន, នំនាលិ, ផ្សាយក្នុងបណ្តាញព័ត៌មានវប្បធម៌ខ្មែរ http://www.yosothor.org/publications/khmer-renaissance/chapter-one/num-nal.html ។
English



























