DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ប្រាសាទសំបូរ (ប្រាង្គ N7)

ដោយ Saody Oudom
August 26, 2025
in បុរាណវិទ្យា, មត៌កវប្បធម៌រូបី
0
ប្រាសាទសំបូរ (ប្រាង្គ N7)

ដូចដែលធ្លាប់ដឹងច្រើនមកហើយថា នៅក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) នៃតំបន់ប្រាសាទសំបូរព្រៃគុក មានប្រាសាទរាងប្រាំបីជ្រុងតែមួយប៉ុណ្ណោះ ដែលលោក Henri Parmentier ចុះបញ្ជីប្រាង្គ N7។ ផ្ទុយពីនៅក្រុមប្រាសាទយាយព័ន្ធ ដែលមានប្រាសាទរាងប្រាំបីជ្រុងរហូតដល់ ៦។ ប្រាង្គ N7 នេះ ជាប្រាសាទរណបស្ថិតនៅទិសនិរតីនៃប្រាង្គសំខាន់ (N1) និងស្ថិតនៅក្នុងបរិវេណកំពែងទី១នៃក្រុមប្រាសាទសំបូរ។ តើប្រាង្គ N7 មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ? ប្រាសាទសំបូរ (ប្រាង្គ N7) ជាប្រភេទសំណង់ទោល សាងឡើងអំពីឥដ្ឋ មានរាងប្រាំបីជ្រុង ដែលប្រវែងជ្រុងនីមួយៗពុំស្មើគ្នានោះទេ។ យើងមិនអាចពន្យល់ឱ្យបានច្បាស់លាស់ថា ហេតុអ្វីស្ថាបត្យករពុំកសាងជ្រុងនីមួយៗឱ្យស្មើគ្នានោះទេ។ ប៉ុន្តែ យើងអាចសន្និដ្ឋានថា ការធ្វើបែបនេះទំនងមកពីគេយល់ថា “មនុស្សមិនមែនជាទេពឡើយ ម្ល៉ោះហើយសំណង់ដែលមនុស្សកសាងសម្រាប់ទេព មិនអាចត្រូវឥតខ្ចោះនោះឡើយ”។ ផ្នែកខាងលើ ឬផ្នែកកំពូលរបស់ប្រាង្គនេះ គេសង់ឡើងជាថ្នាក់ៗ ដោយបង្រួមខ្នាតពីធំទៅតូចចាប់ពីផ្នែកខាងក្រោមទៅលើកំពូលបញ្ចប់ដោយការប្រក់ដំបូលមានរាងកោងដូចទូក ពោល គឺមានលំនាំស្រដៀងសំណង់នៅឥណ្ឌាខាងជើង (វលភី) និងឥណ្ឌាខាងត្បូង (សាលា)។ នៅ​តាមថ្នាក់ទាំងអស់នៃដំបូល គេលម្អដោយក្បាច់គុឌុ (ចម្លាក់មានរាងដូចកូនបង្អួច) សរុបចំនួន ២៤ គុឌុ ដែលនៅខាងក្នុងគុឌុមានលម្អជារុក្ខជាតិ។ ចម្លាក់គុឌុនៅលើផ្នែកដំបូលប្រាសាទនេះ មានលក្ខណៈខុសពីចម្លាក់គុឌុដែលរកឃើញនៅក្រុមប្រាសាទយាយព័ន្ធ (ក្រុមខាងត្បូង) ដែលជាទូទៅមានចម្លាក់មនុស្សឬទេពនៅខាងក្នុង។ ប៉ុន្តែ ចម្លាក់គុឌុដែលមានចម្លាក់រុក្ខជាតិនៅខាងក្នុងបែបនេះ យើងច្រើនឃើញនៅក្នុងក្រុមប្រាសាទសំបូរ។ ហេតុផលនេះទំនងស្តែងឱ្យឃើញថា ចម្លាក់គុឌុដែលខ្មែរទទួលឥទ្ធិពលពីសិល្បៈឥណ្ឌាខាងត្បូងសម័យគុប្ត (ស.វ.ទី៤-៧) បានវិវឌ្ឍរូបរាងខ្លះៗ និងបន្តវិវឌ្ឍទៅជាក្បាច់កញ្ចាំងដែលជាលក្ខណៈសិល្បៈខ្មែរផ្ទាល់ខ្លួននៅសម័យអង្គរ។ ខឿនខាងក្រោមរៀបជាថ្នាក់ៗលម្អដោយក្បាច់សសរស្តម្ភមានរូបក្អមទឹក (ស្តម្ភ-កុម្ភៈ) និងក្បាច់រុក្ខជាតិ។ ប្រាង្គ N7 មានច្រកចូលនៅទិសខាងកើត និងនៅចំពីមុខប្រាសាទមានជើងទម្រងមានរាងប្រាំបីជ្រុងដូចគ្នា (N7-1) តែគេមិនដឹងច្បាស់ថា ជើងទម្រដែលមានរាងប្រាំបីជ្រុងនោះកាលពីមុនមកគេតម្កល់បដិមារូបសត្វ ឬទេវរូបអង្គណាមួយឡើយ។ លក្ខណៈបែបនេះ គេមិនធ្លាប់ឃើញមានតំបន់ប្រាសាទសំបូរព្រៃគុកឡើយ។ នៅច្រកចូលខាងកើតនេះ មានផ្តែរទ្វារមួយធ្វើអំពីថ្មភក់ ដែលចម្លាក់ជាទូទៅសឹងតែដូចផ្តែរទ្វារផ្សេងទៀតនៅក្នុងតំបន់ ពោល គឺជាផ្តែរទ្វារអាចចាត់បញ្ចូលជាសិល្បៈរចនាបថសំបូរព្រៃគុក ដោយមានចម្លាក់សត្វមករនៅចុងសងខាងបែរមុខចូលក្នុង ក្បាច់បន្ទាត់ធ្នូមានរាងកោង និងមានចម្លាក់ព្រះឥន្រ្ទគង់នៅលើដំរីព្ធវ៌តនៅចំកណ្តាល អមដោយចម្លាក់ព្រះមរុតជិះសេះនៅសងខាង។ ផ្តែរទ្វារនេះ សព្វថ្ងៃគេយកទៅតម្កល់ទុកនៅអគារសាលពិព័រណ៍សំបូរព្រៃគុក ដែលស្ថិតនៅខាងកើតប្រាង្គ N7 ចម្ងាយប្រមាណ ១៥០ ម៉ែត្រ។ កាន់តែគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងគេ គឺនៅតាមជញ្ជាំងប្រាសាទ (៧ជ្រុង) សុទ្ធសឹងមានលម្អជាចម្លាក់វិមានអណ្តែតនៅប្រាង្គ N7 ដែលចម្លាក់នីមួយៗនៅរក្សារូបរាងបានល្អប្រសើរជាងប្រាង្គ  ផ្សេងៗទៀតនៅក្នុងក្រុម។ គ្រប់វិមានអណ្តែតទាំងអស់ មានលម្អចម្លាក់រូបសត្វផ្សេងៗ (តោ សេះ គ្រុឌ) ត្រដាងស្លាបទ្រពីក្រោមវិមាន ហាក់បីដូចជាវិមានកំពុងហោះហើរនៅលើអាកាសពិតៗដូច្នោះដែរ។ ទោះបីរូបចម្លាក់មានសភាពច្បាស់ល្អយ៉ាងណាក្តី អ្នកស្រាវជ្រាវកន្លងមកពុំអាចកត់សម្គាល់ថា រូបភាពចម្លាក់ទាំងនោះតំណាងឱ្យទេពណាមួយឱ្យប្រាកដឡើយ។ ក្នុងចំណោមនោះ មានចម្លាក់ទេពមួយដែលស្ថិតនៅចំកណ្តាលនៃវិមានអណ្តែតទិសឦសាន លោក ចិន្ត ច័ន្ទរតនា សន្និដ្ឋានថាជារូបភាពព្រះអវលោកិតេស្វរ (លោកេសូរ)។ លោកសន្និដ្ឋានដូច្នេះ ដោយយោងទៅលើកាយវិការ និងកេតនភណ្ឌនៅក្នុងព្រះហស្តរបស់ទ្រង់ស្រដៀងបដិមាព្រះអវលោកិតេស្វរធ្វើអំពីសំរិទ្ធិមួយ ដែលកំពុងតម្កល់នៅសារមន្ទីរជាតិភ្នំពេញ។ ម្យ៉ាងវិញទៀត លោកយល់ថា វាអាចទៅរួច ដែលប្រាសាទព្រហ្មញ្ញសាសនាឆ្លាក់រូបព្រះពោធិសត្វនៃព្រះពុទ្ធសាសនានៅតាមជញ្ជាំង ដ្បិតលោកបានយោងទៅលើកំណត់ហេតុរបស់អ្នកធ្វើធម្មយាត្រាចិនឈ្មោះ “យី-ស៊ីង” (Yi-Tsing) ដែលបានរៀបរាប់ថា “មនុស្សនៅហ្វូណនបានគោរពបូជាព្រះជាម្ចាស់ជាច្រើននិងបន្ទាប់មកច្បាប់របស់ព្រះពុទ្ធក៏រីកចម្រើនឡើង”។ ការសន្និដ្ឋាននេះ ក៏ពុំមានអ្វីរឹងមាំនោះឡើយ ព្រោះជាទូទៅនៅលើផ្នួងសក់ព្រះពោធិសត្វអវលោកិតេស្វរ តែងមានរូបព្រះពុទ្ធអាមិតភៈនៅលើផ្នួងសក់ ប៉ុន្តែចម្លាក់ទេពនៅជញ្ជាំងប្រាសាទសំបូរ (ប្រាង្គ N7) ពុំមានឆ្លាក់រូបព្រះពុទ្ធអាមិតភៈនៅលើផ្នួងសក់ឡើយ។ នៅផ្នែកខាងក្នុងប្រាសាទវិញ គេរៀបជាបន្ទប់រាងប្រាំបីជ្រុង ដោយមានយ៉ចូលពីច្រកចូល​ខាងកើត។ នៅទ្វារខាងកើតផ្នែកខាងក្នុង គេធ្វើជារាងសាជីទ្រដោយបន្ទះថ្មភក់ដើម្បីសម្រាលទម្ងន់ដូចប្រាង្គ N1 ដែរ។ នៅតាមជ្រុងជញ្ជំាងខាងក្នុង មានរៀបថ្មភក់រាងដូចកំណាត់ឈើជ្រុងភ្ជាប់ជាមួយឥដ្ឋដើម្បីតម្រៀបធ្វើជាពិតាន (ប្រក់ក្រណាត់គ្របពីលើទេព) ឬអាចជាបច្ចេកទេសមួយសម្រាប់ទប់ឥដ្ឋប្រាសាទឱ្យកាន់តែរឹងមាំក៏ថាបាន។ នៅខាងក្នុងគភ៌គ្រឹះប្រាសាទ មានជើងទម្រមួយ​រាងមូលផ្គុំឡើងដោយថ្មភក់បួនជាន់ ដោយមានថ្មភក់រាងមូលជាកម្រាលទ្រពីក្រោម។ ជើងទម្រដែលមានការផ្គុំគ្នាដោយថ្មភក់ជាបួនជាន់បែបនេះ គឺជាលក្ខណៈជាទូទៅដែលយើងតែងឃើញនៅស.វ.ទី៧ ផ្ទុយពីជើងទម្រនៅសម័យអង្គរគេយកថ្មភក់តែមួយមកឆ្លាក់ចេញជារាងជើងទម្រតែម្តង។ ម្ល៉ោះហើយ យើងមិនដឹងព័ត៌មានថា ជើងទម្ររាងមូលនេះកាលពីដើមមកតម្កល់ទេវរូបណាមួយនោះឡើយ។ ប៉ុន្តែ បើយោងទៅតាមការរៀបរាប់របស់លោក Adhemar Leclère ដែលជាជនជាតិបារាំងបានទៅដល់តំបន់ប្រាសាទសំបូរព្រៃគុកដំបូងគេ (ឆ្នាំ១៨៩១) បានបញ្ជាក់ថា លោកបានប្រទះឃើញបដិមាមួយដែលមានដងខ្លួនជាមនុស្ស និងក្បាលជាសេះ ស្ថិតនៅក្នុងសភាពបែកបាក់ស្ថិតនៅក្បែរជើងទម្រ ដោយលោកបានហៅរូបនោះថា “ព្រះសេដ្ឋីសួគ៌” ដែលជាមេកើយរបស់ព្រះកុវេរ (ព្រះនៃទ្រព្យសម្បត្តិ)។ ប្រាំឆ្នាំក្រោយមក លោកបានបញ្ជូនបដិមាដ៏ស្រស់ស្អាតនេះទៅដាក់តាំងបង្ហាញនៅសារមន្ទីរខ្មែរក្នុងទីក្រុងដ្រូកាដេរ៉ូ ប្រទេសបារាំង ហើយនៅឆ្នាំ១៩២៧ គេបានបញ្ជូនរូបនេះទៅដាក់តាំងបង្ហាញនៅសារមន្ទីរជាតិហ្គីមេ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សំណេររបស់លោកត្រង់ចំណុចនេះបានបញ្ជាក់ឱ្យឃើញថា ព្រះបដិមាដែលលោកហៅថា “ព្រះសេដ្ឋីសួគ៌” នេះ មិនមែនរកឃើញនៅលើជើងទម្ររាងមូលដែលយើងកំពុងឃើញបច្ចុប្បន្ននោះឡើយ។ នៅទសវត្សរ៍ ១៩២០ លោក Victor Goloubew បានសន្និដ្ឋានថា បដិមានេះជា “ព្រះលោកេសូរ-វាលហ”។ ប៉ុន្តែ អ្នកស្រាវជ្រាវសម័យក្រោយយល់ថា បដិមានេះគឺជាអវតាររបស់ព្រះវិស្ណុដែលបានសម្លាប់អសុរពីរនាក់ (មធុ និងកៃដភ) ដើម្បីដណ្តើមគម្ពីរវេទពីអសុរទាំងពីរនេះថ្វាយដល់ព្រះព្រហ្មវិញដើម្បីគ្រប់គ្រងថែរក្សាលោក ហើយអវតារនេះមានព្រះនាមថា “ហយគ្រីវ”។ នៅក្នុងឆ្នាំ១៩៣៤ លោក Pierre Dupont បានចាត់បញ្ចូលបដិមាហយគ្រីវនេះ ជាសិល្បៈរចនាបថព្រះគោ នាចុងស.វ.ទី៩ តែក្រោយមក លោក Jean Boisselier យល់ថាបដិមានេះជាទម្រង់សិល្បៈរចនាបថប្រែរូបនៅពាក់កណ្តាលស.វ.ទី១០ ក្នុងរជ្ជកាលព្រះបាទស្រី រាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤-៩៦៧) ពោល គឺស្របទៅនឹងកាលបរិច្ឆេទសិលាចារឹកដែលរកឃើញនៅក្នុងក្រុមប្រាសាទសំបូរ ដែលបញ្ជាក់ឱ្យឃើញថា ប្រាសាទសំបូរ ប្រាង្គ N7 ទំនងកសាងឡើងនៅ ស.វ.ទី៧ ក្នុងរវាងរជ្ជកាលព្រះបាទស្រីឦសានវរ្ម័ន (គ.ស.៦១៦-៦៣៧) ហើយបានជួសជុល ឬ   កសាងបន្ថែម និងដាក់តម្កល់បដិមាព្រះហយគ្រីវនៅក្នុងប្រាសាទនាស.វ.ទី១០ រជ្ជកាលព្រះបាទស្រីរាជេន្រ្ទវរ្ម័ន។ ចម្ងល់នៅត្រង់ចំណុចនេះគឺ តើជើងទម្ររាងមូលដែលយើងឃើញបច្ចុប្បន្ននៅក្នុងប្រាសាទនេះតម្កល់ទេវរូបណាមួយ? រីឯបដិមាព្រះហយគ្រីវដែលលោក Adhemar Leclère អះអាងថាបានរកឃើញនៅក្នុងប្រាសាទដែរនោះតម្កល់នៅលើជើងទម្រណាមួយ? ឬតម្កល់នៅត្រង់ចំណុចណាឱ្យពិតប្រាកដ? ឬមួយតម្កល់លើជើងទម្ររាងប្រាំបីជ្រុងដែលគេឃើញនៅខាងមុខប្រាសាទ? សរុបជារួមមក ប្រាសាទសំបូរ ប្រាង្គ N7 ជាប្រាសាទរណបដែលមានរាងប្រាំបីជ្រុង និងប្លែកពីប្រាង្គដទៃទៀតនៅក្នុងក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) ដែលទំនងកសាងឡើងនៅរវាងស.វ.ទី៧ (រជ្ជកាលព្រះបាទស្រីឦសានវរ្ម័ន) និងអាចជួសជុលឬសង់បន្ថែមនៅស.វ.ទី១០ (រជ្ជកាលព្រះបាទស្រីរាជេន្រ្ទវរ្ម័ន)។ យើងមិនអាចពន្យល់មូលហេតុឱ្យបានជាក់លាក់ថា ហេតុអ្វីបានជាក្នុងមួយក្រុមមានតែប្រាង្គនេះមួយគត់ដែលមានរាងប្រាំបីជ្រុងនោះទេ ព្រោះព័ត៌មានផ្នែកសិលាចារឹក និងបុរាណវិទ្យាមិនមានភស្តុតាងណាមួយដែលអាចជាភស្តុតាងបកស្រាយចម្ងល់នេះបានឡើយ។ ប៉ុន្តែ ដោយហេតុថា ប្រាង្គនេះធ្លាប់រកឃើញបដិមាព្រះហយគ្រីវ ដែលជាអវតារមួយរបស់ព្រះវិស្ណុ យើងអាចសន្និដ្ឋានបឋមថា ប្រាង្គនេះមានជាប់ពាក់ព័ន្ធជាមួយព្រះវិស្ណុ ព្រោះជាទូទៅព្រះវិស្ណុជាប់ទាក់ទងនឹងលេខ ៨ ដែលជាលេខតំណាងឱ្យនិម្មិតសញ្ញាគ្មានទីបញ្ចប់របស់ព្រះវិស្ណុ និងតំណាងឱ្យការកើតជាថ្មី ការបង្កើតថ្មី និងការរក្សាលំនឹងលោកទាំងមូល។ ម្យ៉ាងវិញទៀត ដោយសារព្រះហយគ្រីវជាតួអង្គបង្រ្កាបអសុរទាំងពីរ (មធុ និងកៃដភ) ដើម្បីដណ្តើមគម្ពីរវេទថ្វាយព្រះព្រហ្មវិញ យើងអាចទាញសេចក្តីសន្និដ្ឋានបឋមមួយទៀតថា​ ជើងទម្ររាងមូលតម្កល់នៅក្នុងប្រាសាទដែលកសាងឡើងតាំងពីស.វ.ទី៧មកនោះ (ប្រាសាទនេះកសាងឡើងនៅស.វ.ទី៧) ទំនងជាជាប់ពាក់ព័ន្ធជាមួយព្រះព្រហ្មដូចគ្នាដែរ ពោល ប្រហែលជាអាចតម្កល់ព្រះព្រហ្មផងក៏មិនដឹង ព្រោះព្រះអង្គប្រសូត្រនៅលើផ្កាឈូកមានរាងមូល ដែលជានិម្មិតរូបតំណាងឱ្យការបង្កើតលោក និងភាពគ្មានទីបញ្ចប់នៃលោក។



————–

Prasat Sambor Temple (N7 tower) The architectural design of Prasat Sambor Temple (N7 tower) situated within the Sambor Prei Kuk temple complex in Kampong Thom province, is notable for its brick tower, which is configured in an octagonal plan and it is a satellite temple in the northern group of Sambor Prei Kuk temple complex. Based on art historical evidence from the temple, the initial construction of this shrine is attributed to the 7th century, a period encompassing the reign of King Ishanavarman I (616 – 637) and its construction is presumed to have been a 10th century in the reign of King Rajendravarman (944 – 967 CE). Given that the tower is octagonal and a statue of Vishnu avatar (Hayagriva) was discovered within it, the octagonal shape of the sanctuary likely relates to Vishnu, who symbolizes infinity and the rebirth of the cosmos. In addition, since the god Hayagriva retrieved the Vedas for Brahma, and given the discovery of a circular pedestal from the 7th century within the temple, the octagonal shape of the tower may also be linked to Brahma. It is possible that this circular pedestal once held a statue of Brahma in the 7th century. អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

Prasat Sambor N7_PDF    Download
Tags: បុរាណវិទ្យា
Share5Tweet3Share

អត្ថបទទាក់ទង

ប្រាសាទព្រៃដើមស្រុក
ប្រវត្តិសិល្បៈ

ប្រាសាទព្រៃដើមស្រុក

September 20, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ
មត៌កវប្បធម៌រូបី

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025
ប្រាសាទត្រពាំងរពាក់
បុរាណវិទ្យា

ប្រាសាទត្រពាំងរពាក់

August 26, 2025
ប្រាសាទតាមុំ
បុរាណវិទ្យា

ប្រាសាទតាមុំ

August 26, 2025

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

តាមពួកយើង

  • 457.9k Fans
  • 295.6k Followers
  • 580.9M Subscribers

អត្តបទបានណែនាំ

ប្រាសាទសំបូរ (ប្រាង្គ N7)

ប្រាសាទសំបូរ (ប្រាង្គ N7)

August 26, 2025
ប្រាសាទត្រពាំងរពាក់

ប្រាសាទត្រពាំងរពាក់

August 26, 2025

បដិមារកឃើញថ្មីនៅតំបន់កំពង់លាន ខេត្តកំពង់ធំ

August 26, 2025

ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌

September 20, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025

អត្តបទថ្មីៗ

ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌

September 20, 2025
ប្រាសាទព្រៃដើមស្រុក

ប្រាសាទព្រៃដើមស្រុក

September 20, 2025
ប្រាសាទសំបូរ (ប្រាង្គ N7)

ប្រាសាទសំបូរ (ប្រាង្គ N7)

August 26, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025
លាងអារក្សនៅភូមិសំបូរ

លាងអារក្សនៅភូមិសំបូរ

August 25, 2025
ទាញព្រ័ត្រឫស្សីសុំទឹកភ្លៀង

ទាញព្រ័ត្រឫស្សីសុំទឹកភ្លៀង

August 25, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • ច្បាប់ និងបញ្ញត្តិផ្សេងៗ
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • សិលាចារឹក
  • អត្ថបទផ្សេងៗ

សម្រាប់ព៍តមានបន្ថែម

ទាក់ទងយើង: 012 456 789
ផ្សព្វផ្សាយជាមួយយើង: 012 456 789

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province