ដោយ៖ ម៉ង់ វ៉ាលី
ប្រាសាទបន្ទាយស្ទោង មានទីតាំងស្ថិតនៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ៥៦ គ.ម. ភាគខាងលិចទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រមាណ ៨ គ.ម. ពីទីប្រជុំជនស្រុកស្ទោង។ ឈ្មោះ “បន្ទាយស្ទោង” នេះ អ្នកស្រុកហៅសំដៅលើប្រាសាទផង និងសំដៅដល់ឈ្មោះទីតាំងស្ថាននាមជាភូមិនិងឃុំផង។ “បន្ទាយ” មានន័យដើមថា “កំពែង” ពោល គឺសំដៅលើសំណង់ជាដី ឥដ្ឋ ឬថ្ម ដែលព័ទ្ធជុំវិញ ឬខ្លះមានគូទឹកជុំវិញ។ រីឯ “ស្ទោង” ទំនងក្លាយមកពីពាក្យបុរាណថា “ចទោង” ហើយត្រូវនឹងពាក្យឬសប្រើដល់សព្វថ្ងៃថា “ទោង” ដែលអាចសំដៅលើរូបរាងដែលកោង បត់បែន ពត់ពែន ដូចគេយោលទោងដូច្នោះដែរ។ ម្ល៉ោះហើយ ការដែលអ្នកស្រុកហៅប្រាសាទនេះថា “បន្ទាយស្ទោង” ទំនងគេសំដៅលើកំពែងប្រាសាទដែលធ្វើអំពីឥដ្ឋមានរាងកោង ឬរាងដូចទឹករលក។ តែសព្វថ្ងៃ កំពែងប្រាសាទដែលធ្វើអំពីឥដ្ឋរបស់ប្រាសាទនេះ បានកប់ក្នុងដីមើលស្ទើរតែលែងយល់ទៅហើយ។
កន្លងមក ប្រាសាទនេះពុំសូវមានអ្នកសិក្សាចាប់អារម្មណ៍ច្រើនឡើយ តែក៏នៅតែមានអ្នកធ្លាប់មកសិក្សាតាំងពីរវាងដើមស.វ.ទី២០ ហើយអ្នកស្រាវជ្រាវទាំងនោះមានដូចជា ពោល គឺមានតិចតួចដូចជា លោក Lunet De Lajonquière ឆ្នាំ១៩០២ លោក Henri Parmentier ឆ្នាំ១៩១៣ លោក M. Dufosse ឆ្នាំ១៩១៨ លោក Robert Dalet ឆ្នាំ១៩៣៦ ។ល។ ប៉ុន្តែ ការសិក្សាទាំងអម្បាលម៉ាន រៀបរាប់សង្ខេបតិចបំផុត ពោល គឺអាចរាប់បានថាជាបញ្ជីសារពើភណ្ឌតែប៉ុណ្ណោះ។
ប្រាសាទបន្ទាយស្ទោង សាងសង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ មានកំពែងឥដ្ឋព័ទ្ធជុំវិញ ហើយបែរមុខទៅទិសខាងកើត ពោល គឺបែរមុខឆ្ពោះទៅរកស្ទឹងស្ទោងដែលនៅក្បែរប្រាសាទតែម្តង (រូបលេខ១-៣)។ ប្រាសាទនេះ នៅសល់រូបរាងច្រើនគួរសម តែគួរឲ្យសោកស្តាយដែលជញ្ជាំងទាំងមូលនៃប្រាសាទ អ្នកស្រុកបានយកឥដ្ឋចាស់មកបិតបន្ថែមសារជាថ្មី ធ្វើឲ្យយើងមានភាពពិបាកនឹងកំណត់រូបរាងដើមនៃប្រាសាទ (រូបលេខ៤) ហើយក្រៅពីនេះគេបានយកឥដ្ឋចាស់លាយជាមួយឥដ្ឋថ្មី សាងជាសសរនិងរោងលយមកខាងមុខទៀតផង ។ រីឯផ្នែកដំបូលវិញ គឺមានរលុះឥដ្ឋធ្លាក់មកក្រោមយ៉ាងច្រើន រួមទាំងធ្លាក់ដំបូលរាងដូចផ្កាឈូកធ្វើអំពីថ្មភក់មកក្រោមផង (រូបលេខ៥)។ នៅក្នុងការសិក្សារបស់លោក Lunet De Lajonquière បានរៀបរាប់ថា នៅច្រកខាងកើតមានផ្តែរទ្វារព្រះឥន្រ្ទគង់លើដំរីក្បាលបី ប៉ុន្តែសព្វថ្ងៃផ្តែរទ្វារនេះបានបាត់បង់ទៅហើយ និងអ្នកស្រុកជំនួសវិញដោយរូបចម្លាក់ផ្តែរសម័យថ្មីជាព្រះពុទ្ធរូប និងបន្ថែមហោជាងជារូបព្រះពុទ្ធចូលបរិនិព្វាន (រូបលេខ៦)។ ចំណុចនេះសបញ្ជាក់អំពីការវិវត្តនៃសាសនាក្នុងរបត់ថ្មី លើសំណង់ចាស់ដដែល ពោល គឺការវិវត្តជំនឿពីព្រហ្មញ្ញសាសនា មកជាព្រះពុទ្ធសាសនាថេរវាទ។
ក្រៅអំពីប្រាសាទ យើងអាចឃើញបំណែកវត្ថុសិល្បៈធ្វើអំពីថ្មភក់នៅសម័យបុរាណជាច្រើនដែលគេយកមកទុកនៅរាយប៉ាយមុខប្រាសាទ (រូបលេខ៧-៨)។ វត្ថុទាំងនេះ ទំនងគេយកមកពីទួលប្រាសាទបុរាណនៅជុំវិញប្រាសាទបន្ទាយស្ទោង ហើយយកមកទុកនៅទីនេះយូរមកហើយ។ ពោល គឺមានលក្ខណៈដូចនៅប្រាសាទព្រះធាតុរកាក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ឯណោះដែរ ដែលមានន័យថា អ្នកស្រុកនៅតែគិតថា វត្ថុទាំងអស់ដែលជារបស់បុរាណសុទ្ធសឹងតែមានវិញ្ញាណនិងជារបស់ដែលជាទីគោរពប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជួន។ វត្ថុសិល្បៈទាំងនេះ មានខ្លះជាវត្ថុសិល្បៈសម័យមុនអង្គរ ជាក់ស្តែងដូចជា បំណែកសសរពេជ្រជាដើម ហើយក្រៅពីនេះមានជើងទម្រ កំពូលប្រាសាទ បំណែកចម្រឹងបង្អួច បំណែកព្រះពុទ្ធប្រក់នាគ បំណែកបដិមា ។ល។ ជាវត្ថុសិល្បៈនៅសម័យអង្គរចាប់ពីស.វ.ទី១០ ដល់ស.វ.ទី១៣។
អ្វីគួរកត់សម្គាល់បន្ថែម នៅមិនឆ្ងាយប៉ុន្មានពីប្រាសាទបន្ទាយស្ទោង មានស្ថានីយបុរាណជាច្រើនដែលសុទ្ធសឹងជាទីតាំងប្រាសាទបុរាណដែលបាក់បែកក្លាយជាទួល ក្នុងនោះមានដូចជា ទួលយាយទែត ទួលវត្តចាស់ ទួលអ្នកតាពុទ្ធិវង្ស ទួលប្រាសាទដូនប៉េង ។ល។ ហេតុដូច្នេះហើយសំណង់បុរាណនៅបន្ទាយស្ទោង និងទីតាំងបុរាណដែលរៀបរាប់នេះ ប្រាកដជាមានទំនាក់ទំនងនឹងគ្នាជាក់មិនខាន ហើយអាចឲ្យយើងសន្និដ្ឋានបានថា ទីតាំងនៅម្តុំប្រាសាទបន្ទាយស្ទោង គឺជាទីប្រជុំជនមួយដ៏សំខាន់តាំងពីសម័យអង្គរមកម្ល៉េះ។
ដោយហេតុថា ប្រាសាទបន្ទាយស្ទោង មិនមានសេសសល់នូវសិលាចារឹក និងគ្រឿងលម្អជាប់នឹងប្រាសាទដែលអាចឱ្យយើងកត់សម្គាល់ជាធំដុំនោះ យើងមានការពិបាកក្នុងការកំណត់អាយុកាលរបស់ប្រាសាទ។ ប៉ុន្តែ បើយើងក្រឡេកមើលផ្នែកស្ថាបត្យកម្ម និងបំណែកវត្ថុសិល្បៈដែលនៅរាយប៉ាយខាងមុខប្រាសាទ យើងអាចទាញសេចក្តីសន្និដ្ឋានបឋមបានថា បន្ទាយស្ទោង ទំនងជាប្រាសាទកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ឬព្រះពុទ្ធសាសនា នៅសម័យអង្គរ ក្នុងរវាងស.វ.ទី១០ ពោល គឺអាចចន្លោះពីរជ្ជកាលព្រះហស៌វរ្ម័នទី១ (គ.ស.៩១០-៩២២) ដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ (គ.ស.៩៦៨ – ១០០០)។ សំណង់ប្រាសាទបន្ទាយស្ទោងទៀតសោត គឺជាស្ថាបត្យកម្មសាសនាមួយក្នុងចំណោមសំណង់ប្រាសាទជាច្រើន ដែលបានតាំងទីនៅតាមបណ្តោយស្ទឹងស្ទោង ជាក់ស្តែង ប្រាសាទអំបែងនំ ប្រាសាទត្រពាំងព្រីង ប្រាសាទតាឡោក ប្រាសាទវត្តព្រះដំរី ប្រាសាទវត្តក្តីដើម ។ល។
ឯកសារយោង
Lunet De Lajonquière
1902, Inventaire descriptive des monuments du Cambodge, Tome I, Paris.
English



















