ដោយ៖ ម៉ង់ វ៉ាលី
ក្រុមប្រាសាទយាយព័ន្ធ ឬក្រុមខាងត្បូង គឺជាក្រុមប្រាសាទដ៏សំខាន់មួយនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។ នៅក្នុងក្រុមនេះមានប្រាសាទសរុបចំនួន ៣៥ ហើយតួប៉មដែលសំខាន់ជាងគេ គឺតួប៉មនៅកណ្តាល ចុះបញ្ជី ឧទ្ទិសដល់ព្រះឥសូរដែលមានព្រះនាមថា ឝ្រីប្រហសិតេឝ្វរៈ (Çrīprahasiteçvaraḥ) ឬមានន័យជាភាសាខ្មែរថា “ព្រះសិវញញឹម”។ ក្រៅពីតួប៉មកណ្តាល ក្នុងក្រុមប្រាសាទយាយព័ន្ធ មានតួប៉មប្រាសាទប្រាំបីជ្រុងចំនួន ៦ ទៀត ដែលជាស្ថាបត្យកម្មពិសេសល្អឯកមួយប្រចាំតំបន់សំបូរព្រៃគុក។ អ្វីដែលគួរកត់សម្គាល់ផ្សេងទៀតនោះគឺ ក្រុមប្រាសាទយាយព័ន្ធ គឺជាក្រុមប្រាសាទមួយនៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលសម្បូណ៌ដោយតួប៉មប្រាសាទសាងអំពីថ្មបាយក្រៀម។ ប្រាសាទថ្មបាយក្រៀមទាំងនោះមានចំនួន ៦ សង់នៅបរិវេណកំពែងខាងក្រៅ មានរាងបួនជ្រុងស្មើ បែរមុខទៅកើត និងសុទ្ធសឹងមានកំពែងព័ទ្ធជុំវិញគ្រប់តួប៉មទាំងប្រាំមួយ ហើយបើមើលទៅដូចជាតួប៉មរណបមួយឲ្យសំណង់សំខាន់ដែលនៅបរិវេណកំពែងខាងក្នុង។ ប្រាសាទថ្មបាយក្រៀមទាំងប្រាំមួយនេះ ចុះបញ្ជី S17-4, S17-5, S17-6, S17-7, S17-8, S17-9 (សូមមើលប្លង់លេខ១)។ សំណង់ទាំងប្រាំមួយនេះ ភាគច្រើនបានបាក់បែកស្ទើរទាំងស្រុងទៅហើយ (រូបលេខ១-២) លើកលែងតែតួប៉មចំនួនពីរដែលនៅសល់រូបរាងគ្រាន់បើ ពោល គឺតួប៉មដែលចុះបញ្ជីលេខ S17-5 និង S17-6។ នៅទីនេះ យើងសូមលើកយកតែតួប៉ម S17-6 មកបរិយាយប៉ុណ្ណោះ ដ្បិតវាជាតួប៉មដែលសំខាន់ជាងគេក្នុងចំណោមតួប៉មប្រាសាទថ្មបាយក្រៀមទាំង ៦ នៅក្រុមប្រាសាទយាយព័ន្ធ ដែលគេអាចចាត់ទុកថា ជាសំណង់ប្រាសាទថ្មបាយក្រៀមដែលសង់ឡើងដំបូងៗនៅក្នុងសិល្បៈខ្មែរ។ តើប្រាសាទយាយព័ន្ធ តួប៉ម S17-6 មានលក្ខណៈបែបណាខ្លះ?
តួប៉ម S17-6 មានទីតាំងស្ថិតនៅខាងជើងតួប៉មកណ្តាលនៃក្រុមប្រាសាទយាយព័ន្ធ និងស្ថិតនៅក្នុងបរិវេណកំពែងខាងក្រៅ។ តួប៉មនេះ សាងឡើងអំពីថ្មបាយក្រៀម មានរាងបួនជ្រុងស្មើ ប្រវែង ៤,៥ម៉ែត្រ គុណ ៤,៥ម៉ែត្រ មានកំពែងព័ទ្ធជុំវិញធ្វើអំពីថ្មបាយក្រៀមដូចគ្នា បែរមុខទៅទិសខាងកើត (រូបលេខ៣-៤)។ សព្វថ្ងៃ តួប៉មនេះនៅសល់រូបរាងដើមត្រឹមពាក់កណ្តាល ដោយអាចនៅឈរត្រឹមកម្ពស់ ១,៥០ម៉ែត្រ ព្រមទាំងមានការលម្អជាក្បាច់ផ្សេងៗនៅឃឿនខាងក្រោម។ នៅប្រាសាទនេះ គេធ្លាប់រកឃើញផ្តែរទ្វារចំនួនមួយផ្ទាំង ឆ្លាក់បង្ហាញអំពីរូបសត្វមករនៅសងខាងបែរមុខចូលក្នុង និងមានលម្អក្បាច់មេដាយ៉ុងចំនួនបីឆ្លាក់ជារូបទេពផ្សេងៗដូចផ្តែរជាច្រើនទៀតនៅតំបន់សំបូរព្រៃគុកដែរ (រូបលេខ៥)។ អ្វីដែលធ្វើឲ្យអ្នកស្រាវជ្រាវកត់សម្គាល់ខ្លាំងអំពីតួប៉ម S17-6 គឺតួប៉មនេះធ្លាប់រកឃើញសិលាចារឹកមួយដែលចារនៅលើមេទ្វារប្រាសាទ ចុះបញ្ជីលេខ K.៦០៤ ចារនៅលើមេទ្វារមានចំនួន ៣០ បន្ទាត់ ស្មើនឹង ៣០ ស្លោក ចារឹកជាភាសាសំស្រ្កឹត ហើយសព្វថ្ងៃរក្សាទុកនៅសារមន្ទីរខេត្តកំពង់ធំ (រូបលេខ៦-៧)។ សិលាចារឹកនេះរកឃើញដំបូងដោយលោក Victor Goloubew ក្នុងឆ្នាំ១៩២៧ និងបានបោះពុម្ពផ្សាយបន្ទាប់ទៀតដោយលោក Louis Finot ។ ក្រោយមកទៀត នៅឆ្នាំ១៩៥២ លោក George Coédès បានប្រែដោយសង្ខេបឡើងវិញម្តងទៀត[1]។ លោក George Coédès បានបញ្ជាក់ថា សិលាចារឹកនេះ រៀបរាប់អំពីមន្រ្តីម្នាក់ដែលមានវិជ្ជាជ្រៅជ្រះខាងផ្នែកព្រះពុទ្ធសាសនាឈ្មោះ “វិទ្យាវិសេស” ហើយលោកក៏គិតទៀតថា សិលាចារឹកនេះជាសិលាចារឹកនិយាយរឿងពុទ្ធសាសនាចំណាស់ជាងគេនៅកម្ពុជា។ ក្រោយមក នៅឆ្នាំ ២០១៨ លោក កំ វណ្ណារ៉ា ក៏ធ្លាប់ប្រែសិលាចារឹកនេះទាំងស្រុងឡើងវិញម្តងទៀត[2]។ ក្នុងឆ្នាំ២០១៩ លោក Dominic Goodall ក៏ធ្លាប់លើកយកសិលាចារឹកនេះមកសិក្សាម្តងទៀតក្នុងអត្ថបទមួយដែលចុះផ្សាយក្នុងឧទ័យ លេខ ១៤[3]។ សិលាចារឹកនេះ ផ្តល់កាលបរិច្ឆេទមហាសករាជឆ្នាំ៥៤៩ ត្រូវនឹងគ.ស.៦២៧ ដែលត្រូវរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦ ដល់ ៦៣៧)។
សិលាចារឹកនេះចាប់ឡើងដោយការគោរពអាទិទេព ទំនងជាព្រះសិវលិង្គ ដែលមានព្រះនាមថា “ស្រីកទមេ្វស្វរ”។ គាថាបន្តរៀបរាប់ពោលសរសើរអំពីព្រះបាទឦសានវរ្ម័នទី១ ដែលទ្រង់មានអនុភាពខ្លាំងពូកែប្រៀបដូចព្រះវិស្ណុគ្រប់គ្រងលើសមុទ្រទាំងបួន អស្ចារ្យលើសព្រះឥន្រ្ទ ជាក្សត្រមានប្រាជ្ញាខ្ពង់ខ្ពស់។ ចាប់ពីគាថាទី៩ រៀបរាប់អំពីមន្រ្តីម្នាក់ដែលមានចំណេះដឹងជ្រៅជ្រះឈ្មោះថា “វិទ្យាវិសេស” ដែលជាអភិបាលក្រុងតមន្ទបុរ[4] (តមន្ទបុរស្វាមិ)។ ដោយមានភក្តីភាពចំពោះព្រះឦសាន អភិបាលក្រុងនេះបានសងសិវលិង្គមួយតម្កល់នៅប្រាសាទ ហើយយកដង្វាយមកពីស្រុកមួយឈ្មោះ “សាកតីថ៌” មានខ្ញុំបម្រើ គោ ក្របី ស្រែ និងបានប្រគល់ការងារគ្រប់គ្រងព្រះដង្វាយនេះដល់ព្រាហ្មណ៍ម្នាក់ឈ្មោះថា “បាសុបតៈ” ដែលបានតែងតាំងដោយព្រះរាជា។ នៅគាថាទី១៤ រៀបរាប់ថា នៅមហាសករាជឆ្នាំ៥៤៩ ត្រូវនឹងគ្រឹស្តសករាជឆ្នាំ៦២៧ អភិបាលក្រុងនេះ រួមជាមួយភោជនធំៗ (មន្រ្តីសំខាន់ៗ) កានកសាងរូបព្រះវិស្ណុមួយ។
នៅក្នុងការសិក្សារបស់លោក Dominic Goodall បានបញ្ជាក់ថា ក្រុងតមន្ទបុរ ដែលគ្រប់គ្រងដោយស្តេចត្រាញ់ម្នាក់ឈ្មោះ “វិទ្យាវិសេស” ទំនងស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គក្នុងដីវៀតណាមបច្ចុប្បន្ន ដ្បិត នៅទីនោះគេធ្លាប់រកឃើញសិលាចារឹកមួយទៀតដែលបញ្ជាក់អំពីឈ្មោះតំបន់តមន្ទបុរ ពោល គឺសិលាចារឹកចុះបញ្ជីលេខ K.9[5]។ ចំណុចនេះសបញ្ជាក់ឲ្យឃើញថា ទោះបីសង្គមខ្មែរនៅសម័យចេនឡាមិនរួបរួមក្រោមអំណាចតែមួយយ៉ាងណាក្តី ក៏នៅមានស្តេចត្រាញ់ជាច្រើននៅតំបន់ឆ្ងាយៗ នៅតែគោរពអំណាចរបស់ព្រះបាទឦសានវរ្ម័នទី១ ដែលសោយរាជ្យនៅក្រុងឦសានបុរ (សំបូរព្រៃគុក) ដែរ។ ជាក់ស្តែងសិលាចារឹកដែលប្រាសាទនេះបង្ហាញស្រាប់ ព្រមទាំងមានសិលាចារឹកផ្សេងៗជាច្រើនទៀតផង ឧទាហរណ៍ សិលាចារឹកប្រាសាទស្រីគ្រប់ល័ក្ខណ K.151 មានស្តេចត្រាញ់ម្នាក់ឈ្មោះ “នរសិង្ហគុប្ត” ដែលគ្រប់គ្រងនៅតំបន់ឥន្រ្ទបុរ[6] ។ល។
អត្ថបទដើមជាអក្សរខ្មែរទំនើប
ស្លោកទី ១.
(១). ឝ្រីកទម្វេឝ្វរះ បាយាទ៑ អយំ អក្ឞីណសម្បទះ
(២). យុឞ្មាន អឝក្យនិទ៌្ទេឝ ប្រភាវាតិឝយោទយះ។
ស្លោកទី ២.
(៣). វិក្រមាវជិតាម្ភោធិ បរិខាវនិមណ្ឌលះ
(៤). ឝ្រីឝានវម៌្មេត្យ អភវទ៑ រាជា វិឞ្ណុរ៑ ឥវាបរះ។
ស្លោកទី ៣.
(៥). ប្រយុក្តនយមេត្រេណ កទាចិទ៑ អវនីភុជាំ
(៦). បក្ឞច្ឆិទាបកត៌្ឫណាម៑ ពជ្រី យេន វិឝេឞិតះ។
ស្លោកទី ៤.
(៧). យោ និរាក្ឫតនិឝ្ឝេឞ កលិទុល៌្លលិតិទយះ
(៨). វណ៌្ណមុឞ្ដិរ៑ អភូទ៑ ឯកោ យុគាទិប្ឫថវីភូជាំ។
ស្លោកទី ៥.
(៩). សំខ្យាតីតតយា យស្យ ក្រតូនាំ អមរាធិបះ
(១០). ឝតក្រតុក្ឫតន៑ នាម មន្យេ ន ពហុ មន្យតេ។
ស្លោកទី ៦.
(១១). និរាធារម៑ ឥទម៑ មាភូទ៑ ទគ្ធេ កុសុមធន្វនិ
(១២). ឥតិ វិឝ្វឞ្ឫជា នូនម៑ វបុរ៑ យត្រ និវេឝិតម៑។
ស្លោកទី ៧.
(១៣). តេន ភូមិភុជា វ្យាប្ត ទិឝា មណ្ឌលកីត៌ិ្តនា
(១៤). ភ្ឫត្យោ យោ ធិក្ឫតស៑ សវ៌្វេឞ្វ ឥតិកត៌្តវ្យវស្តុឞុ។
ស្លោកទី ៨.
(១៥). ឝព្ទវៃឝេឞិកាន្យាយ សមីក្ឞសុគតាធ្វនាម៑
(១៦). ធុរិយោ លិខិតោ នេកឝាស្ត្រប្រហតវុទ្ធិភិះ។
ស្លោកទី ៩.
(១៧). កវិរ៑ វ្វាទី សុហ្ឫទ្វគ៌្គ អាត្មប្រាណាទ៑ អមន្យតា
(១៨). វិទ្យាវិឝេឞនាមា យ អាចាយ៌្យោ លោកវេទិតា។
ស្លោកទី ១០.
(១៩). ឥច្ឆតា ភក្តីម៑ ឦឝានេ ស្ថិរាញ៑ ជន្មនី ជន្មនី
(២០). តេនេហ ស្ថាបិតំ ឥទំ លិង្គំ ឝុទ្ធាភិសន្ធិនា។
ស្លោកទី ១១.
(២១). ឝាកតីថ៌ម៑ ឥតិ គ្រាមោ ទត្តិរ៑ ឦឝាយ យជ្វនះ
(២២). ភ្ឫត្យគោមហិឞារាម ក្ឞេត្រប្រវ្ឫតិបូរិតះ។
ស្លោកទី ១២.
(២៣). ទ្វិជះ បាឝុបតោ រាជ្ញាធិក្ឫតោ ទេវតាច៌្ចនេ
(២៤). ឥទន៑ ទេវកុលំ ភោក្តុំ អហ៌ត្យ អាភូតសំប្លវម៑។
ស្លោកទី ១៣.
(២៥). តេន មា វឝ្យកត៌្តវ្វំ អស្យ យត្នេន បាលនម៑
(២៦). ស្វបុណ្យស្យេវ សទ្វគ៌្គ ក្ឫតំ អាឝិឞំ ឥច្ឆតា។
ស្លោកទី ១៤.
(២៧). ទ្វារាណ៌្ណវេឞុឝាកាព្ទេ ទ្វាវិង្ឝេ បុឞ្យយោគិនិ
(២៨). ឥឞស្យ ទិវសេ សិង្ហលគ្នេ ចាយំ ស្ថិតោ ហរះ។
ស្លោកទី ១៥.
(២៩). ក្ឫតេបុណ្យាធិការេ ស្មិន្ន អថ យជ្វា ស ភូភុជា
(៣០). តមន្ទរបុរស្វាមិ ភោជកប្រវរះ ក្ឫតះ។
សេចក្តីប្រែសម្រួលជាភាសាខ្មែរទំនើប[7]
ស្លោកទី ១.
សូមឱ្យព្រះស្រីកទម្វេស្វរ ជាប្រភពនៃសេចក្តីរុងរឿងគ្មានដែនកំណត់តាមការពារនិងផ្តល់នូវសុខសុភមង្គល ដល់អ្នកជាដរាបតទៅ។
ស្លោកទី ២.
មានព្រះរាជាមួយព្រះអង្គមានព្រះបរមនាមថា ស្រីសានវម៌្ម ដែលព្រះអង្គ ប្រៀបប្រដូចបានទៅនិងតួអង្គព្រះវិស្ណុមួយអង្គ ព្រះអង្គទ្រង់បានឈ្នះដោយវីរភាពដ៏អង់អាចក្លាហាន នូវផែនដីទាំងមូល និងសមុទ្រទាំង៤។
ស្លោកទី ៣.
ដោយបានយកឈ្នះលើកងទ័ព នៃក្សត្រដែលជាសត្រូវទាំងឡាយតាមរយៈ ការប្រើឧបាយកលតែមួយគត់ ព្រះអង្គទ្រង់អស្ចារ្យលើសទេព ដែលមានហត្ថាកាន់គ្រាប់រន្ទះ(ព្រះឥន្ទ)ទៅទៀត។
ស្លោកទី ៤.
ព្រះអង្គបានរារាំងនូវការរីករាលដាលនូវអំពើអាក្រក់ (អំពើរបាបរបស់របស់ពួកកាលី) ទ្រង់បាន
ធ្វើឡើងដោយព្រះអង្គផ្ទាល់នូវសាវតារ កិត្តិនាមនៃក្សត្រ ក្នុងយុគដំបូងៗ។
ស្លោកទី ៥.
មានភាពខ្ពង់ខ្ពស់តាមរយៈការធ្វើពលីកម្មរបស់ទ្រង់ ខ្ញុំគិតថាស្តេចនៃទេពនេះមិនជាប់ពាក់ព័ន្ធច្រើននឹងតម្លៃនៃព្រះកិត្តិនាម ដែលគេផ្តល់តម្លៃឲ្យទ្រង់នូវពលីកម្មទាំង១០០របស់ទ្រង់។
ស្លោកទី ៦.
ភាពប្រាកដ មានចំពោះទ្រង់ ដោយព្រះព្រហ្មបានបង្កើតរាង្គកាយមួយ ដើម្បីឱ្យសេចក្តីសេ្នហា ដែលបានរលាយសាបសូន្យ ដោយគ្មានការគាំទ្រ។
ស្លោកទី ៧.
ព្រះរាជាអង្គនេះហើយ ដែលទ្រង់បរិបូណ៌ដោយព្រះកិត្តិនាម ធ្វើឲ្យដែនដីរបស់ទ្រង់ រីកសន្ធឹកទៅទិសទាំង៤ ហើយទ្រង់បានចាត់អ្នកបម្រើទ្រង់ម្នាក់ ឲ្យប្រតិបត្តិតាមបទបញ្ជារបស់ទ្រង់។
ស្លោកទី ៨.
ព្រះរាជាអង្គនេះ ព្រះអង្គត្រូវបានគេប្រកាសថា ជាក្សត្រមានប្រាជ្ញា មានចំណេះវិជ្ជាច្រើន ប្រៀបប្រដូចនឹងក្បួនវេយ្យាករណ៍ដូចជា វៃសេសិកៈ, ន្យាសៈ,សមីក្ស និងក្នុងព្រះពុទ្ធសាសនា។
ស្លោកទី ៩.
កវីពូកែខាងសំនួនវោហារ ដែលស្គាល់ពិភពលោក ទាំងមូល គ្រូទាំងនេះត្រូវបានគេប្រសិទ្ធិនាមថា វិទ្យាវិសេស គួរជាទីគោរពរាប់អានរបស់មិត្តភក្តិទាំងឡាយ។
ស្លោកទី ១០.
ដោយបានប៉ងប្រាថ្នា ដោយភក្តី ចំពោះព្រះឦសានស្ថិតស្ថេរទៅជាដរាប ពីសម័យកាលមួយ ទៅសម័យកាលមួយ ទ្រង់បានស្ថាបនាព្រះសិវលិង្គនេះ ដើម្បីឧទ្ទិសព្រះកាយដ៏បរិសុទ្ធរបស់ទ្រង់។
ស្លោកទី ១១.
មានគ្រាម(ស្រុក)មួយឈ្មោះថា សាកតីថ៌ ដែលសម្បូរដោយខ្ញុំបម្រើ គោ ក្របី អារាម ស្រែ ជាតង្វាយចំពោះព្រះឦសៈ។
ស្លោកទី ១២.
ព្រាហ្មណ៍ បាសុបតៈម្នាក់បានទទួលការតែងតាំងពីព្រះមហាក្សត្រ ដើម្បីបម្រើព្រះ ត្រូវមើលខុសត្រូវ រាល់ចំណូលរបស់ទេវាល័យរហូតអស់ផែនដី។
ស្លោកទី ១៣.
គាត់មិនត្រូវធ្វើអ្វីៗតាមអំណាចចិត្តទេ ក្រៅតែអំពីរការពារនូវទ្រព្យសម្បត្តិនេះ ឱ្យដូចជាសម្បត្តិរបស់គាត់ ប្រសិនបើគាត់ចង់បានការប្រទានពរតាមការសេចក្តីប្រាថ្នា។
ស្លោកទី ១៤.
នៅក្នុងឆ្នាំស.ក.កំណត់ដោយ ព្រួញ=៥ សមុទ្រ=៤ ទ្វារ=៩ ថ្ងៃទី២២ ខែឦសៈ(អស្វិន)ក្នុងរាសីខែបុស្ស សិង្ហារាសី(សិង្ហសិ្ថតនៅជើងមេឃ) ព្រះបដិមាហរិត្រូវបានសាងឡើង។
ស្លោកទី ១៥.
ការស្ថាបនានេះបានចប់ស្រេច ស្ថាបនាដោយអភិបាលក្រុងបមន្ទរបុរៈ និងភោជកធំៗ។
ជារួមមក បើពិនិត្យមើលតាមរចនាសម្ព័ន្ធរបស់ប្រាសាទ សិល្បៈ និងអត្ថន័យរបស់សិលាចារឹក យើងអាចទាញសេចក្តីសន្និដ្ឋានបានថា ប្រាសាទយាយព័ន្ធ តួប៉ម S17-6 និងប្រាសាទថ្មបាយក្រៀមចំនួន ៥ ទៀត ទំនងសាងឡើងនៅក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ និងជាសំណង់រណបនៃប្រាសាទសំខាន់នៅតួប៉មកណ្តាល ហើយអាចជាសំណង់ឧបត្ថម្ភគាំទ្រដោយលោក វិទ្យាវិសេស ជាអភិបាលក្រុងតមន្ទបុរ។ លក្ខណៈពិសេសគួរកត់សម្គាល់ខ្លាំងនោះគឺ ប្រាសាទថ្មបាយក្រៀមនេះ ទំនងសាងឡើងសម័យកាលដំបូងនៅក្នុងសិល្បៈខ្មែរ។
[1] Coédès 1952:17-18.
[2] កំ វណ្ណារ៉ា ២០១៨: ១៩។
[3] Goodall 2019: 43-51.
[4] Goodall 2019: 43-51.
[5] Coédès 1953:35, Goodall 2019: 74.
[6] Coédès 1943: 5.
[7] ប្រែសម្រួលដោយ កំ វណ្ណារ៉ា ២០១៨: ១៩។
ឯកសារយោង
កំ វណ្ណារ៉ា
២០១៨ “ប្រជុំសិលាចារឹកខេត្តកំពង់ធំ”, ភ្នំពេញ។
Cœdès Georges
1943, “Quelque précisions sur la fin du Fou-Nan” BEFEO, Tome 43, Paris.
1952, “Inscription du Cambodge” Tome 4, Hanoi puis Paris.
1953, “Inscription du Cambodge” Tome 5, Hanoi puis Paris.
Dominique Goodall
2019, Nobles, bureaucrats or strongmen? On the “Vassal Kings” or “Hereditary Governors” of pre-Angkorian city-states : Two Sanskrit inscriptions of Vidyavisesa, seventh- century governor of Tamandarapura (K.1235 and K.604), and an inscription of Sivadatta (K.1150), previously considered a son of Isanavarman I, UDAYA, No.19, Phnom Penh.
English


















