DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ប្រាសាទបី (អំពិលរលំ)

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
December 3, 2025
in ប្រវត្តិសិល្បៈ
0
ប្រាសាទបី (អំពិលរលំ)

ដោយ៖ ម៉ង់ វ៉ាលី

 

នៅក្នុងឯកសារមុនៗដែលសិក្សាដោយអ្នកស្រាវជ្រាវជនជាតិបារាំង គេច្រើនហៅប្រាសាទនេះថា “អំពិលរលំ” ប៉ុន្តែឈ្មោះនេះសព្វថ្ងៃពុំមានអ្នកស្រុកណាម្នាក់ស្គាល់ឡើយ ព្រោះអ្នកស្រុកហៅតៗគ្នាថា “ប្រាសាទបី”។ ប្រាសាទបី មានទីតាំងស្ថិតនៅភូមិអណ្តូងត្រុំ ឃុំចំណាលើ ស្រុកស្ទោង ខេត្ត​កំពង់ធំ ដែល​មានចម្ងាយប្រមាណ ៤០ គ.ម. ភាគពាយព្យទីរួមខេត្តកំពង់ធំ និងមានចម្ងាយ​ប្រមាណ ១៨ គ.ម. ពី​ទីប្រជុំជនស្រុកស្ទោង។ កន្លងមក ប្រាសាទនេះបានទាក់ទាញអ្នកស្រាវជ្រាវបរទេសមកសិក្សាច្រើនណាស់ ចាប់តាំងពីចុងស.វ.ទី១៩មក ដែលអ្នកស្រាវជ្រាវទាំងនោះមានដូចជា លោក Étienne Aymonier ឆ្នាំ១៨៨៣ និង១៩០០, លោក Lunet De Lajonquière ឆ្នាំ១៩០២, លោក Henri Parmentier ឆ្នាំ១៩១៣, ១៩២៧, ១៩៣៥, លោក M. Dufosse ឆ្នាំ១៩១៨, លោក Louis Finot  ឆ្នាំ១៩១២, លោក Goerge Coedès ឆ្នាំ១៩៥៤, លោក Pierre Dupont ឆ្នាំ១៩៥៥, លោក Louis Malleret ឆ្នាំ១៩៦៣, លោក​ស្រី Mireille Bénisti ឆ្នាំ១៩៧១ ។ល។

ប្រាសាទបី សាងអំពីឥដ្ឋរាងបួនជ្រុងស្មើ មានតួប៉មបីរត់ជួរគ្នាពីជើងទៅត្បូង បែរមុខ​ទៅ​ទិសខាងកើត([1])។ សព្វថ្ងៃតួប៉មកណ្តាលនៅឈរមានរូបរាង ក្បែរព្រះវិហារថ្មីមួយនៅខាងកើត រីឯ​តួប៉ម​សងខាងចំនួនពីរទៀតបានបាក់បែក និងបាត់រូបរាងទាំងស្រុងទៅហើយ។ រីឯប្រាសាទដែលនៅមានរូបរាង​ក៏មិននៅល្អ​ពេកដែរ គឺផ្នែកដំបូលបានបាក់បែកទាំងស្រុងទៅហើយ (រូបលេខ១-២)។ ប្រាសាទនេះមាន​ទ្វារចូលនៅទិសខាងកើត និង​នៅទិសផ្សេងៗទៀតពុំមានរចនាជាទ្វារបញ្ឆោតដូចប្រាសាទដទៃទៀត​ឡើយ ដោយសិល្បករតម្រៀបឥដ្ឋស្មើ និងពុំមានក្បាច់លម្អអ្វីឡើយ។ នៅមុខខាងកើត និងខាង​ជើង មាននៅសល់ចម្លាក់វិមានអណ្តែតឆ្លាក់ជាប់នៅលើជញ្ជាំង ដែលជាក្បាច់រចនាមួយមាន​ការនិយមខ្លាំងនៅស.វ.ទី៧ ​ជាពិសេស គឺឃើញមាននៅតំបន់ប្រាសាទសំបូរ​ព្រៃគុក។ ប៉ុន្តែចម្លាក់វិមានអណ្តែតនៅប្រាសាទនេះ មានការវិវឌ្ឍ​រូបរាងថ្មីខុសប្លែកវិមានអណ្តែតនៅសំបូរព្រៃគុក ដែលយើងអាចរាប់​បាន​ថាមានចម្លាក់វិចិត្រមួយបែប គ្រាន់តែពុំមានលម្អជារូប​ទេពឬសត្វផ្សេងៗដូចនៅសំបូរព្រៃគុកឡើយ ពោល គឺ​មានតែក្បាច់លម្អជារាងអាគារប្រាសាទសុទ្ធតែម្តង([2]) (រូបលេខ៣)។ ចំពោះ ឥដ្ឋដែល​ប្រើប្រាស់​សម្រាប់​សាងសង់ប្រាសាទនេះ មានបណ្តោយប្រវែង ២៨ស.ម. ទទឹង ១៤ស.ម. និងកម្រាស់ ៨ស.ម.។ ចំណែក ​ឯរចនាសម្ព័ន្ធផ្សេង​ទៀតនៃប្រាសាទ យើងឃើញខាងជើងមានស្រះធំមួយ​ប្រវែងបណ្តោយ ១៨០ម៉ែត្រ និងទទឹង ៧៥ម៉ែត្រ ដែលអ្នកស្រុកហៅថា “បឹងវែង”, នៅខាងកើតមានស្រះបី ក្នុងនោះស្រះនៅជិត​ប្រាសាទជាងគេហៅថា “ត្រពាំងតា​លៀង” ប្រវែងបណ្តោយ ៦០ម៉ែត្រ ទទឹង ៤០ម៉ែត្រ, ស្រះមួយទៀត​ហៅថា “ត្រពាំងជ្រៃ” ប្រវែងបណ្តោយ ១៦០ម៉ែត្រ ទទឹង ៥៦ម៉ែត្រ និងស្រះធំមួយទៀតស្ថិតនៅចំអ័ក្ស​ខាងកើតទល់​មុខចំប្រាសាទប្រមាណ ៥០០ម៉ែត្រ ស្ថិតនៅជាប់ត្រពាំងជ្រៃ អ្នកស្រុកហៅថា “ទន្លេក្អាយ” ដែលមានប្រវែងបណ្តោយ ១៨០ម៉ែត្រ ទទឹង ១២៥ម៉ែត្រ។

នៅឆ្នាំ២០០៦ មានផ្តែរទ្វារចំនួនពីររក្សាទុកនៅទីនោះ តែជាអកុសលផ្តែរទ្វារទាំង​ពីរនេះបាន​បាត់បង់ពីទីតាំងដើមហើយ ហើយយើងមិនដឹងថាស្ថិតនៅទីណានោះទេសព្វថ្ងៃ។ ផ្តែរទ្វារទាំងពីរនេះយើងអាចសិក្សាបានតាមរូបភាពក្នុងឯកសារអ្នកស្រាវជ្រាវជំនាន់មុន។ ផ្តែរទី១​ លម្អជាក្បាច់រុក្ខជាតិសុទ្ធសាធ ដោយក្បាច់បន្ទាត់ធ្នូមានរាងត្រង់ មានក្បាច់សន្លឹកឈើនៅលើ​បន្ទាត់ធ្នូ នៅខាងចុងផ្តែរក៏ជាក្បាច់ស្លឹក​ឈើ​ឆ្លាក់នៅលើក្បាលសសរ ហើយផ្នែកខាងក្រោមជា​រំយោលផ្កាឬកម្រងមាលាឆ្លាស់គ្នា([3]) (រូបលេខ៤)។ ផ្តែរទ្វារនេះ មានលក្ខណៈទូទៅដូចនឹងផ្តែរទ្វាររកឃើញនៅវត្តព្រះនាង ប្រាសាទស្វាយព្រាម ប្រាសាទ​គូ​ វត្តកកោះ ។ល។ ដែលមានទម្រង់ជាសិល្បៈ​រចនាបថព្រៃក្មេង នាស.វ.ទី៧ (គ.ស.៦៣៥ – ៧០០) ([4]) ។ ផ្តែរទ្វារមួយទៀត លម្អដោយក្បាច់ដងធ្នូរាងមូលដាច់ជាកង់ៗដូចមែកឈើ​ ខាងចុងជាក្បាច់រុក្ខជាតិ​វង់​ចុះមកក្រោម នៅផ្នែកខាងក្រោម​ជារំយោលផ្កា ដែលលក្ខណៈបែបនេះ​ស្ទើរតែដូចផ្តែរប្រាសាទតោនៅ​សំបូរព្រៃគុក និងប្រាសាទវត្តប្រាសាទ ពោល គឺជាសិល្បៈចុងរចនាបថព្រៃក្មេង ដើម​រចនា​បថកំពង់ព្រះ (ពាក់កណ្តាលស.វ.ទី៧-ដើម   ស.វ.ទី៨ ([5]) (រូបលេខ៥)។

ក្រៅអំពីផ្តែរ តាមរយៈឯកសារមុនៗនាំឲ្យយើងដឹងថានៅទីនេះកាលពីមុនមក ក៏មាននៅ​សល់​សសរពេជ្ររាងមូលជាច្រើនកំណាត់([6]) ដែល​មានលម្អជាក្បាច់រាងដូចថូផ្កាសំប៉ែតនៅ​ក្បាលសសរ មាន​ក្បាច់សន្លឹករាងត្រីកោណដូចកញ្ចាំង ក្បាច់ត្របកឈូក និងក្បាច់ផ្ការំដួល ហើយ    លក្ខណៈនេះមាន​លំនាំ​ដូចសសរពេជ្រនៅប្រាសាទភូមិប្រាសាទ ខេត្តកំពង់ធំ ដែលជាទម្រង់​ សិល្បៈកំពង់ព្រះ (រូបលេខ៦) ។ នៅក្បែរប្រាសាទ យើងក៏ឃើញមាននៅសល់ជើងទម្របដិមាមួយដុំរាងបួនជ្រុងស្មើ និងនៅចំពីមុខមាន​ឆ្លាក់រូបគ្រុឌ([7]) ដែលយើងអាចសន្និដ្ឋានថាជាសិល្បៈរចនាបថកោះកេរ នៅស.វ.ទី១០ (រូបលេខ៧)។ ក្រៅអំពីគ្រឿងលម្អស្ថាបត្យកម្មដូចបានរៀបរាប់ខាងលើ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនៅ​ប្រាសាទ​នេះ គឺសិលាចារឹកចំនួនពីរដែលចុះបញ្ជីលេខ K.162, K.163។ សិលាចារឹក K.163 ចារឹកជា​ភាសា​ខ្មែរ ដែលមានចំនួនពីរជ្រុង។ ជ្រុងទី១ មានចំនួន ៩បន្ទាត់ និងជ្រុងទី២ មានចំនួន ១៧បន្ទាត់ (ប៉ុន្តែចាប់ពី​បន្ទាត់ទី៨ដល់១៧រលុបអានមិនបាន)។ សិលាចារឹកនេះ ចារឹកឡើងនៅរវាង ស.វ.ទី​៧-៨ នៃគ្រឹស្តសករាជ ហើយសិក្សាដំបូងគេដោយអ្នកស្រាវជ្រាវជនជាតិបារាំង គឺលោក Etienne Aymonier កាលពីឆ្នាំ១៩០០ ដោយលោកបានបញ្ជាក់អំពីខ្លឹមសារសំខាន់នៃសិលាចារឹក គឺការ​ឧទ្ទិសចំពោះអាទិទេពក្នុងព្រះពុទ្ធសាសនា​មហាយាន([8])។ ក្រោយមក លោក Lunet De Lajonquière ក៏បានយោងសេចក្តីប្រែរបស់លោក Etienne Aymonier ក្នុងសៀវភៅរបស់គាត់​នៅពីរឆ្នាំបន្ទាប់ដែរ([9])។ ក្រោយមកទៀត នៅឆ្នាំ១៩៥៤​ ទើបអ្នកប្រាជ្ញដ៏ល្បីឈ្មោះ George Coedès បានសិក្សាលម្អិតឡើងវិញក្នុងឆ្នាំ១៩៥៤([10]) ។ លក្ខណៈ​ពិសេសនៃសិលាចារឹកនេះគឺ ការបង្ហាញព្រះនាម “ព្រះកម្រតេងអញស្រីអវលោកិតេស្វរ” ដំបូងបំផុតនៅ​ក្នុង​សំណេរខ្មែរ​បុរាណ។ ចំពោះខ្លឹមសារផ្ទាំងទី១ របស់គោលចារឹកនេះ រៀបរាប់អំពីមូលនិធិរបស់បោញ​ប្រាជ្ញា​ចន្រ្ទ ថ្វាយចំពោះព្រះកម្រតេងអញមៃត្រេយ និងកម្រតេងអញអវលោកិតេស្វរ ដែលជាព្រះ​ពោធិ​សត្វ​នៅក្នុងព្រះពុទ្ធសាសនាមហាយាន។ ផ្ទាំងទី២ រៀបរាប់អំពីតង្វាយរបស់បោញវិទ្យា​ថ្វាយដល់ព្រះ​កម្រតេង​អញមៃត្រេយនិងព្រះកម្រតេងអញអវលោកិតេស្វរ។

ក្នុងសេចក្តីខាងលើបានបង្ហាញអំពីម្ចាស់ទានចំនួនពីរនាក់ដែលមានងារជា “បោញ” គឺ ​បោញ​ប្រជ្ញា​ចន្រ្ទ និងបោញវិទ្យា..។ “បោញ” គឺជាគោរម្យងារមន្រ្តីជាន់ខ្ពស់របស់ព្រះរាជា ឬជា   ស្តេចត្រាញ់ក្នុងតំបន់​សម័យមុនអង្គរ នៅរវាងស.វ.ទី៧។ ចំណែក លោក Michael Vickery យល់ថា “បោញ” គឺជាគោរម្យងារ​ខ្មែរម្យ៉ាងដែលចិនសរសេរជា “ហ្វាន់” ហើយក៏ជាអ្នកដែលចិន​ហៅថាជា “មេទ័ពធំ” ដែរ។ សិលាចារឹក​ដែលមានគោរម្យងារ “បោញ” បង្ហាញតឹកតាងថា​គោរម្យងារនេះ បានស្នងបន្តទៅទាយាទរបស់គេ​ប្រហែលពីឪពុកមាទៅក្មួយប្រុស (ខ្សែខាងស្រី) ប៉ុន្តែ គោរម្យងារមួយទៀតដែលមានឋានៈប្រហាក់​ប្រហែលគឺ “ម្រតាញ” ជាគោរម្យងារដែល​តែង​តាំងដោយព្រះមហាក្សត្រ។ ចាប់ពីក្រោយដើមស.វ.ទី៨ គ្មានគោរម្យងារ “បោញ” ទៀតទេនៅ​ក្នុងសិលាចារឹក ប៉ុន្តែគោរម្យងារ “ម្រតាញ” គេបន្តប្រើប្រាស់រហូត​ដល់សម័យក្រោយអង្គរ។ ដូច្នេះ ឋានៈ “បោញ” ដែលជាស្តេចត្រាញ់ក្នុងសហគមន៍តូចៗនៅដើមស.វ.ទី​៧នោះ បានបាត់​បង់ពីសង្គមខ្មែរក្នុងពេលព្រះមហាក្សត្របង្រួបបង្រួមប្រទេសនៅដើមស.វ.ទី៨ និងទី៩។ ជួន​កាល “បោញ” គឺជាបុត្រារបស់ព្រះមហាក្សត្រ (យោងតាមសិលាចារឹក K.54 ចារឹកនៅគ.ស.​៦២៩ ដែលរៀបរាប់អំពីបុត្រាស្តេចឦសានវរ្ម័នទី១ មានព្រះនាមថា “សីវទត្ត” មានគោរម្យងារថា “បោញ” ដែរ)​ ហើយជួនកាលទៀតពួកគេគឺជាមន្រ្តីថ្នាក់ខ្ពស់បន្ទាប់ពីព្រះមហាក្សត្រ និង​ទំនងធ្វើសកម្មភាពដោយ​ឯករាជ្យដោយពុំរៀបរាប់ទៅដល់ព្រះមហាក្សត្រណាសោះ។ “បោញ” ទំនងជាស្តេចត្រាញ់ក្នុងស្រុកដែល​បានបន្តតំណែងមត៌កទៅទាយាទរបស់គេ([11])។ ដូច្នេះ បោញ​ទាំងពីរជាម្ចាស់ទានដែលរៀបរាប់នៅក្នុង​ចារឹកខាងលើនេះ គឺទំនងជាមន្រ្តីថ្នាក់ខ្ពស់ ឬក៏ជាស្តេច​ត្រាញ់ប្រចាំតំបន់ណាមួយក៏ថាបាន។ ដ្បិត យើង​ដឹងស្រាប់ហើយថា សង្គមខ្មែរនៅសម័យមុន​អង្គរមិនរួបរួមនោះទេ ពោល គឺអំណាចនៃការគ្រប់គ្រងទឹកដី​មិនស្ថិតនៅក្រោមអំណាចរបស់​ព្រះមហាក្សត្រតែមួយអង្គនោះទេ ដ្បិតពេលនោះមានព្រះមហាក្សត្រច្រើន​ក្នុងពេលតែមួយ ឬ​យើងអាចហៅមួយបែបទៀតថា “ស្តេចត្រាញ់” នេះ  ឯង។ ស្តេចត្រាញ់ខ្លះឯករាជ្យ ខ្លះក៏​ស្ថិត​នៅ​ក្រោមអំណាចព្រះមហាក្សត្រកណ្តាលដែលបញ្ជាក់ឲ្យយើងឃើញថាប្រព័ន្ធគ្រប់គ្រងនៅសម័យ​មុនអង្គរមានលក្ខណៈសាំញ៉ាំណាស់([12])។

សិលាចារឹកនេះ ក៏បានបង្ហាញអំពីព្រះនាមអាទិទេពចំនួនបីអង្គនៅក្នុងព្រះពុទ្ធសាសនា​មហាយាន ពោល គឺ ព្រះកម្រតាងអញសាស្តា ព្រះកម្រតាងអញមៃត្រេយ និងព្រះកម្រតាងអញ​ស្រីអវលោកេតិស្វរ។ “អវលោកិតេស្វរ” ផ្សំឡើងដោយពាក្យបីក្នុងភាសាសំស្រ្កឹតបូកបញ្ចូលគ្នា គឺពាក្យ “អវ”, “លោកិត” និង “ឦស្វរ”។ “អវ” មានន័យថា ឆ្ពោះសំដៅទៅក្រោម([13]) “លោកិត” មានន័យដូចគ្នានឹងពាក្យសំស្រ្កឹតថា “​លោក” ហើយក្នុងវេយ្យាករណ៍សំដៅទៅលើ​សកម្មភាពដឹងដោយវិញ្ញាណជាមុន មានន័យថា មើល ឃើញ ជួប ស្គាល់ ប្រមើលមើល ឬពិនិត្យ​ដោយយកចិត្តទុកដាក់([14]) ។ ចំណែក ពាក្យថា “ឦស្វរ” (គុ.) ប្រែថា​សមត្ថភាពដែលអាច​ចេះប្រសប់ ឆ្លាត, (ន). ម្ចាស់ អ្នកគ្រប់គ្រងព្រះមហាក្សត្រ មនុស្សដែលគេគោរព​បំផុត ទេព​ឧត្តមបំផុត ឬអាទិទេពសំខាន់បំផុត([15])។ “អវលោកិតេស្វរ” មានន័យពេញលេញថា ម្ចាស់​គ្រប់គ្រងផែនដីដែលសម្លឹងមិនដាក់ភ្នែកមើលចុះក្រោមសំដៅដល់សត្វលោក។

ដូចបានជម្រាបខាងលើម្តងរួចមកហើយ បើគិតទៅលើផ្នែកសាសនា សិលាចារឹកនេះពិត​ជាមាន​សារៈសំខាន់ខ្លាំងណាស់ដ្បិតជាសិលាចារឹកសម័យមុនអង្គរដំបូងគេបំផុតដែលមានរំលេចនូវឈ្មោះព្រះ​អាទិទេពក្នុងលទ្ធិព្រះពុទ្ធសាសនាមហាយានគឺ “ស្រីអវលោកិតេស្វរ”។ ជាទូទៅ សិលាចារឹកជាភាសាខ្មែរ​បុរាណ តែងរៀបរាប់ពីការគោរពលើព្រះពុទ្ធសាសនាមហាយានភាគច្រើន​គឺ​ឧទ្ទិសសម្រាប់ព្រះពោធិសត្វ​មួយអង្គព្រះនាមថា “លោកេស្វរ” ពិសេសសិលាចារឹកនៅក្នុងរជ្ជ​កាលរបស់ព្រះបាទជ័យវរ្ម័នទី៧ និងកម្រ​បំផុតដេលបានចារឹកព្រះនាម “អវលោកិតេស្វរ”។ ពោល គឺមានតែសិលាចារឹកប្រាសាទអំពិលរំលំតែមួយ​គត់ដែលបានចារឹកព្រះនាមព្រះពោធិសត្វ​បែបនេះ។ សម័យក្រោយមក ការដែលហៅឈ្មោះពេញថា “អវ​លោកិតេស្វរ” បែបនេះលែង​ឃើញមានទៀតហើយ ដោយគេប្រើនាមថា “លោកេស្វរ” ជំនួសវិញ។ ប៉ុន្តែ​នៅក្នុងសម័យអង្គរ​យូរៗម្តងបានលេចចេញជាពាក្យហៅកាត់ថា “អវលោកិតេស” ឬ “អវលោកិត” ដោយ​មិនមាន​ហៅព្រះនាមពេញលេញឡើយ។ សិលាចារឹកដំបូងហៅព្រះនាមទេពអង្គនេះថា “លោកេស្វរ” គឺ​សិលាចារឹកប្រាសាទតាគាម ចារឹកនៅគ.ស.៧៩១([16])។ ព្រះនាមនេះក្លាយជាព្រះនាមដ៏ពេញ​និយមហៅ​នៅក្នុងសម័យអង្គរដោយមានអត្ថន័យដូចជាព្រះនាមព្រះឥសូរដែរ។ អវលោកេតិស្វរ គឺជាព្រះពោធិសត្វ​ជួយស្រោចស្រង់មនុស្សពីទុក្ខវេទនាទាំងពួង និងនាំពួកគេទៅរកទីតាំងថ្មីក្នុង​ស្ថាន      សុខាវតីនៃព្រះពុទ្ធ​អមិតភៈ។ ព្រះពុទ្ធសាសនានិកាយមហាយានបានវិវឌ្ឍទ្រឹស្តីមួយនៃការ​បង្កើតលោកពឹងផ្អែកលើគោល​ជំនឿមួយ ដោយស្វែងទីស្ថានបរមសុខនៃទេវតា ព្រះពុទ្ធ ព្រះពោធិ​សត្វ និងមនុស្ស ហៅថា “ស្ថានសុខា​វតី” ជាស្ថានសួគ៌នៅទិសខាងលិច។ បុគ្គដែលអាចនាំសត្វលោកទៅដល់ទីស្ថានដ៏សុខក្រៃលែងនេះជាប់​ទាក់ទងជាមួយព្រះពុទ្ធអមិតាភៈ គឺព្រះពោធិសត្វ​អវលោកិតេស្វរ។ ព្រះអង្គជំនួសឲ្យព្រះពុទ្ធសោមណ​គោត្តម មានកម្លាំងយ៉ាងខ្លាំងក្លា និងជាព្រះពោធិសត្វប្រកបដោយក្តីករុណា([17])។ ព្រះពោធិសត្វអវលោ​កេត្វស្វរ មានយោគិនី នៅហែរ​ហមជុំវិញព្រះអង្គជាច្រើនដូចា ព្រះពោធិសត្វបាណ្ឌរវាសិណ ព្រះពោធិសត្វ​តារា ព្រះពោធិសត្វ​ភ្រុកុតិ ព្រះពោធិសត្វប្រាជ្ញាបារមី ព្រះពោធិសត្វលោចនា និងព្រះព្រះពោធីសត្វឧស្ណីរាជ ([18])។ ព្រះពោធិសត្វបានធ្វើការសច្ចាប្រណិធានដ៏អស្ចារ្យ និងជាអ្នកអាចស្តាប់នូវសំឡេងរបស់សត្វ​ទាំងឡាយជួបនៅការលំបាក។ ដោយសារតែសំឡេងនេះហើយទើបព្រះពោធិសត្វលោកេស្វរ បានពន្យាការត្រាស់ជាព្រះពុទ្ធរហូតដល់ពេលព្រះអង្គបានជួយចម្លងសត្វលោក​ទាំងអស់ទៅដល់​និព្វានជាមុន។

ចំណែក សិលាចារឹក K.162 (រូបលេខ៨–៩) វិញ ចារឹកនៅលើមេទ្វារទាំងសងខាងនៃតួប៉មកណ្តាល​ប្រាសាទ​អំពិលរលំ។ សិលាចារឹកនេះ ធ្លាប់មានរៀបរាប់នៅក្នុងសៀវភៅរបស់លោក Etienne Aymonier កាល​ពីឆ្នាំ​១៩០០ តែមិនបានបរិយាយអ្វីច្រើននោះទេ ពោល គឺលោកគ្រាន់តែបញ្ជាក់ថាមានសិលាចារឹកនៅលើមេទ្វារតែប៉ុណ្ណោះ([19])។ បន្ទាប់មកទៀត លោក Lunet De Lajonquière ក៏បានយោងសេចក្តីប្រែរបស់លោក Etienne Aymonier ក្នុងសៀវភៅរបស់​គាត់នៅពីរឆ្នាំបន្ទាត់ដូចគ្នា([20])។ ក្រោយមកទៀត នៅឆ្នាំ១៩៥៤​ ទើបអ្នកប្រាជ្ញដ៏ល្បីឈ្មោះ George Coedès បានសិក្សាលម្អិតឡើងវិញក្នុងឆ្នាំ១៩៥៤([21])។

សិលាចារឹកនេះ មានពីរផ្នែក គឺខាងជើងចារឹកជាភាសាសំស្រ្កឹតមានចំនួន ២២បន្ទាត់ ស្មើនឹង ១១​ស្លោក និងផ្នែកខាងត្បូងវិញចារឹកជាភាសាសំស្រ្កឹតចំនួន ២៨បន្ទាត់ (ស្មើនឹង ៩ស្លោក និង៥បន្ទាត់ជា​ពាក្យរាយ) ហើយចារជាភាសាខ្មែរចំនួន ២ បន្ទាត់។ សិលាចារឹកនេះ ចារឹកឡើង​នៅក្នុងរជ្ជកាលព្រះបាទ​ជ័យវរ្ម័នទី៤ (គ.ស.៩២៨–៩៤១) ប៉ុន្តែបានរំឭករឿងរ៉ាវអំពីមន្រ្តីនិង​រជ្ជកាលស្តេចអង្គមុនៗ ដូចជា ន្រវីរ ដែលជាមន្រ្តីក្នុងរជ្ជកាលព្រះបាទស្រីយសោវរ្ម័ន ព្រះបាទ​ហស៌វរ្ម័ន និងជាអ្នកបានកសាងសម្មិទ្ធិផលបុណ្យ​នានាក្នុងទេវស្ថានប្រាសាទនេះ។

មេទ្វារខាងជើង មានចំនួន ២២បន្ទាត់ ស្មើនឹង១១ស្លោក ចាររៀបរាប់អំពីព្រឹត្តិការណ៍​ដើមស.វ.ទី៩ ស្តីពី “ពិធីទេវរាជរបស់ព្រះបាទជយវម៌្មនទី២ នៅលើភ្នំមហេន្រ្ទគិរី ដោយមាន​បញ្ជាក់ដល់ព្រាហ្មណ៍ “ហិរណ្យទាម” ត្រូវជារាជព្រាហ្មណ៍ដែលព្រះបាទបរមេស្វរ (ជយវរ្ម័នទី២) អញ្ជើញមកពីជនបទ ហើយ​គាត់ជាអ្នកប្រាជ្ញខាងសិទ្ធវិទ្យា មករៀបចំពិធីកម្រតេងជគត្ត​រាជ្យ និងបង្រៀនព្រាហ្មណ៍សិវកៃវល្យជាព្រះ​រាជគ្រូរបស់ព្រះបាទបរមេស្វរ។

 

ជារួមមក បន្ទាប់ពីបានសិក្សាលម្អិតអំពីប្រាសាទបីរួចមក យើងសង្ខេបបានថា ប្រាសាទ​នេះទំនងកសាងឡើងនៅចុងរចនាបថព្រៃក្មេង  ដើមរចនាបថកំពង់ព្រះ ក្នុងស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទ​ភវវរ្ម័នទី២ (គ.ស.៦៣៧-៦៥៧)  ឬ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (គ.ស.៦៥៧-៦៨១) ហើយក្រោយ​មកនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (គ.ស.៩២៨-៩៤១) គេបានកែលម្អបន្ថែម

ជាសំណង់ព្រហ្មញ្ញ​សាសនាជំនួសវិញ។

([1])  Lajonquière, 1902: 260.

([2])  Parmentier, 1927: 28, Chen Chanrathana, 2005-2006: 132.

([3])  Lajonquière, 1902: 261.

([4])  Bénisti, 1971: 120-121.

([5])  Bénisti, 1971: 123; Parmentier, 1927: 154.

([6]) Parmentier, 1927: 155.

([7]) Parmentier, 1927: 154.

([8])  Aymonier, 1900: 442.

([9])  Lajonquière, 1902: 261.

([10])  Coedès, 1954: 101.

([11]) Vickery, 2001-2002: 30-32.

([12]) Vickery, 2001-2002: 32.

([13]) Stchoupak, Nitti, Renou, 1972:84.

([14]) Stchoupak, Nitti, Renou, 1972:617.

([15]) Stchoupak, Nitti, Renou, 1972:133.

([16])  Coedès, 1951: 83.

([17])  Embree, 1988:156.

([18])  Dowling, 1996: 329.

([19])  Aymonier, 1900: 442.

([20])  Lajonquière, 1902: 261.

([21])  Coedès, 1954: 100.

 

ឯកសារយោង

Aymonier, Etienne

1900, “Le Cambodge”, Tome I, Le royume actuel, Paris.

Bénisti, Mireille

1971, “Recherches sur le premier art khmer, III. Aux confins des styles de Prei Kmeng et de Kampong Preah ”​, Arts Asiatiques, Tome 23, Paris

Chen Chanratana

2006, Etudes des palais volants dans l’art Khmer préangkorien, Diplôme de Master de

recherché Histoire et Archéologie de l’Asie de Sud-est Année, Universite Pariss III-Sorbonne nouvelle UFR orient et Monde Arabe, Paris

Coedès, George

1943, “Quelque précisions sur la fin du Fou-Nan”​ BEFEO, Tome 43, Paris.

1951, Inscription du Cambodge, Vol III, Hanoi.

1954, Inscription du Cambodge, Vol VI, Hanoi.

Dowling, Nancy H.,

1966, Honolulu Academy of arts tenth century khmer Buddhist Trinity, Artius Asiae, Vol 56, No.3/4, and P: 325-341.

Embree, T., & Stephen Hay

1988, Sources of Indian Tradition, Vol 1: From the beginning to 1800 (Introduction to Oriental Civillization)

Lunet De Lajonquière

1902, Inventaire descriptive des monuments du Cambodge, Tome I, Paris.

Parmentier, Henri

1927, “L’Art Khmér Primitif”, Tome I, Paris.

Stchoupak, N., Nitti, L., Renou, L.,

         1972, Dictionnaire Sanskrit-Français, Paris.

Vickery, Michael

2000 – 2001, Summary of lectures given at the Faculty of Archaeology, Royal University of Fine Arts, Phnom Penh.

 

 

 




Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
បុរាណដ្ឋានភ្នំបារៀង
បុរាណវិទ្យា

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province