ដោយ៖ ម៉ង់ វ៉ាលី
ប្រាសាទទួលគុក មានទីតាំងស្ថិតនៅភូមិប្រខ្នាយ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ១៣គីឡូម៉ែត្រ ប៉ែកពាយព្យប្រាសាទគុកនគរ និងជាទីប្រជុំជនបុរាណដ៏សំខាន់មួយនៅប៉ែកខាងត្បូងរាជធានីយសោធរបុរ(តំបន់អង្គរ)។ តំបន់នេះប្រជុំដោយស្ថានីយបុរាណជាច្រើន ដែលស្ថិតនៅតាមបណ្តោយផ្លូវបុរាណចេញពីតំបន់អង្គរឆ្ពោះទៅប៉ែកខាងត្បូងប្រទេស ដូចជា ប្រាសាទគុកនគរ ប្រាសាទគុកបារេង ប្រាសាទខ្នារ ប្រាសាទស្រះសំបួរ ប្រាសាទគុកព្រះធាតុ ប្រាសាទវត្តបារាយណ៍ ប្រាសាទវត្តបាណក ។ល។ ប្រាសាទទួលគុក អាចចាត់ទុកថាជាប្រាសាទដែលមានរូបរាងល្អលំដាប់ទី២នៅក្នុងស្រុកតាំងគោក បន្ទាប់ពីប្រាសាទគុកនគរ។ តើប្រាសាទទួលគុក មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?
ឈ្មោះ “ទួលគុក” មានន័យថា “ទួលប្រាសាទ” ព្រោះ “គុក” ជាពាក្យដែលខ្មែរហៅសំដៅដល់សំណង់ប្រាសាទដែលច្រើនមានរាងតូចៗជាសំណង់ទោល។ ដូច្នេះហើយ មានន័យថា ប្រាសាទនេះគេពុំស្គាល់ឈ្មោះដើម ឬមានឈ្មោះថ្មីសម្រាប់ហៅឡើយ ហើយការដែលហៅថា “ទួលគុក” គ្រាន់សំដៅដល់ដីខ្ពស់មួយដែលមានប្រាសាទ។ រីឯឈ្មោះដើមយ៉ាងណានោះ គេមិនស្គាល់ឡើយ ដ្បិតប្រាសាទនេះក៏មិនមានសេសសល់សិលាចារឹកនោះដែរ។ នៅរវាងចុងស.វ.ទី១៩និងដើមស.វ.ទី២០ ប្រាសាទទួលគុក ហាក់ស្ថិតនៅឆ្ងាយពីក្រសែភ្នែកអ្នកស្រាវជ្រាវជនជាតិបារាំងដែលបានមកចុះបញ្ជីសារពើភណ្ឌបេតិកភណ្ឌខ្មែរ ហើយនៅសម័យក្រោយក៏មិនមានអ្នកធ្លាប់សិក្សាស្រាវជ្រាវច្រើននោះដែរ។ ជាក់ស្តែង មានតែការរៀបរាប់ដោយសង្ខបក្នុងសៀវភៅបញ្ជីបុរាណដ្ឋាននៅក្នុងខេត្តកំពង់ធំ ដែលចុះបញ្ជីដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសាលាបារាំងចុងបូព៌ាប្រទេស ហៅកាត់ថា “CISARK” កាលពីឆ្នាំ២០០៨ និងការសិក្សាបន្ថែមខ្លះៗដោយលោក សំ សុខឃីម កាលពីឆ្នាំ២០០១៩។
ប្រាសាទទួលគុក ជាសំណង់ទោលដ៏តូចច្រឡឹងមួយមានរាងបួនជ្រុងស្មើប្រវែង៣ម៉ែត្រ កសាងឡើងអំពីថ្មបាយក្រៀម បែរមុខទៅទិសខាងកើត ហើយបាក់បែកផ្នែកខាងលើអស់ នៅសល់ត្រឹមពាក់កណ្តាលប៉ុណ្ណោះ។ អ្នកស្រុកដែលរស់នៅតំបន់នេះបានបញ្ជាក់ថា កាលដែលជនទុច្ចរឹតមិនទាន់ជីកកកាយស្វែងរកវត្ថុមានតម្លៃនៅប្រាសាទនេះ គេឃើញមានទួលតូចមួយស្ថិតនៅក្បែរត្រង់ប៉ែកអាគ្នេយ៍ទួលប្រាសាទបច្ចុប្បន្ន។ យោងទៅតាមសំណល់ឥដ្ឋដែលកំពុងស្ថិតនៅរាយប៉ាយជុំវិញទួលប្រាសាទថ្មបាយក្រៀម យើងអាចសនិ្នដ្ឋានថា រចនាសម្ព័ន្ធដើមរបស់ប្រាសាទទួលគុកប្រហែលជាមានសំណង់ហោត្រៃ (អគ្និគ្រឹះ) មួយទៀត ដែលធ្វើអំពីឥដ្ឋ ស្ថិតនៅត្រង់ប៉ែកអាគ្នេយ៍ប្រាសាទ។ ក្រៅពីនេះ ប្រាសាទទួលគុក មានផ្លូវចូលពីទិសខាងកើត ហ៊ុមព័ទ្ធដោយកំពែងថ្មបាយក្រៀម និងកសិន្ធុទឹកដែលតំណាងឱ្យមហាសមុទ្រស្ថិតនៅព័ទ្ធជុំវិញភ្នំព្រះសុមេរុ។ នៅប៉ែកខាងកើតប្រាសាទប្រមាណ៧០ម៉ែត្រ មានត្រពាំងធំមួយដែលអ្នកស្រុកហៅថា “ត្រពាំងសួង” ដែលមានបណ្តោយប្រវែង៧០ម៉ែត្រ និងទទឹងប្រមាណ៤០ម៉ែត្រ។
ប្រាសាទទួលគុកមានខ្លោងទ្វារចូលធ្វើអំពីថ្មភក់ដែលគេកាត់ថ្មចេញជាបញ្ឆិតផ្គុំបញ្ចូលគ្នាបង្កើតជាស៊ុមទ្វារ ក្នុងទម្រង់ដែលគេស្គាល់ទូទៅនៃស៊ុមទ្វារសម័យអង្គរ។ នៅខាងលើស៊ុមទ្វារនេះមាននៅសល់ផ្តែរទ្វារដ៏ស្រស់ស្អាតមួយធ្វើអំពីថ្មភក់ និងអមសងខាងដោយសសរពេជ្ររាងប្រាំបីជ្រុងដែលធ្វើអំពីថ្មភក់ដូចគ្នា។ ផ្តែរទ្វារប្រាសាទទួលគុក លម្អដោយក្បាច់បន្ទាត់ធ្នូមានរាងដូចមែកឈើផ្តេក ដែលនៅខាងចុងលម្អដោយចង្វាយក្បាច់អង្គរនិងមានចម្លាក់ទេពប្រណម្យនៅខាងលើចង្វាយក្បាច់នោះ។ រីឯនៅត្រង់ពាក់កណ្តាលផ្តែរទ្វារ មានចម្លាក់ព្រះឥន្រ្ទកំពុងកាន់វជ្រះបាញ់គ្រាប់រន្ទះនៅខាងលើដំរីក្បាលបីដែលមានឈ្មោះថាព្ធវ៌ត ហើយអមសងខាងដំរីដោយចម្លាក់សត្វតោកំពុងឈរខ្ជាក់ក្បាច់កម្រងផ្កា។ នៅផ្នែកខាងលើបង្អស់នៃផ្តែរទ្វារ មានចម្លាក់រូបទេពកំពុងលើកដៃប្រណម្យតម្រៀបគ្នាជាជួរចំនួន ១៥ អង្គ ដែលនេះជានិម្មិតរូបបញ្ជាក់ឱ្យឃើញថា ទេពទាំងនោះកំពុងស្ថិតនៅស្ថានសួគ៌ ដែលមានព្រះឥន្រ្ទគឺជាស្តេចនៃស្ថានសួគ៌នោះ។ ផ្នែកខាងក្រោមរបស់ផ្តែរវិញ មានភាពសឹករិចរឹលជ្រះអស់ក្បាច់មួយចំនួន ប៉ុន្តែយើងអាចនៅមើលយល់ថាជាចង្វាយក្បាច់ភ្ញីទេសដែលយើងឃើញជាទូទៅនៅស.វ.ទី១០។ ផ្តែរទ្វារនេះមានលក្ខណៈចម្លាក់ដូចគ្នាទៅនឹងផ្តែរទ្វារប្រាសាទត្នោតជុំខាងលិច (ស្រុកបារាយណ៍ ខេត្តកំពង់ធំ) និងផ្តែរទ្វារប្រាសាទភ្នំត្រប់ (ស្រុកបាធាយ ខេត្តកំពង់ចាម) ដែលគេអាចចាត់ថ្នាក់ថាជាផ្តែរទ្វាររចនាបថប្រែរូប ស្ថិតនៅរវាងពាក់កណ្តាលស.វ.ទី១០ ក្នុងរជ្ជកាលព្រះបាទស្រីរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤ – ៩៦៧)។ ចំណែក សសរពេជ្ររាងប្រាំបីជ្រុងនៃប្រាសាទទួលគុកវិញ មានជ្រុងនីមួយៗលម្អដោយក្បាច់ស្លឹកឈើធំមួយ អមដោយសន្លឹកឈើពាក់កណ្តាល និងនៅសងខាងក្បាច់វ័ណ្ឌមានឆ្លាក់ក្បាច់រុក្ខជាតិផ្សេងៗស្កេកស្កះដែលមើលទៅដូចជាថ្នាំងអំពៅ។
ប្រាសាទទួលគុក ពុំមានសិលាចារឹកបន្សល់ទុកឱ្យយើងសិក្សាអំពីប្រវត្តិ និងតួនាទីដើមនោះឡើយ។ ហេតុដូច្នេះហើយ ដើម្បីកំណត់អាយុកាលរបស់ប្រាសាទបាន យើងពឹងទៅលើការសិក្សាប្រៀបធៀបប្លង់ទូទៅ ក្បាច់លម្អផ្តែរទ្វារ និងក្បាច់លម្អសសរពេជ្រ។ ផ្តែរទ្វារ និងសសរពេជ្រ បញ្ជាក់ឱ្យឃើញថា អាយុកាលរបស់ប្រាសាទនេះ គឺអាចចាត់ថ្នាក់ជារចនាបថប្រែរូប ដូចទៅនឹងប្រាសាទជាច្រើនទៀតនៅប្រទេសកម្ពុជា ដូចជា ប្រាសាទប្រែរូប ប្រាសាទមេបុណ្យខាងកើត ប្រាសាទត្នោតជុំខាងលិច ប្រាសាទភ្នំត្រប់ ប្រាសាទបាក់រូង ។ល។ ពោល គឺជាសំណង់ដែលអាចស្ថិតនៅក្នុងរជ្ជកាលព្រះបាទស្រីរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤ – ៩៦៧) ហើយដោយសារភស្តុតាងតិចតួចពេកយើងមិនអាចកំណត់ថា ប្រាសាទនេះឧទ្ទិសដល់ព្រហ្មញ្ញសាសនា ឬព្រះពុទ្ធសាសនានោះឡើយ។
ឯកសារយោង
ម៉ង់ វ៉ាលី ២០២១. កំពង់ធំ ប្រវត្តិសាស្រ្ត និងប្រាសាទបុរាណ ភ្នំពេញ។
សំ សុខឃីម ២០១៩. ស្ថានីយបុរាណនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ សារណាបញ្ចប់បរិញ្ញាបត្របុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ភ្នំពេញ។
Boisselier, J. 1966, Asie du Sud-Est, Le Cambodge, Tome I, Paris.
English






















