ដោយ៖ ម៉ង់ វ៉ាលី
ប្រាសាទក្បាលជ្រូក គឺជាឈ្មោះប្រាសាទមួយដែលស្ថិតនៅក្នុងក្រុមប្រាសាទសំបូរ ឬក្រុមខាងជើង នៃតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីលេខ N20-1, N20-2, N20-3។ ប្រាសាទនេះ ស្ថិតនៅទិសឦសានតួប៉មកណ្តាល N1 ហើយស្ថិតនៅខាងក្រៅកសិន្ធុទឹកនៃក្រុមប្រាសាទសំបូរ។ ឈ្មោះ “ក្បាលជ្រូក” ទំនងជាឈ្មោះដែលអ្នកស្រុកហៅសំដៅលើចម្លាក់ក្បាលមករដែលយើងឃើញនៅផ្នែកខាងជើងនៃប្រាសាទ N20-1 ដ្បិតអ្នកស្រុកមិនស្គាល់ចម្លាក់នោះថាជាសត្វមករ ក៏បែរជាហៅថា “ក្បាលជ្រូក” ដូច្នេះទៅ (រូបលេខ១)។ ដោយឡែក យោងតាមសិលាចារឹកដែលចារឹកនៅលើមេទ្វាររបស់ប្រាសាទផ្តល់ព័ត៌មានឲ្យដឹងថា ទេពសំខាន់មួយរបស់ប្រាសាទមានព្រះនាមថា “ឝ្រីប្រភាសោមេឝ្វរ” (Çrīprabhāsomeçvara) ដែលយើងអាចសន្និដ្ឋានថា ព្រះនាមទេពនេះ អាចជាឈ្មោះដើមរបស់ប្រាសាទ។
ប្រាសាទក្បាលជ្រូក មានតួប៉មចំនួន ៣ ប៉ុន្តែសព្វថ្ងៃមានតែតួប៉ម N20-1 ប៉ុណ្ណោះ ដែលនៅសល់រូបរាង ដ្បិតតួប៉មចំនួនពីរទៀតបានបាក់បែកក្លាយជាទួលទៅហើយ។ តួប៉មដែលនៅសល់រូបរាងសាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង បែរមុខទៅទិសខាងកើត (រូបលេខ២-៤)។ ផ្នែកដំបូលរបស់តួប៉មនេះសព្វថ្ងៃបានបាក់បែកទាំងស្រុង ហើយពំនូកគំនរឥដ្ឋបានធ្លាក់ចូលតួខាងក្នុងប្រាសាទកប់បាត់តែម្តង។ ក្រៅពីច្រកចូលនៅទិសខាងកើត ផ្នែកមុខបីផ្សេងទៀតនៃតួប៉មនេះពុំមានលម្អជាទ្វាបញ្ឆោតទេ។ នៅអមសងខាងច្រកចូលខាងកើត សិល្បករលម្អជាសសរផ្អោបដែលមានក្បាច់ផ្កាច័ន្ទ ហើយនៅក្បែរសសរផ្អោបលម្អជាវិមានអណ្តែតនៅមុខខាងកើតចំនួនពីរ។ រីឯជញ្ជាំងនៅមុខខាងលិចក៏លម្អជាសសរផ្អោបនិងវិមានអណ្តែតចំនួនពីរដូចគ្នាដែរ។ នៅជញ្ជាំងខាងជើង និងត្បូង មានរាងទ្រវែង សិល្បករពុំមានលម្អជាក្បាច់អ្វីទេនៅផ្នែកកណ្តាលជញ្ជាំង ហើយនៅសងខាងជញ្ជាំងកណ្តាលគេលម្អជាវិមានអណ្តែតចំនួនពីរ។ ចម្លាក់វិមានអណ្តែតនៅតួប៉មនេះ សិល្បករឆ្លាក់ចេញជាបីថ្នាក់ដូចនៅតួប៉មផ្សេងៗទៀតដែរ ដែលថ្នាក់ខាងក្រោមជាខឿនមានលម្អដោយក្បាច់ពងត្រី រុក្ខជាតិ ជើងទៀន ហើយខ្លះក៏មានឆ្លាក់ជារូបមនុស្សឬទេពនៅចំ កណ្តាល ផ្នែកកណ្តាលមានឆ្លាក់រូបមនុស្សឬទេពនៅចន្លោះខាងក្នុងក្បាច់សសរផ្អោបដែលខាងលើមានផ្តែរទ្វារឆ្លាក់រូបមករកណ្តាលមានក្បាច់រាងរង្វង់ និងផ្នែកខាងលើមានឆ្លាក់ជាហោជាងមានលម្អរូបមនុស្សឬទេពនៅខាងក្នុងហើយនៅខាងចុងមានចម្លាក់សត្វមករមានខ្លួនជាសត្វក្រពើមានទេពជិះពីលើ។ ចម្លាក់មួយនៅផ្នែកខាងជើងត្រង់កណ្តាលមានរូបទេពប្រុសមួយអង្គអង្គុយក្នុងរបៀប Rājalīlāsana ពាក់ក្បាំងនៅលើក្បាល ស្លឹកត្រចៀកវែង ទំនងទេពសំខាន់ណាមួយ (រូបលេខ៥)។ ក្បាច់លម្អជាទូទៅរបស់ប្រាសាទក្បាលជ្រូក N20-1 មានទម្រង់ស្រដៀងនឹងក្បាច់នៅប្រាសាទជ្រៃ ប្រាសាទស្រង់ព្រះ ដែលស្ថិតនៅក្នុងក្រុមប្រាសាទសំបូរ ឬក្រុមខាងជើងតែមួយ ហើយមានទម្រង់ជាសិល្បៈរចនាបថព្រៃក្មេង។
នៅមេទ្វារខាងកើតទាំងសងខាងមានសិលាចារឹកចុះបញ្ជីលេខ K.439 ចារជាភាសាសំស្រ្កឹតដែលមេទ្វារខាងត្បូងមានចំនួន២០បន្ទាត់ (១០ស្លោក) និងខាងជើងមានចំនួន១៨បន្ទាត់ (៩ស្លោក) ប៉ុន្តែតួអក្សរភាគច្រើនរបេះថ្មរលុបច្រើនធ្វើឲ្យបាត់ព័ត៌មានច្រើន។ សិលាចារឹកនៅខាងត្បូងរៀបរាប់អំពីព្រះបាទភវវរ្ម័នទី២ ទ្រង់ធ្វើដង្វាយអ្នកបម្រើប្រុសចំនួនពីរ ដែលក្នុងនោះម្នាក់ឈ្មោះ សមុទ្រគុប្ត (Samudragupta) ហើយដោយសារមានការបាត់បង់អក្សរច្រើនគេពុំដឹងរឿងរ៉ាវក្នុងសិលាចារឹកនេះបន្តទៀតយ៉ាងណាទេ ប៉ុន្តែគេដឹងថាវាមានទំនាក់ទំនងជាមួយអទិទេព ឝ្រីកំម្ភីរេឝ្វរ (Çrīkaṃmbhĭreçvara) ដែលជាអទិទេពដ៏សំខាន់នៅក្រុមប្រាសាទសំបូរតែម្តង([1])។ ចំណែក សិលាចារឹកនៅមេទ្វារខាងជើងវិញរៀបរាប់អំពី ភាពក្លាហានរបស់ព្រះបាទជ័យវរ្ម័នទី១ ដែលត្រូវជាចៅប្រុសព្រះបាទឦសានវរ្ម័នទី១ទ្រង់ បានសាងសង់លិង្គធ្វើអំពីមាសតម្កល់នៅតួប៉មនេះមានឈ្មោះថា ឝ្រីប្រភាសោមេឝ្វរ (Çrīprabhāsomeçvara) និងមានស្រ្តីម្នាក់ដែលទំនងជាមហេសីរបស់ព្រះរាជាថ្វាយដង្វាយជាប្រាក់ សំរិទ្ធ ទង់ដែង ដីស្រែ គោក្របី ថ្វាយដល់ព្រះអទិទេពដែលមានព្រាហ្មណ៍ម្នាក់ឈ្មោះ រុទ្រភក្ទីរ (Rudrabhaktir) ជាអ្នកចាត់ចែងពិធី ហើយនៅបន្ទាត់ចុងក្រោយជាបណ្តាសា បើមានជនណាមានចិត្តលោភលន់ចង់កេងប្រវ័ញ្ចទ្រព្យសម្បត្តិទាំងនេះ សូមឲ្យធ្លាក់នរកទាំងពូជ ដរាបណាផែនដីរលាយ([2])។ សិលាចារឹកទាំងនេះ គឺជាព័ត៌មានដ៏សំខាន់បញ្ជាក់អំពីព្រះនាមព្រះបាទភវវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី១ ដែលបានបន្តសាងសង់ប្រាសាទនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ដ្បិតសិលាចារឹកជាង២០ផ្ទាំងដែលរកឃើញនៅសំបូរព្រៃគុកភាគច្រើនរៀបរាប់តែព្រះបាទឦសានវរ្ម័នទី១ និងស្តេចចេនឡាដំបូងៗ ហើយកម្រមានសិលាចារឹកណាដែលរៀបរាប់ពីព្រះបាទភវវរ្ម័នទី២ និងជ័យវរ្ម័នទី១ឡើយ។ នៅក្នុងរជ្ជកាលរបស់ព្រះបាទភវវរ្ម័នទី២ ពុំសូវមានសិលាចារឹករៀបរាប់អំពីទ្រង់ទេ ប៉ុន្តែមានសិលាចារឹកចំនួនពីរដែលបានប្រាប់ឲ្យដឹងថា ទ្រង់ គឺជាបុត្ររបស់ព្រះបាទឦសានវរ្ម័នទី១ ពោល គឺសិលាចារឹក K.506 និង K.1150([3])។ លោក ម៉ៃឃើល វីឃីរី សន្និដ្ឋានថា ព្រះបាទភវវរ្ម័នទី២ ទំនងបន្តសោយរាជ្យនៅតំបន់សំបូរព្រៃគុក ប៉ុន្តែព្រះរាជាបន្ទាប់ គឺព្រះបាទជ័យវរ្ម័នទី១ ដែលត្រូវជាព្រះរាជនត្តារបស់ព្រះបាទឦសានវរ្ម័នទី១ បានផ្លាស់រាជធានីទៅជិតតំបន់អង្គរ([4])។
ជារួមមក តាមការរៀបរាប់អំពីក្បាច់លម្អស្ថាបត្យកម្ម និងសិលាចារឹករួចមក យើងអាចសន្និដ្ឋានថា ប្រាសាទក្បាលជ្រូក ទំនងកសាងឡើងនៅស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី២ ហើយអាចបន្ថែមខ្លះក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ ដែលស្ថិតនៅក្នុងរចនាបថព្រៃក្មេង ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ។
([4]) Vickery 2001-2002: 34-35.
ឯកសារយោង
Coedès, George
1952, Inscription du Cambodge, Vol IV, Hanoi.
Vickery, Michael
2001-2002, “History of Cambodia”, Summary of lectures given at the Faculty of Archaeology, Royal University of Fine Arts, Phnom Penh.
English

















