DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

៩កើត មាឃធំ

ដោយ Saody Oudom
August 24, 2025
in អត្ថបទផ្សេងៗ
0
៩កើត មាឃធំ

ភូមិមួយចំនួននៅក្នុងខេត្តសៀមរាប និងតំបន់ជាច្រើនទៀតដែលស្ថិតនៅប៉ែកខាងជើងប្រទេសកម្ពុជាធ្លាយចូលដល់ខេត្តបុរីរម្យ និងសូរិន្រ្ទ (ប្រទេសថៃឡង់ដ៍) គេតែងជ្រើសរើសយកថ្ងៃ ៣កើត ខែមាឃ ជាថ្ងៃរៀបចំបុណ្យ និងកិច្ចពិធីផ្សេងៗ​ ជាពិសេស គឺពិធីឡើងអ្នកតាតែម្តង (សូមមើលឧទាហរណ៍របស់លោក​គ្រូ អាំង ជូលាន នៅក្នុងបណ្តាញព័ត៌មានវប្បធម៌ខ្មែរ)។ ដោយឡែក នៅភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាអតីតទីប្រជុំជនដ៏សំខាន់មួយតាំងពីស.វ.ទី៧ និងស្ថិតនៅមិនឆ្ងាយពីតំបន់ប្រាសាទសំបូរព្រៃគុក គេតែងកំណត់យកថ្ងៃ៩កើត ខែមាឃធំ គឺជាវេលាកំណត់ដ៏សំខាន់មួយសម្រាប់រៀបចំធ្វើកិច្ចឡើងលោកយាយ។ តើថ្ងៃ៩កើត មាឃធំនៅភូមិមហរនេះមានកិច្ចសំខាន់ៗអ្វីខ្លះ និងមានអត្ថន័យយ៉ាងដូចម្តេច?

ដោយហេតុថាភូមិមហរជាភូមិបុរាណ និងស្ថិតនៅមិនឆ្ងាយពីតំបន់ប្រាសាទសំបូរព្រៃគុកទៀតសោត ការគោរពទៅលើជំនឿជីវចលនៅតែបន្តចាក់ឬស​យ៉ាងរឹងមាំដដែល។ ក្នុងនោះយើងសង្កេតឃើញថា បើរាប់ត្រឹមតែអ្នកតា (អមនុស្សដែលជាអ្នកថែរក្សាភូមិស្រុក) សំខាន់ៗនៅក្នុងភូមិមានរហូតដល់ទៅ ៨ រួមមាន លោកយាយ (អ្នកស្រុកហៅថាលោកយាយ ដោយមិនមានភ្ជាប់ឈ្មោះឡើយ) អ្នកតាម៉ឺនហង្ស អ្នកតាឆក់វៃឆក់ម៉ៃ អ្នកតាក្រហមក អ្នកតាកន្សោមអក អ្នកតាយាយឡង់ អ្នកតាពែនជុំ និងអ្នកតាឯក។ ក្នុងចំណោមតួអង្គអមនុស្សទាំង ៨ នេះ អ្នកស្រុកមានជំនឿថា “លោកយាយ” គឺជាអ្នកដែលមានអានុភាពខ្លាំងជាងគេបង្អស់ ដ្បិតគេជឿថាលោកយាយគឺជាម្ចាស់ប្រាសាទមហរ និងជាប់ខ្សែរាជវង្សថែមទៀតផង។ កាលដើមឡើយ ខ្ទមលោកយាយតម្កល់នៅទិសអាគ្នេយ៍ប្រាសាទមហរ ប៉ុន្តែសព្វថ្ងៃគេរំកិលមកដាក់នៅទិសឦសានប្រាសាទមហរវិញ (ប្រាសាទមហរបាត់រូបរាងហើយ នៅសល់តែថ្មបាយក្រៀម និងស្លាកស្នាមកំពែង ហើយសព្វថ្ងៃមានព្រះវិហារធ្វើអំពីបេតុងរែងដែកមួយនៅពីលើប្រាសាទ ដែលគេកសាងឡើងតាំងពីគ.ស.១៩៥៤មកម្ល៉េះ) (រូបលេខ១)។ ប្រសិនក្រឡេកមើលមួយភ្លែត យើងនឹកស្មានថា ពិធីឡើងលោកយាយនៅក្នុងវត្តមហរនាថ្ងៃ៩កើត ខែមាឃ គឺជាបុណ្យមួយក្នុងព្រះពុទ្ធសាសនាថេរវាទ ព្រោះក្នុងកម្មវិធីនេះគេមាននិមន្តព្រះសង្ឃមកឆាន់។ ប៉ុន្តែ កិច្ចជាទូទៅ គឺពាក់ព័ន្ធជាមួយនឹងជំនឿជីវចល ពោល គឺពាក់ព័ន្ធជាមួយរបរធ្វើស្រែសុទ្ធសាធតែម្តង។

យើងសង្កេតឃើញថា អ្វីដែលមិនអាចខ្វះបាននៅក្នុងកិច្ចឡើងលោកយាយ​ គឺនំអន្សម ដែលមានរហូតដល់ ៤ ប្រភេទ រួមមាន អន្សមក្របី (វេចស្លឹកផ្អាវ) អន្សមស្លឹកផ្អាវ (វេចស្លឹកផ្អាវជារាងស្បង់ ឬភ្លៅកង្កែប) អន្សមកាតំ (វេចពីស្លឹកត្នោត) និងអន្សមចម្រៀកផ្តៅ (វេចស្លឹកចេក)។ នំអន្សមទាំងអម្បាលម៉ាន​ គេមកវេចជុំគ្នានៅទីតាំងប្រារព្ធពិធីមុខខ្ទមលោកយាយដែលស្ថិតនៅក្នុងវត្តមហរតែម្តង (រូបលេខ២)។ កិច្ចជាទូទៅមិនសូវខុសគ្នាប៉ុន្មានពីទំនៀមឡើងអ្នកតានៅភូមិផ្សេងៗឡើយ ជាពិសេសនោះ មានការរាំបញ្ជាន់រូបដូចគ្នាចាប់ពីម៉ោងប្រមាណ ៥ ល្ងាច បន្តរហូតដល់ម៉ោង ៨ ព្រឹកថ្ងៃបន្ទាប់ទើបចប់សព្វគ្រប់ (រូបលេខ៣)។ អ្វីដែលខុសប្លែកពីភូមិជិតខាង ការរាំបញ្ជាន់រូបក្នុងពិធីឡើងលោកយាយគេប្រគុំភ្លេងពិណពាទ្យជំនួសការប្រគុំវង់ភ្លេងអារក្ស (រូបលេខ៤)។ កាលដើមឡើយ គេប្រើប្រាស់វង់ភ្លេងអារក្សដូចប្រក្រតី ទើបតែប្រមាណ ១០ ឆ្នាំចុងក្រោយនេះ គេប្រើប្រាស់វង់ភ្លេងពិណពាទ្យជំនួសវិញ ដោយហេតុថានៅក្នុងវត្តមានឧបករណ៍វង់ភ្លេងនេះស្រាប់ ហើយការបញ្ជាន់រូបដើម្បីសួរលោកយាយទៀតនោះ លោកយាយក៏ប្រាប់ថាពេញចិត្តឱ្យប្រគុំវង់ភ្លេងពិណពាទ្យនេះផង។ ដោយឡែក អ្នកតាម៉ឺនហង្សដែលមានខ្ទមនៅទិសឦសានខ្ទមលោកយាយប្រមាណ ៥០ ម៉ែត្រ មិនអាចប្រើប្រាស់វង់ភ្លេងដទៃក្រៅពីវង់ភ្លេងអារក្សឡើយ ព្រោះនៅពេលបញ្ជាន់រូប អ្នកតាម៉ឺនហង្សប្រាប់ថា មិនពេញចិត្តវង់ភ្លេងដទៃឡើយ។

ប្រការគួរឱ្យកត់សម្គាល់ជាពិសេសនៅក្នុងថ្ងៃប្រារព្ធពិធីឡើងលោកយាយ នៅម៉ោងចន្លោះ ៦ ទៅ ៨ យប់ នៅក្នុងថ្ងៃ៩កើត ខែមាឃនេះ អ្នកភូមិមហរមានទំនៀមដ៏ពិសេសមួយគឺ នៅតាមផ្ទះនីមួយៗតែងធ្វើកិច្ចបវារណាចំពោះគោក្របីរបស់ខ្លួន (“បវារណា” មានន័យថា​ ការបើកឱកាសឱ្យនិយាយ ឬសូមឱកាសនិយាយ)។ ការបវារណាចំពោះសត្វពាហនៈរបស់អ្នកភូមិមហរ គឺធ្វើឡើងដើម្បីសុំខមាទោសចំពោះសត្វគោក្របី ដែលកន្លងមកតែងតែវាយដំច្រំធាក់ និងជេរប្រទេចផ្តាសាដើម្បីប្រើទឹមដឹកអូសគ្រប់រូបភាពក្នុងរបរធ្វើស្រែចម្ការរបស់ខ្លួន ពោលគឺសូមឱ្យរួចចាកពៀរវេរានូវទង្វើដែលគេបានប្រព្រឹត្តចំពោះសត្វពាហនៈទាំងនោះ។ នៅក្នុងគ្រួសារនីមួយៗ កិច្ចនេះគេមិនហាមប្រាមថា អ្នកដែលទៅលត់ជង្គង់សំពះសុំខមាទោសសត្វគោក្របីជាមនុស្សប្រុសឬស្រី និងមិនប្រកាន់អាយុឡើយ ដោយសមាជិករូបណាក៏អាចធ្វើជាតំណាងឱ្យគ្រួសារទាំងមូលធ្វើកិច្ចនេះបានដូចគ្នា។ ជាដំបូង គេយកស្រូវចាក់ចូលទៅក្នុងកញ្ជើ ឬល្អី ឬចានដែកទៅតាមចំណុះតិចឬច្រើនទៅតាមទំហំនៃកញ្ជើ ឬល្អី ឬចានដែលយកមកប្រើ ហើយគេយកធូបចំនួន ៥ សរសៃ ដោតជាប់ជាមួយស្រូវចំពាក់កណ្តាលកញ្ជើឬចានដែលគេបានប្រើនោះ (រូបលេខ៥)។ បន្ទាប់មក គេកាន់កញ្ជើស្រូវនោះយកទៅកាន់ក្រោលគោ ឬក្របី ហើយដាក់កញ្ជើឬចានដែលមានស្រូវនោះនៅចំពីមុខសត្វពាហនៈ។ នៅក្រោលគោ ឬក្របី គេអង្គុយចោងហោងគោរពសត្វពាហនៈ ដោយដាក់បាតដៃឱ្យដល់ដីចំនួន ៣ ដង ហើយលើកដៃប្រណម្យសំពះភ្ជាប់ជាមួយសំដីយ៉ាងដូច្នេះថា “ខ្ញុំម្ចាស់សូមខមាទោសសម្រាប់សត្វទាំងឡាយដែលធ្លាប់ជេរប្រទេចផ្តាសានៅឆ្នាំកន្លងទៅ ខ្ញុំម្ចាស់សូមលាមាត់លាក កុំឱ្យមានកម្មវេរាតទៅមុខទៀត មួយឆ្នាំមានតែម្តងទេឡើងលោកយាយ សូមឱ្យជាសុខសប្បាយគ្រប់សត្វគោក្របីទាំងអស់ ហើយកូនចៅទៅវត្តទៅវ៉ាជួយថែរក្សាខ្ញុំម្ចាស់ និងសត្វទាំងអស់​ឱ្យជាសុខសប្បាយទាំងអស់គ្នា ឱ្យផុតកម្មវេរាទាំងអស់ក្នុងថ្ងៃឡើងលោកយាយឆ្នាំនេះ” (រូបលេខ៦-៧)។ បន្ទាប់មកទៀត គេយកទឹកមកប្រោះព្រំលើសត្វពាហនៈ ក្នុងន័យសូមឱ្យបានក្តីសុខសប្បាយ និងវៀរចាកកម្មវេរាទាំងឡាយ (រូបលេខ៨)។ ចប់កិច្ចបវារណានៅក្រោលគោឬក្រីបីរួចមក គេត្រូវយកស្រូវដែលបានសែនសុំខមាទោសសត្វពាហនៈទាំងនោះយកទៅកាន់រោងពិធីដែលស្ថិតនៅមុខខ្ទមលោកយាយ (រូបលេខ៩)។ ស្រូវនោះគេយកទៅដាក់នៅលើកន្ទេលគរលើគ្នាដែលហៅថា “ភ្នំស្រូវ” ក្នុងន័យបញ្ជាក់ឱ្យឃើញថា វដ្តនៃស្រូវក្នុងឆ្នាំនេះបានចប់សព្វគ្រប់ហើយ (រូបលេខ១០)។ ស្រូវដែលចាក់បង្គរទាំងអម្បាលម៉ាន​ គេយកទៅលក់ដើម្បីយកប្រាក់ផ្គត់ផ្គង់ដល់ពិធីឡើងលោកយាយ បន្ទាប់ពីព្រះសង្ឃសូត្រធម៌នមស្ការរួចរាល់។

សរុបជារួមមក ៩កើត មាឃធំ គឺជាដ៏សំខាន់របស់អ្នកភូមិមហរដែលត្រូវរៀបចំកិច្ចឡើងលោកយាយ និងធ្វើកិច្ចបវារណាសត្វគោក្របី ដែលន័យជារួមនៃកិច្ចទាំងឡាយ គឺជាប់ពាក់ព័ន្ធទាំងអស់ជាមួយរបរធ្វើស្រែរបស់អ្នកស្រុក។ ទំនៀមនេះ គេមិនដឹងថាមានតាំងពីពេលណាមកឡើយ តែគេគ្រាន់ដឹងថា ទំនៀមនេះមានយូរមកហើយ ដ្បិតអ្នកភូមិបានបន្តធ្វើជាច្រើនជំនាន់មកហើយ។ សូម្បីតែសព្វថ្ងៃនេះ បច្ចេកវិទ្យាមានភាពរីកចម្រើនយ៉ាងណាក៏ដោយ ក៏កិច្ចពាក់ព័ន្ធនឹងស្រូវមួយនេះ នៅតែចាក់គ្រឹះយ៉ាងរឹងមាំក្នុងផ្នត់គំនិតអ្នកស្រុកដដែល។




Share5Tweet3Share

អត្ថបទទាក់ទង

ច្បាប់ និងបញ្ញត្តិផ្សេងៗ

ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌

September 20, 2025
ប្រាសាទព្រៃដើមស្រុក
ប្រវត្តិសិល្បៈ

ប្រាសាទព្រៃដើមស្រុក

September 20, 2025
ប្រាសាទសំបូរ (ប្រាង្គ N7)
បុរាណវិទ្យា

ប្រាសាទសំបូរ (ប្រាង្គ N7)

August 26, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ
មត៌កវប្បធម៌រូបី

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

តាមពួកយើង

  • 457.9k Fans
  • 295.6k Followers
  • 580.9M Subscribers

អត្តបទបានណែនាំ

ប្រាសាទសំបូរ (ប្រាង្គ N7)

ប្រាសាទសំបូរ (ប្រាង្គ N7)

August 26, 2025
ប្រាសាទត្រពាំងរពាក់

ប្រាសាទត្រពាំងរពាក់

August 26, 2025

បដិមារកឃើញថ្មីនៅតំបន់កំពង់លាន ខេត្តកំពង់ធំ

August 26, 2025

ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌

September 20, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025

អត្តបទថ្មីៗ

ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌

September 20, 2025
ប្រាសាទព្រៃដើមស្រុក

ប្រាសាទព្រៃដើមស្រុក

September 20, 2025
ប្រាសាទសំបូរ (ប្រាង្គ N7)

ប្រាសាទសំបូរ (ប្រាង្គ N7)

August 26, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025
លាងអារក្សនៅភូមិសំបូរ

លាងអារក្សនៅភូមិសំបូរ

August 25, 2025
ទាញព្រ័ត្រឫស្សីសុំទឹកភ្លៀង

ទាញព្រ័ត្រឫស្សីសុំទឹកភ្លៀង

August 25, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • ច្បាប់ និងបញ្ញត្តិផ្សេងៗ
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • សិលាចារឹក
  • អត្ថបទផ្សេងៗ

សម្រាប់ព៍តមានបន្ថែម

ទាក់ទងយើង: 012 456 789
ផ្សព្វផ្សាយជាមួយយើង: 012 456 789

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province