DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ប្រាសាទគុកវាំង

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
November 12, 2025
in ប្រវត្តិសិល្បៈ
0
ប្រាសាទគុកវាំង

រូបលេខ១៖ គុកវាំង (មើលពីទិសខាងកើត)

ដោយ៖ ម៉ង់ វ៉ាលី

 

គុកវាំង មានទីតាំងស្ថិតនៅខាងកើតទីប្រជុំជនតាំងក្រសាំងប្រមាណ ៨០០ម៉ែត្រ និងស្ថិតនៅ​ក្នុង​បរិវេណ​វត្តមួយឈ្មោះថា “វត្តពោធិវាំង” ក្នុងភូមិវាំងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្ត​​កំពង់​ធំ។ ឈ្មោះ “គុកវាំង” មានរំលេចនៅក្នុងរឿងព្រេងដែលនិទានអំពី “ភ្នំសន្ទុក” ដែលនិទានមកថា “កាលពីព្រេងនាយនៅស្រុកសន្ទុក​ ខេត្តកំពង់ធំ មានស្តេចមួយអង្គ ទ្រង់​មានព្រះអគ្គមហេសី ព្រះរាជបុត្រ​ ស្រីស្នំក្រមការ សេនាទាហាន និងនាហ្មឺនសព្វមុខមន្រ្តីជាច្រើន​ស្តេចទ្រង់បានចេញព្រះរាជបញ្ជាឲ្យឆ្ការព្រៃ​មួយកន្លែង សង់ប្រាសាទ និងគុក ភូមិប្រាសាទ​រហូត​មកទល់សព្វថ្ងៃ។ លុះបានសង់ប្រាសាទនោះហើយ ព្រះរាជាទ្រង់ត្រាស់បង្គាប់ឲ្យឆ្ការព្រៃមួយ​កន្លែងទៀត ពាយព្យប្រាសាទនោះ ធ្វើជាទីសម្រាប់ស្រីស្នំ មាន​កំពែងជុំវិញ ហើយទីនោះក៏ជាប់​មានឈ្មោះថា “ភូមិវាំង” រហូតមកទល់សព្វថ្ងៃ”។ រឿងព្រេងមួយនេះ ស្តាប់ទៅអាចទាក់ទងនឹងឈ្មោះ “គុកវាំង” បានខ្លះៗ។ ប៉ុន្តែ អ្វីដែល​គួរ​សម្គាល់នោះគឺ តើហេតុដូចម្តេចបានជាអ្នកស្រុកហៅប្រាសាទនេះថា “គុកវាំង”? ពាក្យ “គុក” គឺជាពាក្យដែលអ្នកស្រាវជ្រាវស្គាល់ជាទូទៅដែលសំដៅលើ “ប្រាសាទ”។ ដោយឡែក ពាក្យ “វាំង” អាចមានន័យពីរយ៉ាង ដែលន័យទីមួយអាចមានថ្នាក់ពាក្យជាកិរិយាសព្ទដែលមានន័យថា “បាំង” ហើយត្រូវនឹងពាក្យខ្មែរបុរាណថា “បង៑” ដូចមានចារឹកនៅក្នុងសិលាចារឹកព្រះធាតុរកា K.155, សិលាចារឹកកំពែងយ៉ៃ (ស្រុកសៀមសព្វថ្ងៃ) K.374[1]។ ន័យទីពីរ ពាក្យ “វាំង” អាចមាន​ន័យ​ជានាមថា “កំពែង” ដែលត្រូវនឹងពាក្យ​ខ្មែរបុរាណ “កំវេង៑” ដូចមានចារឹកនៅក្នុងសិលាចារឹកជាច្រើនដូចជា សិលា​ចារឹកក្តីស្តី (ព្រៃវែង) K.760, សិលាចារឹកស្រងែ (សៀមរាប) K.933, សិលា​ចារឹក​ស្តុកកក់ធំ (ស្រះកែវ សៀមសព្វថ្ងៃ) K.235, សិលាចារឹកក្តីអង្គ (ព្រៃវែង) K.56[2]។ ដូច្នេះហើយ ការដែលគេហៅថា “គុកវាំង” ទំនងមកពីនៅជុំវិញប្រាសាទមានកំពែងព័ទ្ធជុំវិញ ឬអាចសំដៅលើប្រាសាទដែល​ស្ថិតនៅភូមិវាំង។ ក្នុងនេះដែរ “គុកវាំង” មានន័យថា “គុកដាក់មនុស្សនៅក្នុងព្រះបរមរាជវាំង” តាមការរៀបរាប់​ដូច​រឿងព្រេង​ខាងលើ ទំនងមិនត្រឹមត្រូវឡើយ។

កន្លងមក ការស្រាវជ្រាវនៅប្រាសាទនេះមានតិចតួចខ្លាំងណាស់។ ក្នុងនោះ មានលោក Henri Parmentier បានសិក្សាក្រាស់ក្រែលជាងគេនៅឆ្នាំ១៩១៣ និង១៩២៧។ ក្រោយមក លោក Jean Boisselier គ្រាន់តែបានបញ្ជាក់តិចតួចប៉ុណ្ណោះ។ ក្រោយមកទៀត ឆ្នាំ២០០៨ ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ​សាលាបារាំងចុងបូព៌ាប្រទេស ក៏បានចុះបញ្ជីប្រាសាទ​មួយនេះដែរ ដោយបានរៀបរាប់សង្ខេបអំពីរចនា​សម្ព័ន្ធ​ទូទៅ។

គុកវាំង សាងសង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ បែរមុខទៅទិសខាងកើត ហើយ​ជញ្ជាំងផ្សេង​ទៀតគេលម្អជាទ្វារបញ្ឆោត (រូបលេខ១-៣)។ ទ្វារ​​នីមួយៗ គេរៀបឥដ្ឋដូចជាបន្ទះត្រង់នៅចំកណ្តាល ហើយអមដោយសសរផ្អោបនិងហោជាងនៅខាងលើ។ ហោជាងនៅទិសខាងកើត ផ្នែកកណ្តាលមានលម្អដោយក្បាច់​រាងដូចជាកូនវិមានអណ្តែត[3](រូបលេខ៤) និង​មានចម្លាក់គូឌុ[4] (រូបលេខ៥) ដែលស្ថិតក្នុងទម្រង់​សិល្បៈរចនាបថ​កំពង់ព្រះ ស.វ.ទី៨ និងមានលក្ខណៈស្រដៀងប្រាសាទភូមិប្រាសាទដែលស្ថិតនៅមិនឆ្ងាយពីគុកវាំងដែរ។ ចំណែក ផ្តែរទ្វារ មានការរលុបផ្នែក  កណ្តាល​ស្ទើរតែទាំង​អស់ ប៉ុន្តែយើងអាចនៅមើលឃើញចម្លាក់សត្វមករនៅខាងចុងផ្តែរ ដែល​ចម្លាក់សត្វមករ​នេះបែរមុខចេញ​មកក្រៅ ហើយនៅផ្នែកខាងលើយើងឃើញចង្វាយក្បាច់អង្គរឆ្លាស់តម្រៀបគ្នា[5] (រូបលេខ៦)។ ផ្តែរទ្វារនេះ យើង​ឃើញនៅផ្នែកខាងចុងមានស្នាមកាត់ចោលខ្លះ ដែលយើងអាចសន្និដ្ឋានបានថា ផ្តែរនេះទំនងមិនមែនជាផ្តែរដើមកាលពីសាងសង់ប្រាសាទនៅដំណាក់កាលដំបូងឡើយ។ ក្បាច់លម្អរបស់ផ្តែរ មាន​ទម្រង់ដូចសិល្បៈចុងរចនាបថគូលែន និង​ដើមរចនាបថព្រះគោ ដើមស.វ.ទី៩ ដ្បិតយើងឃើញចម្លាក់សត្វ​មករមានលក្ខណៈស្រដៀងខ្លាំងជាមួយផ្តែរទ្វារប្រាសាទត្រពាំងផុងនៅខេត្តសៀមរាប។

តើផ្តែរទ្វារនេះទំនងលើកដាក់នៅសម័យណា?

ប្រសិនយើងឱ្យអាយុកាលរបស់ផ្តែរនៅរវាងដើមស.វ.ទី៩ ដូច្នោះយើងក៏អាចដឹងច្បាស់ថា ផ្តែរនេះប្រាកដជាលើកដាក់ក្រោយដើមស.វ.ទី៩ ព្រោះគេអាចយកផ្តែរនេះមកពីទីណាផ្សេងមកកាត់តម្រឹមដាក់នៅលើប្រាសាទដែលសាងសង់ឡើងតាំងពីស.វ.ទី៨។ នៅខាងមុខប្រាសាទ យើងឃើញទ្រនាប់ជណ្តើរមួយដែលធ្វើអំពីថ្មភក់ មានរាងដូចត្របកឈូក ដែលអាចមានអាយុកាលនៅសម័យមុនអង្គរ (ស.វ.ទី៧-៨)[6] ហើយជាភស្តុតាងមួយសម្រាប់​បញ្ជាក់អាយុកាលរបស់ប្រាសាទ ប៉ុន្តែភស្តុតាងនេះមិនអាចបញ្ជាក់ពីកាលបរិច្ឆេទនៃការលើកផ្តែរ​បានឡើយ (រូបលេខ៧)។ អ្វីដែលគួរកត់សម្គាល់ជាតឹកតាងសំខាន់នោះ គឺនៅក្បែរប្រាសាទ​មានជើងទម្រ​មួយដែលគេឆ្លាក់ដោយថ្មមួយដុំភ្ជាប់គ្នាបានជាជើងទម្រ និងមានស្លាកស្នាមចម្លាក់គ្រុឌចំពាក់កណ្តាលជើងទម្រនោះ ដែលអាចឱ្យយើងសន្និដ្ឋានបានថា ជើងទម្រនេះអាចស្ថិតនៅក្នុងរចនាបថកោះកេរ ស.វ.ទី១០[7] (រូបលេខ៨)។ តឹកតាងនេះ នាំឱ្យយើងដឹងថា នៅស.វ.ទី១០ គុកវាំង ទំនងមានការជួសជុល និងកែប្រែបន្ថែមឡើងវិញនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (គ.ស.៩២៨-៩៤១) ហើយលក្ខណៈបែបនេះ​យើងធ្លាប់ឃើញមាននៅប្រាសាទអំពិលរលំ ដែលជាប្រាសាទស.វ.ទី៨ និងកែប្រែបន្ថែមនៅស.វ.ទី១០ ដូចប្រាសាទគុកវាំងដែរ។ ម្ល៉ោះហើយ ការកែប្រែនៅស.វ.ទី១០នេះហើយ ដែលទំនងជាពេលដែលគេលើកផ្តែរទ្វារនេះដាក់នៅលើប្រាសាទ។

លើសពីនេះ នៅក្នុងអត្ថបទរបស់លោក Henri Parmentier បានរៀបរាប់ថា សសរពេជ្រនៅគុកវាំងមានរាងប្រាំជ្រុង ម្ល៉ោះហើយ វាក៏ជាតឹកតាងបញ្ជាក់អំពីសកម្មភាពមនុស្សនៅសម័យអង្គរដូចគ្នា ដ្បិតសសរពេជ្រសម័យអង្គរច្រើនមានរាងប្រាំបីជ្រុង ប៉ុន្តែសព្វថ្ងៃសសរពេជ្រនេះបានបាត់បង់​ពីទីតាំងដើមទៅហើយ[8]។

ជារួមមក គុកវាំង ទំនងជាប្រាសាទដែលចាប់ផ្តើមសាងសង់ឡើងនៅដើមស.វ.ទី៨ ក្នុងរចនាបថ​កំពង់​ព្រះ ហើយ​ទំនងសាងបន្ថែមនៅស.វ.ទី១០ ក្នុងរចនាបថកោះកេរ រាជ្យព្រះបាទជ័យវរ្ម័នទី៤ (គ.ស.៩២៨-៩៤១) ហើយចំណែកផ្តែរទ្វារវិញ គឺជាផ្តែរទ្វារចាស់នៅស.វ.ទី៩ ដែលទំនងគេយកមកពីទីតាំងណាមួយមកកាត់តម្រឹមលើកដាក់នៅលើប្រាសាទក្នុងរវាងស.វ.ទី​១០។

[1] Saveros Pou 1992: 292.

[2] Saveros Pou 1992: 91.

[3] Parmentier 1927: 356.

[4] Bénisti 1970: 15.

[5] Boisselier 1966: 158.

[6] ជន ច័ន្ទណារ័ត្ន ២០១៨: ១៦-២៥។

[7] ហុក ស្រីល័ក្ខណ ២០១៦: ៣៣-៣៥។

[8] Parmentier 1927: 182.

 

ឯកសារយោង

ជន ច័ន្ទណារ័ត្ន

២០១៨, ការវិវត្តទ្រនាប់ជណ្តើរនៅក្នុងសិល្បៈខ្មែរ, ភ្នំពេញ។

ហុក ស្រីល័ក្ខណ

២០១៦, ការវិវត្តជើងទម្រក្នុងសិល្បៈខ្មែរ, ភ្នំពេញ។

Bénisti, Mireille

1970, “Rapports  entre le premier art Khmer et l’art Indien” EFEO, Tome I-II, Paris.

Boisselier, Jean

1966, “Asie du Sud-Est, Le Cambodge ”​, Tome I, Paris.

Parmentier, Henri

1927, “L’Art Khmér Primitif”, Tome I, Paris.

Saveros Pou

1992, Dictionnaire Vieux Khmer-Français-Englais, Paris.

 

រូបលេខ១៖ គុកវាំង (មើលពីទិសខាងកើត)
រូបលេខ២៖ គុកវាំង (មើលពីទិសនិរតី)
រូបលេខ៣៖ គុកវាំង (មើលពីទិសខាងលិច)

រូបលេខ៤៖ វិមានអណ្តែត នៅមុខខាងកើត
រូបលេខ៥៖ ចម្លាក់គូឌុ នៅមុខខាងកើត
រូបលេខ៦៖ ផ្តែរទ្វារ នៅមុខខាងកើត

រូបលេខ៧៖ ទ្រនាប់ជណ្តើរ នៅមុខខាងកើត
រូបលេខ៨៖ បំណែកជើងទម្រមានស្លាកស្នាមរូបគ្រុឌ

 

 

Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province