DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ប្រាសាទដើមចន្ទន៍

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
December 2, 2025
in ប្រវត្តិសិល្បៈ
0
ប្រាសាទដើមចន្ទន៍

ដោយ៖ ម៉ង់ វ៉ាលី

 

ប្រាសាទដើមចន្ទន៍ ជាក្រុមប្រាសាទមួយដែលស្ថិតនៅក្នុងក្រុមប្រាសាទសំបូរ ឬក្រុម​ខាងជើង នៃតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីលេខ N15, N16-1, N16-2។ ប្រាសាទនេះ ស្ថិតនៅទិសខាងកើតប្រាសាទគុក​វិហារ (N17) និងស្ថិតនៅទិសឦសានតួប៉មកណ្តាល (N1)។ ឈ្មោះ “ដើមចន្ទន៍” នេះ គឺជាឈ្មោះថ្មីដែលអ្នកស្រុកហៅ ព្រោះប្រាសាទនេះសព្វថ្ងៃនៅក្បែរដើមចន្ទន៍។ ចំណែកឯឈ្មោះដើមរបស់ប្រាសាទវិញ យើងមិនដឹងមានឈ្មោះអ្វីឱ្យប្រាកដឡើយ ព្រោះអត្ថបទ​សិលាចារឹកចំនួនមួយក្នុងចំណោមពីរផ្ទាំងដែលរកឃើញនៅទីនេះ បានរលុបអក្សរត្រង់ព្រះនាម​របស់សិវលិង្គ ឬឈ្មោះរបស់ប្រាសាទ។

 

ប្រាសាទដើមចន្ទន៍ កសាងឡើងអំពីឥដ្ឋ មានតួប៉មបីរត់ជួរគ្នាពីអ័ក្សជើងទៅត្បូង បែរមុខទៅទិសខាងកើត និងមានកំពែងឥដ្ឋហ៊ុមព័ទ្ធជុំវិញ។ តួប៉មកណ្តាល នៅមានរូបរាងល្អប្រសើរច្រើន និងតួប៉មពីរទៀតនៅសងខាង គឺទើបតែមានការធ្វើកំណាយនិងជួសជុលឡើងវិញដោយ​ក្រុមការងារអគ្គនាយកដ្ឋានអាជ្ញាធរជាតិសំបូរព្រៃគុកកាលពីឆ្នាំ២០២០ ហើយចំណែកឯកំពែង​របស់ប្រាសាទដែលស្ថិតនៅទួលក្បែរដើមចន្ទន៍ធ្លាប់មានការកំណាយម្តងកាលពីឆ្នាំ២០១៣ ក្នុង​គម្រោងអភិរក្សប្រាសាទសំបូរព្រៃគុក ដឹកនាំដោយលោក ឈុំ ម៉េងហុង (រូបទី១-៤)។

 

តួប៉មកណ្តាល មានរាងបួនជ្រុងទ្រវែង ដែលខាងក្នុងមាននៅសល់បំណែកជើងទម្រថ្មភក់រាងបួនជ្រុងចំនួនមួយ តាមជញ្ជាំងមានរៀបជាថ្មភក់រាងដូចកំណាត់ឈើសម្រាប់ភ្ជាប់ធ្វើពិតាន និងផ្នែកខាងកើតគេតម្រៀបឥដ្ឋជារាងសាជីជ្រុងដើម្បីសម្រាលទម្ងន់ឥដ្ឋនៅខាងលើ។ តួប៉មនេះ​ មានទ្វារចូលពីទិសខាងកើត និងមានទ្វារបញ្ឆោតនៅទិសបីផ្សេងទៀត។ ទ្វារបញ្ឆោតនីមួយៗ សិល្បករឆ្លាក់ចេញជាសសរ​ពេជ្ររាងមូល ផ្តែរទ្វារ និងក្បាច់ផ្សេងទៀតនៅលើទ្វារបញ្ឆោតដែលសុទ្ធសឹងធ្វើឡើងអំពីឥដ្ឋ ដែលជាលក្ខណៈពិសេសមួយដែលយើងមិនសូវឃើញមានច្រើនឡើយ នៅសម័យមុនអង្គរ ព្រោះភាគច្រើនគេតែងធ្វើផ្តែរទ្វារអំពីថ្មភក់។ ហោជាង និងផ្តែរទ្វារនៅតាមទ្វារ​បញ្ឆោតរបស់តួប៉មនេះ នៅមានរូបរាងល្អណាស់ ដែលក្នុងហោជាងនីមួយៗច្រើនលម្អជាក្បាច់    គូឌុមានព្រះសិរទេពនៅខាងក្នុង (រូបលេខ៥)។ ចំណែក ចម្លាក់វិមានអណ្តែតនៅតាមជញ្ជាំងវិញ មានលក្ខណៈពិសេសៗជាងប្រាសាទផ្សេងៗទៀតច្រើនយ៉ាង។ ជាក់ស្តែង ចម្លាក់វិមានអណ្តែតនៅមុខខាងត្បូងផ្នែកខាងកើត យើងឃើញចម្លាក់នៅផ្នែកកណ្តាលមានរូបទ្វារបាលពីរពាក់មួករាងទ្រវែងស្តួចចុង និងមានរំយោលធ្លាក់មកចំហៀង ដែលលោក ហេង ពិភាល់ យល់ថា គឺជាសិល្បៈដែលចេញពីប្រទេសពែរ្សបុរាណ (អាស៊ីកណ្តាល) ហើយអាចហូរចូលមកខ្មែរតាមរយៈអារ្យធម៌​ឥណ្ឌា([1]) (រូបលេខ៦)។ ចម្លាក់វិមានអណ្តែតមួយទៀតនៅមុខខាងលិចផ្នែកខាងជើងវិញ នៅផ្នែក​កណ្តាលក្នុងសសរផ្អោបមានចម្លាក់មួយអង្គុយដាក់ជង្គង់ឡើងលើដៃកាន់ដំបង ដែលលោក ចិន្ត ច័ន្ទរតនា យល់ថា ជារូបភាពមួយរបស់ឥសី ក្នុងលទ្ធិព្រាហ្មញ្ញសាសនា([2]) (រូបលេខ៧)។ ជាងនេះទៅទៀត នៅផ្នែកខាងលើ តាមជ្រុងនីមួយៗមានលម្អជារូបគ្រុឌ អមដោយរូបសត្វហង្សនៅតម្រៀបគ្នា ក្នុងរូបភាពតំណាងឱ្យអំពីសត្វពិសិដ្ឋទ្រសំណង់ព្រះអាទិទេព (រូបលេខ៨)។ ក្រៅពីចម្លាក់ទាំងអម្បាលម៉ាន នៅតួប៉មកណ្តាលនេះ គេធ្លាប់រកឃើញផ្តែរទ្វារមួយស្ថិតនៅក្នុងសិល្បៈរចនាបថសំបូរព្រៃគុកដែលមានប្រវែងបណ្តោយ ១១៩ស.ម., ទទឹង ២៥,៥ស.ម. កម្ពស់ ៤៦ស.ម ដែលនៅចំកណ្តាលមានឆ្លាក់រូបព្រះឥន្រ្ទ (អាទិទេពនៃភ្លៀង ផ្គរ រន្ទះ ជាស្តេចនៅស្ថានសួគ៌ និងជាលោកបាលនៅទិសខាងកើត) គង់នៅលើសត្វដំរីព្ធវ៌ត និងអមសងខាងដោយទេពមរុត (កងទ័ពខ្យល់របស់ព្រះឥន្រ្ទ) គង់នៅលើសត្វសេះ (រូបលេខ៩)។

 

ចំណែក តួប៉មនៅសងខាងវិញ មានរាងបួនជ្រុងស្មើ និងទំហំតូចជាងតួប៉មកណ្តាល ដែលហាក់ដូចជាមានតួនាទីជាសំណង់រណប។ ប្រការគួរកត់សម្គាល់ ក្នុងពេលធ្វើកំណាយដោយក្រុម​ការងារអគ្គនាយកដ្ឋានអាជ្ញាធរជាតិសំបូរព្រៃគុក កាលពីឆ្នាំ២០២០ គេបានរកឃើញថ្មភក់មួយស្រទាប់ដែលមានរាងមូល នៅខាងក្នុងតួប៉មខាងត្បូង។ ក្នុងន័យនេះ តួប៉មខាងជើងអាចទំនងជា​តួប៉មដែលតម្កល់ព្រះព្រហ្ម ព្រោះជាទូទៅជើងទម្រព្រះព្រហ្មច្រើនតែមានរាងមូល ហើយបើជាសំណង់បីដូច្នេះច្រើនតែនៅទិសខាងត្បូងដូច្នេះដែរ ឧទាហរណ៍ ករណីប្រាសាទភ្នំក្រោម និងភ្នំបូក ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ (គ.ស.៨៨៩-៩១០)។ ជាងនេះទៅទៀត សូម្បីតែនៅប្រាសាទស្រង់ព្រះ (តួប៉ម N22) ជាប្រាសាទតម្កល់ព្រះព្រហ្មដែលស្ថិតនៅទិសអាគ្នេយ៍តួប៉ម​ប្រាសាទសំខាន់ N1 ក៏គេរកឃើញថ្មមួយស្រទាប់ខាងលើមានរាងមូលដូច្នេះដែរ។ ដូច្នេះ ប្រសិន​បើតួប៉មខាងត្បូងនេះពិតជាសំណង់តម្កល់ព្រះព្រហ្មមែន ទំនងជាតួប៉មកណ្តាលអាចតម្កល់សិវលិង្គ (តំណាងព្រះឥសូរ) និងតួប៉មខាងជើងអាចតម្កល់ព្រះវិស្ណុ ពោល គឺជារូបភាពមួយដែលគេ​តែងហៅថា “ត្រីមូត៌ិ” មានន័យថាការបង្ហាញទេពបី (ព្រះព្រហ្ម ព្រះឥសូរ ព្រះវិស្ណុ) ដូចយើងធ្លាប់​ឃើញមាននៅប្រាសាទភ្នំក្រោម និងភ្នំបូក ក្នុងស.វ.ទី៩ ដែរ។

 

ដូចពោលពីខាងលើមកស្រាប់    ប្រាសាទដើមចន្ទន៍គេធ្លាប់រកឃើញសិលាចារឹកចំនួនពីរផ្ទាំង  ដែលចុះបញ្ជីលេខ K.148 (ចារឹកនៅស.វ.ទី១០)   និង K.438 (ចារឹកនៅស.វ.ទី៧)។  សិលាចារឹក K.438 ចារឹកស.វ.ទី៧ ហើយសព្វថ្ងៃរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ចារឹកជាភាសាសំស្រ្កឹតចំនួន ១០បន្ទាត់ និងចារឹកជាភាសាខ្មែរចំនួន ១១បន្ទាត់ ដែលទំនងចារឹកឡើងក្នុង​រជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧)។ ផ្នែកភាសាសំស្រ្កឹតខាងលើមានរលុបតួអក្សរច្រើន នាំឱ្យអ្នកស្រាវជ្រាវពិបាកក្នុងការប្រែអត្ថន័យ រីឯផ្នែកភាសាខ្មែរបុរាណមានភាពល្អប្រសើរច្រើន។ តួអក្សរផ្នែកភាសាសំស្រ្កឹតដែលនៅសល់រៀបរាប់អំពីព្រាហ្មណ៍ម្នាក់មកពីទីក្រុងទក្សិណាបថ    នៃប្រទេសឥណ្ឌា មាននាមថា “ទុគ៌្គស្វាមិ” ហើយព្រាហ្មណ៍នេះបានរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទឦសានវរ្ម័នទី១។ នៅបន្ទាត់ទី៨ រៀបរាប់អំពីការកសាងសិវលិង្គ ប៉ុន្តែមិនដឹងព្រះនាមអ្វីឡើយ ដោយសារអក្សររលុបបាត់ទៅហើយ។ ចំណែកផ្នែកខាងក្រោមដែលចារឹកជាភាសាខ្មែររៀបរាប់អំពីព្រាហ្មណ៍ទុគ៌្គស្វាមិ ដែលស្តេចប្រទានងារជា “ម្រតាញ” (មន្រ្តីជាន់ខ្ពស់ក្នុងរាជការ) បានធ្វើអំណោយដល់អាទិទេពនៅស្រុកមួយ (រលុបអក្សរមិនស្គាល់ថាឈ្មោះស្រុកអ្វី) និងអំណោយរបស់មន្រ្តីម្នាក់ទៀតឈ្មោះ “ម្រតាញចោះកំភោ” ថ្វាយដល់ស្រុកតន្មេញាល​ដងកំពង់ចំបក់ ដែលមានឈ្មោះថា “សាលត្នះ”។ អំណោយម្រតាញទុគ៌្គស្វាមិមានដូចជា គោ ក្របី​ ស្រែ        ចំការ ថ្វាយចំពោះអាទិទេពព្រះនាម “កម្រតេងអញស្រីប្រហសិតេស្វរ” (Kamrateṅ aň Śrĭprahasiteśvara) (អាទិទេពធំជាងគេនៅក្រុមប្រាសាទយាយព័ន្ធឬក្រុមខាងត្បូង)។ ចំណែកបន្ទាត់ចុងក្រោយ គេរៀបរាប់ថា ម្រតាញទុគ៌្គស្វាមិ ជាប្រធានក្រុមចាត់ចែងពិធីសាសនានៅសាលត្នះ នាក្រុងឦសានបុរ([3])។

 

សិលាចារឹកមួយទៀត ចុះបញ្ជីលេខ K.148 ចារឹកនៅលើមេទ្វារខាងកើតផ្នែកខាងត្បូងនៃ តួប៉មកណ្តាលប្រាសាទដើមចន្ទន៍ (រក្សាទុកនៅទីតាំងដើម) ចារឹកជាភាសាសំស្រ្កឹតមានចំនួន ២៨បន្ទាត់ (១៤ គាថា) ចារឹកឡើងនៅក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤-៩៦៧) ស.វ.ទី១០។ សិលាចារឹកនេះរលុបអក្សរជាច្រើនកន្លែង ធ្វើឱ្យអ្នកស្រាវជ្រាវពិបាកក្នុងការប្រែអត្ថន័យដូចសិលាចារឹកខាងលើដែរ។ តួអក្សរដែលនៅសល់អាចឱ្យគេដឹងថា សិលាចារឹកនេះរៀបរាប់អំពីការគោរពព្រះអាទិទេពជាច្រើនមាន ព្រះឥសូរ (សម្ភុ) ព្រះវិស្ណុ (វាសុទេវាយ) ព្រះព្រហ្ម។ បន្ទាប់មកទៀត គេបានរៀបរាប់អំពីមន្រ្តីជាន់ខ្ពស់របស់ព្រះរាជាម្នាក់មាននាមថា “មង្គលាចាយ៌្យ” បានសាងអាស្រមចំនួនមួយឈ្មោះថា “មង្គលអាស្រម” និងរៀបរាប់អំពីអាស្រមមួយទៀតឈ្មោះថា “រុទ្រ​អាស្រម” (អាស្រមព្រះឥសូរ)។ ព្រមទាំងរៀបរាប់អំពីការស្ថាបនារូបព្រះវិស្ណុក្នុងព្រះនាមថា “ឧទ្ធរ” និងករកសាងសិវលិង្គមួយឈ្មោះថា “ស្រីគម្ភីរេស្វរ” (Śrĭgambhĭreśvara) ដែលជាអាទិទេពដ៏សំខាន់នៅក្នុងក្រុមប្រាសាទសំបូរតែម្តង([4])។

 

តាមអត្ថន័យសិលាចារឹក K.148 ដែលចារឹកឡើងនៅស.វ.ទី១០ នេះ នាំឱ្យយើងកាន់តែជឿថា តួប៉មខាងត្បូងទំនងជាតម្កល់ព្រះព្រហ្មមែន ហើយតួប៉មកណ្តាលជាព្រះឥសូរ (សម្ភុ) និងតួប៉មខាងជើងជាព្រះវិស្ណុ (វាសុទេវាយ) ព្រោះសេចក្តីនៃសិលាចារឹកបន្ទាប់ដំបូងៗបានរៀបរាប់អំពី​ការគោរពមកអាទិទេពទាំងបីនេះ (ត្រីមូត៌ិ)។ ជាងនេះទៅទៀត យើងអាចសន្និដ្ឋានបានថា តួប៉ម​ កណ្តាលប្រាសាទដើមចន្ទន៍ ទំនងសាងឡើងនៅក្នុងស.វ.ទី៧ (រជ្ជកាលព្រះបាទឦសានវរ្ម័នទី១) ប៉ុន្តែនៅស.វ.ទី១០ គេបានមកចារសិលាចារឹកនៅលើមេទ្វាររបស់ប្រាសាទក្នុងរជ្ជកាលព្រះបាទ​រាជេន្រ្ទវរ្ម័ន ហើយតួប៉មរណបដែលនៅសងខាងទំនងសាងឡើងនៅស.វ.ទី១០ (រជ្ជកាលព្រះបាទ​រាជេន្រ្ទវរ្ម័ន)។ ករណីនេះ វាដូចគ្នានឹងតួប៉មរណបទាំងបួនដែលនៅជុំវិញតួប៉មកណ្តាល N1 ពោល គឺតួប៉ម N2, N3, N4, N5 ដែលសុទ្ធសឹងជាសំណង់នៅស.វ.ទី១០ ដូចគ្នាដែរ។ ជាទូទៅ សំណង់រណបនៅប្រាសាទដើមចន្ទន៍ និងនៅជុំវិញតួប៉មសំខាន់ N1 មានទំហំតូចៗប្រហាក់ប្រហែលគ្នា ហើយម្យ៉ាងវិញទៀត សូម្បីតែឥដ្ឋដែលគេយកមកប្រើប្រាស់ក៏មានលក្ខណៈតូចជាងនិងខុសពីឥដ្ឋដែលប្រើប្រាស់នៅស.វ.ទី៧ ដែរ។ លើសពីនេះទៀត នៅតួប៉ម N4 គេធ្លាប់រកឃើញផ្តែរទ្វារមួយដែលយកផ្តែរស.វ.ទី៧មកកាត់តម្រឹមឱ្យខ្លីប្រើប្រាស់ម្តងទៀតនៅស.វ.ទី១០ (រូបលេខ១០)។

 

ជារួមមក ប្រាសាទដើមចន្ទន៍ ទំនងជាសំណង់ដែលសាងឡើងដំបូងចំនួនមួយតួប៉ម (តួប៉មកណ្តាល) នៅស.វ.ទី៧ និងសង់បន្ថែមក្រោយចំនួនពីរតួប៉មទៀត (តួប៉មរណបសងខាង) ដើម្បីតម្កល់ព្រះអាទិទេពសំខាន់ៗចំនួនបីអង្គនៃលទ្ធិព្រហ្មញ្ញសាសនា គឺព្រះព្រហ្ម ព្រះឥសូរ និងព្រះវិស្ណុ។ សំណង់ចំនួនបីក្នុងទម្រង់ជាត្រីមូត៌ិទន្ទឹមគ្នារបៀបនេះនៅស.វ.ទី៧ គេមិននិយមឡើយ ដូចករណីប្រាសាទដើមចន្ទន៍នេះស្រាប់ គឺគេទើបនឹងបន្ថែមនៅស.វ.ទី១០ ប៉ុណ្ណោះ។

 

ឯកសារយោង

ហេង ពិភាល់

២០០៩, “ចម្លាក់រូបជនបរទេសនៅសម្បូណ៌ព្រៃគុក”, កម្រងអត្ថបទក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរ,​ លេខ ៤  ភ្នំពេញ

Chen, Chanratana

2005-2006, “Etudes des palais volants dans l’art khmer préangkorien”, Diplôme de Master de recherché, Histoire et Archéologie de l’Asie du Sud-est Année, Paris.

Coedès, George

1952, Inscription du Cambodge, Vol IV, Hanoi.

([1]) ហេង ពិភាល់ ២០០៩: ៧៤។

([2]) CHEN Chanratana 2005-2006: 232.

([3]) Cœdès 1952: 25.

([4]) Cœdès 1952: 33.

 

 





Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province