ដោយ៖ ម៉ង់ វ៉ាលី
ជាទូទៅ កាលណាគេនិយាយអំពីផ្តែរទ្វារស.វ.ទី៧ គឺគេតែងសំដៅលើរចនាបថសិល្បៈចំនួន ២ ពោល គឺរចនាបថសំបូរព្រៃគុក (គ.ស.៦០០-៦៥០) និងរចនាបថព្រៃក្មេង (គ.ស.៦៣៥-៧០០)។ នៅសម័យដំបូងៗ ដូចឃើញនៅតំបន់ប្រាសាទថាឡាបរិវ៉ាត់ ផ្តែរទ្វារភាគច្រើនយើងតែងឃើញមានរូបសត្វមករធំៗនៅសងខាង និងមានក្បាច់ដងធ្នូ (ឥណ្ឌាហៅថា “តោរណ”) កោងចូលគ្នាបង្កើតបានជាចំណុចប្រសព្វនៅចំកណ្តាលមួយ។ តោរណ បែបនេះមានលក្ខណៈដូចនៅស្រុកឥណ្ឌាខ្លាំងណាស់។ ប៉ុន្តែ ក្រោយមក ក្បាច់តោរណក៏បានវិវឌ្ឍទៅជារបៀបថ្មីមួយទៀតតាមរបៀបជាសិល្បៈច្នៃប្រឌិតថ្មីនៅក្នុងស្រុក ដោយយើងឃើញមានក្បាច់កំណាត់ដងធ្នូកោងខ្លីៗបង្កើតបានជាចំណុចប្រសព្វចំនួន ៣ ដែលក្នុងនោះគេតែងសង្កេតឃើញថា ពេលខ្លះមានរូបព្រះឥន្រ្ទគង់នៅលើដំរីនៅចំកណ្តាល អមដោយរូបទេពជិះសេះ (មរុត) ចំនួនពីរទៀតនៅអមសងខាង។ “ព្រះឥន្រ្ទ” គឺជាស្តេចនៅស្ថានសួគ៌ រីឯ “មរុត” គឺជាទ័ពខ្យល់របស់ព្រះឥន្រ្ទនៅស្ថានសួគ៌។ ផ្តែរទ្វារដែលមានរូបព្រះឥន្រ្ទនៅកណ្តាល អមដោយមរុតនៅសងខាងនេះ គេឃើញមានប្រហែល ៣០ ផ្ទាំង រាយប៉ាយនៅទូទាំងប្រទេសកម្ពុជា និងមាននៅទឹកដីសៀមបច្ចុប្បន្នផង។ តើផ្តែរទ្វារមានរូបព្រះឥន្រ្ទ និងមរុត នៅស.វ.ទី៧ មានអត្ថន័យពាក់ព័ន្ធនឹងនយោបាយរបស់ព្រះមហាក្សត្រនាសម័យនោះយ៉ាងដូចម្តេចខ្លះ?
ប្រសិនបើគិតអំពីព្រះមហាក្សត្រចន្លោះពីគ.ស. ៦០០ ដល់ ៧០០ យ៉ាងហោចណាស់ក៏មានចំនួន ៥ អង្គដែរ រួមមាន ព្រះបាទភវវរ្ម័នទី១ ព្រះបាទមហេន្រ្ទវរ្ម័ន ព្រះបាទឦសានវរ្ម័នទី១ ព្រះបាទភវវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី១។ ក្នុងចំណោមព្រះមហាក្សត្រទាំង ៥ អង្គនេះ ព្រះបាទឦសានវរ្ម័នទី១ និងព្រះបាទជ័យវរ្ម័នទី១ ហាក់មានព្រឹត្តិការណ៍នយោបាយគួរកត់សម្គាល់ច្រើនជាងព្រះមហាក្សត្រអង្គផ្សេងទៀត។ តាមព័ត៌មានអំពីសិលាចារឹកនៅស.វ.ទី៧ យើងតែងឃើញគេច្រើនប្រៀបអំណាចព្រះរាជាដែលជាអ្នកគ្រប់គ្រងនៅរាជធានីឦសានបុរ (សំបូរព្រៃគុក) ប្រដូចទៅនឹងព្រះឥន្រ្ទ ពោល គឺមានន័យថា ស្តេចនៅលើផែនដី ហាក់មានអំណាចខ្លាំងក្លាដូចព្រះឥន្រ្ទដែលជាស្តេចនៅស្ថានសួគ៌ដូច្នោះដែរ។ ជាឧទាហរណ៍ សិលាចារឹកប្រាសាទអុក និងក្លោងទ្វារខាងកើតក្រុមប្រាសាទយាយព័ន្ធ K.440 និង K.442 រៀបរាប់ថា៖ “ព្រះបាទឦសានវរ្ម័នទី១ អន្ទះសាចង់បានស្ថានសួគ៌ និងដំរីរបស់ព្រះឥន្រ្ទ” [1]។ សិលាចារឹកមួយទៀតនៅក្រុមប្រាសាទយាយព័ន្ធដដែល តួប៉ម S17-17 ចុះបញ្ជីលេខ K.604 រៀបរាប់ថា៖ “ព្រះបាទឦសានវរ្ម័នទី១ មានឫទ្ធានុភាពអស្ចារ្យលើសទេពដែលកាន់វជ្រ (ព្រះឥន្រ្ទ) ទៅទៀត” [2]។ រីឯសិលាចារឹកមួយទៀតនៅប្រាសាទស្រីគ្រប់ល័ក្ខណ (សំបូរព្រៃគុក) ចុះបញ្ជីលេខ K.151 ក៏រៀបរាប់ថា៖ “នរសិង្ហគុប្តដែលទំនងជាស្តេចត្រាញ់បម្រើឱ្យព្រះបាទឦសានវរ្ម័នទី១ បានពោលសរសើរព្រះបាទឦសានវរ្ម័នទី១ ជាស្តេចប្រកបដោយគុណធម៌ អង់អាចហានក្លាលើសសត្រូវផងនានា ប្រៀបបាននឹងព្រះឥន្រ្ទដែលជាសេ្តចនៃទេព”[3]។ នៅឆ្ងាយពីតំបន់ឦសានបុរ (សំបូរព្រៃគុក) ក៏មានសិលាចារឹកផ្សេងទៀតដែលរៀបរាប់អំពីស្តេចនិងព្រះឥន្រ្ទដែរ។ ជាក់ស្តែង សិលាចារឹកប្រាសាទត្រៅតាសរ នៅស្រុកបាទី ខេត្តតាកែវ ចុះបញ្ជីលេខ K.709 រៀបរាប់ថា៖ “ព្រះបាទឦសានវរ្ម័នទី១ បានបរិច្ចាកស្រែមួយ គោ ក្របី ៦០ក្បាល ដែលដីខ្លះមានអំណចស្មើនឹងព្រះឥន្រ្ទ”[4]។ ក្រៅពីនេះទៀត គេដឹងថាទីក្រុងមួយរបស់ព្រះបាទជ័យវរ្ម័នទី១ ឈ្មោះថា “បុរន្ទរបុរ” ប្រែថា “ទីក្រុងនៃព្រះឥន្រ្ទ”[5]។ ដោយឡែក សម្រាប់មរុតវិញ មានសិលាចារឹកមួយនៅស.វ.ទី៧ ចុះបញ្ជីលេខ K.81 រកឃើញនៅភ្នំហាន់ជ័យ ខេត្តកំពង់ចាម គេបានប្រៀបប្រដូចព្រះរាជាមានតេជៈបារមី ភ្លឺថ្លា ប្រៀបដូចព្រះកុមារ ដែលដឹកនាំកងទ័ពមរុតនៅស្ថានព្រះឥន្រ្ទ[6]។ ត្រង់ចំណុចនេះ មានន័យថា ចម្លាក់ព្រះឥន្រ្ទ សំដៅទៅលើអ្នកគ្រប់គ្រងនគរ (ព្រះរាជា) រីឯចម្លាក់មរុតសំដៅទៅលើកងយោធា ទឹកដី ឬអ្នកនៅក្រោមអំណាចរបស់ព្រះរាជា។
សិលាចារឹកខាងលើជាប្រភពដែលអាចគាំទ្រថា ផ្តែរទ្វារនៅស.វ.ទី៧ ដែលមានរូបចម្លាក់ព្រះឥន្រ្ទគង់នៅលើដំរី អមដោយព្រះមរុតជិះលើសេះ អាចមិនត្រឹមតែជាក្បាច់លម្អរបស់ប្រាសាទ ឬទាក់ទងនឹងគំនិតពិធីសាសនាប៉ុណ្ណោះទេ។ ប៉ុន្តែ លោក Ben Wreyford យល់ថា ចម្លាក់ព្រះឥន្រ្ទនិងមរុត ទំនងដើរតួនាទីជាសិល្បៈក្នុងការផ្សព្វផ្សាយអំណាច និងទឹកដីរបស់ព្រះរាជានៅស.វ.ទី៧ ព្រោះអំណាចរបស់ស្តេចផែនដីគេប្រៀបប្រដូចទៅនឹងអំណាចរបស់ព្រះឥន្រ្ទដែលជាស្តេចនៃទេព[7]។ ដូចមានភស្តុតាងស្រាប់ ផ្តែរទ្វារស.វ.ទី៧រូបព្រះឥន្រ្ទនិងមរុត គេមិនឃើញត្រឹមតែនៅរាជធានីឦសានបុរ (សំបូរព្រៃគុក) ដែលជាតំបន់រដ្ឋបាលសំខាន់របស់ព្រះបាទឦសានវរ្ម័នទី១ ប៉ុណ្ណោះទេ (រូបលេខ១-២) ប៉ុន្តែគេឃើញសាយភាយជាច្រើនកន្លែងនៅទូទាំងប្រទេស។ ឧទាហរណ៍ ផ្តែរទ្វារព្រះឥន្រ្ទ និងមរុត ស.វ.ទី៧ រកឃើញនៅទីតាំងបុរាណដ្ឋានជាច្រើននៅខេត្តកំពង់ធំ និងកំពង់ចាម ដែលជាទឹកដីស្ថិតនៅមិនឆ្ងាយពីសំបូរព្រៃគុក ដូចជា ព្រះធាតុរកា (រូបលេខ៣) វត្តបឹងខាងត្បូង (រូបលេខ៤) ភ្នំជើងព្រៃ (រូបលេខ៥) វត្តសូភាស (រូបលេខ៦) ប្រាសាទដំបងដែក (រូបលេខ៧) ។ល។ តំបន់ទាំងនេះ សុទ្ធសឹងតែជាតំបន់ដែលមានជាប់ទាក់ទងនឹងព្រឹត្តិការណ៍នយោបាយរបស់ព្រះបាទឦសានវរ្ម័នទី១ និងស្តេចក្រោយរាជ្យរបស់ទ្រង់មួយចំនួនទៀត។
ជាងនេះទៅទៀត ប្រសិនយើងមើលទៅភាគខាងត្បូងប្រទេសវិញ ជាពិសេស ទឹកដីនៅក្បែរៗរាជធានីភ្នំពេញសព្វថ្ងៃ យើងឃើញមានផ្តែរទ្វារមួយចំនួនរចនាឡើងជារូបព្រះឥន្រ្ទគង់នៅលើដំរី អមដោយមរុតជិះលើសេះដូចគ្នា។ ឧទាហរណ៍ ផ្តែរទ្វារវត្តខ្សល់ និងផ្តែរទ្វារវត្តភូមិថ្មី (សព្វថ្ងៃបាត់ទៅហើយ) គេឃើញមានក្បាច់ស្លឹកឈើមានការវិវឌ្ឍខ្លាំងខុសពីក្បាច់ដែលឃើញនៅរចនាបថសំបូរព្រៃគុក និងព្រៃក្មេង ប៉ុន្តែវាក៏មិនដូចក្បាច់ស្លឹកឈើនៅផ្តែររចនាបថកំពង់ព្រះដូចគ្នា (រូបលេខ៨)។ ប៉ុន្តែ បើយោងតាមភស្តុតាងជាសិលាចារឹកដែលនៅរកឃើញនៅទីនោះដូចជា K.78 បញ្ជាក់ថា ស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ នៅក្នុងគ.ស.៦៦៨ និងឆ្នាំ ៦៧៧[8]។
លើសពីនេះទៀត បើយើងហួសឆ្ងាយពីតំបន់ជុំវិញរាជធានីឦសានបុរ និងតំបន់ភាគខាងត្បូង យើងឃើញថានៅស្រុកសៀមបច្ចុប្បន្ន ត្រង់ភូមិសាស្រ្តក្បែរអារញ្ញប្រះថេត (Aranyaprathet) ភាគខាងកើតប្រទេសសៀម ក៏មានផ្តែរទ្វាររចនាបថសំបូរព្រៃគុក ឆ្លាក់រូបព្រះឥន្រ្ទ និងមរុតដែរ ជាក់ស្តែងដូចជា ផ្តែរទ្វារប្រាសាទខៅណយ (រូបលេខ៩)។ ភូមិសាស្រ្តនេះគេធ្លាប់រកឃើញសិលាចារឹក K.506 ដែលរៀបរាប់ឱ្យដឹងថា នៅគ.ស.ឆ្នាំ៦៣៧ ព្រះបាទឦសានវរ្ម័នទី១ បានតែងតាំងមន្រ្តីម្នាក់ឈ្មោះ “ឦស្វរកុមារ” ជាអភិបាលក្រុងជ្យេស្ថបុរ[9]។ រីឯសិលាចារឹកមួយទៀត រកឃើញនៅទីនោះដដែល ចុះបញ្ជីលេខ K.1150 មានអាយុកាលក្រោយសិលាចារឹក K.506 បន្តិច ក៏បានរៀបរាប់ថា “បុត្រារបស់ព្រះបាទឦសានវរ្ម័នទី១ ព្រះនាម “សិវទត្ត” ត្រូវបានតែងតាំងជាចៅហ្វាយក្រុងថ្មីនៅជ្យេស្ថបុរ[10]។ ពត៌មានសិលាចារឹកទាំងពីរនេះ គឺជាប្រភពដ៏សំខាន់បញ្ជាក់ថា អំណាចព្រះរាជានៅឦសានបុរ មានឥទ្ធិពលធំធេងទៅលើទឹកដីឆ្ងាយពីរាជធានីកណ្តាលរបស់ចេនឡាដែលស្ថិតនៅសំបូរព្រៃគុក ខេត្តកំពង់ធំ។ ក្នុងនោះ ផ្តែរទ្វាររូបព្រះឥន្រ្ទ និងមរុត ដើរតួនាទីសំខាន់ជាសិល្បៈដែលផ្សព្វផ្សាយអំពីអំណាច និងទឹកដីរបស់ព្រះរាជា។
ការយករូបចម្លាក់ព្រះឥន្រ្ទ និងមរុតនៅលើផ្តែរទ្វារ មកពិចារណាពាក់ព័ន្ធជាមួយនយោបាយនេះ វាដូចទៅនឹងការសន្និដ្ឋានរបស់លោក Paul Lavy ដែលយល់ថា រូបព្រះហរិហរ (វិស្ណុ-សិវ) នៅស.វ.ទី៧ ដល់ទី៩ មានមុខងារដើរតួនាទីតំណាងឱ្យភាពជាស្តេច។ លោកយល់បែបនេះដោយហេតុផលថា ការផ្លាស់ប្តូរនយោបាយពីតំបន់ខាងត្បូងមកខាងជើង នាំឱ្យសិទ្ធិផ្លាស់ប្តូរនយោបាយគួរកត់សម្គាល់ ដូច្នេះលោកគិតថា ការប្រើប្រាស់រូបភាពព្រះហរិហរ គឺជាការបង្រួមអំណាចរវាងខាងត្បូងដែលគោរពនិកាយវៃស្ណវ (ព្រះវិស្ណុ ឬហរិ) និងខាងជើងដែលគោរពនិកាយសៃវ (ព្រះសិវ ឬហរ)[11]។
ដូច្នេះ ជារួមមក ផ្តែរទ្វារនៅស.វ.ទី៧ ដែលមានចម្លាក់រូបព្រះឥន្រ្ទគង់នៅលើដំរី អមដោយរូបព្រះមរុតគង់នៅលើសេះ ប្រហែលមិនមែនឆ្លាក់ឡើងដើម្បីតែការលម្អរបស់ប្រាសាទ ឬគំនិតទាក់ទងនឹងសាសនាព្រាហ្មណ៍ប៉ុណ្ណោះទេ តែទំនងអាចបង្កប់ន័យនយោបាយ ក្នុងគំនិតដែលយកសិល្បៈជាយានក្នុងការផ្សព្វផ្សាយអំពីអំណាច និងទឹកដីរបស់អ្នកគ្រប់គ្រងប្រទេសនាស.វ.ទី៧ ជាពិសេស គឺព្រះបាទឦសានវរ្ម័នទី១ និងអ្នកស្នងរាជ្យបន្ទាប់របស់ទ្រង់។ ដូច្នេះ យើងឃើញថា អំណាចរបស់ព្រះបាទឦសានវរ្ម័នទី១ ដែលជាស្តេចសោយរាជ្យនៅរាជធានីឦសានបុរ (សំបូរព្រៃគុក) មានវិសាលភាពអំណាច និងទឹកដីវែងឆ្ងាយពីរាជធានីកណ្តាលខ្លាំងណាស់ មានន័យថា ទៅខាងត្បូងក៏មាន ទៅខាងជើងម្តុំប្រទេសសព្វថ្ងៃក៏មាន។
[1] Coedès 1952: 5-14.
[2] Finot 1915. Coedès 1952: 17-19.
[3] Coedès 1943: 7.
[4] Coedès 1953: 30-31.
[5] Vickery 1998: 352-356.
[6] Barth 1885.
[7] Ben 2018: 155-160.
[8] Coedès 1954: 12-13; Vickery 1998: 119 & 350.
[9] Vickery 1998: 129-130 & 338.
[10] Vickery 1998: 198-199.
[11] Lavy 2003: 21-39.
ឯកសារយោង
Barth, A.
1885, Inscription Sanskrities du Cambodge, Paris.
Ben, W.
2018, Seeing the ‘Foreigner’ In The Art of Early Southeast Asia c. 1000 BCE – c. 900 CE, Thesis submitted for the degree of PhD, SOAS University of London.
Coedès, G.
- 1943: “Quelque précisions sur la fin du Fou-Nan” BEFEO, Tome 43, Paris.
- 1952, Inscription du Cambodge, Vol IV, Hanoi.
- 1953, Inscription du Cambodge, Vol V, Hanoi.
- 1954, Inscription du Cambodge, Vol VI, Hanoi.
Finot, L.
1915, Notes d’epigrahie, les inscription du musée de Hanoi, BEFEO, Tome 15, pp. 1-135.
Lavy, P.A.
2003, ‘As in Heaven, So on Earth: The Politics of Viṣṇu, Śiva and Harihara Images in
Preangkorian Khmer Civilisation’, Journal of Southeast Asian Studies 34, no. 1 (2003): 21–39.
Vickery, M.
1998, Society, Economic and Politics in pre-Angkor Cambodia, 7th – 8th centuries, Tokyo.
English





















