ដោយ៖ ម៉ង់ វ៉ាលី
គុកជើង គឺជាឈ្មោះដែលអ្នកស្រុកហៅសព្វថ្ងៃ ដ្បិត គុក គឺមានន័យថា “ប្រាសាទ” ហើយជើង គឺសំដៅលើប្រាសាទនេះស្ថិតនៅទិសខាងជើងភូមិ។ អ្នកស្រាវជ្រាវខ្លះហៅប្រាសាទនេះថា “ប្រាសាទកំបុត” ដ្បិតពាក្យនេះសំដៅលើកំពូលប្រាសាទនេះបាក់បែកអស់។ គុកជើង មានទីតាំងស្ថិតនៅភូមិត្នោតជុំទី៤ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ កន្លងមកមានអ្នកស្រាវជ្រាវជាច្រើន ដែលធ្លាប់បានមកសិក្សាស្រាវជ្រាវនៅប្រាសាទនេះ ហើយចាប់ផ្តើមឡើងដំបូងដោយអ្នកស្រាវជ្រាវជនជាតិបារាំង គឺលោក Étinne Aymonier[1]។ ក្រោយមកក៏មានអ្នកបុរាណវិទូ អ្នកប្រវត្តិសិល្បៈ និងសិលាចារឹកជាច្រើននាក់ទៀតមកសិក្សាបន្ថែម។
គុកជើង សាងសង់ឡើងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត មានរាងបួនជ្រុងស្មើ ហើយមានកសិន្ធុទឹកព័ទ្ធជុំវិញ។ ប្រាសាទនេះ សង់ឡើងមានបួនថ្នាក់ ដែលបីថ្នាក់ខាងក្រោមមានរូបរាងច្បាស់លាស់ រីឯថ្នាក់ទីបួន គេបានកែជារាងមូលនៅសម័យក្រោយ ហើយមានតួលយតូចមួយចេញមកក្រៅមានប្រវែង ១.២៥ម៉ែត្រ, សង់លើទួលខ្ពស់ផុតពីទំនាប ១.៣៤ម៉ែត្រ, បណ្តយ ៥៥ ម៉ែត្រ, ទទឹង ៥០ម៉ែត្រ[2] (រូបទី១-២)។ ផ្នែកខាងក្នុងប្រាសាទ គេរៀបជាបន្ទប់សក្ការបូជាមានរាងបួនជ្រុងស្មើ ដែលនៅតាមជ្រុងជញ្ជាំង យើងឃើញនៅសល់ថ្មភក់ជាពិតានប្រាសាទ។ ការរៀបចំបន្ទប់បែបនេះជាលក្ខណៈទូទៅនៃសំណង់ប្រាសាទឥដ្ឋក្នុងស.វ.ទី៧-៨ ហើយបន្តទៅសម័យអង្គរ។ នៅខាងក្នុងគុកជើង ធ្លាប់រកឃើញបដិមាព្រះពុទ្ធចូលបរិនិព្វានមួយអង្គ ដែលអាចសាងឡើងនៅរវាងសម័យកណ្តាល ស.វ.ទី១៤-១៧។ សព្វថ្ងៃ រូបបដិមានេះបានបាត់ពីទីតាំងដើម ហើយគេមិនដឹងថាសព្វថ្ងៃនៅទីណានោះទេ។ នៅផ្នែកខាងក្រៅ មានទ្វារចូលតែមួយទិសប៉ុណ្ណោះ ពោលគឺទិសខាងកើត។ ទ្វារចូលខាងកើត មាននៅសល់ផ្តែរមួយធ្លាក់ជ្រុះមកក្រោម ដែលជាផ្តែររចនាបថសំបូរព្រៃគុក នាស.វ.ទី៧ (រូបទី៣)។ ផ្តែរទ្វារដែលធ្លាក់មកក្រោមនេះ យើងមិនដឹងអំពីមូលហេតុថា តើវាធ្លាក់ដោយសារកត្តាខូចខាត ឬដោយសារមនុស្សនៅសម័យក្រោយរុញឲ្យធ្លាក់? ហេតុដែលលើកឡើងដូច្នេះ ដោយសារគុកជើង ជាប្រាសាទដែលសាងសង់ឡើងតាំងពីស.វ.ទី៧មកម្ល៉េះ ប៉ុន្តែនៅសម័យកណ្តាលចាប់ពីស.វ.ទី១៤មក គេបានកែប្រែគុកជើងដែលជាសំណង់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា ទៅជាសំណង់ព្រះពុទ្ធសាសនាថេរវាទវិញ។ ពោល គឺគេបានឆ្លាក់បន្ថែមព្រះពុទ្ធរូបធំៗនៅតាមជញ្ជាំង (រូបទី៤)។ ចំណែក ត្រង់ហោជាងខាងកើត យើងឃើញមានស្នាមតម្រៀបឥដ្ឋបិទភ្ជាប់លយមកខាងមុខ ដែលមើលដូចជាមិនមែនឥដ្ឋរុញដោយកម្លាំងដើមឈើដែលដុះចាក់ឬសនៅប្រាសាទទេ តែអាចជាមនុស្សនៅសម័យកណ្តាលរៀបច្រើនជាង។ ម្ល៉ោះហើយ ផ្តែរ ដែលធ្លាក់មកក្រោមទំនងមិនមែនដោយសារធម្មជាតិនោះទេ អាចមនុស្សនៅសម័យកណ្តាល មានបំណងដាក់ចុះមកក្រោម ឬអាចធ្លាក់មកក្រោមហើយ គេមិនបានលើកដាក់វិញក៏ថាបាន។
នៅតាមថ្នាក់នីមួយៗរាប់ចាប់ពីក្រោមទៅបីថ្នាក់ សិល្បករបានលម្អជាចម្លាក់បួនប្រភេទត្រួតលើគ្នាមាន ចម្លាក់ជើងទៀន ចម្លាក់រុក្ខជាតិឆ្លាស់គ្នា ចម្លាក់សត្វហង្ស ចម្លាក់គូឌុ។ ក្បាច់ទាំងនោះ មានលក្ខណៈដូចប្រាសាទដទៃទៀតក្នុងស.វ.ទី៧ដែរ។ លក្ខណៈពិសេសនៃគុកជើង ដែលប្រាសាទកម្រមាននោះគឺ នៅតាមជញ្ជាំងប្រាសាទសិល្បករបានឆ្លាក់ព្រះពុទ្ធឈរចំនួន ៥ អង្គ (ខាងកើត ២អង្គ, ខាងលិច ១អង្គ, ខាងជើង ១អង្គ, ខាងត្បូង ១អង្គ)។ ព្រះពុទ្ធអង្គទាំងប្រាំនេះ យើងឃើញព្រះហស្ថឆ្វេងដាក់ចម្លាក់ចុះក្រោមរីឯព្រះហស្ថស្តាំដាក់លាមកខាងមុខត្រឹមដើមទ្រូង ក្នុងលក្ខណៈកាយវិការ “អភយមុទ្រ”។ ចម្លាក់ព្រះពុទ្ធរូបអភយមុទ្រទាំងប្រាំអង្គនេះ ទំនងឆ្លាក់ឡើងនៅស.វ.ទី១៤ ក្នុងរជ្ជកាលព្រះបាទស្រីស្រិន្ទជ័យវរ្ម័ន (គ.ស.១៣០៧-១៣២៧)[3]។ ការដែលគេហ៊ានអះអាងដូច្នេះ ដោយយោងលើទិន្នន័យសិលាចារឹកនៅលើមេទ្វារ ដែលរៀបរាប់អំពីព្រះរាជគ្រូស្រីស្រិន្ទជ័យវរ្ម័នមកថ្វាយបង្គំព្រះពុទ្ធរូបដែលគង់នៅលើផ្កាឈូក ពោល គឺព្រះពុទ្ធរូបដែលឆ្លាក់នៅជាប់នឹងប្រាសាទនេះឯង[4]។ ប៉ុន្តែ ទម្រផ្កាឈូកក្រោមព្រះបាទព្រះពុទ្ធ សព្វថ្ងៃបានបាក់បែកយើងមើលស្ទើរលែងឃើញទៅហើយ។ ចំណុចនេះបានសេចក្តីថា ប្រាសាទនេះគេសាងយូរមកហើយ ពោលគឺតាំងពីស.វ.ទី៧មកម៉្លេះ ប៉ុន្តែនៅស.វ.ទី១៤ គេបានកែច្នៃឆ្លាក់ព្រះពុទ្ធរូបនេះបន្ថែម។
ចំណែកនៅខាងកើតប្រាសាទចម្ងាយប្រមាណ ១២ម៉ែត្រ យើងបានរកឃើញបដិមាសត្វគោមួយ តែផ្នែកក្បាលបានបាត់បង់ទៅហើយ (រូបទី៥)។ បដិមាគោនេះ បែរមុខទៅខាងកើត ហើយទំនងសាងឡើងនៅពេលដំណាលគ្នាជាមួយប្រាសាទ (ស.វ.ទី៧)។ ជាទូទៅ បដិមាគោនៅខាងមុខប្រាសាទច្រើនតែគេដាក់នៅក្នុងសំណង់ ឬរោងមួយបែរទល់មុខប្រាសាទដែលគេតែងហៅសំណង់នោះថា “មណ្ឌប”។ ករណីនេះ វាដូចនឹងក្រុមប្រាសាទយាយព័ន្ធដែលតួប៉មកណ្តាល S1 គេតម្កល់លិង្គ ហើយតួប៉មS2 ជាមណ្ឌបនៅទល់មុខ គេតម្កល់បដិមាគោនៅក្នុងបុស្បុក[5]។ ក្រៅអំពីការរៀបរាប់ខាងលើនេះ បើយើងពិនិត្យមើលលើប្លង់ដែលគូរឡើងដោយលោក Lunet De Lajonquière កាលពីឆ្នាំ១៩០២[6] និងតាមការពិនិត្យជាក់ស្តែង នៅខាងមុខប្រាសាទគេអាចរៀបជាទីលានមួយមានរាងទ្រវែងនៅសម័យកណ្តាល ដែលយើងច្រើនហៅថា “ឧបោសថាគារ”។ ប៉ុន្តែសព្វថ្ងៃនៅផ្នែកខាងកើតនេះមានដីចាក់បំពេញបាត់ទៅហើយ ដែលជាហេតុធ្វើឲ្យយើងពិបាកក្នុងការកំណត់ថាមែនឬមិនមែន។
នៅគុកជើង គេធ្លាប់រកឃើញសិលាចារឹកចំនួនពីរផ្ទាំងដែលចុះបញ្ជីលេខ K.144 និង K.768។ សិលាចារឹក K.144 ចារឹកនៅលើមេទ្វារខាងកើត ហើយមុននឹងចារឹកអក្សរនេះ គេបានកោសលុបអក្សរដើមតាំងពីស.វ.ទី៧ចោល តែយើងអាចនៅមើលឃើញតួអក្សរចាស់ និងឃើញស្នាមកោសលុបខ្លះៗ[7]។ សិលាចារឹក K.144 គេចារឹកជាភាសាខ្មែរ មានចំនួន ១៤បន្ទាត់ ដែលលោក Goerge Coedès យល់ថាចារឹកឡើងនៅស.វ.ទី១៤ ក្នុងរាជ្យព្រះបាទស្រីស្រិន្រ្ទជ័យវរ្ម័ន (គ.ស.១៣០៧-១៣២៧)[8]។ ប៉ុន្តែ រូបរាងតួអក្សរហាក់ដូចជាអាយុតិចជាងនេះ ដែលមើលទៅដូចអក្សរនៅស.វ.ទី១៦-១៧ ពោល អាចថាគេចាររំឭកថយក្រោយក៏ថាបាន តែមិនប្រាកដទេ។ សេចក្តីទាំងមូល គេចារជារបៀបកម្រងកែវ ដែលជាលក្ខណៈមួយនៃអក្សរសាស្រ្តសម័យនោះ ហើយអត្ថបទប្រភេទនេះគេពិបាកប្រែអត្ថន័យណាស់។ ដ្បិត កម្រងកែវ គឺជាការលេងពាក្យ ចុងជួន ផ្ទួនរណ្តំ។ អត្ថបទទាំងមូលពិពណ៌នាអំពី សម្តេចព្រះគ្រូ ស្រីស្រិន្ទរាជពម៌្ម មកថ្វាយបង្គំព្រះពុទ្ធរូបគង់នៅលើទម្រផ្កាឈូក ដែលថ្វាយព្រះនាមថា “ភរនារត្នសភ៌ជ្ញ”។ ចំណែក សិលាចារឹក K.768 ចារឹកជាភាសាបាលី មានចំនួន ៤បន្ទាត់ ដែលរកឃើញនៅលើទម្រប្រតិមាព្រះពុទ្ធបរិនិព្វានក្នុងប្រាសាទ។ លោកស្រី ពៅ សាវរស ធ្លាប់បានសិក្សារួចម្តងកាលពីឆ្នាំ១៩៨៩។ លោកស្រីពិនិត្យមើលលើរូបរាងនិងសំណេរទាញការសន្និដ្ឋានថា សិលាចារឹកនេះទំនងចារនៅស.វ.ទី១៤ ក្នុងរជ្ជកាលព្រះបាទស្រីស្រិន្រ្ទជ័យវរ្ម័ន (គ.ស.១៣០៧-១៣២៧) ដូចសិលាចារឹកខាងលើដែរ[9]។ ប៉ុន្តែលោក កំ វណ្ណារ៉ា គិតថារូបរាងអក្សរនេះទំនងមិនចាស់ដល់ស.វ.ទី១៤ទេ លោកគិតថាអាចនៅរវាងស.វ.ទី១៦-១៨[10]។ សិលាចារឹកនេះ រៀបរាប់អំពី “សិរីសួស្តី ព្រះពុទ្ធបដិមាបរិនិព្វាន សាងដោយអ្នកបម្រើនៅយសោធរ (តំបន់អង្គរ) ហើយប្រាថ្នាពោធិញាណ”។
ជារួមមក គុកជើង គឺជាប្រាសាទដែលចាប់ផ្តើមកសាងឡើងដំបូងនៅស.វ.ទី៧ រជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ក្នុងរចនាបថសំបូរព្រៃគុក ឧទ្ទិសថ្វាយដល់លទ្ធិព្រហ្មញ្ញសាសនា ទំនងនិកាយព្រះឥសូរ ហើយបានសាងសង់បន្ថែមជាសំណង់ព្រះពុទ្ធសាសនាថេរវាទនៅរវាងស.វ.ទី១៤ ក្នុងរជ្ជកាលស្តេចស្រីស្រិន្ទជ័យវរ្ម័ន (គ.ស.១៣០៧-១៣២៧)។ នៅគុកជើង អាចជាទីកន្លែងមួយដែលរីកចម្រើនផ្នែកព្រះពុទ្ធសាសនាថេរវាទធំមួយនៅស្រុកខ្មែរកាលពីជំនាន់នោះ។ អ្វីដែលគួរកត់សម្គាល់ខ្លាំងនោះគឺ ការកែច្នៃសំណង់ព្រហ្មញ្ញសាសនាប្តូរទៅព្រះពុទ្ធសាសនាថេរវាទ ក្រោមរូបភាពមួយដែលមើលទៅដូចមិនសូវឲ្យតម្លៃលើជំនឿដើម។ ហេតុដែលយើងហ៊ានសន្និដ្ឋានថាដូច្នេះមកពីនៅស.វ.ទី១៤ គេបានកែច្នៃសំណង់ព្រហ្មញ្ញសាសនាទៅជាព្រះពុទ្ធសាសនាថេរវាទ ដោយយោងលើតឹកតាងចំនួន ៥ ចំណុច៖
- ខាងក្នុងបន្ទប់សក្ការគុកជើង ពីមុនមកអាចគេតម្កល់ព្រះលិង្គឥសូរ តែគេបានយកចេញ ហើយជំនួសមកវិញដោយរូបព្រះពុទ្ធបដិមាបរិនិព្វាននៅសម័យក្រោយ។
- បដិមាសត្វគោ ជាយានជំនិះព្រះឥសូរ ដាក់នៅខាងមុខប្រាសាទ ដែលជាទូទៅបែរមុខមករកប្រាសាទ (បែរមករកលិង្គឥសូរ) តែគេដាក់ឲ្យបែរមុខទៅទិសខាងកើតវិញ និងអាចកាត់ក្បាលចោលថែមទៀតក៏ថាបាន។
- អក្សរចារឹកនៅស.វ.ទី៧គេបានកោសលុបចេញ ហើយជំនួសវិញដោយអក្សរថ្មី។
- ផ្តែរទ្វារមានរូបទេពព្រហ្មញ្ញសាសនា អាចគេទម្លាក់ចុះមកក្រោម ឬផ្តែរនេះអាចធ្លាក់មុនការកែច្នៃសំណង់ តែគេមិនលើកឡើងវិញ ដោយជំនួសវិញដោយការរៀបឥដ្ឋថ្មីបិទនៅខាងក្រោមហោជាងខាងកើត ឲ្យមកបៀតជាប់មួយនឹងមេទ្វារតែម្តង។
- ការសាងសំណង់ឧបោសថាគារនៅខាងកើតជាប់នឹងប្រាសាទ និងការសាងនូវព្រះពុទ្ធរូបឈរលើទម្រផ្កាឈូកចំនួន៥អង្គនៅជាប់ជញ្ជាំងប្រាសាទ ក្នុងគោលបំណងកែច្នៃទេវស្ថានព្រហ្មញ្ញសាសនាឲ្យក្លាយជាសំណង់ព្រះពុទ្ធសាសនាថេរវាទវិញ។
[1] Aymonier 1900: 350.
[2] Lajonquière 1901: 211.
[3] កែវ សុនី, ផុន កសិកា ១៩៨០: ១៣-២១។
[4] Coedès 1964: 34-36.
[5] Coedès 1952: 11.
[6] Lajonquière 1901: 211.
[7] Parmentier 1927: 186.
[8] Coedès 1964: 34-36.
[9] Saveros Pou 1989: 16.
[10] កំ វណ្ណារ៉ា ២០១៩: ៥៦។
ឯកសារយោង
កែវ សូនី, ផុន កសិកា
២០០០, ប្រាសាទត្នោតជុំ, ភ្នំពេញ។
កំ វណ្ណារ៉ា
២០១៩, ប្រជុំសិលាចារឹកខេត្តកំពង់ធំ, ភ្នំពេញ។
Aymonier, Etienne
1900, Le Cambodge: Le Royaum Actuel. Paris. Ernest Leroux.
Coedès, George
- 1952, Inscription du Cambodge, Vol IV, Hanoi.
- 1964, Inscription du Cambodge, Vol VII, Hanoi.
Lunet De Lajonquière
1902, Inventaire descriptive des monuments du Cambodge, Tome I, Paris.
Parmentier, Henri
1927, L’Art Khmer Primitif. Paris: G. Van Oest.
Saveros Pou.
1989, Nouvelles inscriptions du Cambodge I, traduites et éditées par, École Français d’Extrême-Orient, Paris.
English

















