DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
November 6, 2025
in ឡើងអ្នកតា
0

ដោយ៖ ម៉ង់ វ៉ាលី, អាន រស្មី, ស្រី សមប៊ុនណារ៉ុង

គាំទ្រដោយ៖ UNESCO Participant Programme 2024-2025

 

អ្នកតា គឺជាអមនុស្សដែលខ្ពង់ខ្ពស់ជាងគេនៅក្នុងសហគមន៍។ គេចាត់ទុក អ្នកតា គឺជាដីផង និងមនុស្សផង​។ អ្នកតាជាបុព្វបុរសដែលបានចូលរានព្រៃកជាស្រុក ដែលអាចបង្កបង្កើនជាភោគផលកសិកម្ម ហើយមនុស្សអាចទាញយកភោគផលច្រើនជំនាន់តគ្នាលើដីនោះ (អាំង ជូលាន ២០០០)។ ម្ល៉ោះហើយ ជារៀងរាល់ឆ្នាំ គេតែងធ្វើពិធីដ៏សំខាន់មួយហៅថា “ឡើងអ្នកតា” ឬ “ឡើងលោកតា” (តំបន់ខ្លះហៅថា​ “ឡើងមាឃ” ឬ “សុំទឹកភ្លៀង”)។ គេប្រារព្ធពិធីនេះឡើង​ដើម្បីផ្តល់កិត្តិយស​ អំណាច និងសេចក្តីដឹងគុណចំពោះអ្នកតា ដែលជាមេកើយរបស់ស្រុក។ អ្នកតា​ ជាអ្នកដែលបានផ្តល់នូវទឹកភ្លៀងពេញបរិបូណ៌សម្រាប់ស្រោចស្រពដំណាំកសិកម្មនៅឆ្នាំចាស់ ទើបអ្នកស្រុករៀបចំពិធីនេះនៅពេលប្រមូលផលស្រូវចប់សព្វគ្រប់។ តាមរយៈកិច្ចនេះ អ្នកស្រុកអាចមានសិទ្ធិជួបឆ្លើយឆ្លងជាមួយអ្នកតា តាមរយៈកិច្ចបញ្ជាន់រូប។ ជាពិសេស គឺប្រាប់អំពីកង្វល់របស់ពួកគេពាក់ព័ន្ធនឹងរឿងកសិកម្ម ក្នុងគំនិតសូមឱ្យវដ្តស្រូវថ្មី ឬរដូវស្រូវថ្មីនេះ មានភ្លៀងពេញបរិបូណ៌ បង្កឱ្យស្រូវកើតកាលវាលគុម្ព (លូតលាស់បានល្អ)។ ព្រមជាមួយគ្នានេះ វាជាឱកាសមួយដែលមនុស្សអាចពឹងពាក់កម្លាំងថាមពលអ្នកតាក្នុងការបណ្តេញនូវរាល់អស់ឧបទ្រពចង្រៃដែលមាននៅក្នុងស្រុក ហើយសូមជួបតែសេចក្តីសុខសប្បាយ និងភោគផលសម្បូណ៌ហូរហៀរ។

ទីកន្លែងប្រារព្ធពិធីទៀតសោត ពុំអាចឃ្លាតចាកឆ្ងាយពីខាងមុខខ្ទមអ្នកតាបានឡើយ។ គ្រប់ភូមិទាំងអស់នៅក្នុងតំបន់ដែលយើងបានចុះសិក្សាស្រាវជ្រាវ សុទ្ធតែមានខ្ទមអ្នកតាដូចគ្នា។ ខ្លះធ្វើអំពីឈើ និងខ្លះទៀតធ្វើអំពីបេតុង ហើយច្រើនតែប្រក់ស័ង្កសី (រូបលេខ១)។ ភូមិខ្លះមានខ្ទមអ្នកតាលើសពីមួយ ប៉ុន្តែ គេមិនរៀបចំពិធីឡើងអ្នកតាទាំងអស់​ឡើយ។ គេច្រើនតែធ្វើពិធីឡើងធំដុំចំពោះអ្នកតាណាមួយដែលគេជឿថា មានឫទ្ធិអំណាចធំជាងគេ ឬជាមេកើយរបស់ស្រុក។ ក្រៅពីនេះ អ្នកតាមួយចំនួនទៀត គេគ្រាន់តែធ្វើកិច្ចសែនព្រេនតិចតួចក៏មាន។

 

ហេតុអ្វីបានជាអ្នកស្រុកជ្រើសរើសខ្ទមអ្នកតាជាទីតាំងប្រារព្ធកិច្ច​ពិធីឡើងអ្នកតានេះឡើង?

លោក​ ម៉ៅ សិទ្ធិប៊ុណ្ណាវឌ្ឍន៍ (២០១៥:២០-៤០) ពន្យល់ថា ការដែលអ្នកស្រុកប្រារព្ធពិធីនេះនៅខាងមុខខ្ទមអ្នកតា គឺមកពីមុខងារ និងតួនាទីរបស់អ្នកតាជាប់ពាក់ព័ន្ធជាមួយរឿងស្រែ (ដីដែលនៅក្រៅភូមិ) ព្រោះអ្នកតាជាទីប្រជុំភោគផល និងជាលំនឹងភោគផលកសិកម្ម។ ថាមពលដែលផ្តុំនៅអ្នកតានោះ មិនអាច​សាយភាយដោយខ្លួនឯងបានឡើយ ដរាបណាគ្មានមនុស្សទៅធ្វើអន្តរាគមន៍។ ម្ល៉ោះហើយ ទើបបានមនុស្សទៅធ្វើកិច្ចនៅទីនោះ ពោល គឺមានន័យថា អ្នកតាគឺជាអ្នកធានារឿងភោគផល រីឯមនុស្សជាអ្នកទាញថាមពលពីអ្នកតា។ ការទាញនេះទៀតសោត គេត្រូវមានកិច្ចមួយក្នុងគោលបំណងឱ្យថាមពលអ្នកតាអាចសាយភាយពាសពេញស្រែអ្នកស្រុក ដើម្បីទទួលបាន​មកវិញនូវភោគផលស្រូវពេញបរិបូណ៌។ ដូចបញ្ជាក់ខាងលើថា អ្នកតាតំណាងឱ្យដីដាំដុះដំណាំកសិកម្ម ទើបគេទៅធ្វើនៅមុខខ្ទម ឬខ្លះធ្វើដាក់ថ្មនៅក្នុងខ្ទមអ្នកតា ប្រៀបដូចជាការសាបព្រោះពូជ​ដំណាំទៅក្នុងដីស្រែដូច្នេះដែរ (ម៉ៅ សិទ្ធិប៊ុណ្ណាវឌ្ឍន៍ ២០១៥:៣៥)។

រូបលេខ១៖ ខ្ទមអ្នកតា​ទ្វារនៅភូមិសំបូរ

 

១. អ្នកចូលរួម

កិច្ចនេះមិនអាចប្រព្រឹត្តទៅបានឡើយ ប្រសិនបើគ្មានមនុស្សទៅចូលរួម។ ដ្បិត មនុស្សជាអ្នកផ្តើមរៀបចំកិច្ចនេះឡើង និងជាអ្នកទាញថាមពលពីអ្នកតា។ អ្នកចូលរួមនៅក្នុងកិច្ចឡើងអ្នកតា រួមមាន ចៅមឿង រូបស្នង ស្នំ អ្នកភ្លេង និងកូនស្រុកកូនស្រែ (រូបលេខ២)។

រូបលេខ២៖ ទិដ្ឋភាពឡើងអ្នកតានៅភូមិល្វា

តើចៅមឿងជានរណា?

ចៅមឿង សំដៅលើមនុស្សប្រុសចាស់ៗដែលយល់ដឹង និងចេះចាត់ចែងកិច្ចផ្សេងៗ ដើម្បីឱ្យពិធីទាំងមូលអាចប្រព្រឹត្តទៅជាប្រក្រតី។ មុខងារ និងតួនាទីរបស់ចៅមឿងប្រៀបដូចទៅនឹងអាចារ្យដែរ។ ប៉ុន្តែ ចៅមឿងមិនមែនកើតចេញពីវត្តទេ គឺកើតចេញពីការជ្រើសរើសដោយអ្នកភូមិ ឬជាតំណាងមេការ ពិធីនៅក្នុងភូមិ។ ចៅមឿង ជាពាក្យដែលខ្មែរទទួលឥទ្ធិពលពីភាសាសៀមតាំងពីសម័យកណ្តាលមកម្ល៉េះ ដែលមានន័យថា មេស្រុក មេក្រុង ឬមេខេត្ត។ ម្ល៉ោះហើយ ចៅមឿងនៅក្នុងពិធីឡើងអ្នកតា គឺប្រៀបដូចជាមេ ឬអ្នកដឹកនាំម្នាក់​ ដើម្បីរៀបចំកិច្ចទាំងមូលឡើង។ បើគ្មានចៅមឿង កិច្ចនេះឥតអាចដំណើរ​ការដោយរលូនបានឡើយ។ ជាទូទៅ នៅក្នុងភូមិមួយ ឬពិធីឡើងអ្នកតាមួយ ចៅមឿងអាចមានគ្នាលើសពីម្នាក់។ នៅក្នុងចំណោមភូមិទាំង១៥ដែលយើងបានចុះសិក្សាស្រាវជ្រាវ ឥតមានភូមិណាមួយ ដែលពុំមានចៅមឿងជាអ្នកដឹកនាំពិធីនោះឡើយ (រាប់បញ្ចូលទាំងខ្មែរ និងកួយ)។ ចៅមឿង ​សុទ្ធសឹងយល់ដឹងអំពីកិច្ចនីមួយៗយ៉ាងច្បាស់លាស់ ពោល គឺធ្វើទៅតាមអ្វីដែលបានរៀនសូត្រ និងចេះដឹងពីអ្នកជំនាន់មុនតៗគ្នា។

 

តើរូបស្នងជានរណា?

រូបស្នង ឬខ្លះហៅខ្លីថា “រូប” សំដៅលើអ្នកដែលជាយាននាំមនុស្សឱ្យស្គាល់អមនុស្ស ឬនាំអមនុស្សឱ្យចូលសណ្ឋិតក្នុងខ្លួន។ រូបស្នងមានទាំងភេទប្រុស និងភេទស្រី ដូចមានពាក្យគេនិយាយថា “គ្រូប្រុសតែជាន់រូបស្រី ឬថាគ្រូស្រីជាន់រូបស្រី”។ លក្ខណៈសម្គាល់នេះអាចជាការចំណាំមកតៗគ្នា ហើយប្រចាំសម្រាប់រូបស្នងនីមួយៗ។ នៅពេលអមនុស្សចូលសណ្ឋិត រូបស្នងខ្លះតែងផឹកស្រា ឬមូលបារីជក់ ហើយតម្រូវសម្លៀកបំពាក់ទៅតាមភេទនៃអមនុស្ស (អ្នកតា)។ រូបខ្លះទៀត បញ្ចេញកាយវិការមាយា ឬងរចុះងរឡើង ឬខឹងក្នុងគោលបំណងចង់ឱ្យគេលួង។ ត្រង់ចំណុចនេះ បង្ហាញឱ្យឃើញថា នៅពេលអ្នកតា ឬអមនុស្សចូលសណ្ឋិត​ក្នុងខ្លួនរូបស្នងហើយ គឺតែងតែបញ្ចេញឫកពាខុសពីភាពដើមរបស់សាមីខ្លួន។ រូបស្នងខ្លះទៀត តែងយកសំពត់មកស្លៀកចងក្បិន ឈ្នួតក្បាល ចងក្រវាត់ចង្កេះ ដែលជាលក្ខណៈសម្គាល់ឱ្យឃើញថា អ្នកតា ឬអមនុស្ស​ដែលចូលក្នុងខ្លួនរូបស្នង ជាភេទប្រុស។ នៅក្នុងកិច្ចឡើងអ្នកតាម្តងៗរូបស្នងម្នាក់ អាចមានអ្នកតា ឬអមនុស្សចូលមកសណ្ឋិតតិច ឬច្រើន ដែលអាចសម្គាល់បានតាមរយៈអាកប្បកិរិយា ឬឫកពាផ្សេងៗពីគ្នា។ ជួនកាល ស្នំបានសួរទៅអមនុស្សដោយផ្ទាល់ថា “តើលោកតាឈ្មោះអ្វី?” ក៏មាន។

នៅក្នុងភូមិដែលបានចុះសិក្សាស្រាវជ្រាវ រូបស្នងប្រុសក៏មាន រូបស្នងស្រីក៏មាន។ ប៉ុន្តែ យើងសង្កេតជាទូទៅឃើញថា រូបស្នងស្រី មានច្រើនជាងរូបស្នងប្រុស។ រូបស្នងប្រុស ច្រើនតែជាអ្នកជាន់រូបអ្នកតាដែលមានអំណាចខ្លាំងជាងគេ ដូចឃើញមាននៅភូមិសំបូរ ភូមិជ័យ ភូមិចុងព្រៃ និងភូមិព្រៃព្រះ។ ជាទូទៅ ភូមិនីមួយៗមានអ្នកតាច្រើន ហើយគេជឿថាអ្នកតាមានរហូតដល់ ១២១ ឯណោះ។ ប៉ុន្តែ នៅក្នុងចំណោមអ្នកតាដ៏ច្រើនសន្ធឹកសន្ធាប់នេះ តែងមានអ្នកតាដែលមានអំណាចធំជាងគេក្នុងភូមិ ដែលជាអមនុស្សគេត្រូវរៀបចំប្រារព្ធពិធីឡើងជូន។

អ្វីដែលគួរកត់សម្គាល់ រូបស្នងនីមួយៗតែងតែមានជាប់ខ្សែស្រឡាយតពីអ្នកជំនាន់មុន។ រូបខ្លះស្នងបន្តពីម្តាយ និងខ្លះទៀតស្នងបន្តពីឪពុក។ ឧទាហរណ៍ នៅភូមិចុងព្រៃ និងព្រៃព្រះ មានរូបស្នងតែម្នាក់គត់ ដែលជាមនុស្សប្រុសឈ្មោះថា “ធីម” ហើយគាត់ស្នងបន្តពីលោកពុករបស់គាត់។ មិនថាតែរូបស្នងទេដែលមានឈាមជ័រ ឬខ្សែស្រឡាយរបស់ខ្លួន សូម្បីតែអ្នកតា ឬអមនុស្សក៏មានខ្សែស្រឡាយដែរ។ ជាក់ស្តែង “តាពេជ្រ” ដែលជាអ្នកតាមានអំណាចធំជាងគេនៅភូមិជាយសំពៅ ត្រូវជាប្អូនបង្កើតរបស់ “តាម៉ុក” ជាអ្នកតាមានអំណាចធំជាងគេប្រចាំភូមិជ័យ។ តាពេជ្រ និងតាម៉ុក ត្រូវជាកូនរបស់ “យាយរាជ” និង “តាថោង”។ ម្ល៉ោះហើយ អ្នកភូមិជាយសំពៅ និងអ្នកភូមិជ័យ តែងមានជំនឿថា “ត្រូវតែរៀបចំពិធីឡើងជូនតាពេជ្រនៅភូមិជាយសំពៅដែលជាប្អូនឱ្យបានចប់សព្វគ្រប់សិន ទើបអាចរៀបចំពិធីឡើងជូនតាម៉ុកនៅភូមិជ័យដែលជាបងបាន”។ គេមានត្រណមថា ឥតអាចធ្វើពិធីឡើងជូនតាម៉ុកនៅភូមិជ័យ​បានឡើយ ដរាបណាមិនទាន់ធ្វើពិធីឡើងជូនតាពេជ្រនៅភូមិជាយ        សំពៅ។ នៅពេលប្រារព្ធពិធីឡើងតាពេជ្រ គេត្រូវអញ្ជើញអ្នកស្នងរូបតាម៉ុកពីភូមិជ័យ មកចូលរួមធ្វើជាអធិបតី។ រីឯពិធីឡើងតាម៉ុកនៅភូមិជ័យ គេត្រូវតែអញ្ជើញរូបស្នងតាពេជ្រនៅភូមិជាយសំពៅ មកចូលរួមជាអធិបតីដែរ។ ការរៀបចំពិធីឡើងជូនតាពេជ្រជាប្អូនមុនតាម៉ុកជាបងដូច្នេះ គឺជាទំនៀមដែលមានតាំងពីបុរាណមកម្ល៉េះ។ ហេតុផលនេះ ទំនងមកពីគេគិតថា “អ្នកតាដែលជាបងមានអំណាច និងឥទ្ធិពលខ្លាំងជាងប្អូន”។ ម្ល៉ោះហើយ គេត្រូវរៀបចំឱ្យប្អូន ដែលមានអំណាចទាបជាងជាមុន។ ករណីនេះ ប្រៀបដូចជាពិធីមួយចំនួននៅសម័យទំនើបដូច្នោះដែរ។ ឧទាហរណ៍ គេតែងឱ្យអ្នកមានឋានៈតូចទាបឡើងរាយការណ៍សិន ទើបអ្នកមានឋានៈខ្ពង់ខ្ពស់ដែលជាអធិបតីនៃកម្មវិធី ឡើងថ្លែងសុន្ទរកថាសំណេះសំណាលជាក្រោយ ឬប្រៀបដូចជាការកាត់ខ្សែបូរសម្ពោធអ្វីមួយ គេមិនទម្លាប់ឱ្យអ្នកមានឋានៈធំជាងកាត់ខ្សែបូរមុនឡើយ។ កាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត កាលពីប៉ុន្មានទសវត្សរ៍កន្លងទៅ ក្នុងថ្ងៃឡើងតាម៉ុកប្រចាំភូមិជ័យម្តងៗ គេតែងរៀបចំភ្លេងអារក្ស និងអ្នកហែរហមក្មេងចាស់ប្រុសស្រី ធ្វើដំណើរដោយថ្មើរជើងទៅទទួលដំណើរមកដល់របស់រូបស្នងតាពេជ្រដែលមកពីភូមិជាយសំពៅ។ ទីតាំងទទួលដំណើរតាពេជ្រ គេហៅទីនោះថា “បឹងគុម្ពោតខ្លូត” ដែលស្ថិតនៅត្រង់ព្រំ​ប្រទល់រវាងភូមិជ័យ និងភូមិជាយសំពៅ។ បើរាប់ពីភូមិជាយសំពៅមក ដើម្បីមកដល់បឹងគុម្ពោតខ្លូត គេត្រូវឆ្លងកាត់ត្រពាំងសំខាន់ៗចំនួន៣មាន ត្រពាំងគោស្លាប់ ត្រពាំងអណ្តូងបី និងត្រពាំងឆេះខោល។ ជាងនេះទៀតសោត រូបស្នងរបស់តាម៉ុកត្រូវអង្គុយខ្ពស់ជាងតាពេជ្រជាដាច់ខាត។ ដ្បិត តាម៉ុក គឺជាបងរបស់តាពេជ្រ (រូបលេខ៣)។

អ្វីដែលគួរកត់សម្គាល់បន្ថែម រាល់រូបស្នងនីមួយៗ តែងមានវត្ថុជាគ្រឿងសម្រាប់បូជារៀងៗខ្លួន។ វត្ថុទាំងនេះ គឺបន្សល់ទុកមកតៗគ្នាពីរូបស្នងជំនាន់មុន មករូបស្នងជំនាន់ក្រោយ។ វត្ថុទាំងនេះទៀតសោត គេត្រូវតម្កល់នៅលើហ៊ឹងមួយខាងក្នុងផ្ទះរូបស្នង ឬផ្ទះស្នំ ដែលហៅថា “ហ៊ឹងគ្រូ” (រូបលេខ៤)។ ហ៊ឹងនេះជាបន្ទះក្តារជាប់គ្នាដែលខ្លះធ្វើអំពីឫស្សី ឬផ្តៅ។ នៅលើហ៊ឹងជាទីតម្កល់រណ្តាប់ទាំងអម្បាល ដូចជា ស្រាស កូនពែង ទឹកក្រូច ចេក ស្លាធម៌ធំមួយ​ ស្លាធម៌តូចអមពីរ ឬបួន (ហៅថា ស្លាធម៌អម) តោក ទឹកអប់ ម្សៅ បារី ស្លា ទៀន ធូប។

ក្នុងចំណោមវត្ថុសក្ការបូជាទាំងអម្បាលខាងលើ តោក ជាវត្ថុចាំបាច់សម្រាប់រូបស្នងកាន់ក្នុងពេលបញ្ជាន់រូប។ ដើម្បីឱ្យ​អ្នកតាចូលមកក្នុងខ្លួនបាន រូបស្នងតែងយកដៃចាប់កាន់តោក និងស្មិងស្មាធិ៍អារម្មណ៍ខុសពី     ប្រក្រតី។ យើងអាចនិយាយបានថា តោក គឺជាវត្ថុដែលភ្ជាប់អមនុស្សឱ្យឆ្លងចូលមកសណ្ឋិតក្នុងខ្លួនរូបស្នង។ ពេលបញ្ចប់ជាន់រូប តោកនៅតែជាមធ្យោបាយមួយឱ្យ​អមនុស្សចេញពីរូបស្នងដូចគ្នា។ តោក ធ្វើឡើងអំពីឈើសណ្ឋានដូចជើងពានហើយមានលាបម្រ័ក្សណ៍ពណ៌ខ្មៅផង។ ជាទូទៅ នៅក្នុងតោកនីមួយៗ គេតែងដាក់វត្ថុមួយចំនួនដូចជា ធូប ទៀន អំបោះដៃ ពែង ដន្លាប់ក្រមួន ប្រេង កូនសៀន លុយ (រូបលេខ៥)។ ក្នុងការសង្កេតផ្ទាល់នៅ​ក្នុងភូមិគោលដៅដែលបានចុះសិក្សា រូបស្នងភូមិខ្លះនៅមានប្រើប្រាស់តោក និងរូបស្នងភូមិខ្លះទៀតលែងមានតោកដើម្បីប្រើប្រាស់ហើយ ដោយយកផ្តិលដែលដាក់អង្ករ និងដោតទៀនពីលើមកប្រើជំនួស។ ប៉ុន្តែ គេនៅតែហៅផ្តិលនោះថា “តោក” ដដែល។

ក្រៅអំពីវត្ថុសក្ការខាងលើ មានវត្ថុសំខាន់ៗច្រើន​ទៀតនៅផ្ទះរូបស្នង ដូចជា តៀប ស្គរអារក្ស ចាប៉ី និងដាវជាដើម។ ស្គរអារក្សសំដៅដល់ស្គរដែលធ្វើអំពីដុត ពាសមុខដោយស្បែកពស់ ខ្លះទៀតពាសដោយស្បែកសត្វត្រកួត។ គេច្រើនហៅស្គរនេះថា “ស្គរដី” ដ្បិតស្គរនេះធ្វើឡើងអំពីដីដុត។ រូបស្នងម្នាក់មានស្គរដី ៣ឬ៤។ ស្គរនេះគេប្រើប្រាស់ក្នុងពិធីឡើងអ្នកតា និងពិធីលៀងអារក្សជាដើម។ ក្នុងចំណោមស្គរទាំងនេះ មានស្គរមួយប្រភេទទៀតគេហៅថា ស្គរជ្វា ឬស្គរវែង ដែលមានរូបរាងទ្រវែងធ្វើពីឈើដែលមានមុខទាំងពីរពាសដោយស្បែកប្រើស។ ជាទូទៅ ស្គរជ្វាមានមួយគូ និងអ្នកវាយក៏មានពីរនាក់ដូចគ្នា។ អ្នកទាំងពីរនាក់ត្រូវអង្គុយទល់មុខគ្នា ហើយប្រគុំឡើងតែក្នុងពេលលៀងគ្រូប៉ុណ្ណោះ ជាពិសេស កិច្ចប្រដាល់រវាងគ្រូអារក្ស និងសិស្សគណ។ រីឯដាវវិញ រូបស្នងម្នាក់ៗ ច្រើនមានដាវ​ដែកចំនួន២ដើម (អ្នកខ្លះហៅថា ដាវញីឈ្មោល) (រូបលេខ៦)។ ដាវ តំណាងឱ្យឋានៈ និងអំណាចរបស់អមនុស្ស។ ដ្បិត គេយល់ថា មានអ្នកតាខ្លះជាមេទ័ព ឬជាអ្នកប្រយុទ្ធដ៏ខ្លាំងក្លា។ គេច្រើនប្រើដាវនៅក្នុងកិច្ចលៀងអារក្ស។ ប៉ុន្តែ នៅក្នុងកិច្ចឡើងអ្នកតាឯភូមិជ័យ រូបស្នងកាន់ដាវគ្រវីគ្រវាត់ចុះឡើងនៅពេលអ្នកតាចូលសណ្ឋិតក្នុងខ្លួន (រូបលេខ៧)។ នៅភូមិជាយសំពៅដែលមានអ្នកតាជាប់ខ្សែស្រឡាយជាមួយអ្នកតាភូមិជ័យនោះ គេគ្រាន់តែយកដាវ​មកដាក់នៅមុខរូបស្នងប៉ុណ្ណោះ ហើយឥតមានរាំគ្រវីដាវដូចនៅភូមិជ័យឡើយ។ រូបស្នង និងអ្នកស្រុកទាំងមូលមានជំនឿថា ដាវជាវត្ថុសក្ការដ៏ពិសិដ្ឋរបស់អមនុស្ស។ ម្ល៉ោះហើយ គេឥតអាចអនុញ្ញាតឱ្យយកដាវចេញទៅក្រៅស្រុកបានឡើយ។ ដ្បិត គេជឿថានៅពេលយកដាវចេញក្រៅស្រុកនឹងបណ្តាលឱ្យកើតមានគ្រោះចង្រៃនានានៅក្នុងស្រុក។

 

រូបលេខ៣៖ រូបស្នងតាម៉ុក តាពេជ្រ និងយាយរាជ (រាប់ពីឆ្វេងមកស្តាំ)
រូបលេខ៤៖ ហ៊ឹងគ្រូតម្កល់ក្នុងបន្ទប់មួយលើផ្ទះស្នំអារក្សភូមិសំបូរ

រូបលេខ៥៖ តោកអារក្សនៅភូមិសំបូរ
រូបលេខ៦៖ ដាវ២ដើម និងដំបងទ្រាំង១ដើមនៅភូមិជ័យ

រូបលេខ៧៖ រូបស្នងរាំគ្រវាត់ដាវក្នុងពិធីឡើងអ្នកតាភូមិជ័យ

 

តើស្នំជានរណា?

ស្នំ សំដៅដល់មនុស្សស្រីដែលមិនអាចខ្វះបាននៅក្នុងពិធីឡើងអ្នកតា ឬពិធីលៀងអារក្ស។ ស្នំ មានតួនាទីជាជំនួយការ ឬអ្នកចាត់ចែង ដែលធ្វើឱ្យដំណើរនៃកិច្ចអាចប្រព្រឹត្តទៅជាប្រក្រតី។ ដ្បិត ស្នំជាអ្នកដែលយល់ដឹងជ្រៅជ្រះពីទំនាក់ទំនងរវាងពិភពមនុស្ស និងអមនុស្ស។ ស្នំ ជាអ្នកជំនិតរបស់អ្នកតា ហើយជ្រើសរើសដោយអ្នកតា។ ចំណេះដឹងសំខាន់របស់ស្នំ គឺជាអ្នកចេះភាសាដែលប្រើក្នុងការឆ្លើយឆ្លងជាមួយអមនុស្ស ឬហៅថា “ភាសាខ្មោច”។ ស្នំ និងរូបស្នងនៅជាប់គ្នារហូតនៅក្នុងកិច្ចឡើងអ្នកតា ពោល ជាអ្នករៀបចំសព្វគ្រប់​ រាប់បញ្ចូលទាំងសម្លៀកបំពាក់ និងគ្រឿងសក្ការបូជារបស់រូបស្នង។ ស្នំ ពុំមានមនុស្សប្រុសដូចរូបស្នង និងចៅមឿងឡើយ ហើយច្រើនតែជាមនុស្សស្ថិតនៅ​វ័យកណ្តាល និងវ័យចំណាស់ (រូបលេខ៨)។ លក្ខណៈពិសេសដោយឡែកមួយដែលភូមិផ្សេងទៀតមិនមាន នៅពិធីឡើងអ្នកតាភូមិចុងព្រៃ និងភូមិព្រៃព្រះ មានរូបស្នងជាមនុស្សប្រុស និងស្នំជាមនុស្សស្រីក្រមុំចំនួន ៧ នាក់ អង្គុយតម្រៀបគ្នាលើកដៃសំពះនៅខាងក្រោយរូបស្នង ហើយពុំមែនជាអ្នករៀបចំអ្វីដូចស្នំភូមិផ្សេងឡើយ (រូបលេខ៩)។ ស្រីក្រមុំទាំងនេះច្រើនតែក្មេងស្រីដែលមានអាយុចាប់ពី ១២ ដល់ ១៥ ឆ្នាំ។ យើងមិនអាចពន្យល់ឱ្យបានជាក់លាក់ករណីនេះឡើយ។ ប៉ុន្តែ អ្នកស្រុកប្រាប់ថា “អ្នកតាជាអមនុស្សដ៏មានអំណាចប្រចាំស្រុករបស់ពួកគេ ត្រូវការស្នំជាស្រីក្រមុំតាំងពីបុរាណកាលមកម្ល៉េះ” ទើបគេនៅតែបន្តមត៌ក    អរូបីនេះមកទល់សព្វថ្ងៃ។

រូបលេខ៨៖ ស្នំស្រីម្នាក់អង្គុយក្បែររូបស្នងនៅភូមិចំណារចាស់
រូបលេខ៩៖ ស្នំជាស្រីក្រមុំនៅខាងក្រោយរូបស្នងនៅភូមិចុងព្រៃ

 

ហេតុអ្វីចាំបាច់មានអ្នកភ្លេង?

នៅក្នុងពិធីឡើងអ្នកតា គឺចាំបាច់ត្រូវមានកិច្ចបញ្ជាន់រូបដើម្បីឱ្យអ្នកតាដែលជាអមនុស្ស មកសណ្ឋិតក្នុងខ្លួនរូបស្នង។ ការអន្ទងហៅអមនុស្សមក​ចូលក្នុងខ្លួនរូបនេះទៀតសោត លុះត្រាតែមានការប្រគុំវង់ភ្លេង​អារក្ស។ បើមិនដូច្នោះទេ អមនុស្ស (អ្នកតា) មិនអាចចូល​ក្នុងខ្លួនរូបស្នងបានឡើយ ហើយមនុស្សដែលមកចូលរួមទាំងឡាយ​ក៏ពុំអាចជួបឆ្លើយឆ្លង និងប្រាប់អំពីកង្វល់ទៅដល់អ្នកតាបានឡើយ។ ទាំងនេះហើយដែលអាចបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា អ្នកភ្លេង ឬវង់ភ្លេងអារក្ស ពិតជាមានសារសំខាន់ណាស់នៅក្នុងពិធីនេះ។ មកទល់បច្ចុប្បន្ន អ្នកលេងភ្លេងអារក្ស កាន់តែខ្សត់បន្តិចម្តងៗទៅហើយ។ ដ្បិត អ្នកបន្តវេនមត៌កនេះមានតិចតួចបំផុត។ ម្ល៉ោះហើយ ទើបបានជាក្នុងពិធីឡើងអ្នកតាភូមិខ្លះ ឥតមានអ្នកភ្លេងចូលរួមឡើយ។ ប៉ុន្តែ ដើម្បីឱ្យពិធីនៅតែបន្តប្រព្រឹត្តទៅបាន គេប្រើប្រាស់បច្ចេកវិទ្យាទំនើបមកជំនួសវិញ។ ឧទាហរណ៍ ភូមិវាលវែង (ភូមិជនជាតិកួយ) គេ​ចាក់ភ្លេង និងចម្រៀងអារក្សតាមរយៈឧបករណ៍បំពងសំឡេងជំនួសវិញ ឬជួនកាលចាក់ភ្លេងពីប្រព័ន្ធយូធូប (YOUTUBE) តែម្តងក៏មានដែរ។ ករណីនេះទាញឱ្យយើងអាចពិចារណាបានថា ជំនឿជីវចលនៅតែមានឥទ្ធិពលយ៉ាងរឹងមាំនៅក្នុងជីវភាពរស់នៅរបស់ជនជាតិកួយ។ ដ្បិត បើទោះបច្ចេកវិទ្យាកាន់តែទំនើបយ៉ាងណាក៏ដោយ មនុស្សបានកែច្នៃទាញយកផលពីបច្ចេកវិទ្យាមកជំនួសភាពខ្វះខាតក្នុងពិធី។ ករណីគួរកត់សម្គាល់ ពិធីឡើងលោកយាយនៅភូមិមហរ (ខាងលិចតំបន់ប្រាសាទសំបូរព្រៃគុក) ការរាំបញ្ជាន់រូបលោកយាយ ពុំមានប្រើប្រាស់វង់ភ្លេងអារក្សឡើយ។ ប៉ុន្តែ គេយកវង់ភ្លេងពិណពាទ្យមកជំនួសវិញ។ កាលដើមឡើយ គេប្រើប្រាស់វង់ភ្លេងអារក្សដូចភូមិផ្សេងៗដូច្នោះដែរ។ ទើបតែជាង ១០ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលគេយកវង់ភ្លេងពិណពាទ្យមកជំនួសវិញ។  មូលហេតុដែលគេជ្រើសរើសយកវង់ភ្លេងនេះមកជំនួសវិញនេះ គឺដោយសារតែនៅក្នុងវត្តមហរមានឧបករណ៍វង់ភ្លេងពិណពាទ្យនេះស្រាប់។ ម្យ៉ាងវិញទៀត មុននឹងសម្រេចយក គេបានបញ្ជាន់រូបសួរលោកយាយជាមុនសិន។ លុះលោកយាយ ប្រាប់ថាពេញចិត្តហើយ ទើបគេហ៊ានយកវង់ភ្លេងពិណពាទ្យនេះមកជំនួស (រូបលេខ១០)។ ដោយឡែក សម្រាប់លោកតាម៉ឺនហង្សដែលស្ថិតនៅជ្រុងឦសានវត្តមហរវិញ គេពុំអាចយកវង់ភ្លេងពិណពាទ្យមកជំនួសវង់ភ្លេងអារក្សបានឡើយ។ ដ្បិត លោកតាម៉ឺនហង្ស មិនពេញចិត្តវង់ភ្លេងពិណពាទ្យឡើយ។ ចំណុចនេះអាចឱ្យយើងដឹងថា មនុស្សនៅតែជឿ និងគោរពយ៉ាងខ្ជាប់ខ្ជួន ចំពោះអមនុស្សដែលមានឫទ្ធិអំណាចក្នុងស្រុក​របស់ខ្លួន។ ដ្បិត មុននឹងធ្វើអ្វីមួយគេត្រូវឆ្លងយោបល់អមនុស្ស​ជាមុនសិន។ ជាក់ស្តែង សូម្បីតែវង់ភ្លេងក៏គេត្រូវបញ្ជាន់រូបសួរលោកយាយ ឬលោកតាដែលជាអមនុស្សដ៏មានអំណាចនៅក្នុងស្រុកជាមុនសិនដែរ។ ប្រសិនបើអមនុស្សមិនអនុញ្ញាត គេមិនហ៊ានល្មើសសំដីនោះឡើយ។ ដូចយើងតែងឮជារឿយៗថា បើមនុស្សណាហ៊ានធ្វើខុសចំពោះអ្នកតា ប្រាកដជាត្រូវអ្នកតាកាច់ជាក់ជាមិនខាន ពោល គឺធ្វើឱ្យមានជំងឺតម្កាត់ ឬធ្វើឱ្យប្រកាច់ជាដើម។

ជាទូទៅ ក្នុងក្រុមវង់ភ្លេងអារក្សមួយ តែងមានគ្នាចាប់ពី ៥ នាក់ ឡើងទៅ ដែលមានឧបករណ៍ស្គរអារក្ស ៣ ទ្រសោរ១ និងប៉ីពក១ (រូបលេខ១១)។ គ្រប់ពេលប្រគុំទាំងអស់ បទដំបូងដែលចាប់ផ្តើម គឺបទអញ្ជើញគ្រូ ឬអញ្ជើញពិស្ណុការ។ ដ្បិត ពិស្ណុការជាមេការលើអ្វីៗទាំងអស់ ហើយថែមទាំងសែនច្រូចស្រា និងទឹកក្រូចទៅលើរណ្តាប់ជមច្រោះនៃពិស្ណុការនោះផង។ គេយល់ថា កាលណាភ្លេងលេងត្រូវតាមទំនុកច្រៀង អមនុស្ស ឬអ្នកតានឹងងាយចូលមកសណ្ឋិតក្នុងខ្លួនរូបស្នង តែបើភ្លេងលេងមិនត្រូវវិញ (ហៅថា “ខុសភ្លេង”) នោះអមនុស្សមិនងាយចូលរូបស្នងឡើយ។ ហេតុដូច្នេះហើយ ពិស្ណុការពិតជាមានសារសំខាន់ណាស់ ព្រោះអាចជាយាននាំផ្លូវឱ្យការប្រគុំភ្លេង និងច្រៀងបានត្រឹមត្រូវ ។ ចម្រៀងអារក្សមានច្រើនបទណាស់ មានដូចជា បទនគររាជ ស្រោមនាយ ភ្នំស្រួច សសរកន្លោង ដំរី ឯក តាថាវ ស្រគំគាល  តីរ័ត្ន ស្រីខ្មៅ ព្រះបាទ សុរិយា សារិកា ជំទាវម៉ៅ ម្លប់ដូង ព្រៃឯកើត មាន់រងាវ កំប៉ោរ អួក ​អក អុំទូក បេះផ្កា សាពិតាន។ ចម្រៀងទាំងអស់នេះ គេតែងច្រៀងច្រើនបទនៅក្នុងកិច្ចលៀងអារក្ស ឬលៀងគ្រូប៉ុណ្ណោះ ព្រោះកិច្ចនេះគេប្រគុំតាំងពីក្បាលព្រលប់រហូតដល់ព្រះអាទិត្យរះ ដែលមានរយៈពេលវែង។ ប៉ុន្តែ នៅក្នុងពិធីឡើងអ្នកតាជាពិធីមានរយៈពេលខ្លីគេមិនប្រគុំនិងច្រៀងទាំងអស់នោះឡើយ។ គេច្រើនតែច្រៀងចាប់ពី ៥ ទៅ ៨បទប៉ុណ្ណោះ ដូចជា បទអញ្ជើញគ្រូ (ខ្លះច្រៀងបទឃុំរោងមុន ទើបគេច្រៀងបទអញ្ជើញគ្រូបន្ទាប់) បទតាវ៉ា បទតាជ័យ បទអួក បទតាថាវ បទម្លប់ដូង បទសុរិយា បទឡើងសាលា បទអន្ទង បទស្រោមនាយ បទបំពេញឃ្លាំង ។ល។ បទទាំងនេះ សុទ្ធសឹងមានអត្ថន័យជាប់ពាក់ព័ន្ធជាមួយកិច្ចជាបន្តបន្ទាប់នៅក្នុងពិធីឡើងអ្នកតា​។

រូបលេខ១០៖ វង់ភ្លេងពិណពាទ្យប្រគុំក្នុងពេលបញ្ជាន់រូបនៅក្នុងពិធីឡើងលោកយាយនៅភូមិមហរ
រូបលេខ១១៖ វង់ភ្លេងអារក្សក្នុងពិធីឡើងអ្នកតាភូមិជាយសំពៅ

 

តើកូនស្រុកកូនស្រែជានរណា?

កូនស្រុកកូនស្រែ សំដៅដល់មនុស្សក្មេងចាស់ប្រុសស្រីដែលមានជំនឿចំពោះអ្នកតា ហើយជារឿយៗតែងតែមកចូលរួមក្នុងពិធីឡើងអ្នកតា។ ពាក្យ “កូនស្រុកកូនស្រែ” ជាសំដីដែលអ្នកស្រុកហៅខ្លួនឯងនិយាយទៅកាន់អមនុស្ស។ យើងសង្កេតឃើញថា ភូមិគោលដៅទាំងអស់ដែលយើងបានចុះសិក្សា មានទំនៀមមិនដូចគ្នាទាំងស្រុងនោះទេ។ ដូច្នេះ កូនស្រុកកូនស្រែដែលមកចូលរួមពិធី តែងកាន់វត្ថុ របស់របរ និងគ្រឿងសំណែនផ្សេងៗមិនដូចគ្នានោះឡើយ។ ឧទាហរណ៍ ក្នុងពិធីឡើងអ្នកតារបស់ជនជាតិកួយ កូនស្រុកកូនស្រែច្រើនកាន់ភ្ជាប់មកជាមួយនូវព្រលឹងស្រូវ (ខ្លះហៅថា បាយស្រូវ ឬផ្កាស្រូវ) មកចូលរួមក្នុងពិធី។ រីឯពិធីឡើងអ្នកតាជនជាតិខ្មែរ កូនស្រុកកូនស្រែពុំមានកាន់ព្រលឹងស្រូវមកចូលរួមឡើយ។ ប៉ុន្តែ នៅភូមិសំបូរ គេមានភ្ជាប់ព្រលឹងស្រូវមកជាមួយក្នុងពិធីច្រត់ព្រះនង្គ័ល (សូមមើលលម្អិតក្នុងចំណុចទី២)។ ព្រលឹងស្រូវ ធ្វើឡើងអំពីលាជស្រូវដោតជាប់ជាមួយធាងដូង ហើយពត់ឱ្យមានរាងកោងសំយុងធ្លាក់ចុះក្រោម ប្រៀបដូចជាស្រូវដែលកំពុងឱនដាក់គ្រាប់ រួចចងភ្ជាប់ជាមួយស្លឹកឈើពណ៌ខៀវ មានដូចជា ស្លឹកអន្សែ ស្លឹកសិរមាន់ ស្លឹកត្រសេក ឬស្មៅត្រសិត (រូបលេខ១២)។

រូបលេខ១២៖ កូនស្រុកកូនស្រែយកព្រលឹងស្រូវមកដោតជាប់ជាមួយខ្ទមអ្នកតាដើម្បីស្រូបថាមពលពីអ្នកតា នៅភូមិវាលវែង

ក្រៅពីនេះ សំណែនដែលគេយកមកថ្វាយអ្នកតាមានដូចជា បាយ សម្ល នំ ស្រា ទឹកក្រូច ។ល។ គួរចាប់អារម្មណ៍ជាងគេ នំដែលគេយកមកសែនអ្នកតាមានចំនួន ២ មុខសំខាន់ៗ គឺនំនាលិនិងនំអន្សមស្លឹកផ្អាវ។ ពេលខ្លះគេហៅនំទាំងពីរមុខនេះថា “នំសែនអ្នកតា” ក៏មាន ព្រោះភូមិដែលទម្លាប់សែននំទាំងពីរមុខនេះគេនៅតែបន្តធ្វើទៅតាមទំនៀមឥតដាច់ឡើយ។ នំនាលិធ្វើឡើងអំពីអង្ករខ្សាយលាយជាមួយដំណើប រួចបុកបញ្ចូលគ្នា រែងយកតែម្សៅ ហើយបន្ថែមអំបិល និងស្ករបនិ្តច (សូមមើល អាំង ជូលាន ២០០៨-២០០៩)។ គេត្រូវចម្អិននំនាលិនៅក្នុងត្រឡោកដែលគេចោះរន្ធគូទបន្តិច និងបិតភ្ជាប់ជាមួយមាត់ក្អមដោយម្សៅអង្ករ (រូបលេខ១៣)។ ចំណែក​ នំអន្សមស្លឹកផ្អាវ (ខ្លះហៅថានំស្បង់ ឬនំភ្លៅកង្កែបអាស្រ័យទៅតាមរបៀបវេច) គេធ្វើអំពីអង្ករដំណើបលាយជាមួយសណ្តែក ស្ករនិងអំបិលបន្តិច វេចជាមួយស្លឹកផ្អាវ (រូបលេខ១៤)។ នៅភូមិវាលវែង មាន នំបង់ខ្លាញ់ នំអំបែង និងនំបំពង់ស្រមោច ។ល។

រូបលេខ១៣៖ នំនាលិសែនចំពោះអ្នកតានៅភូមិកូនក្អែក
រូបលេខ១៤៖ នំអន្សមស្លឹកផ្អាវសែនចំពោះអ្នកតាភូមិចុងព្រៃ

 

២. សកម្មភាព និងកិច្ចសំខាន់ៗមុនពិធី

ដូចបានជម្រាបខាងលើ ភូមិគោលដៅដែលចុះសិក្សា គេប្រារព្ធពិធីឡើងអ្នកតាក្នុងខែបុស្ស ខែមាឃធំ និងខែផល្គុន។ កាល​បរិច្ឆេទនេះ កើតឡើងពីការជ្រើសរើស និងឯកភាពគ្នាពី ក្រុមចៅមឿង។ ជួនកាលទៀត គេត្រូវបញ្ជាន់រូបសួរអមនុស្សក៏​មានដែរ។ បន្ទាប់ពីកំណត់ពេលវេលាប្រារព្ធពិធីរួចហើយ ចៅមឿងចាប់​ផ្តើមបង្កូកប្រកាសដល់អ្នកស្រុកឱ្យបានដឹង ហើយបានចាត់ចែង និងបែងចែកភារកិច្ចដល់អ្នកពាក់ព័ន្ធ។ គួរឱ្យកត់សម្គាល់ជាពិសេសនោះ សកម្មភាពសំខាន់ៗមុនចាប់ផ្តើមពិធីមានលក្ខណៈជាសហគមន៍ផង និងមានលក្ខណៈជាកិច្ច   ផង។ សកម្មភាពទាំងនោះ​មានដូចជា រាអណ្តើក ដេញស្វានិងសត្វផ្សេងៗ ចាប់ត្រីរួមគ្នា ធ្វើស្លាធម៌ ធ្វើម្ហូបនិងវេចនំរួមគ្នា រៃអង្គាស (រៃរបៃ) រៀបចំពែនិងសង្ឃឹកជាដើម។ ទាំងនេះ គឺជារូបភាពមួយបង្ហាញអំពីស្មារតីរួបរួមគ្នាជាធ្លុងមួយ និងអាចបញ្ជាក់ឱ្យកាន់តែច្បាស់បន្ថែមថា ការជឿ​ទៅលើជំនឿជីវចលនៅតែបន្តចាក់ឫសយ៉ាងរឹងមាំមកដល់បច្ចុប្បន្ន។ ក្រៅពីនេះ នៅមានកិច្ចពិសេសមួយទៀតនៅភូមិមហរហៅថា “បវារណា” ដែលគេធ្វើនៅតាមផ្ទះរៀងៗខ្លួន មុននឹងទៅដល់កន្លែងប្រារព្ធពិធី។

 

រាអណ្តើក

កិច្ចរាអណ្តើក គេប្រារព្ធធ្វើឡើងនៅភូមិសំបូរតែមួយប៉ុណ្ណោះ (ភូមិនៅជាប់បុរាណដ្ឋានសំបូរព្រៃគុក)។ កិច្ចនេះ គេខកខានប្រារព្ធជាង២០ឆ្នាំមកហើយ។ ទើបឆ្នាំ២០២៥ ប៉ុណ្ណោះ ដែលមន្ទីរវប្បធម៌ និងវិចិត្រ​សិល្បៈខេត្តកំពង់ធំ ជ្រោមជ្រែង និងសម្របសម្រួលឱ្យមត៌កអរូបីដ៏សំខាន់មួយនេះ អាចរស់រានជាថ្មីឡើងវិញ។ តាមទំនៀមពីបុរាណមក ពិធីឡើងអ្នកតានៅភូមិសំបូរ គេរៀបចំចំនួន ៤ ថ្ងៃ។ ក្នុងនោះ ថ្ងៃទី១ រាអណ្តើក ថ្ងៃទី២ ដេញស្វា ថ្ងៃទី៣ រៃអង្គាស និងថ្ងៃទី៤ ជាថ្ងៃពិធីឡើងអ្នកតា។ នៅក្នុងវចនានុក្រមខ្មែរ (១៩៦៧:១០៣២) ពាក្យ “រា” មានន័យថា “ហាម ឃាត់ ថយក្រោយ បែរចេញ ទាសចេញ ជំទាស់ ” ។ រីឯក្នុងជំនឿខ្មែរ គេជឿថាអណ្តើក គឺជាសត្វដែលតំណាងឱ្យទឹក ឬភាពត្រជាក់ត្រជុំ (សូមមើល ឯក កល្យា ២០០៣)។ ម្ល៉ោះហើយ កិច្ចរាអណ្តើកធ្វើឡើងដើម្បីចាប់សត្វអណ្តើកយកទៅធ្វើម្ហូបសែនជូនអ្នកតា។ ដ្បិត គេជឿថានៅពេលអ្នកតាបានសេពសោយម្ហូប ដែលធ្វើពីអណ្តើករួចហើយ អ្នកតានឹងតបស្នងមកវិញនូវភោគផលទឹកភ្លៀងពេញបរិបូណ៌ដើម្បី​ស្រោចស្រពដល់ស្រែចម្ការរបស់អ្នកស្រុក។ ត្រង់ចំណុចនេះ ស្របទៅតាមគំនិតដែលបានលើកឡើងខាងលើថា អ្នកតាជា​អមនុស្សដែលជាប់ពាក់ព័ន្ធជាមួយស្រែ។ ម្ល៉ោះហើយ ទើបគេ​ធ្វើកិច្ចនេះឡើង ដើម្បីជម្រះនូវអស់កង្វល់ទាំងឡាយពាក់ព័ន្ធនឹងទឹកភ្លៀង ព្រោះស្រែទាំងអម្បាលម៉ានពឹងផ្អែកទៅលើទឹកភ្លៀង​ជាចម្បង។

ជាទម្លាប់អ្នកភូមិសំបូរ នៅមុនថ្ងៃរាអណ្តើកមួយ ឬពីរថ្ងៃ ចៅមឿងនិងមេភូមិបានដើរបង្កូកប្រកាសឱ្យអ្នកភូមិបានដឹងឮអំពីពេលវេលាជួបជុំគ្នា។ ទីកន្លែងជួបជុំគ្នា ស្ថិតនៅខាងជើងភូមិដែលអ្នកស្រុកហៅថា “ព្រៃកូនង៉ា” (ក្បែរសាលាបឋមសិក្សាសំបូរ)។ គេច្រើនចេញដំណើរទៅរាអណ្តើកនៅម៉ោងជាង ១០ព្រឹក ជាពេលអ្នកស្រុកបានស្រស់ស្រូបអាហារថ្ងៃត្រង់រួចរាល់។ មុនចេញដំណើរ ចៅមឿងដឹកនាំអ្នកស្រុកដែលមកចូលរួមរាអណ្តើក ធ្វើកិច្ចសែនព្រេនជម្រាបអង្គហេតុជូនអ្នកតានៅព្រៃកូនង៉ា ឱ្យបានដឹងអំពីគោលបំណងដែលគេបម្រុងនឹងធ្វើ។ គេដើរថ្មើរជើងជាក្រុម សំដៅទៅរកត្រពាំងបុរាណដែលស្ថិតនៅខាងជើងភូមិ រួមមាន ត្រពាំងជ្ពីស ត្រពាំងថ្លា ត្រពាំងទាក ត្រពាំងតាម៉ុក ត្រពាំងជ្រៃលុង (រូបលេខ១៥)។ល។ តាមត្រពាំងនីមួយៗ គេចាំបាច់ត្រូវតែសែនព្រេនមុនសិន។ ការសែននោះត្រូវកាច់ស្លាធម៌ព្រៃដោតជាប់លើដើមឈើណាមួយ រួចគេច្រូចស្រានិយាយទៅកាន់អមនុស្ស (រូបលេខ១៦-១៧)។ ការចុះរា  អណ្តើកនេះទៀតសោត ត្រូវតែមានគ្នាច្រើនទើបងាយស្រួល។ បើមានមនុស្សកាន់តែច្រើន គឺកាន់តែប្រសើរ។ អ្នកដែលអាចចុះរាអណ្តើកក្នុងត្រពាំងបាន គេមិនប្រកាន់ថាជាប្រុស ឬស្រីនោះឡើយ។ គេមិនមែនដាច់ខាតថាចាប់តែអណ្តើកមួយមុខនោះឡើយ ពោល ត្រី ឬពស់ ក៏គេចាប់ដូចគ្នា។ ពេលរាអណ្តើក គេត្រូវកាន់ដៃតម្រៀបគ្នាជាជួរពីម្នាក់ទៅម្នាក់ទៀត ហើយដើរទៅមុខបណ្តើរយកជើងរាទឹកបណ្តើរ (រូបលេខ១៨-១៩)។ អ្នករាទាំងអស់ ត្រូវដើរសំយុងជើងវាតគាស់ទឹក ក្នុងគោលបំណងយកជើងប៉ះជាមួយស្នូកអណ្តើក។ ប្រសិនមាននរណាម្នាក់ប៉ះស្នូកអណ្តើកហើយ គេត្រូវមុជចូលទៅក្នុងទឹក ដើម្បីយកដៃរាវចាប់សត្វអណ្តើកនោះ។ នៅពេលមានបុគ្គលណាចាប់បានអណ្តើក អ្នករាល់គ្នាដែលកំពុងរាអណ្តើកនោះត្រូវស្រែកហ៊ោអឺងកងយកជ័យរួមគ្នា ដែលជាសញ្ញាបញ្ជាក់ថា ភោគផលស្រូវនៅឆ្នាំបន្ទាប់នឹងកាន់តែកើតកាលវាលគុម្ព ព្រោះរដូវធ្វើស្រែថ្មីនោះ នឹងពេញបរិបូណ៌ដោយទឹកភ្លៀងស្រោចស្រព​ដល់ស្រូវចម្ការគ្រប់គ្រាន់ (រូបលេខ២០)។

អណ្តើកដែលចាប់បានទាំងអម្បាលម៉ាន គេយកទៅធ្វើម្ហូបសែនថ្វាយអ្នកតានៅថ្ងៃឡើងតា (ថ្ងៃទី៤)។ តាមទំនៀម អ្នកភូមិសំបូរដាច់ខាតត្រូវតែយកអណ្តើកដែលចាប់បាននោះ ទៅឆាជាមួយមីសួ។ គេមិនអាចធ្វើម្ហូបអ្វីផ្សេងក្រៅពីមួយមុខនេះបានឡើយ។ ប្រការនេះយើងអាចពិចារណាបានថា អាហារដែលជាវប្បធម៌ចិនបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងសង្គមខ្មែរជាយូរយារណាស់មកហើយ។ លោក អាំង ជូលាន (២០២០:១៩-២០) ស្នើថា ការធ្វើម្ហូបតាមចិន គឺដើម្បីហ៊ឺហា។

រូបលេខ១៥៖ ត្រពាំងជ្ពីស (ខាងជើងភូមិសំបូរ)
រូបលេខ១៦៖ ស្លាធម៌ព្រៃដោតជាប់ដើមឈើក្បែរត្រពាំងជ្ពីស

រូបលេខ១៧៖ កិច្ចសែនព្រេនមុនចុះរាអណ្តើកនៅត្រពាំងជ្ពីស
រូបលេខ១៨៖ ទិដ្ឋភាពអ្នកភូមិសំបូររាអណ្តើកនៅត្រពាំងជ្ពីស

រូបលេខ១៩៖ ទិដ្ឋភាពអ្នកភូមិសំបូររាអណ្តើកនៅត្រពាំងជ្ពីស
រូបលេខ២០៖ អណ្តើកដែលរាចាប់បាននៅត្រពាំងជ្ពីស

 

ដេញស្វា

មិនខុសពីរាអណ្តើកដែរ ការដេញស្វាមាននៅភូមិសំបូរតែមួយគត់។ ដេញស្វា ពុំមែនមានន័យថា ដេញស្វាឱ្យចេញពីព្រៃនោះឡើយ ប៉ុន្តែជាសកម្មភាពដែលអ្នកស្រុកប្រមូលផ្តុំគ្នាដេញស្ទាក់ចាប់ស្វានៅក្នុងព្រៃធំ (តំបន់ប្រាសាទសំបូរព្រៃគុក) ដើម្បីយកទៅឆ្អើលសែន​ព្រេនជូនដល់អ្នកតា។ ជាទម្លាប់ពីបុរាណមក អ្នកភូមិ   សំបូរប្រមូលផ្តុំគ្នាដេញស្វានៅថ្ងៃទី២ បន្ទាប់ពីរាអណ្តើកដែលធ្វើនៅថ្ងៃទី១។ ចាស់ៗច្រើនហៅសត្វស្វាមួយបែបទៀតថា “អាកន្ទុយវែង”។

តាមជំនឿរបស់អ្នកស្រុក​គេជឿថា ពីបុរាណកាលមក គេត្រូវបូជាយញ្ញមនុស្សសែនថ្វាយអ្នកតា ដោយក្នុងមួយឆ្នាំត្រូវយកមនុស្សម្នាក់ចេញពីគ្រួសារមួយ។ ប៉ុន្តែ ចំណេរក្រោយមក គេប្តូរទៅជា​យកសត្វស្វាមកសែនជំនួសវិញ។ គេជឿថា អ្នកតាត្រូវការតែសត្វនៅលើចុងឈើប៉ុណ្ណោះ។ ដូច្នេះហើយ គេពុំអាចយកសត្វស្រុក ឬ   សូ ម្បីតែសត្វស្លាបដែលតែងតែទំនៅលើចុងឈើ ក៏មិនអាចយកសែនបានដែរ។ ដ្បិត គេគិតថា សត្វនៅលើចុងឈើ មានរូបរាងស្រដៀងមនុស្ស។ កាលណា គេរកសត្វស្វាមិនបាន គេអាចប្តូរជាយកសត្វកំប្រុក និងសត្វកង្ហែនមកជំនួសវិញក៏បាន។ ទោះបីជាយ៉ាងនេះក្តី គេតែងចំណាំថា ឆ្នាំណាដែលយកសត្វកំប្រុក ឬកង្ហែនមកជំនួស ស្រុកភូមិតែងតែមិនស្រួល ពោល គឺមានកលិយុគ ឬមានហេតុភូតមិនល្អ។ កាលពីប៉ុន្មានទសវត្សរ៍មុន ឱ្យតែដល់ថ្ងៃឡើងអ្នកតា មនុស្សម្នាមិនដែលចេញទៅក្រៅភូមិម្តងណាឡើយ។ ម្ល៉ោះហើយ រាល់ពេលដេញស្វាម្តងៗ មានអ្នកស្រុកមកជួយដេញចាប់ស្វាច្រើនណាស់។ សូម្បីតែព្រានព្រៃ ក៏មកជួយស្រាក់គ្នាចាប់ស្វាដែរ។ ប៉ុន្តែ ឥឡូវមិនសូវមានមនុស្សមកចូលរួមច្រើនដូចមុនឡើយ។ ដ្បិត មួយចំនួនធំបានចេញទៅរកការងារធ្វើនៅក្រៅស្រុកបាត់អស់ហើយ។ កាលពីដើមមក គេប្រើស្នាបាញ់ស្វា តែសព្វថ្ងៃលែងមានប្រើស្នាទៀតហើយ ពោល គឺប្រើតែចំពាម​ប៉ុណ្ណោះ។ មុនដំបូង គេនាំគ្នាដើរចូលទៅក្នុងព្រៃធំ ប្រដាប់ដោយចំពាមម្នាក់មួយនៅនឹងដៃ ហើយភាគច្រើនគឺជាមនុស្សប្រុសអ្នកទៅដេញស្វា។ លុះពេលជួបស្វាត្រង់ណា គេនាំគ្នាព្រួតដេញបាញ់ទាល់តែស្វានោះងាប់ (រូបលេខ២១)។ លុះពេលស្វានោះងាប់មកទើរនៅលើចុងឈើហើយ​ ទើបមានមនុស្សម្នាក់ឡើងដើមឈើទៅយកស្វានោះ (រូបលេខ២២)។

គេមានជំនឿថា ស្វាដែលដេញចាប់នោះ ត្រូវតែសម្លាប់ឱ្យបាននៅនឹងកន្លែងជាដាច់ខាត។ បន្ទាប់មក គេយកស្វានោះគេរោលឱ្យស្អាត រួចយកអាចម៍ចេញ និងចុងក្រោយគេយកទៅឆ្អើលឱ្យក្រៀម (រូបលេខ២៣)។ លុះចូលមកដល់ថ្ងៃទី៤ ដែលជាថ្ងៃពិធីធំត្រូវចាប់ផ្តើម គេយកស្វាដែលឆ្អើលរួច ទៅទាក់នៅលើចុងឈើទល់មុខខ្ទមអ្នកតាទ្វារ (រូបលេខ២៤)។ លុះចប់ពិធី គេមិនបញ្ជូនស្វានោះទៅក្រៅស្រុកដូចមាន់ឆ្កាង និងសំណែនផ្សេងទៀតរបស់ពពួកតិរិច្ឆានឡើយ ដោយតម្រូវឱ្យទុកលើចុងឈើរហូតទាល់តែក្រៀមស្វិតអស់តាមធម្មជាតិតែម្តង។​

រូបលេខ២១៖ ទិដ្ឋភាពអ្នកភូមិសំបូរស្រាក់ដៃគ្នាដេញបាញ់ស្វានៅឯព្រៃគុក
រូបលេខ២២៖ អ្នកភូមិសំបូរឡើងដើមឈើទៅយកស្វាដែលបានបាញ់ងាប់

រូបលេខ២៣៖ ឆ្អើលស្វាឱ្យក្រៀមមុនយកទៅសែនថ្វាយអ្នកតា
រូបលេខ២៤៖ តង្វាយស្វាដាក់នៅខាងមុខខ្ទមអ្នកតាទ្វារ

 

ចាប់ត្រីរួមគ្នា

គេចាប់ត្រីរួមគ្នា គឺដើម្បីយកផលត្រីដែលចាប់បាននោះមកផ្គត់ផ្គង់ដល់កម្មវិធីឡើងអ្នកតា។ ការចាប់ត្រីទៀតសោត គេធ្វើជាសហគមន៍តែម្តង។ ភូមិនីមួយៗ តែងតែមានត្រពាំងមួយឬច្រើនដែលត្រូវកំណត់ថាជាត្រពាំងរបស់អ្នកតា និងជាទ្រព្យរួមរបស់សហគមន៍។ ត្រពាំងទាំងនេះ គេហាមមិនឱ្យនរណាម្នាក់ចុះទៅនេសាទត្រីនៅមុនថ្ងៃឡើងអ្នកតាឡើយ។​ បើនរណាម្នាក់ហ៊ានល្មើសត្រណមនេះ អ្នកនោះនឹងត្រូវអ្នកតាកាច់ជាក់ជាមិនខាន។ ក្នុងនោះ នៅភូមិសំបូរគេចាប់ត្រីរួមគ្នានៅត្រពាំងថ្លា ដែលស្ថិតនៅទល់មុខខ្ទមលោកតាព្រៃធំ។ នៅភូមិល្វា គេចាប់នៅត្រពាំងមួយ ស្ថិតនៅទល់មុខខ្ទមអ្នកតាចាស់ស្រុកដូចភូមិសំបូរដែរ។ រីឯនៅភូមិជ័យ គេចាប់ត្រីនៅត្រពាំងមួយដែលស្ថិតនៅប៉ែកនិរតីភូមិប្រមាណ ៥០០ ម៉ែត្រ។ នៅមុនឆ្នាំ២០១៩ ប្រពៃណីចាប់ត្រីរួមគ្នានៅភូមិជ័យ មានភាពអ៊ូអរខ្លាំងមិនចាញ់នៅតំបន់អង្គរនោះឡើយ។ គេអនុញ្ញាតឱ្យចុះនេសាទរួមគ្នានៅពេលថ្ងៃត្រង់ ហើយកិច្ចឡើងអ្នកតាគឺចាប់ផ្តើមនៅវេលាម៉ោងប្រមាណបីរសៀលតទៅ។ ការនេសាទត្រីរួមគ្នានៅភូមិជ័យ គេអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍​នេសាទបែបប្រពៃណីចំនួនបី​មុខប៉ុណ្ណោះគឺ អង្រុត សំណាញ់ និងឈ្នក់។ រីឯអ្នកដែលមកនេសាទ មានទាំងក្មេងចាស់ប្រុសស្រី ហើយពួកគេសុទ្ធសឹងជាអ្នករស់នៅក្នុងស្រុក។ អ្នកមកពីខាងក្រៅស្រុក គេពុំអនុញ្ញាតឱ្យចូលនេសាទឡើយ (រូបលេខ២៥)។ ផលត្រីដែលនេសាទបានទាំងអម្បាលម៉ាន គេយកទៅហូបនៅផ្ទះផង និងមួយចំនួនយកទៅធ្វើម្ហូបសម្រាប់ពិធីឡើងអ្នកតាផង។ នៅក្នុងឆ្នាំ២០១៩ ប្រពៃណីនេសាទត្រីរួមគ្នានៅភូមិជ័យ លែងមានទៀតហើយ។ ដ្បិត អាជ្ញាធរមូលដ្ឋានឯកភាពឱ្យស្តារត្រពាំងបុរាណនេះឱ្យជ្រៅជាងមុនដើម្បីយកទឹកប្រើប្រាស់។ ចាប់ពីពេលនោះមក គេគ្រាន់តែឈរបង់សំណាញ់ពីមាត់ត្រពាំងប៉ុណ្ណោះ។

រូបលេខ២៥៖ ទិដ្ឋភាពការចាប់ត្រីរួមគ្នានៅភូមិជ័យកាលពីឆ្នាំ២០១៧

 

 

រៃអង្គាស (រៃរបៃ)

នៅភូមិសំបូរ គេកំណត់យកថ្ងៃទី៣ នៃពិធីឡើងអ្នកតា​ គឺជាថ្ងៃដើររៃអង្គាស ឬហៅតាមអ្នកស្រុកថា “រៃរបៃ”។ ក្នុងនោះ គេមិនត្រឹមតែរៃអង្គាសនៅក្នុងភូមិរបស់ខ្លួនប៉ុណ្ណោះទេ គឺដើររៃអង្គាសដល់ភូមិកំពង់ឈើទាលថែមទៀតផង។ ដ្បិត ជារឿយៗ អ្នកភូមិកំពង់ឈើទាល តែងតែមកចូលរួមពិធីឡើងអ្នកតានៅភូមិសំបូរជារៀងរាល់ឆ្នាំ។ ការរៃអង្គាសនេះទៀតសោត គេរៃទាំងថវិកា សម្ភារៈ ស្រូវ អង្ករ ម្ហូបអាហារ នំចំណី ស្រា ភេសជ្ជៈ មាន់ ទា សាច់ ស៊ុត …. (រូបលេខ២៦)។

ដោយឡែក បើនៅភូមិតាឡែកថ្មី គេដើររៃអង្គាសនៅថ្ងៃឡើងអ្នកតាតែម្តង ពោល គឺរៃអង្គាសនៅពេលព្រឹក និងប្រារព្ធកិច្ចឡើងអ្នកតានៅពេលរសៀល។ ប៉ុន្តែ គេដើររៃអង្គាសតែក្នុងភូមិរបស់ខ្លួនប៉ុណ្ណោះ។ របស់របរដែលរៃអង្គាសបាន ក៏មិនខុសពីនៅភូមិសំបូរដែរ (រូបលេខ២៧)។ រីឯនៅភូមិផ្សេងៗទៀត ក៏មានការដើររៃអង្គាសដូចគ្នាទាំងអស់។ គួរកត់សម្គាល់ អ្នកដើររៃរបៃសុទ្ធសឹងជាមនុស្សប្រុសវ័យកណ្តាល និងវ័យចំណាស់។ កាលពីមុន​មក នៅពេលចេញរៃរបៃម្តងៗ អ្នកដើររៃច្រើនរែកដងរែកនៅលើស្មា ដើម្បីងាយស្រួលដាក់របស់របរ។

រូបលេខ២៦៖ រៃរវៃនៅភូមិកំពង់ឈើទាល
រូបលេខ២៧៖ រៃរវៃនៅភូមិតាឡែកថ្មី

 

 

បវារណាគោក្របី

ក្នុងចំណោមភូមិគោលដៅទាំងអស់ គឺមានតែភូមិមហរមួយប៉ុណ្ណោះ ដែលអ្នកស្រុកមានប្រារព្ធកិច្ចបវារណាគោក្របី។ គេធ្វើកិច្ចនេះឱ្យចំថ្ងៃប្រារព្ធពិធីឡើងលោកយាយ ដែលត្រូវនឹងថ្ងៃ៩កើត ខែមាឃធំ ជារៀងរាល់ឆ្នាំ។ ការកំណត់យកថ្ងៃ៩កើត ខែមាឃធំនេះ ជាទំនៀមមិនដែលផ្លាស់ប្តូរឡើយ។ ផ្ទុយពីនៅតំបន់អង្គរ និងតំបន់មួយចំនួននៅប៉ែកខាងជើងប្រទេសដែលគេកំណត់យកថ្ងៃ៣កើត ខែមាឃធំ ជាថ្ងៃធ្វើកិច្ចពិធីផ្សេងៗ (សូមមើល អាំង ជូលាន ២០១២-២០១៣:៤៣)។ គេធ្វើកិច្ចនេះនៅតាមផ្ទះរៀងៗខ្លួន និងធ្វើសម្រាប់សត្វគោក្របីរបស់ខ្លួន។ ក្នុងវចនានុក្រមខ្មែរ (១៩៦៧:៦២២) ពាក្យ “បវារណា” មានន័យថា “ការបើកឱកាសឱ្យនិយាយ ឬសូមឱកាសនិយាយ”។ ដូច្នេះ ការបវារណាចំពោះសត្វគោក្របី មានន័យថាការនិយាយទៅកាន់សត្វគោក្របីនោះឯង។ អ្នកភូមិមហរធ្វើកិច្ចនេះឡើងដើម្បីសុំខមាទោសចំពោះសត្វគោក្របី ដែលកន្លងមកតែងតែវាយដំច្រំធាក់ ជេរប្រទេចផ្តាសាដើម្បីប្រើទឹមដឹកអូសគ្រប់រូបភាពក្នុងរបរធ្វើស្រែចម្ការរបស់ខ្លួន និងសូមឱ្យរួចចាកពៀរវេរានូវទង្វើដែលគេបានប្រព្រឹត្តចំពោះសត្វពាហនៈទាំងនោះ។ ក្នុងគ្រួសារនីមួយៗ គេមិនបានហាមប្រាមថា អ្នកដែលទៅលត់ជង្គង់សំពះសុំខមាទោសសត្វគោក្របីជាមនុស្សប្រុសឬស្រី និងមិនប្រកាន់អាយុឡើយ។ សមាជិករូបណាក៏អាចធ្វើជាតំណាងឱ្យគ្រួសារទាំងមូលធ្វើកិច្ចនេះបានដូចគ្នា។

ជាដំបូង គេយកស្រូវចាក់ចូលទៅក្នុងកញ្ជើ ឬល្អី ឬក្លាំទៅតាមចំណុះតិចឬច្រើនតាមទំហំនៃកញ្ជើដែលយកមកប្រើ។ រួចហើយគេយកធូបចំនួន ៥ សរសៃ ដោតជាប់ជាមួយស្រូវចំ ពាក់កណ្តាលកញ្ជើឬក្លាំដែលគេបានប្រើនោះ (រូបលេខ២៨)។ បន្ទាប់មកទៀត គេកាន់កញ្ជើស្រូវនោះឆ្ពោះទៅកាន់ក្រោលគោឬក្របី ហើយដាក់កញ្ជើឬចានដែលមានស្រូវនោះចំពីមុខសត្វគោឬក្របី។ នៅក្រោលគោឬក្របី គេអង្គុយចោងហោងគោរពសត្វពាហនៈ ដោយផ្គុំបាតដៃសំពះដល់ដីចំនួន ៣ ដង ហើយលើកដៃប្រណម្យសំពះភ្ជាប់ជាមួយសំដីយ៉ាងដូច្នេះថា “ខ្ញុំសូមខមាទោសសម្រាប់សត្វទាំងឡាយដែលធ្លាប់ជេរប្រទេចផ្តាសានៅឆ្នាំកន្លងទៅ។ខ្ញុំម្ចាស់សូមលាមាត់លាក កុំឱ្យមានកម្មវេរាតទៅមុខទៀត។ មួយឆ្នាំមានតែម្តងទេឡើងលោកយាយ សូមឱ្យជាសុខសប្បាយគ្រប់សត្វគោក្របីទាំងអស់។ កូនចៅទៅវត្តទៅវ៉ា ជួយថែរក្សាខ្ញុំម្ចាស់ និងសត្វទាំងអស់ឱ្យជាសុខសប្បាយទាំងអស់គ្នាឱ្យផុតកម្មវេរាទាំងអស់ក្នុងថ្ងៃឡើងលោកយាយឆ្នាំនេះ” (រូបលេខ២៩-៣០)។ បន្ទាប់ពីបវារណារួចមក គេយកទឹកមកប្រោះព្រំលើសត្វពាហនៈ ក្នុងន័យសូមឱ្យមានក្តីសុខសប្បាយ និងវៀរចាកកម្មវេរាទាំងពួង(រូបលេខ៣១)។ ចប់កិច្ចបវារណានៅក្រោលគោឬក្របីរួចមក គេត្រូវយកស្រូវដែលបានសែនសុំខមាទោសសត្វពាហនៈទាំងនោះ ទៅកាន់រោងពិធីឡើងលោកយាយ ដែលស្ថិតនៅក្នុងបរិវេណវត្តមហរទាំងយប់តែម្តង (រូបលេខ៣២)។ ស្រូវទាំងអម្បាលម៉ានគេយកទៅចាក់បង្គរលើគ្នានៅលើកន្ទេលមួយឱ្យខ្ពស់ដូចជាភ្នំដោយសន្មតថាជា “ភ្នំស្រូវ”។ ក្នុងន័យបញ្ជាក់ឱ្យឃើញថា វដ្តនៃស្រូវក្នុងឆ្នាំនេះបានចប់សព្វគ្រប់ហើយ។ គួរកត់សម្គាល់នោះ គេយកជើងក្រាននិងឆ្នាំងដីមួយដាក់នៅលើភ្នំស្រូវនោះ ដែលទំនងបង្ហាញអំពីគំនិតនៃការរួមភេទ ឬគំនិតនៃភោគផល ដូចគ្នានឹងត្បាល់និងអង្រែដែលយើងបានពន្យល់ខាងលើដូច្នោះដែរ ពោល គឺសូមឱ្យផលស្រូវកើតកាលវាលគុម្ពកាន់តែច្រើនទៀតនៅក្នុងរដូវធ្វើស្រែថ្មី (រូបលេខ៣៣)។ ស្រូវទាំងនោះគេយកទៅលក់ប្តូរយកប្រាក់សម្រាប់ផ្គត់ផ្គង់ដល់ពិធី បន្ទាប់ពីព្រះសង្ឃសូត្រធម៌នមស្ការរួចរាល់។

រូបលេខ២៨៖ ស្រូវសម្រាប់ធ្វើកិច្ចបវារណាចំពោះគោក្របី
រូបលេខ២៩៖ ការសំពះបវារណាចំពោះក្របីនៅភូមិមហរ

រូបលេខ៣០៖ ការសំពះបវារណាចំពោះក្របីនៅភូមិមហរ
រូបលេខ៣១៖ ការប្រោះព្រំទឹកដល់ក្របីនៅភូមិមហរ

រូបលេខ៣២៖ យកស្រូវដែលធ្វើកិច្ចបវារណាហើយមករោងពិធីឡើងលោកយាយនៅភូមិមហរ
រូបលេខ៣៣៖ ភ្នំស្រូវក្នងពិធីឡើងលោកយាយនៅភូមិមហរ

 

ការរៀបចំពែ និងសង្ឃឹក

ពែ និងសង្ឃឹក គឺសំដៅទៅលើរបស់ដែលធ្វើអំពីស្រទបចេកសម្រាប់ដាក់សំណែនសែនឱ្យទៅពពួកអមនុស្សតិរិច្ឆាន។ ក្នុងជំនឿខ្មែរ គេបានបែងចែកពពួកអមនុស្សជា ២ ប្រភេទ (សូមមើល Ang Chouléan 1986)។ ប្រភេទទី១ គឺអមនុស្សដែលអាចជួយយកអាសារ ថែរក្សា ផ្តល់នូវភោគផលយ៉ាងពេញបរិបូណ៌ដល់ស្រុក ឧទាហរណ៍ អ្នកតា អារក្ស និងម្រេញគង្វាលជាដើម។ ប្រភេទទី២ គឺពពួកអមនុស្ស​តិរិច្ឆានដែលតែងតែចូលមកយាយីរំខាន និងបង្កជាជំងឺតម្កាត់នានាដល់ភូមិស្រុក ដូចជា បិសាច ខ្មោច ព្រាយ រំបល់ ។ល។

សង្ឃឹក ជាពាក្យក្លាយមកពីភាសាបាលីថា “សង្ឃិក”។  ជាទូទៅ សង្ឃឹកមានរាងបួនជ្រុងស្រដៀងទៅនឹងពែដែរ តែអត់មានដោតផ្កា ឬមានរាជវត្តិតូចៗនៅជុំវិញឡើយ។ ទាំងពែ និងសង្ឃឹកធ្វើឡើងសម្រាប់ដាក់សំណែនបញ្ជូនឱ្យពពួកអមនុស្សដែលគេមិនរាប់រក  ហើយពពួកតិរិច្ឆានទាំងនោះតែងចូលមកយាយីរំខាន ឬបង្កទុក្ខបុកម្នេញដល់មនុស្សនៅក្នុងភូមិស្រុក។ សំណែនសម្រាប់សែនទៅឱ្យអមនុស្សទាំងនោះ រួមមាន បាយ ម្ហូប ស្រា ទឹកក្រូច ចេក នំអន្សម ប្រហុក អំបិល ស្ករ លុយ ។ល។ (រូបលេខ៣៤-៣៥)។

 

រូបលេខ៣៤៖ ការរៀបចំធ្វើពែនិងសង្ឃឹកនៅភូមិចំណារចាស់
រូបលេខ៣៥៖ ការដាក់សំណែនលើពែនិងសង្ឃឹកនៅភូមិជាយសំពៅ

ជាទម្លាប់អ្នកស្រុកនៅជុំវិញតំបន់ប្រាសាទសំបូរព្រៃគុក គេនិយមធ្វើពែ សម្រាប់បញ្ជូនសំណែនទៅដល់ពពួកតិរិច្ឆាន ច្រើនប្រភេទណាស់ ដូចជា ពែរាប ពែច្រមុះជ្រូក ពែកញ្ជ្រោង។ បន្ថែមពីលើរបស់ទាំងនេះ គេបន្ថែមដោយរូបសត្វដំរី សត្វសេះ ជើងត្រុំ រទេះគោ រទេះក្របី កៅអី សាលា ខ្នោះឃ្នាង។ រណ្តាប់ទាំងនេះ ត្រូវតែដាក់នាំមុខដោយមាន់ឆ្កាងចំនួន ១ គូ។ លោក អាំង ជូលាន យល់ថា មនុស្សធ្វើមាន់ឆ្កាងឡើងដើម្បីបោកខ្មោច​ប៉ុណ្ណោះ ព្រោះមាន់ឆ្កាងនេះពុំមែនមានន័យថាជាទារុណកម្មឡើយ។ ប៉ុន្តែ គេគ្រាន់ធ្វើដើម្បីសម្ញែងឱ្យឃើញថា សំណែននោះមានលក្ខណៈធំដុំ (សូមមើល អាំង ជូលាន ២០១២: ៣២-៣៦)។ ការធ្វើមាន់ឆ្កាងនេះទៀតសោត គេធ្វើយ៉ាងណាឱ្យស្បែក និងស្លាបលាតសន្ធឹងបានដោយពុំហែកដាច់ចេញពីគ្នា (រូបលេខ៣៥-៣៦)។

គ្រប់សំណែនទាំងអម្បាលម៉ានបញ្ជូនទៅកាន់អមនុស្សតិរិច្ឆាន គ្រាន់តែជាការឧបកិច្ចប៉ុណ្ណោះ។ រាល់ពែ និងសង្ឃឹក គេច្រើនរៀបចំឡើងនៅពេលព្រឹកឬថ្ងៃត្រង់ ដែលជាពេលពិធីឡើងអ្នកតាមិនទាន់ចាប់ផ្តើមឡើង ព្រោះភាគច្រើនគេឡើងអ្នកតានៅពេលរសៀល។ គេរៀបរណ្តាប់បញ្ជូនទាំងនោះ ដាក់នៅខាងចុងបរិវេណពិធី ហើយជាទម្លាប់គេច្រើនដាក់នៅទិសអាគ្នេយ៍ខ្ទមអ្នកតា។ លោក ម៉ៅ សិទ្ធិប៊ុណ្ណាវឌ្ឍន៍ (២០១៥: ៥៧) ពន្យល់ថា ការដាក់នៅខាងចុងនេះ គឺក្នុងគំនិតឧបកិច្ចថាទីធ្លានោះកំពុងស្ថិតនៅក្រៅបរិវេណស្រុក។ ដ្បិតដូចបានបញ្ជាក់ខាងលើមកហើយ អ្នកតាជាអមនុស្សល្អត្រូវស្ថិតនៅក្នុងស្រុក រីឯពពួកអមនុស្សថោកទាប ឬពពួកព្រៃទាំងនោះ ត្រូវស្ថិតនៅឱ្យឆ្ងាយពីស្រុក (ក្រៅស្រុក) ដែលជាកន្លែងមនុស្សរស់នៅ។

គួរកត់សម្គាល់ជាពិសេស ការរៀបចំពែ និងសង្ឃឹកនៅក្នុងពិធីឡើងអ្នកតា យើងឃើញមានតែភូមិជនជាតិខ្មែររស់នៅប៉ុណ្ណោះ។ រីឯ ភូមិចំនួន ៤ ដែលមានជនជាតិកួយរស់នៅ (ភូមិអណ្តាស ភូមិតាឡែកថ្មី ភូមិកូនក្អែក ភូមិវាលវែង) គេមិនទម្លាប់រៀបចំពែ និងសង្ឃឹកឡើយ។ លើកលែង ភូមិវាលវែងប៉ុណ្ណោះ ដែលយើងឃើញមានការធ្វើសង្ឃឹកបញ្ជូននៅពេលមេឃទៀបភ្លឺ (សូមមើលលម្អិតក្នុងចំណុចកិច្ចបញ្ជូន)។

 

រូបលេខ៣៦៖ របស់បញ្ជូន (ពែ សង្ឃឹក រទេះ សេះ ដំរី) នៅភូមិល្វា
រូបលេខ៣៧៖ មាន់ឆ្កាង និងខ្នោះឃ្នាងនៅភូមិសំបូរ

 

 

៣. ដំណាក់កាលនៃកិច្ច

ប្រសិនបើប្រៀបធៀបរវាងជនជាតិកួយ និងខ្មែរ យើងអាចពិចារណាថា កិច្ចមួយចំនួនក្នុងពិធីឡើងអ្នកតារវាងជាតិ ពន្ធុទាំងពីរនេះដូចគ្នាខ្លះ និងខុសគ្នាខ្លះ។ ម្ល៉ោះហើយ យើងចាំបាច់ណាស់ត្រូវតែព្យាយាមសិក្សាឱ្យបានស៊ីជម្រៅ ព្រមទាំង​ប្រៀបធៀបគ្នារវាងទំនៀមជាតិពន្ធុទាំងពីរនេះឱ្យបានគ្រប់កិច្ចទាំងអស់។ នៅភូមិវាលវែង និងកូនក្អែក ដែលជាភូមិជនជាតិកួយដូចគ្នា គេឡើងអ្នកតានៅពេលព្រឹក។ រីឯ នៅភូមិអណ្តាស និងភូមិតាឡែកថ្មី ដែលជាភូមិជនជាតិកួយដូចគ្នាដែរ គេបែរជាប្រារព្ធពិធីឡើងអ្នកតានៅពេលរសៀលដូចខ្មែរទៅវិញ។ គ្រាន់តែពេលវេលារវាងភូមិជនជាតិកួយដូចគ្នា ក៏យើងឃើញថាមិនដូចគ្នាទាំងស្រុងទៅហើយ។ ចុះទម្រាំតែកិច្ច ឬរបៀបនៃការធ្វើ ប្រាកដជាខុសគ្នាខ្លះជាក់ជាមិនខាន។ ដោយឡែក ពិធីឡើងអ្នកតារបស់ជនជាតិខ្មែរដូចគ្នានៅជុំវិញតំបន់សំបូរព្រៃគុកក៏ពុំ​ដូចគ្នាដែរ។ ជារឿងសាមញ្ញទៅហើយនៅក្នុងវប្បធម៌ខ្មែរ ព្រោះពីមួយកន្លែងទៅមួយកន្លែង វប្បធម៌រស់នៅរបស់មនុស្សមិនអាចដូចគ្នាទាំងស្រុងទេ។ ខាងក្រោមនេះ យើងនឹងបង្ហាញកិច្ចផ្សេងៗនៅក្នុងពិធីឡើងអ្នកតាទាំងខ្មែរ និងកួយជាបន្តបន្ទាប់។

 

កិច្ចសែនព្រេន

យើងសង្កេតឃើញថា នៅទីណាក៏ដោយ សែនព្រេន អាចរាប់បញ្ចូលបានថាជាកិច្ចដំបូងបង្អស់ក្នុងពិធីឡើងអ្នកតា។ គេច្រើនចាប់ផ្តើមធ្វើកិច្ចនេះឡើង បន្ទាប់ពីអ្នកចូលរួមមកជុំគ្នាហើយ។ ភូមិខ្លះគេធ្វើម្ហូបសំណែននៅផ្ទះរូបស្នង ភូមិខ្លះធ្វើម្ហូបនៅបរិវេណខ្ទមអ្នកតាតែម្តង និងភូមិខ្លះទៀតអ្នកស្រុកយួរម្ហូប និងសំណែនផ្សេងៗមកពីផ្ទះរៀងៗខ្លួន។ ចំណុចគួរកត់សម្គាល់​ជាពិសេស នៅក្នុងពិធីឡើងអ្នកតានៅភូមិវាលវែង អ្នកស្រុកមិនត្រឹមតែកាន់ម្ហូប និងគ្រឿងសំណែនផ្សេងៗ ដូចជា ស្រា ទឹកក្រូច នំបង់ខ្លាញ់ នំអំបែង នំបំពង់ស្រមោចមកប៉ុណ្ណោះទេ គេថែមទាំងភ្ជាប់មកជាមួយនូវព្រលឹងស្រូវ និងគ្រាប់ពូជដំណាំផ្សេងៗមកជាមួយផង។ ព្រលឹងស្រូវ ឬហៅថាផ្កាស្រូវ ឬហៅថាបាយស្រូវ ជានិម្មិតរូបតំណាងឱ្យដើមស្រូវ។ ពេលយកព្រលឹងស្រូវមកដល់ទីតាំងប្រារព្ធពិធី គេត្រូវយកមកចងផ្អោបជាមួយខ្ទមអ្នកតាដើម្បីស្រូបកម្លាំងថាមពលពីអ្នកតា។ ការធ្វើដូច្នេះក្នុងគំនិតឧបកិច្ច និងរំពឹងថា “សូមឱ្យស្រូវដែលបានពីថាមពលអ្នកតានេះ នឹងកើតកាលវាលគុម្ព ឬរីកដុះដាលល្អប្រសើរនៅ   រដូវធ្វើស្រែបន្ទាប់” (រូបលេខ៣៨)។ រីឯ គ្រាប់ពូជដំណាំដែលគេយកមកនោះ មានដូចជា គ្រាប់ពូជស្រូវ ពោត ដំឡូង សណ្តែក ល្ង ដែលសុទ្ធសឹងជាប្រភេទដំណាំដែលគេកំពុងដាំដុះនៅក្នុងជីវភាពប្រចាំថ្ងៃ។ គ្រាប់ពូជទាំងនោះទៀតសោត គេត្រូវយកទៅព្រោះនៅខាងក្រោមខ្ទមអ្នកតា ហើយភ្ជាប់ជាមួយនូវសំដីបួងសួងជាភាសាកួយ។ ពាក្យពេជន៍ទាំងនោះប្រែមកជាភាសាខ្មែរថា “សូមឱ្យសុខសប្បាយ ឱ្យបានភោគដល់ស្រូវ សណ្តែក ពោត ល្ង ហើយសូមឱ្យឆ្នាំក្រោយបានផលកាន់តែច្រើនឡើង” (រូបលេខ៣៩)។ ក្រៅពីនេះទៅទៀត អ្វីដែលគេតែងតែគោរពខ្ជាប់ខ្ជួនទាំងខ្មែរ និងកួយនោះ គឺការកាច់ស្លាធម៌ព្រៃដោតជាប់នៅសសររានហាល ឬដោតជាប់ដើមឈើនៅខាងមុខខ្ទម ឬដោតជុំវិញខ្ទមអ្នកតាក៏មាន (រូបលេខ៤០)។ ស្លាធម៌ព្រៃដែលដោតនោះទៀតសោត គេមិនបានប្រកាន់ថាជាស្លឹកឈើអ្វីនោះឡើយ ពោល ស្លឹកឈើព្រៃណាមួយក៏អាចកាច់ដាក់បានដែរ។ស្លាធម៌ព្រៃដែលគេនិយមកាច់មកប្រើញឹកញាប់នោះ ដូចជា ប្លាំងសា បាយក្រញិញ អន្សែ សសិត សិរមាន់ និងសណ្តែកព្រៃ​ ជាដើម។

 

រូបលេខ៣៨៖ ព្រលឹងស្រូវដែលដោតជាប់នៅខ្ទមអ្នកតានង ភូមិវាលវែង
រូបលេខ៣៩៖ កូនស្រុកកូនស្រែព្រោះគ្រាប់ពូជក្រោមខ្ទមអ្នកតានង ភូមិវាលវែង

សំណែនសម្រាប់សែនអ្នកតានៃភូមិនីមួយៗ មិនដូចគ្នានោះឡើយ។ ឧទាហរណ៍ជាក់ស្តែង នៅភូមិសំបូរគេចាំបាច់ត្រូវមានសំណែន២មុខដែលមិនអាចខ្វះបាន គឺស្វាដែលបានយកឆ្អើលហើយ (អ្នកស្រុកហៅអាកន្ទុយវែង) និងឆាមីសួជាមួយសាច់អណ្តើក (រូបលេខ៤១)។ ក្រៅពីសំណែនទាំងពីរមុខនេះ មានសំណែនបន្ទាប់បន្សំមួយចំនួនទៀតដូចជា បាយ សម្ល ស្រា ទឹកក្រូច នំនាលិ នំអន្សមស្លឹកផ្អាវ នំផ្លែអាយ នំចិន ចេក ដូង ស្លាធម៌ ។ល។ រីឯភូមិដទៃទៀត ជាពិសេស ភូមិជនជាតិកួយរស់នៅ គេនិយមសែនក្បាលជ្រូកខ្លាំងណាស់។ ភូមិខ្លះសែនក្បាលជ្រូកលើសពី១០ក្បាលក៏មាន ឧទាហរណ៍ ភូមិតាឡែកថ្មី និងភូមិអណ្តាស (រូបលេខ៤២)។ សាច់ជ្រូក ក៏មិនខុសអ្វីពីមីសួដែរ គឺជាអាហារដែលទទួលឥទ្ធិពលពីវប្បធម៌ចិន ព្រោះកាលពីមុនមក អាហារនៅជនបទមិនងាយមានសាច់ជ្រូកឡើយ។ លោក អាំង ជូលាន (២០២០: ១៩-២១) ពន្យល់ថា ការធ្វើម្ហូបតាមចិនដូច្នេះ គឺដើម្បីហ៊ឹហា ព្រោះក្នុងផ្នត់គំនិតមនុស្សខ្មែរនិងកួយយល់ថា ចិនជាជាតិពន្ធុពូកែរកស៊ី និងមានប្រាក់កាសច្រើនជាងខ្លួន។ សូម្បីតែនៅរោងទងខាងត្បូងនៃប្រាសាទបាយ័ន្តក៏មានចម្លាក់មនុស្សស្រុសជ្រូកនៅក្នុងពិធីជប់លៀងដែរ ហើយកន្លងមកអ្នកស្រាវជ្រាវជាច្រើនសន្និដ្ឋានថា អ្នកទាំងនោះគឺជាជនជាតិចិន ឬកូនចៅចិនដែលបានចូលមករស់នៅស្រុកខ្មែរនាសម័យអង្គរ (សូមមើល ឈុំ ម៉េងហុង ២០០៣)។

 

រូបលេខ៤១៖ ឆាមីសួសាច់អណ្តើកសែនលោកតាព្រៃធំ នៅសំបូរព្រៃគុក
រូបលេខ៤២៖ សំណែនក្បាលជ្រូកថ្វាយអ្នកតាក្នុងពិធីឡើងអ្នកតាភូមិអណ្តាស

រាល់ពេលសែនព្រេនចំពោះអ្នកតា គេមានទំនៀមថា ពុំគួរធ្វើឡើងតែម្នាក់ឯងបានឡើយ។ ដ្បិត ក្នុងកិច្ចនេះត្រូវតែមានអ្នកច្រូចស្រា និងច្រូចទឹក។ ម្ល៉ោះហើយ ចៅមឿងដែលជាអ្នកធ្វើកិច្ចត្រូវតែមានគ្នាយ៉ាងតិច ២ នាក់ឡើងទៅ។ ជួនកាល នៅភូមិខ្លះចៅមឿងដែលជាអ្នកទទួលបន្ទុកកិច្ចសែនព្រេន​ មានគ្នាដល់ទៅ ៥ នាក់។ គេជឿថា មនុស្សមិនអាចបញ្ជូនសំឡេងទៅអមនុស្សដោយមិនមានការច្រូចស្រាបានឡើយ។ ដ្បិត ស្រា គឺជាយានសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងមនុស្សជាមួយអមនុស្ស។ ករណីនៅភូមិសំបូរ មុនមកកាន់ខ្ទមអ្នកតា គេតែងជួបជុំគ្នានៅផ្ទះរូបស្នង ហើយដង្ហែមនុស្សទៅកាន់ខ្ទមអ្នកតាទ្វារ ដែលជាទីតាំងប្រារព្ធពិធី ស្ថិតនៅកណ្តាលភូមិ។ លុះដល់ចប់សព្វគ្រប់នៅខ្ទមអ្នកតាទ្វារហើយ ទើបគេដង្ហែគ្នាទៅកាន់ខ្ទមអ្នកតាព្រៃធំដែលជាចាស់ស្រុក (សព្វថ្ងៃខ្លះហៅថា លោកតាព្រៃគុក តែពីមុនមកគេច្រើនហៅថា លោកតាព្រៃធំ ឬលោកតាចាស់ស្រុក)។ ម្ល៉ោះហើយ កិច្ចសែនព្រេន ត្រូវតែចាប់ផ្តើមឡើងដំបូងនៅខ្ទមអ្នកតាទ្វារ។ បន្ទាប់ពីរៀបចំសំណែន និងអុជធូបទៀនចប់​សព្វគ្រប់ហើយ ចៅមឿងដែលមានគ្នាពីរនាក់ ចាប់ផ្តើមចូលទៅក្នុងខ្ទមលោកតាទ្វារ។ ពេលនោះម្នាក់ច្រូចស្រា និងម្នាក់ទៀតច្រូចទឹកលើសំណែន និងនៅលើថ្មអ្នកតា ដោយភ្ជាប់ជាមួយពាក្យអញ្ជើញ និងបួងសួងថា៖

 

“សូមអញ្ជើញលោកតាចាស់ស្រុកបន្ទុកភូមិ លោកតាដែលនៅថែរក្សាព្រៃព្រឹក្សាទាំងឡាយ ជាពិសេស គឺលោកតាទ្វារដែលនៅកណ្តាលភូមិ លោកតាព្រៃធំទាំង ១២១ ក៏សូមអស់លោកនៅទីណាកន្លែងណា កូនចៅរៀបរាប់ជូនមិនអស់ទេ។ ហេមន្តសន្តិរដូវ ខែមាឃ ខែមន្ត ឡើងរោង អស់លោកតាអើយ ក៏សូមអញ្ជើញមកទីនេះដើម្បីអបអរសាទរ ដែលកូនចៅបានរៀបចំកម្មវិធីឡើងលោកតានេះ ក៏សូមសេចក្តីសុខ សេចក្តីចម្រើន សូមឱ្យកូនចៅជួបតែសុខ កុំឱ្យមានទុក្ខ ហើយម្យ៉ាងទៀតសូមជួយបង្អុរព្រះពិរុណឱ្យច្រើន ដើម្បីឱ្យកូនចៅបានធ្វើស្រែធ្វើចម្ការ ឱ្យបានលូតលាស់ ដុះដាល កើតកាលវាលគុម្ព សូមអញ្ជើញមកសេពសោយ………!”

 

អញ្ជើញដូចខាងលើហើយ គេសម្រាកចំនួនមួយនាទី ហើយចាប់ផ្តើមច្រូចស្រា ច្រូចទឹក និងរៀបរាប់អញ្ជើញដូចខាងលើឱ្យបានគ្រប់បីដង​ (ក្នុងម្តងសម្រាកចំនួនមួយនាទី) (រូបលេខ៤៣)។ លុះពេលចប់កិច្ចរួចរាល់នៅខ្ទមអ្នកតាទ្វារ ហើយដង្ហែទៅដល់អ្នកតាព្រៃធំ ដែលស្ថិតនៅច្រកចូលក្រុមប្រាសាទសំបូរ នៃតំបន់ប្រាសាទសំបូរព្រៃគុក គេចាប់ផ្តើមសែនព្រេនម្តងទៀត ដូចអ្វីដែលធ្វើនៅខ្ទមអ្នកតាទ្វារដូច្នោះដែរ។ គួរកត់សម្គាល់ នៅភូមិផ្សេងៗទៀត គេធ្វើតែនៅខ្ទមអ្នកតាមួយកន្លែងប៉ុណ្ណោះក្នុងថ្ងៃតែមួយ។ របៀបសែនព្រេន ក៏មិនខុសគ្នាដែរ ពោល គឺគ្រាន់ថាសំណែនអាចមានភាពខុសគ្នាតិចតួច។ ម្យ៉ាងវិញទៀត បើនៅភូមិវាលវែង ភូមិអណ្តាស និងភូមិតាឡែកថ្មី ដែលជាភូមិមានជនជាតិកួយរស់នៅ គេសែនព្រេន និងអញ្ជើញអ្នកតាមកសេពសោយជាភាសាកួយតែម្តង ហើយអត្ថន័យជារួមមិនសូវខុសគ្នាទេ ព្រោះបំណងនៃកិច្ច គឺតែមួយ។

ជាការកត់សម្គាល់ ក្នុងពាក្យពេចន៍សែនព្រេននៅភូមិសំបូរដូចបានរៀបរាប់ខាងលើ មិនត្រឹមតែជាការដឹងគុណតាមរយៈការធ្វើពិធីឡើងជូនអ្នកតាប៉ុណ្ណោះទេ។ ប៉ុន្តែ គេបានភ្ជាប់ជាមួយការស្នើសុំផលតបស្នងពីរយ៉ាងពីអ្នកតាវិញ គឺទី១ សូមឱ្យមានសេចក្តីសុខ និងទី២ សូមឱ្យមានភ្លៀងពេញបរិបូណ៌។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ជំនឿចំពោះអ្នកតា គឺជាប់ពាក់ព័ន្ធយ៉ាងជ្រាលជ្រៅជាមួយកសិកម្ម ជាពិសេស ស្រែនោះឯង។ អ្នកតាប្រៀបបាននឹងដី ហើយការច្រូចទឹកនៅលើថ្មក្នុងខ្ទមអ្នកតា ប្រៀបបាននឹងទឹកភ្លៀងដែលស្រោចស្រពដល់ដីកសិកម្មរបស់មនុស្សដូច្នេះដែរ។ ការធ្វើដូច្នេះគ្មានបំណងអ្វីផ្សេងក្រៅពីសូមឱ្យមានភ្លៀងពេញបរិបូណ៌ ដើម្បីស្រោចស្រពដល់ផលដំណាំកសិកម្មរបស់ពួកគេ។ ដ្បិត ទាល់តែមានភ្លៀង ទើបស្រូវអាចរស់បាន។ ករណីមួយនៅភូមិរកា (ក្រុងស្ទឹងសែន) គេធ្វើពិធីសុំទឹកភ្លៀងច្រើនដងនៅខែពិសាខ និងជេស្ឋ។

 

រូបលេខ៤៣៖ ចៅមឿងច្រូចស្រានិងទឹកសែនអ្នកតាទ្វារនៅភូមិសំបូរ

 

កិច្ចបញ្ជាន់រូប (ជាន់រូប)

លុះសែនព្រេនចប់សព្វគ្រប់ហើយ ជាពេលវេលាមួយដែលវង់ភ្លេងអារក្សអាចចាប់ផ្តើមប្រគុំឡើងបាន។ ការប្រគុំនេះទៀតសោត ធ្វើឡើងដើម្បីអន្ទងហៅអស់អមនុស្ស (លោកតា) ទាំង១២១ ឱ្យចូលសណ្ឋិតក្នុងខ្លួនរូបស្នង និងដើម្បីទទួលភាពសប្បាយរីករាយអបអរ​នូវអ្វីដែលកូនស្រុកកូនស្រែ បានរៀបចំកម្មវិធីជូន។ កិច្ចនេះ គេហៅថា “បញ្ជាន់រូប” ឬខ្លះហៅថា “ជាន់រូប”។ ក្រៅពីពាក្យថា “ជាន់” គេអាចជំនួសដោយពាក្យថា “ចូល” ដែលមានន័យដូចគ្នា ហើយទង្វើនៃការចូល ឬជាន់នេះ គេហៅថា “បញ្ចូលរូប” ឬ “បញ្ជាន់រូប”។ រូប ជាភាសាសំស្រ្កឹត សំដៅលើមនុស្សស្រី ឬប្រុសដែលអាចឱ្យពពួកអមនុស្សមកចូលក្នុងខ្លួនបាន ដើម្បីឱ្យទំនាក់ទំនងរវាងមនុស្ស និងអមនុស្សអាចប្រព្រឹត្តទៅបាន។ អ្នកដែលជារូបស្នងនេះទៀតសោត គឺជ្រើសរើសដោយអមនុស្ស ដែលអាចចូលមកក្នុងខ្លួនរូប ហើយគ្រប់គ្រងរូប (ហៅថា “កាន់”)។ សាមីខ្លួនអាចឱ្យអមនុស្សនោះមកចូលខ្លួនក្នុងពេលណាដែលខ្លួនចង់។ បើអមនុស្សនោះជាអ្នកតា គេហៅមនុស្សស្នងនោះថា “រូបអ្នកតា” តែបើជាអារក្សហៅថា “រូបអារក្ស”។ រូបស្នងនោះធ្វើឱ្យអ្នកតាមានរូបរាងឡើង និងអាចឱ្យអ្នកតាឆ្លើយឆ្លងជាមួយមនុស្សបាន ឬប៉ះពាល់មនុស្សបាន។

កិច្ចបញ្ជាន់រូប គេតម្រូវឱ្យមានអ្នកភ្លេង និងអ្នកច្រៀង ដើម្បីឱ្យអ្នកតាចូលមកសណ្ឋិតក្នុងខ្លួនរូបស្នងបាន។ បើភ្លេងលេងត្រឹមត្រូវ អមនុស្សក៏ចូលរូបបានលឿនដូចគ្នាដែរ។ ឯរូបទៀតសោត ត្រូវតែមានតោកមួយនៅពីមុខ ព្រោះជាវត្ថុចាំបាច់សម្រាប់ភ្ជាប់អមនុស្សឱ្យឆ្លងចូលមកសណ្ឋិតក្នុងខ្លួនរូប។ ដូចពោលមកខាងលើ នៅក្នុងតោកមានវត្ថុមួយចំនួនដូចជា ធូប ទៀន អំបោះដៃ ពែង ដន្លាប់ក្រមួន ប្រេង កូនសៀន លុយ ។ល។ ប្រសិនបើគ្មានតោក គេយកផ្តិលមានដាក់អង្ករនិងគ្រឿងសំណែននៅខាងក្នុងមកជំនួសបាន ហើយគេនៅតែហៅផ្តិលនោះថា “តោក” ដដែល។

នៅក្នុងពេលចាប់ផ្តើមបញ្ជាន់រូប បទដំបូងដែលអ្នកភ្លេងចាប់ផ្តើមប្រគុំ គឺបទអញ្ជើញគ្រូ (គ្រូ គឺអ្នកតានោះឯង) ឬនៅភូមិខ្លះលេងបទឃុំរោងជាមុន ទើបលេងបទអញ្ជើញគ្រូតាមក្រោយ។ នៅពេលគេប្រគុំបទទាំងពីរនេះ អ្នកតាទាំងឡាយមិនទាន់ចូលសណ្ឋិតក្នុងខ្លួនរូបស្នងនៅឡើយទេ។ ក្នុងដំណាក់កាលនេះ រូបស្នងទាំងអស់កំពុងស្មិងស្មាធិ៍អារម្មណ៍។ បទបន្ទាប់ដែលគេប្រគុំ គឺបទតាវ៉ា ឬហៅថា តាវ៉ាស៊ីចេក។ អ្នកភូមិសំបូរជឿថា ការប្រគុំភ្លេងនិងច្រៀងបទនេះឡើង ក្នុងគោលបំណងបើកផ្លូវឱ្យអ្នកតាទាំង១២១ អាចចូលមកសណ្ឋិតនៅក្នុងខ្លួនរូបស្នងបាន។ ប៉ុន្តែ នៅភូមិខ្លះគេមិនលេងបទនេះឡើយ។ ឧទាហរណ៍ នៅភូមិល្វា បន្ទាប់ពីបទអញ្ជើញគ្រូ គេលេងបទម្លប់ដូង។ នៅភូមិសំបូរ បទទី៣គេចាប់ផ្តើមលេងបទតាជ័យ ដែលជាបទអ្នកតាទាំងឡាយចូលក្នុងខ្លួនរូបស្នងដើម្បីមកទទួលភាពត្រេកអរនៃកម្មវិធីដែលកូនស្រុកកូនស្រែបានរៀបចំពិធីឡើងអ្នកតា ឬពិធីឡើងរោងនេះជូន។ មកដល់បទនេះ អ្នកតាដែលចូលសណ្ឋិតនៅក្នុងខ្លួនរូបស្នង គឺត្រូវការរបស់ដែលជាអាការសាហាវ មានដូចជា ស្រា និងបារីជាដើម។ ជាទូទៅ មុនពេលអមនុស្សចូលសណ្ឋិតបាន រូបស្នងតែងតែយកដៃកាន់តោកដែលដាក់នៅខាងមុខខ្លួន រួចហើយរូបត្រូវបង្វិលតោកនោះក្នុងស្ថានភាពស្មិងស្មាធិ៍អារម្មណ៍ (រូបលេខ៤៤)។ នៅពេលដែលអមនស្សសណ្ឋិតក្នុងខ្លួនរូបស្នងហើយ ស្រី្តដែលមានតួនាទីជាស្នំដែលស្ថិតនៅកៀកជាមួយរូបស្នង បានជួយប្តូរសម្លៀកបំពាក់ជូនរូបស្នង​ (រូបស្នងខ្លះពុំមានប្តូរសម្លៀកបំពាក់ឡើយ ឧទាហរណ៍ រូបស្នងជាមនុស្សប្រុសនៅភូមិចុងព្រៃ និងភូមិព្រៃព្រះ)។ បើអមនុស្សជាភេទប្រុស ស្នំតែងចងក្បិនជូន។ បើជាស្រី ស្នំស្លៀកសំពត់ជូន។ ក្នុងពេលនោះ រូបស្នងប្តូរកាយវិការ និងអាកប្បកិរិយាយផ្ទុយពីធម្មជាតិរបស់ខ្លួនទាំងស្រុង ព្រោះអ្នកដែលបញ្ចេញកាយវិការ និងអាកប្បកិរិយានៅពេលនោះជាអ្នកតា។ អ្នកតាចូលសណ្ឋិតខ្លះចូលចិត្តផឹកស្រា ឬជក់បារី ដែលយើងអាចសម្គាល់ថា ជាអមនុស្សភេទប្រុស (រូបលេខ៤៥) ហើយអ្នកតាខ្លះយកស្រាបង្អកដល់អ្នកភ្លេងផង។ ស្នំ ជាអ្នកចាក់ស្រា និងអុជបារីដល់រូបស្នង។ ទាំងអមនុស្សភេទប្រុស និងភេទស្រី គឺរាំសប្បាយដូចគ្នា (រូបលេខ៤៦)។ អមនុស្សភេទស្រីដែលចូលមក ច្រើនចូលចិត្តបាញ់ទឹកអប់ លាបក្រែម លាបម្សៅ ហើយសួរកូនស្រុកកូនស្រែថា “ស្អាតឬនៅ?” (រូបលេខ៤៧)។ ដើម្បីបញ្ជោរអមនុស្ស អ្នកចូលរួមតែងតែឆ្លើយតបទៅវិញថា “ស្អាតហើយ”។ ការរាំទៀតសោត មានទាំងរាំបែបទន់ភ្លន់ រាំបែបឡកទៅមុខទៅក្រោយ និងរាំលោតកញ្ឆេងក៏មាន (រូបលេខ៤៨-៤៩)។ ករណីមួយគួរកត់សម្គាល់ នៅភូមិជ័យ ពេលចូលរូបមានរាំគ្រវីដាវទៀតផង ព្រោះអមនុស្សដែលចូលសណ្ឋិតក្នុងខ្លួនរូបស្នង គេជឿថាជាអតីតមេទ័ព (រូបលេខ៥០)។ កាន់តែពិសេសជាងនេះ នៅភូមិជាយសំពៅរូបស្នងម្នាក់ឡើងរាំលើរានទិស ដែលគេរៀបជា៧ថ្នាក់នៅទិសឦសានខ្ទមអ្នកតា (រូបលេខ៥១)។ តាមទំនៀម ដើម្បីឡើងទៅលើរានទិសបាន រូបត្រូវជិះកមនុស្សប្រុសម្នាក់ និងតែងមានមនុស្សប្រុសម្នាក់ ស្រីម្នាក់ កាន់ដៃរូបទាំងសងខាង ហើយពេលចុះ​ពីលើរានទិស រូបស្នងត្រូវជិះកមនុស្សស្រីដើរមកកាន់រោងពិធីវិញ (រូបលេខ៥២)។ យើងពុំយល់ច្បាស់អំពីគំនិតថា ហេតុអ្វីបានជារូបត្រូវជិះកមនុស្សឡើង និងចុះរានទិសនោះទេ? យើងគ្រាន់តែដឹងថា អមនុស្សដែលកំពុងចូលសណ្ឋិតនៅក្នុងខ្លួនរូបស្នងជាមនុស្សភេទប្រុស ដោយយោងទៅលើកាយវិការជក់បារី​ និងប្រើសំពត់ចងក្បិន។ ដូច្នេះហើយ អមនុស្សម្នាក់នេះ ទំនងជាអ្នកតាដ៏មានអំណាចណាមួយដែលគ្រប់គ្រងភូមិស្រុករបស់គេ។ នៅក្នុងពេលរាំបញ្ជាន់រូប អ្នកភ្លេងនិយមប្រគុំភ្លេង និងច្រៀងបទអួក និងបទតាថាវ​។ ដ្បិត គេជឿថាបទទាំងពីរនេះ គឺជាបទដែលអ្នកតាអាចរាំរែក និងសប្បាយរីករាយនូវអ្វីដែលមនុស្សបានរៀបចំពិធីឡើងនេះជូន។ គួរកត់សម្គាល់ដែរ ករណីភូមិតាឡែកថ្មី គេប្រគុំ និងច្រៀងចម្រៀងភ្លេងការជំនួសប៉ុណ្ណោះ ដែលសបញ្ជាក់ឱ្យឃើញថា ចម្រៀងអារក្សបានបាត់បង់ហើយ ហើយក្នុងក្រុមនេះមិនមានអ្នកចេះច្រៀងអារក្សទៀតឡើយ។

រូបលេខ៤៤៖ រូបស្នងបង្វិលតោកឱ្យអ្នកតាចូលសណ្ឋិត ឡើងអ្នកតាភូមិតាឡែកថ្មី
រូបលេខ៤៥៖ រូបស្នងជក់បារីដែលសម្គាល់ថាអ្នកតាជាប្រុស នៅភូមិចំណារចាស់

រូបលេខ៤៦៖ រូបស្នងឡើងរាំពេលបញ្ជាន់រូបនៅភូមិវាលវែង
រូបលេខ៤៧៖ រូបស្នងលាបម្សៅបញ្ជាក់ថាជាអ្នកតាភេទស្រី នៅភូមិសំបូរ

រូបលខ៤៨៖ រាំបញ្ជាន់រូបបែបទន់ភ្លន់នៅភូមិល្វា
រូបលេខ៤៩៖ រាំបញ្ជាន់រូបបែបលោតកញ្ឆេងនៅភូមិល្វា

រូបលេខ៥០៖ រូបស្នងរាំគ្រវីដាវនៅភូមិជ័យ
រូបលេខ៥១៖ រាំបញ្ជាន់រូបលើរានទិស នៅភូមិជាយសំពៅ

រូបលេខ៥២៖ រូបស្នងជិះកមនុស្សប្រុសឡើងរាំលើរានទិសនៅភូមិជាយសំពៅ

ក្នុងដំណាក់កាលកំពុងបញ្ជាន់រូបនេះ ជាឱកាសដែលមនុស្ស (កូនស្រុកកូនស្រែ) អាចឆ្លើយឆ្លងជាមួយអ្នកតា ឬអាចប្រាប់អំពីកង្វល់របស់ពួកគេឱ្យអ្នកតាបានដឹង ព្រមទាំងអាចសុំកម្លាំងថាមពល និងពរជ័យពីអ្នកតាផង។ ក្នុងពេលឆ្លើយឆ្លង ស្នំ និងកូនស្រុកកូនស្រែតែងសួរសំណួរដំបូងថា “លោកតាណានេះ?” ឬ “លោកតាឈ្មោះអីដែរ?”។ គេសួរដូច្នេះ មកពីគេមិនអាចមើលឃើញមុខអមនុស្សបានឡើយ ព្រោះអមនុស្សគ្រាន់តែជាវិញ្ញាណដែលស្ថិតនៅក្នុងខ្លួនរូបស្នងតែប៉ុណ្ណោះ។ ​លុះពេលអ្នកតាប្រាប់ឈ្មោះហើយ គេច្រើនសួរសំណួរដែលពាក់ព័ន្ធនឹងកង្វល់អ្វីដែលពួកគេកំពុងជួបប្រទះនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ជាពិសេស សំណួរដែលជាប់ពាក់ព័ន្ធនឹងការធ្វើកសិកម្ម (ស្រែចម្ការ)។ សំណួរដែលតែងតែឮស្ទើរគ្រប់ភូមិនោះគឺ “ឆ្នាំក្រោយនេះមានភ្លៀងច្រើនទេ?” ដ្បិត ពិធីឡើងអ្នកតាមិនឃ្លាតចាកឆ្ងាយពីរឿងរ៉ាវកសិកម្មឡើយ។ ការធ្វើស្រែ ជាកង្វល់សំខាន់បំផុតសម្រាប់មនុសុ្សនៅក្នុងសហគមន៍ ព្រោះអ្នកដែលចូលរួមភាគច្រើនសុទ្ធសឹងប្រកបរបរកសិកម្ម។ ពាក្យថា “ឆ្នាំក្រោយ” សំដៅទៅលើរដូវធ្វើស្រែបន្ទាប់ ព្រោះពិធីឡើងអ្នកតាគេប្រារព្ធធ្វើឡើងនៅពេលប្រមូលផលស្រូវចប់សព្វគ្រប់ហើយ ដែលស្មើនឹងពាក្យ “ឆ្នាំមុន” ឬ ”រដូវមុន”។

បន្ថែមពីនេះទៀត ករណីមួយនៅភូមិតាឡែកថ្មី មេភូមិ និងស្រ្តីមួយចំនួនដែលមកចូលរួមនាំគ្នាសួរនាំអ្នកតាអំពី “ការកសាងសាលាដំណាក់នៅក្នុងភូមិ ដោយស្នើសុំកាប់ឈើចំនួន៤ដើម ដែលមានដុះនៅក្នុងព្រៃអ្នកតានេះ ដើម្បីយកទៅធ្វើសាលាដំណាក់។ លោកតានោះក៏អនុញ្ញាតឱ្យកាប់ឈើ តែគេមិនបានកំណត់ថា ការកាប់ដើមឈើនៅពេលណាឱ្យប្រាកដនោះឡើយ” (រូបលេខ៥៣)។ ប្រការនេះងាយយល់ខ្លាំងណាស់ គឺកង្វល់សំខាន់របស់អ្នកភូមិក្នុងពិធីឡើងអ្នកតាឆ្នាំនេះជារឿងសាងសង់សាលាដំណាក់ និងការកាប់ឈើក្នុងព្រៃអ្នកតា។ គេមិនសូវឮនិយាយអំពីការធ្វើស្រែចម្ការឡើយ។ រីឯរណ្តាប់ដែលជាប់ទាក់ទងនឹងព្រលឹងស្រូវ ក៏មិនសូវឃើញមានច្រើនដូចភូមិអណ្តាសដែលស្ថិតនៅក្បែរនោះឡើយ។

រូបលេខ៥៣៖ កូនស្រុកកូនស្រែឆ្លើយឆ្លងជាមួយអមនុស្សស្នើសុំកាប់ដើមឈើទៅកសាងសាលាសំណាក់ នៅភូមិតាឡែកថ្មី

សកម្មភាពមួយទៀត ដែលតែងឃើញមាននៅគ្រប់ភូមិក្នុងពេលបញ្ចាន់រូបនោះ គឺការប្រោះព្រំ និងផ្តល់ពរជ័យពីអ្នកតាដល់អ្នកចូលរួម។ ទី១ គឺការចងអំបោះក្រហម ប្រោះទឹកអប់ និងប្រោះទឹកក្រអូបដោយអ្នកតាជូនដល់កូនស្រុកកូនស្រែ ហើយបំណងសូមឱ្យជួបតែសេចក្តីសុខ និងសេចក្តីចម្រើន (រូបលេខ៥៤-៥៥)។ ក្នុងពេលចូលចងអំបោះពីអ្នកតា អ្នកចូលរួមតែងមានទ្រនាប់ដៃទៅជាមួយ ដូចជា ប្រាក់ ស្រា ទឹកក្រូច និងសំណែនផ្សេងៗដល់អ្នកតា។ ទី២ គឺការស្តោះផ្លុំដោយអ្នកតាដល់កូនស្រុកកូនស្រែរូបណាដែលកំពុងមានជំងឺ។ អ្នកខ្លះត្រូវពស់ចឹក ខ្លះហើមជើងហើមដៃ និងខ្លះទៀតមានជំងឺតម្កាត់ផ្សេងៗទៀត។ ការស្តោះផ្លុំ គឺដើម្បីបណ្តេញជំងឺទាំងពួងឱ្យចាកចេញពីក្នុងខ្លួនអ្នកជំងឺ។ ស្តោះនេះទៀតសោត រូបស្នងអ្នកតាប្រើក្រមួនលាប និងធ្វើមាត់ផ្លុំនៅកន្លែងដែលបានលាបនោះ ដូចជា ត្រង់ក្បាល ថ្ងាស ពោះ ជើង ដៃ ជាដើម (រូបលេខ៥៦-៥៧)។ ត្រង់ចំណុចនេះកាន់តែសបញ្ជាក់ឱ្យឃើញថា នៅក្នុង  បរិបទដែលវិស័យវេជ្ជសាស្រ្តកំពុងតែទំនើបយ៉ាងណាក្តី ជំនឿ​ទៅលើអ្នកតា ឬការស្តោះផ្លុំបែបប្រពៃណីនៅតែចាក់ឫសយ៉ាងរឹងមាំក្នុងផ្នត់គំនិតមនុស្សខ្មែរ និងកួយនៅឡើយ។

រូបលេខ៥៤៖ អ្នកតាចងអំបោះដល់កូនស្រុកកូនស្រែនៅភូមិអណ្តាស
រូបលេខ៥៥៖ អ្នកតាប្រោះព្រំទឹកក្រអូបដល់កូនស្រុកកូនស្រែនៅភូមិព្រៃព្រះ

រូបលេខ៥៦៖ អ្នកតាស្តោះផ្លុំដល់កូនស្រុកកូនស្រែនៅភូមិតាឡែកថ្មី
រូបលេខ៥៧៖ អ្នកតាស្តោះផ្លុំដល់កូនស្រុកកូនស្រែនៅភូមិវាលវែង

 

បន្ថែមពីអ្វីដែលយើងបានរៀបរាប់ជូនខាងលើ ការចែករបៃ គឺជាផ្នែកមួយដ៏សំខាន់ក្នុងកិច្ចបញ្ជាន់រូប ដែលយើងតែងឃើញស្ទើរតែគ្រប់ភូមិ។ របៃ សំដៅលើសំណែនផ្សេងៗ ដែលគេយកមកសែនចំពោះអ្នកតា ដូចជា បាយ សម្ល នំ បង្អែម ទឹកក្រូច ស្រា ។ល។ របៃទាំងនេះបានទទួលថាមពលពីអ្នកតា ទើបកូនស្រុកកូនស្រែដែលមកចូលរួមតែងតែដណ្តើមគ្នាយក។ គេជឿថា ការហូបរបៃទាំងនេះ នឹងនាំមកនូវសិរីសួស្តី និងអាចវៀរចាកជំងឺតម្កាត់ទាំងពួង។ ដើម្បីទទួលរបៃ កូនស្រុកកូនស្រែត្រូវ ចូលរាំរែកជាមួយអ្នកតា ប្រឡែងលេង ឬធ្វើយ៉ាងណាឱ្យអ្នកតាសប្បាយចិត្ត ទើបអ្នកតាព្រមឱ្យរបៃ (រូបលេខ៥៨)។ ជួនកាល អ្នកតាបោះរបៃទាំងនោះឱ្យកូនស្រុកកូនស្រែចាប់ ជាពិសេស របៃជានំនាលិ និងនំអន្សមស្លឹកផ្អាវ (រូបលេខ៥៩-៦០)។

រូបលេខ៥៨៖ ការប្រឡែងលេងជាមួយរូបស្នងអ្នកតាដើម្បីសុំស្រា នៅភូមិជាយសំពៅ
រូបលេខ៥៩៖ ចែករបៃអ្នកតានៅភូមិព្រៃព្រះ
រូបលេខ៦០៖ ចែករបៃអ្នកតានៅភូមិជាយសំពៅ

 

 

កិច្ចបញ្ជូន

ពាក្យ “បញ្ជូន” ជាកម្លាយមកពីពាក្យ “ជូន”។ កិច្ចបញ្ជូនសំដៅដល់ការដង្ហែសំណែនទៅឱ្យពពួកអមនុស្ស ដែលគេមិនរាប់រក ឬអាចនិយាយបានថាជានិមិ្មតរូបនៃក្បួនបណ្តេញខ្មោចព្រៃឱ្យចាកចេញពីស្រុក។ កិច្ចបញ្ជូន គេភ្ជាប់ជាមួយកិច្ចបញ្ជាន់រូប។ នៅភូមិសំបូរ គេរៀបចំកិច្ចបញ្ជូននៅខ្ទមអ្នកតាទ្វារ ហើយចាប់ផ្តើមឡើងបន្ទាប់ពីបទតាជ័យបានបញ្ចប់ទៅ។ ដើម្បីធ្វើកិច្ចនេះ ជាដំបូងអ្នកភ្លេងត្រូវប្រគុំបទអន្ទង (ខ្លះហៅថា “អ្នកបញ្ជូនស្រុកស្រែ”) ជាមុនសិន។ ក្នុងពេលលេងបទអន្ទង រូបស្នងបានកាន់ដំបងទ្រាំង ឬរំពាត់ពិនិត្យមើលរណ្តាប់ទាំងអម្បាលដែលត្រូវបញ្ជូនដល់ពពួកតិរិច្ឆាន។ ជាទូទៅ គេដាក់មាន់ឆ្កាងចំនួន​មួយគូដាក់នៅពីមុខរបស់រ​បរបញ្ជូនផ្សេងៗទៀត។​ ក្រៅពីនេះ មាន ខ្នោះឃ្នាង សាលា កៅអី សង្ឃឹក ជើងត្រុំ ពែ (ពែរាប ពែច្រមុះជ្រូក ពែកញ្រ្ជោង) រូបសត្វដំរី សេះ រទេះគោ ដែលរបស់ទាំងនេះសុទ្ធសឹងធ្វើអំពីស្រទបចេកប៉ុណ្ណោះ។ ប៉ុន្តែ គេឧបកិច្ចថាគ្រឿងទាំងនេះ ជាយានដែលអាចដឹកជញ្ជូនតង្វាយទៅកាន់ពពួកអមនុស្សថោកទាប និងអាចណ្តេញឱ្យចេញពីភូមិស្រុកបាន។ ក្នុងនោះ សំណែនដែលដាក់លើគ្រឿងបញ្ជូនមានដូចជា បាយ ម្ហូប ស្រា ទឹកក្រូច ចេក នំអន្សម ប្រហុក អំបិល ស្ករ ទឹកត្រី ប៊ីចេង ។ល។ ពោល គឺសុទ្ធសឹងជាអ្វីដែលមនុស្សអាចហូបបាន។ ការបញ្ជូនក៏ចាប់ផ្តើមឡើងនៅពេលអ្នកភ្លេងលេងដល់ “បទស្រោមនាយ” (នៅភូមិសំបូរបទស្រោមនាយជាបទទី៥)។ តំបន់ខ្លះពេលបញ្ជូនគេលេងបទ “អុំទូក” ឬខ្លះលេងបទ “កន្លង់” ក៏មាន។

ពេលនោះរូបស្នងក៏យករំពាត់ចង្អុលទៅពែ សង្ឃឹក និងគ្រឿងបញ្ជូនទាំងអស់ដើម្បីត្រៀមបញ្ជូន (រូបលេខ៦១)។ ករណីនៅភូមិជ័យ រូបស្នងបានយកដំបងទ្រាំង និងដាវចង្អុលទៅរណ្តាប់បញ្ជូន ព្រោះនៅពេលតាម៉ុក និងតាពេជ្រ ចូលសណ្ឋិតនៅក្នុងខ្លួនរូបស្នង គឺតែងតែកាន់ដំបងទ្រាំង និងដាវ ព្រោះគេជឿតៗគ្នាថាលោកតាទាំងពីរជាមេទ័ព (រូបលេខ៦២)។  ពេលនោះទៀតសោត រូបស្នងតាម៉ុក និងតាពេជ្រយកដៃបាចអង្ករនៅលើរណ្តាប់ថែមទៀតផង ដើម្បីសូមឱ្យអមនុស្សថោកទាបទាំងពួងចាកចេញពីភូមិស្រុកមនុស្សរស់នៅ ព្រោះគេជឿថាពួកគេមកពីក្រៅស្រុក។ គួរឱ្យចាប់អារម្មណ៍ដែរនៅភូមិល្វា (ឃុំជ័យ ស្រុកកំពង់ស្វាយ) មុននឹងបញ្ជូន ចៅមឿងនិងអ្នកចូលរួមទាំងអស់ នាំគ្នាអង្គុយលើកដៃប្រណម្យសូត្រធម៌នៅខាងមុខរណ្តាប់បញ្ជូនតាមបែបព្រះពុទ្ធសាសនាជាមុនសិន (រូបលេខ៦៣)។ ធម៌នោះទៀតសោត គេសូត្រចំនួនពីរមេ គឺធម៌នមស្ការព្រះរតនត្រ័យ និងធម៌បត្តិទានគាថា។ មេទី១ គេសូត្ររៀបរាប់អំពីការថ្វាយបង្គំ រំឭកនឹកគុណ និងសរសើរគុណដ៏ឧត្តុងឧត្តមនៃព្រះរតនត្រ័យ ដែលប្រកបដោយអង្គបី រួមមាន ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ​ (Rinpoche 1995)។ រីឯមេទី២ គេសូត្ររៀបរាប់អំពីការឧទ្ទិសកុសល និងផ្សព្វផ្សាយផលបុណ្យដល់សព្វសត្វទាំងឡាយដែលមាននៅក្នុងលោក រាប់បញ្ចូលទាំងអសញ្ញិសត្វផង (សត្វដែលឥតសញ្ញា)។ ត្រង់មេទី២នេះ សបញ្ជាក់ន័យឱ្យឃើញថា ទោះបីសព្វថ្ងៃគេយកព្រះពុទ្ធសាសនាមកលាយឡំជាមួយពិធីក្នុងជំនឿជីវចលនេះក្តី ក៏ធម៌ដែលគេសូត្រនេះនៅតែមានន័យដូចគ្នាជាមួយគំនិតនៃកិច្ចបញ្ជូនដដែល ពោល គឺជាការបញ្ជូនសំណែនទៅដល់ពពួកអមនុស្សតិរិច្ឆាននេះឯង។ ម្ល៉ោះហើយ យើងស្រួលយល់ថា ទោះបីជាពិធីឡើងអ្នកតា ជាជំនឿបែបជីវចលសុទ្ធសាធទៅហើយក្តី ឥទ្ធិពលដ៏មានអំណាច​របស់ព្រះពុទ្ធសាសនា នៅតែអាចជ្រៀតចូលទៅក្នុងជំនឿនេះបានដោយសុខដុមរមនា។ ដ្បិត ជំនឿទាំងពីរនេះមានគំនិតរួមតែមួយ។ ម្យ៉ាងទៀតនោះ អ្នកចូលរួម គឺសុទ្ធសឹងជាពុទ្ធសាសនិកថែមទៀតផង។

រូបលេខ៦១៖ រូបស្នងអ្នកតាយករំពាត់ចង្អុលទៅរណ្តាប់បញ្ជូន នៅភូមិសំបូរ

 

រូបលេខ៦២៖ រូបស្នងអ្នកតាយកដំបងទ្រាំង និងដាវចង្អុលទៅរណ្តាប់បញ្ជូន នៅភូមិជ័យ
រូបលេខ៦៣៖ សូត្រធម៌នមស្ការ និងបត្តិទានគាថាមុនធ្វើកិច្ចបញ្ជូន នៅភូមិល្វា

អ្នកកាន់រណ្តាប់បញ្ជូនទៀតសោត ភាគច្រើនជាក្មេងៗដោយមិនគិតភេទប្រុស ឬស្រីឡើយ ហើយក៏ឥតហាមប្រាមចំពោះមនុស្សពេញវ័យ ឬមនុស្សចាស់ដែរ។ ប៉ុន្តែ គេមានត្រណមថា នៅពេលកាន់សំណែនបញ្ជូនទៅឱ្យពពួកអមនុស្សតិរិច្ឆាន គេមិនអនុញ្ញាតឱ្យងាកក្រោយឡើយ។ ភូមិមួយចំនួន គេតម្រូវឱ្យក្មេងៗដែលកាន់រណ្តាប់បញ្ជូន ត្រូវតែរត់ឱ្យលឿន និងកុំងាកក្រោយ (រូបលេខ៦៤)។ រីឯភូមិខ្លះទៀតដើរដង្ហែក្នុងល្បឿនធម្មតាក៏មាន (រូបលខ៦៥-៦៦)។ អ្នកស្រុកជឿថា ការរត់ឱ្យលឿនដូច្នេះ គឺជាមធ្យោបាយមួយដែលអាចនាំយកពពួកខ្មោច ព្រាយ បិសាច រំបល់ ឱ្យចេញពីស្រុកបានកាន់តែឆាប់រហ័សជាងការដង្ហែធម្មតា។

ចំណុចដែលគួរលើកយកមកពិចារណា ជាទិសនៃការបញ្ជូន។ ក្នុងនោះ នៅភូមិសំបូរ គេបញ្ជូនសំណែនទៅទិសខាងត្បូង។ ភូមិល្វា គេបញ្ជូនទៅនិរតី និងភូមិជាយសំពៅទៅខាងកើត។ រីឯនៅភូមិមហរ និងភូមិជ័យ គេបែរជាបញ្ជូនទៅទិសខាងជើងវិញ។​ ពោល គឺទិសដូចគ្នាខ្លះ និងខុសគ្នាខ្លះ។ ករណីទាំងនេះបង្ហាញឱ្យឃើញថា សំណែនដែលបញ្ជូនទៅពពួកអមនុស្សតិរិច្ឆាន គេមិនបានកំណត់ទិសណាមួយឱ្យជាក់លាក់នោះឡើយ។ ប៉ុន្តែ គេធ្វើតាមទំនៀមទម្លាប់ ដែលបន្តពីអ្នកជំនាន់មុននៅតាមភូមិរៀង​ៗខ្លួន។ ចំណុចរួមមួយដែលឃើញថាដូចគ្នានោះ  រណ្តាប់បញ្ជូនទាំងអស់ គេយកទៅដាក់នៅទីស្រែ ពោល គឺស្រែឯត្បូង ស្រែឯជើង ឬស្រែឯនិរតី (រូបលេខ៦៧-៦៨)។ ដូច្នេះ យើងអាចសន្និដ្ឋានថា ការបញ្ជូននេះប្រហែលមិនជាប់ពាក់ព័ន្ធអ្វីជាមួយនឹងទិសនោះទេ ហើយអាចជាប់ពាក់ព័ន្ធទៅនឹងស្រែទៅវិញ។

រូបលេខ៦៤៖ ក្មេងៗដង្ហែរណ្តាប់បញ្ជូននៅភូមិសំបូរ
រូបលេខ៦៥៖ កិច្ចដង្ហែរណ្តាប់បញ្ជូននៅភូមិល្វា

រូបលេខ៦៦៖ កិច្ចដង្ហែរណ្តាប់បញ្ជូននៅភូមិជ័យ
រូបលេខ៦៧៖ ដាក់រណ្តាប់បញ្ជូននៅទីស្រែខាងត្បូង នៅភូមិសំបូរ

រូបលេខ៦៨៖ ដាក់រណ្តាប់បញ្ជូននៅទីស្រែ ភូមិជាយសំពៅ

 

ហេតុអ្វីគេបញ្ជូនរណ្តាប់ ដែលសន្មតថាជាការបណ្តេញខ្មោចព្រៃទៅកាន់ទីស្រែ?

 

ដើម្បីពន្យល់ករណីនេះ យើងគួរតែយល់អំពីអ្វីជាគំនិតដែលហៅថា “ព្រៃ” និង “ស្រុក” នៅក្នុងវប្បធម៌ខ្មែរជាមុនសិន។ “ព្រៃ” សំដៅដល់កន្លែងដែលជាមន្ទិល និងជាទីស្ថាននៃពពួក តិរិច្ឆានរស់នៅ។ រីឯ “ស្រុក” សំដៅទៅដល់ទីស្ថានរស់នៅរបស់មនុស្ស ឬជាកន្លែងដែលមានវប្បធម៌។ មនុស្សមិនចង់ឱ្យមានពពួកតិរិច្ឆានដែលមានធាតុព្រៃ (ធាតុមន្ទិល) រស់នៅលាយឡំជាមួយឡើយ។ ម្ល៉ោះហើយ ទើបយើងច្រើនឮគេនិយាយថា កន្លែងដែលជាទីស្ថានមនុស្សរស់នៅគេហៅថា “ភូមិ” ឬ “ស្រុក” រីឯនៅឆ្ងាយពីភូមិដែលមានដើមឈើដុះជុំជិតគេហៅថា “ព្រៃ”។ ត្រង់នេះមានន័យថា មនុស្សបែងចែកព្រំដែនយ៉ាងជាក់លាក់​រវាង “វិស័យស្រុក” និង “វិស័យព្រៃ”។ ពពួកតិរិច្ឆានដែលគេយល់ថាជា “ព្រៃ” មិនអាចរស់នៅលាយឡំជាមួយមនុស្សបានទេ ព្រោះពពួកទាំងនេះតែងតែធ្វើទុក្ខម្នេញដល់មនុស្ស ដូចជា អារក្ស ខ្មោច ព្រាយ រំបល់ (សូមមើល Ang Chouléan 1986: 116)។ល។ មិនថាតែពពួកអមនុស្សដែលរៀបរាប់ខាងលើគេចាត់ទុកថាជា “ព្រៃ” ប៉ុណ្ណោះទេ សូម្បីតែអ្នកតាក៏គេចាត់ទុកថាជា “ព្រៃ” ដូចគ្នា (សូមមើល Ang Chouléan 1986: 179-181)។ ប៉ុន្តែ អមនុស្សមួយប្រភេទនេះ គេជឿថាអាចមើលថែរក្សាមនុស្ស ទើបបានជាគេយកមកនៅលាយឡំក្នុង “ស្រុក” បាន។ ចំណុចនេះ គឺដូចអ្វីដែលបានរៀបរាប់ខាងលើថា អ្នកតាគឺជាដី ដែលជាអមនុស្សអាចធានាថា ភោគផលអាចបង្កបង្កើនបានពេញលេញ ហើយច្រើនតែមានទីតាំងស្ថិតនៅជិតស្រែ ឬបែរមុខទៅរកស្រែ ព្រោះមុខងាររបស់អ្នកតា គឺរឿងភោគផល។ ពន្យល់មកហូរហែរនេះ គឺគ្រាន់តែចង់បញ្ជាក់ឱ្យដឹងថា ទីស្រែ គេសន្មតថាជាបរិវេណ “ក្រៅស្រុក” ឬជា “វិស័យព្រៃ” ដែលគេយល់ថាជាកន្លែងមានពពួកតិរិច្ឆានរស់នៅ។ ចំណែកឯទីតាំងប្រារព្ធពិធីនៅខាងមុខខ្ទមអ្នកតា គេបានសន្មតថាជា“ ទីស្រុក” ឬនិម្មិតរូប “ស្រុក” (សូមមើល ម៉ៅ សិទ្ធិប៊ុណ្ណាវឌ្ឍន៍ ២០១៥: ១១៩-១២០) ។ ហេតុដូច្នេះ ការបញ្ជូនគ្រឿង    រណ្តាប់ទៅទីស្រែ ទំនងជាបង្កប់អត្ថន័យឱ្យឃើញថា ទីស្រែ ជាកន្លែងដែលស្ថិតនៅ “ក្រៅស្រុក” ឬ “ព្រៃ” ដែលជាទីស្ថាននៃពពួកខ្មោចព្រៃរស់នៅដូច្នេះឯង។

 

 

របៀបបញ្ជូនមួយបែប

 

កិច្ចបញ្ជូននៅភូមិចុងព្រៃ និងភូមិព្រៃព្រះ ដែលស្ថិតនៅទិសនិរតីតំបន់ប្រាសាទសំបូរព្រៃគុកមាន       លក្ខណៈខុសគ្នាខ្លាំងពីភូមិមួយចំនួនដែលបានរៀបរាប់ខាងលើ។ អ្នកតាធំជាងគេនៅភូមិចុងព្រៃមានព្រះនាមថា “តាគង់” រីឯនៅភូមិព្រៃព្រះមានព្រះនាមថា “តាគ្រីស”។ អ្នកស្រុកជឿថា “តាគង់” និង “តាគ្រីស” គឺជាមេទ័ព ឬឥស្សរជនជាន់ខ្ពស់នៅសម័យបុរាណ ដែលទៅណាមកណាតែងមានសត្វដំរីជាយានជំនិះ (សូមមើល លី ធាមតេង ១៩៧៣)។ ម្ល៉ោះហើយ កិច្ចបញ្ជូននៅភូមិចុងព្រៃនិងព្រៃព្រះ ឥតមានរៀបចំរណ្តាប់បញ្ជូនដូចជា មាន់ឆ្កាង ខ្នោះឃ្នាង ពែ សង្ឃឹក រទេះ សត្វសេះ ដំរី កៅអី សាលា ដូចភូមិផ្សេងៗឡើយ។ ប៉ុន្តែ គេយកមនុស្សម្នាក់ឱ្យលត់ជង្គង់ដូចជាសត្វដំរី ដើម្បីដឹករណ្តាប់បញ្ជូនយកទៅឱ្យពពួកអមនុស្សតិរិច្ឆានតែម្តង។ កាន់តែពិសេសជាងនេះ រូបស្នងជាអ្នកជិះនៅលើខ្នងតួអង្គសត្វដំរីក្នុងការដឹកជញ្ជូនសំណែន។

ជាដំបូង រូបស្នងប្រដាប់ដោយដំបងទ្រាំងមួយដើម ដើរក្រឡឹងជុំវិញអង្គពិធីដើម្បីស្វែងរកមនុស្សប្រុសពេញវ័យម្នាក់។ ពេលពេញចិត្តនរណាម្នាក់ហើយ រូបស្នងដែលអ្នកតាកំពុងសណ្ឋិតក្នុងខ្លួនបានយកដៃចាប់បោចសក់មនុស្សប្រុសនោះ ដើម្បីឱ្យមកលុតជង្គង់ធ្វើជាតួអង្គសត្វដំរីនៅពីមុខខ្ទម​អ្នកតា (រូបលេខ៦៩-៧០)។ បន្ទាប់មក គេយកក្រមាមួយមកកួចជាថ្នក់សម្រាប់ពាក់នៅលើកញ្ចឹងកតួអង្គសត្វដំរីនោះ ហើយដាក់សំណែនចូលទៅក្នុងថ្នក់ក្រមានោះសម្រាប់បញ្ជូនទៅឱ្យពពួកខ្មោចព្រៃឱ្យចាកចេញពីស្រុក។ រួចមកទៀត រូបស្នងយកនំអន្សមស្លឹកផ្អាវមួយកញ្ច្រែងដាក់នៅលើខ្នងតួអង្គសត្វដំរី។ ចុងក្រោយ រូបស្នងឡើងជិះពីលើខ្នង ប្រៀបដូចជាការធ្វើដំណើរដោយជិះសត្វដំរីពិតប្រាកដដូច្នេះឯង។ គួរកត់សម្គាល់ថា ខ្ទមអ្នកតាគង់ (ភូមិចុងព្រៃ) គឺស្ថិតនៅក្នុងព្រៃក្បែរចម្ការ រីឯខ្ទមអ្នកតាគ្រីស (ភូមិព្រៃព្រះ) ស្ថិតនៅជិតស្រែ។ ម្ល៉ោះហើយ ទិសនៃការជិះដំរីបញ្ជូនសំណែនទៅកាន់ពពួកតិរិច្ឆានពុំដូចគ្នាឡើយ។ ក្នុងនោះ អ្នកតាគង់ភូមិចុងព្រៃ​បញ្ជូនទៅក្នុងព្រៃ រីឯអ្នកតាគ្រីសភូមិព្រៃព្រះបញ្ជូនទៅក្បែរស្រែ។ ប៉ុន្តែ ទិសដៅនៃការជិះដំរីបញ្ជូនទាំងពីរនេះឆ្ពោះទៅកាន់ទិសឦសាននៃខ្ទមដូចគ្នា (ខ្ទមបែរមុខទៅទិសខាងកើត)។ អ្វីដែលយើងឃើញ​គំនិតដូចគ្នានោះ ទាំងស្រែ និងព្រៃនោះ គេចាត់ទុកជាទីស្ថាន​ពពួកអមនុស្សតិរិច្ឆានរស់នៅដូចគ្នា (រូបលេខ៧១-៧២)។ ទៅដល់ទីដែលគេសន្មតថាជា “ព្រៃ” រួចមក រូបស្នងយកនំអន្សមស្លឹកផ្អាវចេញពីកញ្ច្រែងបាចរាយប៉ាយ ដែលជាសញ្ញានៃការបញ្ជូនសំណែនដល់ពពួកអមនុស្សតិរិច្ឆានទាំងឡាយ។ លុះពេលបាចរួចមក រូបស្នងជិះខ្នងបុរសជាសត្វដំរីនោះត្រឡប់មកវិញ។

 

រូបលេខ៦៩៖ រូបស្នងអ្នកតាជ្រើសរើសមនុស្សប្រុសម្នាក់ធ្វើជាសត្វដំរីដើម្បីធ្វើកិច្ចបញ្ជូន នៅភូមិព្រៃព្រះ
រូបលេខ៧០៖ រូបស្នងអ្នកតាជិះដំរីដឹករណ្តាប់បញ្ជូន នៅភូមិចុងព្រៃ

រូបលេខ៧១៖ រូបស្នងអ្នកតាជិះដំរីដឹករណ្តាប់បញ្ជូន នៅភូមិព្រៃព្រះ
រូបលេខ៧២៖ រូបស្នងអ្នកតាបាចរណ្តាប់បញ្ជូនជូនដល់អមនុស្សតិរិច្ឆាន ក្នុងកិច្ចបញ្ជូន នៅភូមិចុងព្រៃ

យើងសង្កេតឃើញថា របៀបបញ្ជូននេះមានលក្ខណៈប្លែកពីតំបន់ផ្សេងៗខ្លាំងណាស់។ ប៉ុន្តែ គោលបំណងនៃកិច្ច គឺតែមួយដូចអ្វីដែលបានរៀបរាប់ខាងលើដូច្នោះដែរ។ ពោល គឺការបណ្តេញខ្មោចព្រៃបិសាចឱ្យចេញឆ្ងាយពីស្រុកភូមិ។ គួរកត់សម្គាល់ថា ភូមិចុងព្រៃ និងភូមិព្រៃព្រះ ជាសហគមន៍ដែលស្ថិតនៅតាមបណ្តោយផ្លូវបុរាណចេញពីរាជធានីឦសានបុរ (តំបន់សំបូរព្រៃគុក) ឆ្ពោះទៅកាន់រាជធានីយសោធរបុរ (តំបន់អង្គរ)។ ដូច្នេះហើយ ទំនៀមនៃការបញ្ជូនដោយការជិះសត្វដំរីនេះ ប្រហែលអាចមានជាប់ពាក់ព័ន្ធជាមួយផ្លូវបុរាណ ព្រោះជាទូទៅ ឥស្សរជនជាន់ខ្ពស់នៅសម័យបុរាណ តែងធ្វើដំណើរទៅណាមកណាដោយប្រើប្រាស់សត្វដំរី ជាយានជំនិះដូច្នោះ​ដែរ។ គួរឱ្យចាប់អារម្មណ៍បន្ថែមនោះ សិលាចារឹកប្រាសាទស្រីគ្រប់ល័ក្ខណ K.151 រៀបរាប់ថា មានផ្លូវធំមួយដែលគេហៅឈ្មោះថា “អរណ្យមធ្យ” ប្រែថា “ព្រៃកណ្តាល”។ ឈ្មោះផ្លូវដែលរៀបរាប់នេះ អាចត្រូវនឹងផ្លូវដែលរត់កាត់ភូមិចុងព្រៃនេះក៏អាចថាបាន (សូមមើល Coedès 1943: 5)។

សូមបញ្ជាក់បន្ថែមថា នៅគ្រប់ភូមិជុំវិញតំបន់ប្រាសាទសំបូរព្រៃគុកដែលយើងបានចុះសិក្សា មិនមែនគ្រប់ពិធីឡើងអ្នកតាទាំងអស់សុទ្ធតែមានកិច្ចបញ្ជូននោះឡើយ។ ជាក់ស្តែង ឡើងលោកយាយភូមិមហរ ឡើងអ្នកតាភូមិចារជ្រុំ ឡើងអ្នកតាភូមិត្រពាំងអារក្ស ពុំមានកិច្ចបញ្ជូនឡើយ។ ដោយឡែក នៅភូមិដែលមានជនជាតិកួយរស់នៅ កម្រមានកិច្ចបញ្ជូនណាស់ លើកលែងតែភូមិវាលវែងមួយប៉ុណ្ណោះ។ ប៉ុន្តែ គេមិនធ្វើក្នុងពេលបញ្ជាន់រូបឡើយ គេបែរជាធ្វើនៅពេលទៀបភ្លឺនាព្រឹកថ្ងៃបន្ទាប់ទៅវិញ ពោល គឺធ្វើមុនពេលព្រះអាទិត្យរះ។ គេភ្ជាប់កិច្ចបញ្ជូននេះជាមួយព្រះពុទ្ធសាសនា ដូចដែលយើងឃើញនៅភូមិល្វាដូច្នោះដែរ។ រណ្តាប់បញ្ជូនទាំងនោះមាន បាយ សម្ល នំ បង្អែម អង្ករ ត្រី សាច់ ប្រហុក អំបិល សណ្តែក ល្ង ។ល។ ដោយដាក់នៅលើរានដែលធ្វើពីស្រទបចេក និងមានឫស្សីក្រងទ្រាប់ពីក្រោម ព្រមទាំងមានដៃសែងបួនហៅថា “សង្ឃឹក”។ គេធ្វើសង្ឃឹកចំនួន ៤ ដើម្បីសែងបញ្ជូនចេញពីភូមិតាមទិសទាំងបួន ត្រង់ចំណុចផ្លូវខ្វែងបែកជាបួននៅក្នុងភូមិ (រូបលេខ៧៣)។ អ្នកបញ្ជូនមានគ្នាប្រមាណ៧ទៅ១០នាក់ ដែលសុទ្ធសឹងជាមនុស្សប្រុស។ គេដើរសំដៅយ៉ាងលឿន និងមិនងាកក្រោយទៅកាន់ទិសរៀងៗខ្លួន។ នៅតាមផ្លូវដើរនោះ គេហ៊ោកញ្ជៀវ ស្រែកបង្អើល យកដំបងវាយលើរបងផ្ទះ និងធ្វើសំឡេងបណ្តេញ ឬបំភ័យ។ ការធ្វើបែបនេះ ដើម្បីបណ្តេញពពួកអមនុស្សតិរិច្ឆានឱ្យចាកចេញពីស្រុកភូមិ ទៅតាមសង្ឃឹកដែលគេកំពុងបញ្ជូនទៅឱ្យ។ ទីដែលគេដាក់សង្ឃឹកទុកចោលនៅក្បែរភូមិ គេសន្មតថានៅក្រៅដែនភូមិស្រុកមនុស្សរស់នៅ។ ក្នុងពេលនោះ ក្រុមអ្នកបញ្ជូនច្រូចស្រាដាក់លើសង្ឃឹកនោះផង មុនចាកចេញត្រឡប់មកកាន់ភូមិវិញ (រូបលេខ៧៤,៧៥,៧៦)។ ហេតុដូច្នេះហើយ​ ទោះបីរបៀប និងពេលវេលាបញ្ជូននៅក្នុងភូមិវាលវែងមានលក្ខណៈប្លែកពីភូមិមួយចំនួនដែលយើងបានសិក្សាយ៉ាងណាក៏ដោយ យើងអាចយល់ដោយងាយថា បំណងនៃកិច្ច គឺដើម្បីបណ្តេញខ្មោចព្រៃ ឬពពួកតិរិច្ឆានឱ្យចេញពីស្រុក ដែលជាទីស្ថានមនុស្សរស់នៅដូចគ្នា។

រូបលេខ៧៣៖ សង្ឃឹកបញ្ជូននៅភូមិវាលវែង
រូបលេខ៧៤៖ ការបញ្ជូនសង្ឃឹកនៅភូមិវាលវែង

រូបលេខ៧៥៖ ច្រូចស្រានៅលើរណ្តាប់បញ្ជូននៅភូមិវាលវែង
រូបលេខ៧៦៖ សង្ឃឹកបញ្ជូនដែលគេតម្កល់ចោលនៅភូមិវាលវែង

 

 

កិច្ចបំពេញឃ្លាំង

 

បំពេញឃ្លាំង ជាកិច្ចចុងក្រោយបង្អស់នៃពិធីឡើងតា។ ពាក្យ “បំពេញ” គឺមានន័យថា ធ្វើឱ្យពេញបរិបូណ៌ ឬធ្វើឱ្យសម្បូណ៌ហូរហៀរ។ រីឯពាក្យ “ឃ្លាំង” សំដៅទ្រព្យសម្បត្តិ ឬភោគផលដែលមនុស្សត្រូវការឬប្រៀបបានទៅនឹងជង្រុកស្រូវ។ ពាក្យ “បំពេញឃ្លាំង” គឺមានរំលេចនៅក្នុងពាក្យសូត្រសែនព្រលឹងស្រូវ ឬបាយស្រូវ ដែលកត់ត្រាដោយលោកតា នួន សំ អាចារ្យភូមិវាលវែង ដែលមានខ្លឹមសារថា៖

 

ឆ្នាំនេះឆ្នាំកុរ ភ្លៀងឱ្យជជុក ស្រុកលោកស្រណុក ទុកជាចំណាំ ឮផ្គរដើមឆ្នាំ កៀងគោក្របី រណ្តាប់ខ្សែវល្លិ នង្គ័លរនាស់ ខែរាស់ដកស្ទូង ខ្នងយើងសព្វថ្ងៃ ដៃចាប់នាងប្រពៃ នាងរី នាងរៃ នាងលូត នាងលាស់ នាងបោះហាលផ្កា សំដីសូត្រណា រទេះសង្វើន ហូលលាងទេព្វ ញ៉ានាងរាំង ដំណើបខ្សាយ អញ្ជើញនាងក្លាយ លម្អក្នុង អញ្ជើញនាងគង់ ញ៉ាទាំងអើយ អញ្ជើញនាងអើយពីទ្រនំសេក អញ្ជើញនាងមកដេកបំពេញឃ្លាំងយើង ពីរូង ពីរាម ពីពាមទន្លេ ពីកោះរំពេ ពីទ្រូងចងក ពីថ្មអណ្តែត ពីកោះស្លាកែត ពីជ្រោយចង្វារ ពូនៗដូចផ្លែរពាក់ វាក់ៗដូចផ្លែល្វា ដូចសេកនាំផ្កា ដូចស្វានាំពល។

 

ហេតុដូច្នេះ តាមអត្ថន័យខាងលើ បំពេញឃ្លាំង គឺជាកន្លែងដែលមានស្រូវហូរចូល ហើយបើនិយាយឱ្យខ្លីគឺ “ជង្រុកស្រូវ”។ កិច្ចនេះ ធ្វើឡើងដើម្បីសូមឱ្យមានភោគផលស្រូវបានពេញបរិបូណ៌ តាមរយៈការស្រូបថាមពលពិសិដ្ឋពីអ្នកតាដែលជាអមនុស្សអាចធានាបាននូវលំនឹងភោគផល។

នៅតំបន់ប្រាសាទសំបូរព្រៃគុក ដំណើរនៃកិច្ចបំពេញឃ្លាំងតាមភូមិនីមួយៗ មានលក្ខណៈដូចគ្នាខ្លះ និងមិនដូចគ្នាខ្លះ។ ឧទាហរណ៍ នៅភូមិមហរ ភូមិជ័យ និងភូមិល្វា មានរបៀបនៃការធ្វើកិច្ចបំពេញឃ្លាំងស្ទើរតែដូចគ្នា។ ចំណែកឯ ការបំពេញឃ្លាំងនៅភូមិសំបូរ មានលក្ខណៈមួយបែបផ្សេងវិញ។ ជាដំបូងនេះ យើងបរិយាយអំពីរបៀបនៃកិច្ចបំពេញឃ្លាំងនៅភូមិមហរ ភូមិជ័យ និងភូមិល្វា ដែលមានរបៀបដូចគ្នាជាមុន។

កិច្ចបំពេញឃ្លាំងនៅភូមិទាំងបីខាងលើ គេចាប់ផ្តើមធ្វើភ្លាមៗបន្ទាប់ពីកិច្ចបញ្ជូនបានចប់សព្វគ្រប់។ អ្នកដើរតួនាទីក្នុងកិច្ចនេះមាន រូបស្នង ស្នំ ចៅមឿង អ្នកភ្លេង និងអ្នកចូលរួម។ អ្នកទាំងនោះត្រូវដើរជុំវិញខ្ទមអ្នកតាចំនួនបីជុំ របៀបឧត្តរាព័ត៌ ឬហៅថា ឧត្តរាវដ្ត (ដើរព័ទ្ធទៅខាងឆ្វេងជុំវិញខ្ទម) (រូបលេខ៧៧-៧៨)។ ក្បួនដង្ហែជាឧត្តរាព័ត៌នេះ គឺនាំមុខដោយអ្នកភ្លេង ដែលកំពុងប្រគុំភ្លេងផង និងច្រៀងផង។ បទដែលគេច្រៀងនោះមានចំណងជើងថា “បំពេញឃ្លាំង”។ រីឯរូបស្នង កំពុងស្ថិតក្នុងស្ថានភាពអ្នកតា (អមនុស្ស) នៅសណ្ឋិតក្នុងខ្លួននៅឡើយ។ ម្ល៉ោះហើយ រូបស្នងដើរផង និងរាំផងនៅក្នុងក្បួនដង្ហែបំពេញឃ្លាំងនេះ។ ដោយឡែក ចៅមឿងគឺមានប្រដាប់ដោយស្រូវមួយកញ្ជើជាប់នឹងដៃពេលដង្ហែ។ ស្របពេលជាមួយគ្នានេះ នៅខាងក្រោយខ្ទមដែលមានដើមឈើធំមួយដើម គេបានជ្រើសរើសមនុស្សស្រី ឬប្រុស ១ ឬ ២នាក់ ឧបកិច្ចជា “មេឃ្លាំង”។ មេឃ្លាំងនោះ គេប៉ាតម្សៅ និងលាបធ្យូងពេញផ្ទៃមុខ ឬជួនកាលមានជក់បារីទៀតផង ហើយឱ្យឈរផ្អែកខ្នងជាមួយដើមឈើ(រូបលេខ៧៩-៨០)។ បន្ទាប់មក មានមនុស្សប្រុសឬស្រីជាច្រើននាក់ទៀតមកឱបរឹត និងបុកខ្លួនប្រាណពីមុខពីក្រោយ ប្រៀបដូចជាមនុស្សកំពុង “រួមភេទ” ឬ “រួមសង្វាស” នោះឯង (រូបលេខ៨១)។ ត្រង់ចំណុចនេះមានន័យថា “មេឃ្លាំង” ប្រៀបបានទៅនឹងប្រភពនៃភោគផល ព្រោះក្នុងជំនឿខ្មែរ ភោគផលដែលកើតមានទៅបាន លុះត្រាតែឆ្លងកាត់ការរួមភេទ (សូមមើល សុខ ច័ន្ទធីតា ២០២៣)។ និយាយឱ្យស្រួលស្តាប់ គឺហាក់ដូចជាភោគផលដែលកើតចេញពីសិវលិង្គ និងឧមាយោនី នៃជំនឿព្រហ្មញ្ញសាសនាដូច្នោះដែរ។ ពេលកំពុងធ្វើសកម្មភាពដែលឧបកិច្ចថាជាការរួមភេទ មានមនុស្សស្រីម្នាក់ឬពីរនាក់កាន់ស្លឹកឈើម្នាក់មួយបាច់ មកបក់ជូនដល់មេឃ្លាំងថែមទៀតផង​ (រូបលេខ៨២)។ ការបក់នេះទៀតសោត យើងពុំអាចពន្យល់អំពីអត្ថន័យឱ្យបានជាក់លាក់នោះឡើយ។ ប៉ុន្តែ យើងអាចសន្និដ្ឋានចំនួន ២ ករណី។ ទី១ ទំនងបក់ដើម្បីឱ្យមេឃ្លាំងកាន់តែផ្តល់ជូននូវភោគផលស្រូវ ឱ្យពេញបរិបូណ៌ និងទី២ អាចបក់ក្នុងគំនិតដើម្បីបិទបាំងកេរខ្មាសរបស់ស្រ្តី និងបុរសដែលកំពុងរួមភេទបង្កើតភោគផល។ ករណីទី២នេះ មានលក្ខណៈស្រដៀងជាមួយពិធីលាងអារក្សរបស់សហគមន៍ចាមនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ពិធីលៀងអារក្សនោះ គេយកក្របីមកថ្វាយអមនុស្ស។ ដំបូង គេជីករណ្តៅក្នុងទំហំសមល្មមមួយ ដែលអាចដាក់កក្របីចូលបាន។ គេចងជើងក្របីទាំងបួនដាក់នៅលើដី ហើយរុញកក្របីចូលទៅក្នុងរណ្តៅដែលគេបានជីកនោះ។ បន្ទាប់មក គេយកកាំបិតចាក់កក្របីឱ្យហូរឈាមស្រក់ទៅក្នុងរណ្តៅ។ ក្នុងពេលនោះ ដើម្បីបិទបាំងឈាមដ៏អាក្រក់នេះ គេបានយកស្លឹកឈើមួយបាច់ គ្របពីលើឈាមត្រង់កន្លែងដែលគេចាក់នោះ។

 

កិច្ចបំពេញឃ្លាំងដែលរៀបរាប់ខាងលើនេះបញ្ចប់ទៅ ដោយការចាក់គ្រាប់ពូជស្រូវពីកញ្ជើដែលគេដង្ហែនោះទៅលើគល់ឈើ ត្រង់កន្លែងដែលមេឃ្លាំងឈរ (រូបលេខ៨៣-៨៤)។ មុនចាក់គ្រាប់ពូជស្រូវចេញពីកញ្ជើ គេនិយាយថា៖

 

អ្នកភ្លេង៖                  គ្រប់ឬនៅ?

អ្នកហែរហម៖            គ្រប់ហើយ

អ្នកភ្លេង៖                  បានអ្វីជាបន្ទាល់?

អ្នកហែរហម៖            មាត់

អ្នកភ្លេង៖                 បានអីជាប្រាកដ?

អ្នកហែរហម៖            ហ៊ោ………!

 

ត្រង់ចំណុចនេះ យើងអាចពិចារណាថា មេឃ្លាំង ប្រៀបដូចជាលំនឹងនៃភោគផល ឬនិយាយឱ្យស្រួល ស្តាប់ថា “ដី”។ រីឯ គ្រាប់ពូជស្រូវមួយកញ្ជើដែលគេបានចាក់នោះ ប្រៀបបានដូចជាគ្រាប់ពូជស្រូវដែលបានទទួលថាមពល ឬកម្លាំងដ៏ពិសិដ្ឋពីអ្នកតា ដែលអាចផ្តល់នូវភោគផលយ៉ាងពេញបរិបូណ៌នៅលើដីនោះ។

 

រូបលេខ៧៧៖ ដង្ហែជុំវិញខ្ទម ក្នុងកិច្ចបំពេញឃ្លាំងភូមិល្វា
រូបលេខ៧៨៖ ដង្ហែជុំវិញខ្ទម ក្នុងកិច្ចបំពេញឃ្លាំងភូមិជ័យ

រូបលេខ៧៩៖ មេឃ្លាំង ក្នុងកិច្ចបំពេញឃ្លាំងភូមិល្វា
រូបលេខ៨០៖ មេឃ្លាំង ក្នុងកិច្ចបំពេញឃ្លាំងភូមិជ័យ

រូបលេខ៨១៖ សកម្មភាពបង្ហាញគំនិតរួមភេទជាមួយមេឃ្លាំងក្នុងកិច្ចបំពេញឃ្លាំងភូមិល្វា
រូបលេខ៨២៖ បក់ស្លឹកឈើជូនមេឃ្លាំងក្នុងកិច្ចបំពេញឃ្លាំងភូមិល្វា

រូបលេខ៨៣៖ ស្រូវចាក់បង្គរក្នុងកិច្ចបំពេញឃ្លាំងនៅភូមិល្វា
រូបលេខ៨៤៖ ស្រូវចាក់បង្គរក្នុងកិច្ចបំពេញឃ្លាំងនៅភូមិជ័យ

 

ដោយឡែក កិច្ចបំពេញឃ្លាំងនៅភូមិសំបូរវិញ គេធ្វើនៅខាងមុខខ្ទមអ្នកតាព្រៃធំ (ខ្លះហៅថា អ្នកតាព្រៃគុក) ដែលមានទីតាំងស្ថិតនៅច្រកចូលខាងកើតនៃក្រុមប្រាសាទខាងជើង (ក្រុមប្រាសាទសំបូរ) នៃតំបន់សំបូរព្រៃគុក។ សូម​រំឭកឡើងវិញថាទីតាំងប្រារព្ធពិធីឡើងអ្នកតានៅក្នុងភូមិសំបូរក្នុងថ្ងៃតែមួយ មានចំនួន២ទីតាំង គឺខ្ទមអ្នកតាទ្វារ (ស្ថិតនៅកណ្តាលភូមិ) និងខ្ទមអ្នកតាព្រៃធំ។ ក្នុងនោះ កិច្ចបញ្ជូន គេធ្វើនៅអ្នកតាទ្វារតែមួយប៉ុណ្ណោះ។ ក្រោយពីបញ្ជូនចប់សព្វគ្រប់ គេដើរដង្ហែគ្នា តាមផ្លូវបុរាណឆ្ពោះមកកាន់ខ្ទមអ្នកតាព្រៃធំ។ នៅឯអ្នកតាទ្វារ គឺពុំមានកិច្ចបំពេញឃ្លាំងឡើយ ពោល គឺគេធ្វើកិច្ចនេះនៅខាងមុខខ្ទមអ្នកតាព្រៃធំ។ កិច្ចបំពេញឃ្លាំងនៅភូមិសំបូរ មានគំនិតនៃកិច្ចដូចគ្នាទាំងស្រុងជាមួយភូមិទាំងអម្បាលម៉ានដែលយើងបានរៀបរាប់ខាងលើ ពោល គឺសូមឱ្យភោគផលស្រូវកើតកាលវាលគុម្ព និងសម្បូណ៌ហូរហៀរ។ ប៉ុន្តែ របៀបនៃកិច្ចមិនដូចគ្នានោះទេ។ កន្លែងដែលត្រូវប្រារព្ធកិច្ចបំពេញឃ្លាំង គេរៀបចំនៅលើថ្មកាំជណ្តើរដែលស្ថិតនៅប៉ែកខាងជើង កៀកជាមួយខ្ទមអ្នកតាព្រៃធំ។ គេរៀបចំកន្លែងបំពេញឃ្លាំងនេះទៀតសោត ឱ្យមើលទៅហាក់ដូចមេទ្វារប្រាសាទ ដោយយកបំពង់ឫស្សីតូចៗចំនួនពីរដាក់បញ្ឈរ ដែលមានប្រវែងគម្លាតពីគ្នា​ប្រមាណជិតមួយម៉ែត្រ។ បន្ទាប់មក គេចងឫស្សីខាងលើភ្ជាប់ជាមួយស្លាធម៌ព្រៃចំនួនពីរបាច់ ហើយគេចងព្យួរចេកទុំមួយស្និតពីលើផង​។ ក្រៅពីនេះ គេបានរៀបចំសំណែនមួយចំនួនទៀត ជាពិសេសឆាមីសួជាមួយសាច់អណ្តើក ដែលជាតង្វាយចំពោះអ្នកតាឥតអាចខ្វះបានឡើយ (រូបលេខ៨៥)។ គេចាប់ផ្តើមធ្វើកិច្ចបំពេញឃ្លាំងនៅភូមិសំបូរ នៅចុងបញ្ចប់ពិធី។ ជាដំបូង ចៅមឿងចូលសែនព្រេនជម្រាបដល់អ្នកតា។ លុះពេលសែនចប់ភ្លាម បទបំពេញឃ្លាំងក៏ប្រគុំឡើងភ្លែតដូចនៅភូមិល្វា និងភូមិជ័យដែរ។ ចៅមឿង និងអ្នកភ្លេងក៏ចាប់ផ្តើមវាយស្គរផង រាំផង និងច្រៀងផងជុំវិញទីដែលគេរៀបចំ (រូបលេខ៨៦)។ គេរាំច្រៀងជុំវិញជាឧត្តរាព័ត៌ចំនួនបីជុំ។ បន្ទាប់មក ចៅមឿងនិងអ្នកហែរហមទាំងអស់និយាយឆ្លើយឆ្លងគ្នាជាហូរហែ ហើយច្រូចស្រាចូលទៅក្នុងបំពង់ឫស្សីទាំងពីរនោះ ឱ្យពេញហូរហៀរចេញមកក្រៅ (រូបលេខ៨៧)។ ក្រោយចប់ភ្លាម រូបស្នង (ចាស់ស្រុក) នាំអ្នកហែរហមដើរថ្មើរជើងយ៉ាងលឿនសំដៅទៅទីស្រែដែលគេបានដៅទុក ដើម្បីធ្វើកិច្ចបំពេញឃ្លាំងជាលើកទីពីរ (រូបលេខ៨៨)។ មកទៀបនឹងទីដៅនោះ រូបចាស់ស្រុកឈប់ឈរធ្មឹង ហើយមនុស្សចាស់ម្នាក់ដែលឈរនៅក្បែររូប ក៏និយាយឆ្លើយឆ្លងគ្នាជាមួយចៅមឿងដែលឈរនៅម្ខាងទៀត កៀកនឹងទីដែលត្រូវបំពេញឃ្លាំង (រូបលេខ៨៩)។ កិច្ចសន្ទនារវាងចៅមឿង និងអ្នកហែរហមចាស់ស្រុកចេញពីខ្ទមលោកតាព្រៃធំ មានដូចតទៅ៖

 

ចៅមឿង៖ អ្នកឯងមកនេះទៅណាមកណា មានទាំងភ្លេងតន្រ្តីទ្រហឹងអឺងកង ខ្ញុំកំដរព្រោងព្រាត         ហែរហមគ្នាគគ្រឹកគគ្រេងយ៉ាងនេះ មកពីណាទៅណាដែរ?

អ្នកហែរហម៖ ខ្ញុំនេះមកពីឆ្ងាយណាស់លោកអើយមកសុំកន្លែងលោក ស្រុកលោកស្នាក់នៅ សុំឱ្យបានសេចក្តីសុខ សេចក្តីចម្រើន។

ចៅមឿង៖ ទេ! មិនមែនទេដឹង! លោកឯងមកនេះប្រុងលួចប្លន់គេ មកចូលស្រុកភូមិខ្ញុំទេដឹង?

អ្នកហែរហម៖  ទេ! អត់មែនទេ! ព្រោះខ្ញុំមកនេះ មកសុំសុខសុំជា សុំឱ្យបានល្អ។

ចៅមឿង៖       បើមកសុំសុខសុំជានគរលោកនៅឯណា?

អ្នកហែរហម៖  នគរខ្ញុំស្ថិតនៅឆ្ងាយណាស់។ នៅឯនគរពារាណសីស្រីគ្រប់ល័ក្ខណ ខ្ញុំបាននាំមាសប៉ុនគល់ក្រាក់ ខ្ញុំបាននាំប្រាក់ប៉ុនគល់អំពិល ប្រមៀលពីម្សិល ទើបមកដល់ថ្ងៃនេះឯងលោកអើយ ខ្ញុំសុំជ្រកកោនផងមក។

ចៅមឿង៖ បើអ្នកមកបានសុំសុខ សុំចម្រើនដល់ប្រជាពលរដ្ឋខ្ញុំ ខ្ញុំឱ្យនៅ តែបើមកលួចប្លន់ ខ្ញុំមិនឱ្យនៅទេ។ តើអ្នកមកនេះសុខជាទេ?

អ្នកហែរហម៖  សុខជា។

ចៅមឿង៖       បើសុខជា ព្រះនាមអ្នកឈ្មោះអ្វី?

អ្នកហែរហម៖  ឈ្មោះតាសុខ យាយជា។

ចៅមឿង៖       មិនមែនទេដឹង?

អ្នកហែរហម៖  មែន

ចៅមឿង៖       បើមែនបានអ្វីជាបន្ទាល់?

អ្នកហែរហម៖  មាត់

ចៅមឿង៖       បានអ្វីជាប្រាកដ?

អ្នកហែរហម៖  ហ៊ោ…..!

 

ក្រោយសន្ទនាចប់សព្វគ្រប់ បុរសពីរនាក់ដែលកំពុងសែងស្រា និងឈរនៅក្បែរទីដៅនោះ ក៏ចាក់ស្រាទាំងអស់ចូលទៅក្នុងរណ្តៅដែលគេដៅទុកធ្វើកិច្ចបំពេញឃ្លាំងជាលើកទីពីរ (រូបលេខ៩០-៩១)។ កិច្ចបំពេញឃ្លាំងក៏បញ្ចប់ទាំងស្រុង ហើយរូបស្នងចាស់ស្រុក ក៏បន្តដំណើរថ្មើរជើងសំដៅទៅផ្ទះឯភូមិវិញ។ ទិដ្ឋភាពនៃការបំពេញឃ្លាំងនេះ គេយកស្រាមកធ្វើកិច្ច ពោល ខុសពីភូមិចំនួនបីរៀបរាប់ខាងលើ​ ដែលគេយកគ្រាប់ពូជស្រូវមកធ្វើកិច្ចបំពេញឃ្លាំង។ ស្រា ជាយានដែលអាចភ្ជាប់មនុស្សជាមួយទេព ឬអាចឱ្យមនុស្សនិយាយជាមួយទេពនោះបាន។ ទេពនោះទៀតសោត គឺអ្នកតានេះឯង។ ដូច្នេះការបំពេញឃ្លាំងដោយច្រូចស្រាចូលក្នុងបំពង់ឫស្សី និងចាក់ស្រាចូលក្នុងរណ្តៅនៅទីស្រែទាំងពីរលើកនេះ គឺជាឱកាសមួយដែលមនុស្សអាចប្រាប់អំពីកង្វល់ ឱ្យអ្នកតាបំពេញតាមសំណូមពររបស់ពួកគេ។ ម្យ៉ាងវិញទៀត ទាំងបំពង់ឫស្សី និងរណ្តៅនៅទីស្រែ សុទ្ធសឹងជានិម្មិតរូបនៃដីដូចគ្នា​ ពោល គឺជាដីដែលអាចបង្កបង្កើនផលស្រូវបាន។ រីឯស្រានោះទៀតសោត គឺជានិមិ្មតរូបនៃទឹកភ្លៀងដែលស្រក់ចុះមកស្រោចស្រពលើដីស្រែនោះឯង។ ម្ល៉ោះហើយ បំណងរបស់មនុស្សធ្វើកិច្ចនេះ ចៀសមិនផុតពីការសូមឱ្យមានទឹកភ្លៀងពេញបរិបូណ៌ហូរហៀរ និងផ្តល់នូវភោគផលស្រូវឱ្យ សម្បូណ៌​សប្បាយនៅឆ្នាំបន្ទាប់ទៀត។

 

រូបលេខ៨៥៖ ទីធ្វើកិច្ចបំពេញឃ្លាំងនៅក្បែរខ្ទមអ្នកតាព្រៃគុក
រូបលេខ៨៦៖ រាំជុំវិញទីតាំងធ្វើកិច្ចបំពេញឃ្លាំង

រូបលេខ៨៧៖ ច្រូចស្រានៅទីធ្វើកិច្ចបំពេញឃ្លាំងចូលបំពង់ឫស្សី
រូបលេខ៨៨៖ រូបស្នងនិងអ្នកហែរហមដើរទៅទីស្រែធ្វើកិច្ចបំពេញឃ្លាំង

រូបលេខ៨៩៖ កិច្ចសន្ទនាឆ្លើយឆ្លងរវាងចៅមឿងនិងអ្នកហែរហមរូបស្នងអ្នកតា មុនធ្វើកិច្ចបំពេញឃ្លាំង
រូបលេខ៩០៖ ច្រូចស្រាធ្វើកិច្ចបំពេញឃ្លាំងនៅកណ្តាលទីស្រែនៅភូមិសំបូរ

រូបលេខ៩១៖ ស្រាដែលបានច្រូចចូលរណ្តៅក្នុងកិច្ចបំពេញឃ្លាំងលើកទី២នៅភូមិសំបូរ

 

កិច្ចដង្ហែព្រលឹងស្រូវ

 

របៀបនៃកិច្ចបំពេញឃ្លាំងដែលបានរៀបរាប់ខាងលើ គឺជារបៀបរបបរបស់ជនជាតិខ្មែរប៉ុណ្ណោះ។ ដោយឡែក ចំពោះជនជាតិកួយវិញ គេពុំមានកិច្ចបំពេញឃ្លាំងឡើយ។ ប៉ុន្តែ គេជំនួសមកវិញនូវកិច្ចមួយទៀតដែលគេហៅឈ្មោះថា “កិច្ចដង្ហែព្រលឹងស្រូវ” ឬខ្លះហៅថា “ដង្ហែបាយស្រូវ”។ នៅភូមិជនជាតិកួយទាំងបួនដែលយើងយកជាករណីសិក្សា គេធ្វើកិច្ចនេះគ្រប់ភូមិទាំងអស់។ របៀបនៃការដង្ហែព្រលឹងស្រូវ មានភាពខុសគ្នាតិចតួច។ យើងសង្កេតឃើញថា ភូមិកូនក្អែកនៅរក្សាទំនៀមដើមបានល្អប្រសើរជាងភូមិតាឡែកថ្មី ភូមិអណ្តាស និងភូមិវាលវែង។ ជាក់ស្តែង ក្នុងពិធីឡើងអ្នកតានៅភូមិតាឡែកថ្មី ភូមិវាលវែង និងភូមិអណ្តាស មានមនុស្សយកព្រលឹងស្រូវមកចូលរួមតិចណាស់។ ពោល គឺស្ទើរតែក្លាយទៅជារបៀបដែលជនជាតិខ្មែរធ្វើទៅហើយ ព្រោះការឡើងអ្នកតារបស់ខ្មែរ អ្នកចូលរួមពុំមានកាន់ព្រលឹងស្រូវមកចូលរួមឡើយ លើកលែងតែក្នុងពិធីច្រត់ព្រះនង្គ័លនៅភូមិសំបូរប៉ុណ្ណោះ។ ផ្ទុយទៅវិញ ភូមិកូនក្អែកគេកាន់ព្រលឹងស្រូវមកច្រើនណាស់។

សូមបញ្ជាក់ឡើងវិញថា ព្រលឹងស្រូវ ឬបាយស្រូវ គឺជាវត្ថុដែលធ្វើអំពីលាជន៍ស្រូវ ដោតជាមួយធាងដូង ហើយពត់ឱ្យមានរាងកោងសំយុងធ្លាក់ចុះមកក្រោម ប្រៀបដូចជាស្រូវដែលកំពុងឱនដាក់គ្រាប់ដូច្នេះឯង។ បន្ទាប់មក គេចងភ្ជាប់លាជន៍ស្រូវនេះជាមួយស្លឹកឈើពណ៌ខៀវ មានដូចជា អន្សែ សិរមាន់ ត្រសេក ឬស្មៅត្រសិត ជាដើម។ វត្ថុនេះគេចាត់ទុកថាជានិម្មិតរូបតំណាងឱ្យ “ព្រលឹងស្រូវ” ដែលសំដៅដល់ថាមពល កម្លាំង ឬអំណាច។ ការយកព្រលឹងស្រូវមកចូលរួមនេះ ក្នុងបំណងឱ្យវត្ថុដែលជាតំណាងនេះអាចស្រូបយកថាមពលពីអ្នកតា ព្រោះថាមពលអ្នកតានឹងផ្ទេរមកស្រូវពូជក្នុងអំឡុងពេលធ្វើពិធីនៅខ្ទមអ្នកតា។ ម្ល៉ោះហើយ ទើបយើងឃើញនៅភូមិវាលវែង គេចងព្រលឹងស្រូវផ្អោបជាប់នឹងជញ្ជាំងខ្ទមអ្នកតាតែម្តង។បំណងរបស់អ្នកចូលរួម គឺសូម​ឱ្យស្រូវពូជមានថាមពលបរិបូណ៌ អាចបង្កបង្កើនផលបានបរិបូណ៌សម្រាប់រដូវធ្វើស្រែថ្មី។ ដ្បិត កង្វល់ចម្បងរបស់មនុស្ស គឺ “ស្រូវ” ដែលជាអាហារបែបប្រពៃណីដែលឥតអាចខ្វះបាន។

ការដង្ហែព្រលឹងស្រូវនេះ ពុំសូវខុសគ្នាឆ្ងាយពេកពីកិច្ចបំពេញឃ្លាំងឡើយ។ អ្នកដែលមកចូលរួមពិធី សុទ្ធតែអាចមានសិទ្ធិចូលរួមដង្ហែបានទាំងអស់។ ពោល មានន័យថា នរណាក៏អាចកាន់ព្រលឹងស្រូវដង្ហែបានដែរ ហើយមិនប្រកាន់ថាចាស់ឬក្មេង ប្រុសឬស្រីនោះឡើយ។ ជាក់ស្តែង ភូមិកូនក្អែក អ្នកដែលកាន់ព្រលឹងស្រូវដង្ហែច្រើនតែជាក្មេងៗ (រូបលេខ៩២)។ នៅភូមិកូនក្អែក គេដើរជារបៀបឧត្តរាព័ត៌ជុំវិញខ្ទមអ្នកតាចំនួនបីជុំដូចកិច្ចបំពេញឃ្លាំងដែរ ដោយមានចៅមឿងជាមនុស្សប្រុសប៉ុន្មាននាក់ជាអ្នកដើរនាំមុខ។ ចៅមឿងដែលនាំមុខម្នាក់កាន់ថាសមួយដែលមានដាក់នូវគ្រាប់ពូជជាច្រើនមុខ ​មានដូចជា ស្រូវល្ង សណ្តែក ដំឡូង។ ចៅមឿងម្នាក់ទៀតកាន់ល្អីមួយដែលមានដាក់នំនាលិ និងនំអន្សមផ្អាវ។ ចៅមឿងម្នាក់នៅឈរចាំមុខខ្ទមអ្នកតា ដើម្បីរង់ចាំនិយាយឆ្លើយឆ្លងជាមួយចៅមឿងម្នាក់ទៀតពេលក្បួនដង្ហែគ្រប់មួយជុំៗ។ ពេលដើរបណ្តើរ ចៅមឿងព្រោះគ្រាប់ពូជបណ្តើរ ហើយអ្នកហែរហមរាំច្រៀងស្រែកហ៊ោសប្បាយបណ្តើរ (រូបលេខ៩៣)។ ការព្រោះគ្រាប់ពូជទាំងនេះធ្វើឡើងក្នុងគោលបំណងសូមឱ្យគ្រាប់ពូជដែលទទួលបានកម្លាំងពីអ្នកតា នឹងកើតកាលវាលគុម្ព ឬបរិបូណ៌ហូរហៀរនៅឆ្នាំក្រោយទៀត។ បំណងនេះ ឥតមានអ្វីខុសគ្នាបនិ្តចជាមួយកិច្ចបំពេញឃ្លាំងនៅភូមិសំបូរ​ ភូមិល្វា ភូមិជ័យ និងភូមិមហរ។ និយាយឱ្យស្រួលស្តាប់ គំនិត ឬបំណងតែមួយ តែរបៀបនៃកិច្ចមានលក្ខណៈផ្សេងគ្នា ពោល គឺមិនចាកឆ្ងាយពីកង្វល់នៃភោគផលកសិកម្មឡើយ។ ពាក្យពេចន៍សន្ទនាណែងណងចំនួនបី ដងរវាងចៅមឿងឈរនៅខាងមុខខ្ទម និងអ្នកដង្ហែ មានដូចតទៅ (ការសន្ទនាជាភាសាខ្មែរ) (រូបលេខ៩៤)៖

 

ចៅមឿង៖       តើអស់លោកអញ្ជើញទៅណាទៅណី?

អ្នកដង្ហែ៖        ពួកខ្ញុំមកឡើងអ្នកតាដើម្បីសូមឱ្យមានសេចក្តីសុខនិងចម្រើនស្រូវឱ្យពេញបរិបូណ៌។

ចៅមឿង៖       ជ័យហង?

អ្នកដង្ហែ៖        ជ័យ

ចៅមឿង៖       សុខហង?

អ្នកដង្ហែ៖        សុខ

ចៅមឿង៖       បើសុខបានអ្វីជាបន្ទាល់?

អ្នកដង្ហែ៖        មាត់

ចៅមឿង៖       បានអ្វីជាប្រាកដ?

អ្នកដង្ហែ៖        ហ៊ោ…..!

 

ដោយឡែក នៅភូមិវាលវែង ភូមិអណ្តាស និងនៅភូមិតាឡែកថ្មី ការដង្ហែព្រលឹងស្រូវគេដើរទៅខាងស្តាំដៃក្នុងរបៀប ប្រទក្សិណ ផ្ទុយពីនៅភូមិកូនក្អែកដែលដើរទៅខាងឆ្វេងដៃជារបៀបឧត្តរាព័ត៌។ ក្បួនដង្ហែនេះទៀតសោត មានរាំនាំមុខដោយរូបស្នងផ្ទាល់តែម្តងហើយពុំមានការព្រោះគ្រាប់ពូជ និងសន្ទនាណែងណងដូចនៅភូមិកូនក្អែកឡើយ (រូបលេខ៩៥)។

បន្ទាប់ពីក្បួនដង្ហែចប់សព្វគ្រប់ហើយ កិច្ចឡើងអ្នកតាទាំងមូលក៏ឈានមកដល់ទីបញ្ចប់ដូចគ្នា។ បាយស្រូវ ឬព្រលឹងស្រូវទាំងអម្បាលម៉ាន គេកាន់យកទៅផ្ទះរៀងៗខ្លួន ហើយយកទៅដោតនៅឯក្នុងច្រមនៃសសរ   កន្លោង។ គេហៅច្រមនៃសសរកន្លោងនោះថា “ព្រះទល់” ដែលមានន័យថា ព្រះជាអ្នកទ្រទ្រង់ថែរក្សាផ្ទះសម្បែង (រូបលេខ៩៦-៩៧)។ ខ្លះទៀតយកទៅដោតសៀតជាប់នឹងចន្លោះដោកស្រូវនៅក្នុងជង្រុក ឬខ្លះចងផ្អោបនឹងសសរជង្រុកក៏មាន។ ខ្លះទៀត មុននឹងដោតបាយស្រូវ គេត្រូវពូនស្រូវខាងលើដោកឱ្យមើលឃើញឡើងពេញបរិបូណ៌ជាមុនសិនក៏មាន (រូបលេខ៩៨)។ ដ្បិត ការដោតព្រលឹងស្រូវទាំងអម្បាលម៉ាននេះ គឺដើម្បីឱ្យគ្រាប់ពូជស្រូវដែលបានទទួលថាមពលនិងអំណាចពីអ្នកតា នឹងកើតមានសេចក្តីសុខ សេចក្តីចម្រើន និងមានភោគផលស្រូវសម្បូណ៌សប្បាយហូរហៀរនៅឆ្នាំក្រោយទៀត។ ជាទម្លាប់ស្ទើរគ្រប់ភូមិ ព្រលឹងស្រូវដែលដោតជាប់នឹងច្រមនៃសសរកន្លោងដែលហៅថាព្រះទល់នេះ គេត្រូវទុករហូតដល់ឡើងអ្នកតាឆ្នាំក្រោយទៀត ទើបគេប្តូរថ្មីជំនួស។

 

រូបលេខ៩២៖ ក្មេងៗកាន់ព្រលឹងស្រូវដង្ហែនៅភូមិកូនក្អែក
រូបលេខ៩៣៖ ចៅមឿងព្រោះគ្រាប់ពូជស្រូវ ដំឡូង ពោត ល្ង សណ្តែក ចន្ទី ក្នុងកិច្ចដង្ហែព្រលឹងស្រូវនៅភូមិកូនក្អែក

រូបលេខ៩៤៖ ការសន្ទនាក្នុងកិច្ចដង្ហែព្រលឹងស្រូវនៅភូមិកូនក្អែក
រូបលេខ៩៥៖ កិច្ចដង្ហែព្រលឹងស្រូវនៅភូមិវាលវែង

រូបលេខ៩៦៖ ដោតព្រលឹងស្រូវចូលក្នុងច្រមសសរកន្លោងផ្ទះ ដែលហៅថា “ព្រះទល់” នៅភូមិវាលវែង
រូបលេខ៩៧៖ ដោតព្រលឹងស្រូវចូលក្នុងច្រមព្រះទាល់នៅភូមិអណ្តាស

រូបលេខ៩៨៖ ដោតព្រលឹងស្រូវចូលការ៉ុង ឬដោកស្រូវនៅភូមិវាលវែង

 

 

 

បញ្ជីឯកសារពិគ្រោះ

 

ម៉ៅ សិទ្ធិប៊ុណាវឌ្ឍន៍

២០១៥, ការកំណត់ និងប្រើប្រាស់លំហ, សារណាបញ្ចប់បរិញ្ញាបត្របុរាណវិទ្យា ជំនាន់ទី២៣ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ភ្នំពេញ។

លី ធាមតេង

១៩៧៣, កំណត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីនៃអ្នកស្រុកចេនឡា, ភ្នំពេញ។

សុខ ច័ន្ទធីតា

២០១៣, គំនិត និងកិច្ចពិធីទាក់ទងនឹងភោគផល, សារណាបញ្ចប់បរិញ្ញាបត្របុរាណវិទ្យា

ជំនាន់ទី២១ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ភ្នំពេញ។

ស្រី​ សមប៊ុនណារ៉ុង

        ២០២៥, ៩កើត មាឃធំ, ផ្សាយអនឡាញដោយ AMS Khmer Civilization តាមរយៈតំណ

ភ្ជាប់ https://khmercivilization.ams.com.kh/detail/31543​

២០២៥, រាអណ្តើក, ផ្សាយអនឡាញដោយ AMS Khmer Civilization តាមរយៈតំណភ្ជាប់

https://khmercivilization.ams.com.kh/detail/31472

២០២៥, ឡើងអ្នកតាភូមិកូនក្អែក, ផ្សាយអនឡាញដោយ AMS Khmer Civilization តាមរយៈ

តំណភ្ជាប់ https://khmercivilization.ams.com.kh/detail/31356

អាំង ជូលាន

២០០០, មនុស្ស និងដី, រៃយំ, ភ្នំពេញ។

២០០៥-២០០៦, “គ្រូកំណើត”, បណ្តាញពត៌មានក្នុងវប្បធម៌ខ្មែរ, ១: ៤៣-៤៤។

២០០៨-២០០៩, “នំនាល”, បណ្តាញពត៌មានក្នុងវប្បធម៌ខ្មែរ, ៤: ២៣-២៤។

២០១២-២០១៣, “៣កើតមាឃធំ”, បណ្តាញពត៌មានក្នុងវប្បធម៌ខ្មែរ, ៨: ៤៣-៤៤។

២០១២-២០១៣, “មាន់ឆ្កាង”, បណ្តាញពត៌មានក្នុងវប្បធម៌ខ្មែរ, ៨: ៣២-៣៦។

២០២០, អាហារនៅជនបទអង្គរ, យសោធរ, ភ្នំពេញ។

ឯក កល្យា

២០០៣, ជំនឿអណ្តើកក្នុងសង្គមខ្មែរ, សារណាបញ្ចប់បរិញ្ញាបត្របុរាណវិទ្យា ជំនាន់ទី១០ សាកលវិទ្យាល័យភូមិន្ទវិចិត្រ              សិល្បៈ, ភ្នំពេញ។

 

Ang Chouléan

  1. Les être surnaturels dans la religion Populaire khmère, Centre de Documentation et

de Recherche sur la Civilisation Khmère, Paris.

  1. ‘Brining India to Cambodia: two examples of bridges’, India and Southeast Asia: cultural discourses, pp. 72 – 82, edited by Anna L. Dallapiccola and Anila Verghese.

Coedès, G.

  1. ‘Quelque précisions sur la fin du Fou-Nan’, BEFEO, Tome 43, Paris.

Maspero, E. P.

  1. Etudes sur les rites agraires des Cambodge, Paris-La Haye, Mouton & Co, t 1, p.1-

Mus, P.

  1. ‘India see from the east: Indian and indigenous cults in Champa’, translated from the French by I.W. Mabbett, edited by I.W. Mabbette and D.P. Chandler, Originally published as ‘Cultres indiens et indigenes au Champa’, BEFEO, Vol XXXIII, 1933, pp. 367-410, and reprinted as L’Inde Vu de l’Est: Cultes indiens et indigenes au Champa (Hanoi, 1934): Monash papers on Southeast Asia – No. 3, Centre of Southeast Aisan studies, Monash university.

Rinpoche, T.

  1. The three vehicles of Buddhist practice, Namo Buddha Publications.

Saveros, P. & Ang Chouléan

1987-90. “Vocabulaire Khmer relatif au surnaturel”, Seksa Khmer.10-13, Paris:

CEDORECK, p.59-129.

Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
បដិមាវាជីមុខរកឃើញនៅសំបូរព្រៃគុក

បដិមាវាជីមុខរកឃើញនៅសំបូរព្រៃគុក

December 2, 2025
អត្ថន័យផ្នែកនយោបាយនៃផ្តែរទ្វារស.វ.ទី៧

អត្ថន័យផ្នែកនយោបាយនៃផ្តែរទ្វារស.វ.ទី៧

November 13, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province