DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
    • សារមន្ទីរ
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ឡើងអ្នកតា
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
    • សារមន្ទីរ
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ឡើងអ្នកតា
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

(កេរដំណែលបេតិកភណ្ឌសម័យអាណានិគមបារាំង)

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
February 15, 2026
in ប្រវត្តិសិល្បៈ, មត៌កវប្បធម៌រូបី
0
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

ដោយ៖ ម៉ង់ វ៉ាលី

 

ចាប់ពីឆ្នាំ១៩១០មក រ៉េស៊ីដង់បារាំងប្រចាំនៅរដ្ឋបាលកំពង់ធំ បានចាប់ផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីរួមខេត្តកំពង់ធំជាបន្ត​បន្ទាប់។ ដំបូងឡើយ នៅរវាងឆ្នាំ១៩១០ដល់១៩១៧ គេបានកសាងកន្លែងស្នាក់នៅសម្រាប់មន្រ្តីរ៉េស៊ីដង់បារាំងជាមុនសិន ដែលគេហៅសំណង់នោះថា “Hôtel de la Résidence” (អាចហៅជាភាសាខ្មែរថា “សណ្ឋាគាររ៉េស៊ីដង់”)។ ប៉ុន្មានឆ្នាំក្រោយមក គេចាប់ផ្តើមកសាងរូបសំណាកយុថ្កាមួយ (L’Ancre) ដាក់តាំងនៅតាមបណ្តោយមាត់ស្ទឹងសែន នៅរវាងឆ្នាំ១៩២០ និងចុងក្រោយដើម្បីសម្រួលចរន្តសេដ្ឋកិច្ចឱ្យកាន់តែងាយស្រួល គេបានសាងសង់ស្ពានបេតុងមួយចាប់ពីឆ្នាំ១៩២៣ ដល់១៩២៥។ រូបសំណាកយុថ្កាដែលសាងសង់ឡើងនៅកណ្តាលក្រុងស្ទឹងសែន ឬស្ទើរតែចំពាក់កណ្តាលចំណុចកណ្តាលនៃប្រទេសកម្ពុជានេះ មិនមែនជាភាពចៃដន្យនោះឡើយ ពោល គឺវាបានបង្កប់នូវអត្ថន័យផ្នែកប្រវត្តិសាស្រ្តយ៉ាងជ្រាលជ្រៅដែលគួរតែសិក្សាស្វែងយល់។ តើរូបសំណាកយុថ្កានេះបានឆ្លុះបញ្ចាំងអំពីតថភាពប្រវត្តិសាស្រ្ត និងសិល្បៈយ៉ាងណាខ្លះ?

 

ជាទូទៅ ការកសាងរូបសំណាកយុថ្កា ស្ទើរតែក្លាយជាវប្បធម៌របស់ពួកលោកខាងលិចទៅហើយ។ ឧទាហរណ៍ នៅប្រទេសបារាំង (កំពង់ផែនៅទីក្រុង Marseille ឬ Bordeaux) និងចក្រភពអង់គ្លេស (កំពង់ផែនៅទីក្រុង Greenwich, Portsmouth ឬ Liverpool) មានការកសាងរូបសំណាកនេះស្ទើរគ្រប់កំពង់ផែ និងក្រុងសំខាន់ៗ។ សំណង់រូបសំណាកយុថ្កាទាំងនោះ គឺសុទ្ធសឹងមានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងផ្នត់គំនិតរបស់ប្រជាជននៅលោកខាងលិច ព្រោះរូបសំណាកយុថ្កានេះជានិម្មិតរូបតំណាងឱ្យក្តីសង្ឃឹម ភាពរឹងមាំ សន្តិសុខ ការការពារ ចំណងមិត្តភាព ភាពជាម្ចាស់ការនិងការតាំងទី ហើយជាពិសេសជាការរំឭកដឹងគុណទៅដល់វីរភាពរបស់កងទ័ពជើងទឹកឬនាវិកដែលបានពលីជីវិតក្នុងសមុទ្រដើម្បីឱ្យសេចក្តីជាតិរីកចម្រើន។

 

ត្រឡប់មករូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំវិញ ជាសំណង់កសាងឡើងអំពីបេតុង បែរមុខទៅទិសខាងកើត តាមបណ្តោយមាត់ស្ទឹងសែន ត្រង់ចំណុចភូមិពោធិបាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ៨០០ ម៉ែត្រ ប៉ែកអាគ្នេយ៍ស្ពានកំពង់ធំ(ស្ពានបារាំង)។ យោងទៅតាមរបាយការណ៍របស់ក្រសួងសាធារណការក្នុងរដ្ឋបាលបារាំង ចាប់ពីឆ្នាំ១៩២០ដល់១៩៣៥ បង្ហាញឱ្យឃើញថាសំណង់នេះកសាងឡើងចប់ជាស្ថាពរនៅរវាងឆ្នាំ១៩២០ ក្នុងពេលដែលលោក ហ្សង់ ឌុយបូស (Jean Dubosc) ជារ៉េស៊ីដង់កំពង់ធំ (១៩១៨ – ១៩២០)។ លោក គឺអ្នកបង្ហើយគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅទីរួមខេត្តកំពង់ធំ បន្តពីលោក ល្វីស៍ រ៉េណូត៍ (Louis Reynaut) ដែលជាអតីតរ៉េស៊ីដង់កំពង់ធំ ចន្លោះឆ្នាំ១៩១៤-១៩២០ ក្នុងគោលបំណងកែប្រែឱ្យក្រុងកំពង់ធំ ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មកសិផលធំជាងគេនៅតំបន់ជុំវិញបឹងទន្លេសាប។ គួរកត់សម្គាល់ថា បារាំងតែងតែរៀបចំក្រុងដោយអនុវត្តតាមទ្រឹស្តី “សមាសភាពទីក្រុង” (Composition Urbaine) និងតាមបែបទស្សនវិស័យច្បាស់លាស់ (Perspective Pointue) ដើម្បីឱ្យក្រុងមើលទៅមានសណ្តាប់ធ្នាប់ត្រឹមត្រូវ និងមានអត្តសញ្ញាណច្បាស់លាស់។ ដូច្នេះហើយ រូបសំណាកយុថ្កានៅក្រុងកំពង់ធំ បារាំងបានជ្រើសរើសទីតាំងដែលមានអ័ក្សស្របគ្នាជាមួយសំណង់ណាមួយ ពោល គេបានជ្រើសរើសយកសំណង់សណ្ឋាគាររេស៊ីដង់ជាអ័ក្សគោល ភ្ជាប់គ្នាជាមួយទីតាំងដែលកសាងរូបសំណាកយុថ្កា។ ករណីនេះមានន័យថា នៅចុងទសវត្សរ៍១៩១០ ចំណុចកសាងរូងសំណាកយុថ្កា គឺស្ថិតនៅត្រង់ផ្លូវច្រមុះជ្រូក ប្រសព្វគ្នារវាងផ្លូវប្រជាធិបតេយ្យនិងផ្លូវមួយខ្សែទៀតដែលចេញពីសណ្ឋាគាររ៉េស៊ីដង់ ស្ថិតនៅតាមបណ្តោយស្ទឹងសែន ហើយក្រោយមកទៀតនៅពេលគេកសាងស្ពានបេតុងរួចរាល់ ទីតាំងរូបសំណាកយុថ្កានេះ គឺភ្ជាប់គ្នាជាមួយពីស្ពានបារាំងដូចគ្នា។ បើសិនជាសំណង់ទាំងបីមកគិត ប្លង់នគរូបនីយកម្មដែលរៀបចំដោយវិស្វករបារាំង អាចហៅថា “ត្រីកោណយុទ្ធសាស្រ្ត” នៃក្រុងកំពង់ធំ ពោល គឺស្ពានបារាំង តំណាងឱ្យការភ្ជាប់ផ្លូវគោកនិងទំនើបកម្ម រូបសំណាកយុថ្កាតំណាងឱ្យអត្តសញ្ញាណផ្លូវទឹកនិងពាណិជ្ជកម្ម រីឯសណ្ឋាគាររ៉េស៊ីដង់ (សាលាខេត្តចាស់) តំណាងឱ្យអំណាចគ្រប់គ្រងនិងច្បាប់។  សម័យក្រោយមក ផ្លូវនៅតាមបណ្តោយមាត់ស្ទឹងសែននេះ លែងមានដំណើរការទៀតហើយ ដោយសារតែការបាក់ច្រាំងស្ទឹងប៉ះចំផ្លូវប្រមាណ១០ម៉ែត្រ (ខាងកើតរូបសំណាកយុថ្កា) នៅរវាងឆ្នាំ១៩៨៥។ ចាប់ពីពេលនោះហើយ ដែលនាំឱ្យមានផ្ទះប្រជាពលរដ្ឋមួយចំនួន សាងសង់ឡើងនៅតាមបណ្តោយច្រាំងស្ទឹងសែន។

 

ទីតាំងរូបសំណាកយុថ្កានេះទៀតសោត ស្ថិតនៅត្រង់ផែថ្មនៃក្រុងកំពង់ធំ ដែលជំនាន់នោះបារាំងបានចាក់បេតុងធ្វើជាផែថ្ម ដើម្បីសម្រួលដល់ការផ្ទេរទំនិញពីទូកធំៗ (សម័យក្រោយមកគេធ្វើរបាំងឈើជំនួសវិញ)។ ហេតុដូច្នេះហើយ រូបសំណាកយុថ្កាដែលបានកសាងឡើង គឺអាចជាសញ្ញាឬនិម្មិតរូបប្រាប់ដល់អ្នកបើកនាវាថា ទីនោះគឺជាចំណុចដែលមានជម្រៅទឹកជ្រៅ ដែលផ្តល់សុវត្ថិភាពសម្រាប់ការចតទូក ឬនាវាធំតូចបាន ហើយជាមជ្ឈមណ្ឌលកំពង់ផែអាចដោះដូរទំនិញជាផ្លូវការ ដែលមានការគ្រប់គ្រងយ៉ាងហ្មត់ចត់ពីសំណាក់អាជ្ញាធររដ្ឋបាលបារាំងប្រចាំកំពង់ធំ។ មិនត្រឹមតែប៉ុណ្ណោះ រូបសំណាកយុថ្កានេះ តំណាងឱ្យនិម្មិតរូបសំខាន់ៗចំនួន ២ ទៀត។ និម្មិតរូបទី១ យុថ្កាតំណាងឱ្យការតាំងទី និងសន្តិភាពពោល គឺបង្ហាញថាអាណាព្យាបាលបារាំងបានមកដល់កំពង់ធំ ហើយបានបោះយុថ្កា (ប្រៀបដូចជាការតាំងមូលដ្ឋាន) ដើម្បីការពារ និងរក្សាសន្តិសុខឱ្យប្រជាជន រីឯសន្តិភាពនោះ គឺសំដៅដល់និម្មិតរូបនៃការបញ្ចប់ភាពមិនច្បាស់លាស់និងសង្រ្គាមនានា រួមបញ្ចូលទាំងការបញ្ចប់សង្រ្គាមលោកលើកទី១ (ឆ្នាំ១៩១៨) ផង ជំនួសមកវិញនូវភាពរឹងមាំដូចយុថ្កា ក្រោមការដឹកនាំរបស់ជនជាតិបារាំង។ និម្មិតរូបទី២ រូបសំណាកយុថ្កា សាងសង់ឡើងដើម្បីរំឭកនឹកគុណដល់ “សេវាកម្មនាវាចរណ៍” ព្រោះបារាំងមានអង្គភាពមួយហៅថា “សេវាកម្មរុករក និងធារាសាស្រ្ត” (Service de la Navigation et de l’Hydraulique) ដោយគេចាត់ទុកសំណង់យុថ្កាជា “វិមានតូច” (Petit monument) តំណាងឱ្យភាពជោគជ័យនៃវិស្វកម្មបារាំង ក្នុងការដោះស្រាយបញ្ហាទឹកជំនន់ និងការធ្វើឱ្យស្ទឹងសែនអាចធ្វើនាវាចរណ៍បានពេញមួយឆ្នាំ ទោះក្នុងរដូវប្រាំងក៏ដោយ។

 

ដោយឡែក ចំពោះលក្ខណៈទូទៅ និងរូបរាងរបស់យុថ្កាដែលគេសាងសង់ឡើងនៅមាត់ស្ទឹងសែន ទីរួមខេត្តកំពង់ធំ នាសម័យបារាំងនោះ គឺជាប្រភេទយុថ្កាមានធ្នឹម (Stock Anchor) ឬហៅម្យ៉ាងទៀតថាយុថ្កាបែបបុរាណ ដែលគេប្រើប្រាស់យ៉ាងទូលំទូលាយលើនាវាចម្បាំង និងនាវាពាណិជ្ជកម្មធំៗក្នុងស.វ.ទី១៩ និងដើមស.វ.ទី២០។ យុថ្កានេះមានបង្គោលកណ្តាល និងមានដៃពីរ រួមជាមួយផ្ទាំងកណ្តាលសម្រាប់ចាក់ទម្លុះទៅក្រោម។ នៅផ្នែកខាងលើមានធ្នឹមទទឹង ដែលជួយឱ្យយុថ្កាអាចផ្ងារខ្លួន និងចាក់ចូលទៅក្រោមបានជាប់ល្អ។ កាលដើមឡើយ នៅផ្នែកខាងលើ ចំបង្គោលកណ្តាលគេបានលម្អដោយរូបសត្វព្រាបមួយក្បាល ពោល គឺជានិម្មិតរូបតំណាងឱ្យសន្តិភាពយ៉ាងពេញលេញ បន្ទាប់អំពីការបញ្ចប់សង្រ្គាមលោកលើកទី១ នាឆ្នាំ១៩១៨។ ប៉ុន្តែ រូបសត្វព្រាបនេះបានបាត់នៅរវាងជាង២០ឆ្នាំមុន។ នៅរវាងជាង២០ឆ្នាំមុន អ្នកស្រុកបានលាបពណ៌មាសនៅលើយុថ្កានេះ និងមានរុំក្រណាត់ពណ៌ក្រហម (តាមជំនឿជីវចល)។ លើសពីនេះ ដោយសារតែមានដីដំបូកដុះចំរូបសំណាកយុថ្កានេះ អ្នកស្រុកក៏គោរពជាប់វត្ថុនេះជាប់ជាប្រចាំ ពោល គឺបង្ហាញអំពីការផ្លាស់ប្តូរពី “រូបសំណាក” ដែលមានភ្ជាប់ជាមួយនិម្មិតរូបជាច្រើនយ៉ាងនៃរដ្ឋបាលបារាំង មកជា “វត្ថុសក្ការបូជា” របស់ជនជាតិខ្មែរនាសម័យបច្ចុប្បន្ន។ ក្រៅអំពីនេះ រូបសំណាកយុថ្កានេះ ដាក់នៅលើជើងទម្របេតុងដែលមានរូបរាងដូចនាវា។

 

ជារួមមក រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ ដែលជាកេរដំណែលបេតិកភណ្ឌនៅសម័យអាណានិគមបារាំង មិនមែនគ្រាន់តែជាសំណង់លម្អមាត់ទឹកប៉ុណ្ណោះទេ ប៉ុន្តែគឺជាទិដ្ឋភាពប្រវត្តិសាស្ត្រដែលបញ្ជាក់អំពីតួនាទីក្រុងកំពង់ធំ ជាមជ្ឈមណ្ឌលរដ្ឋបាល និងពាណិជ្ជកម្មតាមផ្លូវទឹកដ៏សំខាន់នាសម័យអាណានិគម។ តាមរយៈការរៀបចំក្នុងទម្រង់ «ត្រីកោណយុទ្ធសាស្ត្រ» រួមជាមួយសណ្ឋាគាររ៉េស៊ីដង់ និងស្ពានបារាំង រូបសំណាកយុថ្កានេះបានដើរតួនាទីយ៉ាងសំខាន់ទាំងផ្នែកបច្ចេកទេសនាវាចរណ៍ និងជានិម្មិតរូបនៃសន្តិភាពក្រោយសង្គ្រាមលោកលើកទី១។ ទោះបីជាបច្ចុប្បន្ន តួនាទីដើមនៃយុថ្កានេះត្រូវបានផ្លាស់ប្តូរមកជាវត្ថុសក្ការបូជាតាមជំនឿជីវចលរបស់អ្នកស្រុកក៏ដោយ វានៅតែជាបេតិកភណ្ឌដ៏មានតម្លៃដែលឆ្លុះបញ្ចាំងអំពីការវិវឌ្ឍន៍នៃអារ្យធម៌នគរូបនីយកម្ម និងការរួមបញ្ចូលគ្នារវាងវប្បធម៌សិល្បៈខ្មែរ-បារាំង។ ការរក្សាបាននូវរូបសំណាកនេះ គឺជាការអភិរក្សនូវអត្តសញ្ញាណ និងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រនៃទឹកដីខេត្តកំពង់ធំឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។

 

 

Abstract

This article explores the historical significance of the colonial anchor monument in Kampong Thom, constructed circa 1920 under French Resident Jean Dubosc. Within the framework of French urbanism, the monument formed a ‘strategic triangle’ with the Hôtel de la Résidence and the Stung Sen bridge to symbolise administrative authority and maritime commerce. Originally designed as a classic ‘Stock Anchor’ with a dove to commemorate post-WWI peace, the monument functioned as both a navigational marker and a signifier of institutional stability. Over time, this secular colonial relic has undergone a cultural metamorphosis, evolving into a sacred object of local animist worship. The study concludes that the anchor represents a unique synthesis of French engineering and Cambodian spiritual tradition, necessitating its preservation as a vital landmark of the nation’s multifaceted heritage.

បញ្ជីឯកសារពិគ្រោះ

Brachet, A. (s.d.). L’architecture coloniale au Cambodge: Le cas des chefs-lieux de province. [En ligne] Paris: École française d’Extrême-Orient.

Direction des Travaux Publics de l’Indochine (1924). Rapport annuel sur les travaux d’édilité et d’aménagement des centres urbains au Cambodge. Phnom Penh: Imprimerie du Protectorat.

Gouvernement Général de l’Indochine (1925). ‘Travaux Publics: Pont sur le Stung Sen à Kompong Thom’, Bulletin Économique de l’Indochine, 28(2), pp. 115-120.

Institut Français du Cambodge (2015). L’héritage colonial français au Cambodge : Urbanisme et Architecture. Phnom Penh: IFC.

Ministère de la Culture et des Beaux-Arts du Cambodge (2020). Inventory of Colonial Heritage in Kampong Thom Province. Phnom Penh: Department of Heritage.

Résidence Supérieure du Cambodge (RSC) (1918-1920). Rapports mensuels de la Résidence de Kompong Thom (Période de Jean Dubosc). Archives Nationales du Cambodge, Dossier No. 425.

 



Share5Tweet3Share

អត្ថបទទាក់ទង

ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង
បុរាណវិទ្យា

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក
បុរាណវិទ្យា

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

អត្តបទបានណែនាំ

សិលាចារឹករកឃើញថ្មីនៅទួលត្រពាំងទាល

សិលាចារឹករកឃើញថ្មីនៅទួលត្រពាំងទាល

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
សាកល្បងពិចារណាឡើងវិញអំពីផ្តែរទ្វារវត្តមហរ

សាកល្បងពិចារណាឡើងវិញអំពីផ្តែរទ្វារវត្តមហរ

November 13, 2025

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025

អត្តបទថ្មីៗ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
បុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ

បុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province