ដោយ៖ ម៉ង់ វ៉ាលី
បូរព្រៃគុក គឺជាទីកន្លែងសក្ការបូជាផ្នែកព្រហ្មញ្ញសាសនាដ៏ធំនៅសម័យចេនឡា នារវាងចុងស.វ.ទី៦ ឬដើមស.វ.ទី៧ មកម្ល៉េះ ហើយទីតាំងនេះបានបន្តគោរពប្រណិប័តន៍ជាបន្តបន្ទាប់នៅសម័យអង្គរ រហូតដល់សម័យបច្ចុប្បន្ន។ ក្នុងនោះ គេសង្កេតឃើញថា សំណង់ស្ថាបត្យកម្ម ជាពិសេសសំណង់ប្រាសាទឥដ្ឋ គឺមានភាពលេចធ្លោខ្លាំងណាស់។ ប៉ុន្តែ ប្រសិនបើគេនិយាយអំពីបដិមាដែលរកឃើញនៅទីនោះវិញ គឺមានចំនួនតិចតួចខ្លាំងណាស់។ គេអាចសន្និដ្ឋានបានថា ការរកឃើញបដិមាតិចតួចបែបនេះ ទំនងមកពីការគោរពបូជាព្រះឥសូរក្នុងទម្រង់ជាលិង្គមានភាពលេចធ្លោខ្លាំង។ ទោះបីជាយ៉ាងណា យ៉ាងហោចណាស់ក៏គេបានរកឃើញបដិមាជាទេពផ្សេងៗចំនួន ៤ សំខាន់ៗដែរ រួមមានដូចជា បដិមាព្រះហរិហរ បដិមាព្រះនាងទុគ៌ា បដិមាព្រះព្រហ្ម និងបដិមាវាជីមុខ។ ក្នុងចំណោមបដិមាទាំងបួននេះ មានតែបដិមាវាជីមុខមួយប៉ុណ្ណោះដែលសាងសង់ឡើងនៅស.វ.ទី១០ ខុសពីបដិមាចំនួនបីផ្សេងទៀតដែលសាងឡើងនៅស.វ.ទី៧។ តើបដិមាវាជីមុខដែលរកឃើញនៅសំបូរព្រៃគុក មានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?
វាជីមុខ មានន័យថា “មុខសេះ” ដែលសំដៅដល់បដិមាដែលមានដងខ្លួនដូចជាមនុស្ស និងមានក្បាលជាសេះ។ ជាទូទៅ វាជីមុខ គឺជាទេពអវតារមួយអង្គក្នុងចំណោមអវតារជាច្រើនរបស់ព្រះវិស្ណុ។ គេស្គាល់ថា អវតាររបស់ព្រះវិស្ណុដែលមានមុខសេះ គឺមានព្រះហយគ្រីវ និងព្រះកល្កិន ប៉ុន្តែព្រះកល្កិន គឺជាអវតារនាពេលអនាគតរបស់ទ្រង់។ ដូច្នេះហើយ លោក Thierry Zéphir និងលោក Pierre Baptiste ដែលជាអ្នកជំនាញការនៅសារមន្ទីរជាតិហ្គីមេប្រទេសបារាំង សន្និដ្ឋានថា បដិមានេះ ទំនងជា “ហយគ្រីវ” ច្រើនជាង “កល្កិន”។ អ្នកស្រាវជ្រាវទាំងពីរយោងទៅលើសិលាចារឹកដែលរកឃើញនៅខ្លោងទ្វារកំពែងខាងកើតក្នុងក្រុមខាងជើង នៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលគាថាទី៣បានរៀបរាប់អំពី “ជ័យជំនះគឺស្ថិតនៅលើព្រះដែលមានផ្កាឈូកដុះចេញពីផ្ចិតរបស់ទ្រង់ និងជាអ្នកដែលមានជ័យជំនះលើមធុ និងកៃដភ”។ ក្នុងទេវកថា ហយគ្រីវ គឺជាអវតាររបស់ព្រះវិស្ណុ ដែលបានកម្ចាត់មធុ និងកៃដភ ដែលជាអសោរពីរនាក់លួចគម្ពីររបស់ព្រះព្រហ្ម។ ម្ល៉ោះហើយ អត្ថន័យរបស់សិលាចារឹកគឺទំនងចង់សំដៅទៅលើ “ហយគ្រីវ” នេះឯង។
ក្នុងឯកសាររបស់លោក Lunet De Lajonquière កាលពីឆ្នាំ១៩០២ បានរៀបរាប់ថា៖ “កាលដើមឡើយ គេបានតម្កល់បដិមាវាជីមុខនៅលើជើងទម្ររាងបួនជ្រុងស្មើក្នុងតួប៉មប្រាសាទដែលមានរាងប្រាំបីជ្រុង ហើយក្រោយមកក្នុងឆ្នាំ១៨៩៦ លោក Adhemar Leclère បានយកបដិមានេះបញ្ជូនទៅសារមន្ទីរខ្មែរនៅ Trocadéro ក្នុងប្រទេសបារាំង”។ ប៉ុន្តែ តាមពិតទៅនៅក្នុងតួប៉មប្រាសាទប្រាំបីជ្រុងនៅក្រុមខាងជើង (តួប៉ម N7) ពុំមានជើងទម្ររាងបួនជ្រុងស្មើទេ តែមានជើងទម្ររាងមូល ព្រោះប្រាសាទប្រាំបីជ្រុងនៅសំបូរព្រៃគុក ភាគច្រើនគឺរកឃើញជើងទម្ររាងមូល តែមានប្រហោងពន្លូញសម្រាប់តម្កល់បដិមារាងបួនជ្រុងស្មើ។ ប្រការនេះ វាមានភាពស៊ីគ្នាជាមួយនឹងអត្ថបទរបស់ Adhemar Leclère ដែលបានរៀបរាប់ថា នៅក្នុងប្រាសាទប្រាំបីជ្រុងមានតុថ្មមួយរាងមូលដែលមានប្រហោងពន្លូញសម្រាប់តម្កល់លិង្គព្រះសិវ ហើយក្រោយមកគេតម្កល់បដិមាមានព្រះសិរជាសេះទៅវិញ។ នៅក្នុងឆ្នាំ១៩៣៤ លោក Pierre Dupont បានសន្និដ្ឋានថា បដិមាវាជីមុខនេះមានទម្រង់ជាសិល្បៈរចនាបថព្រះគោ។ ប៉ុន្តែ បើសិនជាយើងយោងទៅលើការសិក្សាប្រៀបធៀបដែលសិល្បៈខ្មែរដែលចងក្រងដោយលោក Jean Boisselier វាច្បាស់ណាស់ថា បដិមានេះអាចចាត់ចូលទៅក្នុងរចនាបថប្រែរូប នាស.វ.ទី១០ ក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤-៩៦៧) ដោយអាចយោងទៅលើបដិមានេះស្លៀកសំពត់ខ្លី មានជាយផ្នត់រាងដូចផ្លិតទម្លាក់មកលើភ្លៅខាងឆ្វេង មានផ្នត់ពីររាងដូចជាកន្ទុយត្រីធ្លាក់សំយាកលើគ្នានៅចំពីមុខ ហើយបដិមាពាក់ម្កុដរាងសាជី។ ដូច្នេះហើយ គឺមានន័យថា ប្រាសាទរាងប្រាំបីជ្រុង និងជើងទម្ររាងមូលដែលតម្កល់នៅខាងក្នុង គឺសាងសង់ឡើងនៅស.វ.ទី៧ ប៉ុន្តែបដិមានេះបានយកមកតម្កល់នៅក្នុងតួប៉មនេះនៅស.វ.ទី១០ ក្នុងរាជ្យព្រះបាទរាជេន្រ្ទវរ្ម័ន។ ការសន្និដ្ឋាននេះ វាស្របគ្នាទៅនឹងសិលាចារឹកចំនួន ២ ផ្ទាំងសំខាន់ៗដែលរកឃើញនៅក្រុមខាងជើងនៃតំបន់ប្រាសាទសំបូរព្រៃគុក រៀបរាប់អំពីព្រឹត្តិការណ៍នៃការគោរពបូជាព្រះ និងសាងសង់សំណង់បន្ថែមនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកក្នុងរាជ្យស្តេចអង្គនេះ។
សព្វថ្ងៃ បដិមាវាជីមុខ ដែលគេសន្និដ្ឋានថា ជាអវតារព្រះវិស្ណុមានព្រះនាមថា “ហយគ្រីវ” កំពុងរក្សាទុក និងដាក់តាំងបង្ហាញនៅលើទម្ររាងបួនជ្រុងស្មើមួយនៅក្នុងសារមន្ទីរជាតិហ្គីមេ ប្រទេសបារាំង។ បដិមានេះមានកម្ពស់ ១៤២សង់ទីម៉ែត្រ ទទឹងដងខ្លួន ៥៥សង់ម៉ែត្រ បានដឹកមករក្សាទុកនៅសារមន្ទីរជាតិហ្គីមេ នៅឆ្នាំ១៩២៧។ បដិមានេះ បាត់បង់ព្រះហស្តឆ្វេងដល់ត្រឹមគល់ស្មា បាត់បង់ព្រះហស្តខាងស្តាំត្រឹមកែង និងបាត់បង់ព្រះបាទទាំងពីរត្រឹមជង្គង់។ បើសិនយើងអានស្លាកព័ត៌មានតូចមួយ យើងនឹងឃើញគេរៀបរាប់ដោយសង្ខេបបញ្ជាក់អំពីប្រភពទីតាំងរកឃើញមកពីសំបូរព្រៃគុក ធ្វើអំពីថ្មភក់ សាងសង់ឡើងនៅរវាងឆ្នាំគ.ស.៩៦០ រចនាបថប្រែរូប ដឹកយកមកប្រទេសបារាំងដោយលោក Adhemar Leclère នៅឆ្នាំ១៨៩៦ និងបានបង្ហាញថាទេពអង្គនេះ គឺជាព្រះហយគ្រីវដែលជាអវតាររបស់ព្រះវិស្ណុ។ ប៉ុន្តែ អ្វីដែលយើងសោកស្តាយនោះ គឺអ្នកជំនាញការមិនបានរៀបរាប់ព័ត៌មានអំពីចំណេះដឹងរបស់អ្នកស្រុកអំពីបដិមានេះ ដែលជាហេតុនាំឱ្យចំណេះដឹងនេះងាយនឹងគេបំភ្លេចចោល។ តាមពិតទៅ អ្នកស្រុកដែលរស់នៅក្បែរប្រាសាទនេះ គេតែងហៅប្រាសាទរាងប្រាំបីជ្រុង (តួប៉ម N7) នេះថា “ប្រាសាទកែវណាម៉ា”។ ការហៅដូច្នេះ គឺមកពីអ្នកស្រុកគិតថា “បដិមាហយគ្រីវ” គឺជារូបស្នងតំណាងនាងកែវណាម៉ា ដែលជាតួអង្គស្រីនៅក្នុងរឿងព្រេងខ្មែរមានចំណងជើងថា “នាងកែវណាម៉ា” ឬ “ធីតាមុខសេះ” ដែលមានក្បាលជាសេះ និងខ្លួនជាមនុស្ស។ រឿងព្រេងនេះ យើងមិនដឹងថាមានប្រភពចេញពីតំបន់ណាឱ្យបានច្បាស់នោះដែរ ប៉ុន្តែអ្នកស្រុកនៅតំបន់សំបូរព្រៃគុកភាគច្រើនស្គាល់រឿងព្រេងនេះ ដូចរឿងព្រេងមួយទៀតដែលមានចំណងជើងថា “តេជោតំដិន” ដែរ។ ចំណេះដឹងអ្នកស្រុកនៅតាមតំបន់ ពុំមានអ្វីចម្លែកទេ ព្រោះកាលណាគេមិនបានចងចាំសាច់រឿងទេវកថាព្រហ្មញ្ញសាសនាពីបុរាណ គេតែងនាំគ្នាហៅឈ្មោះអ្វីមួយផ្សេងមកជំនួសជារឿយៗ។ ឧទាហរណ៍ រូបក្បាលមករឆ្លាក់ជាទបង្ហូរទឹកនៅប្រាសាទមួយក្នុងតំបន់ប្រាសាទសំបូរព្រៃគុក គេបានហៅថារូបនោះថា “ក្បាលជ្រូក”។ ករណីនេះ មិនខុសពីនៅតំបន់ភ្នំគូលែន រូបព្រះគណេសមានព្រះហស្តប្រាំបីមួយអង្គ អ្នកស្រុកហៅថា “តាត្រចៀកធំ” ឬ “តាត្រចៀកវែង” ដោយហេតុតែអ្នកស្រុកមិនស្គាល់ថាទេពនោះគឺជាព្រះគណេសនៅក្នុងព្រហ្មញ្ញសាសនា ហើយក៏ហៅទៅតាមអ្វីដែលមើលឃើញជាក់ស្តែង។ បើទោះបីជាចំណេះដឹងតាមតំបន់នេះ ពុំមានមូលដ្ឋានអ្វីជាក់លាក់ទៅតាមក្បួនខ្នាតនៃសាសនាក៏ដោយ ក៏គេតែងចាត់ទុកថា ជារបស់មួយដែលសំខាន់ដែលគួរលើកយកមកជាករណីសិក្សា។ ដូច្នេះហើយ ប្រសិនបើអ្នកជំនាញនៅសារមន្ទីរហ្គីមេ ប្រទេសបារាំង អាចបន្ថែមព័ត៌មាននេះថែមទៀត វានឹងកាន់តែប្រសើរក្នុងការលើកតម្លៃចំណេះដឹងមូលដ្ឋានរបស់អ្នកស្រុក។ សព្វថ្ងៃ នៅក្នុងតួប៉មប្រាសាទកែវណាម៉ា គេមិនបានសាងសង់រូបបដិមាហយគ្រីវថ្មីយកលំនាំចាស់មកតម្កល់នៅក្នុងប្រាសាទ ដូចរូបបដិមាទុគ៌ា និងហរិហរឡើយ។ ប៉ុន្តែ អ្នកជំនាញការគម្រោងអភិរក្សសំបូរព្រៃគុក ធ្លាប់បានសរសេរជាប្រវត្តិ និងមានដាក់រូបភាពបដិមានៅលើស្លាកព័ត៌មានតូចមួយដាក់នៅខាងក្នុងប្រាសាទ ដើម្បីឱ្យអ្នកស្រុកនៅតែចងចាំសាច់រឿងនេះ និងដើម្បីពន្យល់ដល់អ្នកទេសចរដែលបានមកទស្សនាប្រាសាទ។
ជារួមមក រូបបដិមាវាជីមុខ ឬមុខសេះ ដែលរកឃើញនៅតំបន់ប្រាសាទសំបូរព្រៃគុក គឺទំនងជារូបស្នងនៃអវតារព្រះវិស្ណុដែលមានព្រះនាមថា “ហយគ្រីវ” ដែលជាទេពមួយអង្គដែលបានកម្ចាត់អសោរពីរនាក់ដែលបានលួចគម្ពីរវេទរបស់ព្រះព្រហ្មមានឈ្មោះថា មធុ និងកៃដភ។ បដិមានេះ គេបានយកចេញទីតាំងដើមទៅស្រុកបារាំងតាំងពីសម័យអាណានិគមមកម្ល៉េះ។ ទោះបីបដិមានេះនៅឆ្ងាយពីទីតាំងដើមទៅហើយក្តី ក៏អ្នកស្រុកនៅតែចងចាំបដិមានេះដដែល។
ឯកសារយោង
Baptiste, P. & Zéphir, T. 2008. L’Art Khmer dans les collections du musée Guimet, Paris.
Boisselier, J. 1966, “Asie du Sud-Est, Le Cambodge ”, Tome I, Paris.
Boulbet, J. & Dagens, B. 1973, “Les sites archéologiques de la région du Bhnaṃ Gūlen (Phnom Kulen)”, Journal of Art Asiatique, Vol 27, Paris.
Coedès, G. 1910. ‘Catalogue des pièces originales de sculpture khmere conserves au musée indochinois du Trocadéro et au musée Guimet’, Extrait du Bulletin de la Commission archéologique de l’Indochine, Ernest Leroux Editeur et Imprimerie nationale, Paris.
Dupont, P. 1934, Musée Guimet, catalogue des collections indochinoises, Extrait du Bulletin de la Commission archéologique de l’Indochine, années 1931-1934, Imprimerie nationale et éditions Ernest Leroux, Paris.
Lajonquière, L.1902, Inventaire descriptive des monuments du Cambodge, Tome I, Paris.
Leclère, A. 1894, ‘Fouilles de Kompong-Soay (Cambodge), communication faite par M. Adhémar [sic] Leclère, Résident de France au Cambodge. Séance du 19 octobre 1894. No. XXVII, Académie des Inscriptions et Belles-Lettres – Comptes Rendus des séances de l’année 1894, quatrième série, t. XXII, Imprimerie nationale, pp. 367-378, Paris.
English


















