DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

សិលាចារឹកប្រាសាទស្រីគ្រប់ល័ក្ខណ K.151

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
December 2, 2025
in សិលាចារឹក
0
សិលាចារឹកប្រាសាទស្រីគ្រប់ល័ក្ខណ K.151

ដោយ៖ កំ វណ្ណារ៉ា

 

ក្រុមប្រាសាទស្រីគ្រប់ល័ក្ខណ មានទីតាំងស្ថិតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ដែលស្ថិតនៅក្បែរក្រុមប្រាសាទរបងរមាស និងស្ថិតនៅខាងជើងក្រុមប្រាសាទសំខាន់ៗទាំងបី ក្នុងភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ នៅក្នុងក្រុមប្រាសាទស្រីគ្រប់ល័ក្ខណទាំងមូល មានប្រាសាទសរុបចំនួន ៧ តួប៉ម ប៉ុន្តែគេរកឃើញសិលាចារឹកនៅក្នុងក្រុមប្រាសាទនេះចំនួន ១ ផ្ទាំងប៉ុណ្ណោះ គឺសិលាចារឹក K.151។ សិលាចារឹកនេះ លោក ហ្សក សឺដេស ធ្លាប់សិក្សា  ​ម្តងរួចមកហើយ​នៅក្នុងឆ្នាំ១៩៤៣[1]។

សិលាចារឹក K.151 ចារឹកនៅលើមេទ្វារយ៉របស់ប្រាសាទ តួប៉ម L.4 ដែលប្រាសាទនេះកសាងនៅស.វ.ទី៧ និងសាងបន្ថែមនៅក្នុងស.វ.ទី១១ ហើយបើពិនិត្យមើលប្លង់មួយភ្លែតទៅ វាមានលក្ខណៈដូចប្លង់ហោរបន់ស្រន់នៃមន្ទីរពេទ្យក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដូច្នោះដែរ (រូបលេខ១-២)។ សិលាចារឹកនេះ ចារឹកនៅរវាងស.វ.ទី៧ ជាភាសាសំស្រ្កឹត មានចំនួន ២៤បន្ទាត់ ស្មើនឹង ១២ គាថា ដែល ៦ បន្ទាត់ដំបូងនៅរក្សាភាពដើមបានល្អ ប៉ុន្តែផ្នែកជាច្រើនទៀត​មានការខូចខាតទ្រង់ទ្រាយនៃអក្សរ ជាពិសេស គឺនៅបន្ទាត់ខាងចុង។ ចំណែកនៅផ្នែកកណ្តាល​គេអាចនៅមើលឃើញអក្សរទាំងស្រុង។ សព្វថ្ងៃ សិលាចារឹកនេះ រក្សាទុកនៅទីតាំងដើម។

ជាសង្ខេបមកសិលាចារឹកនេះ រៀបរាប់អំពីមន្រ្តីម្នាក់ឈ្មោះ “នរសិង្ហគុប្ត” ជាស្តេចត្រាញ់ឬមន្រ្តីជាន់ខ្ពស់នៅក្រុងឥន្រ្ទបុរ ហើយមន្រ្តីរូបនេះធ្លាប់បម្រើស្តេចបីអង្គគឺ រជ្ជកាលព្រះបាទភវវរ្ម័នទី១ ព្រះបាទមហេន្រ្ទវរ្ម័ន និងព្រះបាទ​ឦសានវរ្ម័នទី១។ នៅនៅមហាសករាជឆ្នាំ៥២០ ត្រូវនឹងគ.ស.ឆ្នាំ៥៩៨ នរសិង្ហគុបត្ត បានកសាង​បដិមាព្រះវិស្ណុមួយអង្គព្រះនាម “ឝ្រីកបិលវាសុទេវ” តម្កល់នៅប្រាសាទ។ ក្រោយមក លោកបានបានបង្កើតក្រុងមួយ ឬពីរនៅ​ខាងត្បូងប្រាសាទដែលដាក់ឈ្មោះក្រុងនោះថា “ឝ្រីកបិល” ដែលមានទាំងដីភូមិ ដីស្រែ និងអ្នកបម្រើនៅទីនោះ  ហើយនៅខាងកើតប្រាសាទ មានអូរឬប្រឡាយ ស្ទឹង និងខាងជើងមានផ្លូវធំឈ្មោះថា “តំបន់ព្រៃ​កណ្តាល”។

អត្ថបទពាក្យចារឹក

  1. (១) ឝ្រីកៅស្ដុភស្ថិរវិភូឞណចារុវក្ឞា       វិឞ្ណុរ៑ជ្ជយត្យអមរក្ឬត្យសមាបនីយះ

(២)      យោ នូតនោទិតទិវាករមណ្ឌលាភ    ចក្រប្រហារឝមិតាខិលទានវេន្ទ្រះ//

  1. (៣) ឝ្រីភវវម៌្មាក្ឞិតិបះ                                ក្ឞោណីន្ទ្រឝ៑ឝ្រីមហេន្រ្ទវម៌្មា ច

(៤)      ភ្រាត្រោស៑ តយោរ៑ ម្មតោ យស៑           សាមន្តន្ឬបាគ្រណីរ៑ ឯកះ//

  • (៥) ឝ្រីឝានវម៌្មន្ឬបកល្បមហីរុហស្យ         សវ៌ាន្យបាថ៌ិវលតៃកសមាឝ្រយស្យ

(៦)      អាសីទ៑ យឝ៑ + កុសុមវាសិតទិង្មុខស្យយឝ៑ ចយ៌្យសាត្ក្ឬតវិភូផលស្យ ភ្ឬត្យះ//

  1. (៧) តទីយសាមន្តនរេឝ្វរាណាម៑               អគ្រេសរឝ៑ ឝៅយ៌្យនយឝ្រីយា យះ

(៨)      និវ៌្យាជយាបត្ស្វ អបិ…                           និរតភក្ដ្យា ក្ឬតវេទិនាញ៑ ច//

  1. (៩) វង្ឝក្រមេណាបិᴗបត…                        យ x ប្រាប្តវាន៑ ឥន្រ្ទបុរេឝ្វរត្វម៑

(១០)   អា…កទ (្វ) ិឞ្ឋបុរេ វិរាជ្យម៑              អនុគ្រហាទ៑ ឥន្រ្ទសមស្យ ភត៌ុះ//

  1. (១១) –ᴗ-ᴗᴗᴗ-ᴗ ក្ឬតជ្ញភាវាទ៑                         វណីឝរីរាមនសា សតតំ ក្រិយាភិះ

(១២)   យស្យ ᴗ-ᴗᴗᴗ- ស្យ ហិតោទយស្យ         –ក្ឬតជ្ញ ᴗᴗ-ᴗᴗ-ᴗ សៃតិ//

  • (១៣) ខ្យាតស ស នាម្នា នរសិង្ហគុប្ដោ គុវ៌ាឝ្រិតស៑ ឝ្រីភវវម៌្មរាជ្យេ

(១៤)   –ᴗ-នប្រតិមាម៑ មុរារេរ៑                          ឥមាំ ប្រតិឞ្ថាបិតវាន—//

  • (១៥) ឝ្រីកបិលវាសុទេវះ                             ខទ្វិឝរឝកាវធៅ ស្ថិតោ យម៑ ឥហ

(១៦)   (រោ) ហិណ្យាំ ស្រីលគ្នេ                      វៃឝាខសិតាហនិ ត្ឬតីយេ//

  1. (១៧) តស្យ ទក្ឞិណតោ មុឞ្មិន៑ ប្រទេឝ សន្តិ សាវធៅ

(១៨)   សក្ឞេត្រគ្រាមទាសា យស៑                តតឝ៑ ឝ្រីកបិលាវ្ហយះ//

  1. (១៩) ប្រាច្យាម៑ អា ខាតនទ្យាះ ប្រាគ៑           ទក្ឞិណស្យាន៑ តុ សិន្ធុតះ

(២០)   អរណ្យក្ឞេ     ត្រមធ្យាខ្យាទ៑              ឧត្តរស្យាំ បថះ ប.ថោះ//

  1. (២១) ឦឝទិឝ្យ អាត្មាខាតាទ៑ អា                  តតាកាទ អគ្និទិឝ្យ អបិ

(២២)   សិន្ធោស៑ សមាឝ៑ ច នៃរ្ឬត្យាន             តតាកាទ៑ វាយុទិឝ្យ អបិ//

  • (២៣) ត–ុ ទក្ឞិណតស៑ សិន្ធោរ៑ វ្វន្ទិនាម៑ ឧត្តរេ បុរម៑

(២៤)   ឧត្តរាឝ៑ ចោត្តរេ សិន្ធោស៑                    សោ ន្យ .សបុរំ វ្យធាត៑ //

 

បំណកប្រែ

(ស្លោកទី១)៖ ជ័យជម្នះជារបស់ព្រះវិស្ណុ  ទ្រង់ប្រកបទៅដោយគ្រឿងអាភរណៈដ៏ល្អវិចិត្រ     កៅស្តុភ មានជីវិតអមតៈ ដោយទ្រង់បានប្រហារបង់នូវស្តេច ទានវៈ(ទានវេន្ទ្រះ)  កង់ ពោលគឺចក្ររបស់ទ្រង់ មានពន្លឺរស្មីចែងចាំង ប្រៀបប្រដូចនឹងពន្លឺចែងចាំងរបស់ព្រះអាទិត្យ។

(ស្លោកទី២)៖ ព្រះបាទស្រីភវវម៌្មន៑ ព្រះបាទមហេន្ទ្រវម៌្មន៑ ទ្រង់ជាស្តេចអធិរាជ លើស្តេចសាមន្តរដ្ដផងនានា ក្សត្រទាំង២ (ព្រះបាទស្រីភវវម៌្មន៑ ព្រះបាទមហេន្ទ្រវម៌្មន៑) ព្រះអង្គជាបងប្អូន

ប្រុសនឹងគ្នា។

(ស្លោកទី៣)៖ មន្រ្តីម្នាក់ពោលថា ព្រះបាទស្រីឦសានវម៌ន៑ ទ្រង់មានតេជៈបារមីប្រៀបដូចជាដើមកល្បព្រឹកដែលដុះនៅលើផែនដី ហើយឲ្យផលដ៏ត្រជាក់ត្រជុំ ទ្រង់ជាស្តេចអធិរាជ ទ្រង់តែងតែប្រកបដោយសីលធម៌ គុណធម៌ជានិច្ច។

(ស្លោកទី៤)៖ (ព្រះបាទស្រីឦសានវម៌្មន៑) ទ្រង់ទទួលបានជ័យជម្នះ ដ៏មានសិរីយសប្រសើរឧត្តមដ៏ថ្លៃថ្លា នៃពួកស្តេចសាមន្តរដ្ឋ ដោយអំណាចនៃប្រាជ្ញាញាណភក្តីនិងការគោរព។

(ស្លោកទី៥)៖ ក៏សូម្បី ….ដោយការបន្តតាមរាជសន្តតិវង្ស …គាត់ជាអធិបតី (ស្តេច) ក្នុងក្រុងឥន្ទ្របុរ ជាក្សត្រប្រកបដោយ គុណធម៌ ខ្លាំងពូកែ លើរាជសត្រូវផងនានា ទ្រង់ប្រៀបបាននឹងព្រះឥន្ទ្រជាស្តេចនៃទេព។

(ស្លោកទី៦)៖ ដោយការដឹងគុណ ……ពាក្យសម្តី សកម្មភាព និងកិច្ចការប្រកបដោយប្រយោជន៍ ការដឹងគុណ(ក្ឫតជ្ញ) …..ទទួលស្គាល់។

(ស្លោកទី៧)៖ មានមន្ត្រីម្នាក់មាននាមថា  នរសិង្ហគុប្តជាព្រះញាតិវង្ស របស់ព្រះបាទស្រីភវវម៌ន៑ គាត់បានសាងទេវរូប(ប្រតិមា) …ជាសត្រូវជាមួយ មុរ…តម្កល់ទុកនៅទីនេះ។

(ស្លោកទី៨)៖ រីទេពនាមថា ស្រីកបិលវាសុទេវៈ (ស្រីកបិលវាសុទេព) បានស្ថាបនាឡើង ក្នុងឆ្នាំនៃស.ក. កំណត់ដោយ ឝរ=ព្រួញសរ=៥ ទ្វិ=២ ខ=០=៥២០ស.ក. ព្រះចន្ទសោយឫក្ស រោហិណិឫក្ស ជាស្ត្រីលគ្ន(ស្ថិតនៅនភាល័យ) វារៈទី៣ នៃសិត(ខ្នើត,ភ្លឺ) ខែវិសាខ។

(ស្លោកទី៩)៖ នៅខាងត្បូង ប្រទេស(តំបន់,បុរី) មានឈ្មោះថាស្រីកបិលាវ្ហយះ ក្នុងរាជបុរីនោះ បរិបូណ៌ដោយខ្ញុំបម្រើ ភូមិ និគមន៍ និងដីស្រែចម្ការ។

(ស្លោកទី១០)៖ នៅខាងទិសបូព៌ រហូតដល់មាត់ទឹក (ស្ទឹង) ខាងត្បូងរហូតដល់សិន្ធុ (ស្រះ ឬកសិន្ធុ) ខាងជើងរហូតដល់ផ្លូវ ហៅថា អរណ្យមធ្យា(ព្រៃកណ្តាល) ក្ឞេត្រមធ្យា (ស្រែកណ្តាល)។

(ស្លោកទី១១)៖ ព្រំប្រទល់ដែនសីមាដី(សីមា) ខាងទិសឦសាន មានបារាយណ៍ ខាងប៉ែក     អាគ្នេយ៍មាន សិន្ធុ (កសិន្ធុទឹក ឬស្រះទឹក), ខាងនិរតី មាន តដាក(បារាយណ៍,ថ្លាងទឹក) ខាងទិសពាយព្យ មានតដាក(ត្រពាំងឬបឹងធំៗ)ផងដែរ។

(ស្លោកទី១២)៖ នៅក្នុងបុរីនេះ ពោលគឺ នៅខាងត្បូងនិងខាងជើងមាន សិន្ធុ (កសិន្ធុទឹក ឬស្រះទឹក) …..បានសាងនិគមន៍មួយនៅខាងជើងសិន្ធុ(កសិន្ធុទឹក ឬស្រះទឹក)និងមានបុរមួយទៀត។

ពន្យល់ពាក្យ

អក្សរកាត់៖

                     ន. = នាម                     កិ. = កិរិយាស័ព្ទ                       ឋ.ន.ន. = ឋារន្តរនាម

ន.ន. = នរនាម             សំ. = សំស្រ្កឹត                          គុ.កិ. = គុណកិរិយា

គុ. = គុណនាម            ស.ន. = ស្ថាននាម

–ឝ្រីកៅស្តុភ = ប្រែថា “សូមមានសិរីសួស្តី” បើនៅក្នុងសិលាចារឹកជាភាសាខ្មែរនៅសម័យអង្គរ គេច្រើនសរសេរថា “ឝ្រីសុភមស្តុ”។

          –ស្ថិរ = ពាក្យនេះនៅប្រើដល់សព្វថ្ងៃ តែសរសេរថា “ស្ថិតស្ថេរ” មានន័យថា “គង់”។

          –វិភូឞណ = “ប្រដាប់តុបតែងកាយឲ្យស្អាត”។

          –ចារុវក្ឞា = “ដែលពោលថាស្អាត”។

-វិឞ្ណុរ៑ (ន.)= “ព្រះវិស្ណុ”។

-ជ្ជយត្យ (គុ.)= “ជ័យជម្នះ”, “ឈ្នះ”។

-អមរ (ន.)= “ទេវតា”។

-ក្ឫត្យ (កិ.) = “ធ្វើ”។

-សមាបនីយះ (គុ.) = “រួមគ្នា,​ បញ្ចូលគ្នា”។

-យោ = “អ្នកណា, ឯណា”។

            -ទិវាករ (ន.) =”ព្រះអាទិត្យ, ថ្ងៃ, ពន្លឺ”។

-មណ្ឌលាភ (ន.)=​ “មណ្ឌល”។

-ចក្រ (ន.) = “ចក្រ”, អាវុធមានសណ្ឋានរាងមូល។​

-ប្រហារ (កិ.) = “វាយប្រហារ”។

-ឝមិតាខិល = ត្រូវបំបែកជា “សមិត” + “អខិល” ប្រែថា “ដំបង”។

-ទានវេន្ទ្រះ = ឈ្មោះតួអង្គមួយក្នុងទេវកថាព្រហ្មញ្ញសាសនា។

–ឝ្រីភវវម៌្មា (ន.ន.)= ព្រះនាមព្រះមហាក្សត្រដំបូងគេនៅសម័យចេនឡា ដែលសោយរាជ្យនៅឆ្នាំ ៥៩៨ ដល់ ៦០៦ ហើយសព្វថ្ងៃយើងច្រើនសរសេរថា “ព្រះបាទភវវរ្ម័នទី១”។

–ក្ឞីតិបះ (គុ.)= “ដែលអង់អាច, ខ្លាំងពូកែ, ក្លាហាន”។

–ក្ឞោណីន្ទ្រឝ៑ = ត្រូវបំបែកជា ក្សោណ + ឥន្រ្ទឝ៑ មានន័យថា “ស្តេចដ៏ឆ្នើម, អធិរាជ”។

–ឝ្រីមហេន្ទ្រវម៌្មា (ន.ន.) = ព្រះនាមព្រះមហាក្សត្រទីពីរនៅសម័យចេនឡា ដែលសោយរាជ្យនៅឆ្នាំ ៦០៧ ដល់ ៦១៦ ហើយសព្វថ្ងៃយើងច្រើនសរសេរថា “ព្រះបាទមហេន្រ្ទវរ្ម័ន”។

–ភ្រាត្រោស៑ (ន.)= “បងប្អូនប្រុស”។

–តយោរ៑ = “ទាំងពីរ”។

–ម្មតោ = “ដែល, ឬ, រី”។

–យស៑ = “អង្គណា, អ្នកណា”។

–សាមន្ត = “សាមន្តរដ្ឋ”។

–ន្ឫបាគ្រណីរ៑ = ត្រូវបំបែកជា ន្ឬប + អគ្រណីរ៑។ ន្ឬប ប្រែថា “ស្តេច”, “អគ្រណីរ៑” ប្រែថា “ជាធំ” ។

–ឯកះ = ពាក្យនេះនៅប្រើដល់សព្វថ្ងៃ មានន័យថា “តែមួយ”។

–ឝ្រីឝានវម៌្ម (ន.ន.)= ព្រះនាមព្រះមហាក្សត្រទីបីនៅសម័យចេនឡា ដែលសោយរាជ្យនៅឆ្នាំ ៦១៦ ដល់ ៦៣៧ ហើយសព្វថ្ងៃយើងច្រើនសរសេរថា “ព្រះបាទឦសានវរ្ម័នទី១”។

–ន្ឫប (ន.)= “ស្តេច”។

–កល្ប (ន.)= ពាក្យនេះបើប្រើជាបាលីដូចសព្វថ្ងៃថា “កប្ប” មានន័យថា “កាលដែល

តាំងនៅយូរអង្វែង”។

–មហី (ន.) = “ផែនដី”។

–រុហ (ន.)=​ “ដើមឈើ”។

–សវ៌្វាន្យ = “ទាំងពួង, ទាំងឡាយ”។

–វល = “ពល”, “កម្លាំង”។

–សមា = “ស្មើ”។

–យស្យ = “នៃ, ឯណា”។

–អាសីទ៑ = “មាន”។

–យឝ៑ = “អង្គណា, អ្នកណា”។

–កុសុម (ន.) = “ផ្កា”។

–ភ្ឫត្យះ (ន.) = “មន្រ្តី, អ្នកបម្រើ”។

–ឥន្ទ្របុរេឝ្វរ (ស.ន.) =  ត្រូវបំបែកជា  “ឥន្រ្ទបុរ” + “ឦឝ្វរ”។  ពាក្យ  “ឥន្រ្ទបុរ” យើងឃើញលេចឡើងនៅស្លោកទី៥ ដែលជាការផ្គុំឡើងអំពីពាក្យ “ឥន្រ្ទ + បុរ”។ ពាក្យ “ឥន្រ្ទ” មានន័យថាដែលជាធំ, ជាឥស្សរៈ, ជាចម្បងលើសគេ ឬន័យម្យ៉ាងទៀតថា ជាព្រះនាមរបស់ទេវតានៅស្ថាន

ត្រៃ  ត្រឹង្សសួគ៌ ដែលយើងតែងតែងហៅថា “ព្រះឥន្រ្ទ” [2]។ ពាក្យ “បុរ” ជាឈ្មោះតំបន់នយោបាយ

រដ្ឋបាលមួយកន្លែង ដែលជារឿយៗយើងឃើញមានជាច្រើននៅក្នុងសិលាចារឹកតាំងពីសម័យមុនអង្គរមកម្ល៉េះ។ ពាក្យនេះបើតាមន័យដើមពីភាសាសំស្រ្កឹតមានន័យទូលំទូលាយដូចជា ភូមិ ក្រុង តំបន់ ដែលហ៊ុំព័ទ្ធជុំវិញដោយកំពែង ឬរបង[3]។ នៅក្នុងសិលាចារឹកសម័យមុនអង្គរ យើងឃើញមានពាក្យថា “បុរ” ប្រហែល៣០កន្លែង ដែលតំបន់ខ្លះជារាជធានី ឬរដ្ឋឯករាជ្យគ្រប់គ្រងដោយអំណាចស្តេច និងនៅតំបន់ផ្សេងទៀតគេប្រើពាក្យ “បុរ” ដូចគ្នាដែរ តែអាចសំដៅលើតំបន់ដែលគ្រប់គ្រងដោយ​មន្រ្តីថ្នាក់ខ្ពស់មានងារជា “ម្រតាញ ឬ ខ្លោញ” ដែលអាចជាស្តេចត្រាញ់នៃតំបន់[4]។ លោក Michael Vickery ស្នើថាពាក្យ“បុរ” ទាំងអស់មិនមែនសុទ្ធតែសំដៅលើទីក្រុងសំខាន់ ឬតំបន់​កណ្តាលរបស់អាណាចក្រទាំងមូលទេ តែវាអាចចាប់ផ្តើមដំបូងពីតំបន់ប្រាសាទ ដែលមានខ្សែស្រឡាយ​មួយគ្រប់គ្រងពង្រីកខ្លួនក្លាយជាក្រុងឬអាណាចក្រ ដូចយើងឃើញលេចឡើងទៅជាតំបន់កណ្តាលដែលគ្រប់គ្រងដោយស្តេចដែលមានដូចជា ស្រេស្ថបុរ ភវបុរ ឦសានបុរ និងសម្ភុបុរ[5]។ ដូច្នេះ ងាកមកវិញពាក្យថា “ឥន្រ្ទបុរ” មានន័យថាជាក្រុងរបស់ព្រះឥន្រ្ទ ឬជាក្រុងមួយដែលធំ មានអំណាចឬអនុភាពលើសគេ។ ចំពោះទីតាំងរបស់​ “ឥន្រ្ទបុរ” ដែលយើងឃើញនៅក្នុងសិលាចារឹកនេះ មានការលើកឡើងផ្សេងគ្នាពីសំណាក់អ្នកប្រាជ្ញធំៗដូចជា៖ លោក G. Cœdés ស្នើថា ឥន្រ្ទបុរ មានអំណាចស្ថិតនៅភាគខាងកើត ម្ដុំខេត្តត្បូងឃ្មុំបច្ចុប្បន្ន[6]។ ចំណែក លោក Vickery បានស្នើថា ឥន្រ្ទបុរ នៅក្នុងសិលាចារឹកនេះ ប្រហែលហៅក្រុងមួយដែលទំនងស្ថិតនៅតំបន់ណាមួយក្នុងខេត្តកំពង់ធំ[7]។ ចំណែក ពាក្យថា “ឦឝ្វរ” គឺសំដៅលើព្រះនាមព្រះឥសូរ ដែលជាអាទិទេពកំពូលក្នុងសាសនាព្រាហ្មណ៍ តែខ្មែរយកមកប្រើគឺចង់សម្គាល់ថាជា “ស្តេច”។  នៅសម័យមុនអង្គរ   ពាក្យដែលមានន័យស្មើនឹងស្តេចមានដូចជា  “ស្តច”,  “វ្រះកម្រតាងអញ”, “ឥស” ។ល។ ដូច្នេះ បើពាក្យ

ទាំងអស់នេះផ្គុំបញ្ចូលគ្នាជា “ឥន្រ្ទបុរេឝ្វរ” គឺមានន័យថា “ស្តេចនៃឥន្រ្ទបុរ”។

–ក្ឫតជ្ញ (ន.) = “ការដឹងគុណ”។

–សៃតិ (ន.) = “ទទួលស្គាល់”។

–នរសិង្ហគុប្តោ (ន.ន.) = ជាឈ្មោះមន្រ្តីម្នាក់ជាប់ខ្សែស្រឡាយខាងព្រះបាទភវ

វរ្ម័នទី១ ហើយជាអ្នកដឹកនាំនៅក្រុងឥន្រ្ទបុរ។

–ឝ្រីកបិលវាសុទេវះ (ន.ន.) = ពាក្យ “ឝ្រីកបិល” យើងឃើញលេចឡើងនៅស្លោកទី៨ និងស្លោកទី៩ មានសរសេរថា “ឝ្រីកបិលាវ្ហយះ” គឺជាការផ្សំផ្គុំឡើងរវាងពាក្យ “ឝ្រី” និង ពាក្យ “កបិល។ ពាក្យថា “ឝ្រី” មានន័យថា សិរី ឬមង្គល ឬដែលមានយស[8]។ ពាក្យនេះ មានប្រើច្រើនណាស់នៅ​ក្នុងសិលារឹកបុរាណរបស់ខ្មែរទាំងសម័យមុនអង្គរ និងសម័យអង្គរ ដូចដែលយើងឃើញច្រើននៅ​ពីមុខឈ្មោះទេព ឈ្មោះព្រះមហាក្សត្រ ឬឈ្មោះតំបន់ផ្សេងៗ។ល។ ពាក្យ “កបិល” អាចមានន័យច្រើនយ៉ាងណាស់ ឬមួយវិញទៀតគេដឹងថាពាក្យនេះជាព្រះនាមមួយរបស់ព្រះវិស្ណុ។ នៅសិលាចារឹកមួយរកឃើញនៅប្រាសាទមួយ ស្ថិតនៅទិសឦសានប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ចុះបញ្ជីលេខ K.579 ចារនៅម.ស.ឆ្នាំ៨៩០ត្រូវនឹងគ.ស.ឆ្នាំ ៩៦៨ ត្រូវនឹងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ បានចារឹកអំពីពាក្យថា “កបិលបុរ” [9] ដែលជាឈ្មោះរបស់ប្រាសាទតែម្តង។ ម្ល៉ោះហើយ ពាក្យថា “ឝ្រីកបិលាវ្ហយះ”ឬ“ឝ្រីកបិល” នេះអាចមានន័យថាជាក្រុងរបស់ព្រះវិស្ណុ ជាក្រុងដែលមានអនុភាពពោរពេញ​ដូចព្រះវិស្ណុ។ ឈ្មោះក្រុង “ឝ្រីកបិល” ដែលលេចឡើងនៅក្នុងសិលាចារឹកនេះ អ្នកស្រាវជ្រាវពុំបាន​បញ្ជាក់ថានៅទីណានោះទេគ្រាន់តែដឹងថានៅខាងត្បូងប្រាសាទដែលគេរៀបរាប់ក្នុងសិលាចារឹកថាបានតម្កល់ព្រះវិស្ណុមួយអង្គព្រះនាម “ឝ្រីកបិលវាសុទេវ” ពោល គឺប្រាកដជានៅមិនឆ្ងាយពីសំបូរព្រៃគុកក្នុងទឹកដីខេត្តកំពង់ធំដូចគ្នានឹងឥន្រ្ទបុរដែលជាការលើកឡើងរបស់លោក Vickery ដូច្នោះដែរ។

–ខ = “សូន្យ”, “០”។

–ទ្វិ = “ពីរ”, “២”។

–ឝរ = ប្រែថា “ព្រួញសរ”, ត្រូវនឹងចំនួន “ប្រាំ”, “៥”។

–ឝកា = “សក, ឆ្នាំ”។

–ខទ្វិឝរឝកា = “០២៥ឆ្នាំ”។ តាំងពីដើមប្រវត្តិសាស្រ្តមកដល់សតវត្សរ៍ទី១៨ សករាជនៅកម្ពុជាមានតែមួយប៉ុណ្ណោះ ពុំដូចសព្វថ្ងៃដែលមានច្រើន ទាល់តែបញ្ជាក់ថាគ្រឹស្តសករាជ (គ.ស.), ពុទ្ធសករាជ (ព.ស.) ជាដើម ចៀសវាងកុំឲ្យច្រឡំគ្នា។ ពីដើមគេប្រើតែ “ឝក” ប៉ុណ្ណោះក៏គ្រប់គ្រាន់

ហើយ ប៉ុន្តែសព្វថ្ងៃបើចង់និយាយពីសករាជដែលពីដើមមានតែមួយនោះ ទាល់តែបញ្ជាក់ថា “មហាសករាជ” (ម.ស.)។ មហាសករាជ កើតក្រោយគ្រឹស្តសករាជប្រមាណ ៧៨-៧៩ឆ្នាំ។ ជាទូទៅគេយកមហាសករាជបូកនឹង ៧៨ ដើម្បីបានគ្រឹស្តសករាជ។ ជួនកាលអាចខុសគ្នា​៧៩ឆ្នាំដែរ តែទាល់តែចេះតារាសាស្រ្តជ្រៅជ្រះទើបរកថ្ងៃ, ខែ ព្រមទាំងគម្លាតឆ្នាំនោះត្រូវច្បាស់។ កាលណាគេ ឲ្យកាលបរិច្ឆេទជា​តួអក្សរក្នុងប្រព័ន្ធភាសាសំស្រ្កឹតបែបនេះ គេត្រូវគិតបញ្រ្ចាសមកវិញ ពោល គឺមានន័យថា “០២៥” ត្រូវនឹងឆ្នាំ “៥២០នៃម.ស.” បើគិតឲ្យត្រូវនឹងគ.ស. គឺស្មើនឹងឆ្នាំ គ.ស.៥៩៨។

–រោហិណ្យាំស្ត្រីលគ្នេ = នក្សត្រ ឬឫក្សរបស់ព្រះចន្ទ្រដើរគោចរដល់ រោហិណិ ជាស្ត្រីលគ្ន

(ស្ថិតនៅនភាល័យ)។

–វៃសាខ = “ខែពិសាខ”។

–ទក្ឞិណ = “ខាងត្បូង”។ ពាក្យនេះខ្មែរនៅបន្តប្រើប្រាស់ដល់សព្វថ្ងៃ។

–ប្រទេឝេ (ន.) = “ប្រទេស, តំបន់, បុរី”។ ពាក្យនេះយើងនៅប្រើសព្វថ្ងៃ ដែលសរសេរថា “ប្រទេស”។

–សន្តិ (គុ.) = “បរិបូរណ៍”។ ពាក្យនេះសព្វថ្ងៃ យើងច្រើនប្រើភ្ជាប់ជា “សន្តិភាព” ដែលមានន័យថា “មានភាពស្ងប់ស្ងាត់, មានសេចក្តីសុខ”។

–ក្ឞេត្រ (ន.) = “ស្រែ, ចម្ការ”។ ពាក្យនេះ ក៏នៅប្រើប្រាស់ដល់សព្វថ្ងៃដែរ ដូចយើងធ្លាប់ឮមុខវិជ្ជាមួយផ្នែកកសិកម្មគេហៅថា “ក្សេត្រសាស្រ្ត”។

–គ្រាម (ន.) = ប្រែថា “ភូមិ”, “និគមន៍”, “កន្លែងដែលជាទីប្រជុំមនុស្ស”។ នៅសម័យបុរាណពាក្យនេះ គេនិយមយកមកប្រើប្រាស់ក្នុងអត្ថបទសិលាចារឹកជាភាសាខ្មែរខ្លាំងណាស់។

–ទាសា (ន.)= ប្រែថា “អ្នកបម្រើ”។ សព្វថ្ងៃ យើងនៅប្រើប្រាស់ដដែល ដែលច្រើននិយាយភ្ជាប់គ្នាថា “ទាសាទាសី”។

–ឧត្តរ = “ខាងជើង”។ ពាក្យនេះ នៅបន្តប្រើដល់សព្វថ្ងៃដែរ។

–សិន្ធុ (ន.)= សព្វថ្ងៃសរសេរថា “កសិន្ធុ” ប្រែថា ទឹកដែលគេជីកជារបៀបកំពែងបួនជ្រុង ព័ទ្ធជុំវិញប្រាសាទ ឬក្រុង។ ​

–អរណ្យ (ន.) = “ព្រៃ”។

–មធ្យា = “កណ្តាល”។ សព្វថ្ងៃ យើងនៅបន្តប្រើប្រាស់ដដែល តែសរសេរថា “មធ្យម”។

–ខ្យាទ៑ (ន.) = “ផ្លូវ”។

–ប្រាគ៑ (ន.) = “មាត់ទឹក”។

–ឦឝ (ន.) = “ឦសាន”។

–ទិឝ្យ (ន.)= “ទិស”។

–ឦឝទិឝ្យ (ន.)= “ទិសឦសាន”។

–សីមាឝ៑ (ន.)= “សីមា”។ ពាក្យនេះ នៅបន្តប្រើប្រាស់ដល់សព្វថ្ងៃ។

–តតាកាទ៑ (ន.) = “តដាក” ប្រែថា “អាងស្តុកទឹកធំៗ”។ នៅសម័យបុរាណ គេនិយមប្រើពាក្យនេះណាស់  ឧទារហណ៍  ឥន្រ្ទតដាក, យសោធរតដាក, ជ័យតដាក ។ល។

–អគ្និ (ន.)= “អាគ្នេយ៍”។

–អគ្និទិឝ្យ (ន.)= “ទិសអាគ្នេយ៍”។

–អបិ = “មាន”។

–សិន្ធោស៑ (ន.)= សព្វថ្ងៃសរសេរថា “កសិន្ធុ” ប្រែថា ទឹកដែលគេជីកជារបៀបកំពែងបួនជ្រុង ព័ទ្ធជុំវិញប្រាសាទ ឬក្រុង។

–នៃឫត្យាន៑ (ន.)= ទិសនិរតី។

–វាយុ (ន.)= ប្រែឲ្យថាចំគឺ “ពាយ”, “ខ្យល់”។

–វាយុទិឝ្យ (ន.) = “ទិសពាយព្យ”។

 

          ជាសរុបមក សិលាចារឹកប្រាសាទស្រីគ្រប់ល័ក្ខណ គឺជាព័ត៌មានដ៏សំខាន់មួយអាចឱ្យអ្នកសិក្សាបានដឹងថា ព្រះបាទភវវរ្ម័នទី១ និងព្រះបាទមហេន្រ្ទវរ្ម័ន ដែលជាស្តេចដំបូងៗរបស់អាណាចក្រចេនឡា ប្រហែលជាបានមកសោយរាជ្យនិងកសាងរាជធានីសំបូរព្រៃគុកតាំងពីមុនរាជ្យព្រះបាទស្រីឦសានវរ្ម័នទី១មកម្ល៉េះ។ ទោះបីជាសព្វថ្ងៃអ្នកប្រវត្តិសិល្បៈពុំទាន់មានភស្តុតាងច្រើនដើម្បីអះអាងថាតើសំណង់ណាមួយនៅសំបូរព្រៃគុកជាសំណង់ដែលសាងក្នុងរាជ្យរបស់ទ្រង់។ គេធ្លាប់ជួបសិលាចារឹកមួយទៀតនៅសំបូរព្រៃគុកដែរ គឺសិលាចារឹកប្រាសាទជ្រៃ ដែលរៀបរាប់អំពីអាចារ្យម្នាក់បម្រើស្តេចបីអង្គដូចគ្នា។ ម្ល៉ោះហើយ វាសុទ្ធតែជាភស្តុតាងឱ្យគេដឹងអំពីសម័យដំបូងនៅរាជធានីចេនឡា។ សិលាចារឹកប្រាសាទស្រីគ្រប់ល័ក្ខណ K.151 បានផ្តល់ព័ត៌មានឱ្យគេដឹងអំពីស្តេចត្រាញ់មួយអង្គព្រះនាមនរសិង្ហគុប្ត ដែលចំណុះឱ្យស្តេចនៅរាជធានីកណ្តាល ព្រោះជាទូទៅយើងតែងឃើញអ្នកប្រវត្តិសាស្រ្តលើកឡើងជាញឹកញាប់ហើយដែលថា សម័យចេនឡា រដ្ឋមិនបានរួបរួមតែមួយនោះទេ តែងមានស្តេចត្រាញ់នៅពាសពេញទឹកដី ដែលស្តេចត្រាញ់ខ្លះឯករាជ្យមិនចំណុះឱ្យស្តេចនៅរាជធានីកណ្តាលឡើយ។

 

 

[1] Coedès 1953: 5.

[2] ពុទ្ធសាសនបណ្ឌិត្យ ១៩៦៧: ១៧៧៩។

[3]​ Saveros​ Pou 1989:315.

[4] Chhum Menghong 2013: 1.

[5] Vickery 1998: 327.

[6] Cœdès 1943: 5.

[7] Vickery 2001-2002: 70.

[8] អាំង ជូលាន ២០០៨-២០០៩: ១១៨។

[9] Cœdès 1966: 170.

 

ឯកសារយោង

 

ពុទ្ធសាសនបណ្ឌិត្យ

១៩៧៣, “វចនានុក្រមខ្មែរ”, ភ្នំពេញ។

អាំង ជូលាន

(២០០៨-២០០៩): “ស្រី”, កម្រងអត្ថបទក្នុងបណ្តាញព័ត៌មានវប្បធម៌ខ្មែរ, លេខ ៤, ភ្នំពេញ។

Coedès, G.

1943, “Quelque précisions sur la fin du Fou-Nan”​ BEFEO, Tome 43, Paris.

1966, Inscription du Cambodge, Vol VIII, Hanoi.

Chhum Menghong

2013, “Brief The Study on basic structure and urbanism of Khmer ancient city Isanapura”, Waseda University, Tokyo.

Saveros​ Pou

1989, “Nouvelles inscription du Cambodge I”, traduites et éditées, EFEO, Paris.

Vickery, M.

1998,  “Society, Economic and Politics in Pre-Angkor Cambodia, the 7th to 8th centuries, p. 327, The center for the East Asian cultural studies for Unesco, The Toyota Bunko.

2001-2002, History of Cambodia, Summary of the lecture for Faculty of Archaeology, Royal University of Fine Arts, Phnom Penh.

 


Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province