ដោយ៖ ម៉ង់ វ៉ាលី
គុកលិច គឺជាឈ្មោះដែលអ្នកស្រុកហៅសព្វថ្ងៃ ដ្បិត គុក គឺមានន័យថា “ប្រាសាទ” ហើយលិច គឺសំដៅលើប្រាសាទនេះស្ថិតនៅទិសខាងលិចភូមិ។ លោក Étinne Aymonier ហៅប្រាសាទនេះថា “តាកែវ” តែសព្វថ្ងៃឈ្មោះនេះមិនមាននរណាស្គាល់ឡើយ[1]។ ចំណែក លោក Lunet De Lajonquière ហៅប្រាសាទនេះថា “ត្នោតជុំ” [2]។ គុកលិច មានទីតាំងស្ថិតនៅភូមិត្នោតជុំទី៣ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ កន្លងមកមានអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិជាច្រើន ធ្លាប់មកសិក្សាស្រាវជ្រាវនៅប្រាសាទនេះ។ គុកលិច សង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ បែរមុខទៅទិសខាងជើង និងមានស្លាកស្នាមគូទឹកនៅទិសឦសាន។ ជាទូទៅ ប្រាសាទដែលបែរមុខទៅទិសខាងជើងមានមិនសូវច្រើនប៉ុន្មានទេ តែគេធ្លាប់ឃើញមាននៅភ្នំដា សំបូរព្រៃគុក ។ល។ លោក Lunet De Lajonquière យល់ថា គុកលិច គឺជាប្រាសាទឥដ្ឋនៅស្រុកខ្មែរដែលនៅរូបរាងល្អជាងគេ[3] (រូបទី១-៣)។
ប្រាសាទនេះ សង់ឡើងជាប្រាសាទទោលមានបួនថ្នាក់។ ថ្នាក់នីមួយៗមិនសូវមានចម្លាក់អ្វីច្រើននៅលើជញ្ជាំងប្រាសាទដូចនៅគុកជើងក្បែរនោះទេ ពោលមានតែចម្លាក់លម្អជាទ្វារបញ្ឆោតដែលមានរាងខ្ពស់ទ្រវែងគ្រប់ថ្នាក់ទាំងអស់។ ទម្រង់របៀបនេះ យើងជួបប្រាសាទច្រើននៅស.វ.ទី១០។ ក្រៅពីនេះ គឺមានតែការលម្អជាសសរផ្អោប និងហោជាងរាងទ្រនង់នាគប៉ុណ្ណោះ។ ខឿនប្រាសាទ គេរៀបថ្នាក់ៗជាសារពើសូត្រ ដែលការលម្អរបៀបនេះមានទម្រង់ដូចក្បាច់នៅសម័យមុនអង្គរដែរ។ ថ្វីត្បិតតែគុកលិចសាងអំពីឥដ្ឋក៏ពិតមែនតែគ្រឿងលម្អស្ថាបត្យកម្មសុទ្ធសឹងធ្វើឡើងអំពីថ្មភក់ ដូចជា ទ្វារ, ផ្តែរ, កំពូល, សសរពេជ្រ, បល្ល័ង្ក។ ផ្តែរទ្វារគុកលិច ទើបនឹងជ្រុះធ្លាក់មកក្រោមប្រមាណ ២០ឆ្នាំមុន តែក្បាច់លម្អនៅរក្សាទម្រង់ដើមយ៉ាងល្អប្រណីត។ ផ្នែកខាងលើនៃផ្តែរ គេលម្អដោយរូបទេពនៅក្នុងក្បាច់សន្លឹកដែលមានចំនួនសរុប២៤អង្គ។ នៅត្រង់ផ្នែកកណ្តាល គេឆ្លាក់រូបព្រះឥន្រ្ទគង់លើដំរីព្ធវ៌តមានក្បាលមួយ និងនៅអមដំរីមានរូបតោឈរចំនួនពីរខ្ជាក់ឬលេបក្បាច់បន្ទាត់ធ្នូរាងជាមែកឈើឬទំពក់កោងបន្តិច។ នៅខាងចុងសងខាងក្បាច់បន្ទាត់ធ្នូ មានឆ្លាក់រូបសត្វមករខ្ជាក់សត្វតោ ព្រមទាំងមានក្បាច់ចង្វាយអង្គរឆ្លាស់គ្នាយ៉ាងប្រណីតបំផុត។ ក្បាច់លម្អនៃផ្តែរនេះ មានទម្រង់ជាសិល្បៈរចនាបថប្រែរូប នាស.វ.ទី១០ នៅក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤-៩៦៧)[4] (រូបទី៤)។
នៅគុកលិច គេធ្លាប់រកឃើញថ្មគោលមានមុខបួន ដែលមានចារឹកអក្សរគ្រប់ទិសទាំងអស់ ហើយលោក Étinne Aymonier ធ្លាប់បានរៀបរាប់ខ្លះៗនៅក្នុងអត្ថបទរបស់លោកកាលពីឆ្នាំ១៩០០[5]។ ក្រោយមក លោក George Coedès ក៏បានបកប្រែម្តងទៀតនៅឆ្នាំ ១៩៥៤[6]។ ប៉ុន្តែ គួរឲ្យសោកស្តាយគោលចារឹកមុខបួននេះបានបាត់បង់ទៅហើយ។ គោលចារឹកនេះ ចុះបញ្ជីលេខ K.143 ចារឹកជាភាសាខ្មែរបុរាណ ដែលមុខ “ក” មានចំនួន ២៧បន្ទាត់, មុខ “ខ” មានចំនួន ២៥បន្ទាត់, មុខ “គ” មានចំនួន ២៥បន្ទាត់ និងមុខ “ឃ” មានចំនួន២២បន្ទាត់។ សិលាចារឹកនេះ ទំនងគេចារឹកឡើងមកតម្កល់នៅប្រាសាទពុំមែនពេលតំណាលគ្នានោះទេ។ ពោល គឺទំនងប្រាសាទសាងឡើងនៅក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤-៩៦៧) ប៉ុន្តែសិលាចារឹកអាចមានអាយុកាលនៅក្នុងរជ្ជកាលព្រះបាទជ័យវីរវរ្ម័ន (គ.ស.១០០២-១០០៦)។ លក្ខណៈរបៀបនេះ យើងជួបនៅប្រាសាទអំបែងនំដូចគ្នា ពោល គឺប្រាសាទសង់រាជេន្រ្ទវរ្ម័ន តែសិលាចារឹករជ្ជកាលព្រះបាទជ័យវីរវរ្ម័ន។ ខ្លឹមសារសិលាចារឹកគុកលិចនេះរៀបរាប់អំពី អ្នកសញ្ជកម្នាក់ (មេទ័ព) បានចារគោលចារឹកមួយមុខបួនរៀបរាប់រឿងរ៉ាវបោះបង្គោលព័ទ្ធដីមួយកន្លែងនៅព្រៃរំដេង។ ដីនៅព្រៃរំដេង ជាដីដែលមន្រ្តីម្នាក់មានងារជា “ម្រតាញ” បានស្នើសុំពីព្រះមហាក្សត្រយកទៅធ្វើជាដង្វាយដល់កម្រតេងជគតលិង្គបុរនិងកន្លោងកម្រតេងអញអង្វេទន្លេ តាំងពីរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន។ បន្ទាប់ពីព្រះរាជាបានប្រទានហើយ ទ្រង់បានចាត់តាំងមន្រ្តីចំនួនបួននាក់មាននាម លោញរេស លោញរាជទាស វាបគោត និងវាប…..ជាអ្នកទៅបោះបង្គោលដីនោះ ហើយកិច្ចការថ្វាយដីនេះទៅទីសាសនដ្ឋានទ្រង់បានចាត់តាំងឲ្យមន្រ្តីឈ្មោះ វាបវុ និងស្តេងបរមចាយ៌្យចាត់ចែង។ ក្រោយមក នៅរជ្ជកាលស្តេចជ័យវរ្ម័នទី៥ ព្រះរាជគ្រូបានទូលព្រះរាជាថា មន្រ្តីជាន់មុនពុំទាន់បានបោះបង្គោលដីនៅព្រៃរំដេងបានចប់សព្វគ្រប់តាមព្រះរាជបញ្ជាស្តេចអង្គមុននៅឡើយទេ។ ព្រះបាទជ័យវរ្ម័នទី៥ ទ្រង់ក៏បញ្ជាមន្រ្តីឈ្មោះ លោញហិតគត និងចៅហ្វាយស្រុកទៅព័ទ្ធដីនោះម្តងទៀត។ បន្ទាប់ពីបោះបង្គោលដីរួចរាល់ ទ្រង់បានចាត់តាំងឲ្យអស់ពួកមន្រ្តីមួយចំនួននាំគ្នាកសាងជាអាសន (ទេវស្ថាន) នៅទីនោះ។ លុះមកដល់រជ្ជកាលព្រះបាទជ័យវីរវរ្ម័ន ទ្រង់បានបញ្ជាឲ្យគេកសាងគោលចារឹកឡើងដោយបានប្រទានពរជ័យអ្នកដែលធ្វើឲ្យទេវស្ថានចម្រុងចម្រើន និងដាក់បណ្តាសាអ្នកដែលមិនគោរពទេវស្ថាននេះ។ ទ្រង់ក៏បានមានព្រះរាជបន្ទូលថា បង្គោលដីនៅព្រៃរំដេងដែលបាត់ទាំងអម្បាលម៉ាន អ្នកពាក់ព័ន្ធត្រូវធ្វើឡើងវិញ ដើម្បី…..។
ជារួមមក គុកលិច ឬហៅថាប្រាសាទត្នោតជុំខាងលិច ទំនងប្រាសាទសាងឡើងនៅក្នុងរចនាបថប្រែរូប នាស.វ.ទី១០ ក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤-៩៦៧) ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប៉ុន្តែ នៅក្នុងរជ្ជកាលព្រះបាទជ័យវីរវរ្ម័ន (គ.ស.១០០២-១០០៦) ទ្រង់បានបញ្ជាឲ្យអ្នកសញ្ជកម្នាក់យកគោលចារឹកមកតម្កល់នៅក្នុងប្រាសាទ។ ប្រការមួយគួរចាប់អារម្មណ៍ខ្លាំងនោះគឺ នៅខាងត្បូងគុកលិចមានសំណង់មួយលើកខ្ពស់ផុតពីដីប្រហែល ១ម៉ែត្រ សាងឡើងអំពីថ្មបាយក្រៀម រាងបួនជ្រុងទ្រវែង មានបណ្តោយ១៥ម៉ែត្រ, ទទឹង៨ម៉ែត្រ និងមានសន្លឹកសីមា។ សំណង់នេះ ទំនងជាឧបោសថាគារនៃព្រះពុទ្ធសាសនាថេរវាទនៅសម័យក្រោយ។ នៅប្រាសាទនេះ មិនមានការកែច្នៃជារូបព្រះពុទ្ធនៃលទ្ធិព្រះពុទ្ធសាសនាថេរវាទដូចនៅគុកជើងក្បែរនោះទេ។ អ្នកស្រុកដែលរស់នៅទីនោះ ចងចាំគ្រប់គ្នាថា នៅបរិវេណគុកលិច គឺជាវត្តចាស់ដែលពួកគាត់តែងមកធ្វើពិធីបុណ្យរៀងរាល់ឆ្នាំ ហើយក្រោយមកមានជនខិលខូចមកជីកកកាយរកវត្ថុបុរាណនៅទីនោះច្រើនដងពេក ពួកគាត់ក៏ឈប់ទៅធ្វើបុណ្យនៅទីនោះទៀតទៅ។
[1] Aymonier 1900: 352.
[2] Lajonquière 1901: 210.
[3] Lajonquière 1901: 210.
ឯកសារយោង
Aymonier, Etienne
1900, Le Cambodge: Le Royaum Actuel. Paris. Ernest Leroux.
Boisselier, Jean
1966, “Asie du Sud-Est, Le Cambodge ”, Tome I, Paris.
Coedès, George
1964, Inscription du Cambodge, Vol VII, Hanoi.
Lunet De Lajonquière
1902, Inventaire descriptive des monuments du Cambodge, Tome I, Paris.
English















