ដោយ៖ ម៉ង់ វ៉ាលី
ក្រុមប្រាសាទភ្នំបារៀង គឺជាបុរាណដ្ឋានដ៏មានសារៈសំខាន់មួយកន្លែងដែលមានទីតាំងស្ថិតនៅឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលព័ទ្ធជុំវិញដោយភូមិចំនួនបួន គឺភូមិកគោ ភូមិកំពង់ជ្វា ភូមិបាក់ស្រី និងភូមិចារ ហើយស្ថិតនៅខាងត្បូងស្ទឹងសែនចម្ងាយប្រមាណ១គ.ម. និងខាងកើតតំបន់ប្រាសាទសំបូរព្រៃគុកប្រមាណ ២០គ.ម.។
ឈ្មោះថា “បារៀង” នេះ អ្នកស្រុកបច្ចុប្បន្នយល់ថាកើតចេញមកពីសាច់រឿងព្រេងចំនួនពីរ ដែលរឿងទីមួយដំណាលថា៖ “កាលពីព្រេងនាយ មានក្របីព្រៃជាច្រើនបានផ្តុំគ្នារកស៊ីក្បែរជើងភ្នំ ហើយមានក្របីបាធំមួយជាអ្នកគ្រប់គ្រងហ្វូងក្របីទាំងនោះ។ ក្របីបានេះមានចិត្តឃោរឃៅខ្លាំងណាស់ ពោលគឺវាមិនអនុញ្ញាតឱ្យកូនក្របីឈ្មោលណាមួយរស់នៅក្នុងហ្វូងនោះឡើយ ហើយបើមានក្របីបានេះនឹងសម្លាប់ចោលទាំងអស់។ រឿងនេះបណ្តាលឲ្យមេក្របីមួយក្បាលបានដឹង និងរកមធ្យោបាយឱ្យកូនរបស់ខ្លួនបានរស់ពេលខ្លួនកំពុងពពោះ ដោយបានភៀសខ្លួនរត់ទៅនៅព្រៃបឹងក្បែរនោះ។ ថ្ងៃក្រោយមកកូនក្របីនោះធំពេញរូបរាងកម្លាំងខ្លាំងក្លា មេវាបានប្រាប់ថា កូនឯងខំស៊ីស្មៅឱ្យបានច្រើន ផឹកទឹកឱ្យបានច្រើន ខំហាត់ជល់ឱ្យបានខ្លាំង ធ្វើយ៉ាងណាត្រូវជល់ដើមក្រសាំងឱ្យជ្រុះផ្លែមក ហើយត្រូវវាត់ផ្លែក្រសាំងដែលធ្លាក់មកទាំងប៉ុន្មានកុំឱ្យធ្លាក់ដល់ដីទាន់។ កូនក្របីនោះខំហ្វឹកហាត់រហូតបានសម្រេចតាមបញ្ជារបស់មេរបស់វា។ មេក្របីបាននាំកូនក្របីទៅជួបក្របីបា។ ពេលនោះក្របីបា និងកូនបានជល់គ្នាខ្ទេចដីខ្ទេចស្មៅ បាក់ព្រៃស្ទើរអស់ ទីបំផុតដោយកូនមានទឹក ស្មៅក្នុងពោះច្រើន មានកម្លាំងច្រើន បានវាត់ក្របីបាធំនោះដួលស្លាប់បាត់ទៅ។ តាំងពីពេលនោះមក ក្របីបាលែងឃើញមកការពារហ្វូងដូចមុនហើយ។ ក្រោយមក អ្នកស្រុកសន្មតថា ក្របីបាធំរាងចាលចាញ់បាថ្មី ព្រោះមិនឃើញមកកន្លែងនោះទៀត គេក៏សន្មតឈ្មោះភ្នំនេះថា “ភ្នំបារាង” រហូតមក”។
ចំណែក រឿងព្រេងមួយទៀតដំណាលថា “កាលដើមឡើយមានមេមុតម្នាក់ (អ្នកចូលរូប) តែងប្រាប់កូនចាបកូនព្រាបដែលរស់នៅខេត្តកំពង់ធំថា៖ ខេត្តកំព់ងធំមានមេទ័ពម្នាក់ឈ្មោះ“បានរាង” (អ្នកមានរូបរាងល្អធំសង្ហា)។ គាត់ជាមេទ័ពហ្វឹកហាត់ទ័ពដើម្បីទប់ទល់ និងកំចាត់ទ័ពសៀមដែលឈ្លានពានប្រទេសយើង។ គាត់ប្រមូលទ័ពហ្វឹកហាត់ក្បួនសឹកក្បាច់គុន និងមន្តអាគមនៅលើភ្នំនោះ។ នៅទីបំផុត គាត់បានទប់ទល់កម្ចាត់ទ័ពសៀមបានដោយជោគជ័យ អ្នកស្រុកគ្រប់គ្នាដែលស្រឡាញ់រាប់អានគាត់ ក៏បានសន្មតឈ្មោះគាត់ថា “មេទ័ពបានរាង”។ ក្រោយមកអ្នកស្រុកក៏ហៅភ្នំនោះថា បានរាង និងក្រោយមកក្លាយជាភ្នំ បារាង” [1]។
រឿងព្រេងទាំងពីរនេះ ស្តាប់ទៅមិនសមទំនងនឹងការហៅភ្នំនេះថា “បារៀង” ឡើយ។ ដ្បិត ពាក្យថា “បារៀង” គឺផ្សំមកពីពាក្យចំនួនពីរ គឺពាក្យ “បា” និងពាក្យ “រៀង”។ ពាក្យ “បា” ជាពាក្យមួយដែលខ្មែរហៅវិវឌ្ឍពីពាក្យដើមថា “ព្រះ” ដ្បិតក្នុងប្រព័ន្ធភាសារបស់ខ្មែរ ទំនាញពាក្យទៅបែបនេះ ជារឿងធម្មតាទៅហើយ [ព្រះ > ព្រា > ពា > បា ឬ ប]។ ឧទាហរណ៍៖ “ព្រះពុទ្ធ” ដែលភាសានិយាយរបស់ខ្មែរបែបខ្លីៗឮតែ “ប៉ ប៉ុត”។ ចំណែក ពាក្យថា “រៀង” មានន័យជាកិរិយសព្ទថា “ដាក់តាមលំដាប់ ធ្វើឱ្យត្រូវលំដាប់ ឱ្យត្រូវរបៀប ឱ្យត្រូវជួរ ឱ្យជាជួរ” (ឧទាហរណ៍៖ រៀងលេខ ដាក់រៀងគ្នា ឈររៀងគ្នា ដើមឈើដុះរៀងគ្នា)[2]។ ម្ល៉ោះហើយ ការដែលគេហៅភ្នំនេះថា “បារៀង” គឺទំនងក្លាយមកពីពាក្យដើមថា “ព្រះរៀង” ដែលអាចសំដៅលើតួប៉មប្រាសាទដែលសង់ជាថ្នាក់ៗរៀងគ្នាចាប់ពីចង្កេះភ្នំរហូតដល់កំពូលភ្នំ ព្រោះនៅក្នុងតួប៉មនីមួយៗកាលពីដើមមកសុទ្ធសឹងមានតម្កល់ព្រះអាទិទេព ឬម្យ៉ាងទៀតអាចពីមុនមកគេហៅសំដៅដល់រូបថ្មគោលដែលមានទេពសងខាងតម្កល់នៅក្នុងខ្ទមយាយទេពដែលមានទេពរៀងគ្នា (ជិតគ្នា)។ ឈ្មោះ “បារៀង” ទំនងជាឈ្មោះចាស់យូរមកហើយ យ៉ាងហោចណាស់ក៏កើតឡើងនៅពេលដែលប្រាសាទនៅឈរមានរូបរាងដែរ។
ក្រុមប្រាសាទភ្នំបារៀង ធ្លាប់មានអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិមកសិក្សាខ្លះៗមកហើយ។ ដំបូងគេ គឺលោក Etienne Aymonier កាលពីឆ្នាំ១៩០០ តែលោកមិនបានសិក្សាអ្វីច្រើននោះឡើយ គ្រាន់តែរៀបរាប់ត្រួសៗនៅក្នុងសៀវភៅរបស់លោកក្នុងទំព័រ ៣៧៤[3]។ ក្នុងឆ្នាំ១៩០២ លោក Lunet De Lajonquière បានសិក្សាបន្ថែម ហើយបានគូរប្លង់ទីតាំងប្រាសាទនៅលើភ្នំ ប៉ុន្តែ ប្លង់របស់លោកគូរមិនបានសព្វគ្រប់នោះឡើយ ពោល គឺមានតែទីតាំងប្រាសាទមួយកន្លែង និងកាំជណ្តើរបុរាណប៉ុណ្ណោះ[4]។ ក្នុងឆ្នាំ១៩៣៥ លោក Henri Parmentier បានមកសិក្សាបន្ថែមទៀត ហើយជាលទ្ធផលបានច្រើនជាងអ្នកមុនៗ ដ្បិតលោកបានរៀបរាប់អំពីបរិបទទូទៅរបស់ភ្នំ (កម្ពស់ ៧០ម៉ែត្រ) និងរៀបរាប់អំពីវត្ថុសិល្បៈជាច្រើនដែលមាននៅទីនោះដូចជា រូបព្រះគណេស រូបគោនន្ទិ រូបទេពស្រី ប៉ុន្តែរូបចម្លាក់ទាំងនេះសព្វថ្ងៃបានបាត់ពីទីតាំងដើមអស់ទៅហើយ[5]។ នៅថ្មីៗនេះ លោក មីសែល ត្រាណេ អ្នកស្រាវជ្រាវជនជាតិខ្មែរ ក៏បានមកសិក្សានៅទីនេះដែរ។ លោកបានរៀបរាប់ត្រួសៗ និងយោងតាមការបរិយាយរបស់អ្នកស្រាវជ្រាវបារាំង ហើយលោកបានចុះបញ្ជីសិលាចារឹកនៅទីនោះចំនួនមួយផ្ទាំង Ka.101([6])។ មកដល់ឆ្នាំ២០០៨ ក្រសួងវប្បធម៌ និងសាលាបារាំងចុងបូព៌ាបានមកចុះបញ្ជី និងរៀបរាប់អំពីតាំងប្រាសាទចំនួន ៥ កន្លែង ដែលជាទិន្នន័យលើសការសិក្សាមុនៗ។
ក្រុមប្រាសាទភ្នំបារៀង គេសាងប្រាសាទជាថ្នាក់ៗរៀងគ្នាពីចង្កេះភ្នំនៅផ្នែកខាងកើតរហូតដល់កំពូលភ្នំ និងបន្តទៅជម្រេភ្នំខាងលិចមួយកន្លែងទៀត ដែលសរុបទាំងអស់មានចំនួន ៥ ទីតាំង ហើយបើគិតជាតួប៉មសរុប ក្រុមប្រាសាទនេះអាចមានតួប៉មសរុប ១១ (សូមមើលប្លង់ខាងក្រោមដែលយើងតាងពីអក្សរ “ក” ដល់ “ង”)។
នៅទីតាំងទីមួយ (ក) ដែលស្ថិតនៅខាងកើតបង្អស់ មានតួប៉មប្រាសាទឥដ្ឋចំនួនមួយ តែសព្វថ្ងៃប្រាសាទនេះបានបាក់បែកនៅសល់តែឥដ្ឋរាយប៉ាយប៉ុណ្ណោះ។ ចំណែក ទីតាំងទីពីរ (ខ) ស្ថិតនៅខាងលិចទីតាំងទីមួយ ដែលខ្ពស់ជាងប្រមាណ ៣ម៉ែត្រ ហើយមានតួប៉មប្រាសាទចំនួនមួយ (រាងបួនជ្រុងស្មើ) និងបាក់បែកដូចគ្នា។ ប៉ុន្តែ សព្វថ្ងៃទីតាំងទីពីរនេះ គេសាងសង់ខ្ទមអ្នកតាមួយនៅពីលើ ដែលអ្នកស្រុកហៅថា “យាយទេព” ហើយខាងក្នុងខ្ទមគេតម្កល់ថ្មគោល ចំនួន ៤ ដើម ដែលទំនងមានអាយុកាលចាប់ពីស.វ.ទី១៣-១៦។ ថ្មគោលទាំងនេះ គឺជាប្រភេទថ្មគោលមានឆ្លាក់រូបព្រះពុទ្ធប្រក់នាគមួយចំហៀង និងរូបទេពក្នុងព្រហ្មញ្ញសាសនាមួយចំហៀង (រូបលេខ១-២)។ កាលពីរវាង២០ឆ្នាំមុន ទីតាំងទីពីរនេះ គេធ្លាប់ប្រទះឃើញចម្លាក់ផ្តែរមានឆ្លាក់សត្វមករនៅខាងចុងដែលជាសិល្បៈរចនាបថសំបូរព្រៃគុក ប៉ុន្តែសព្វថ្ងៃផ្តែរនេះបានបាត់បង់ទៅហើយ។ តាមរយៈសំណល់ឥដ្ឋដែលនៅរាយប៉ាយ ជើងទម្រ និងភស្តុតាងដែលមានផ្តែរឆ្លាក់រូបសត្វមករនៅខាងចុង អាចឱ្យយើងសន្និដ្ឋានបានថា ទីតាំងទីពីរ (ខ) គឺជាប្រាសាទសម័យមុនអង្គរ ក្នុងស.វ.ទី៧។
ដោយឡែក នៅទីតាំងទីបី (គ) វិញ គឺជាទីតាំងសំខាន់មួយនៅក្នុងចំណោមទីតាំងទាំង ៥ កន្លែងនៅលើភ្នំបារៀង។ ទីតាំងនេះមានតួប៉មប្រាសាទសរុបចំនួន ៣ ដែលគេសាងឡើងអំពីឥដ្ឋ ជាប្លង់រត់ជួរគ្នាពីជើងទៅត្បូង ហើយសព្វថ្ងៃមានតែតួប៉មកណ្តាលទេដែលនៅសល់រូបរាងច្រើនជាងគេ ពោល គឺនៅសល់ជញ្ជាំងមួយចំហៀង ហ៊ុមព័ទ្ធដោយដើមឈើធំមួយ (រូបលេខ៣)។ ចំណែកតួប៉មផ្នែកខាងត្បូងនៅសល់ត្រឹមគ្រឹះក្រោម (រូបលេខ៤) ហើយតួប៉មផ្នែកខាងជើងបានបាក់បែកទាំងស្រុង។ សព្វថ្ងៃនៅខាងមុខតួប៉មកណ្តាល គេបានកសាងសាឡុំថ្មីមួយធ្វើពីបេតុង។ នៅក្នុងសៀវភៅរបស់លោក Lunet De Lajonquière រៀបរាប់ថា៖ “ទីតាំងនេះមានលក្ខណៈចង្អៀតខ្លាំង ដែលធ្វើឱ្យតួប៉មបីខាងក្រោយរត់មិនត្រង់ជួរគ្នា ពីជើងទៅត្បូងនោះទេ ហើយក្នុងនោះ តួប៉មពីរនៅខងក្រោយរត់ត្រង់ជួរគ្នាពីជើងទៅត្បូង និងតួប៉មកណ្តាលលយទៅមុខឆ្ពោះទៅទិសខាងកើតខ្លាំង[1]។ ការដែលលោកបញ្ជាក់ថា “តួប៉មបីខាងក្រោយរត់មិនត្រង់ជួរគ្នា” នេះ ទំនងជាលោកគិតថា ទីតាំងនេះមានប្រាសាទចំនួន ៥ ប៉ុន្តែបើពិនិត្យមើលជាក់ស្តែងទីតាំងនេះមានតួប៉មតែ ៣ ទេ។ តួប៉មកណ្តាល សាងអំពីឥដ្ឋ រាងបួនជ្រុងទ្រវែង និងមានតួនាទីសំខាន់ជាងគេ ដែលសព្វថ្ងៃអ្នកស្រុកហៅតួប៉មនេះថា “ប្រាសាទដើមច័ន្ទ”។ នៅតួប៉មកណ្តាល យើងឃើញនៅសល់តែផ្ទាំងថ្មមេទ្វារដែលមានបណ្តោយប្រវែង ១៨៣ស.ម. ទទឹង ៨០ស.ម. និងកម្រាស់ ១៤ស.ម.។ រីឯនៅខាងមុខមាននៅសល់ផ្តែរទ្វារមួយ លម្អដោយក្បាច់ស្លឹកឈើកញ្ចុំៗជារាងត្បូងចំនួន ៥ តម្រៀបគ្នានៅក្បាច់បន្ទាត់ធ្នូដែលមានរាងកោងតិចៗ (រូបលេខ៥)។ ផ្តែរទ្វារនេះមានប្រវែងបណ្តោយ ១៦០ស.ម. ទទឹង ៣០ស.ម. និងកម្រាស់ ២០ស.ម. ដែលមានលក្ខណៈជាសិល្បៈចុងរចនាបថសំបូរព្រៃគុក ដើមរចនាបថព្រៃក្មេង ក្នុងស.វ.ទី៧ ហើយបើយើងយកទៅប្រៀបធៀបជាមួយផ្តែរទ្វារនៅតំបន់ប្រាសាទសំបូរព្រៃគុកវិញ ពុំមានផ្តែរទ្វារណាមានលក្ខណៈបែបនេះឡើយ។ ក្រៅអំពីនេះ នៅទីតាំងទីបីនេះ មាននៅសល់ទ្រនាប់ជណ្តើរប្រាសាទចំនួន ៣ផ្ទាំង និងបំណែកជើងទម្រចំនួន ៦ផ្ទាំង ដែលសុទ្ធសឹងជាសិល្បៈរចនាបថជាមួយគ្នា។ ទីតាំងប្រាសាទនៅក្រុមទីបីនេះ ជាប្រាសាទឥដ្ឋសាងឡើងនៅចុងរចនាបថសំបូរព្រៃគុក ដើមរចនាបថព្រៃក្មេង ស.វ.ទី៧ ទំនងក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ ឬ ព្រះបាទភវវរ្ម័នទី២។
ចំពោះទីតាំងទីបួន (ឃ) វិញ ស្ថិតនៅត្រង់ចំណុចកំពូលភ្នំ ដែលស្ថិតនៅខាងលិចទីតាំងទីបី ប្រមាណ ៧០ម៉ែត្រ។ នៅក្រុមនេះ ប្រាសាទទាំងអស់សាងឡើងអំពីឥដ្ឋ មានខឿនក្រាលដោយថ្មភក់ប្រវែងពីលិចទៅកើត៣០ម៉ែត្រ និងពីជើងទៅត្បូង៥៥ម៉ែត្រ ដែលអាចមានតួប៉មប្រាសាទចំនួន ៣ សង់តម្រៀបគ្នារត់អ័ក្សពីជើងទៅត្បូង។ ប៉ុន្តែ ប្រាសាទទាំងអស់បានបាក់រលំអស់ទៅហើយ និងសព្វថ្ងៃអ្នកស្រុកចាក់បេតុងរៀបជាកន្លែងព្រះពុទ្ធរូបធំមួយអង្គ (រូបលេខ៦)។ ឥដ្ឋដែលនៅសល់ច្រើនមានប្រវែងជាមធ្យម បណ្តោយ ២៨-៣០ស.ម. ទទឹង ១៥-១៦ស.ម. និងកម្រាស់ ៦-៨ ស.ម. ដែលមានលក្ខណៈប្រហាក់ប្រហែលឥដ្ឋស.វ.ទី៧ នៅតំបន់ប្រាសាទសំបូរព្រៃគុក[2]។ នៅក្រុមនេះ យើងឃើញមាននៅសល់បំណែកជើងទម្រចំនួន ៣ ដុំ, ស៊ុមទ្វារ, ទ្រនាប់ជណ្តើរ ចំនួន ៣ ផ្ទាំង ដែលជាប្រភេទទ្រនាប់ជណ្តើរសម័យមុនអង្គរ (រចនាបថសំបូរព្រៃគុក ឬព្រៃក្មេង)[3] និងមាននៅសល់សិលាចារឹកមួយផ្ទាំងដែលទំនងចារឹកនៅស.វ.ទី១០ មានចំនួន ៤៤បន្ទាត់ ស្មើនឹង ២២គាថា។ ជាអកុសល ផ្នែកម្ខាងនៃសិលាចារឹកនេះរលុបអស់មើលលែងយល់។ ចារឹកនេះ ចារជាភាសាសំស្រ្កឹត ហើយពុំធ្លាប់មានអ្នកស្រាវជ្រាវណាបានបកប្រែនិងចុះផ្សាយនៅឡើយទេ (រូបលេខ៧)។ យើងមិនដឹងអត្ថន័យនៃសិលាចារឹកនេះមានខ្លឹមសារនិងអត្ថន័យយ៉ាងណាឲ្យប្រាកដនោះឡើយ។ តាមការរៀបរាប់ខាងលើនេះបង្ហាញថា ទីតាំងទីបួនដែលស្ថិតនៅចំកំពូលភ្នំនេះ ទំនងមានប្រាសាទធ្វើអំពីឥដ្ឋចំនួន ៣ ដែលសាងនៅស.វ.ទី៧ តែអាចមានជួសជុលនិងសាងបន្ថែមខ្លះក្នុងស.វ.ទី១០ រវាងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ដល់ព្រះបាទជ័យវរ្ម័នទី៥។ ចំពោះ ទីតាំងប្រាសាទទីប្រាំ (ង) វិញ ស្ថិតនៅខាងលិចទីតាំងប្រាសាទទីបួន ហើយជាតួប៉មប្រាសាទដែលសាងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ តែសព្វថ្ងៃបានបាក់បែកអស់នៅសល់តែបំណែកឥដ្ឋរាយប៉ាយតែប៉ុណ្ណោះ។
ក្រៅពីក្រុមប្រាសាទទាំងប្រាំដែលបានរៀបរាប់ខាងលើ នៅទីនេះធ្លាប់មានវត្ថុសិល្បៈមួយចំនួនដូចជា លិង្គឥសូរមួយ បំណែករូបចម្លាក់គោនន្ទិ បដិមាព្រះគណេស រូបដងខ្លួនទេពប្រុស រូបបដិមាភេទស្រីមានព្រះហស្ថប្រាំមួយ តែបាក់កែងដៃមួយនិងផ្នួងសក់ចងទៅលើ[4]។ ប៉ុន្តែ វត្ថុទាំងនេះពុំមាននៅសល់ទៀតទេ។ នៅលើភ្នំបារៀង ក៏មានសេសសល់រចនាសម្ព័ន្ធជណ្តើរបុរាណឡើងភ្នំផងដែរ តែសព្វថ្ងៃគេបានប្រើប្រាស់បេតុងបិតពីលើជណ្តើរចាស់។ នៅច្រកចូលខាងជើង មានស្រះទឹកធំពីរ។ ជាងនេះទៅទៀត នៅទីតាំងប្រាសាទទីបី (គ) យើងឃើញមានក្រឡភាជន៍ជាច្រើនដែលគេដាក់ឆ្អឹងនៅខាងក្នុងកប់តាមជម្រាលភ្នំ ដែលសុទ្ធសឹងជាភាជន៍នាំចូលពីប្រទេសចិន និងជប៉ុននៅស.វ.ទី១៦-១៨។ នៅលើក្រឡភាជន៍មានចារឹកអក្សរចិនបុរាណ និងជប៉ុន ដែលមានន័យថា “អាយុ – សូមសំណងល្អ” (រូបលេខ៨) ការកប់ឆ្អឹងបែបនេះ ដោយហេតុថា គេជឿថា ភ្នំបារៀង គឺជាទីស្ថានសក្ការបូជាដ៏ស័ក្តិសិទ្ធិតាំងពីសម័យមុនអង្គរ បន្តរហូតដល់សម័យអង្គរ និងសម័យ កណ្តាល។
ជារួមមក ភ្នំបារៀង គឺជាទីតាំងទីសក្ការបូជាផ្នែកព្រហ្មញ្ញសាសនាតាំងពីស.វ.ទី៧ ដែលមានប្រាសាទធ្វើអំពីឥដ្ឋជាតឹកតាងស្រាប់ និងមានសាងបន្ថែមនៅស.វ.ទី១០ ហើយបន្តប្រណិប័តន៍ជំនឿរហូតមកទល់សព្វថ្ងៃ។ លក្ខណៈពិសេសមួយនៃបុរាណដ្ឋានភ្នំបារៀងដែលយើងគួរលើកយកមកពិចារណានោះគឺ ក្រុមប្រាសាទភ្នំបារៀង គឺជាទីតាំងតែមួយគត់នៅកម្ពុជាដែលមានប្រាសាទធ្វើអំពីឥដ្ឋនៅស.វ.ទី៧ សាងជាថ្នាក់ៗរៀងគ្នាតាំងពីចង្កេះភ្នំដល់លើកំពូលភ្នំ ចំនួន ៥ ទីតាំង ដែលសរុបជាតួប៉មមានរហូតដល់ទៅ ១១។ ការសាងសង់ប្រាសាទរបៀបនេះ ជាគំនិតមានលក្ខណៈមូលដ្ឋានប្រហាក់ប្រហែលនឹងការសាងប្រាសាទពីរ៉ាមីតនៅចុងសម័យមុនអង្គរ និងអង្គរដែរ។
ឯកសារយោង
ជន ច័ន្ទណារ័ត្ន
២០១៨, ការវិវត្តទ្រនាប់ជណ្តើរនៅក្នុងសិល្បៈខ្មែរ, ភ្នំពេញ
ម៉ែន វីរៈ
២០១៤, ក្រុមប្រាសាទភ្នំបារៀង, ភ្នំពេញ
សាន រីណា
២០១៣, បច្ចេកទេសតម្រៀបឥដ្ឋនៅសំបូរព្រៃគុក, ភ្នំពេញ
ពុទ្ធសាសនបណ្ឌិត្យ
១៩៦៧, វចនានុក្រមខ្មែរ, ភ្នំពេញ
Aymonier, Etienne
1900, “Le Cambodge”, Tome I, Le royume actuel, Paris.
Lunet De Lajonquière
1902, Inventaire descriptive des monuments du Cambodge, Tome I, Paris
Michael Tranet
1998, Sambor Prei Kuk, Monuments d’Isanavarman (615-628) et ses environs, 3Vol, Phnom Penh
Parmentier, Henri
1935, Complément à l’inventaire descriptive des monuments du Cambodge, BEFEO, 35, Paris
[1] Lajonquière 1902: 220-222.
[2] សាន រីណា ២០១៣។
[3] ជន ច័ន្ទណារ័ត្ន ២០១៨: ១៥-២១។
[4] Lajonquière 1902: 222.
[1] ម៉ែន វីរៈ ២០១៤: ៨។
[2] ពុទ្ធសាសនបណ្ឌិត្យ ១៩៦៧: ១០៦៣។
[3] Aymonier 1900: 374.
[4] Lajonquière 1902: 220-222.
[5] Parmentier 1935: 76-77.
[6] Tranet 1998: 31-38.
English



















