ដោយ៖ ម៉ង់ វ៉ាលី
យ៉ាងហោចណាស់ គេឃើញមានផ្តែរចំនួន ៣ ផ្ទាំងនៅស.វ.ទី៧ ដែលមានចម្លាក់បង្ហាញអំពីអ្នករាំ និងអ្នកប្រគុំភ្លេងជាច្រើននាក់តម្រៀបគ្នាជាជួរ រួមមាន ផ្តែរទ្វារខាងលិចនៃប្រាសាទយាយព័ន្ធ (S1) (រូបលេខ១) ផ្តែរទ្វារមកពីថាឡាបរិវ៉ាត់ (រូបលេខ២) និងផ្តែរទ្វារវត្តមហរ (រូបលេខ៣)។ ចម្លាក់បង្ហាញអ្នករាំ និងតន្រ្តីករទាំងនេះ ប្រាកដជាសិល្បករចង់បង្ហាញអំពីអត្ថន័យអ្វីមួយជាក់មិនខាន។ នៅក្នុងឆ្នាំ២០២២ លោកស្រី Swati Chemburkur បានទាញសេចក្តីសន្និដ្ឋានថា អ្នករាំ និងអ្នកប្រគុំភ្លេងទាំងនេះ ទំនងជាអ្នកបួសនៅក្នុងព្រហ្មញ្ញសាសនា លទ្ធិព្រះឥសូរ ក្នុងនិកាយមួយដែលគេស្គាល់ឈ្មោះថា “បាសុបត” ្មញ្ញសាសនា លទ្ធិនាសម័យនោះ ដែលពួកងរាជការខ្មែរនាសម័យនោះ។ បែបសិវ ធី្វារវត្តមហរ (រក្សាទុកនៅចនៃប្រាសាទយាយព័ន្ធ ហើយអ្នកបួសទាំងនេះគឺជាអ្នកចាត់ចែងកិច្ចពិធីសាសនាបែបសិវនៅក្នុងរាជការខ្មែរនាសម័យនោះ។ តើអ្វីទៅជានិកាយបាសុបត? តើហេតុផលដែលលោកស្រី Swati Chemburkur សន្និដ្ឋានខាងលើនេះអាចសមហេតុផលត្រឹមកម្រិតណា?
បាសុបត គឺជានិកាយដ៏ចំណាស់មួយក្នុងចំណោមនិកាយចំនួន ៤ នៅក្នុងប្រព័ន្ធសិវនិយម នៃលទ្ធិព្រហ្មញ្ញសាសនា ដែលកើតឡើងនៅស្រុកឥណ្ឌារវាងស.វ.ទី២នៃគ្រឹស្តសករាជ។ ប្រព័ន្ធទស្សនវិជ្ជានៃនិកាយបាសុបតមានចំនួន ៥ យ៉ាង ហៅថា បញ្ចាថ៌-វិទ្យា (Paňcārtha-Vidyā) រួមមាន កាយ៌ (ផល ឬឥទ្ធិពល), ករន (ហេតុ), យោគ, វិធិ និងទុខាន្ត។ យោងទៅលើគម្ពីរ បាសុបតសូត្រ (Pāśupatasūtra) បានរៀបរាប់ថា អ្នកបួសនៅក្នុងនិកាយនេះ ត្រូវតែសំអាតខ្លួនជាមួយផេះក្នុងមួយថ្ងៃបីដង ត្រូវដេកជាមួយផេះ ត្រូវងូតទឹកបន្ថែមដោយផេះ ត្រូវស្លៀកសម្លៀកបំពាក់តែមួយ (ស្លៀកសំពត់) បួងសក់ឡើងលើ និងសៀតផ្កាដែលគេថ្វាយដល់ទេព។ អត្ថបទនេះក៏រៀបរាប់បន្ថែមថា ពួកគេត្រូវស្នាក់នៅក្នុងប្រាសាទដែលជាកន្លែងដ៏ពិសិដ្ឋរបស់ព្រះមហេសូរ ហើយនៅបម្រើព្រះតាមរយៈការផ្តល់ជូនសំណើច ការច្រៀង ការរាំ ការបង្កើតសំឡេងផ្សេងៗ ការស្មឹងស្មាតធម៌ក្នុងចិត្ត និងការសូត្រមន្រ្ត (mantra)។ ចំណែក នៅក្នុងអត្ថបទ គណការិកា (Gaṇakārikā) វិញ បានរៀបរាប់ថា ព្រាហ្មណ៍ បាសុបត ត្រូវដើរចូលទៅក្នុងបរិវេណប្រាសាទបន្ទាប់ពីងូតទឹកជាមួយផេះរួចរាល់ បន្ទាប់មកត្រូវសូត្រធម៌ ហើយក្រាបថ្វាយបង្គំដល់ព្រះសិវ។ បន្ទាប់មកទៀត ពួកគេត្រូវដើរចូលទៅក្នុងប្រាសាទ ដោយលត់ជង្គង់ខាងស្តាំរូបសំណាកព្រះសិវ ដោយត្រូវសើចឱ្យខ្លាំង ច្រៀង រាំ បង្កើតសំឡេង ហុឌុក្ការ (huḍukkāra) ដែលមានលក្ខណៈដូចនឹងសំឡេងសត្វគោ ដោយប្រើប្រាស់ចុងអណ្តាតជាមួយក្រអូមមាត់។ លើសពីនេះ ពួកគេត្រូវដើរប្រទក្សិណជុំវិញព្រះអាទិទេពចំនួនបីជុំ ហើយត្រូវគោរពព្រះដោយផ្តោតអារម្មណ៍តែម្យ៉ាងគត់ទៅលើព្យាង្គដែលត្រូវសូត្រ។ អ្វីដែលគួរកត់សម្គាល់នោះគឺ ពួកគេត្រូវរស់នៅជាធម្មតាជាមួយមនុស្ស និងត្រូវសំដែងអាកប្បកិរិយាអាក្រក់ និងកាយវិការមិនសមរម្យផ្សេងៗ ដូចជា ការធ្វើពុតជាដេកលក់ ការធ្វើពុតជាមនុស្សខ្វិនឬពិការ ការផឹកស្រាច្រើន ឬការក្លែងបន្លំខ្លួនជាមនុស្សស្រីជាដើម។
យោងតាមសិលាចារឹកសំខាន់ៗចំនួន ២ ផ្ទាំងនៅស.វ.ទី៧ ពោល គឺសិលាចារឹកប្រាសាទយាយព័ន្ធ (សំបូរព្រៃគុក) K.604 និងសិលាចារឹកភ្នំព្រះវិហារ (ខេត្តកំពង់ឆ្នាំង) K.733 បានបង្ហាញភស្តុតាងមួយដ៏ជឿជាក់ថា នៅក្នុងរាជការខ្មែរនាស.វ.ទី៧ គឺមានពួកអ្នកបួស ឬពួកព្រាហ្មណ៍ បាសុបតនៅបម្រើការឱ្យព្រះមហាក្សត្រខ្មែរពិតប្រាកដមែន ជាពិសេស គឺក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) និងព្រះបាទភវវរ្ម័នទី២ (គ.ស.៦៣៧-៦៥៧)។ តាមរយៈការសិក្សារបស់លោក Wolters យល់ឃើញថា ពួកព្រាហ្មណ៍ទាំងនេះជាមនុស្សមានចំណេះដឹងខ្ពង់ខ្ពស់ ទទួលបានការសព្វព្រះទ័យពីព្រះមហាក្សត្រខ្មែរ ហើយជានិច្ចកាលព្រះរាជាតែងតែបញ្ជាឱ្យពួកគេមើលថែសំណង់សាសនានៅក្នុងរាជធានី ព្រមទាំងស្តេចបានប្រទានអំណោយជាដីធ្លីដល់ពួកគេកាន់កាប់ថែមទៀតផង។ ការសន្និដ្ឋានរបស់លោកស្រី Swati Chemburkur ដូចរៀបរាប់ខាងលើ គឺលោកស្រីពិចារណាទៅលើចម្លាក់នៅផ្តែរទ្វាររូបលេខ៣ ដែលរកឃើញនៅវត្តមហរ (បារាំងហៅវត្តអង្គខ្នារ, សព្វថ្ងៃរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា) ដែលបានបង្ហាញអំពីតួអង្គព្រាហ្មណ៍ជាច្រើននាក់ (ជិត ៣០ នាក់) កំពុងស្ថិតនៅក្នុងពិធីសាសនាអ្វីមួយ។ លោកស្រីយល់ថា តួអង្គកណ្តាលនៃចម្លាក់ដែលកំពុងអង្គុយនៅលើជើងទម្រ គឺជាព្រះរាជាខ្មែរនាស.វ.ទី៧ ហើយព្រាហ្មណ៍ទាំងអស់ដែលកំពុងធ្វើពិធីស្រង់ទឹក ឬពិធីអភិសេក គឺជាអ្នកបួសនៃនិកាយបាសុបត។ ការយល់ដូច្នេះ ក៏ដោយសារតែរូបចម្លាក់ទាំងនោះបង្ហាញអំពីតួអង្គទាំងអស់ស្លៀកពាក់ជាសម្លៀកអ្នកបួស (សម្លៀកបំពាក់ព្រាហ្មណ៍) និងមានបួងសក់ឡើងទៅលើ។ ជាពិសេសនោះ គឺតួអង្គទាំងនោះមានទាំងអ្នកប្រគុំឧបករណ៍តន្រ្តី និងមានទាំងអ្នករាំ ដែលលោកស្រីគិតថាវាមានភាពស៊ីគ្នាជាមួយនឹងការប្រណិប័តន៍ប្រចាំថ្ងៃរបស់ព្រាហ្មណ៍នៃនិកាយបាសុបត ដ្បិតដូចរៀបរាប់ខាងលើមកហើយថា អ្នកបួសនៃនិកាយនេះ ចូលចិត្តរាំ ច្រៀង ប្រគុំតន្រ្តី និងសើច។
ទោះបីជាយ៉ាងណា យើងពុំមានភស្តុតាងណាមកបញ្ជាក់ឱ្យច្បាស់ថា រូបឥស្សរជនដែលនៅចំកណ្តាលផ្តែរទ្វារវត្តមហរ (វត្តអង្គខ្នារ) ពិតជាព្រះរាជានោះឡើយ។ ចំពោះ រូបឥស្សរជននេះ ខ្ញុំធ្លាប់បានទាញសេចក្តីសន្និដ្ឋាននៅក្នុងអត្ថបទមុនម្តងរួចមកហើយថា ខ្ញុំគិតថារូបឥស្សរជននៅចំកណ្តាលផ្តែរនោះគឺជាព្រះសិវក្នុងទម្រង់ជា “កបាលិន” ដែលជារូបភាពមួយរបស់ព្រះសិវនៅពេលតែងខ្លួនជាព្រាហ្មណ៍វ័យក្មេង ហើយដើរសុំទាននៅក្នុងព្រៃស្រល់ នៅក្នុងពេលធ្វើដំណើរទៅកាន់នគរពារាណសី ដើម្បីស្រង់ទឹកទន្លេគង្គាលាងជម្រះបាបកម្មនៅពេលដែលទ្រង់បានកាត់ព្រះសិរមួយរបស់ព្រះព្រហ្ម។ នៅក្នុងករណីនេះ យើងគិតថា ការអះអាងរបស់លោកស្រី Swati Chemburkur ដែលយល់ថាអ្នករាំ និងតន្រ្តីករដែលបង្ហាញនៅលើផ្តែរទ្វារវត្តមហរ គឺជាព្រាហ្មណ៍បាសុបត គឺអាចទៅរួច ប៉ុន្តែខ្ញុំគិតថាពួកគេជាព្រាហ្មណ៍បាសុបតដែលកំពុងបង្ហាញនៅក្នុងរឿងទេវកថា (រឿងការបង្កើតលោកទាំងបី ឬរឿងសសរភ្លើង) ហើយពុំទំនងជាព្រាហ្មណ៍បាសុបតនៅក្នុងជួររាជការខ្មែរនោះឡើយ បើទោះបីភស្តុតាងសិលាចារឹកបានអះអាងថាព្រាហ្មណ៍និកាយនេះពិតជាបានមកបម្រើការងារនៅក្នុងរាជការខ្មែរពិតប្រាកដក៏ដោយ។
ជារួមមក ចម្លាក់អ្នករាំ និងអ្នកភ្លេងដែលបានបង្ហាញនៅលើផ្តែរទ្វារនាស.វ.ទី៧ ទាំងបីផ្ទាំងដូចជម្រាបជូនខាងលើ ទំនងជារូបភាពក្នុងរឿងទេវកថាណាមួយ ដែលបង្ហាញអំពីពួកព្រាហ្មណ៍និកាយបាសុបតកំពុងរាំច្រៀងសប្បាយតាមបែបប្រពៃណីរបស់ពួកអ្នកបួសនិកាយនេះដូចមានចែងនៅក្នុងគម្ពីរបាសុបតសូត្រ និងគម្ពីរគណការិកា ដោយយោងទៅលើការបួងសក់ និងរបៀបនៃការស្លៀកពាក់ និងការសំដែងអាកប្បកិរិយារបស់ពួកគេ។ យ៉ាងណាក៏ដោយ ការសន្និដ្ឋាននេះនៅមានចំណុចខ្វះខាតជាច្រើនទៀត ដែលត្រូវសិក្សាស្រាវជ្រាវបន្តទៀតនៅពេលក្រោយ។
ឯកសារយោង
Bakker, H.T. 2019. ‘Origin and Spread of the Pāśupata Movement about Heracles, Lakulīśa and Symbols of Masuclinity’, in Where Art and Text Meet, Studies in the Cultural History of India, available online in https://www.jstor.org/stable/10.1163/j.ctv2gjwvf9.32
Ben, W. 2018. Seeing the ‘Foreigner’ In the Art of Early Southeast Asia c. 1000 BCE – c. 900 CE, Thesis submitted for the degree of PhD, SOAS University of London.
Bhandarkar, R.G. 1931-32. (ed. and trans). ‘Mathura Pillar Inscription of Chanragupta II, G.E. 61’, Epigraphia Indica, XXI, pp.1-9.
Bhattacharya, K. 1955. ‘La secte des Pāçupata dans l’ancient Cambodge’ Journal Asiatique, 243/4: 480-487.
Chakraboti, H. 1969. Pāśupata Sūlram ; Samuel Beal, Buddhist Records of the Western World, reprint ed. (Delhi: Oriental Books Reprint Corp., 1969), under “Pāśupata” and in Book II, pp. 310-11.
Chemburkur, S. 2022. ‘Dancers, Musicians, Ascetics, and Priests: Performance-Based Saiva Worship and its Development in the Temple Cults of Angkor’, in Andrea Acri and Peter Sharrock (eds.), The Creative South, Buddhist and Hindu Art in Mediaeval Maritime Asia, pp.192-221, Volume 1.
Cecil, E.A. 2020. ‘Seeking the ‘Lord with a Club’: Encountering Lakulīśa in the Pāśupata Landscape’, in Mapping the Pāśupata Landscape, available online in
https://www.jstor.org/stable/10.1163/j.ctv2gwz5m.10
Chimanlal, D.D. (eds.) 1966. Gaṇakārikā of Āchārya Bhāsarvajňa, Oriental Institute, Baroda.
Chemburkur, S. and Kapoor, S. 2018. ‘Pāśupata Sect in Ancient Cambodia and Champa: Art Historical Evidence’, in Vô Vân Thâng and Peter D. Sarrock (eds.), Masterpiece of the Da Nang Museum of Cham Sculpture, pp. 45-57, Bangkok: River Books.
Choubey, M.C. 1997. Lakulīsa in Indian Art and Culture, Delhi: Sharada Publishing House.
English














